គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ជំពូក​ទី ២៣

សេរីភាព​ខាង​សាសនា​ត្រូវ​បាន​ប្រកាស — ពួក​សាសន៍​លេមិន​នៅ​លើ​ដែនដី និង​នៅ​ទី​ក្រុង​ទាំង​ប្រាំពីរ​បាន​ប្រែ​ចិត្ត​ជឿ — ពួក​គេ​ហៅ​ខ្លួន​គេ​ថា ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ហើយ​បាន​រួច​ផុត​ពី​ពាក្យ​បណ្ដា​សា — ពួក​សាសន៍​អាម៉ាលេកៃ និង​ពួក​សាសន៍​អាមូឡុន បដិសេធ​សេចក្ដី​ពិត។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

 ១ មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​នៃ​ពួក​លេមិន​ចេញ​ការ​ប្រកាស​មួយ​ទៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​របស់​ទ្រង់​ថា ពួក​គេ​មិន​ត្រូវ​ប៉ះពាល់​អាំម៉ូន ឬ​អើរ៉ុន ឬ​អោមណើរ ឬ​ហិមណៃ ឬ​ក៏​បង​ប្អូន​របស់​គេ​ណាមួយ ដែល​ដើរ​ផ្សាយ​ព្រះ​បន្ទូល​នៃ​ព្រះ​ឡើយ ទោះ​ជា​ពួក​គេ​នៅ​ក្នុង​ទីណា ឬ​ណាមួយ​នៃ​ដែនដី​របស់​គេ​ក៏​ដោយ។

 ២ មែន​ហើយ ទ្រង់​បាន​ចេញ​ជា​ក្រឹត្យ​មួយ​នៅ​ក្នុង​ចំណោម​ពួក​គេ​ថា ពួក​គេ​មិន​ត្រូវ​ដាក់​ដៃ​ទៅ​លើ​គេ ដើម្បី​ចង​គេ ឬ​ដាក់​គេ​ទៅ​ក្នុង​គុក​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ត្រូវ​ស្ដោះ​ដាក់​អ្នក​ទាំង​នោះ ឬ​វាយ​ដំ​គេ ឬ​បណ្ដេញ​គេ​ចេញ​ពី​សាលា​ប្រជុំ​ទាំង​ឡាយ​របស់​ខ្លួន ឬ​ធ្វើ​ទុក្ខ​ដល់​គេ​ឡើយ ហើយ​ពួក​គេ​ក៏​មិន​ត្រូវ​ចោល​អ្នក​ទាំង​នោះ​នឹង​ថ្ម​ដែរ តែ​ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​ចូល​តាម​ផ្ទះ​គេ​បាន​ដោយ​សេរី និង​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ និង​ទី​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ​ផង។

 ៣ ម្ល៉ោះ​ហើយ ទើប​ពួក​គេ​អាច​ទៅ​ផ្សាយ​ព្រះ​បន្ទូល​តាម​ចំណង់​របស់​គេ ព្រោះ​ស្ដេច​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ ព្រម​ទាំង​រាជ​វង្សា​របស់​ទ្រង់​ទាំង​អស់​ផង ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​ចេញ​ការ​ប្រកាស​មួយ​ទៅ​កាន់​ប្រជាជន​របស់​ទ្រង់​ទូ​ទៅ​ទាំង​ដែនដី ដើម្បី​កុំ​ឲ្យ​ព្រះ​បន្ទូល​នៃ​ព្រះ​អាច​បាន​ជួបប្រទះ​នឹង​ឧបសគ្គ តែ​សូម​ឲ្យ​ព្រះ​បន្ទូល​បាន​ផ្សាយ​ទូ​ទៅ​អស់​ទាំង​ដែនដី​វិញ ដើម្បី​ឲ្យ​ប្រជាជន​របស់​ទ្រង់​អាច​បាន​បរិវត្ត​អំពី​សណ្ដាប់​អាក្រក់​ទាំង​ឡាយ នៃ​ពួក​អយ្យកោ​របស់​គេ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​បរិវត្ត​ថា គេ​ទាំង​អស់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហើយ​ដើម្បី​កុំ​ឲ្យ​គេ​ធ្វើ​ឃាត ឬ​ប្លន់ ឬ​លួច ឬ​ផិត​គ្នា ឬ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​បែប​ណា​មួយ​ឡើយ។

 ៤ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ស្ដេច​បាន​ចេញ​សេចក្ដី​ប្រកាស​នេះ​ហើយ នោះ​អើរ៉ុន និង​បង​ប្អូន​លោក ក៏​ទៅ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ និង​ពី​ទី​ថ្វាយ​បង្គំ​មួយ​ទៅ​ទី​ថ្វាយ​បង្គំ​មួយ ដោយ​តាំង​សាសនាចក្រ​ទាំង​ឡាយ ហើយ​តែងតាំង​ពួក​សង្ឃ និង​ពួក​គ្រូបង្រៀន​ទូ​ទៅ​ទាំង​ដែនដី​នៅ​ក្នុង​ចំណោម​ពួក​លេមិន ដើម្បី​ផ្សាយ ហើយ​បង្រៀន​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​ក្នុង​ចំណោម​ពួក​គេ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​ជោគ​ជ័យ​ដ៏​ធំ។

 ៥ ហើយ​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​ព្រះ​អម្ចាស់ មែន​ហើយ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​នាំ​មក​ឲ្យ​ជឿ​ដល់​សណ្ដាប់​ទាំង​ឡាយ​របស់​ពួក​សាសន៍​នីហ្វៃ ហើយ​ពួក​គេ​ត្រូវ​បាន​បង្រៀន​ពី​បញ្ជី​ទាំង​ឡាយ និង​សេចក្ដី​ព្យាករណ៍​ទាំង​ឡាយ ដែល​បាន​បន្ត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

 ៦ ហើយ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ឬ​ក៏​មនុស្ស​ជា​ច្រើន ដែល​ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​សេចក្ដី​ពិត តាម​រយៈ​ការ​ផ្សាយ​របស់​អាំម៉ូន និង​បង​ប្អូន​លោក ស្រប​តាម​វិញ្ញាណ​នៃ​វិវរណៈ និង​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​ព្រះ​ចេស្ដា​នៃ​ព្រះ ដែល​សម្ដែង​អព្ភូតហេតុ​នៅ​ក្នុង​ពួក​គេ — មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ដរាបណា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ គឺ​ដរាបណា​មាន​ពួក​លេមិន​ជា​ច្រើន​បាន​ជឿ​តាម​ការ​ផ្សាយ​របស់​គេ ហើយ​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ នោះ​ពួក​គេ​ពុំ​បោះបង់​ចោល សាសនា​ឡើយ។

 ៧ ព្រោះ​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដ៏​សុចរិត ពួក​គេ​បាន​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការ​បះបោរ​របស់​គេ​ចុះ ដែល​កុំ​ឲ្យ​ពួក​គេ​ប្រយុទ្ធ​នឹង​ព្រះ ឬ​តតាំង​នឹង​បង​ប្អូន​របស់​គេ​ទៀត​ឡើយ។

 ៨ ឥឡូវ​នេះ ពួក​អ្នក​ទាំង​នេះ​ហើយ​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ គឺ ៖

 ៩ ប្រជាជន​នៃ​ពួក​សាសន៍​លេមិន ដែល​នៅ​លើ​ដែនដី​អ៊ីសម៉ាអែល

 ១០ ហើយ​ព្រម​ទាំង​ប្រជាជន​នៃ​ពួក​សាសន៍​លេមិន ដែល​នៅ​លើ​ដែនដី​មិឌដូណៃ​ផង

 ១១ ហើយ​ព្រម​ទាំង​ប្រជាជន​នៃ​ពួក​សាសន៍​លេមិន ដែល​នៅ​ក្នុង​ទី​ក្រុង​នីហ្វៃ​ផង

 ១២ ហើយ​ព្រម​ទាំង​ប្រជាជន​នៃ​ពួក​សាសន៍​លេមិន ដែល​នៅ​លើ​ដែនដី​សៃឡោម និង​ពួក​អ្នក​ដែល​នៅ​លើ​ដែនដី​សេមឡុន និង​នៅ​ក្នុង​ទី​ក្រុង​លេមយួល និង​នៅ​ក្នុង​ទី​ក្រុង​ស៊ិមណៃឡោម​ផង។

 ១៣ ហើយ​នោះ​គឺជា​ឈ្មោះ​នៃ​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​លេមិន ដែល​បាន​ប្រែ​ចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ ហើយ​នោះ​គឺជា​ពួក​អ្នក​ដែល​បាន​ដាក់​គ្រឿង​សស្ត្រាវុធ​នៃ​ការ​បះបោរ​របស់​គេ​ចុះ មែន​ហើយ គឺ​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​ទាំង​អស់​របស់​គេ ហើយ​ពួក​គេ​សុទ្ធ​តែ​ជា​សាសន៍​លេមិន​ទាំង​អស់។

 ១៤ ឯ​ពួក​សាសន៍​អាម៉ាលេកៃ មិន​បាន​ប្រែ​ចិត្ត​ជឿ​ទេ លើក​លែង​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ឯ​ពួក​សាសន៍​អាមូឡុន​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ពួក​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស និង​ចិត្ត​នៃ​ពួក​លេមិន​ផង​ដែល​នៅ​លើ​ភូមិ​នៃ​ដែនដី​នោះ ដែល​គេ​អាស្រ័យ​រស់នៅ មែន​ហើយ និង​អស់​ទាំង​ភូមិ​របស់​គេ និង​អស់​ទាំង​ទី​ក្រុង​របស់​គេ។

 ១៥ ហេតុ​ដូច្នេះ​ហើយ ទើប​យើង​បាន​រាប់​ឈ្មោះ​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​លេមិន ដែល​បាន​ប្រែ​ចិត្ត ហើយ​បាន​ស្គាល់​សេចក្ដី​ពិត ហើយ​បាន​ប្រែ​ចិត្ត​ជឿ។

 ១៦ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច និង​ពួក​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ជឿ គេ​មាន​បំណង​ចង់​បាន​ឈ្មោះ​មួយ ដើម្បី​ពួក​គេ​អាច​ញែក​ចេញ​ពី​បង​ប្អូន​គេ ហេតុ​ដូច្នេះ​ហើយ ស្ដេច​បាន​ពិភាក្សា​ជាមួយ​នឹង​អើរ៉ុន និង​ពួក​សង្ឃ​ជា​ច្រើន​អំពី​ឈ្មោះ​ណាមួយ ដែល​ពួក​គេ​គួរ​ដាក់​យក​ដើម្បី​គេ​អាច​ញែក​ចេញ។

 ១៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ហៅ​ខ្លួន​គេ​ថា ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ហើយ​ពួក​គេ​ក៏​បាន​ហៅ​តាម ឈ្មោះ​នេះ ហើយ​ឈប់​ហៅ​ថា​ជា​ពួក​សាសន៍​លេមិន​ត​ទៅ​ទៀត​ហើយ។

 ១៨ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដ៏​មាន​ចិត្ត​ឧស្សាហ៍ មែន​ហើយ ហើយ​ពួក​គេ​ជា​មិត្ត​នឹង​ពួក​សាសន៍​នីហ្វៃ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​បើក​ការ​ទាក់​ទង​ជាមួយ​នឹង​ពួក​គេ ឯ​ពាក្យ​បណ្ដា​សា​នៃ​ព្រះ ក៏​ឈប់​តាម​ពួក​គេ​ទៀត​ដែរ៕