នីហ្វៃ​ទី ៣គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

ជំពូក​ទី ២៧

ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ជា​ពួក​គេ​ឲ្យ​ហៅ​សាសនាចក្រ​តាម​ព្រះ​នាម​របស់​ទ្រង់ — បេសកកម្ម និង​ការ​បូជា​ដ៏​ធួន​របស់​ទ្រង់ បង្កើត​ជា​ដំណឹង​ល្អ​របស់​ទ្រង់ — មនុស្ស​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ — ពួក​គេ​នឹង​បាន​ទៅ​ដូច​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ពួក​សិស្ស​នៃ​ព្រះ​យេស៊ូវ​កំពុងតែ​ចេញ​ដំណើរ ហើយ​ផ្សាយ​នូវ​ការណ៍​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ឮ ហើយ​បាន​ឃើញ ហើយ​ព្រម​ទាំង​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​ផង នោះ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សិស្ស​បាន​រួម​គ្នា​អធិស្ឋាន​យ៉ាង​ខ្លាំង ហើយ​បាន​តម​អាហារ។

 ២ ហើយ​ព្រះ​យេស៊ូវ ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ​ទៀត ត្បិត​ពួក​គេ​កំពុងតែ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ហើយ​ព្រះ​យេស៊ូវ​ទ្រង់​បាន​យាង​មក​ឈរ​នៅ​កណ្ដាល​ពួក​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ប្រទាន​អ្វី ដល់​អ្នក?

 ៣ ហើយ​ពួក​គេ​បាន​ទូល​ទ្រង់​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ យើង​ខ្ញុំ​សូម​ឲ្យ​ព្រះ​អង្គ​ប្រាប់​យើង​ខ្ញុំ​នូវ​ឈ្មោះ​ដែល​យើង​ខ្ញុំ​នឹង​ហៅ​សាសនាចក្រ​នេះ ត្បិត​មាន​ការ​ប្រកែក​គ្នា​នៅ​ក្នុង​ចំណោម​ប្រជាជន​អំពី​រឿង​នេះ។

 ៤ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ថា ៖ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ហេតុ​អ្វី​បាន​ជា​ប្រជាជន​រអ៊ូរទាំ ហើយ​ប្រកែក​គ្នា​ដោយ​សារ​តែ​រឿង​នេះ?

 ៥ តើ​ពួក​គេ​ពុំ​បាន​អាន​បទគម្ពីរ​ទាំង​ឡាយ ដែល​បាន​ចែង​ថា អ្នក​រាល់​គ្នា​ត្រូវ​យក​ព្រះ​នាម​ព្រះ​គ្រីស្ទ​ដាក់​លើ​ខ្លួន​ដែល​ជា​នាម​យើង​ទេ​ឬ? ត្បិត​ដោយ​នាម​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ហៅ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់

 ៦ ហើយ​អស់​អ្នក​ណា​ដែល​ដាក់​នាម​យើង​លើ​ខ្លួន ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ​នឹង​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

 ៧ ដូច្នេះ សូម្បី​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដោយ​នូវ​នាម​យើង ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ហៅ​សាសនាចក្រ​តាម​នាម​យើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​អំពាវនាវ​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ប្រយោជន៍​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​សាសនាចក្រ ដោយ​យល់​ដល់​យើង។

 ៨ ហើយ​តើ​នេះ​ជា​សាសនាចក្ររបស់​យើង​ដូច​ម្ដេច​កើត លើក​លែង​តែ​ហៅ​តាម​នាម​យើង? ត្បិត​បើ​សិន​ជា​សាសនាចក្រ​នេះ ហៅ​តាម​ឈ្មោះ​លោក​ម៉ូសេ នោះ​ជា​សាសនាចក្រ​របស់​លោក​ម៉ូសេ​ហើយ ឬ​បើ​សិន​ជា​សាសនាចក្រ​នេះ​ហៅ​តាម​ឈ្មោះ​របស់​បុរស​ណា​ម្នាក់ នោះ​ជា​សាសនាចក្រ​របស់​បុរស​នោះ​ហើយ តែ​បើ​សិន​ជា​សាសនាចក្រ​នេះ​ហៅ​តាម​នាម​យើង នោះ​ទើប​ជា​សាសនាចក្រ​របស់​យើង ប្រសិនបើ​គេ​បាន​សង់​លើ​ដំណឹង​ល្អ​របស់​យើង។

 ៩ យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ត្រូវ​បាន​សង់​លើ​ដំណឹង​ល្អ​របស់​យើង ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ហៅ​នូវ​អ្វីៗ​ក៏​ដោយ ដែល​អ្នក​ធ្វើ​តាម​នាម​យើង ដូច្នេះ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវនាវ​ដល់​ព្រះ​វរបិតា​សម្រាប់​សាសនាចក្រ​នេះ ប្រសិនបើ​ដោយ​នូវ​នាម​យើង នោះ​ព្រះ​វរបិតា​នឹង​ឮ​អ្នក​រាល់​គ្នា។

 ១០ ហើយ​ប្រសិនបើ​សាសនាចក្រ​បាន​សង់​លើ​ដំណឹង​ល្អ​របស់​យើង​មែន នោះ​ព្រះ​វរបិតា ទ្រង់​នឹង​បង្ហាញ​នូវ​កិច្ចការ​ទាំង​ឡាយ​របស់​ទ្រង់​នៅ​ក្នុង​សាសនាចក្រ។

 ១១ ប៉ុន្តែ ប្រសិនបើ​ពុំ​បាន​សង់​លើ​ដំណឹង​ល្អ​របស់​យើង​ទេ ហើយ​បាន​សង់​លើ​កិច្ចការ​ទាំង​ឡាយ​របស់​មនុស្ស ឬ​ក៏​លើ​កិច្ចការ​ទាំង​ឡាយ​របស់​អារក្ស​វិញ នោះ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​នឹង​បាន​សេចក្ដី​អំណរ​នៅ​ក្នុង​កិច្ចការ​ទាំង​ឡាយ​របស់​គេ មួយ​រដូវ​តែប៉ុណ្ណោះ ហើយ​មិន​យូរ​មិន​ឆាប់ ទី​បញ្ចប់​នឹង​មក​ដល់ ហើយ​ពួក​គេ​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង ហើយ​ដល់​ពេល​នោះ គឺ​គ្មាន​ការ​ត្រឡប់​មក​វិញ​ឡើយ។

 ១២ ត្បិត​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ នឹង​ទៅ​តាម​ពួក​គេ ត្បិត​ដោយ​សារ​តែ​កិច្ចការ​ទាំង​ឡាយ​របស់​គេ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​កាប់​រំលំ​ចោល ដូច្នេះ​ចូរ​ចងចាំ​នូវ​ការណ៍​ទាំង​ឡាយ ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ចុះ។

 ១៣ មើល​ចុះ យើង​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​នូវ​ដំណឹង​ល្អ​របស់​យើង ហើយ​នេះ​គឺជា​ដំណឹង​ល្អ ដែល​យើង​បាន​ប្រទាន​ដល់ អ្នក​រាល់​គ្នា — គឺ​យើង​បាន​មក​ឯ​លោកិយ​នេះ ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​យើង ពី​ព្រោះ​ព្រះ​វរបិតា​របស់​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក។

 ១៤ ហើយ​ព្រះ​វរបិតា​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង ហើយ​បន្ទាប់​ពី​យើង​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ទាញ​នាំ​គ្រប់​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​យើង ហើយ​ដូច​ជា​យើង​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង ដោយ​មនុស្ស​លោក​យ៉ាង​ណា នោះ​មនុស្ស​លោក​ក៏​នឹង​ត្រូវ​បាន​លើក​ឡើង ដោយ​ព្រះ​វរបិតា​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ឈរ​ចំពោះ​យើង ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន ដើម្បី​ឲ្យ​ឃើញ​ថា ពួក​គេ​ល្អ ឬ​ក៏​ពួក​គេ​អាក្រក់ —

 ១៥ ហើយ​ដោយ​ហេតុ​នេះ ទើប​យើង​ត្រូវ​បាន​លើក​ឡើង ហេតុ​ដូច្នេះ​ហើយ ស្រប​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ​វរបិតា នោះ​យើង​នឹង​ទាញ​នាំ​គ្រប់​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​យើង ប្រយោជន៍​ឲ្យ​គេ​អាច​បាន​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​គេ។

 ១៦ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង នោះ​ត្រូវ​បាន​ពោរពេញ ហើយ​បើ​អ្នក​នោះ​កាន់ខ្ជាប់ ដរាប​ដល់​ចុង​បំផុត មើល​ចុះ យើង​នឹង​ចាត់​អ្នក​នោះ​ទុក​ថា​ជា​ឥត​ទោស​នៅ​ចំពោះ​ព្រះ​វរបិតា​យើង​នៅ​ក្នុង​ថ្ងៃ​ដែល​យើង​នឹង​ឈរ​ជំនុំ​ជំរះ​មនុស្ស​លោក។

 ១៧ ហើយ​អ្នក​ណា​ដែល​មិន​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ទេ អ្នក​នោះ​ក៏​នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង គឺជា​កន្លែង​ដែល​គេ​ពុំ​អាច​ត្រឡប់​មក​វិញ​បាន​ឡើយ ពី​ព្រោះ​មក​ពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​វរបិតា។

 ១៨ នេះ​ហើយ​គឺជា​ពាក្យ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​កូន​ចៅ​មនុស្ស។ ហើយ​ដោយ​ហេតុ​នេះ ទ្រង់​បាន​បំពេញ​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ពុំ​កុហក​ទេ តែ​បំពេញ​គ្រប់​ទាំង​ពាក្យ​របស់​ទ្រង់​វិញ។

 ១៩ ហើយ​គ្មាន​អ្វី​ដែល​ពុំ​ស្អាត​ណា​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ទ្រង់​បាន​ឡើយ ដូច្នេះ​គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ទី​សម្រាក​របស់​ទ្រង់​បាន​ទេ លើក​លែង​តែ​អ្នក​នោះ បាន​លាង​សំលៀកបំពាក់​របស់​ខ្លួន​ដោយ​នូវ​លោហិត​របស់​យើង ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​របស់​គេ និង​ការ​ប្រែចិត្ត​ពី​គ្រប់​ទាំង​អំពើ​បាប​របស់​គេ និង​ការ​ស្មោះត្រង់​របស់​គេ​រហូត​ដល់​ទីបំផុត។

 ២០ ឥឡូវ​នេះ នេះ​គឺជា​បញ្ញត្តិ​ថា ៖ ចូរ​ប្រែចិត្ត​ចុះ ឱ​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​អើយ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​បាន​ញែក​ចេញ​បរិសុទ្ធ ដោយ​ការ​ទទួល​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ដោយ​គ្មាន​ទោស​នៅ​ចំពោះ​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

 ២១ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នេះ​ហើយ​ជា​ដំណឹង​ល្អ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ស្គាល់​ការណ៍​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​នៅ​ក្នុង​សាសនាចក្រ​របស់​យើង ត្បិត​កិច្ចការ​ទាំង​ឡាយ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ ត្បិត​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាង​ណា នោះ​អ្នក​ត្រូវ​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

 ២២ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​នូវ​ការណ៍​ទាំង​នេះ មាន​ពរ​ដល់​អ្នក​រាល់​គ្នា​ហើយ ត្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

 ២៣ ចូរ​កត់​ការណ៍​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ ហើយ​បាន​ឮ​ទុក​ចុះ លើក​លែង​តែ​ការណ៍​ណា​ដែល​បាន​ហាមឃាត់

 ២៤ ចូរ​កត់​កិច្ចការ​ទាំង​ឡាយ​របស់​ប្រជាជន​នេះ​ទុក​ចុះ ដែល​នឹង​មាន​ដូចដែល​បាន​កត់​ទុក នូវ​កិច្ច​ការ​ដែល​បាន​កន្លង​ផុត​មក​ហើយ​ដែរ។

 ២៥ ត្បិត​មើល​ចុះ ចេញ​ពី​គម្ពីរ​ទាំង​ឡាយ​ដែល​បាន​សរសេរ​ទុក ហើយ​ដែល​នឹង​បាន​សរសេរ​ទុក នោះ​ប្រជាជន​នេះ​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ ត្បិត​ដោយ​សារ​គម្ពីរ​ទាំង​នេះ​ហើយ​ដែល​កិច្ចការ​ទាំង​ឡាយ​របស់​គេ​នឹង​បាន​មនុស្ស​លោក​ស្គាល់។

 ២៦ ហើយ​មើល​ចុះ ការណ៍​ទាំង​អស់​ត្រូវ​បាន​កត់​ទុក​ដោយ​ព្រះ​វរបិតា ហេតុ​ដូច្នេះ​ហើយ ចេញ​ពី​គម្ពីរ​ទាំង​ឡាយ​ដែល​នឹង​បាន​សរសេរ​ទុក នោះ​មនុស្ស​លោក​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ។

 ២៧ ហើយ​ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ចៅក្រម​ជំនុំ​ជំរះ​ប្រជាជន​នេះ ស្រប​តាម​សេចក្ដី​ជំនុំ​ជំរះ ដែល​យើង​នឹង​ប្រទាន​ដល់​អ្នក​ដែល​ត្រឹម​ត្រូវ។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង។

 ២៨ ហើយ​ឥឡូវ​នេះ យើង​ទៅ​ឯ​ព្រះ​វរបិតា។ ហើយ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​សូម​ដល់​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក។

 ២៩ ដូច្នេះ ចូរ​សូម ហើយ​អ្នក​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ត្បិត​អ្នក​ណា​ដែល​សូម នោះ​នឹង​បាន​ទទួល រីឯ​អ្នក​ណា​ដែល​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក​នោះ។

 ៣០ ហើយ​ឥឡូវ​នេះ មើល​ចុះ សេចក្ដី​អំណរ​របស់​យើង​ធំ​ណាស់ គឺ​ពេញទំហឹង​ដោយ​ព្រោះ​អ្នក​រាល់​គ្នា និង​តំណ​នេះ​ផង មែន​ហើយ ព្រម​ទាំង​ព្រះ​វរបិតា​ក៏​ទ្រង់​មាន​សេចក្ដី​អំណរ ហើយ​គ្រប់​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា និង​តំណ​នេះ ត្បិត​គ្មាន​នរណា​ម្នាក់​បា​ន​វង្វេង​បាត់​ឡើយ។

 ៣១ មើល​ចុះ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​យល់ ត្បិត​យើង​មាន​ន័យ​ដល់​ពួក​អ្នក​ដែល​ឥឡូវ​នេះ រស់នៅ​ក្នុង​តំណ​នេះ ហើយ​គ្មាន​នរណា​ម្នាក់​បាន​វង្វេង​បាត់​ឡើយ ហើយ​ដោយ​សារ​ពួក​គេ​នេះ​ហើយ​ដែល​យើង​មាន​សេចក្ដី​អំណរ​ដ៏​ពោរពេញ។

 ៣២ ប៉ុន្តែ​មើល​ចុះ យើង​មាន​សេចក្ដី​ព្រួយបារម្ភ ពី​ព្រោះ​តែ​តំណ​ទី​បួន​ពី​តំណ​នេះ​ទៅ ត្បិត​ពួក​គេ​នឹង​ត្រូវ​ចាប់​ខ្លួន​នាំ​យក​ទៅ​ឃុំឃាំង​ដោយ​កូន​នៃ​អន្តរធាន ត្បិត​ពួក​គេ​នឹង​លក់​យើង ដើម្បី​យក​ប្រាក់ និង​មាស និង​ដើម្បី​អ្វីៗ​ដែល​កន្លាត​អាច​កាត់​បំផ្លាញ និង​អ្វីៗ​ដែល​ចោរ អាច​ចោះ​ទម្លុះ​ប្លន់​បាន។ ហើយ​នៅ​ថ្ងៃ​នោះ យើង​នឹង​មក​រក​ពួក​គេ ទាំង​បង្វិល​កិច្ចការ​របស់​គេ មក​ស្រោច​លើ​ក្បាល​របស់​ពួក​គេ​វិញ។

 ៣៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ចប់​ព្រះ​បន្ទូល​ទាំង​នេះ​ហើយ នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា ៖ ចូរ​អ្នក​រាល់​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត​ចុះ ត្បិត​ទ្វារ​ចង្អៀត និង​ផ្លូវ​តូច​នាំ​ទៅ​ឯ​ជីវិត ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ ប៉ុន្តែ​ទ្វារធំ និង​ផ្លូវ​ទូលាយ​នាំ​ទៅ​ឯ​សេចក្ដី​ស្លាប់ ក៏​មាន​មនុស្ស​ជាច្រើន ដែល​ដើរ​តាម​ផ្លូវ​នោះ រហូត​ដល់​ពេល​យប់​មក​ដល់ នោះ​គ្មាន​នរណា​អាច​ធ្វើ​ការ​បាន​ឡើយ៕