គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

បញ្ជា​ទាំង​ឡាយ​នៃ​អាលម៉ា ដល់​កូរីអានតុន ជា​កូន​ប្រុស​របស់​លោក។
មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៣៩ ទៅ ៤២

ជំពូក​ទី ៣៩

អំពើ​បាប​ខាង​កាមគុណ គឺជា​អំពើ​គួរ​ខ្ពើម​ឆ្អើម​មួយ — អំពើ​បាប​របស់​កូរីអានតុន ឃាត់ឃាំង​ពួក​សាសន៍​សូរាំ​មិន​ឲ្យ​ទទួល​ព្រះ​បន្ទូល​ — សេចក្ដី​ប្រោស​លោះ​របស់​ព្រះ​គ្រីស្ទ មាន​ប្រតិកម្ម​ក្នុង​ការ​សង្គ្រោះ​ពួក​ស្មោះត្រង់ ដែល​បាន​រស់នៅ​ពីមុន​នោះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ចង់​និយាយ​នឹង​កូន​ខ្លះ​ទៀត ក្រៅ​អំពី​អ្វីៗ ដែល​ឪពុក​បាន​និយាយ​នឹង​បង​របស់​កូន ត្បិត​មើល​ចុះ តើ​កូន​ពុំ​បាន​យក​ចិត្ត​ទុកដាក់ ដល់​ភាព​នឹង​ធឹង​របស់​បង​ប្រុស​កូន​ទេ​ឬ និង​សេចក្ដី​ស្មោះត្រង់​របស់​គេ និង​សេចក្ដី​ព្យាយាម របស់​គេ ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ? មើល​ចុះ តើ​បង​របស់​កូន ពុំ​មែន​ជា​គំរូ​មួយ សម្រាប់​កូន​ទេ​ឬ​អី?

 ២ ព្រោះ​កូន​ពុំ​បាន​យក​ចិត្ត​ទុកដាក់​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ឪពុក ដូច​បង​ប្រុស​របស់​កូន នៅ​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសន៍​សូរាំ ទេ។ ឥឡូវ នេះ​គឺជា​ការណ៍​ដែល​ឪពុក​ជំទាស់​នឹង​កូន កូន​បាន​អួតអាង ដល់​កម្លាំង​របស់​កូន និង​ប្រាជ្ញា​របស់​កូន។

 ៣ ហើយ​នេះ ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ កូន​ប្រុស​របស់​ឪពុក​អើយ។ កូន​បាន​ធ្វើ​នូវ​អ្វីៗ ដែល​នាំ​ឲ្យ​ឪពុក​ព្រួយបារម្ភ ព្រោះ​កូន​បាន បោះបង់​ចោល​ការងារ​បម្រើ ហើយ​បាន​ទៅ​តាម​ស្រី​ខូច អ៊ីសាបែល ឆ្លង​ទៅ​ឯ​ដែនដី​សៃរ៉ុន នៅ​តាម​ព្រំប្រទល់​ដែនដី​នៃ​ពួក​សាសន៍​លេមិន។

 ៤ មែន​ហើយ ស្រី​នោះ​បាន​បោក​ចិត្ត​មនុស្ស​ជា​ច្រើន ប៉ុន្តែ​នេះ​ពុំ​មែន​ជា​ការ​ដោះ​សា​សម្រាប់​កូន​ទេ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ។ កូន​គួរតែ​បំពេញ​ការងារ​បម្រើ ដែល​បាន​ប្រគល់​ដល់​កូន។

 ៥ កូន​ប្រុស​របស់​ឪពុក​អើយ តើ​កូន​ពុំ​ដឹង​ទេ​ឬ​ថា អំពើ​ទាំង​នេះ គឺជា​អំពើ​គួរ​ខ្ពើម​ឆ្អើម​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ មែន​ហើយ គឺ​គួរ​ខ្ពើម​ឆ្អើម​បំផុត​ជាង​បាប​ទាំង​អស់ ក្រៅ​ពី​ការ​ខ្ចាយ​ឈាម​ជន​ឥត​ទោស ឬ​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ?

 ៦ ត្បិត​មើល​ចុះ បើ​សិន​ជា​កូន​បដិសេធ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​ពេល​ដែល​ទ្រង់​មាន​ទីកន្លែង​នៅ​ក្នុង​កូន​មក​ហើយ ហើយ​កូន​ដឹង​ថា កូន​បាន​បដិសេធ​ទ្រង់ មើល​ចុះ នេះ​គឺជា​អំពើ​បាប​មួយ ដែល​អត់ឱន​មិន​បាន​ឡើយ មែន​ហើយ ហើយ​ជន​ណា​ដែល​ធ្វើ​ឃាត ក្រោយ​ពី​បាន​ទទួល​ពន្លឺ និង​ការ​ចេះ​ដឹង​អំពី​ព្រះ ជន​នោះ​ពុំ​ងាយ​នឹង​បាន​ទទួល​ការ​អភ័យទោស​ឡើយ មែន​ហើយ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ប្រាប់​កូន​ថា ជន​នោះ​ពុំ​ងាយ​នឹង​បាន​ទទួល​ការ​អភ័យទោស​ឡើយ។

 ៧ ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​បាន​សូម​អង្វរ​ដល់​ព្រះ ដើម្បី​កុំ​ឲ្យ​កូន​មាន​ទោស​ដ៏​ធំ​បែប​នេះ។ ឪពុក​ពុំ​គួរ និយាយ​ច្រំ​ដែល​អំពី​ទោស​របស់​កូន ដើម្បី​ធ្វើ​ឲ្យ​កូន​កើតទុក្ខ​ក្នុង​ចិត្ត​ទេ ប្រសិនបើ​ពុំ​មែន​សម្រាប់​ឲ្យ​កូន​បាន​ល្អ។

 ៨ ប៉ុន្តែ​មើល​ចុះ កូន​ពុំ​អាច​លាក់​បាំង​ទោសកំហុស របស់​កូន​ពី​ព្រះ​បាន​ឡើយ ហើយ​លើកលែង​កូន​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ទោស​ទាំង​នោះ​នឹង​ឈរ​ជាទី​បន្ទាល់ ទាស់​នឹង​កូន​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

 ៩ ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​ប្រែ​ចិត្ត ហើយ​បោះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​កូន ហើយ​កុំ​ទៅ​តាម​សេចក្ដី​សម្រើប​នៃ​ភ្នែក​របស់​ខ្លួន​ទៀត​ឡើយ ប៉ុន្តែ​ត្រូវ​ចៀសវាង​នូវ​អំពើ​ទាំង​នេះ ត្បិត​លើកលែងតែ​កូន​ធ្វើ​របៀប​នេះ បើ​ពុំ​នោះ​សោត​ទេ កូន​នឹង​ពុំ​អាច​មាន​មធ្យោបាយ​ណា​ទៀត នឹង​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ។ ឱ​សូម​កូន​ចងចាំ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ឪពុក ហើយ​ចៀសវាង​នូវ​អំពើ​ទាំង​នេះ​ចុះ។

 ១០ ហើយ​ឪពុក​បញ្ជា​ដល់​កូន​ថា ត្រូវ​ប្រឹក្សា​ជាមួយ​នឹង​បងៗ​របស់​កូន នូវ​គ្រប់​កិច្ចការ​របស់​កូន ត្បិត​មើល​ចុះ កូន​នៅ​ក្នុង​យុវវ័យ ហើយ​កូន​ត្រូវ​ការ​បីបាច់​ដោយ​បងៗ​របស់​កូន ហើយ​ចូរ​ស្ដាប់​បង្គាប់​តាម​សេចក្ដី​ទូន្មាន​របស់​គេ​ចុះ។

 ១១ ចូរ​កូន​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​វង្វេង ដោយ​ការ​ឥត​ប្រយោជន៍ និង​ឆ្កួត​លីលា​ឡើយ ចូរ​កុំ​បណ្ដោយ​ឲ្យ​អារក្ស​ទាក់​ទាញ​ចិត្ត​របស់​កូន ឲ្យ​ទៅ​តាម​ពួក​ស្រី​ខូច​ដ៏​ទុច្ចរិត​នោះ​ទៀត​ឡើយ។ មើល​ចុះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ កូន​បាន​នាំ​មក​នូវ​អំពើ​ទុច្ចរិត​ដ៏​ធំ​ដល់​ពួក​សាសន៍ សូរាំ ព្រោះ​កាលណា​គេ​ឃើញ​ចរិយា​របស់​កូន នោះ​គេ​ពុំ​ជឿ​ដល់​ពាក្យ​សម្ដី​របស់​ឪពុក​ទេ។

 ១២ ហើយ​ឥឡូវ​នេះ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ឪពុក​ថា ៖ ចូរ​បញ្ជា​ដល់​កូនៗ​របស់​អ្នក ឲ្យ​ធ្វើ​អំពើ​ល្អ ក្រែង ពួក​វា​នឹង​ដឹកនាំ​ចិត្ត​មនុស្ស​ជា​ច្រើន ទៅ​រក​សេចក្ដី​បំផ្លិចបំផ្លាញ ហេតុ​ដូច្នេះ​ហើយ ទើប​ឪពុក​បញ្ជា​ដល់​កូន ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ដោយ​កោតខ្លាច​ដល់​ព្រះ ចូរ​កូន​ឈប់​ធ្វើ​នូវ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​កូន​ទៅ។

 ១៣ ចូរ​កូន​បែរ​ទៅ​រក​ព្រះ​អម្ចាស់ ដោយ​អស់​ពី​ដួង​ចិត្ត និង​អស់​សមត្ថ​ភាព និង​អស់​កម្លាំង​របស់​កូន​ចុះ ហើយ​ចូរ​កូន​កុំ​ដឹកនាំ​ចិត្ត ជន​ណា​ទៀត ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត​ឡើយ តែ​ផ្ទុយ​មក​វិញ កូន​ត្រូវ​ត្រឡប់​ទៅ​រក​គេ ហើយ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​ការ​ខុសឆ្គង ដែល​កូន​បាន​ប្រព្រឹត្ត​មក។

 ១៤ ចូរ​កុំ​ស្វែងរក​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ​នេះ​ឡើយ ត្បិត​មើល​ចុះ កូន​ពុំ​អាច​យក​វា​ទៅ​ជា​មួយ កូន​បាន​ទេ។

 ១៥ ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ចង់​និយាយ​នឹង​កូន អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ។ មើល​ចុះ ឪពុក​ចង់ និយាយ​នឹង​កូន​ថា គឺ​ព្រះ​អង្គ​នេះ​ហើយ​ដែល​ពិតជា​នឹង​យាង​មក ដើម្បី​យក​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​ចេញ មែន​ហើយ ទ្រង់​នឹង​យាង​មក ដើម្បី​ប្រកាស​ប្រាប់​ដល់​រាស្ត្រ​របស់​ទ្រង់​នូវ​ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​សង្គ្រោះ។

 ១៦ ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ នេះ​ហើយ​ជា​ការងារ​បម្រើ ដែល​កូន​ត្រូវ​បាន​ហៅ គឺ​ដើម្បី​ប្រកាស​ប្រាប់​ដំណឹង​ដ៏​រីករាយ​ទាំង​នេះ​ដល់​ប្រជាជន​នេះ ដើម្បី​ប្រុងប្រៀប​ចិត្ត​គំនិត​របស់​គេ ឬ​ម្យ៉ាង​ទៀត គឺ​ដើម្បី​ឲ្យ​សេចក្ដី​សង្គ្រោះ​អាច​បាន​មក​ដល់​ពួក​គេ ដើម្បី​ឲ្យ​គេ​រៀបចំ​ចិត្ត​គំនិត​នៃ​កូន​ចៅ​របស់​គេ​ឲ្យ​ស្ដាប់​តាម​ព្រះ​បន្ទូល នៅ​ពេល​ដែល​ទ្រង់​នឹង​យាង​មក។

 ១៧ ហើយ​ឥឡូវ​នេះ ឪពុក​នឹង​បន្ធូរបន្ថយ​ដល់​ចិត្ត​របស់​កូន​ខ្លះ​នៅ​ក្នុង​រឿង​នេះ។ មើល​ចុះ កូន​ច្បាស់​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ការណ៍​នេះ​ត្រូវ​ដឹង​ជាមុន​ក្នុង​រយៈ​ពេល​ដ៏​យូរ។ មើល​ចុះ ឪពុក​ប្រាប់​កូន​ថា តើ​ពុំ​មែន​ព្រលឹង​ដែល​នៅ​ក្នុង​ពេល​នេះ​មាន​តម្លៃ​ចំពោះ​ព្រះ​ស្មើ​នឹង​ព្រលឹង ដែល​នៅ​ពេល​ទ្រង់​នឹង​យាង​មក​ទេ​ឬ​អី?

 ១៨ តើ​ពុំ​មែន​ជា​ការ​ចាំ​បាច់​ដែល​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាជន​នេះ ក៏​ដូច​ជា​បាន​ផ្សព្វផ្សាយ​ដល់​កូន​ចៅ​របស់​គេ​ទេ​ឬ​អី?

 ១៩ តើ​ពុំ​មែន​ជា​ការ​ងាយ​ដល់​ព្រះ នៅ​ក្នុង​ពេល​នេះ​ដើម្បី​បញ្ជា​ឲ្យ​ទេវតា​របស់​ទ្រង់​ប្រកាស​ប្រាប់​នូវ​ដំណឹង​ដ៏​រីករាយ​ទាំង​នេះ​ដល់​យើង និង​ដល់​កូន​ចៅ​របស់​យើង​ទេ​ឬ​អី ឬ​ក៏​ក្រោយ​ពេល​ដែល​ទ្រង់​នឹង​យាង​មក?