គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

បញ្ជា​ទាំង​ឡាយ​របស់​អាលម៉ា​ទៅ​ដល់​ហេលេមិន ជា​កូន​ប្រុស​របស់​លោក។
មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៣៦ និង ៣៧

ជំពូក​ទី ៣៦

អាលម៉ា​ធ្វើ​បន្ទាល់​ទៅ​ហេលេមិន អំពី​ការ​ដែល​លោក​ប្រែ​ចិត្ត​ជឿ បន្ទាប់​ពី​បាន​ឃើញ​ទេវតា​មួយ — លោក​បាន​រង​ការ​ឈឺ​ចាប់​នៃ​ព្រលឹង​ដែល​ជាប់​ទោស លោក​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ ហើយ​បន្ទាប់​មក​បាន​កើត​មក​អំពី​ព្រះ — សេចក្ដី​អំណរ​ដ៏​ផ្អែមល្ហែម​បាន​ពោរពេញ​ក្នុង​ព្រលឹង​លោក — លោក​បាន​ឃើញ​ពួក​ទេវតា​ជា​ច្រើន​ឥត​គណនា កំពុងតែ​សរសើរ​តម្កើង​ដល់​ព្រះ — ពួក​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ជា​ច្រើន​បាន​ភ្លក់ ហើយ​បាន​ឃើញ ដូចដែល​លោក​បាន​ភ្លក់ ហើយ​បាន​ឃើញ​ដែរ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

 ១ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ឪពុក ព្រោះ​ឪពុក​សច្ចា​នឹង​កូន​ថា ដរាបណា​កូន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នោះ​កូន​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី។

 ២ ឪពុក​ចង់​ឲ្យ​កូន​ធ្វើ​ដូចដែល​ឪពុក​បាន​ធ្វើ​ក្នុង​ការ​ចងចាំ​ដល់​ការ​ជាប់​ឃុំឃាំង នៃ​ពួក​អយ្យកោ​របស់​យើង ព្រោះ​ពួក​អយ្យកោ​យើង​បាន​នៅ​ជាប់​ក្នុង​សេវក​ភាព ហើយ​គ្មាន​អ្នក​ណា​អាច​ដោះ​លែង​គេ​បាន​ឡើយ លើកលែងតែ​ព្រះ​នៃ​អ័ប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប ហើយ​ទ្រង់​បាន​ដោះ​លែង​គេ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​វេទនា​ជា​ពិតប្រាកដ។

 ៣ ហើយ​ឥឡូវ​នេះ ឱ​ហេលេមិន កូន​ប្រុស​របស់​ឪពុក​អើយ មើល​ចុះ កូន​នៅ​វ័យក្មេង ហេតុ​ដូច្នេះ​ហើយ ឪពុក​សង្ឃឹម​ថា កូន​នឹង​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ឪពុក ហើយ​រៀន​អំពី​ឪពុក ព្រោះ​ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការ​ពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

 ៤ ហើយ​ឪពុក​មិន​ចង់​ឲ្យ​កូន​គិត​ថា ឪពុក​ដឹង​ការណ៍​នេះ​ដោយ​ខ្លួន​ឯង​ទេ — ពុំ​មែន​ដោយ​ការណ៍​ខាង​សាច់ឈាម​ទេ តែ​ដោយ​ការណ៍​ខាង​វិញ្ញាណ ពុំ​មែន​ដោយ​គំនិត​ខាង​រូប​កាយ​ទេ តែ​ដោយ​គំនិត​ខាង​ព្រះ​វិញ។

 ៥ ឥឡូវ​នេះ មើល​ចុះ ឪពុក​ប្រាប់​កូន​ថា បើ​សិន​ជា​ឪពុក​ពុំ​បាន​កើត​មក​អំពី​ព្រះ​ទេ ឪពុក​ក៏​ពុំ​បាន​ដឹង​ការណ៍​ទាំង​នេះ​ដែរ ប៉ុន្តែ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ឪពុក​ដឹង​ការណ៍​ទាំង​នេះ ដោយ​មាត់​របស់​ទេវតា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ពុំ​មែន​ដោយ​ការ​សក្ដិសម​អ្វី​របស់​ឪពុក​ទេ។

 ៦ ព្រោះ​ឪពុក​បាន​ទៅ​ជាមួយ​នឹង​ពួក​បុត្រា​នៃ​ម៉ូសាយ ដោយ​ស្វែងរក​បំផ្លាញ​សាសនាចក្រ​នៃ​ព្រះ ប៉ុន្តែ​មើល​ចុះ ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ទេវតា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ មក​បញ្ឈប់​យើង​នៅ​តាម​ផ្លូវ។

 ៧ ហើយ​មើល​ចុះ ទេវតា​បាន​និយាយ​មក​កាន់​យើង ដូច​ជា​សូរផ្គរ​លាន់ ហើយ​ផែនដី​ទាំង​មូល​បាន​រញ្ជួយ​នៅ​ក្រោម​ជើង​យើង ហើយ​យើង​ទាំង​អស់​គ្នា​បាន​ដួល​ទៅ​លើ​ដី ព្រោះ​ការ​កោតខ្លាច​ចំពោះ​ព្រះ​បាន​ធ្លាក់​មក​លើ​យើង។

 ៨ ប៉ុន្តែ​មើល​ចុះ សំឡេង​នោះ​បាន​បន្លឺ​មក​ឪពុក​ថា ៖ ចូរ​ក្រោក​ឡើង។ ហើយ​ឪពុក​ក៏​ក្រោក​ឈរ​ឡើង ហើយ​បាន​ឃើញ​ទេវតា​មួយ។

 ៩ ហើយ​ទេវតា​នោះ​បាន​និយាយ​មក​ឪពុក​ថា ៖ ទោះ​ជា​ខ្លួន​អ្នក​ត្រូវ​បំផ្លាញ​បង់​ក៏​ដោយ ចូរ​ឈប់​រក​បំផ្លាញ​សាសនាចក្រ​នៃ​ព្រះ​ទៅ។

 ១០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ក៏​ដួល​ទៅ​លើ​ដី ហើយ​អស់​រយៈ​ពេល​បី​យប់​បី​ថ្ងៃ នោះ​ឪពុក​មិន​អាច​បើក​មាត់ ឬ​ក៏​កម្រើក​ដៃ​ជើង​បាន​ដែរ។

 ១១ ហើយ​ទេវតា​នោះ​បាន​ប្រាប់​ការណ៍​ជា​ច្រើន​ទៀត​ដល់​ឪពុក ដែល​បង​ប្អូន​ឪពុក​បាន​ឮ តែ​ឪពុក​ពុំ​បាន​ឮ​ទេ ត្បិត​កាល​ឪពុក​បាន​ឮ​ពាក្យ​ថា — ទោះ​ជា​ខ្លួន​អ្នក​ត្រូវ​បំផ្លាញ​បង់​ក៏​ដោយ ចូរ​ឈប់​រក​បំផ្លាញ​សាសនាចក្រ​នៃ​ព្រះ​ទៅ — នោះ​ឪពុក​ក៏​តក់​ស្លុត ដោយ​ការ​ភិត​ភ័យ និង​ភ្ញាក់​ផ្អើល​ដ៏​ខ្លាំង ព្រោះ​ខ្លាច​ឪពុក​ត្រូវ​បំផ្លាញ​បង់ រហូត​ដល់​ឪពុក​ដួល​ទៅ​លើ​ដី ហើយ​ក៏​ពុំ​បាន​ឮ​អ្វី​ទៀត​ទេ។

 ១២ តែ​ឪពុក​ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ព្រោះ​ព្រលឹង​ឪពុក​ត្រូវ​កើតទុក្ខ​ជា​អតិបរមា ហើយ​ត្រូវ​ញាំញី​ដោយ​អស់​ទាំង​អំពើ​បាប​របស់​ឪពុក។

 ១៣ មែន​ហើយ ឪពុក​បាន​ចាំ​នូវ​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាំង​អស់​របស់​ខ្លួន ដោយ​ហេតុ​នេះ​ហើយ ឪពុក​ត្រូវ​ទទួល​ទោស​ដោយ​ការ​ឈឺ​ចាប់​នៃ​ស្ថាន​នរក មែន​ហើយ ឪពុក​បាន​ឃើញ​ថា ឪពុក​បាន​បះបោរ​ទាស់​នឹង​ព្រះ​របស់​ឪពុក ហើយ​ថា ឪពុក​មិន​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​សោះ។

 ១៤ មែន​ហើយ ឪពុក​បាន​ធ្វើ​ឃាត​ដល់​កូន​ចៅ​របស់​ទ្រង់​អស់​ជា​ច្រើន ឬ​និយាយ​ម្យ៉ាង​ទៀត​ថា បាន​នាំ​ពួក​គេ​ទៅ​កាន់​ការ​បំផ្លិច​បំផ្លាញ មែន​ហើយ សរុប​សេចក្ដី​មក​អំពើ​ទុច្ចរិត​របស់​ឪពុក​មាន​ទំហំ​ធំ​ណាស់ រហូត​ដល់​គ្រាន់តែ​គិត​ដល់​ការ​ចូល​ទៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​របស់​ឪពុក ក៏​បាន​ញាំញី​ព្រលឹង​ឪពុក​ទៅ​ហើយ ដោយ​សេចក្ដី​រន្ធត់​ដ៏​មិន​អាច​ថ្លែង​បាន។

 ១៥ ឱ ឪពុក​គិត​ថា ឪពុក​ចង់​ឲ្យ​ខ្លួន​ត្រូវ​បាត់​សូន្យ​បង់ ហើយ​រលត់​ទៅ​ទាំង​ព្រលឹង​ទាំង​រូប​កាយ ដើម្បី​ឪពុក​មិន​អាច​នាំ​ទៅ​ឈរ​នៅ​វត្ត​មាន​នៃ​ព្រះ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ​អំពី​អំពើ​ទាំង​ឡាយ​ដែល​ឪពុក​បាន​ប្រព្រឹត្ត

 ១៦ ហើយ​ឥឡូវ​នេះ អស់​បី​យប់​បី​ថ្ងៃ ឪពុក​ត្រូវ​បាន​ញាំញី ដោយ​ការ​ឈឺ​ចាប់​នៃ​ព្រលឹង​ដែល​ជាប់​ទោស។

 ១៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​ឪពុក​ត្រូវ​ញាំញី​ដោយ​សេចក្ដី​ទុក្ខ​វេទនា នៅ​ពេល​ដែល​ឪពុក​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​ដល់​អំពើ​បាប​ដ៏​ច្រើន​របស់​ឪពុក មើល​ចុះ ឪពុក​ក៏​នឹក​ឃើញ​ថា ធ្លាប់​បាន​ឮ​បិតា​របស់​ឪពុក ព្យាករ​ទៅ​កាន់​ប្រជាជន​អំពី​ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក។

 ១៨ ឥឡូវ​នេះ នៅ​ពេល​ដែល​ឪពុក​នឹកគិត​ទៅ​លើ​រឿង​នេះ នោះ​ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត​ថា ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង ដែល​ជា​អ្នក​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ ហើយ​កំពុងតែ​ឡោមព័ទ្ធ​ទៅ​ដោយ​ច្រវាក់​ដ៏​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​ស្លាប់។

 ១៩ ហើយ​ឥឡូវ​នេះ មើល​ចុះ នៅ​ពេល​ដែល​ឪពុក​កំពុងតែ​គិត​យ៉ាង​នេះ នោះ​ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត មែន​ហើយ ឪពុក​ក៏​អស់​កើតទុក្ខ​ដោយ​ការ​នឹក​ឃើញ​អំពើ​បាប​របស់​ខ្លួន​ទៀត​ទៅ។

 ២០ ហើយ ឱ​សេចក្ដី​អំណរ និង​រស្មី​ដ៏​អស្ចារ្យ ដែល​ឪពុក​បាន​ឃើញ មែន​ហើយ ព្រលឹង​ឪពុក​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ លើស​ជាង​ការ​ឈឺ​ចាប់​របស់​ឪពុក​ទៅ​ទៀត!

 ២១ មែន​ហើយ ឪពុក​ប្រាប់​កូន​ថា ឱ​កូន​ប្រុស​របស់​ឪពុក​អើយ គ្មាន​អ្វី​ដែល​ជ្រួត​ជ្រាប ហើយ​ល្វីង​ជូរចត់​ឲ្យ​ស្មើ​នឹង​ការ​ឈឺ​ចាប់​របស់​ឪពុក​បាន​ឡើយ។ មែន​ហើយ ជាថ្មី​ទៀត ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ប្រាប់​កូន​ថា ផ្ទុយ​ទៅ​វិញ គឺ​គ្មាន​អ្វី​ជ្រួត​ជ្រាប ហើយ​ផ្អែម​ល្ហែម​ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​របស់​ឪពុក​បាន​ឡើយ។

 ២២ មែន​ហើយ ឪពុក​ហាក់​ដូច​ជា​បាន​ឃើញ ដូច​ជា​លីហៃ ជា​អយ្យកោ​របស់​យើង បាន​ឃើញ​ដែរ គឺ​ឃើញ​ព្រះ​កំពុងតែ​គង់​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដោយ​មាន​ពួក​ពល​បរិវារ​ទេវតា​ដ៏​ឥត​គណនា​ហែហម​ជុំវិញ​នៅ​ក្នុង​អាកប្បកិរិយា​កំពុងតែ​ច្រៀង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​របស់​ពួក​លោក មែន​ហើយ ព្រលឹង​ឪពុក​រំពឹង​ចង់​បាន​នៅ​ទី​នោះ។

 ២៣ ប៉ុន្តែ​មើល​ចុះ ដៃ​ជើង​របស់​ឪពុក​បាន​ទទួល​កម្លាំង​ឡើង​វិញ ហើយ​ឪពុក​ក្រោក​ឈរ​ឡើង ហើយ​បាន​បង្ហាញ​ប្រជាជន​ថា ឪពុក​បាន​កើត​មក​អំពី​ព្រះ។

 ២៤ មែន​ហើយ ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​ពេល​ឥឡូវ​នេះ ឪពុក​បាន​ធ្វើ​ការ​មិន​ឈប់​ឈរ ដើម្បី​ឪពុក​អាច​នាំ​មនុស្ស​ឲ្យ​ប្រែ​ចិត្ត ដើម្បី​ឪពុក​អាច​នាំ​គេ​ឲ្យ​ភ្លក់​នូវ​សេចក្ដី​អំណរ​ដ៏​លើសលប់ ដូចដែល​ឪពុក​ធ្លាប់​បាន​ភ្លក់ ដើម្បី​ឲ្យ​គេ​អាច​កើត​មក​អំពី​ព្រះ​ដែរ ហើយ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

 ២៥ មែន​ហើយ ឥឡូវ​នេះ មើល​ចុះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ឲ្យ​ឪពុក​នូវ​សេចក្ដី​អំណរ​ដ៏​ធំ​លើសលប់ ដែល​ជា​លទ្ធផល​នៃ​ការងារ​ទាំង​ឡាយ​របស់​ឪពុក

 ២៦ ត្បិត​ដោយ​សារ​ព្រះ​បន្ទូល ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ឪពុក មើល​ចុះ មនុស្ស​ជា​ច្រើន​បាន​កើត​មក​អំពី​ព្រះ ហើយ​បាន​ភ្លក់ ដូច​ជា​ឪពុក​ធ្លាប់​បាន​ភ្លក់ ហើយ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ដូច​ជា​ឪពុក​ធ្លាប់​បាន​ឃើញ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ដឹង​នូវ​ការណ៍​ទាំង​នេះ ដែល​ឪពុក​បាន​និយាយ​មក ដូច​ឪពុក​ដឹង ហើយ​តម្រិះ​របស់​ឪពុក​នេះ គឺ​បាន​មក​ពី​ព្រះ។

 ២៧ ហើយ​ឪពុក​បាន​ទទួល​ការ​គាំទ្រ​នៅ​គ្រប់​ការ​សាកល្បង និង​វិបត្តិ​គ្រប់​ប្រការ មែន​ហើយ នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង មែន​ហើយ ព្រះ​ទ្រង់​បាន​ដោះ​លែង​ឪពុក​ឲ្យ​រួច​ពី​គុក និង​ពី​ចំណង និង​ពី​សេចក្ដី​ស្លាប់ មែន​ហើយ គឺ​ឪពុក​ដាក់​ទី​ទុក​ចិត្ត​របស់​ឪពុក​ទៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​នៅ​តែ​ដោះ​លែង​ឪពុក។

 ២៨ ហើយ​ឪពុក​ដឹង​ថា ទ្រង់​នឹង​ប្រោស​ឪពុក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ដើម្បី​ឲ្យ​រស់នៅ​ជាមួយ​នឹង​ទ្រង់​នៅ​ក្នុង​សិរី​ល្អ មែន​ហើយ ហើយ​ឪពុក​នឹង​សរសើរ​តម្កើង​ដល់​ទ្រង់​រហូត​ត​ទៅ ព្រោះ​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​របស់​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ទ្រង់​បាន​ពន្លិច​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ក្នុង​សមុទ្រ​ក្រហម ហើយ​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​របស់​យើង ដោយ​ព្រះ​ចេស្ដា​របស់​ទ្រង់​ទៅ​ឯ​ដែនដី​សន្យា មែន​ហើយ ទ្រង់​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព និង​ការ​ជាប់​ឃុំឃាំង​ជា​ច្រើន​លើក​ច្រើន​គ្រា។

 ២៩ មែន​ហើយ ទ្រង់​ថែម​ទាំង​បាន​នាំ​ពួក​អយ្យកោ​របស់​យើង ចេញ​ពី​ដែនដី​យេរូសាឡិម ហើយ​ដោយ​ព្រះ​ចេស្ដា​ដ៏​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព និង​ការ​ជាប់​ឃុំឃាំង​ជា​ច្រើន​លើក​ច្រើន​គ្រា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ផង ហើយ​ឪពុក​ចងចាំ​ជានិច្ច​នូវ​ការ​ជាប់​ឃុំឃាំង​របស់​ពួក​គេ មែន​ហើយ កូន​ក៏​ត្រូវ​តែ​ចងចាំ​ជានិច្ច​ដែរ​នូវ​ការ​ជាប់​ឃុំឃាំង​របស់​ពួក​គេ ដូច​ជា​ឪពុក​បាន​ចាំ​ដែរ។

 ៣០ ប៉ុន្តែ​មើល​ចុះ កូន​ប្រុស​របស់​ឪពុក​អើយ នេះ​មិនទាន់​អស់​ទេ ព្រោះ​កូន​ត្រូវ​ដឹង ដូចដែល​ឪពុក​ដឹង​ថា ដរាបណា​កូន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នោះ​កូន​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ហើយ​កូន​ក៏​ត្រូវ​ដឹង​ដែរ​ថា ដរាបណា​កូន​មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ទេ នោះ​កូន​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​របស់​ទ្រង់។ ឥឡូវ​នេះ នេះ​គឺ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់៕