នីហ្វៃ​ទី ៣គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ប្រជាជន​នីហ្វៃ នៅ​ពេល​ហ្វូង​មនុស្ស​កំពុងតែ​ប្រមូល​គ្នា​នៅ​លើ​ដែនដី​បរិបូរណ៍ ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ពួក​គេ ហើយ​ដោយ​របៀប​នេះ​ហើយ ដែល​ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ។
មាន​រួម​នៅ​ក្នុង​ជំពូក​ទី ១១ ទៅ ២៦

ជំពូក​ទី ១១

ព្រះ​វរបិតា​ធ្វើ​បន្ទាល់​អំពី​ព្រះ​រាជ​បុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ទ្រង់ — ព្រះ​គ្រីស្ទ​ទ្រង់​លេច​មក ហើយ​ប្រកាសប្រាប់​អំពី​ដង្វាយ​ធួន​របស់​ទ្រង់ — ប្រជាជន​ស្ទាប​ស្នាមរបួស​ទាំង​ឡាយ​នៅ​ក្នុង​បាត​ព្រះ​ហស្ត និង​ព្រះ​បាទា​ទ្រង់ និង​ចំហៀង — ពួក​គេ​ស្រែក​ហូសាណា ទ្រង់​ដាក់​របៀបរបប​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក — វិញ្ញាណ​នៃ​ការ​ទាស់ទែង​គ្នា​គឺជា​របស់​ផង​អារក្ស — គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ​គឺ​ថា មនុស្ស​លោក​ត្រូវ​ជឿ ហើយ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ហ្វូង​មនុស្ស​ដ៏​ធំ​មួយ គឺ​ប្រជាជន​នីហ្វៃ​បាន​មក​រួម​ប្រជុំ​នៅ​ជុំវិញ​ព្រះ​វិហារ​បរិសុទ្ធ ដែល​នៅ​លើ​ដែនដី​បរិបូរណ៍ ហើយ​ពួក​គេ​មាន​ការ​ងឿងឆ្ងល់ និង​ភ្ញាក់ផ្អើល​ទៅ​វិញ​ទៅ​មក ហើយ​ចង្អុល​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​មហិមា និង​អស្ចារ្យ​ដែល​បាន​កើត​ឡើង។

 ២ ហើយ​ពួក​គេ​បាន​និយាយ​គ្នា​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទី​សម្គាល់​បាន​ប្រាប់​អំពី​ការ​សុគត​របស់​ទ្រង់។

 ៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ពួក​គេ​កំពុងតែ​និយាយ​គ្នា អំពី​រឿង​នេះ​នៅ​ឡើយ នោះ​ពួក​គេ​បាន​ឮ​សំឡេង​មួយ ហាក់​បី​ដូច​ជា​ចេញ​មក​ពីលើ​មេឃ ហើយ​ពួក​គេ​បាន​ក្រឡេក​មើល​ជុំវិញ​ខ្លួន ព្រោះ​ពួក​គេ​ពុំ​យល់​នូវ​សំឡេង​ដែល​គេ​បាន​ឮ​នោះ​ឡើយ ហើយ​មិនមែន​ជា​សំឡេង​ស្អក ឬ​ជា​សំឡេង​ខ្លាំង​ទេ ក៏​ប៉ុន្តែ​ទោះ​បី​ជា​សំឡេង​តូច​ក៏​ដោយ គង់តែ​ចាក់​ទំ​លុះ​ទៅ​ក្នុង​ខ្លួន​ពួក​គេ ដរាប​ដល់​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​របស់​គេ​ទាំង​មូល​ញ័រ​ចំប្រប់ មែន​ហើយ សំឡេង​នោះ​បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ព្រលឹង​របស់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ចិត្ត​របស់​គេ​ឆេះ​រោលរាល។

 ៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ឮ​សំឡេង​នោះ​ទៀត ប៉ុន្តែ​នៅ​តែ​ពុំ​យល់​សោះ។

 ៥ ហើយ​ពួក​គេ​បាន​ឮ​សំឡេង​នោះ​ជា​លើក​ទី​បី​ទៀត ហើយ​បាន​ផ្ទៀង​ត្រចៀក​ស្ដាប់ ហើយ​ភ្នែក​គេ​សម្លឹង​ឆ្ពោះ​ទៅ​សំឡេង​នោះ ហើយ​គេ​បាន​សម្លឹង​ពុំ​ដាក់​ភ្នែក​ឆ្ពោះ​ទៅ​លើ​មេឃ គឺជា​ទិស​ដែល​សំឡេង​នោះ​ចេញ​មក។

 ៦ ហើយ​មើល​ចុះ នៅ​លើក​ទី​បី ទើប​ពួក​គេ​យល់​នូវ​សំឡេង​ដែល​គេ​បាន​ឮ ហើយ​សំឡេង​នោះ​និយាយ​ទៅ​កាន់​ពួក​គេ​ថា ៖

 ៧ មើល​ន៏ បុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​យើង ដែល​យើង​គាប់ចិត្ត​ណាស់ ដែល​បាន​តម្កើង​ដល់​នាម​របស់​យើង — ចូរ​ស្ដាប់​តាម​បុត្រា​យើង​ចុះ។

 ៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ប្រជាជន​យល់​នូវ​ពាក្យ​ទាំង​នោះ​ហើយ នោះ​ពួក​គេ​បាន​សម្លឹង​មើល​ទៅ​លើ ឆ្ពោះ​ទៅ​លើ​មេឃ​ទៀត ហើយ​មើល​ចុះ គេ​បាន​ឃើញ​បុរស​ម្នាក់​យាង​ចុះ​មក​ពី​លើ​មេឃ ហើយ​ទ្រង់​ពាក់អាវ​វែង​ពណ៌​ស ហើយ​ទ្រង់​យាង​ចុះ​មក​ឈរ​នៅ​កណ្ដាល​ពួក​គេ ហើយ​ហ្វូង​មនុស្ស​ទាំង​មូល​បាន​ចោល​ភ្នែក​ទៅ​រក​ទ្រង់ ហើយ​គេ​ពុំ​ហ៊ាន​ហើប​មាត់​និយាយ​គ្នា​ឡើយ ហើយ​គេ​ក៏​ពុំ​យល់​ថា ការណ៍​នេះ​មាន​ន័យ​យ៉ាង​ណា​ដែរ ត្បិត​ពួក​គេ​បាន​ស្មាន​ថា នេះ​ជា​ទេវតា​មួយអង្គ ដែល​បាន​លេច​មក​ឲ្យ​គេ​ឃើញ។

 ៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អង្គ​ទ្រង់​ហុច​ព្រះ​ហស្ត​ទ្រង់​ទៅ​មុខ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ប្រជាជន​ថា ៖

 ១០ មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី​បាន​ធ្វើ​បន្ទាល់​ថា នឹង​យាង​មក​ឯ​លោកិយ។

 ១១ ហើយ​មើល​ចុះ យើង​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក ហើយ​យើង​បាន​ផឹក​នូវ​ពែង​ល្វីង ដែល​ព្រះ​វរបិតា​បាន​ប្រគល់​ដល់​យើង ហើយ​បាន​តម្កើង​ព្រះ​វរបិតា​ដោយ​បាន​ទទួល​មក​ដាក់​លើ​ខ្លួន​នូវ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក យើង​បាន​ធ្វើ​ការ​នេះ ដោយ​បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ចាប់​តាំង​ពី​ដើមដំបូង​មក។

 ១២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ហើយ នោះ​ហ្វូង​មនុស្ស​ទាំង​មូល​បាន​ដួល​ទៅ​លើ​ដី ត្បិត​ពួក​គេ​នឹក​ឃើញ​ថា រឿង​នេះ​ត្រូវ​បាន​ព្យាករ​ទុកជាមុន​នៅ​ក្នុង​ចំណោម​ពួក​គេ​ថា ព្រះ​គ្រីស្ទ​នឹង​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ បន្ទាប់ពី​ព្រះ​អង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌។

 ១៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖

 ១៤ ចូរ​ក្រោក​ឡើង ហើយ​មក​រក​យើង​ចុះ ដើម្បី​អ្នក​រាល់​គ្នា​អាច​លូកដៃ​មក​ឯ​ចំហៀង​យើង និង​ដើម្បី​អ្នក​រាល់​គ្នា​អាច​ស្ទាប​នូវ​ស្នាម​ដែកគោល​នៅ​ត្រង់​ដៃ និង​ជើង​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា យើង​គឺជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល និង​ជា​ព្រះ​នៃ​ផែនដី​ទាំង​មូល ហើយ​ត្រូវ​គេ​ធ្វើ​គ​ត​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក។

 ១៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហ្វូង​មនុស្ស​បាន​ដើរ​ទៅ​មុខ ហើយ​បាន​លូកដៃ​ទៅ​ឯ​ចំហៀង​ព្រះ​អង្គ ហើយ​បាន​ស្ទាប​ស្នាម​ដែកគោល​នៅ​ត្រង់​ព្រះ​ហស្ត និង​ព្រះ​បាទា​របស់​ព្រះ​អង្គ ហើយ​ពួក​គេ​បាន​យ៉ាង​នេះ គឺ​បាន​ដើរ​ទៅ​មុខ​ម្ដង​ម្នាក់ៗ​រហូត​ដល់​ទាំង​អស់​គ្នា​បាន​ទៅ ហើយ​បាន​ឃើញ​ដោយ​ភ្នែក​គេ​ផ្ទាល់ ហើយ​បាន​ស្ទាប​ដោយ​ដៃ​គេ​ផ្ទាល់ និង​បាន​ដឹង​យ៉ាង​ជាក់ច្បាស់ និង​បាន​ធ្វើ​បន្ទាល់​ថា គឺជា​ព្រះ​អង្គ​មែន ដែល​ពួក​ព្យាការី​បាន​សរសេរ​ទុក​ពីមុន​ថា ទ្រង់​នឹង​យាង​មក។

 ១៦ ហើយ​កាល​គេ​ទាំង​អស់​គ្នា​បាន​ដើរ​ទៅ​មុខ​អស់​ហើយ និង​បាន​ឃើញ​ច្បាស់​ដោយ​ខ្លួន​គេ​ផ្ទាល់ នោះ​ពួក​គេ​ក៏​បន្លឺ​សំឡេង​ព្រម​គ្នា​ថា ៖

 ១៧ ហូសាណា! សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ! ហើយ​ពួក​គេ​បាន​ក្រាប​ចុះ​នៅ​ទាប​ព្រះ​បាទា​នៃ​ព្រះ​យេស៊ូវ ហើយ​បាន​ថ្វាយបង្គំ​ព្រះ​អង្គ។

 ១៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​នីហ្វៃ (ព្រោះ​នីហ្វៃ​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស) ហើយ​ទ្រង់​បាន​បញ្ជា​ឲ្យ​លោក​ចេញ​មក។

 ១៩ ហើយ​នីហ្វៃ​ក៏​ក្រោក​ឡើង ហើយ​ដើរ​ទៅ​មុខ និង​បាន​ក្រាប​ចំពោះ​ព្រះ​អម្ចាស់ ហើយ​បាន​ថើប​ព្រះ​បាទា​ទ្រង់។

 ២០ ហើយ​ទ្រង់​បាន​បញ្ជា​ឲ្យ​លោក​ក្រោក​ឈរ​ឡើង ហើយ​លោក​ក៏​ក្រោក​ឈរ​ចំពោះ​ព្រះ​អង្គ។

 ២១ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​លោក​ថា ៖ យើង​ប្រទាន​ដល់​អ្នក​នូវ​អំណាច ថា​អ្នក​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ប្រជាជន​នេះ នៅ​ពេល​យើង​ឡើង​ទៅ​ស្ថានសួគ៌​វិញ។

 ២២ ហើយ​ទ្រង់​បាន​ហៅ​អ្នក​ផ្សេង​ទៀត និង​បាន​ប្រាប់​ទៅ​គេ​ដូច្នោះ​ដែរ ហើយ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ​នូវ​អំណាច ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក។ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​តាម​របៀប​នេះ ហើយ​ពុំ​ត្រូវ​មាន​ការ​ប្រកែក​គ្នា នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ។

 ២៣ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​តាម​ពាក្យ​របស់​អ្នក ហើយ​មាន​បំណង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​នូវ​នាម​យើង អ្នក​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​តាម​របៀប​នេះ — មើល​ចុះ អ្នក​ត្រូវ​ចុះ​ទៅ​ឈរ​ក្នុង​ទឹក ហើយ​ដោយ​នូវ​នាម​យើង នោះ​អ្នក​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​គេ។

 ២៤ ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​ពាក្យ​ទាំង​ឡាយ ដែល​អ្នក​ត្រូវ​និយាយ ដោយ​ហៅ​ពួក​គេ​តាម​ឈ្មោះ ហើយ​និយាយ​ថា ៖

 ២៥ ដោយ​មាន​សិទ្ធិ​អំណាច​ដែល​បាន​ប្រទាន​ដល់​ខ្ញុំ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ អាម៉ែន។

 ២៦ ហើយ​បន្ទាប់​មក អ្នក​ត្រូវ​ពន្លិច​គេ​នៅ​ក្នុង​ទឹក ហើយ​ងើប​ឡើង​ពី​ទឹក​មក​វិញ។

 ២៧ ហើយ​តាម​របៀប​នេះ​ហើយ ដែល​អ្នក​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង ត្បិត​មើល​ចុះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះ​តែមួយ ហើយ​យើង​នៅ​ក្នុង​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​គង់នៅ​ក្នុង​យើង ឯ​ព្រះ​វរបិតា និង​យើង គឺ​តែមួយ។

 ២៨ ហើយ​ស្រប​តាម​អ្វីៗ ដែល​យើង​បាន​បញ្ជា​ដល់​អ្នក នោះ​អ្នក​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដោយ​របៀប​នេះ​ហើយ។ ហើយ​មិន​ត្រូវ​មាន​ការ​ប្រកែក​គ្នា​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូចដែល​ធ្លាប់​មាន​ពីមុន​មក​ឡើយ ហើយ​ក៏​មិន​ត្រូវ​មាន​ការ​ប្រកែក​គ្នា​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អំពី​ចំណុច​ទាំង​ឡាយ នៃ​គោល​លទ្ធិ​របស់​យើង ដូចដែល​ធ្លាប់​មាន​ពីមុន​មក​ដែរ។

 ២៩ ត្បិត​ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​មាន​វិញ្ញាណ​នៃ​ការ​ទាស់ទែង​គ្នា គឺ​ពុំ​មែន​ជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការ​ទាស់ទែង​គ្នា ហើយ​វា​ចាក់រុក​ចិត្ត​មនុស្ស ឲ្យ​មាន​កំហឹង​ទាស់​ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

 ៣០ មើល​ចុះ នេះ​ពុំ​មែន​ជា​គោល​លទ្ធិ​របស់​យើង​ទេ ដែល​ចាក់រុក​ចិត្ត​មនុស្ស​ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​គោល​លទ្ធិ​របស់​យើង គឺ​ត្រូវ​លះបង់​ការណ៍​ទាំង​នោះ​ចោល​វិញ។

 ៣១ មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​នឹង​ប្រកាសប្រាប់​អ្នក នូវ​គោល​លទ្ធិ​របស់​យើង។

 ៣២ ហើយ​នេះ​គឺជា​គោល​លទ្ធិ​របស់​យើង ហើយ​ជា​គោល​លទ្ធិ​ដែល​ព្រះ​វរបិតា​បាន​ប្រទាន​ដល់​យើង ហើយ​យើង​ធ្វើ​បន្ទាល់​អំពី​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​ធ្វើ​បន្ទាល់​អំពី​យើង ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​អំពី​ព្រះ​វរបិតា និង​អំពី​យើង ហើយ​យើង​ធ្វើ​បន្ទាល់​ថា ព្រះ​វរបិតា​ទ្រង់​បញ្ជា​ដល់​មនុស្ស​ទាំង​អស់ ទោះ​នៅ​ទីណា​ក៏​ដោយ ឲ្យ​ប្រែចិត្ត ហើយ​ជឿ​ដល់​យើង។

 ៣៣ ហើយ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក អ្នក​នោះ​ហើយ​ដែល​នឹង​បាន​សង្គ្រោះ ហើយ​ពួក​គេ​នោះ​ហើយ​ដែល​នឹង​គ្រង​នគរ​ព្រះ​ទុកជា​មរតក។

 ៣៤ ហើយ​អស់​អ្នក​ណា​ដែល​ពុំ​ជឿ​ដល់​យើង ហើយ​ពុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ នោះ​នឹង​ត្រូវ​ជាប់​ទោស។

 ៣៥ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នេះ​ជា​គោល​លទ្ធិ​របស់​យើង ហើយ​យើង​ធ្វើ​បន្ទាល់​អំពី​គោល​លទ្ធិ​នេះ​ពី​ព្រះ​វរបិតា ហើយ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​យើង ក៏​ជឿ​ដល់​ព្រះ​វរបិតា​ផង​ដែរ ហើយ​ចំពោះ​អ្នក​នោះ​ហើយ​ដែល​ព្រះ​វរបិតា​ធ្វើ​បន្ទាល់​អំពី​យើង ត្បិត​ទ្រង់​នឹង​យាង​មក​រក​អ្នក​នោះ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

 ៣៦ ម្ល៉ោះ​ហើយ ព្រះ​វរបិតា​នឹង​ធ្វើ​បន្ទាល់​អំពី​យើង ឯ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​បន្ទាល់​ដល់​អ្នក​នោះ អំពី​ព្រះ​វរបិតា និង​អំពី​យើង ត្បិត​ព្រះ​វរបិតា និង​យើង និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​តែមួយ។

 ៣៧ ហើយ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា អ្នក​ត្រូវ​តែ​ប្រែចិត្ត ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​គ្មាន​មធ្យោបាយ​ណា ដែល​អាច​ទទួល​នូវ​ការណ៍​ទាំង​នេះ​បាន​ឡើយ។

 ៣៨ ហើយ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​គ្មាន​មធ្យោបាយ​ណា ដែល​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ។

 ៣៩ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នេះ​គឺ​គោល​លទ្ធិ​របស់​យើង ហើយ​អស់​អ្នក​ណា​ដែល​សង់​នៅ​លើ​គោល​លទ្ធិ​នេះ គឺ​សង់​នៅ​លើ​ថ្មដា​របស់​យើង ហើយ​ទ្វារ​ទាំង​ឡាយ​នៃ​ស្ថាន​នរក នឹង​ពុំ​អាច​ឈ្នះ​លើ​អ្នក​ទាំង​នោះ​បាន​ឡើយ។

 ៤០ ហើយ​អស់​អ្នក​ណា​ដែល​នឹង​ប្រកាស​ច្រើនជាង ឬ​តិច​ជាង​នេះ ហើយ​តាំង​ថា វា​ជា​គោល​លទ្ធិ​របស់​យើង អ្នក​នោះ​គឺ​មក​ពី​អារក្ស​វិញ ហើយ​ពុំ​បាន​សង់​នៅ​លើ​ថ្មដា​របស់​យើង​ទេ តែ​គេ​សង់​នៅ​លើ​គ្រឹះ​ខ្សាច់​វិញ ហើយ​ទ្វារ​ទាំង​ឡាយ​នៃ​ស្ថាន​នរក​បើក​ចំហ​ចាំ​ទទួល​មនុស្ស​បែប​នេះ នៅ​ពេល​ទឹក​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​ទៅ​លើ​ពួក​គេ។

 ៤១ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ឯ​ប្រជាជន​នេះ ហើយ​ប្រកាសប្រាប់​ពាក្យ​ទាំង​ឡាយ ដែល​យើង​បាន​និយាយ​មក គឺ​ទៅ​រហូត​ដល់​ចុង​ផែនដី៕