នីហ្វៃ​ទី ៣គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ជំពូក​ទី ១២

ព្រះ​យេស៊ូវ​ហៅ ហើយ​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​១២​នាក់ — ទ្រង់​ថ្លែង​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ នូវ​សេចក្ដី​ថ្លែង​មួយ ប្រហាក់ប្រហែល​នឹង​បទ​បង្រៀន​នៅ​លើ​ភ្នំ — ទ្រង់​ថ្លែង​បទ​ជូនពរ​ទាំង​ឡាយ — បទ​បង្រៀន​របស់​ទ្រង់​ខ្ពស់​ជាង ហើយ​មាន​អាទិ​ភាព​ទៅ​លើ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ — មនុស្ស​លោក​ត្រូវ​បាន​បញ្ជា​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​ទ្រង់ និង​ព្រះ​វរបិតា​របស់​ទ្រង់ បាន​ល្អ​ឥត​ខ្ចោះ​ដែរ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៥។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ទាំង​នេះ​ទៅ​កាន់​នីហ្វៃ និង​ទៅ​កាន់​ពួក​អ្នក​ដែល​ត្រូវ​បាន​ហៅ​ហើយ (ឥឡូវ​នេះ ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ហៅ ហើយ​បាន​ទទួល​អានុភាព និង​សិទ្ធិ​អំណាច​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក នោះ​មាន​១២​នាក់) ហើយ​មើល​ចុះ ទ្រង់​ហុច​ព្រះ​ហស្ត​ទៅ​មុខ​ឆ្ពោះ​ទៅ​ហ្វូង​មនុស្ស ហើយ​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ មាន​ពរ​ហើយ​អ្នក​រាល់​គ្នា បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​តាម​ពាក្យ​សម្ដី​នៃ​ពួក​១២​នាក់​នេះ ដែល​យើង​បាន​រើស​ពី​ចំណោម​អ្នក​រាល់​គ្នា​មក​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​អ្នក ហើយ​ដើម្បី​ធ្វើ​ជា​ពួក​អ្នក​បម្រើ​របស់​អ្នក ហើយ​ចំពោះ​ពួក​គេ​នេះ​ហើយ​ដែល​យើង​បាន ប្រទាន​អំណាច ដើម្បី​ឲ្យ​គេ​អាច​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ហើយ​បន្ទាប់ពី​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​មើល​ចុះ យើង​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដូច្នេះ​មាន​ពរ​ហើយ អ្នក​រាល់​គ្នា បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង ហើយ​ដឹង​ថា យើង​មាន​ព្រះ​ជន្ម​រស់នៅ។

 ២ ហើយ​ម្យ៉ាង​ទៀត មាន​ពរ​លើសលែង​ទៅ​ទៀត ពួក​អ្នក​ដែល​នឹង​ជឿ​ដល់​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ទី​បន្ទាល់​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​យើង ហើយ​ថា អ្នក​រាល់​គ្នា​ដឹង​ថា​យើង​មាន​ព្រះ​ជន្ម​រស់នៅ។ មែន​ហើយ មាន​ពរ​ហើយ ពួក​អ្នក​ដែល​នឹង​ជឿ​ដល់​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា ហើយ​ចុះ​ទៅ​ក្នុង​ជម្រៅ​នៃ​ភាព​ទន់​ទាប ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ត្បិត​ពួក​គេ​នឹង​បាន​មក​រក​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ។

 ៣ មែន​ហើយ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯ​វិញ្ញាណ ដែល​បាន​មក​រក​យើង ត្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ។

 ៤ ហើយ​ម្ដង​ទៀត មាន​ពរ​ហើយ អស់​អ្នក​ដែល​យំសោក ត្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​កម្សាន្ដ​ចិត្ត។

 ៥ ហើយ​មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ ត្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរតក។

 ៦ ហើយ​មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេកឃ្លាន​នូវ​សេចក្ដី​សុចរិត ត្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ពោរពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

 ៧ ហើយ​មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ករុណា ត្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ទទួល​សេចក្ដី​មេត្តាករុណា​វិញ។

 ៨ ហើយ​មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ត្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។

 ៩ ហើយ​មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះផ្សា​គេ ត្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ។

 ១០ ហើយ​មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​ព្រោះ​នាម​យើង ត្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ។

 ១១ ហើយ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ក្នុង​កាលដែល​គេ​ជេរ​អ្នក​រាល់​គ្នា និង​បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​អំពើ​អាក្រក់​ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​យើង

 ១២ ត្បិត​អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ដ៏​ធំ ហើយ​រីករាយ​ជា​អតិបរមា ត្បិត​អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​ដ៏​ធំ​នៅ​ស្ថានសួគ៌ ត្បិត​ពួក​គេ​បាន​បៀតបៀន​ពួក​ព្យាការី ដែល​នៅ​មុន​អ្នក​រាល់​គ្នា​បែប​ដូច្នោះ​ដែរ។

 ១៣ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អំបិល​នៃ​ផែនដី ប៉ុន្តែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ​នោះ តើ​ផែនដី​នឹង​យក​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? ពេល​នោះ អំបិល​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​ត្រូវ​បោះបង់​ចោល​ទៅ​ក្រៅ ហើយ​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

 ១៤ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ពន្លឺ​នៃ​ប្រជាជន​នេះ ទី​ក្រុង​មួយ​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ។

 ១៥ មើល​ចុះ តើ​មនុស្ស​អុជ​ទៀន ហើយ​ដាក់​នៅ​ក្រោម​ថាំង​ឬ? ទេ ប៉ុន្តែ​ដាក់​នៅ​លើ​ជើងទៀន​វិញ នោះ​ទើប​នឹង​ឲ្យ​ពន្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា។

 ១៦ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​ប្រជាជន​នេះ ដើម្បី​ឲ្យ​គេ​អាច​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថានសួគ៌។

 ១៧ កុំ​ឲ្យ​គិត​ស្មាន​ថា យើង​មក​ដើម្បី​បំផ្លាញ​ក្រឹត្យវិន័យ ឬ​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី​ចោល​ឡើយ។ យើង​មិនមែន​មក​ដើម្បី​បំផ្លាញ​ទេ តែ​ដើម្បី​បំពេញ​វិញ។

 ១៨ ត្បិត​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​មួយ ឬ​ក្បៀស​មួយ​នៅ​ក្នុង​ក្រឹត្យវិន័យ​ត្រូវ​កន្លង​បាត់​ឡើយ ប៉ុន្តែ​នៅ​ក្នុង​យើង​នឹង​បាន​បំពេញ​សព្វគ្រប់​វិញ។

 ១៩ ហើយ​មើល​ចុះ យើង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នូវ​ក្រឹត្យវិន័យ និង​បញ្ញត្តិ​ទាំង​ឡាយ នៃ​ព្រះ​វរបិតា​របស់​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដល់​យើង ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​មក​រក​យើង​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប។ មើល​ចុះ អ្នក​រាល់​គ្នា​មាន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៅ​ពីមុខ​អ្នក ហើយ​ក្រឹត្យវិន័យ ត្រូវ​បាន​បំពេញ​សព្វគ្រប់​ហើយ។

 ២០ ដូច្នេះ ចូរ​មក​រក​យើង​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ ត្បិត​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា លើក​លែង​តែ​អ្នក​រាល់​គ្នា​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ក្នុង​ពេល​នេះ បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​គ្មាន​មធ្យោបាយ​ណា ដែល​អាច​ចូល​ទៅ​ឯ​នគរ​ស្ថានសួគ៌​បាន​ឡើយ។

 ២១ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី​ដែល​មនុស្ស​ពី​បុរាណ​បាន​ថ្លែង ហើយ​បាន​ចែង​ទុក​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ​ថា កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ ហើយ​អ្នក​ណា​ដែល​សម្លាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​នៃ​ព្រះ​ហើយ។

 ២២ ប៉ុន្តែ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បីតែ​អ្នក​ណា​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​របស់​ទ្រង់​ដែរ។ ហើយ​អ្នក​ណា​ដែល​ស្ដី​បងប្អូន​ខ្លួន​ថា « អា​ចោរ​ម្សៀត » នោះ​ក្រែង​ត្រូវ​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស ហើយ​អ្នក​ណា​ដែល​និយាយ​ថា « អា​ឆ្កួត » នោះ​ក្រែង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។

 ២៣ ដូច្នេះ បើ​អ្នក​រាល់​គ្នា​មក​រក​យើង ឬ​ក៏​មាន​បំណង​ចង់​មក​រក​យើង តែ​ចាំ​ថា បងប្អូន​របស់​អ្នក​មាន​រឿង​អ្វី​ទាស់​នឹង​អ្នក —

 ២៤ ចូរ​អ្នក​ទៅ​រក​បងប្អូន​អ្នក ហើយ​ផ្សះផ្សា​ជាមួយ​នឹង​បងប្អូន​អ្នក​ជា​មុន​សិន រួច​ហើយ ទើប​មក​រក​យើង​ដោយ​អស់​ពី​ដួង​ចិត្ត ទើប​យើង​នឹង​ទទួល​អ្នក។

 ២៥ ចូរ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​ជាមួយ​នឹង​អ្នក​ដើមចោទ​អ្នក​ជា​ប្រញាប់ ដែល​អ្នក​កំពុង​ដើរ​តាម​ផ្លូវ​ជាមួយ​គ្នា ក្រែង​គេ​នឹង​ចាប់​អ្នក​ក្នុង​ពេល​ណា​មួយ ហើយ​អ្នក​នឹង​ត្រូវ​គេ​ដាក់​ទៅ​ក្នុង​គុក។

 ២៦ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​នឹង​ចេញ​ពី​ទី​នោះ​ពុំ​រួច​ឡើយ លុះត្រាតែ​អ្នក​បង់​មួយ​ស៊ីណាញ​ជា​មុន​សិន ហើយ​នៅ​ពេល​អ្នក​នៅ​ក្នុង​គុក តើ​អ្នក​អាច​សង​គេ​តែមួយ​ស៊ីណាញ​បាន​ឬ​ទេ? ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ទេ។

 ២៧ មើល​ចុះ មនុស្ស​ពី​បុរាណ​បាន​ចែង​ទុក​មក​ថា កុំ​ឲ្យ​ផិត​ឲ្យ​សោះ។

 ២៨ ប៉ុន្តែ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បីតែ​អ្នក​ណា​គ្រាន់តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​ផិត​នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ។

 ២៩ មើល​ចុះ យើង​ឲ្យ​បញ្ញត្តិ​មួយ​ដល់​អ្នក​រាល់​គ្នា​ថា ចូរ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទ្រាំ​បណ្ដោយ​ឲ្យ​អ្វី​មួយ​នៃ​សេចក្ដី​ទាំង​នេះ ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​បាន​ឡើយ។

 ៣០ ត្បិត​អី ជា​ការ​ប្រសើរ បើ​អ្នក​រាល់​គ្នា​ត្រូវ​បដិសេធ​ខ្លួន​នូវ​អំពើ​ទាំង​នេះ ហើយ​លើក​លី​ឈើ​ឆ្កាង ជាជាង​អ្នក​រាល់​គ្នា​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ស្ថាន​នរក។

 ៣១ សេចក្ដី​បាន​ចែង​ទុក​មក​ថា អ្នក​ណា​ដែល​ចង់​លែងប្រពន្ធ នោះ​មាន​តែ​ឲ្យ​សំបុត្រ​លះលែង​ដល់​នាង។

 ៣២ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​លែងប្រពន្ធ​ដោយ​ពុំ​មែន​មក​ពី​ប្រពន្ធ​ផិត​ប្ដី នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​នាង​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​បើ​នរណា​យក​ស្រី​ដែល​ប្ដី​លែង​ធ្វើ​ជា​ប្រពន្ធ អ្នក​នោះ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ដែរ។

 ៣៣ ហើយ​ម្យ៉ាង​ទៀត មាន​សេចក្ដី​ចែង​ទុក​មក​ថា កុំ​ឲ្យ​ស្បថ​កុហក​ឡើយ ប៉ុន្តែ​ត្រូវ​ធ្វើ​ឲ្យ​សម្រេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ស្បថ​នឹង​ព្រះ​អម្ចាស់

 ៣៤ ប៉ុន្តែ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថានសួគ៌​ក្ដី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ

 ៣៥ ទោះ​នឹង​ផែនដី​ក្ដី ព្រោះ​ជា​កំណល់​កល់​ព្រះ​បាទ​ទ្រង់

 ៣៦ ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​សក់​មួយ​សរសៃ​ត្រឡប់​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ

 ៣៧ ប៉ុន្តែ​ត្រូវ​ចេញ​សម្ដី​ថា មែន​មែន ទេ​ទេ ប៉ុណ្ណោះ ព្រោះ​សេចក្ដី​ណា ដែល​លើស​អំពី​នោះ​ទៅ គឺជា​អាក្រក់។

 ៣៨ ហើយ​មើល​ចុះ សេចក្ដី​បាន​ចែង​ទុក​មក​ថា ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ។

 ៣៩ ប៉ុន្តែ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ ប៉ុន្តែ​បើ​អ្នក​ណា​ទះកំផ្លៀង​ស្ដាំ​នៃ​អ្នក នោះ​ត្រូវ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត

 ៤០ ហើយ​បើ​អ្នក​ណា​ប្ដឹង​យក​អាវ​ខ្លី​របស់​អ្នក​ទៅ​ដល់​ច្បាប់ នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​របស់​អ្នក​ផង

 ៤១ ហើយ​បើ​អ្នក​ណា​បង្ខំ​អ្នក​ឲ្យ​ទៅ​អស់​មួយ​យោជន៍ នោះ​ចូរ​ទៅ​ជាមួយ​នឹង​គេ​ដល់​ពីរ​យោជន៍​ផង។

 ៤២ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។

 ៤៣ ហើយ​មើល​ចុះ សេចក្ដី​បាន​ចែង​ទុក​មក​ដែរ​ថា ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំងសត្រូវ​ឯង​វិញ

 ៤៤ ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា ដែល​ប្រទេច​ផ្ដាសា​អ្នក ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ

 ៤៥ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថានសួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ។

 ៤៦ ដូច្នេះ​សេចក្ដី​ទាំង​ឡាយ​នៃ​មនុស្ស​ពី​បុរាណ ដែល​នៅ​ក្នុង​ក្រឹត្យវិន័យ នោះ​ត្រូវ​បាន​បំពេញ​សព្វគ្រប់​នៅ​ក្នុង​យើង។

 ៤៧ សេចក្ដី​ទាំង​ឡាយ​ពី​បុរាណ បាន​ចប់​សព្វ​គ្រប់ ហើយ​អ្វីៗ​ទាំង​អស់​បាន​ក្លាយ​ទៅ​ជា​ថ្មី។

 ៤៨ ដូច្នេះ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​យើង ឬ​ដូច​ជា​ព្រះ​វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​ល្អ​ឥត​ខ្ចោះ​ដែរ៕