នីហ្វៃ​ទី ៣

គម្ពីរ​នីហ្វៃ កូន​ប្រុស​របស់​នីហ្វៃដែល​ត្រូវ​ជា​កូន​ប្រុស​របស់​ហេ​លេមិន

នីហ្វៃ ទី ៣ 

ហើយ​ហេ​លេមិន ជា​កូន​ប្រុស​របស់​ហេ​លេមិន ដែល​ជា​កូន​ប្រុស​របស់​អាលម៉ា ដែល​ជា​កូន​ប្រុស​របស់​អាលម៉ា ជា​ពូជ​ពង្ស​របស់​នីហ្វៃ ដែល​ជា​កូន​ប្រុស​របស់​លីហៃ ដែល​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម នៅ​ក្នុង​ឆ្នាំ​ទី ១ នៃ​រាជ្យ​សេដេគា ស្ដេច​ស្រុក​យូដា។
ជំពូក​ទី ១

នីហ្វៃ​ដែល​ជា​កូន​ប្រុស​របស់​ហេ​លេមិន ចាក​ចេញ​ពី​ដែនដី ហើយ​នីហ្វៃ​ជា​កូន​ប្រុស​របស់​លោក​រក្សា​បញ្ជី​ទាំង​ឡាយ — ទោះ​ជា​មាន​ទី​សម្គាល់​ទាំង​ឡាយ និង​ការណ៍​អស្ចារ្យ​ទាំង​ឡាយ​ក្ដី គង់តែ​ពួក​ទុច្ចរិត​មាន​គម្រោងការណ៍​នឹង​សម្លាប់​ពួក​សុចរិត​ដែរ — យប់​នៃ​ថ្ងៃ​កំណើត ព្រះ​គ្រីស្ទ​មក​ដល់ — ទី​សម្គាល់​បាន​ស្ដែង​ឡើង ហើយ​ផ្កាយ​ថ្មី​មួយ​រះ​ឡើង — ការ​ភូត​កុហក និង​ការ​បោក​បញ្ឆោត​កើត​ឡើង ហើយ​ពួក​ចោរ​កាឌីអានតុន​សម្លាប់​មនុស្ស​អស់​ជាច្រើន។ ប្រមាណ​ជា​ឆ្នាំ ១–៤ គ.ស.។

ជំពូក​ទី ២

អំពើ​ទុច្ចរិត និង​អំពើ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ កើន​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន — ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​រួបរួម​គ្នា ដើម្បី​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ពួក​ចោរ​កាឌីអានតុន — ពួក​សាសន៍​លេមិន​ដែល​ប្រែចិត្ត​ជឿ​ក្លាយ​ទៅ​ជា​ស ហើយ​ត្រូវ​បាន​ហៅ​ថា សាសន៍​នីហ្វៃ។ ប្រមាណ​ជា​ឆ្នាំ ៥–១៦ គ.ស.។

ជំពូក​ទី ៣

គីឌឌីអានហៃ ដែល​ជា​មេដឹកនាំ​ពួក​កាឌីអានតុន​ទាមទារ​ឲ្យ​ឡាកូនីអូស និង​ពួក​សាសន៍​នីហ្វៃ​ចុះ​ចាញ់ ហើយ​ប្រគល់​ដែនដី​របស់​គេ — ឡាកូនីអូស​តែងតាំង​គីឌគីឌដូណៃ ជា​មេកង​ទ័ព​ឯក​លើ​ពល​ទ័ព — ពួក​សាសន៍​នីហ្វៃ​ប្រមូល​គ្នា​នៅ​ក្រុង​សារ៉ាហិមឡា និង​ក្រុង​បរិបូរណ៍ ដើម្បី​ការ​ពារ​ខ្លួន។ ប្រមាណ​ជា​ឆ្នាំ ១៦–១៨ គ.ស.។

ជំពូក​ទី ៤

ពល​ទ័ព​សាសន៍​នីហ្វៃ​វាយ​ពួក​ចោរ​កាឌីអានតុន​ឲ្យ​បរាជ័យ — គីឌឌីអានហៃ​ត្រូវ​ស្លាប់ ហើយ​អ្នក​ដែល​បន្ត​តំណែង​ពី​វា​ឈ្មោះ សេមណារៃហា ត្រូវ​គេ​ចងក — ពួក​សាសន៍​នីហ្វៃ​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់​ចំពោះ​ជ័យជម្នះ​ទាំង​ឡាយ​របស់​គេ។ ប្រមាណ​ជា​ឆ្នាំ ១៨–២២ គ.ស.។

ជំពូក​ទី ៥

ពួក​សាសន៍​នីហ្វៃ​ប្រែចិត្ត ហើយ​លះបង់​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ចោល — មរមន​សរសេរ​ប្រវត្តិ​អំពី​ប្រជាជន​លោក ហើយ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ពួក​គេ — ពួក​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​មក​ពី​ការ​ខ្ចាត់​ព្រាត់​ដ៏​យូរលង់​របស់​គេ​វិញ។ ប្រមាណ​ជា​ឆ្នាំ ២២–២៦ គ.ស.។

ជំពូក​ទី ៦

ពួក​សាសន៍​នីហ្វៃ​ចម្រើន​ឡើង — ការ​ឆ្មើងឆ្មៃ ទ្រព្យ និង​ការ​ចែក​វណ្ណៈ​កើត​ឡើង — សាសនាចក្រ​ត្រូវ​បាក់បែក​ដោយ​ការ​បែក​ចេញ — អារក្ស​សាតាំង​ដឹកនាំ​ប្រជាជន​ទៅ​ក្នុង​ការ​បះបោរ​ចេញ​មុខ — ពួក​ព្យាការី​ជាច្រើន​ស្រែកហៅ​ឲ្យ​ធ្វើ​ការ​ប្រែចិត្ត ហើយ​ត្រូវ​សម្លាប់​ចោល — ឃាតករ​ទាំង​ឡាយ​របស់​គេ​ធ្វើ​ឧបាយកល ដើម្បី​ដណ្ដើម​យក​រដ្ឋាភិបាល។ ប្រមាណ​ជា​ឆ្នាំ ២៦–៣០ គ.ស.។

ជំពូក​ទី ៧

លោក​មេ​ចៅក្រម​ត្រូវ​គេ​ធ្វើ​ឃាត រដ្ឋាភិបាល​ត្រូវ​បំផ្លាញ​ចោល — ហើយ​ប្រជាជន​បែក​ចេញ​ជា​ពូជ​អំបូរ​ទាំង​ឡាយ — យ៉ាកុប ដែល​ជា​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ម្នាក់ ក្លាយ​ទៅ​ជា​ស្ដេច​នៃ​ពួក​ក្រុម​ផ្សំ​គំនិត​សម្ងាត់​មួយ — នីហ្វៃ​ផ្សាយ​អំពី​ការ​ប្រែចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ — ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ​លោក​រាល់​ថ្ងៃ ហើយ​លោក​ប្រោស​ប្អូន​ប្រុស​របស់​លោក​ឲ្យ​រស់​ពី​ស្លាប់ — មនុស្ស​ជាច្រើន​ប្រែចិត្ត ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ប្រមាណ​ជា​ឆ្នាំ ៣០–៣៣ គ.ស.។

ជំពូក​ទី ៨

ព្យុះសង្ឃរា ផែនដី​រញ្ជួយ ភ្លើង ខ្យល់​កួច និង​ចលាចល​ទាំង​ឡាយ បញ្ជាក់​នូវ​ការ​ឆ្កាង​ព្រះ​គ្រីស្ទ — មនុស្ស​ជាច្រើន​ត្រូវ​បំផ្លាញ​ចោល — ភាព​ងងឹត​គ្រប​ដណ្ដប់​លើ​ដែនដី​អស់​រយៈ​ពេល​បី​ថ្ងៃ — ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​សោកស្ដាយ​ដល់​វាសនា​របស់​ខ្លួន។ ប្រមាណ​ជា​ឆ្នាំ ៣៣–៣៤ គ.ស.។

ជំពូក​ទី ៩

នៅ​ក្នុង​ភាព​ងងឹត សំឡេង​នៃ​ព្រះ​គ្រីស្ទ ប្រកាសប្រាប់​នូវ​សេចក្ដី​បំផ្លិចបំផ្លាញ​ប្រជាជន និង​ទី​ក្រុង​ជាច្រើន ដោយ​មក​ពី​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ — ទ្រង់​ក៏​ប្រកាសប្រាប់​ពី​ទេវ​ភាព​របស់​ទ្រង់​ដែរ ប្រកាស​ថា ក្រឹត្យវិន័យ​លោក​ម៉ូសេ​ត្រូវ​បាន​បំពេញ​ហើយ ហើយ​អញ្ជើញ​មនុស្ស​ឲ្យ​មក​រក​ទ្រង់ ហើយ​បាន​សង្គ្រោះ។ ប្រមាណ ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១០

មាន​ការ​ស្ងាត់ស្ងៀម​នៅ​ក្នុង​ដែនដី​អស់​រយៈ​ពេល​ជាច្រើន​ម៉ោង — សំឡេង​នៃ​ព្រះ​គ្រីស្ទ​សន្យា​ថា​នឹង​ប្រមូល​រាស្ត្រ​ទ្រង់ ដូច​ជា មេមាន់​មួយ​ប្រមូល​កូន​របស់​វា — ផ្នែក​នៃ​ប្រជាជន​ដែល​សុចរិត​ច្រើនជាង ត្រូវ​បាន​រក្សាទុក។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ប្រជាជន​នីហ្វៃ នៅ​ពេល​ហ្វូង​មនុស្ស​កំពុងតែ​ប្រមូល​គ្នា​នៅ​លើ​ដែនដី​បរិបូរណ៍ ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ពួក​គេ ហើយ​ដោយ​របៀប​នេះ​ហើយ ដែល​ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ១១ ទៅ ២៦។

ជំពូក​ទី ១១

ព្រះ​វរបិតា​ធ្វើ​បន្ទាល់​អំពី​ព្រះ​រាជ​បុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ទ្រង់ — ព្រះ​គ្រីស្ទ​ទ្រង់​លេច​មក ហើយ​ប្រកាសប្រាប់​អំពី​ដង្វាយ​ធួន​របស់​ទ្រង់ — ប្រជាជន​ស្ទាប​ស្នាមរបួស​ទាំង​ឡាយ​នៅ​ក្នុង​បាត​ព្រះ​ហស្ត និង​ព្រះ​បាទា​ទ្រង់ និង​ចំហៀង — ពួក​គេ​ស្រែក​ហូសាណា ទ្រង់​ដាក់​របៀបរបប​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក — វិញ្ញាណ​នៃ​ការ​ទាស់ទែង​គ្នា​គឺជា​របស់​ផង​អារក្ស — គោល​លទ្ធិ​នៃ​ព្រះ​គ្រីស្ទ​គឺ​ថា មនុស្ស​លោក​ត្រូវ​ជឿ ហើយ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១២

ព្រះ​យេស៊ូវ​ហៅ ហើយ​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​១២​នាក់ — ទ្រង់​ថ្លែង​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ នូវ​សេចក្ដី​ថ្លែង​មួយ ប្រហាក់ប្រហែល​នឹង​បទ​បង្រៀន​នៅ​លើ​ភ្នំ — ទ្រង់​ថ្លែង​បទ​ជូនពរ​ទាំង​ឡាយ — បទ​បង្រៀន​របស់​ទ្រង់​ខ្ពស់​ជាង ហើយ​មាន​អាទិ​ភាព​ទៅ​លើ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ — មនុស្ស​លោក​ត្រូវ​បាន​បញ្ជា​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ដូច​ជា​ទ្រង់ និង​ព្រះ​វរបិតា​របស់​ទ្រង់ បាន​ល្អ​ឥត​ខ្ចោះ​ដែរ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៥។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១៣

ព្រះ​យេស៊ូវ​បង្រៀន​ពួក​សាសន៍​នីហ្វៃ​នូវ​ការ​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ — ពួក​គេ​ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​ស្ថានសួគ៌ — ពួក​ដប់​ពីរ​នាក់​ត្រូវ​បាន​បញ្ជា​កុំ​ឲ្យ​គិត​ដល់​វត្ថុ​ទាំង​ឡាយ​ខាង​សាច់ឈាម នៅ​ពេល​ពួក​គេ​ធ្វើ​ការងារ​បម្រើ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៦។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១៤

ព្រះ​យេស៊ូវ​បញ្ជា​ថា ៖ ចូរ​កុំ​ថ្កោលទោស​ឡើយ ចូរ​សូម​ដល់​ព្រះ ចូរ​ប្រយ័ត្ន​ដល់​ពួក​ព្យាការី​ក្លែងក្លាយ — ទ្រង់​សន្យា​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាថាយ ៧។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១៥

ព្រះ​យេស៊ូវ​ប្រកាស​ថា ក្រឹត្យវិន័យ​លោក​ម៉ូសេ ត្រូវ​បាន​បំពេញ​នៅ​ក្នុង​ទ្រង់ — ពួក​សាសន៍​នីហ្វៃ គឺជា​ចៀម​ឯ​ទៀត ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​នៅ​ក្រុង​យេរូសាឡិម — ដោយ​មក​ពី​អំពើ​ទុច្ចរិត នោះ​រាស្ត្រ​របស់​ព្រះ​អម្ចាស់​នៅ​ក្រុង​យេរូសាឡិម ពុំ​ស្គាល់​ចៀម​នៃ​អ៊ីស្រាអែល ដែល​ខ្ចាត់​ព្រាត់​នោះ​ទេ។ ប្រមាណ​ជា ឆ្នាំ​៣៤ គ.ស.។

ជំពូក​ទី ១៦

ព្រះ​យេស៊ូវ​ទ្រង់​នឹង​យាង​មក​រក​ចៀម​ដែល​វង្វេង​ផ្សេង​ទៀត​នៃ​អ៊ីស្រាអែល — នៅ​ក្នុង​គ្រា​ចុង​ក្រោយ ដំណឹង​ល្អ​នឹង​ទៅ​ដល់​ពួក​សាសន៍​ដទៃ រួច​ហើយ​ដល់​វង្ស​អ៊ីស្រាអែល — រាស្ត្រ​នៃ​ព្រះ​អម្ចាស់​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ​ក្នុង​កាលដែល​ទ្រង់​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១៧

ព្រះ​យេស៊ូវ​ទ្រង់​បង្គាប់​ប្រជាជន​ឲ្យ​ពិចារណា​គិត​អំពី​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​ទ្រង់ ហើយ​អធិស្ឋាន​សូម​ឲ្យ​យល់ — ទ្រង់​ប្រោស​ឲ្យ​ពួក​អ្នក​ឈឺ​បាន​ជា — ទ្រង់​អធិស្ឋាន​ជំនួស​ប្រជាជន ដោយ​ប្រើ​ភាសា​មួយ ដែល​ពុំ​អាច​សរសេរ​បាន​ឡើយ — ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ ហើយ​ភ្លើង​ឡោមព័ទ្ធ​ជុំវិញ​ពួក​កូន​ក្មេង​តូចៗ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១៨

ព្រះ​យេស៊ូវ​តាំង​បុណ្យ​សាក្រាម៉ង់​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ — ពួក​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​អធិស្ឋាន​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​ទ្រង់ — អស់​អ្នក​ណា​ដែល​ទទួល​ទាន​ព្រះ​កាយ​របស់​ទ្រង់ ហើយ​ផឹក​ព្រះ​លោហិត​របស់​ទ្រង់ ដោយ​មិន​សក្ដិសម​នឹង​ត្រូវ​ជាប់​ទោស — ពួក​សិស្ស​ត្រូវ​បាន​ប្រទាន​អំណាច​ឲ្យ​ប្រគល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ១៩

ពួក​សិស្ស​១២​នាក់​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន ហើយ​អធិស្ឋាន​សូម​ព្រះ​វិញ្ញាណ​បរិសុទ្ធ — ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ការងារ​បម្រើ​ពី​ពួក​ទេវតា — ព្រះ​យេស៊ូវ​ទ្រង់​អធិស្ឋាន​ដោយ​ប្រើ​ពាក្យ​សម្ដី ដែល​មិន​អាច​សរសេរ​ទុក​បាន​ឡើយ — ទ្រង់​បញ្ជាក់​នូវ​សេចក្ដី​ជំនឿ​ដ៏​ធំ​ក្រៃលែង​របស់​ពួក​សាសន៍​នីហ្វៃ​ទាំង​នេះ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២០

ព្រះ​យេស៊ូវ​ទ្រង់​ប្រទាន​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ​យ៉ាង​ប្លែក​អស្ចារ្យ ហើយ​ធ្វើ​ពិធី​សាក្រាម៉ង់​ម្ដង​ទៀត​ដល់​ពួក​គេ — សំណល់​នៃ​យ៉ាកុប​នឹង​ស្គាល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ហើយ​នឹង​គ្រង​ទ្វីប​អាមេរិក​ទុកជា​មរតក — ព្រះ​យេស៊ូវ​គឺជា​ព្យាការី​ដូច​ជា​ម៉ូសេ ហើយ​ពួក​សាសន៍​នីហ្វៃ គឺជា​កូន​ចៅ​របស់​ពួក​ព្យាការី — រាស្ត្រ​ឯ​ទៀត​របស់​ព្រះ​អម្ចាស់ នឹង​បាន​ប្រមូល​មក​ឯ​ក្រុង​យេរូសាឡិម។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២១

ពួក​អ៊ីស្រាអែល​នឹង​បាន​ប្រមូល​មក​វិញ ពេល​ដែល​ព្រះ​គម្ពីរ​មរមន​ចេញ​មក — ពួក​សាសន៍​ដទៃ​នឹង​បាន​តាំង​ឡើង​ជា​ប្រជាជន​សេរី​មួយ​នៅ​ទ្វីប​អាមេរិក — ពួក​គេ​នឹង​បាន​សង្គ្រោះ បើ​សិន​ជា​ពួក​គេ​ជឿ ហើយ​ប្រតិបត្តិ​តាម បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​កាត់កាល​ចេញ ហើយ​បំផ្លាញ​ចោល — ពួក​អ៊ីស្រាអែល​នឹង​សង់​ក្រុង​យេរូសាឡិម​ថ្មី ហើយ​ពួក​ពូជ​អំបូរ​ដែល​វង្វេង​ទាំង​ប៉ុន្មាន​នឹង​ត្រឡប់​មក​វិញ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២២

នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ក្រុង​ស៊ីយ៉ូន និង​ស្ដេក​ទាំង​ឡាយ​របស់​នាង នឹង​បាន​បង្កើត​ឡើង ហើយ​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ដោយ​សេចក្ដី​មេត្តាករុណា និង​ភាព​ថ្នាក់​ថ្នម — ពួក​គេ​នឹង​មាន​ជ័យ​ជម្នះ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៥៤។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២៣

ព្រះ​យេស៊ូវ​យល់​ព្រម​ទទួល​ពាក្យ​ទាំង​ឡាយ​របស់​អេសាយ — ទ្រង់​បញ្ជា​ឲ្យ​ប្រជាជន​ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី — ពាក្យ​ទាំង​ឡាយ​របស់​សាំយូអែល ជា​សាសន៍​លេមិន ស្ដី​អំពី​ដំណើរ​រស់​ឡើង​វិញ ត្រូវ​បាន​បន្ថែម​ចូល​ក្នុង​បញ្ជី​ទាំង​ឡាយ​របស់​ពួក​គេ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២៤

ទូត​របស់​ព្រះ​អម្ចាស់​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ដល់​ការ​យាង​មក​ជា​លើក​ទី​ពីរ — ព្រះ​គ្រីស្ទ​នឹង​អង្គុយ​ជំនុំ​ជំរះ — សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់ និង​ដង្វាយ​ទាំង​ឡាយ — សៀវភៅ​រំឭក​បាន​កត់​ទុក — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាឡាគី ៣។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២៥

គ្រា​យាង​មក​លើក​ទី​ពីរ ពួក​អ្នក​ឆ្មើងឆ្មៃ និង​ពួក​ទុច្ចរិត​នឹង​ត្រូវ​ឆេះ​ដូច​ជា​ជញ្ជ្រាំង — អេលីយ៉ា​នឹង​ត្រឡប់​មក​វិញ​មុន​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នោះ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​ម៉ាឡាគី ៤។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២៦

ព្រះ​យេស៊ូវ​ទ្រង់​ពន្យល់​ប្រាប់​ការណ៍​ទាំង​អស់​ចាប់​ពី​ដំបូង​ទៅ​ដល់​ទី​បញ្ចប់ — ពួក​ទារក និង​ពួក​ក្មេង​តូច​ពោល​នូវ​ការណ៍​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​មិន​អាច​សរសេរ​ទុក​បាន​ឡើយ — ពួក​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ មាន​របស់​របរ​ទាំង​អស់​រួម​គ្នា​ទូ​ទៅ​ក្នុង​ចំណោម​ពួក​គេ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ជំពូក​ទី ២៧

ព្រះ​យេស៊ូវ​ទ្រង់​បាន​បញ្ជា​ពួក​គេ​ឲ្យ​ហៅ​សាសនាចក្រ​តាម​ព្រះ​នាម​របស់​ទ្រង់ — បេសកកម្ម និង​ការ​បូជា​ដ៏​ធួន​របស់​ទ្រង់ បង្កើត​ជា​ដំណឹង​ល្អ​របស់​ទ្រង់ — មនុស្ស​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ — ពួក​គេ​នឹង​បាន​ទៅ​ដូច​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

ជំពូក​ទី ២៨

ពួក​សិស្ស​ប្រាំបួន​នាក់​ក្នុង​ដប់​ពីរ​នាក់​ប៉ងប្រាថ្នា ហើយ​បាន​សន្យា​ថា នឹង​បាន​គ្រង​មរតក​នៅ​ក្នុង​នគរ​ព្រះ​គ្រីស្ទ នៅ​ពេល​ពួក​គេ​ស្លាប់​ទៅ — ពួក​សាសន៍​នីហ្វៃ​ទាំង​បី​នាក់​ប៉ងប្រាថ្នា ហើយ​បាន​ប្រទាន​នូវ​អំណាច​ឲ្យ​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ដើម្បី​រស់​នៅ​លើ​ផែនដី រហូត​ដល់​ពេល ព្រះ​យេស៊ូវ​ទ្រង់​យាង​មក​វិញ​ទៀត — ពួក​គេ​បាន​ប្រែ​រូប ហើយ​ឃើញ​កិច្ចការ​ទាំង​ឡាយ ដែល​ពុំ​ត្រូវ​ច្បាប់​នឹង​ប្រាប់​បាន​ឡើយ ហើយ​ឥឡូវ​ពួក​គេ​កំពុង​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

ជំពូក​ទី ២៩

ការ​ចេញ​មក​នៃ​ព្រះ​គម្ពីរ​មរមន គឺ​ជាទី​សម្គាល់​មួយ​ដែល​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ចាប់​ផ្ដើម​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ហើយ​បំពេញ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​ទ្រង់ — ពួក​អ្នក​ដែល​បដិសេធ​វិវរណៈ​ទាំង​ឡាយ និង​អំណោយទាន​ទាំង​ឡាយ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ នោះ​នឹង​ត្រូវ​បណ្ដា​សា។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

ជំពូក​ទី ៣០

ពួក​សាសន៍​ដទៃ​នៅ​ថ្ងៃ​ចុង​ក្រោយ នឹង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​មក​រក​ព្រះ​គ្រីស្ទ, ហើយ​នឹង​បាន​រាប់​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។