នីហ្វៃ​ទី ៣គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ជំពូក​ទី ១៧

ព្រះ​យេស៊ូវ​ទ្រង់​បង្គាប់​ប្រជាជន​ឲ្យ​ពិចារណា​គិត​អំពី​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​អធិស្ឋាន​សូម​ឲ្យ​យល់ — ទ្រង់​ប្រោស​ឲ្យ​ពួក​អ្នក​ឈឺ​បាន​ជា — ទ្រង់​អធិស្ឋាន​ជំនួស​ប្រជាជន ដោយ​ប្រើ​ភាសា​មួយ ដែល​ពុំ​អាច​សរសេរ​បាន​ឡើយ — ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ ហើយ​ភ្លើង​ឡោមព័ទ្ធ​ជុំវិញ​ពួក​កូន​ក្មេង​តូចៗ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ទត​មើល​ជុំវិញ​ហ្វូង​មនុស្ស​ទៀត ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ មើល​ចុះ ពេល​វេលា​របស់​យើង​ជិត​មក​ដល់​ហើយ។

យើង​ឃើញ​ថា អ្នក​រាល់​គ្នា​ទន់ខ្សោយ គឺ​អ្នក​រាល់​គ្នា​ពុំ​យល់​ពាក្យ​ទាំង​អស់​របស់​យើង ដែល​ព្រះ​វរបិតា​ទ្រង់​បាន​បញ្ជា​ឲ្យ​យើង ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ​ទេ។

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ផ្ទះ​អ្នក​វិញ​ចុះ ហើយ​ពិចារណា​គិត​អំពី​រឿង​ទាំង​ឡាយ ដែល​យើង​បាន​និយាយ ហើយ​ចូរ​សូម​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យល់ ហើយ​ប្រុងប្រៀប​ចិត្ត​គំនិត​របស់​អ្នក​ចាំ​ថ្ងៃ​ស្អែក ហើយ​យើង​នឹង​យាង​មក​ជួប​អ្នក​ទៀត។

ប៉ុន្តែ​ឥឡូវ​នេះ យើង​យាង​ទៅ​ឯ​ព្រះ​វរបិតា​វិញ ហើយ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​ពូជ​អំបូរ​ដែល​បាត់​នៃ​សាសន៍​អ៊ីស្រាអែល​ផង ព្រោះ​ពួក​គេ​ពុំ​មែន​បាត់​ពី​ព្រះ​វរបិតា​ទេ ត្បិត​ទ្រង់​ស្គាល់​ទីកន្លែង​ដែល​ទ្រង់​បាន​នាំ​ពួក​គេ​ទៅ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ទត​មើល​ជុំវិញ​ហ្វូង​មនុស្ស ហើយ​ឃើញ​ថា ពួក​គេ​ស្រក់​ទឹកភ្នែក ហើយ​បាន​សម្លឹង​មក​រក​ព្រះ​អង្គ​យ៉ាង​ខ្ជាប់ ហាក់​បី​ដូច​ជា​ពួក​គេ​សូម​ឲ្យ​ទ្រង់​ទ្រាំ​នៅ​ជាមួយ​នឹង​គេ​បន្តិច​ទៀត។

ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា។

តើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ឈឺ​ទេ? ចូរ​នាំ​អ្នក​ទាំង​នោះ​មក​ទី​នេះ​ចុះ។ តើ​មាន​នរណា​ខ្វិន ឬ​ខ្វាក់ ឬ​គ ឬ​បាក់​ដៃ​បាក់ជើង ឬ​ឃ្លង់ ឬ​ស្ពឹក​ស្រពន់ ឬ​ថ្លង់ ឬ​ក៏​ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត? ចូរ​នាំ​ពួក​គេ​មក​ទី​នេះ​ចុះ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ពួក​គេ​បាន​ជា ត្បិត​យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួក​អ្នក​រាល់​គ្នា ចិត្ត​យើង​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តាករុណា។

ត្បិត​យើង​ឃើញ​ថា អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ​ដែល​យើង​បាន​ធ្វើ ដល់​បងប្អូន​របស់​អ្នក​នៅ​ក្រុង​យេរូសាឡិម ត្បិត​យើង​ឃើញ​ថា សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ល្មម​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​យើង​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ហ្វូង​មនុស្ស​ទាំង​អស់ ក៏​ដើរ​ឆ្ពោះ​ទៅ​មុខ​ព្រម​គ្នា​ជាមួយ​នឹង​អ្នក​ឈឺ​របស់​គេ និង​អ្នក​រង​ទុក្ខ​របស់​គេ និង​អ្នក​ខ្វិន​របស់​គេ និង​អ្នក​ខ្វាក់​របស់​គេ និង​អ្នក​ថ្លង់​របស់​គេ និង​អស់​ទាំង​អ្នក ដែល​រង​ទុក្ខ​ដោយ​ជំងឺ​ណា​ក៏​ដោយ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ជាសះស្បើយ​គ្រប់ៗ​គ្នា នៅ​ពេល​ពួក​គេ​ត្រូវ​នាំ​មក​រក​ទ្រង់។

១០ហើយ​គេ​ទាំង​អស់​គ្នា ទាំង​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​បាន​ជា​ទាំង​អស់ និង​អ្នក​ដែល​មាន​សុខ​ភាព​ល្អ បាន​ក្រាប​ចំពោះ​ព្រះ​បាទា​ទ្រង់ ហើយ​បាន​ថ្វាយបង្គំ​ទ្រង់ ហើយ​អស់​អ្នក​ណា​ដែល​អាច​មក​បាន​ជំនួស​ហ្វូង​មនុស្ស ក៏​បាន​ថើប​ព្រះ​បាទា​ទ្រង់ ដរាប​ដល់​ព្រះ​បាទា​ទ្រង់​សើម ជោកជាំ​ដោយ​ទឹកភ្នែក​របស់​ពួក​គេ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​នាំ​កូន​ក្មេង​តូចៗ​មក​រក​ព្រះ​អង្គ។

១២ម្ល៉ោះ​ហើយ គេ​បាន​នាំ​កូន​ក្មេង​តូចៗ មក​អង្គុយ​នៅ​លើ​ទី​ដី​ជុំវិញ​ព្រះ​អង្គ ហើយ​ព្រះ​យេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្ដាល ហើយ​ហ្វូង​មនុស្ស​បាន​ថយ​ចេញ​ទុក​កន្លែង​ឲ្យ​គេ​នាំ​កូន​ក្មេង​តូចៗ​ទាំង​អស់​មក។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​កូន​ក្មេង​បាន​នាំ​មក​អស់​ហើយ ឯ​ព្រះ​យេស៊ូ​ទ្រង់​ឈរ​នៅ​កណ្ដាល នោះ​ទ្រង់​បាន​បញ្ជា​ដល់​ហ្វូង​មនុស្ស​ឲ្យ​លុត​ជង្គង់​ចុះ​ទៅ​លើ​ដី។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​លុតជង្គង់​ទៅ​លើ​ដី​ហើយ នោះ​ព្រះ​យេស៊ូវ​ទ្រង់​ថ្ងូរ​នៅ​ក្នុង​ព្រះ​អង្គទ្រង់ ហើយ​មាន​ព្រះ​បន្ទូល​ថា ៖ ព្រះ​វរបិតា​អើយ ទូលបង្គំ​មាន​កង្វល់​ក្នុង​ចិត្ត ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន​នៃ​វង្ស​អ៊ីស្រាអែល។

១៥ហើយ​កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ក៏​លុតជង្គង់​ចុះ​ទៅ​លើ​ដី​ដែរ ហើយ​មើល​ចុះ ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះ​វរបិតា ហើយ​អ្វីៗ​ដែល​ទ្រង់​បាន​អធិស្ឋាន​នោះ ពុំ​អាច​យក​មក​សរសេរ​បា​ន​ឡើយ ឯ​ហ្វូង​មនុស្ស​ដែល​បាន​ឮ​ព្រះ​អង្គ​អធិស្ឋាន ក៏​បាន​ធ្វើ​បន្ទាល់​ពី​ការណ៍​នោះ។

១៦ហើយ​ពួក​គេ​បាន​ធ្វើ​បន្ទាល់​តាម​របៀប​នេះ​ថា ៖ ភ្នែក​មិនដែល​ឃើញ​សោះ ឯ​ត្រចៀក​ក៏​មិនដែល​បាន​ឮ​រឿង​ដ៏​មហិមា និង​អស្ចារ្យ ដូច​យើង​បាន​ឃើញ ហើយ​បាន​ឮ​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ព្រះ​វរបិតា​ឡើយ។

១៧ហើយ​គ្មាន​អណ្ដាត​ណា​អាច​ថ្លែង​ប្រាប់ ហើយ​គ្មាន​មនុស្ស​ណា​អាច​សរសេរ ហើយ​ក៏​គ្មាន​ចិត្ត​របស់​មនុស្ស​ណា​អាច​យល់​នូវ​រឿង​ដ៏​អស្ចារ្យ និង​មហិមា ដូចដែល​យើង​បាន​ឃើញ ហើយ​បាន​ឮ​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ហើយ​គ្មាន​អ្នក​ណាមួយ​អាច​យល់​នូវ​សេចក្ដី​អំណរ​ដែល​ពោរពេញ​នៅ​ក្នុង​ព្រលឹង​នៃ​យើង នៅ​ពេល​យើង​បាន​ឮ​ទ្រង់​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​យើង​នោះ​ទេ។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ចប់​នូវ​ការ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ហើយ នោះ​ទ្រង់​បាន​ក្រោក​ឡើង ប៉ុន្តែ​សេចក្ដី​អំណរ​របស់​បណ្ដា​ជន នោះ​មាន​ខ្លាំង​ហួស​ប្រមាណ រហូត​ដល់​គេ​ពុំ​អាច​ក្រោក​ឡើង​បាន​ឡើយ។

១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ ហើយ​សូម​ឲ្យ​គេ​ក្រោក​ឡើង។

២០ហើយ​ពួក​គេ​ក៏​ក្រោក​ឡើង​ពី​ដី ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ៖ មាន​ពរ​ហើយ អ្នក​រាល់​គ្នា មក​ពី​សេចក្ដី​ជំនឿ​របស់​អ្នក។ ហើយ​ឥឡូវ​នេះ មើល​ចុះ សេចក្ដី​អំណរ​របស់​យើង​បាន​ពោរពេញ។

២១ហើយ​កាល​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ហើយ នោះ​ទ្រង់​ព្រះ​កន្សែង ហើយ​បណ្ដា​ជន​បាន​ធ្វើ​បន្ទាល់​ពី​ការណ៍​នេះ ហើយ​ទ្រង់​បាន​យក​កូន​ក្មេង​របស់​ពួក​គេ​ម្ដង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​ពួក​វា។

២២ហើយ​កាល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ចប់​ហើយ នោះ​ទ្រង់​ក៏​ព្រះ​កន្សែង​ទៀត

២៣ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ហ្វូង​មនុស្ស​ថា ៖ មើល​ន៏ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា។

២៤ហើយ​នៅ​ពេល​ពួក​គេ​ក្រឡេក​មើល​ទៅ នោះ​ពួក​គេ​បាន​សម្លឹង​មើល​ទៅ​លើ​ផ្ទៃ​មេឃ ហើយ​ឃើញ​ផ្ទៃ​មេឃ​បើកចំហ ហើយ​ពួក​គេ​ឃើញ​ពួក​ទេវតា​ហោះ​ចុះ​មក​ពី​ស្ថានសួគ៌ ហាក់​បី​ដូច​ជា​នៅ​កណ្ដាល​ភ្លើង ហើយ​ពួក​ទេវតា​ក៏​ចុះ​មក​ហែហម​ជុំវិញ​ពួក​កូន​ក្មេង​ទាំង​នោះ រីឯ​ភ្លើង​ក៏​ព័ទ្ធជុំវិញ​ពួក​វា ហើយ​ពួក​ទេវតា​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​កូន​ក្មេង។

២៥ហើយ​ហ្វូង​មនុស្ស​បាន​ឃើញ បាន​ឮ ហើយ​បាន​ធ្វើ​បន្ទាល់ ហើយ​ពួក​គេ​ដឹង​ថា ទី​បន្ទាល់​របស់​គេ​គឺ​ពិត ត្បិត​គេ​ទាំង​អស់​គ្នា​បាន​ទាំង​ឃើញ ហើយ​ក៏​ឮ​ដោយ​ខ្លួន​គេ​ផ្ទាល់ ឯ​ពួក​គេ​មាន​ចំនួន​ប្រហែល​ពីរ​ពាន់​ប្រាំ​រយ​នាក់ គឺ​មាន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ៕