គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ជំពូក​ទី ២២

អើរ៉ុន​បង្រៀន​បិតា​របស់​ឡាម៉ូណៃ​អំពី​ការ​បង្ក​បង្កើត, អំពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម, និង​អំពី​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ តាម​រយៈ​ព្រះ​គ្រីស្ទ — មហាក្សត្រ និង​រាជ​វង្សា​របស់​ទ្រង់​ទាំង​អស់​បាន​ប្រែ​ចិត្ត​ជឿ — របៀប​ចែក​ដី​រវាង​ពួក​នីហ្វៃ​នឹង​ពួក​លេមិន​ត្រូវ​បាន​អធិប្បាយ​ប្រាប់។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

 ១ ឥឡូវ​នេះ នៅ​ពេល​ដែល​អាំម៉ូន​កំពុងតែ​បង្រៀន​ប្រជាជន​ឡាម៉ូណៃ​យ៉ាង​នោះ​ត​ទៅ នោះ​យើង​នឹង​ត្រឡប់​មក​រៀប​រាប់​អំពី​អើរ៉ុន និង​បង​ប្អូន​របស់​លោក​វិញ ព្រោះ​បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ដែនដី​មិឌដូណៃ​ទៅ នោះ​ព្រះ​វិញ្ញាណ​ទ្រង់​បាន​នាំ​លោក​ទៅ​កាន់​ដែន​ដី​នីហ្វៃ គឺ​ទៅ​ដល់​ដំណាក់​របស់​ស្ដេច ដែល​គ្រប់​គ្រង​លើ​ដែនដី​ទាំង​អស់ លើក​លែង​តែ​ដែនដី​អ៊ីសម៉ាអែល​ប៉ុណ្ណោះ ហើយ​ស្ដេច​នោះ គឺជា​បិតា​របស់​ឡាម៉ូណៃ។

 ២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ចូល​ទៅ​គាល់​ស្ដេច​ក្នុង​រាជវាំង​របស់​ទ្រង់ ជាមួយ​នឹង​បង​ប្អូន​លោក ហើយ​បាន​ក្រាប​ចំពោះ​ស្ដេច ហើយ​ទូល​ទ្រង់​ថា ៖ ក្រាបទូល​ព្រះ​រាជា យើង​ខ្ញុំ​ជា​បង​ប្អូន​របស់​អាំម៉ូន ដែល​ទ្រង់​បាន​ដោះ​លែង​ឲ្យ​រួច​ពី​គុក​នោះ។

 ៣ ហើយ​ឥឡូវ​នេះ ឱ​ព្រះ​រាជា​អើយ បើ​សិន​ជា​ទ្រង់​លើកលែង​ជីវិត​ឲ្យ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​ទ្រង់។ ហើយ​ស្ដេច​មាន​បន្ទូល​ទៅ​គេ​ថា ៖ ក្រោក​ឡើង​ចុះ ព្រោះ​យើង​នឹង​ប្រោសប្រណី​ជីវិត​ឲ្យ​អ្នក ហើយ​យើង​មិន​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង​ទេ តែ​យើង​នឹង​ទទូច​សូម​ឲ្យ​អ្នក​រាល់​គ្នា​បង្រៀន​យើង​វិញ ព្រោះ​យើង​មាន​កង្វល់​នៅ​ក្នុង​ចិត្ត ដោយ​សារ​ចិត្ត​ទូលំទូលាយ និង​ពាក្យ​ថ្លៃថ្នូរ​របស់​អាំម៉ូន​ដែល​ជា​បង​របស់​អ្នក ហើយ​យើង​មាន​បំណង​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អាំម៉ូន​មិន​បាន​ឡើង​មក​ពី​ដែនដី​មិឌដូណៃ​ជាមួយ​នឹង​អ្នក​ផង។

 ៤ ហើយ​អើរ៉ុន​ទូល​ទៅ​ស្ដេច​ថា ៖ ក្រាបទូល ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​បាន​ហៅ​ឲ្យ​លោក​ទៅ​ផ្លូវ​មួយ​ទៀត លោក​បាន​ទៅ​កាន់​ដែនដី​អ៊ីសម៉ាអែល​ដើម្បី​ទៅ​បង្រៀន​ប្រជាជន​ឡាម៉ូណៃ។

 ៥ ឥឡូវ​នេះ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​គេ​ថា ៖ តើ​អ្វី​ទៅ​ដែល​អ្នក​បាន​និយាយ​អំពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​នោះ? មើល​ចុះ គឺ​រឿង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ខ្វល់។

 ៦ ហើយ​តើ​អ្វី​ដែល​អាំម៉ូន​បាន​និយាយ​ផង​ថា — បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះបង់​ចោល​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់?

 ៧ ហើយ​អើរ៉ុន​បាន​ឆ្លើយតប​ទ្រង់​វិញ​ថា ៖ តើ​ទ្រង់​ជឿ​ថា មាន​ព្រះ​ឬ​ទេ? ហើយ​ស្ដេច​មាន​បន្ទូល​ថា ៖ យើង​ដឹង​ថា ពួក​សាសន៍​អាម៉ាលេកៃ មាន​ព្រះ​មួយ​អង្គ ហើយ​យើង​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​សង់​ទី​បរិសុទ្ធ​ទាំង​ឡាយ ដើម្បី​ពួក​គេ​អាច​ប្រជុំ​គ្នា​ថ្វាយ​បង្គំ​ទ្រង់។ ហើយ​ឥឡូវ​នេះ បើ​សិន​ជា​អ្នក​និយាយ​ថា មាន​ព្រះ​មួយ​អង្គ​មែន មើល​ចុះ យើង​នឹង​ជឿ

 ៨ ហើយ​ឥឡូវ​នេះ កាលដែល​អើរ៉ុន​បាន​ឮ​ដូច្នេះ នោះ​ចិត្ត​របស់​លោក​ក៏​ចាប់​ផ្ដើម​អរ​រីករាយ ហើយ​លោក​បាន​ទូល​ថា ៖ មើល​ចុះ ឱ​ព្រះ​រាជា​អើយ ពិតជា​មាន​ព្រះ​មួយ​អង្គ​មែន ដូច​ជា​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ​ដូច្នោះ​ដែរ។

 ៩ ហើយ​ស្ដេច​មាន​បន្ទូល​ថា ៖ តើ​ព្រះ​វិញ្ញាណ​ដ៏​មហិមា ដែល​បាន​នាំ​ពួក​អយ្យកោ​យើង​ចេញ​ពី​ដែនដី​យេរូសាឡិម នោះ​គឺជា​ព្រះ​ឬ?

 ១០ ហើយ​អើរ៉ុន​ឆ្លើយតប​ទៅ​ទ្រង់​ថា ៖ ក្រាបទូល ទ្រង់​គឺជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា​នោះហើយ​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ ទាំង​នៅ​លើ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី​ផង តើ​ទ្រង់​ជឿ​ការណ៍​នេះ​ឬ​ទេ?

 ១១ ហើយ​ទ្រង់​មាន​បន្ទូល​ថា ៖ មែន​ហើយ យើង​ជឿ​ថា ព្រះ​វិញ្ញាណ​ដ៏​មហិមា​បាន​បង្កើត​របស់​សព្វ​សារពើ​មែន ហើយ​យើង​មាន​បំណង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​យើង​ពី​ការណ៍​អស់​ទាំង​នេះ ហើយ​យើង​នឹង​ជឿ​តាម​ពាក្យ​សម្ដី​របស់​អ្នក។

 ១២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អើរ៉ុន​បាន​ឃើញ​ថា ស្ដេច​នឹង​ជឿ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន នោះ​លោក​បាន​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​ថ្វាយ​ស្ដេច ចាប់​ពី​កំណើត​លោក​អ័ដាម​មក — អំពី​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​តាម​រូប​ភាព​ទ្រង់​ផ្ទាល់ ហើយ​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​គេ​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ហើយ​ដោយ​ព្រោះ​អំពើ​រំលង បាន​ជា​មនុស្ស​ត្រូវ​ធ្លាក់​ចុះ។

 ១៣ ហើយ​អើរ៉ុន​បាន​អធិប្បាយ​ប្រាប់​ទ្រង់​អំពី​បទគម្ពីរ ចាប់​ពី​កំណើត​លោក​អ័ដាម​មក ដោយ​លាតត្រដាង​ប្រាប់​អំពី​ការ​ធ្លាក់​នៃ​មនុស្ស​លោក​ដល់​ទ្រង់ និង​ស្ថានភាព​ខាង​រូប​កាយ​របស់​មនុស្ស និង​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ តាម​រយៈ​ព្រះ​គ្រីស្ទ​ផង ដែល​បាន​រៀបចំ ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ សម្រាប់​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់។

 ១៤ ហើយ​មក​ពី​មនុស្ស​លោក​បាន​ធ្លាក់ បាន​ជា​មនុស្ស​មិន​អាច​បាន​បុណ្យ​អ្វី​ដោយ​សារ​ខ្លួន​ឯង​ឡើយ ប៉ុន្តែ​ការ​រង​ទុក្ខ និង​ការ​សុគត​នៃ​ព្រះ​គ្រីស្ទ បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​របស់​មនុស្ស​វិញ តាម​រយៈ​សេចក្ដី​ជំនឿ និង​ការ​ប្រែ​ចិត្ត​ជាដើម ហើយ​ទ្រង់​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ ដើម្បី​កុំ​ឲ្យ​ផ្នូរ​មាន​ជ័យ​ជម្នះ ហើយ​ដើម្បី​ឲ្យ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ ត្រូវ​បាន​លេប​ទៅ​ក្នុង​សេចក្ដី​សង្ឃឹម​នៃ​សិរី​ល្អ ហើយ​អើរ៉ុន​បាន​អធិប្បាយ​ប្រាប់​ការណ៍​អស់​ទាំង​នេះ​ដល់​ស្ដេច។

 ១៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អើរ៉ុន​បាន​អធិប្បាយ​ប្រាប់​ការណ៍​ទាំង​នេះ​ដល់​ទ្រង់​ហើយ នោះ​ស្ដេច​មាន​បន្ទូល​ថា ៖ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​អ្នក​បាន​និយាយ​មក​នោះ? មែន​ហើយ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​អាច​បាន​កើត​ពី​ព្រះ ដោយ​ដក​យក​វិញ្ញាណ​អាក្រក់​នេះ​ចេញ​ពី​ទ្រូង​យើង ហើយ​ទទួល​យក​ព្រះ​វិញ្ញាណ​របស់​ទ្រង់​វិញ ដើម្បី​ឲ្យ​យើង​អាច​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​បោះបង់​ចោល​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នោះ? មើល​ចុះ ទ្រង់​មាន​បន្ទូល​ថា ៖ យើង​នឹង​បោះបង់​ចោល​នូវ​អ្វីៗ​ទាំង​អស់​ដែល​យើង​មាន មែន​ហើយ យើង​នឹង​ទម្លាក់​នគរ​យើង ដើម្បី​ឲ្យ​យើង​អាច​បាន​ទទួល​សេចក្ដី​អំណរ​ដ៏​ធំ​នេះ។

 ១៦ តែ​អើរ៉ុន​បាន​ទូល​ទៅ​កាន់​ទ្រង់​ថា ៖ បើ​សិន​ជា​ទ្រង់​មាន​បំណង​ចង់​បាន​ការណ៍​នេះ បើ​សិន​ជា​ទ្រង់​ក្រាប​ចំពោះ​ព្រះ មែន​ហើយ បើ​សិន​ជា​ទ្រង់​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​អស់​របស់​ទ្រង់ ហើយ​ក្រាប​ចំពោះ​ព្រះ ហើយ​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់​ដោយ​នូវ​សេចក្ដី​ជំនឿ ដោយ​ជឿ​ថា ទ្រង់​នឹង​ទទួល ពេល​នោះ​ទ្រង់​នឹង​ទទួល​នូវ​សេចក្ដី​សង្ឃឹម​ដែល​ទ្រង់​ប៉ងប្រាថ្នា។

 ១៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​អើរ៉ុន​បាន​និយាយ​ពាក្យ​ទាំង​នេះ​ហើយ ស្រាប់​តែ​ស្ដេច​ក៏​បាន​លុតជង្គង់​ក្រាប​ចំពោះ​ព្រះ​អម្ចាស់ មែន​ហើយ ព្រម​ទាំង​ដួល​នៅ​លើ​ដី ហើយ​អំពាវនាវ​ជា​ខ្លាំង​ថា ៖

 ១៨ ឱ​ព្រះ​អង្គ​អើយ អើរ៉ុន​បាន​ប្រាប់​ទូលបង្គំ​ថា មាន​ព្រះ​មួយ​អង្គ​ពិត ហើយ​បើ​សិន​ជា​មាន​ព្រះ​មួយ​អង្គ​មែន ហើយ​បើ​សិន​ជា​ទ្រង់​ជា​ព្រះ សូម​ទ្រង់​ធ្វើ​ឲ្យ​ទូលបង្គំ​ស្គាល់​ផង ហើយ​ទូលបង្គំ​នឹង​បោះបង់​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ​ដើម្បី​ឲ្យ​បាន​ស្គាល់​ទ្រង់ ហើយ​ដើម្បី​ទូលបង្គំ​អាច​បាន​ប្រោស​ឡើង​ពី​ស្លាប់ ហើយ​បាន​សង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ ហើយ​ឥឡូវ​នេះ កាលដែល​ស្ដេច​មាន​បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ហើយ ស្រាប់​តែ​ទ្រង់​សន្លប់​ទៅ​ហាក់​ដូច​ជា​សុគត។

 ១៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​អ្នក​បម្រើ​ទ្រង់​បាន​រត់​ទៅ​ប្រាប់​អគ្គមហេសី​នូវ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង​ដល់​ស្ដេច។ ហើយ​ព្រះ​នាង​ក៏​បាន​ចូល​មក​ឯ​ស្ដេច ហើយ​កាលដែល​ព្រះ​នាង​បាន​ទត​ឃើញ​ទ្រង់​ផ្ទំ​ដូច​ជា​សុគត ហើយ​អើរ៉ុន និង​បង​ប្អូន​លោក​ឈរ ហាក់​ដូច​ជា​ពួក​គេ​ជាដើម​ហេតុ​ដែល​នាំ​ឲ្យ​ទ្រង់​ដួល ស្រាប់​តែ​ព្រះ​នាង​ខឹង​នឹង​ពួក​គេ ហើយ​បាន​បញ្ជា​ពួក​អ្នក​បម្រើ​របស់​ព្រះ​នាង ឬ​ក៏​អ្នក​បម្រើ​របស់​ស្ដេច ឲ្យ​ចាប់​ពួក​គេ​យក​ទៅ​សម្លាប់​ចោល។

 ២០ ឥឡូវ​នេះ ពួក​អ្នក​បម្រើ​បាន​ឃើញ​ដើមហេតុ​ដែល​នាំ​ឲ្យ​ស្ដេច​ដួល​ចុះ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​ហ៊ាន​ប៉ះពាល់​ដល់​អើរ៉ុន និង​បង​ប្អូន​លោក​ឡើយ ហើយ​ពួក​គេ​បាន​សូម​អង្វរ​អគ្គមហេសី​ថា ៖ ហេតុ​អ្វី​បាន​ជា​ព្រះ​នាង​បញ្ជា​ឲ្យ​យើង​សម្លាប់​បុរស​ទាំង​នេះ មើល​ចុះ កាល គ្រាន់តែ​ពួក​គេ​ម្នាក់​ក៏​ខ្លាំង​ជាង​យើង​ទាំង​អស់​គ្នា​ទៅ​ហើយ? ហេតុ​ដូច្នេះ​ហើយ យើង​នឹង​ដួល​ចុះ​ចំពោះ​ពួក​គេ​ជាមិនខាន​ឡើយ។

 ២១ ឥឡូវ​នេះ កាលដែល​អគ្គមហេសី​បាន​ទត​ឃើញ​ការ​ភិតភ័យ​នៃ​ពួក​អ្នក​បម្រើ នោះ​ព្រះ​នាង​ក៏​ចាប់​ផ្ដើម​ភិតភ័យ​ជា​ខ្លាំង​ដែរ ព្រោះ​ខ្លាចក្រែង​មាន​រឿង​អាក្រក់​ណាមួយ​កើត​ឡើង​ដល់​ព្រះ​នាង​ដែរ។ ហើយ​ព្រះ​នាង​បាន​បញ្ជា​ពួក​អ្នក​បម្រើ​ឲ្យ​ទៅ​ហៅ​ប្រជាជន​មក ដើម្បី​ឲ្យ​ពួក​គេ​មក​សម្លាប់​អើរ៉ុន និង​បង​ប្អូន​លោក​វិញ។

 ២២ ឥឡូវ​នេះ កាល​អើរ៉ុន​បាន​ឃើញ​ការ​ដាច់​ចិត្ត​របស់​អគ្គ​មហេសី នោះ​លោក​ក៏​ដឹង​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​ប្រជាជន​ដែរ ហើយ​លោក​ខ្លាចក្រែង​បើ​បណ្ដា​ជន​ប្រជុំ​គ្នា​មក នោះ​នឹង​មាន​ការ​ទាស់ទែង​គ្នា និង​ការ​ចលាចល​នៅ​ក្នុង​ចំណោម​ពួក​គេ​ជាមិនខាន​ឡើយ ហេតុ​ដូច្នេះ​ហើយ លោក​បាន​លូកដៃ​ទៅ​លើក​ស្ដេច​ឡើង​ពី​ដី ហើយ​បាន​ទូល​ទៅ​កាន់​ទ្រង់​ថា ៖ សូម​ទ្រង់​ក្រោក​ឈរ​ឡើង។ ហើយ​ទ្រង់​ក៏​ក្រោក​ឈរ​ឡើង ដោយ​បាន​ទទួល​កម្លាំង​របស់​ទ្រង់​វិញ។

 ២៣ ឥឡូវ​នេះ ការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​វត្ត​មាន​នៃ​អគ្គមហេសី និង​ពួក​អ្នក​បម្រើ​ជា​ច្រើន។ ហើយ​កាល​ពួក​គេ​បាន​ឃើញ​ការណ៍​នេះ​ហើយ នោះ​ពួក​គេ​បាន​កើត​សេចក្ដី​ឆ្ងល់​ជា​ខ្លាំង ហើយ​បាន​ចាប់​ផ្ដើម​ភ័យខ្លាច។ ហើយ​ស្ដេច​ក៏​ឈាន​ទៅ​មុខ ហើយ​បាន​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ ហើយ​ទ្រង់​បាន​បង្រៀន​ពួក​គេ​ជា​ច្រើន ដរាប​ដល់​រាជ​វង្សា​ទ្រង់​ទាំង​មូល បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់។

 ២៤ ឥឡូវ​នេះ មាន​មនុស្ស​មួយ​ហ្វូង​បាន​មក​ប្រជុំ​គ្នា ពី​ព្រោះ​តែ​បញ្ជា​របស់​អគ្គមហេសី ហើយ​ក៏​បាន​ចាប់​ផ្ដើម​មា​ន​កា​រអ៊ូរទាំ​ដ៏​ធំ​មួយ​នៅ​ក្នុង​ចំណោម​ពួក​គេ ពី​ព្រោះ​តែ​អើរ៉ុន និង​បង​ប្អូន​លោក។

 ២៥ ប៉ុន្តែ​ស្ដេច​ឈរ​ក្នុង​ចំណោម​ពួក​គេ ហើយ​បាន​បង្រៀន​គេ។ ហើយ​ពួក​គេ​ក៏​បាត់​ខឹង​នឹង​អើរ៉ុន និង​ពួក​ជន​ដែល​នៅ​ជាមួយ​នឹង​លោក។

 ២៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាលដែល​ស្ដេច​បាន​ទត​ឃើញ​ថា ប្រជាជន​បាត់​ខឹង​ហើយ នោះ​ទ្រង់​ក៏​បញ្ជា​ឲ្យ​អើរ៉ុន និង​បង​ប្អូន​លោក ចេញ​មក​ឈរ​ក្នុង​ចំណោម​ហ្វូង​មនុស្ស ហើយ​ឲ្យ​គេ​ផ្សាយ​ព្រះ​បន្ទូល​ដល់​បណ្ដា​ជន។

 ២៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​បាន​ចេញ​ការ​ប្រកាស​មួយ​ទូ​ទៅ​អស់​ទាំង​ដែនដី គឺ​ក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់​ទាំង​អស់​ដែល​នៅ​លើ​ដែនដី​របស់​ទ្រង់ ដែល​នៅ​តាម​តំបន់​ជុំវិញ ដែល​នៅ​តាម​ជាយដែន រហូត​ទៅ​ដល់​សមុទ្រ​នៅ​ខាង​កើត និង​ខាង​លិច ហើយ​ដែល​បែក​ពី​ដែនដី​សារ៉ាហិមឡា ដោយ​ទី​រហោស្ថាន​មួយ​ផ្នែក​តូច ដែល​ចេញ​ពី​សមុទ្រ​ខាង​កើត​មក​ដល់​សមុទ្រ​ខាង​លិច ហើយ​នៅ​ឯ​តំបន់​ទាំង​ឡាយ​ជាប់​នឹង​ឆ្នេរសមុទ្រ និង​តំបន់​ទាំង​ឡាយ​ជាប់​នឹង​ទី​រហោស្ថាន នៅ​ទិស​ខាង​ជើង​ជិត​ដែនដី សារ៉ាហិមឡា ឆ្លងកាត់​ព្រំប្រទល់​ដែនដី​ម៉ាន់តៃ នៅ​ជិត​ប្រភព​ទឹក​ទន្លេ​ស៊ីដូន ដែល​ហូរ​ពី​កើ​ត​ទៅ​លិច — ហើយ​ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​នីហ្វៃ​បាន​បែក​ចេញ​ពី​គ្នា​បែប​ដូច្នោះ​ហើយ។

 ២៨ ឥឡូវ​នេះ ភាគ​ច្រើន​នៃ​ពួក​លេមិន​ដែល​ខ្ជិលច្រអូស បាន​រស់នៅ​ក្នុង​ទី​រហោស្ថាន ហើយ​អាស្រ័យ​នៅ​ក្នុង​ត្រសាល​ទាំង​ឡាយ ហើយ​ពួក​គេ​រាយ​ពាស​ពេញទី​រហោស្ថាន​ផ្នែក​ខាង​លិច​នៅ​លើ​ដែនដី​នីហ្វៃ មែន​ហើយ ព្រម​ទាំង​នៅ​ខាង​លិច​ដែនដី​សារ៉ាហិមឡា​ផង នៅ​ក្នុង​តំបន់​ព្រំប្រទល់​ជិត​ឆ្នេរសមុទ្រ និង​នៅ​ខាង​លិច នៅ​លើ​ដែនដី​នីហ្វៃ គឺ​ត្រង់​កន្លែង​ដែល​ជា​កេរ្តិ៍​អាករ​ដំបូង​របស់​ពួក​អយ្យកោ​គេ គឺ​នៅ​ស្រប​តាម​ឆ្នេរសមុទ្រ។

 ២៩ ហើយ​ក៏​មាន​ពួក​លេមិន​ជា​ច្រើន​នៅ​ខាង​កើត​ជិត​ឆ្នេរសមុទ្រ​ផង ត្រង់​កន្លែង​ដែល​ពួក​នីហ្វៃ​បាន​រុញច្រាន​គេ​ទៅ​នោះ។ ម្ល៉ោះ​ហើយ ពួក​នីហ្វៃ​សឹង​តែ​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ពួក​លេមិន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​នីហ្វៃ​បាន​យក​ដី​ភាគ​ខាង​ជើង​ទាំង​អស់ ដែល​នៅ​ស្រប​តាម​ទី​រហោស្ថាន​ដែរ នៅ​ត្រង់​ប្រភព​ទឹក​ទន្លេ​ស៊ីដូន ពី​ខាង​កើត​ទៅ​ខាង​លិច នៅ​ជុំវិញ​តំបន់​ខាង​ទី​រហោស្ថាន នៅ​ខាង​ជើង​រហូត​ទៅ​ទល់​នឹង​ដែនដី​មួយ ដែល​គេ​ហៅ​ថា បរិបូរណ៍

 ៣០ ហើយ​ដែនដី​នោះ​នៅ​ជាប់​ព្រំប្រទល់​នឹង​ដែនដី​មួយ ដែល​ហៅ​ថា ទី​ចោល​ស្ងាត់ ដែល​នៅ​ឆ្ងាយ ទៅ​ខាង​ជើង​ទៅ​ទល់​នឹង​ដែន​ដី​មួយ​ដែល​ពី​ដើម​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​ត្រូវ​បំផ្លាញ​ចោល ដែល​យើង​ធ្លាប់​បាន​និយាយ​ពីមុន​មក​ថា ឆ្អឹង​របស់​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ប្រជាជន​សារ៉ាហិមឡា ទី​នោះ​គឺជា​កន្លែង​ដែល​ប្រជាជន​នេះ​ឡើង​មក​ពី​សមុទ្រ​ដំបូង

 ៣១ ហើយ​ពួក​គេ​បាន​មក​ពី​ទី​នោះ ឡើង​ទៅ​ក្នុង​ទី​រហោស្ថាន​ខាង​ត្បូង។ ម្ល៉ោះ​ហើយ ដី​ដែល​នៅ​ខាង​ជើង​ត្រូវ​បាន​ហៅ​ថា ទី​ចោល​ស្ងាត់ ហើយ​ដី​ដែល​នៅ​ខាង​ត្បូង​បាន​ហៅ​ថា បរិបូរណ៍ គឺ​ជាទី​រហោស្ថាន ដែល​មាន​ពោរពេញ​ទៅ​ដោយ​សត្វ​ព្រៃ​គ្រប់​បែប​យ៉ាង សត្វ​ព្រៃ​ទាំង​នេះ​មួយ​ចំនួន​បាន​មក​ពី​ដី​ខាង​ជើង​ស្វែងរក​អាហារ។

 ៣២ ហើយ​ឥឡូវ​នេះ គឺ​គ្រាន់តែ​ចម្ងាយ​មួយ​ថ្ងៃ​កន្លះ​ប៉ុណ្ណោះ សម្រាប់​ឲ្យ​សាសន៍​នីហ្វៃ​ម្នាក់​ធ្វើ​ដំណើរ​ពី​ព្រំប្រទល់​ដែនដី​បរិបូរណ៍​ទៅ​ដល់​ដែនដី​នៃ​ទី​ចោល​ស្ងាត់ គឺ​ពី​សមុទ្រ​ខាង​កើត ទៅ​សមុទ្រ​ខាង​លិច ម្ល៉ោះ​ហើយ ដែនដី​នីហ្វៃ និង​ដែនដី​សារ៉ាហិមឡា សឹង​តែ​ត្រូវ​ឡោមព័ទ្ធ​ដោយ​សមុទ្រ ដោយ​មាន​ដី​មួយ​ចន្លោះ​តូច​ភ្ជាប់​តំបន់​ខាង​ជើង និង​តំបន់​ខាង​ត្បូង។

 ៣៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​នីហ្វៃ​ធ្លាប់​បាន​មក​អាស្រ័យ​នៅ​លើ​ដែនដី​បរិបូរណ៍ គឺ​ពី​សមុទ្រ​ខាង​កើត​ទៅ​សមុទ្រ​ខាង​លិច ម្ល៉ោះ​ហើយ ដោយ​នូវ​ប្រាជ្ញា​របស់​គេ បាន​ជា​ពួក​សាសន៍​នីហ្វៃ​បាន​ឲ្យ​កង​យាម​ដែនដី ហើយ​ពល​ទ័ព​របស់​គេ​ឃាំង​ពួក​លេមិន​នៅ​ទិស​ខាង​ត្បូង ដើម្បី​កុំ​ឲ្យ​ពួក​សាសន៍​លេមិន មក​វាយ​ដណ្ដើមយក​ដី​នៅ​ទិស​ខាង​ជើង​បាន​ថែម​ទៀត។

 ៣៤ ហេតុ​ដូច្នេះ​ហើយ ពួក​លេមិន​មិន​អាច​យក​ដី​ទៀត​បាន​ទេ លើក​លែង​តែ​ដែនដី​នីហ្វៃ និង​ទី​រហោស្ថាន​ដែល​នៅ​ព័ទ្ធជុំវិញ​ប៉ុណ្ណោះ។ ឥឡូវ​នេះ នេះ​គឺជា​ប្រាជ្ញា​របស់​ពួក​សាសន៍​នីហ្វៃ — ដរាបណា​ពួក​សាសន៍​លេមិន​ជា​ពួក​ខ្មាំងសត្រូវ​របស់​គេ នោះ​គេ​មិន​ទ្រាំ​ឲ្យ​ពួក​លេមិន​មក​ធ្វើ​ទុក្ខ​គេ​ពី​គ្រប់​ទិសទី​ឡើយ ហើយ​គេ​ធ្វើ​យ៉ាង​នេះ​ក៏​ដើម្បី​ឲ្យ​មាន​ដែនដី​មួយ សម្រាប់​គេ​រត់​ទៅ​ជ្រក តាម​ចំណង់​របស់​គេ។

 ៣៥ ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​បាន​និយាយ​ការណ៍​ទាំង​នេះ​ហើយ ខ្ញុំ​សូម​ត្រឡប់​មក​និយាយ​អំពី​អាំម៉ូន និង​អើរ៉ុន អោមណើរ និង​ហិមណៃ និង​បង​ប្អូន​គេ​ទៀត៕