គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

ជំពូក​ទី ៥៨

ហេលេមិន គីឌ និង​ទីអុមណើរ​ដណ្ដើមយក​ទី​ក្រុង​ម៉ាន់តៃ​ដោយ​ឧបាយ​សឹក​មួយ — ពួក​លេមិន​ដកថយ — កូន​ប្រុស​ទាំង​ឡាយ​របស់​ប្រជាជន​អាំម៉ូន ត្រូវ​បាន​ថែរក្សា​ទុក​ឲ្យ​គង់​ក្នុង​កាល​ពួក​គេ​ឈរ​យ៉ាង​រឹងប៉ឹង​ក្នុង​កិច្ចការ​ពារ​ឥស្សរភាព និង​សេចក្ដី​ជំនឿ​របស់​គេ។ ប្រមាណ​ជា​ឆ្នាំ ៦៣–៦២ ម.គ.ស.។

 ១ ហើយ​មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ទិសដៅ​បន្ទាប់​របស់​យើង គឺ​យក​ទី​ក្រុង​ម៉ាន់តៃ ប៉ុន្តែ​មើល​ចុះ គ្មាន​មធ្យោបាយ​ណា​ដែល​យើង​អាច​នាំ​ពួក​គេ​ឲ្យ​ចេញ​ពី​ទី​ក្រុង ដោយ​ក្រុម​ទ័ព​តូច​របស់​យើង​បាន​ទេ។ ត្បិត​មើល​ចុះ ពួក​គេ​ចាំ​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ​ពី​មុន ហេតុ​ដូច្នេះ​ហើយ ពួក​យើង​មិន​អាច​បញ្ឆោត​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ទីតាំង​ការ​ពារ​របស់​ពួក​គេ​បាន​ឡើយ។

 ២ ហើយ​ពួក​គេ​មាន​ចំនួន​ច្រើន​ជាង​កងទ័ព​យើង នាំ​ឲ្យ​យើង​មិន​ហ៊ាន​ទៅ​វាយប្រហារ​ពួក​គេ នៅ​ក្នុង​ទីតាំង​ការ​ពារ​របស់​គេ​ទេ។

 ៣ មែន​ហើយ ហើយ​វា​បាន​ក្លាយ​ទៅ​ជា​ការ​ចាំ​បាច់​ថា ពួក​យើង​ត្រូវ​ប្រើ​ទ័ព​យើង​ក្នុង​ការ​រក្សា​ផ្នែក​ទាំង​ឡាយ​នៃ​ដែនដី​ដែល​យើង​យក​បាន​មក​វិញ ហេតុ​ដូច្នេះ​ហើយ វា​បាន​ក្លាយ​ទៅ​ជា​ការ​ចាំ​បាច់​ថា យើង​ត្រូវ​រង់ចាំ​ដើម្បី​យើង​អាច​ទទួល​កម្លាំង​បន្ថែម​ពី​ដែនដី​សារ៉ាហិមឡា ព្រម​ទាំង​ស្បៀង​ថ្មី​ផង។

 ៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេតុ​នោះ ខ្ញុំ​បាន​បញ្ជូន​សារ​ទូត​មួយ ទៅ​ឯ​លោក​អភិបាល​របស់​ដែនដី​យើង ដើម្បី​រាយ​ការណ៍​ជម្រាប​លោក អំពី​កិច្ចការ​ទាំង​ឡាយ​របស់​ទ័ព​យើង។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​រង់ចាំ​ទទួល​ស្បៀង និង​កម្លាំង​ពី​ដែនដី​សារ៉ាហិមឡា។

 ៥ ប៉ុន្តែ​មើល​ចុះ ការណ៍​នេះ​គ្មាន​បាន​ប្រយោជន៍​ដល់​យើង​សោះ គ្រាន់តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ព្រោះ​ពួក​លេមិន​ក៏​ទទួល​កម្លាំង​ដ៏​ច្រើន​រាល់​ថ្ងៃ និង​ស្បៀង​ជា​ច្រើន​ផង ម្ល៉ោះ​ហើយ នេះ​គឺជា​កាលៈទេសៈ​របស់​យើង​នៅ​រយៈ​ពេល​នោះ។

 ៦ ហើយ​ពួក​លេមិន​បាន​ស្ទុះ​ចេញ​មក​វាយ​យើង​ម្ដង​ម្កាល ដោយ​ប្ដេជ្ញា​ថា​នឹង​បំផ្លាញ​យើង​បង់ ដោយ​ប្រើ​ឧបាយ​សឹក ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​មិន​អាច​ទៅ​ច្បាំង​នឹង​ពួក​គេ​បាន​ទេ ព្រោះ​គេ​ថយ​ទៅ​ក្នុង​ទី​ជម្រក និង​ទីតាំង​ការ​ពារ​របស់​គេ​វិញ។

 ៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​រង់ចាំ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​ទាំង​នេះ អស់​រយៈ​ពេល​ជា​ច្រើន​ខែ រហូត​ដល់​យើង​ជិត​វិនាស​បង់​ដោយ​អត់​អាហារ។

 ៨ ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ទទួល​អាហារ​ដែល​នាំ​មក​ឲ្យ​យើង ដោយ​ទ័ព​មួយ​កង​ចំនួន​ពីរ​ពាន់​នាក់ ដើម្បី​ជា​ជំនួយ​ដល់​យើង ហើយ​នេះ​គឺជា​ជំនួយ​ទាំង​អស់ ដែល​យើង​បាន​ទទួល​ដើម្បី​ការ​ពារ​ខ្លួន​យើង និង​ប្រទេស​របស់​យើង កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង មែន​ហើយ ដើម្បី​តតាំង​នឹង​កងទ័ព​មួយ​ដែល​ច្រើន​ឥត​គណនា។

 ៩ ហើយ​ឥឡូវ​នេះ ហេតុ​ដែល​បណ្ដាល​ឲ្យ​យើង មាន​ការ​ពិបាក​ទាំង​នេះ ឬ​ហេតុ​អ្វី​ដែល​ពួក​គេ​មិន​បញ្ជូន​កម្លាំង​បន្ថែម​ឲ្យ​យើង នោះ​យើង​មិន​ដឹង​ទេ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​មាន​ទុក្ខ​ព្រួយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ការ​ភិតភ័យ​ផង ក្រែងលោ​ដោយ​មធ្យោបាយ​ណាមួយ នោះ​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ​នឹង​ធ្លាក់​មក​លើ​ដែនដី​យើង ធ្វើ​ឲ្យ​មាន​ការ​រលំ​រលើង និង​ការ​បំផ្លិច​បំផ្លាញ​ដល់​យើង​ទាំង​ស្រុង។

 ១០ ហេតុ​ដូច្នេះ​ហើយ យើង​បាន​ខិតខំ​អស់​ពី​ដួង​ចិត្ត​នៅ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះ សូម​ឲ្យ​ទ្រង់​ចម្រើន​កម្លាំង​ដល់​យើង ហើយ​ដោះ​លែង​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង មែន​ហើយ ហើយ​សូម​ប្រទាន​ដល់​យើង​ផង​ដែរ​នូវ​កម្លាំង ដើម្បី​យើង​អាច​រក្សា​ទី​ក្រុង​ទាំង​ឡាយ​ទុក និង​ដែនដី​ទាំង​ឡាយ​របស់​យើង ហើយ​ទ្រព្យសម្បត្តិ​របស់​យើង ដើម្បី​ចិញ្ចឹម​ប្រជាជន​យើង។

 ១១ មែន​ហើយ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ទ្រង់​បាន​យាង​មក​ជួប​យើង ដោយ​នូវ​ការ​អះអាង​ទាំង​ឡាយ​ថា ទ្រង់​នឹង​ដោះ​លែង​ពួក​យើង​ឲ្យ​រួច មែន​ហើយ ដរាប​ដល់​ទ្រង់​មាន​ព្រះ​បន្ទូល​នូវ​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​ពួក​យើង ហើយ​បាន​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​ជំនឿ​ដ៏​ធំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដល់​ការ​ដោះ​លែង​ពួក​យើង​ក្នុង​ទ្រង់។

 ១២ ហើយ​យើង​បាន​ឡើង​ចិត្ត​ក្លាហាន​ដោយ​នូវ​កង​កម្លាំង​ដ៏​តូច ដែល​យើង​បាន​ទទួល ហើយ​ប្ដេជ្ញា​ថា នឹង​យកជ័យ​ជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់​យើង ហើយ​នឹង​រក្សា​ដែនដី និង​ទ្រព្យសម្បត្តិ​របស់​យើង និង​ប្រពន្ធ​របស់​យើង និង​កូន​ចៅ​របស់​យើង និង​ឧត្ដម​គតិ​នៃ​ឥស្សរភាព​របស់​យើង​ឲ្យ​បាន។

 ១៣ ម្ល៉ោះ​ហើយ យើង​បាន​ចេញ​ទៅ​ដោយ​អស់​ពី​សមត្ថ​ភាព​របស់​យើង ទៅ​តតាំង​នឹង​ពួក​លេមិន ដែល​នៅ​ក្នុង​ទី​ក្រុង​ម៉ាន់តៃ ហើយ​យើង​បាន​បោះ​ត្រសាល​ជិត​ទី​រហោស្ថាន ដែល​នៅ​ជិត​ទី​ក្រុង​នោះ។

 ១៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង កាល​ពួក​លេមិន​បាន​ឃើញ​ថា យើង​នៅ​ក្នុង​ព្រំប្រទល់​ក្បែរ​ទី​រហោស្ថាន ដែល​នៅ​ជិត​ទី​ក្រុង​នោះ នោះ​ពួក​គេ​បាន​ចាត់​ឲ្យ​ពួក​អ្នក​ស៊ើប​ការណ៍​ទៅ​ជុំវិញ​យើង ក្រែង​ពួក​គេ​អាច​ដឹង​នូវ​ចំនួន និង​កម្លាំង​របស់​កង​ទ័ព​យើង។

 ១៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​ឃើញ​ថា យើង​ពុំ​មាន​កម្លាំង​ទេ ស្រប​តាម​ចំនួន​ទ័ព​របស់​យើង ហើយ​ដោយ​ខ្លាចក្រែង​យើង​នឹង​កាត់​ផ្ដាច់​ពួក​គេ​ពី​ជំនួយ លើក​លែងតែ​ពួក​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​យើង ហើយ​សម្លាប់​ពួក​យើង ហើយ​ដោយ​សន្និដ្ឋាន​ផង​ដែរ​ថា ពួក​គេ​អាច​បំផ្លាញ​យើង​ដោយ​ងាយ ដោយ​កងពល​ដ៏​ច្រើន​របស់​គេ ទើប​ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​រៀប​ចំ​ដើម្បី​ចេញ​មក​ច្បាំង​តតាំង​នឹង​យើង។

 ១៦ ហើយ​កាល​ពួក​យើង​បាន​ឃើញ​ថា ពួក​គេ​កំពុងតែ​រៀបចំ​ដើម្បី​មក​ច្បាំង​នឹង​យើង មើល​ចុះ ខ្ញុំ​បាន​បញ្ជា​ឲ្យ​គីឌ​នាំ​ទ័ព​មួយ​ចំនួន​តូច​ទៅ​ពួន​លាក់​ខ្លួន​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​ទីអុមណើរ និង​ទ័ព​មួយ​ចំនួន​តូច​ផង ត្រូវ​ទៅ​ពួន​លាក់​ខ្លួន​នៅ​ក្នុង​ទី​រហោ​ស្ថាន​ដែរ។

 ១៧ ឥឡូវ​នេះ គីឌ និង​ទ័ព​របស់​លោក​នៅ​ខាង​ស្ដាំ ឯ​អ្នក​ឯ​ទៀត​នៅ​ខាង​ឆ្វេង ហើយ​កាល​ពួក​គេ​បាន​ទៅ​ពួន​លាក់​ខ្លួន​ហើយ មើល​ចុះ ខ្ញុំ​នៅ​ជាមួយ​នឹង​កងទ័ព​របស់​ខ្ញុំ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​កន្លែង​ដដែល គឺ​កន្លែង​ដែល​យើង​បាន​បោះ​ត្រសាល​មុនដំបូង រង់ចាំ​ពួក​លេមិន​មក​ច្បាំង។

 ១៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​បាន​ចេញ​មក ដោយ​មាន​កងទ័ព​យ៉ាង​ច្រើន​មក​ប្រឆាំង​នឹង​យើង ហើយ​កាល​ពួក​គេ​បាន​មក ហើយ​ជិត​នឹង​វាយប្រហារ​មក​លើ​យើង​ដោយ​ដាវ នោះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​ទ័ព​របស់​ខ្ញុំ គឺ​ពួក​ដែល​នៅ​ជាមួយ​ខ្ញុំ ត្រូវ​ថយ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។

 ១៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​បាន​ដេញ​តាម​យើង​យ៉ាង​លឿន​អស្ចារ្យ ព្រោះ​ពួក​គេ​ប៉ុនប៉ង​ជា​ខ្លាំង​ថា នឹង​ដេញ​យើង​ឲ្យ​ទាន់​ដើម្បី​គេ​អាច​សម្លាប់​យើង​ចោល ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ដេញ​តាម​យើង​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​ពួក​យើង​បាន​កាត់​តាម​ចន្លោះ​កណ្ដាល​គីឌ និង​ទីអុមណើរ គឺ​ដរាប​ដល់​ពួក​គេ​ពុំ​បាន​ត្រូវ​ពួក​លេមិន​រក​ឃើញ​ឡើយ។

 ២០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​លេមិន​បាន​ឆ្លង​ផុត​ហើយ ឬ​ក៏​កាល​កងទ័ព​បាន​ឆ្លង​ផុត​ហើយ នោះ​គីឌ និង​ទីអុមណើរ បាន​ក្រោក​ឡើង​ចេញ​ពី​កន្លែង​ពួន​ទាំង​ឡាយ ហើយ​បាន​កាត់​ផ្ដាច់​ពួក​អ្នក​ស៊ើប​ការណ៍​របស់​ពួក​លេមិន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ទី​ក្រុង​វិញ​បាន។

 ២១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​កាត់​ផ្ដាច់​ពួក​វា​ហើយ នោះ​ពួក​គេ​ក៏​រត់​ទៅ​កាន់​ទី​ក្រុង ហើយ​បាន​វាយប្រហារ​ទៅ​លើ​ពួក​អ្នក​យាម​ដែល​នៅ​យាម​ទី​ក្រុង ដរាប​ដល់​ពួក​គេ​បាន​បំផ្លាញ​ពួក​វា​ចោល ហើយ​យក​បាន​ទី​ក្រុង។

 ២២ ឥឡូវ​នេះ ការណ៍​នេះ​ធ្វើ​ទៅ​បាន ពី​ព្រោះ​ពួក​លេមិន​បាន​ឲ្យ​កងទ័ព​គេ​ទាំង​មូល ត្រូវ​បាន​បញ្ឆោត​ឲ្យ​ចូល​ទៅ​ក្នុង​ទី​រហោ​ស្ថាន លើក​លែងតែ​ពួក​អ្នក​យាម​បន្តិចបន្តួច​ប៉ុណ្ណោះ។

 ២៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គីឌ និង​ទីអុមណើរ ដោយ​បាន​ប្រើ​មធ្យោបាយ​នេះ ក៏​យក​ទីតាំង​ការ​ពារ​ទាំង​ឡាយ​របស់​ពួក​គេ​បាន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ធ្វើ​ដំណើរ​ត​ទៅ​អស់​ជា​យូរ​នៅ​ក្នុង​ទី​រហោស្ថាន ឆ្ពោះ​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា។

 ២៤ ហើយ​កាល​ពួក​លេមិន​បាន​ឃើញ​ថា ពួក​គេ​កំពុងតែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ឯ​ដែនដី​សារ៉ាហិមឡា នោះ​ពួក​គេ​ភិតភ័យ​ជា​ខ្លាំង ក្រែងលោ​មាន​ផែនការ​អ្វី​មួយ ដែល​នាំ​ពួក​គេ​ទៅ​កាន់​សេចក្ដី​បំផ្លិចបំផ្លាញ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ចាប់​ផ្ដើម​ដកថយ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន​វិញ មែន​ហើយ គឺ​ត្រឡប់​តាម​ផ្លូវ​ដដែល​ដែល​គេ​បាន​មក។

 ២៥ ហើយ​មើល​ចុះ នោះ​គឺ​នៅ​ពេល​យប់ ហើយ​ពួក​គេ​បាន​បោះ​ត្រសាល​របស់​គេ ព្រោះ​ពួក​មេទ័ព​ឯក​របស់​ពួក​លេមិន​បាន​សន្និដ្ឋាន​ថា ពួក​នីហ្វៃ​កំពុងតែ​នឿយហត់ ដោយ​សារ​ការ​ធ្វើ​ដំណើរ ហើយ​ដោយ​សន្និដ្ឋាន​ថា ពួក​វា​បាន​ដេញ​តាម​ទ័ព​គេ​ទាំង​មូល ហេតុ​ដូច្នេះ​ហើយ ពួក​វា​ពុំ​បាន​គិត​ដល់​ទី​ក្រុង​ម៉ាន់តៃ​ឡើយ។

 ២៦ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ពេល​យប់ នោះ​ខ្ញុំ​បាន​បញ្ជា​ទ័ព​ខ្ញុំ​កុំ​ឲ្យ​ដេក តែ​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត​សំដៅ​ទៅ​ឯ​ទី​ក្រុង​ម៉ាន់តៃ។

 ២៧ ហើយ​ដោយ​សារ​ការ​ធ្វើ​ដំណើរ​របស់​យើង​ក្នុង​ពេល​យប់ មើល​ចុះ ដល់​ស្អែក​ឡើង ពួក​យើង​បាន​ឆ្លង​ហួស​ពួក​លេមិន ដរាប​ដល់​យើង​បាន​មក​ដល់​ទី​ក្រុង​ម៉ាន់តៃ​មុន​ពួក​គេ។

 ២៨ ម្ល៉ោះ​ហើយ ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​ឧបាយ​សឹក​នេះ យើង​យក​ទី​ក្រុង​ម៉ាន់តៃ​បាន ដោយ​គ្មាន​ការ​ខ្ចាយ​ឈាម​ឡើយ។

 ២៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពល​ទ័ព​សាសន៍​លេមិន​បាន​មក​ដល់​ជិត​ទី​ក្រុង ហើយ​បាន​ឃើញ​ថា ពួក​យើង​កំពុង​តែ​ប្រុងប្រៀប​ខ្លួន​ចាំ​ប្រយុទ្ធ​នឹង​គេ នោះ​ពួក​គេ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ហើយ​កើតក្ដី​ភិតភ័យ​ជា​អតិបរមា ដរាប​ដល់​ពួក​គេ​រត់​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។

 ៣០ មែន​ហើយ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពល​ទ័ព​លេមិន​បាន​រត់គេច​ចេញ​ពី​គ្រប់​ភូមិ​ទាំង​អស់​នេះ​នៃ​ដែនដី ប៉ុន្តែ​មើល​ចុះ ពួក​គេ​បាន​នាំ​យក​ទៅ​នូវ​ពួក​ស្ត្រី និង​កូន​ក្មេង​ជា​ច្រើន​ចេញ​ពី​ដែនដី។

 ៣១ ហើយ​ទី​ក្រុង​ទាំង​ឡាយ ដែល​ត្រូវ​ពួក​លេមិន​យក​បាន​ពីមុន​នោះ នៅ​រយៈ​ពេល​នេះ ទាំង​អស់​ត្រូវ​បាន​មក​ជា​កម្ម​សិទ្ធ​របស់​យើង ហើយ​ពួក​ឪពុក​យើង និង​ប្រពន្ធ​យើង និង​កូន​ចៅ​យើង​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លើក​លែងតែ​ពួក​អ្នក​ដែល​ត្រូវ​ចាប់​យក​ទៅ​ជា​ឈ្លើយ ហើយ​នាំ​យក​ទៅ​ដោយ​ពួក​លេមិន។

 ៣២ ប៉ុន្តែ​មើល​ចុះ ពល​ទ័ព​របស់​យើង​តូច ហើយ​ត្រូវ​រក្សា​ទី​ក្រុង​ដ៏​ច្រើន និង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន។

 ៣៣ ប៉ុន្តែ​មើល​ចុះ យើង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​របស់​យើង ដែល​បាន​ប្រទាន​ដល់​យើង​នូវ​ជ័យ​ជម្នះ​លើ​ដែនដី​ទាំង​នោះ ដរាប​ដល់​ពួក​យើង​យក​ទី​ក្រុង​ទាំង​នោះ​បាន និង​ដែនដី​ទាំង​នោះ ដែល​ជា​របស់​យើង​ផ្ទាល់។

 ៣៤ ឥឡូវ​នេះ យើង​មិន​ដឹង​ជាហេតុ​អ្វី បាន​ជា​រដ្ឋាភិបាល​មិន​បន្ថែម​កម្លាំង​ឲ្យ​យើង​សោះ ហើយ​ពួក​អ្នក​ដែល​បាន​មក​ជាមួយ​យើង ក៏​មិន​ដឹង​ជាហេតុ​អ្វី​បាន​ជា​យើង​មិនទាន់​បាន​ទទួល​កម្លាំង​បន្ថែម​ដែរ។

 ៣៥ មើល​ចុះ ពួក​យើង​មិន​ដឹង​ថា បង​ពុំ​មាន​ជ័យ​ជម្នះ ហើយ​បង​បាន​នាំ​យក​កង​កម្លាំង​ទៅ​កាន់​ភូមិ​នោះ​នៃ​ដែនដី បើ​សិន​ជា​ដូច្នោះ​មែន យើង​មិន​ចង់​រអ៊ូរទាំ​ទេ។

 ៣៦ ហើយ​បើ​ពុំ​មែន​ជា​ដូច្នោះ​ទេ មើល​ចុះ ខ្លាច​តែ​មាន​ការ​បាក់​បែក​គ្នា នៅ​ក្នុង​រដ្ឋាភិបាល ដែល​នាំ​ឲ្យ​ពួក​គេ​ពុំ​បញ្ជូន​ទ័ព​ជា​ជំនួយ​ដល់​យើង ព្រោះ​យើង​ដឹង​ថា ពួក​គេ​មាន​ច្រើន​ជាង​ចំនួន​ដែល​គេ​បាន​បញ្ជូន។

 ៣៧ ប៉ុន្តែ​មើល​ចុះ ការណ៍​នេះ​មិន​ជា​អ្វី​ទេ — យើង​ជឿ​ថា ព្រះ​ទ្រង់​នឹង​ដោះ​លែង​យើង​ឲ្យ​រួច ទោះ​បី​ជា​មាន​ការ​ទន់ខ្សោយ​នៃ​ពល​ទ័ព​របស់​យើង​ក្ដី មែន​ហើយ ហើយ​ដោះ​លែង​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង។

 ៣៨ មើល​ចុះ នេះ​គឺជា​ឆ្នាំ​ទី​ម្ភៃ​ប្រាំបួន គឺ​នៅ​ចុង​ឆ្នាំ ហើយ​យើង​យក​ដែនដី​ទាំង​ឡាយ​របស់​យើង​បាន ហើយ​ពួក​លេមិន​បាន​រត់​ទៅ​ឯ​ដែនដី​នីហ្វៃ។

 ៣៩ ហើយ​ពួក​កូន​ប្រុស​ទាំង​ឡាយ​របស់​ប្រជាជន​អាំម៉ូន ដែល​ខ្ញុំ​បាន​និយាយ​សរសើរ​ជា​ខ្លាំង​នោះ​នៅ​ជាមួយ​នឹង​ខ្ញុំ​នៅ​ក្នុង​ទី​ក្រុង​ម៉ាន់តៃ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ទ្រ​ទ្រង់​ដល់​ពួក​គេ មែន​ហើយ ហើយ​បាន​រក្សា​ពួក​គេ​កុំ​ឲ្យ​ដួល​ចុះ​ដោយ​ដាវ ដរាប​ដល់​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​ស្លាប់​ឡើយ។

 ៤០ ប៉ុន្តែ​មើល​ចុះ ពួក​គេ​បាន​ត្រូវ​របួស​ជា​ច្រើន ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ឈរ​យ៉ាង​រឹងប៉ឹង​នៅ​ក្នុង​ឥស្សរភាព ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​មាន​សេរី​ដែរ ហើយ​ពួក​គេ​ចងចាំ​យ៉ាង​ខ្ជាប់​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​ជា​រៀងរាល់​ថ្ងៃ មែន​ហើយ ពួក​គេ​ប្រតិបត្តិ​តាម​ក្រឹត្យ​ក្រម​របស់​ទ្រង់ និង​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ពុំ​ឈប់​ឈរ ហើយ​សេចក្ដី​ជំនឿ​របស់​ពួក​គេ​មុតមាំ​នៅ​ក្នុង​ការ​ព្យាករណ៍​ទាំង​ឡាយ អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង។

 ៤១ ហើយ​ឥឡូវ​នេះ មរ៉ូណៃ បង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ឲ្យ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង ដែល​បាន​ប្រោស​លោះ​យើង ហើយ​ដោះ​លែង​យើង រក្សា​បង​ក្នុង​វត្ត​មាន​របស់​ទ្រង់​ត​ទៅ​ចុះ មែន​ហើយ ហើយ​សូម​ទ្រង់​ប្រោសប្រណី​ដល់​ប្រជាជន​នេះ គឺ​ព្រម​ទាំង​ឲ្យ​បង​អាច​មាន​ជ័យ​ជម្នះ​ក្នុង​ការ​យក​មក​វិញ​នូវ​អ្វីៗ​ទាំង​អស់ ដែល​ពួក​សាសន៍​លេមិន​បាន​យក​ពី​យើង​ទៅ ដែល​ទុក​សម្រាប់​គាំទ្រ​ពួក​យើង។ ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​បញ្ចប់​សំបុត្រ​របស់​ខ្ញុំ​សិន​ហើយ ខ្ញុំ ជា​ហេលេមិន ជា​កូន​ប្រុស​របស់​អាលម៉ា៕