គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ជំពូក​ទី ៤៦

អាម៉ាលិកាយ​ប្រើ​ឧបាយកល ដើម្បី​ធ្វើ​ជា​ស្ដេច — មរ៉ូណៃ​លើក​ទង់​ឥស្សរភាព — លោក​ប្រមូល​ប្រជាជន​ឲ្យ​ការ​ពារ​សាសនា​របស់​ខ្លួន — ពួក​អ្នក​ជឿ​ពិត​ត្រូវ​បាន​ហៅ​ថា ពួក​គ្រីស្ទាន — ពួក​សំណល់​នៃ​យ៉ូសែប​នឹង​ត្រូវ​បាន​រក្សាទុក — អាម៉ាលិកាយ និង​ពួក​អ្នក​ដែល​បែក ចេញ រត់​ទៅ​ដែនដី​នីហ្វៃ — ពួក​អ្នក​ដែល​មិន​គាំទ្រ​ឧត្ដម​គតិ​នៃ​សេរីភាព ត្រូវ​គេ​យក​ទៅ​ប្រហារជីវិត​ចោល។ ប្រមាណ​ជា​ឆ្នាំ ៧៣–៧២ ម.គ.ស.។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មនុស្ស​ជា​ច្រើន​ដែល​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ហេលេមិន និង​បង​ប្អូន​លោក បាន​ប្រមូល​គ្នា​មក​ទាស់​នឹង​បង​ប្អូន​ខ្លួន។

 ២ ហើយ​ឥឡូវ​នេះ មើល​ចុះ ពួក​គេ​ខឹង​ហួស​ប្រមាណ ដរាប​ដល់​ពួក​គេ​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​សម្លាប់​ពួក​នោះ​ចោល។

 ៣ ឥឡូវ​នេះ មេដឹកនាំ​របស់​ពួក​អ្នក​ដែល​ខឹង​នឹង​បង​ប្អូន​ខ្លួន​នោះ គឺជា​បុរស​ម្នាក់ ដែល​មាន​មាឌ​ធំ ហើយ​មាន​កម្លាំង​ខ្លាំង ហើយ​ឈ្មោះ​គាត់​គឺ អាម៉ាលិកាយ។

 ៤ ហើយ​អាម៉ាលិកាយ​ចង់​ធ្វើ​ជា​ស្ដេច ឯ​ពួក​អ្នក​ដែល​ខឹង​ទាំង​នោះ ក៏​ចង់​ឲ្យ​អាម៉ាលិកាយ​ធ្វើ​ជា​ស្ដេច​របស់​ខ្លួន​ដែរ ហើយ​ពួក​គេ​ភាគ​ច្រើន គឺជា​ពួក​ចៅក្រម​ថ្នាក់​ទាប​នៅ​លើ​ដែនដី ហើយ​ពួក​គេ​ស្វែងរក​អំណាច។

 ៥ ហើយ​ពួក​គេ​ត្រូវ​បាន​ដឹកនាំ ដោយ​ការ​បញ្ជោរ​របស់​អាម៉ាលិកាយ​ថា បើ​សិន​ជា​ពួក​គេ​គាំទ្រ​វា ហើយ​លើក​វា​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ នោះ​វា​នឹង​ឲ្យ​ពួក​គេ​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​បណ្ដា​ជន។

 ៦ ម្ល៉ោះ​ហើយ ពួក​គេ​ត្រូវ​អាម៉ាលិកាយ នាំ​ឲ្យ​មាន​ការ​បែកបាក់​គ្នា ទោះ​ជា​មាន​ការ​ប្រៀន​ប្រដៅ​របស់​ហេលេមិន និង​បង​ប្អូន​លោក​ក៏​ដោយ មែន​ហើយ ទោះ​ជា​មាន​ការ​ថែទាំ​ដ៏​ខ្លាំង​ជា​អតិបរមា​របស់​គេ​ទៅ​លើ​សាសនាចក្រ ព្រោះ​ពួក​គេ​គឺជា​ពួក​សង្ឃ​ជាន់​ខ្ពស់​នៅ​ក្នុង​សាសនាចក្រ​ក៏​ដោយ។

 ៧ ហើយ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សាសនាចក្រ ដែល​ជឿ​តាម​ពាក្យ​បញ្ជោរ​ទាំង​ឡាយ​របស់​អាម៉ាលិកាយ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​គេ​បែក​ចេញ ព្រម​ទាំង​ចេញ​ពី​សាសនាចក្រ ម្ល៉ោះ​ហើយ ស្ថានការណ៍​របស់​ប្រជាជន​នីហ្វៃ​មាន​ភាព​មិន​នឹងន ហើយ​ប្រកប​ដោយ​គ្រោះថ្នាក់​ជា​អតិបរមា ទោះ​បី​ពួក​គេ​មាន​ជ័យ​ជម្នះ​ដ៏​ធំ​ទៅ​លើ​ពួក​សាសន៍​លេមិន និង​ការ​អរ​រីករាយ​ដ៏​ខ្លាំង​របស់​គេ ដែល​ត្រូវ​បាន​ដោះ​លែង​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់​ក្ដី។

 ៨ ម្ល៉ោះ​ហើយ យើង​ឃើញ​ថា កូន​ចៅ​មនុស្ស​ឆាប់​ភ្លេច​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​យ៉ាង​ណា មែន​ហើយ គេ​ឆាប់​ធ្វើ​អំពើ​ទុច្ចរិត​យ៉ាង​ណា ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នក​អាក្រក់។

 ៩ មែន​ហើយ យើង​ក៏​ឃើញ​ដែរ នូវ​អំពើ​ទុច្ចរិត​ដ៏​ធំ​ដែល​មនុស្ស​ទុច្ចរិត​ម្នាក់ អាច​ធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស។

 ១០ មែន​ហើយ យើង​ឃើញ​ថា អាម៉ាលិកាយ ដោយ​មក​ពី​វា​ជា​មនុស្ស​មាន​កលល្បិច ហើយ​ជា​មនុស្ស ដែល​មាន​ពាក្យ​បញ្ជោរ​ច្រើន ទើប​វា​នាំ​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត មែន​ហើយ ឲ្យ​ស្វែងរក​បំផ្លាញ​សាសនាចក្រ​នៃ​ព្រះ​ចោល ហើយ​បំផ្លាញ​មូលដ្ឋាន​នៃ​ឥស្សរភាព ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួក​គេ ឬ​ព្រះ​ពរ​ដែល​ទ្រង់​បាន​ប្រទាន​លើ​ផ្ទៃ​ដែនដី​នេះ ដោយ​យល់​ដល់​ពួក​សុចរិត។

 ១១ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​មរ៉ូណៃ ជា​មេបញ្ជាការ​នៃ​ពល​ទ័ព​សាសន៍​នីហ្វៃ បាន​ឮ​អំពី​ការ​បែកបាក់​ទាំង​នេះ នោះ​លោក​ក៏​ខឹង​នឹង​អាម៉ាលិកាយ។

 ១២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ហែក​អាវ​របស់​លោក ហើយ​លោក​បាន​យក​ក្រណាត់​អាវ​មួយ​ជាយ ហើយ​សរសេរ​នៅ​លើ​នោះ​ថា — នៅ​ក្នុង​ការ​ចងចាំ​ដល់​ព្រះ​របស់​យើង សាសនា និង​សេរីភាព​របស់​យើង និង​សេចក្ដី​សុខសាន្ត​របស់​យើង ភរិយា​របស់​យើង និង​កូន​ចៅ​របស់​យើង — ហើយ​លោក​បាន​ចង​វា​នៅ​ចុង​ថ្នោល​មួយ។

 ១៣ ហើយ​លោក​បាន​ពាក់​មួក​របស់​លោក និង​របាំង​ទ្រូង​របស់​លោក និង​ខែល​របស់​លោក ហើយ​ក្រវាត់​អាវ​ក្រោះ​របស់​លោក​ជុំវិញ​ចង្កេះ ហើយ​លោក​បាន​យក​ថ្នោល​នេះ ដែល​នៅ​ខាង​ចុង​មាន​ចង​ក្រណាត់​អាវ​របស់​លោក (ហើយ​លោក​បាន​ហៅ​ថា ទង់​ឥស្សរភាព) ហើយ​លោក​បាន​ក្រាប​ដល់​ដី ហើយ​លោក​បាន​អធិស្ឋាន​ជា​ខ្លាំង​ដល់​ព្រះ​របស់​លោក សូម​ព្រះ​ពរ​នៃ​ឥស្សរភាព​ឲ្យ​បាន​មក​ដល់​បង​ប្អូន​លោក ដរាបណា​នៅ​សល់​ពួក​គ្រីស្ទាន​មួយ​ក្រុម ដើម្បី​យក​ដែនដី​នេះ —

 ១៤ ព្រោះ​ឯ​អស់​ទាំង​អ្នក​ជឿ​ពិត​ទៅ​លើ​ព្រះ​គ្រីស្ទ ដែល​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ ត្រូវ​បាន​ហៅ​ដោយ​ពួក​អ្នក​ដែល​ពុំ​នៅ​ក្នុង​សាសនាចក្រ​ដូច្នេះ​ឯង។

 ១៥ ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ មាន​ចិត្ត​ស្មោះត្រង់ មែន​ហើយ អស់​អ្នក​ណា​ដែល​ជា​អ្នក​ជឿ​ពិត​ទៅ​លើ​ព្រះ​គ្រីស្ទ គេ​បាន​លើក​យក​ដាក់​លើ​ខ្លួន​ដោយ​រីករាយ នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ឬ​ពួក​គ្រីស្ទាន ដូចដែល​គេ​ត្រូវ​បាន​ហៅ ដោយ​សារ​ជំនឿ​របស់​គេ​ទៅ​លើ​ព្រះ​គ្រីស្ទ ដែល​នឹង​យាង​មក។

 ១៦ ហេតុ​ដូច្នេះ​ហើយ នៅ​ក្នុង​ពេល​នេះ មរ៉ូណៃ​បាន​អធិស្ឋាន​សូម​ឲ្យ​ឧត្ដម​គតិ​នៃ​ពួក​គ្រីស្ទាន និង​សេរីភាព​នៃ​ដែនដី​នេះ អាច​បាន​គាំទ្រ។

 ១៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​លោក​បាន​ទម្លាយ​ដួង​ព្រលឹង​របស់​លោក​ថ្វាយ​ដល់​ព្រះ លោក​បាន​រាប់​ឈ្មោះ​អស់​ទាំង​ដែនដី ដែល​នៅ​ខាង​ត្បូង​ដែនដី​ចោល​ស្ងាត់ មែន​ហើយ សរុប​សេចក្ដី​មក គឺ​ដែនដី​ទាំង​អស់ ទាំង​នៅ​ខាង​ជើង និង​ខាង​ត្បូង — ជា​ដែនដី​ជម្រើស និង​ដែនដី​នៃ​ឥស្សរភាព។

 ១៨ ហើយ​លោក​បាន​ពោល​ថា ៖ ប្រាកដ​ណាស់ ព្រះ​ទ្រង់​នឹង​ពុំ​ទុក​ឲ្យ​យើង ត្រូវ​គេ​មើល​ងាយ ដោយ​សារ​យើង​យក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ នឹង​ត្រូវ​គេ​ជាន់​ឈ្លី ហើយ​បំផ្លាញ​ចោល​ឡើយ លើក​លែងតែ​យើង​នាំ​យក​ការណ៍​នោះ​មក​លើ​ខ្លួន ដោយ​អំពើ​រំលង​ទាំង​ឡាយ​របស់​យើង​ផ្ទាល់។

 ១៩ ហើយ​កាល​មរ៉ូណៃ​បាន​និយាយ​នូវ​ពាក្យ​ទាំង​នេះ​ចប់​ហើយ នោះ​លោក​ក៏​ចូល​ទៅ​ក្នុង​ចំណោម​ប្រជាជន ដោយ​គ្រវី​ក្រណាត់​អាវ​របស់​លោក​ទៅ​លើ​អាកាស ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​មើល​ឃើញ​អក្សរ ដែល​លោក​បាន​សរសេរ​នៅ​លើ​ក្រណាត់​នោះ ហើយ លោក​ស្រែក​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ៖

 ២០ មើល​ចុះ អស់​អ្នក​ណា​ដែល​ចង់​រក្សា​ទង់​នេះ​នៅ​លើ​ដែនដី​នេះ ចូរ​ឲ្យ​គេ​ចេញ​មក​ក្នុង​កម្លាំង​នៃ​ព្រះ​អម្ចាស់ ហើយ​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថា គេ​នឹង​រក្សា​នូវ​សិទ្ធិ​របស់​គេ និង​សាសនា​របស់​គេ ដើម្បី​ឲ្យ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ប្រទាន​ព្រះ​ពរ​ដល់​គេ។

 ២១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​មរ៉ូណៃ​បាន​ប្រកាស​ពាក្យ​ទាំង​នេះ​ហើយ មើល​ចុះ ប្រជាជន​បាន​នាំ​គ្នា​រត់​មក ដោយ​មាន​ទាំង​គ្រឿង​សស្ត្រាវុធ​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​របស់​គេ​ផង គេ​ហែក​អាវ​គេ​ទុក​ជាទី​សម្គាល់ ឬ​ជា​សេចក្ដី​សញ្ញា​ថា ពួក​គេ​ពុំ​បដិសេធ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​ឡើយ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា បើ​សិន​ជា​ពួក​គេ​បំពាន​ទៅ​លើ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ឬ​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលង ហើយ​មាន​ការ​អៀនខ្មាស​ក្នុង​ការ​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ សូម​ឲ្យ​ព្រះ​អម្ចាស់ ទ្រង់​ហែក​ពួក​គេ ដូច​ជា​ពួក​គេ​បាន​ហែក​សំលៀកបំពាក់​របស់​គេ​យ៉ាង​នោះ​ដែរ។

 ២២ ឥឡូវ​នេះ នេះ​គឺជា​សេចក្ដី​សញ្ញា​ដែល​ពួក​គេ​បាន​ធ្វើ ហើយ​ពួក​គេ​បាន​បោះ​អាវ​របស់​គេ ទៅ​ក្បែរ​ជើង​មរ៉ូណៃ ដោយ​និយាយ​ថា ៖ យើង​ខ្ញុំ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​របស់​យើង​ថា យើង​ខ្ញុំ​នឹង​ត្រូវ​បំផ្លាញ​បង់ ដូច​បង​ប្អូន​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ដែនដី​ខាង​ជើង បើ​សិន​ជា យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលង មែន​ហើយ ទ្រង់​នឹង​បោះ​យើង​ខ្ញុំ​ទៅ​ក្បែរ​ជើង​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​បោះ​អាវ​របស់​យើង​ខ្ញុំ​ទៅ​ក្បែរ​ជើង​លោក ដើម្បី​នឹង​ត្រូវ​ជាន់​ឈ្លី​ក្រោម​ជើង​ចុះ បើ​សិន​ជា​យើង​ធ្លាក់​ទៅ​ក្នុង​អំពើ​រំលង។

 ២៣ មរ៉ូណៃ​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ យើង​គឺជា​សំណល់​នៃ​ពូជ​យ៉ាកុប មែន​ហើយ យើង​គឺជា​សំណល់​នៃ​ពូជយ៉ូសែប ឯ​អាវ​លោក​ត្រូវ​បងៗ​ហែក​ចោល​ទៅ​ជា​កម្ទេច​ច្រើន មែន​ហើយ ឥឡូវ​នេះ មើល​ចុះ ចូរ​យើង​ចងចាំ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​ចុះ បើ​ពុំ​នោះ​សោត​ទេ អាវ​របស់​ពួក​យើង​នឹង​ត្រូវ​បង​ប្អូន​យើង​ហែក​ចោល​ដែរ ហើយ​យើង​នឹង​ត្រូវ​គេ​ដាក់​ក្នុង​គុក ឬ​ត្រូវ​គេ​លក់ ឬ​ត្រូវ​គេ​សម្លាប់​ចោល។

 ២៤ មែន​ហើយ ចូរ​យើង​រក្សា​ឥស្សរភាព​របស់​យើង​ទុកជា​សំណល់​នៃ​យ៉ូសែប​ចុះ មែន​ហើយ ចូរ​យើង​ចងចាំ​ពាក្យ​ទាំង​ឡាយ​របស់​យ៉ាកុប មុន​ពេល​ដែល​លោក​ស្លាប់​ទៅ ត្បិត​មើល​ចុះ លោក​បាន​ឃើញ​ថា សំណល់​មួយ​ផ្នែក​នៃ​អាវ​របស់​យ៉ូសែប ត្រូវ​បាន​រក្សាទុក ហើយ​ពុំ​ត្រូវ​ពុករលួយ​ឡើយ។ ហើយ​លោក​បាន​និយាយ​ថា ៖ គឺ​ដូច​ជា​សំណល់​អាវ​របស់​កូន​ខ្ញុំ​នេះ ដែល​ត្រូវ​បាន​រក្សាទុក ឯ​សំណល់​នៃ​ពូជ​របស់​កូន​ខ្ញុំ ក៏​នឹង​ត្រូវ​បាន​រក្សាទុក​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​ដែរ ហើយ​នឹង​ត្រូវ​បាន​យក​ទៅ​ឯ​ព្រះ​អង្គ​ក្នុង​កាល​ចំណែក​ពូជ​យ៉ូសែប ដែល​នៅ​សល់​ក្រៅ​ពី​នេះ នឹង​ត្រូវ​វិនាស​ដូច​គ្នា​នឹង​សំណល់​របស់​អាវ​វា​ដែរ។

 ២៥ ឥឡូវ​នេះ មើល​ចុះ ការណ៍​នេះ​នាំ​ឲ្យ​ព្រលឹង​ខ្ញុំ​សោកសៅ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រលឹង​ខ្ញុំ​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​កូន​ប្រុស​ខ្ញុំ​ដែរ ដោយ​សារ​ផ្នែក​នៃ​ពូជ​របស់​វា​នោះ ដែល​នឹង​ត្រូវ​បាន​យក​ទៅ​ឯ​ព្រះ។

 ២៦ ឥឡូវ​នេះ មើល​ចុះ នេះ​គឺជា​វាចា​របស់​យ៉ាកុប។

 ២៧ ហើយ​ឥឡូវ​នេះ តើន​រណា​ដឹង​បាន​ថា សំណល់​នៃ​ពូជ​យ៉ូសែប ដែល​នឹង​ត្រូវ​វិនាស​ដូច​អាវ​របស់​លោក​នោះ តើ​មិនមែន​ជា​ពួក​អ្នក​ដែល​បាន​បែកបាក់​ចេញ​ពី​យើង​នោះ​ទេ​ឬ​អី? មែន​ហើយ វា​គឺជា​ពួក​យើង​ដែរ បើ​សិន​ជា​យើង​ពុំ​ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ។

 ២៨ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​មរ៉ូណៃ​បាន​ពោល​ពាក្យ​ទាំង​នេះ​ហើយ នោះ​លោក​បាន​ចាក​ចេញ​ទៅ ហើយ​ក៏​បាន​ចាត់​ឲ្យ​មនុស្ស​ទៅ​គ្រប់​ទិសទី​ក្នុង​ដែនដី ត្រង់​កន្លែង​ណា​ដែល​មាន​ការ​បែកបាក់​គ្នា ហើយ​ប្រជុំ​អស់​ទាំង​ប្រជាជន ដែល​ចង់​រក្សា​ឥស្សរភាព​របស់​គេ ឲ្យ​តតាំង​នឹង​អាម៉ាលិកាយ និង​ពួក​អ្នក​ដែល​បាន​បែកបាក់​គ្នា​ចេញ ដែល​ត្រូវ​បាន​ហៅ​ថា ពួក​សាសន៍​អាម៉ាលិកាយ។

 ២៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាម៉ាលិកាយ​បាន​ឃើញ​ថា ប្រជាជន​របស់​មរ៉ូណៃ មាន​ចំនួន​ច្រើន​ជាង​ពួក​សាសន៍​អាម៉ាលិកាយ — ព្រម​ទាំង​បាន​ឃើញ​ថា ប្រជាជន​របស់​វា​សង្ស័យ​អំពី​សេចក្ដី​យុត្តិធម៌ នៃ​ហេតុ​ដែល​គេ​បាន​ធ្វើ — ហេតុ​ដូច្នេះ​ហើយ ដោយ​ខ្លាចក្រែង​វា​ពុំ​អាច​សម្រេច​គោលបំណង​របស់​វា​បាន នោះ​វា​បាន​នាំ​ប្រជាជន​របស់​វា ដែល​ចង់​តាម​វា ហើយ​បាន​ចេញ​ដំណើរ​ចូល​ទៅ​ក្នុង​ដែនដី​នីហ្វៃ។

 ៣០ ឥឡូវ​នេះ មរ៉ូណៃ​បាន​គិត​ថា មិន​គួរ​ឲ្យ​ពួក​សាសន៍​លេមិន​មាន​កម្លាំង​ថែម​ឡើង​ទេ ហេតុ​ដូច្នេះ​ហើយ លោក​បាន​គិត​ថា ត្រូវ​ស្កាត់​ផ្លូវ​ប្រជាជន​អាម៉ាលិកាយ ឬ​ត្រូវ​ចាប់​ពួក​នេះ ហើយ​នាំ​ត្រឡប់​មក​វិញ ហើយ​ត្រូវ​ប្រហារ​អាម៉ាលិកាយ​ចោល មែន​ហើយ ព្រោះ​លោក​បាន​ដឹង​ថា វា​នឹង​ចាក់​រុក​ពួក​សាសន៍​លេមិន​ឲ្យ​ខឹង​នឹង​ពួក​គេ ហើយ​បណ្ដា​ល​ឲ្យ​ពួក​នោះ​មក​ច្បាំង​នឹង​ពួក​គេ ហើយ​លោក​បាន​ដឹង​ថា អាម៉ាលិកាយ​ធ្វើ​ការ​នេះ ដើម្បី​វា​អាច​សម្រេច​នូវ​គោលបំណង​របស់​វា។

 ៣១ ហេតុ​ដូច្នេះ​ហើយ មរ៉ូណៃ​បាន​គិត​ថា ជា​ការ​ចាំ​បាច់​ថា លោក​ត្រូវ​នាំ​ពល​ទ័ព​របស់​លោក ដែល​បាន​ប្រមូល​គ្នា​មក ហើយ​បាន​ប្រដាប់​ខ្លួន​ដោយ​អាវុធ ហើយ​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ថា នឹង​រក្សា​សេចក្ដី​សុខសាន្ត — ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​នាំ​កងទ័ព​របស់​លោក ហើយ​បាន​យក​ទង់​របស់​លោក​ដើរ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ដើម្បី​ទៅ​ស្កាត់​ផ្លូវ​របស់​អាម៉ាលិកាយ​នៅ​ក្នុង​ទី​រហោស្ថាន។

 ៣២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ធ្វើ​តាម​បំណង​របស់​លោក ហើយ​បាន​ដើរ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​បាន​ស្ទាក់​មុខ​ពល​ទ័ព​របស់​អាម៉ាលិកាយ។

 ៣៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាម៉ាលិកាយ​បាន​រត់គេច​ខ្លួន​ចេញ​ជាមួយ​នឹង​ទ័ព​របស់​វា​មួយ​ចំនួន​តូច ឯ​ប្រជាជន​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មរ៉ូណៃ ហើយ​ត្រូវ​នាំ​ត្រឡប់​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា​វិញ។

 ៣៤ ឥឡូវ​នេះ មរ៉ូណៃ​គឺជា​មនុស្ស​ដែល​បាន​តែងតាំង​ឡើង ដោយ​មេ​ចៅក្រម​ទាំង​ឡាយ និង​ដោយ​សំឡេង​ប្រជាជន ហេតុដូច្នេះ​ហើយ លោក​មាន​អំណាច​បញ្ជា​ពល​ទ័ព​សាសន៍​នីហ្វៃ​តាម​បំណង​របស់​លោក ដើម្បី​តាំង ហើយ​អនុវត្ត​សិទ្ធិ​អំណាច​ទៅ​លើ​ពួក​គេ។

 ៣៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​អាម៉ាលិកាយ​ណា ដែល​មិន​ព្រម​ចូល​ក្នុង​សេចក្ដី​សញ្ញា ដើម្បី​គាំទ្រ​សិទ្ធិ​នៃ​សេរីភាព គឺ​ដើម្បី​ពួក​គេ​អាច​រក្សា​នូវ​រដ្ឋាភិបាល​សេរី​មួយ​ទេ នោះ​លោក​បាន​បញ្ជា​ឲ្យ​យក​ទៅ​ប្រហារជីវិត​ចោល ហើយ​មាន​មនុស្ស​ចំនួន​តិច ដែល​មិន​ព្រម​ចូល​ក្នុង​សេចក្ដី​សញ្ញា​នៃ​សេរីភាព។

 ៣៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ផង​ដែរ​ថា លោក​បាន​បញ្ជា​ឲ្យ​គេ​ដំ​ឡើង​ទង់​ឥស្សរភាព​ឡើង​នៅ​លើ​គ្រប់​ប៉ម​នៅ​អស់​ទាំង​ដែនដី ដែល​ពួក​សាសន៍​នីហ្វៃ​គ្រង​លើ ម្ល៉ោះ​ហើយ មរ៉ូណៃ​បាន​ដោត​ទង់​ឥស្សរភាព​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ។

 ៣៧ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​សេចក្ដី​សុខសាន្ត​ទៀត​នៅ​លើ​ដែនដី ម្ល៉ោះ​ហើយ ពួក​គេ​បាន​រក្សា​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី រហូត​ដល់​ជិត​ចប់​ឆ្នាំ​ទី​ដប់​ប្រាំបួន​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម។

 ៣៨ ហើយ​ហេលេមិន និង​ពួក​សង្ឃ​ជាន់​ខ្ពស់ បាន​រក្សា​របៀបរៀបរយ​នៅ​ក្នុង​សាសនាចក្រ​ផង​ដែរ មែន​ហើយ គឺ​រហូត​ដល់​អស់​រយៈ​ពេល​បួន​ឆ្នាំ ពួក​គេ​មាន​សេចក្ដី​សុខសាន្ត និង​សេចក្ដី​អរ​រីករាយ​ដ៏​ច្រើន​នៅ​ក្នុង​សាសនាចក្រ។

 ៣៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ទៅ​ដោយ​ជឿជាក់​ថា ព្រលឹង​របស់​គេ​ត្រូវ​បាន​ប្រោស​លោះ​ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ម្ល៉ោះ​ហើយ ពួក​គេ​បាន​លាចាក​លោក​នេះ​ទៅ​ដោយ​សេចក្ដី​អរ​រីករាយ។

 ៤០ ហើយ​មាន​អ្នក​ខ្លះ​ដែល​បាន​ស្លាប់​ដោយ​គ្រុន ដែល​កើត​មាន​ជា​ញឹកញាប់​នៅ​ក្នុង​ដែនដី គឺ​នៅ​រដូវ​ខ្លះ​ក្នុង​ឆ្នាំ — ប៉ុន្តែ​គ្រុន​ទាំង​នេះ​មិន​ធ្វើ​ឲ្យ​ស្លាប់​ច្រើន​គ្នា​ទេ ដោយ​ព្រោះ​គុណ​ភាព​ដ៏​ប្រសើរ​របស់​ដើម​ឈើ និង​ឫស​ឈើ​ជា​ច្រើន​ដែល​ព្រះ​ទ្រង់​បាន​រៀបចំ​ឲ្យ​មាន ដើម្បី​កម្ចាត់​ដើមហេតុ​នៃ​ជំងឺ​ទាំង​ឡាយ ដែល​កើត​ដល់​មនុស្ស​ដោយ​សារ​ធម្មជាតិ​នៃ​ធាតុអាកាស —

 ៤១ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន ដែល​ស្លាប់​ដោយ​ចាស់ជរា ហើយ​អស់​អ្នក​ណា​ដែល​ស្លាប់​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ បាន​សប្បាយ​ក្នុង​ទ្រង់ ដូច​យើង​ត្រូវ​សន្និដ្ឋាន​ដូច្នោះ៕