នីហ្វៃ​ទី ៣គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ជំពូក​ទី ១៨

ព្រះ​យេស៊ូវ​តាំង​បុណ្យ​សាក្រាម៉ង់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ — ពួក​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​អធិស្ឋាន​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​ទ្រង់ — អស់​អ្នក​ណា​ដែល​ទទួល​ទាន​ព្រះ​កាយ​របស់​ទ្រង់ ហើយ​ផឹក​ព្រះ​លោហិត​របស់​ទ្រង់ ដោយ​មិន​សក្ដិសម​នឹង​ត្រូវ​ជាប់​ទោស — ពួក​សិស្ស​ត្រូវ​បាន​ប្រទាន​អំណាច​ឲ្យ​ប្រគល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ជា​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​យក​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ​មក​ថ្វាយ​ទ្រង់។

ហើយ​នៅ​ពេល​ពួក​គេ​កំពុងតែ​ទៅ​យក​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ នោះ​ទ្រង់​បាន​បញ្ជា​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​ចុះ​ទៅ​លើ​ដី។

ហើយ​កាល​ពួក​សិស្ស​បាន​យក​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ​មក​ដល់​ហើយ នោះ​ទ្រង់​យក​នំប៉័ង​មក​កាច់​ជា​ដុំៗ ហើយ​ប្រទាន​ពរ​ដល់​នំប៉័ង​នោះ ហើយ​ទ្រង់​បាន​ប្រគល់​ឲ្យ​ទៅ​ពួក​សិស្ស ហើយ​ក៏​បញ្ជា​ឲ្យ​ពួក​គេ​បរិភោគ។

ហើយ​កាល​ពួក​គេ​បាន​បរិភោគ ហើយ​បាន​ឆ្អែត នោះ​ទ្រង់​បាន​បញ្ជា​ឲ្យ​ពួក​គេ​ចែក​នំប៉័ង​ដល់​ហ្វូង​មនុស្ស។

ហើយ​កាល​ហ្វូង​មនុស្ស​បាន​បរិភោគ ហើយ​បាន​ឆ្អែត នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា ៖ មើល​ចុះ នឹង​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​បាន​តែងតាំង​ឡើង ហើយ​ដល់​អ្នក​នោះ​ហើយ ដែល​យើង​នឹង​ប្រទាន​អំណាច​ឲ្យ​ដើម្បី​ឲ្យ​គាត់ អាច​កាច់​នំប៉័ង ហើយ​ប្រទាន​ពរ​ដល់​នំប៉័ង ហើយ​ចែក​ដល់​ប្រជាជន​នៅ​ក្នុង​សាសនាចក្រ​របស់​យើង គឺ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង។

ហើយ​ការណ៍​នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជានិច្ច ដូច​ជា​យើង​បាន​ធ្វើ គឺ​ដូចដែល​យើង​បាន​កាច់ ហើយ​ប្រទាន​ពរ​នំប៉័ង ហើយ​ចែក​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ។

ហើយ​ការណ៍​នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ក្នុង​ការ​ចងចាំ​ដល់​រូប​កាយ​របស់​យើង ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​រាល់​គ្នា។ ហើយ​ការណ៍​នេះ នឹង​ទៅ​ជាទី​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា អ្នក​រាល់​គ្នា​ចងចាំ​ដល់​យើង​ជានិច្ច។ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ចងចាំ​ដល់​យើង​ជានិច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ​វិញ្ញាណ​របស់​យើង​នៅ​ជាមួយ​នឹង​អ្នក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ទ្រង់​មាន​ព្រះ​បន្ទូល​យ៉ាង​នេះ​ហើយ នោះ​ទ្រង់​បាន​បញ្ជា​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា ពួក​គេ​ត្រូវ​យក​ស្រា​ទំពាំងបាយជូរ ដែល​នៅ​ក្នុង​ពែង​មក​ផឹក ហើយ​ថា ពួក​គេ​ត្រូវ​ចែក​ដល់​ហ្វូង​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​បាន​ផឹក​ផង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ដូច្នោះ​មែន គឺ​បាន​ផឹក​ស្រា​ទំពាំងបាយជូរ ហើយ​បាន​ឆ្អែត ហើយ​ពួក​គេ​បាន​ចែក​ដល់​ហ្វូង​មនុស្ស ហើយ​ពួក​គេ​បាន​ផឹក ហើយ​ពួក​គេ​បាន​ឆ្អែត​ផង។

១០ហើយ​កាល​ពួក​សិស្ស​បាន​ធ្វើ​ដូច្នោះ​ហើយ នោះ​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ មាន​ពរ​ហើយ​អ្នក​រាល់​គ្នា​ចំពោះ​ការ​ទាំង​នេះ ដែល​អ្នក​បាន​ធ្វើ ត្បិត​នេះ​គឺជា​ការ​បំពេញ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​នេះ​ជាទី​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា អ្នក​រាល់​គ្នា​ព្រម​ធ្វើ​នូវ​អ្វីៗ​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក។

១១ហើយ​ការណ៍​នេះ អ្នក​ត្រូវ​ធ្វើ​ជានិច្ច​ដល់​អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ការ​នេះ ក្នុង​ការ​ចងចាំ​ដល់​លោហិត​របស់​យើង ដែល​យើង​បាន​ច្រួច​ជំនួស​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​បន្ទាល់​ដល់​ព្រះ​វរបិតា​ថា អ្នក​រាល់​គ្នា​ចងចាំ​ដល់​យើង​ជានិច្ច។ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ចងចាំ​ដល់​យើង​ជានិច្ច នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ​វិញ្ញាណ​របស់​យើង​នៅ​ជាមួយ​នឹង​អ្នក។

១២ហើយ​យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នូវ​បញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​ធ្វើ​ការ​ទាំង​នេះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ​ជានិច្ច នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ត្បិត​អ្នក​រាល់​គ្នា​បាន​សង់​នៅ​លើ​ថ្ម​របស់​យើង។

១៣ប៉ុន្តែ​អស់​អ្នក​ណា​នៅ​ក្នុង​ចំណោម​អ្នក​ដែល​នឹង​ធ្វើ​ច្រើន ឬ​តិច​ជាង​នេះ គឺ​ពុំ​បាន​សង់​នៅ​លើ​ថ្ម​របស់​យើង​ទេ ប៉ុន្តែ​សង់​នៅ​លើ​គ្រឹះ​ធ្វើ​ពី​ខ្សាច់​វិញ ហើយ​កាល​ភ្លៀង​ធ្លាក់​មក ទឹក​ក៏​ជន់​ឡើង ខ្យល់​បក់​ប៉ះ​ពួក​គេ នោះ​ពួក​គេ​នឹង​រលំ ហើយ​ទ្វារ​ទាំង​ឡាយ​នៃ​ស្ថាន​នរក​នឹង​បើកចំហ​ជាស្រេច ដើម្បី​ទទួល​យក​ពួក​គេ។

១៤ដូច្នេះ​មាន​ពរ​ហើយ​អ្នក​រាល់​គ្នា បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ដែល​ព្រះ​វរបិតា ទ្រង់​បាន​បញ្ជា​ឲ្យ​យើង​ប្រទាន​ដល់​អ្នក។

១៥ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម ហើយ​អធិស្ឋាន​ជានិច្ច ខ្លាចក្រែង​អារក្ស​ល្បួង​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វា​ចាប់​នាំ​យក​ទៅ​ឃុំឃាំង។

១៦ហើយ​ដូចដែល​យើង​បាន​អធិស្ឋាន​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​អធិស្ឋាន​នៅ​ក្នុង​សាសនាចក្រ​របស់​យើង​យ៉ាង​នោះ​ដែរ គឺ​នៅ​ក្នុង​ចំណោម​រាស្ត្រ​យើង​ដែល​បាន​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង។ មើល​ចុះ យើង​ជា​ពន្លឺ យើង​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស របស់​ទ្រង់​យ៉ាង​នេះ​រួច​ហើយ នោះ​ទ្រង់​បែរ​មក​ខាង​ហ្វូង​មនុស្ស​វិញ ហើយ​មាន​ព្រះ​បន្ទូល​ថា ៖

១៨មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម ហើយ​អធិស្ឋាន​ជានិច្ច ខ្លាចក្រែង​អ្នក​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង ត្បិត​អារក្ស​សាតាំង​មាន​បំណង​ចង់​បាន​អ្នក​រាល់​គ្នា ដើម្បី​វា​អាច​រែង​អ្នក​រាល់​គ្នា​ដូច​ជា​ស្រូវ​អញ្ចឹង។

១៩ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង​ជានិច្ច

២០ហើយ​សូម្បី​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​សុំ​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ដែល​ត្រឹម​ត្រូវ និង​ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល មើល​ចុះ នឹង​បាន​ប្រទាន​ដល់​អ្នក។

២១ចូរ​អធិស្ឋាន​នៅ​ក្នុង​ក្រុម​គ្រួសារ​អ្នក​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង​ជានិច្ច ដើម្បី​ឲ្យ​ប្រពន្ធ​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​អាច​បាន​ពរ។

២២ហើយ​មើល​ចុះ អ្នក​រាល់​គ្នា​ត្រូវ​រួម​គ្នា​ប្រជុំ​ជា​ញឹកញាប់ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ហាមឃាត់​នរណា​មួយ មិន​ឲ្យ​គេ​មក​រក​អ្នក​ក្នុង​កាល​អ្នក​រាល់​គ្នា​រួម​គ្នា​ប្រជុំ​នោះ​ឡើយ តែ​ទុក​ឲ្យ​គេ​អាច​មក​រក​អ្នក ហើយ​ចូរ​កុំ​ហាមឃាត់​គេ​ឡើយ

២៣ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​អធិស្ឋាន​ឲ្យ​ពួក​គេ ហើយ​មិន​ត្រូវ​បណ្ដេញ​គេ​ចេញ​ឡើយ ហើយ​ប្រសិនបើ​គេ​មក​រក​អ្នក​ជា​ញឹកញាប់ នោះ​អ្នក​រាល់​គ្នា​ត្រូវ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ឲ្យ​គេ​ដោយ​នូវ​នាម​យើង។

២៤ដូច្នេះ​ចូរ​លើក​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ឡើង ប្រយោជន៍​ឲ្យ​បាន​ភ្លឺ​ដល់​មនុស្ស​លោក។ មើល​ចុះ យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង — គឺ​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ។ មើល​ចុះ អ្នក​រាល់​គ្នា​ឃើញ​ថា យើង​បាន​អធិស្ឋាន​ដល់​ព្រះ​វរបិតា ហើយ​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​បន្ទាល់​ទុក។

២៥ហើយ​អ្នក​រាល់​គ្នា​ឃើញ​ថា យើង​មិន​បាន​បញ្ជា​នរណា​មួយ​ក្នុង​ពួក​អ្នក​ឲ្យ​ចេញ​ទៅ​ឡើយ ប៉ុន្តែ​បាន​បញ្ជា​អ្នក​រាល់​គ្នា​ឲ្យ​មក​រក​យើង​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្ទាប ហើយ​ឃើញ​យើង ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដល់​មនុស្ស​លោក​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បំបាក់​បញ្ញត្តិ​នេះ គឺ​បណ្ដោយ​ខ្លួន​ឲ្យ​ត្រូវ​ដឹកនាំ​ទៅ​ក្នុង​ការ​ល្បួង​វិញ។

២៦ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទាំង​នេះ​ហើយ នោះ​ទ្រង់​បែរ​មក​រក​ពួក​សិស្ស​របស់​ទ្រង់​ដែល​ទ្រង់​បាន​រើស ហើយ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖

២៧មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា នូវ​បញ្ញត្តិ​មួយ​ទៀត រួច​ហើយ យើង​នឹង​ត្រូវ​ទៅ​ជួប​ព្រះ​វរបិតា​នៃ​យើង​វិញ ដើម្បី​យើង​អាច​បំពេញ​នូវ​ព្រះ​បញ្ញត្តិ​ផ្សេងៗ​ទៀត ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង។

២៨ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​បញ្ញត្តិ​ដែល​យើង​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ដោយ​ចេតនា​ឲ្យ​អ្នក​ណាមួយ​មក​ទទួល​ទាន​សាច់ និង​លោហិត​របស់​យើង​ដោយ​ពុំ​សក្ដិសម ក្នុង​កាល​អ្នក​រាល់​គ្នា​ធ្វើ​ការ​បម្រើ​នោះ​ឡើយ។

២៩ព្រោះ​អស់​អ្នក​ណា​ដែល​ទទួល​ទាន​សាច់ ហើយ​ផឹក​លោហិត​របស់​យើង​ដោយ​ពុំ​សក្ដិសម នោះ​គឺ​ទទួល​ទាន ហើយ​ផឹក​នូវ​សេចក្ដី​ជាប់​ទោស​ចំពោះ​ព្រលឹង​របស់​គេ​ហើយ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​ណាមួយ​ពុំ​សក្ដិសម​នឹង​ទទួល​ទាន​សាច់ ហើយ​ផឹក​លោហិត​របស់​យើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ហាមឃាត់​គេ។

៣០ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដេញ​អ្នក​នោះ​ចេញ​ពី​ចំណោម​អ្នក​ដែរ ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ការ​ងារ​បម្រើ​អ្នក​នោះ ហើយ​អធិស្ឋាន​ដល់​ព្រះ​វរ​បី​តា​ឲ្យ​គេ​ដោយ​នូវ​នាម​យើង​វិញ ហើយ​ប្រសិនបើ​អ្នក​នោះ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង ពេល​នោះ​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​គេ ហើយ​ចែក​ដល់​គេ​នូវ​សាច់ និង​លោហិត​របស់​យើង​បាន។

៣១ប៉ុន្តែ​បើ​សិន​ជា​គេ​មិន​ប្រែចិត្ត​ទេ អ្នក​នោះ​ពុំ​ត្រូវ​រាប់​ក្នុង​ចំណោម​រាស្ត្រ​យើង​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​បំផ្លាញ​រាស្ត្រ​យើង ត្បិត​មើល​ចុះ យើង​ស្គាល់​ចៀម​របស់​យើង ហើយ​ចៀម​ទាំង​នោះ ត្រូវ​បាន​រាប់​ចំនួន​រួច​ហើយ។

៣២ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​មិន​ត្រូវ​បណ្ដេញ​គេ​ចេញ​ពី​សាលា​ប្រជុំ​របស់​អ្នក ឬ​ពី​កន្លែង​ថ្វាយបង្គំ​របស់​អ្នក​ដែរ ត្បិត​ចំពោះ​អ្នក​នោះ​ហើយ​ដែលអ្នក​ត្រូវ​ធ្វើ​ការងារ​បម្រើ ត្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា​ដល់​ពេល​ណា​ទេ ដែល​អ្នក​នោះ​នឹង​ត្រឡប់​មក​វិញ ហើយ​ប្រែចិត្ត ហើយ​មក​រក​យើង​ដោយ​អស់​ពី​ដួង​ចិត្ត ហើយ​យើង​នឹង​ប្រោស​ឲ្យ​គេ​បាន​ជា ហើយ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​មធ្យោបាយ​ក្នុង​ការ​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​គេ។

៣៣ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កាន់​តាម​ពាក្យ​ទាំង​នេះ ដែល​យើង​បាន​បញ្ជា​ដល់​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្រោម​ការ​កាត់ទោស ត្បិត​អី វេទនា​ដល់​អ្នក​ណា ដែល​ព្រះ​វរបិតា​ទ្រង់​កាត់ទោស។

៣៤ហើយ​យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​ទាំង​នេះ ពី​ព្រោះ​មក​ពី​ការ​ទាស់ទែង​គ្នា​នៅ​ក្នុង​ចំណោម​ពួក​អ្នក។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា បើ​សិន​ជា​អ្នក​រាល់​គ្នា​គ្មាន​ការ​ទាស់ទែង នៅ​ក្នុង​ចំណោម​ពួក​អ្នក។

៣៥ហើយ​ឥឡូវ​នេះ យើង​ទៅ​ឯ​ព្រះ​វរបិតា​វិញ ពី​ព្រោះ​ជា​ការ​ចាំបាច់​ដែល​យើង​ត្រូវ​ទៅ​ឯ​ព្រះ​វរបិតា ដើម្បី​អ្នក​រាល់​គ្នា។

៣៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ចប់​នូវ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ទ្រង់​ពាល់ពួក​សិស្ស​ដែល​ទ្រង់​បាន​រើស​ម្ដង​ម្នាក់ៗ រហូត​ដល់​ទ្រង់​បាន​ពាល់​គេ​គ្រប់​គ្នា ហើយ​ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ នៅ​ពេល​ទ្រង់​ពាល់​ពួក​គេ។

៣៧ហើយ​ហ្វូង​មនុស្ស​មិន​បាន​ឮ​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​នោះ​ទេ ដូច្នេះ ពួក​គេ​មិន​បាន​ធ្វើ​បន្ទាល់​ឡើយ តែ​ពួក​សិស្ស​បាន​ធ្វើ​បន្ទាល់​ថា ទ្រង់​បាន​ប្រទាន​ពួក​គេ​នូវ​អំណាច​ដើម្បី​ប្រគល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា នៅ​ពេល​ក្រោយ​ថា ទី​បន្ទាល់​នេះ​គឺ​ពិត។

៣៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ពាល់​ពួក​គេ​គ្រប់​គ្នា​ហើយ នោះ​ក៏​មាន​ពពក​មួយ​បាន​មក​គ្រប​ដណ្ដប់​ហ្វូង​មនុស្ស ដែល​ធ្វើ​ឲ្យ​គេ​មិន​អាច​មើល​ឃើញ​ព្រះ​យេស៊ូវ​ឡើយ។

៣៩ហើយ​នៅ​ពេល​ពពក​គ្រប​ដណ្ដប់​ពួក​គេ នោះ​ទ្រង់​យាង​ចេញ​ពី​ពួក​គេ​ទៅ ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌។ ហើយ​ពួក​សិស្ស​បាន​ឃើញ ហើយ​បាន​ធ្វើ​បន្ទាល់​ថា ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ៕