គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ជំពូក​ទី ៥៧

ហេលេមិន​រៀប​រាប់​អំពី​ការ​វាយ​យក​ក្រុង​អាន់ទីប៉ារ៉ា​មក​វិញ និង​ការ​ចុះ​ចូល ហើយ​បន្ទាប់​មក អំពី​កិច្ចការ​ពារ​ក្រុង​គូមេណៃ — យុវជន​សាសន៍​អាំម៉ូន​ទាំង​ឡាយ​របស់​លោក​ប្រយុទ្ធ​យ៉ាង​អង់​អាច ហើយ​ទាំង​អស់​គ្នា​ត្រូវ​របួស តែ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​ស្លាប់​ឡើយ — គីឌ រាយការណ៍​អំពី​ការ​កាប់​សម្លាប់ និង​ការ​រត់​រួច​នៃ​ពួក​ឈ្លើយ​សាសន៍​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៦៣ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​អាំម៉ូរ៉ុន ដែល​ជា​ស្ដេច​ចែង​ថា បើ​សិន​ជា​ខ្ញុំ​ព្រម​ដោះ​លែង​ពួក​ឈ្លើយ​សឹក ដែល​យើង​ចាប់​បាន​ទាំង​នោះ ទ្រង់​នឹង​ប្រគល់​ទី​ក្រុង​អាន់ទីប៉ារ៉ា​មក​ឲ្យ​យើង។

 ២ ប៉ុន្តែ ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ទៅ​ស្ដេច​ថា ពួក​យើង​ដឹង​ច្បាស់​ថា កង​កម្លាំង​របស់​យើង​មាន​គ្រប់​គ្រាន់ ដើម្បី​វាយ​យក​ទី​ក្រុង​អាន់ទីប៉ារ៉ា​ដោយ​កម្លាំង​របស់​យើង ហើយ​ការ​ដោះ​លែង​ពួក​ឈ្លើយ ដើម្បី​ប្ដូរ​យក​ទី​ក្រុង នោះ​យើង​គិត​ថា​ជា​ឆោត​ទៅ​វិញ ហើយ​យើង​គ្រាន់តែ​ចង់​ដោះ​លែង​ពួក​ឈ្លើយ​របស់​យើង ដើម្បី​ប្ដូរ​ឈ្លើយ​តែប៉ុណ្ណោះ។

 ៣ ហើយ​អាំម៉ូរ៉ុន​ជំទាស់​សំបុត្រ​របស់​ខ្ញុំ ព្រោះ​ទ្រង់​មិន​ព្រម​ប្ដូរ​ពួក​ឈ្លើយ​ទេ ហេតុ​ដូច្នេះ​ហើយ យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​រៀប​ចំ​ដើម្បី​ទៅ​វាយ​យក​ទី​ក្រុង​អាន់ទីប៉ារ៉ា។

 ៤ ប៉ុន្តែ​ទ័ព​របស់​អាន់​ទី​ប៉ា​រ៉ា បាន​ចាក​ចេញ​ពី​ទី​ក្រុង ហើយ​បាន​រត់​ភៀស​ទៅ​ទី​ក្រុង​ឯ​ទៀត ដែល​ជា​របស់​គេ ដើម្បី​ពង្រឹង​កម្លាំង​ពួក​គេ ហើយ​ទី​ក្រុង​អាន់ទីប៉ារ៉ា​ត្រូវ​បាន​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​ពួក​យើង​បែប​នេះ។

 ៥ ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ម្ភៃ​ប្រាំបី​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ។

 ៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ដើម​ឆ្នាំ​ទី​ម្ភៃ​ប្រាំបួន ពួក​យើង​បាន​ទទួល​ស្បៀង​មួយ​ចំនួន ព្រម​ទាំង​កងទ័ព​បន្ថែម​ឲ្យ​យើង​ផង​ពី​ដែនដី​សារ៉ាហិមឡា និង​ពី​ដែនដី​ដែល​នៅ​ព័ទ្ធជុំវិញ ដល់​មាន​ចំនួន​ប្រាំមួយ​ពាន់​នាក់ ក្រៅ​ពី​នោះ មាន​កូន​ប្រុស​សាសន៍​អាំម៉ូន​ហុកសិប​នាក់​បាន​មក​រួបរួម​នឹង​បង​ប្អូន​របស់​គេ គឺជា​ក្រុម​តូច​ពីរ​ពាន់​ក្មេង​តូច​របស់​ខ្ញុំ។ ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​មាន​កម្លាំង មែន​ហើយ ហើយ​យើង​មាន​ស្បៀង​បរិបូរ ដែល​នាំ​មក​ឲ្យ​យើង។

 ៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​មាន​បំណង​ចង់​ទៅ​ប្រយុទ្ធ​នឹង​កងទ័ព ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ការ​ពារ​ទី​ក្រុង​គូមេណៃ។

 ៨ ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​នឹង​បង្ហាញ​ដល់​បង​ថា យើង​បាន​សម្រេច​បំណង​យើង​ក្នុង​ពេល​ដ៏​ខ្លី មែន​ហើយ ដោយ​មាន​កង​កម្លាំង​ដ៏​ខ្លាំង ឬ​ដោយ​ផ្នែក​មួយ​នៃ​កង​កម្លាំង​ដ៏​ខ្លាំង​របស់​យើង ពួក​យើង​បាន​ព័ទ្ធជុំវិញ​ទី​ក្រុង​គូមេណៃ​ក្នុង​ពេល​យប់ គឺ​មុន​ពេល​មួយ​ភ្លែត ដែល​ពួក​គេ​ទទួល​ស្បៀង​បន្ថែម។

 ៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​បោះជំរំ​ជុំវិញ​ទី​ក្រុង​នោះ​អស់​ជា​ច្រើន​យប់ ប៉ុន្តែ​យើង​បាន​ដេក​កើយ​ដាវ​របស់​យើង ហើយ​ចាំ​យាម​ដើម្បី​កុំ​ឲ្យ​ពួក​លេមិន​អាច​វាយប្រហារ​យើង​នៅ​ពេល​យប់ ហើយ​សម្លាប់​យើង​បាន ដែល​ពួក​គេ​បាន​ប៉ុនប៉ង​ជា​ច្រើន​លើក ប៉ុន្តែ​អស់​ជា​ច្រើន​លើក​ដែល​ពួក​គេ​ប៉ុនប៉ង​នោះ ឈាម​របស់​គេ​ត្រូវ​ខ្ចាយ។

 ១០ នៅ​ទី​បញ្ចប់ ស្បៀង​របស់​ពួក​គេ​បាន​មក​ដល់ ហើយ​ស្បៀង​ជិត​ចូល​ទៅ​ក្នុង​ទី​ក្រុង​នៅ​ពេល​យប់។ ហើយ​ពួក​យើង​ជា​ទ័ព​នីហ្វៃ​មិនមែន​ជា​ទ័ព​លេមិន​ទេ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​បាន​ចាប់​ពួក​គេ និង​ស្បៀង​របស់​គេ។

 ១១ ហើយ​ទោះ​បី​ពួក​លេមិន​ត្រូវ​កាត់​ផ្ដាច់​ពី​ការ​ផ្គត់ផ្គង់​តាម​របៀប​នេះ​ក៏​ដោយ គង់តែ​ពួក​គេ​នៅ​តែ​ប្ដេជ្ញា​ថា​នឹង​រក្សា​ទី​ក្រុង នោះ​ហេតុ​ដូច្នេះ​ហើយ ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​តែ​យក​ស្បៀង​ទាំង​នោះ ហើយ​បញ្ជូន​វា​ទៅ​ឯ​ក្រុង​យូដា រីឯ​ពួក​ឈ្លើយ​របស់​យើង ទៅ​ឯ​ដែនដី​សារ៉ាហិមឡា។

 ១២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មិន​យូរ​ថ្ងៃ​ប៉ុន្មាន ពួក​លេមិន​ក៏​ចាប់​ផ្ដើម​អស់​សេចក្ដី​សង្ឃឹម​ថា​បាន​ជំនួយ ហេតុដូច្នេះ​ហើយ ពួក​គេ​បាន​ប្រគល់​ទី​ក្រុង​នោះ​ដល់​ដៃ​យើង ម្ល៉ោះ​ហើយ យើង​បាន​សម្រេច​ផែន​ការ​របស់​យើង​ក្នុង​ការ​យក​ទី​ក្រុង​គូមេណៃ។

 ១៣ ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​ឈ្លើយ​របស់​យើង មាន​ចំនួន​ច្រើន​ពេក ទោះ​ជា​ពួក​យើង​មាន​ចំនួន​ច្រើន​សម្បើម​ក្ដី គង់តែ​ពួក​យើង​ត្រូវ​បង្ខំ​ឲ្យ​ប្រើ​កង​កម្លាំង​យើង​ទាំង​អស់ ដើម្បី​យាម​ពួក​គេ ឬ​ក៏​យក​ពួក​គេ​ទៅ​ប្រហារជីវិត​ចោល។

 ១៤ ត្បិត​មើល​ចុះ ពួក​គេ​បាន​បះបោរ​ក្នុង​ចំនួន​ជា​ច្រើន​នាក់ ហើយ​បាន​ប្រយុទ្ធ​ដោយ​ប្រើ​ថ្ម និង​ដំបង ឬ​វត្ថុ​ណា​ក្ដី​ដែល​គេ​អាច​រក​បាន​មក​ក្នុង​ដៃ​គេ ដរាប​ដល់​យើង​បាន​សម្លាប់​ពួក​គេ​អស់​ជាង​ពីរ​ពាន់​នាក់ ក្រោយ​ពី​ពួក​គេ​បាន​ចុះ​ចាញ់​ធ្វើ​ជា​ឈ្លើយ​សឹក។

 ១៥ ហេតុ​ដូច្នេះ​ហើយ ជា​ការ​ចាំ​បាច់​សម្រាប់​យើង ដែល​យើង​ត្រូវ​បញ្ចប់​ជីវិត​គេ ឬ​យាម​គេ​ដោយ​ដាវ​នៅ​ក្នុង​ដៃ​ចុះ​ទៅ​ដែនដី​សារ៉ាហិមឡា ហើយ​ស្បៀង​របស់​យើង​ផង ក៏​មិន​មាន​លើស​ពី​គ្រប់​គ្រាន់​សម្រាប់​តែ​ទ័ព​យើង ទោះ​ជា​មាន​ទាំង​ស្បៀង​ដែល​យើង​យក​បាន​ពី​ពួក​លេមិន​ក្ដី។

 ១៦ ហើយ​ឥឡូវ​នេះ នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​នេះ វា​ក្លាយ​ទៅ​ការណ៍​មួយ​ដ៏​សែន​សំខាន់​ថា​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា អំពី​ពួក​ឈ្លើយ​សឹក​ទាំង​នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​យើង​បាន​សម្រេច​ថា នឹង​បញ្ជូន​ពួក​គេ​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា​ដែរ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​បាន​រើស​ទ័ព​របស់​យើង​មួយ​ភាគ ហើយ​បាន​ប្រគល់​ភារៈ​ឲ្យ​គេ​នាំ​ពួក​ឈ្លើយ​របស់​យើង ចុះ​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា។

 ១៧ ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង ពួក​គេ​បាន​ត្រឡប់​មក​វិញ។ ហើយ​ឥឡូវ​នេះ មើល​ចុះ ពួក​យើង​មិន​បាន​សួរ​គេ​អំពី​ពួក​ឈ្លើយ​របស់​យើង​ទេ ត្បិត​មើល​ចុះ ពួក​លេមិន​កំពុងតែ​វាយប្រហារ​យើង ហើយ​ពួក​គេ​បាន​ត្រឡប់​មក​វិញ​ចំ​ពេល​ដើម្បី​ជួយសង្គ្រោះ​យើង កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​វា។ ត្បិត​មើល​ចុះ អាំម៉ូរ៉ុន​បាន​បញ្ជូន​មក​ជួយ​ពួក​វា​នូវ​ស្បៀង និង​ទ័ព​មួយ​កង​ដ៏​ច្រើន​ផង។

 ១៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ័ព​ដែល​យើង​ចាត់​ឲ្យ​នាំ​ពួក​ឈ្លើយ​ទៅ​នោះ បាន​មក​ដល់​ទាន់​ពេល​ដើម្បី​បញ្ឈប់​ពួក​វា នៅ​ពេល​ពួក​វា​ជិត​យកជ័យ​ជម្នះ​លើ​ពួក​យើង។

 ១៩ ប៉ុន្តែ​មើល​ចុះ ក្រុម​តូច​ពីរ​ពាន់​ហុកសិប​នាក់​របស់​ខ្ញុំ បាន​ប្រយុទ្ធ​យ៉ាង​ប្ដូរ​ផ្ដាច់ មែន​ហើយ ពួក​គេ​រឹងប៉ឹង​នៅ​ចំពោះ​ពួក​លេមិន ហើយ​បាន​ធ្វើ​ឲ្យ​ស្លាប់​ដល់​អស់​ពួក​ណា​ដែល​មក​តតាំង​នឹង​គេ។

 ២០ ហើយ​នៅ​ពេល​កងទ័ព​របស់​យើង ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ជិត​បើក​ផ្លូវ​ឲ្យ​មុខ​ពួក​លេមិន មើល​ចុះ ពួក​ពីរ​ពាន់​ហុកសិប​នាក់​នោះ​នៅ​រឹងប៉ឹង ហើយ​ក្លាហាន​យ៉ាង​ប្ដូរ​ផ្ដាច់។

 ២១ មែន​ហើយ ហើយ​ពួក​គេ​បាន​គោរព ហើយ​ប្រតិបត្តិ​តាម​គ្រប់​ពាក្យ​បញ្ជា​ដោយ​ត្រូវ​ឥត​ល្អៀង មែន​ហើយ ហើយ​គឺ​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ ដែល​បណ្ដាល​ឲ្យ​គេ​ធ្វើ​យ៉ាង​នេះ ហើយ​ខ្ញុំ​បាន​ចាំ​នូវ​ពាក្យ​ពេចន៍​ដែល​គេ​បាន​និយាយ​មក​ខ្ញុំ​ថា ម្ដាយ​របស់​គេ​បាន​បង្រៀន​ពួក​គេ។

 ២២ ហើយ​ឥឡូវ​នេះ មើល​ចុះ គឺ​ដោយ​សារ​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​នេះ និង​ទ័ព​ដែល​ត្រូវ​បាន​រើស​ឲ្យ​នាំ​ពួក​ឈ្លើយ ចំពោះ​អ្នក​ទាំង​នេះ​ហើយ​ដែល​ពួក​យើង​ជំពាក់​ជ័យ​ជម្នះ​ដ៏​ធំ​នេះ ព្រោះ​គឺ​ពួក​គេ​នេះ​ហើយ​ដែល​បាន​ឈ្នះ​លើ​ពួក​លេមិន ហេតុ​ដូច្នេះ​ហើយ ពួក​វា​ត្រូវ​បាន​រុញច្រាន​ឲ្យ​ថយ​ទៅ​ឯ​ទី​ក្រុង​ម៉ាន់តៃ​វិញ។

 ២៣ ហើយ​យើង​បាន​រក្សា​ទី​ក្រុង​គូមេណៃ​របស់​យើង​ទុក ហើយ​ពុំ​ត្រូវ​បំផ្លាញ​អស់​ដោយ​ដាវ​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​បាន​រង​ការ​បាត់បង់​ដ៏​ធំ។

 ២៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​លេមិន​បាន​រត់​ទៅ ខ្ញុំ​បាន​ចេញ​បញ្ជា​ភ្លាម​ថា ទ័ព​របស់​ខ្ញុំ​ដែល​ត្រូវ​របួស នោះ​ត្រូវ​យក​ចេញ​ពី​ក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​ត្រូវ​រុំ​អប​មុខរបួស​ឲ្យ​គេ។

 ២៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ចំនួន​ពីរ​រយ​នាក់​នៅ​ក្នុង​ចំណោម​ពីរ​ពាន់​ហុកសិប​នាក់​របស់​ខ្ញុំ​ដែល​ត្រូវ​សន្លប់ ដោយ​សារ​អស់​ឈាម ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ស្រប​តាម​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ និង​ចំពោះ​សេចក្ដី​អស្ចារ្យ​របស់​យើង​ជា​ខ្លាំង និង​ចំពោះ​សេចក្ដី​អំណរ​របស់​កងទ័ព​យើង​ទាំង​មូល​ផង នោះ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​វិនាស​ឡើយ មែន​ហើយ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែល​ពុំ​មាន​របួស​ច្រើន​ដែរ។

 ២៦ ហើយ​ឥឡូវ​នេះ ការណ៍​ដែល​គេ​ត្រូវ​បាន​រក្សា​ឲ្យ​គង់​វង់ គឺជា​ការណ៍​មួយ​ដ៏​គួរ​ឲ្យ​ឆ្ងល់​ដល់​កងទ័ព​យើង​ទាំង​មូល មែន​ហើយ ថា​ពួក​គេ​ត្រូវ​បាន​សំចៃ​ទុក នៅ​ពេល​ដែល​បង​ប្អូន​យើង​មួយ​ពាន់​នាក់​ត្រូវ​ស្លាប់។ ហើយ​យើង​សន្មត​ដោយ​ត្រឹម​ត្រូវ​ថា ការណ៍​នេះ​គឺ​មក​ពី​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​នៃ​ព្រះ ដោយ​សារ​សេចក្ដី​ជំនឿ​ដ៏​លើសលប់​របស់​គេ​នៅ​ក្នុង​អ្វីៗ ដែល​ពួក​គេ​ត្រូវ​បាន​បង្រៀន​ឲ្យ​ជឿ — ថា​មាន​ព្រះ​ដ៏​យុត្តិធម៌​មួយ​អង្គ ហើយ​អស់​អ្នក​ណា​ដែល​មិន​សង្ស័យ អ្នក​នោះ​នឹង​ត្រូវ​បាន​រក្សាទុក​ឲ្យ​គង់វង្ស​ដោយ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​របស់​ទ្រង់។

 ២៧ ឥឡូវ​នេះ នេះ​គឺជា​សេចក្ដី​ជំនឿ​នៃ​ពួក​អ្នក​ទាំង​នេះ ដែល​ខ្ញុំ​បាន​និយាយ​មក​នេះ ពួក​គេ​នៅ​ក្មេង ហើយ​គំនិត​គេ​រឹងប៉ឹង ហើយ​ពួក​គេ​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​រហូត។

 ២៨ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​យើង​បាន​ថែទាំ​ដល់​ពួក​អ្នក​របួស​របស់​យើង ហើយ​បាន​បញ្ចុះ​ពួក​អ្នក​ស្លាប់ និង​ពួក​លេមិន​ដែល​ស្លាប់ ដែល​មាន​ច្រើន​ហើយ មើល​ចុះ យើង​បាន​សួរ គីឌ អំពី​ពួក​ឈ្លើយ ដែល​ពួក​គេ​បាន​ចាប់​ផ្ដើម​នាំ​ចុះ​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា​នោះ។

 ២៩ ឥឡូវ​នេះ គីឌ គឺជា​មេទ័ព​ឯក​លើ​ក្រុម​ទ័ព​ដែល​ត្រូវ​ចាត់​ឲ្យ​យាម​ពួក​គេ​នាំ​ចុះ​ទៅ​ដែនដី​នោះ។

 ៣០ ហើយ​ឥឡូវ​នេះ នេះ​គឺជា​ពាក្យ​ពេចន៍​ដែល​គីឌ​បាន​និយាយ​មក​ខ្ញុំ ៖ មើល​ចុះ យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចុះ​ទៅ​ដែនដី​សារ៉ាហិមឡា​ជាមួយ​នឹង​ពួក​ឈ្លើយ​របស់​យើង។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​ជួប​នឹង​ពួក​អ្នក​ស៊ើប​ការណ៍​នៃ​ពល​ទ័ព​របស់​យើង ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ឃ្លាំ​មើល​ជំរំ​របស់​ពួក​លេមិន។

 ៣១ ហើយ​ពួក​គេ​បាន​ស្រែក​ប្រាប់​យើង​ថា — មើល​ចុះ ពល​ទ័ព​សាសន៍​លេមិន​កំពុង​លើក​សំដៅ​ទៅ​ឯ​ទី​ក្រុង​គូមេណៃ ហើយ​មើល​ចុះ ពួក​វា​នឹង​វាយប្រហារ​ពួក​គេ មែន​ហើយ ហើយ​នឹង​បំផ្លាញ​ប្រជាជន​របស់​យើង​ចោល។

 ៣២ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​ឈ្លើយ​របស់​យើង​បាន​ឮ​សម្រែក​ទាំង​ឡាយ​របស់​ពួក​គេ ដែល​បាន​ធ្វើ​ឲ្យ​ពួក​វា​ឡើង​ចិត្ត​ក្លាហាន ហើយ​ពួក​វា​បាន​បះបោរ​ឡើង​ប្រឆាំង​នឹង​យើង។

 ៣៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង គឺ​ដោយ​មក​ពី​ការ​បះបោរ​របស់​ពួក​គេ ទើប​យើង​បាន​ប្រើ​ដាវ​របស់​យើង​ប្រយុទ្ធ​នឹង​គេ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ផ្ដុំ​គ្នា​ជា​ក្រុមៗ រត់​មក​បុក​នឹង​ដាវ​របស់​ពួក​យើង នៅ​ក្នុង​ការ​ធ្វើ​នេះ ពួក​គេ​ចំនួន​ច្រើន​ត្រូវ​ស្លាប់ ឯ​ពួក​គេ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន បាន​បែក​ចេញ ហើយ​រត់គេច​ចេញ​ពី​យើង​ទៅ។

 ៣៤ ហើយ​មើល​ចុះ កាល​ពួក​គេ​បាន​រត់គេច​ទៅ ហើយ​ពួក​យើង​មិន​អាច​តាម​គេ​ទាន់ នោះ​យើង​បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​ឆ្ពោះ​មក​ឯ​ទី​ក្រុង​គូមេណៃ ហើយ​មើល​ចុះ យើង​បាន​មក​ដល់​ទាន់​ពេល ដើម្បី​យើង​អាច​ជួយ​បង​ប្អូន​យើង​ក្នុង​ការ​រក្សា​ទី​ក្រុង​នេះ​ទុក​ឲ្យ​គង់។

 ៣៥ ហើយ​មើល​ចុះ ពួក​យើង​ត្រូវ​បាន​ដោះ​លែង​ជា​ថ្មី​ទៀត ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​យើង។ ហើយ​សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ​ពរ ត្បិត​មើល​ចុះ គឺ​ទ្រង់​នេះ​ហើយ​ដែល​បាន​ដោះ​លែង​ពួក​យើង​ឲ្យ​រួច មែន​ហើយ ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​ធំ​នេះ​ដល់​យើង។

 ៣៦ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ គឺ​ហេលេមិន បាន​ឮ​ពាក្យ​ទាំង​នេះ​ពី​គីឌ​ហើយ នោះ​ខ្ញុំ​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ដ៏​លើសលប់ ដោយ​សារ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​ក្នុង​ការ​រក្សា​យើង​ទុក​ឲ្យ​គង់ ដើម្បី​កុំ​ឲ្យ​យើង​វិនាស​ទាំង​អស់​គ្នា មែន​ហើយ ហើយ​ខ្ញុំ​ជឿ​ថា ព្រលឹង​របស់​ពួក​អ្នក​ដែល​បាន​ស្លាប់​ទៅ នោះ​បាន​ចូល​ទៅ​ក្នុង​ទី​សម្រាក​នៃ​ព្រះ​របស់​ពួក​គេ​ហើយ៕