នីហ្វៃ​ទី ៣គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ជំពូក​ទី ១៤

ព្រះ​យេស៊ូវ​បញ្ជា​ថា ៖ ចូរ​កុំ​ថ្កោលទោស​ឡើយ ចូរ​សូម​ដល់​ព្រះ ចូរ​ប្រយ័ត្ន​ដល់​ពួក​ព្យាការី​ក្លែងក្លាយ — ទ្រង់​សន្យា​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៧។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​នូវ​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​បែរ​ឆ្ពោះ​ទៅ​ហ្វូង​មនុស្ស​ទៀត ហើយ​បាន​បើក​ព្រះ​ឱ​ស​ទៅ​កាន់​ពួក​គេ​ទៀត​ថា ៖ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កុំ​ឲ្យ​ថ្កោលទោស ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​ថ្កោល​ទោស។

 ២ ត្បិត​ដោយ​នូវ​ការ​ថ្កោលទោស​ណា ដែល​អ្នក​រាល់​គ្នា​ថ្កោលទោស នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ថ្កោលទោស​វិញ​យ៉ាង​នោះ​ដែរ ហើយ​ដោយ​នូវ​រង្វាល់​ណា​ដែល​អ្នក​រាល់​គ្នា​វាល់ នោះ​នឹង​ត្រូវ​វាល់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​យ៉ាង​នោះ​ដែរ។

 ៣ ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​របស់​បងប្អូន​អ្នក តែ​មិន​ឃើញ​ធ្នឹម​ដែល​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​សោះ​ដូច្នេះ?

 ៤ ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​និយាយ​នឹង​បងប្អូន​ថា ចូរ​ឲ្យ​ខ្ញុំ​យក​កម្ទេច​ពី​ភ្នែក​អ្នក​ចេញ — ប៉ុន្តែ​មើល​ចុះ មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​ខ្លួន​អ្នក​វិញ។

 ៥ អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​របស់​បងប្អូន​អ្នក​បាន​ដែរ។

 ៦ កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ​មុក្ដា​របស់​ខ្លួន​នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ។

 ៧ ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​អ្នក​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។

 ៨ ត្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន ហើយ​អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។

 ៩ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំប៉័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា?

 ១០ ឬ​បើ​វា​សុំ​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី?

 ១១ ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន ដូច្នេះ​នោះ​ចំណង់​បើ​ព្រះ​វរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​មក​អស់​អ្នក​ដែល​សូម តើ​ជាង​អំបាលម៉ាន​ទៅ​ទៀត?

 ១២ ដូច្នេះ​អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ត្បិត​នេះ​ឯង​ជា​ក្រឹត្យវិន័យ ហើយ​ជា​សេចក្ដី​ព្យាករណ៍​របស់​ពួក​ព្យាការី។

 ១៣ ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ត្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​បំផ្លិចបំផ្លាញ នោះ​ធំ​ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជាច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ។

 ១៤ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច​ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់ ដែល​រក​ផ្លូវ​នោះ​ឃើញ។

 ១៥ ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី​ក្លែងក្លាយ ដែល​គេ​មក​រក​អ្នក​រាល់​គ្នា​ដោយ​ពាក់​រោមចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែចចក​ដែល​ឆ្មក់​ស៊ី​វិញ។

 ១៦ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត។ តើ​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ​ពី​គុម្ព​បន្លា ឬ​ផ្លែ​ល្វា​ពី​ដំបងយក្ស​ឬ​ទេ?

 ១៧ ដូច្នេះ អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ។

 ១៨ ធម្មតា ដើម​ឈើ​ល្អ មិនដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ។

 ១៩ អស់​ទាំង​ដើម​ឈើ​ណា​ដែល​មិន​កើត​ផល​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង។

 ២០ ដូច្នេះ​ដោយ​សារ​ផល​គេ​បង្កើត នោះ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន។

 ២១ មិនមែន​អស់​អ្នក​ណា ដែល​គ្រាន់តែ​និយាយ​មក​យើង​ថា ឱ​ព្រះ​អម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ តែ​គឺជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​យើង ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ។

 ២២ នៅ​ថ្ងៃ​នោះ​នឹង​មាន​មនុស្ស​ជាច្រើន​និយាយ​មក​យើង​ថា ឱ​ព្រះ​អម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ព្យាករ​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​បណ្ដេញ​អារក្ស​ចេញ​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ដ៏​អស្ចារ្យ​ជាច្រើន​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទេ​ឬ​អី?

 ២៣ នោះ​យើង​នឹង​និយាយ​ដោយ​ត្រង់​ថា ៖ យើង​មិនដែល​បាន​ស្គាល់​អ្នក​រាល់​គ្នា​ទេ នែ៎ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​យើង​ទៅ។

 ២៤ ដូច្នេះ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​យើង​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម យើង​នឹង​ធៀប​អ្នក​នោះ ដូច​ជា​មនុស្ស​មាន​គំនិត ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម —

 ២៥ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ តែ​មិន​បាន​រលំ​ទេ ពី​ព្រោះ​បាន​សង់​នៅ​លើ​ថ្ម។

 ២៦ ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​យើង​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ —

 ២៧ រួច​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ហើយ​ខ្យល់​បក់​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ទៅ ហើយ​មាន​ការ​ខូចខាត​ជាធំ៕