គម្ពីរ​អាលម៉ា កូន​ប្រុស​របស់​អាលម៉ា

អាលម៉ា 

ដំណើរ​រឿង​មួយ​អំពី​អាលម៉ា ជា​កូន​ប្រុស​របស់​អាលម៉ា ជា​មេ​ចៅក្រម​ទី​មួយ ត្រួត​លើ​ប្រជាជន​នីហ្វៃ ហើយ​ជា​សង្ឃ​ជាន់​ខ្ពស់​លើ​សាសនាចក្រ​ផង។ ដំណើរ​រឿង​មួយ​អំពី​រជ្ជកាល​នៃ​ពួក​ចៅក្រម និង​សង្គ្រាម​ទាំង​ឡាយ និង​ការ​ទាស់ទែង​គ្នា​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ប្រជាជន។ ហើយ​ព្រម​ទាំង​ដំណើរ​រឿង​អំពី​សង្គ្រាម​មួយ​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ស្រប​តាម​បញ្ជី​របស់​អាលម៉ា ជា​មេ​ចៅក្រម​ទី​មួយ។
ជំពូក​ទី ១

នីហូរ​បង្រៀន​លទ្ធិ​ក្លែងក្លាយ​ទាំង​ឡាយ តាំង​សាសនាចក្រ​មួយ ណែនាំ​ឲ្យ​មាន​ឧបាយកល​ផ្នែក​សង្ឃ​ជា​លើកដំបូង ហើយ​ប្រហារ គេឌាន — នីហូរ​ត្រូវ​គេ​ប្រហារជីវិត​ចំពោះ​ទោស​របស់​គាត់ — ឧបាយកល​ផ្នែក​សង្ឃ និង​ការ​បៀតបៀន​រាលដាល​ក្នុង​ចំណោម​ប្រជាជន — ពួក​សង្ឃ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង ប្រជាជន​ថែទាំ​ពួក​អ្នក​ក្រីក្រ ហើយ​សាសនាចក្រ​ចម្រើន​ឡើង។ ប្រមាណ​ជា​ឆ្នាំ ៩១–៨៨ ម.គ.ស.។

ជំពូក​ទី ២

អាំលីសៃ​ស្វែងរក​ធ្វើ​ជា​ស្ដេច ហើយ​ត្រូវ​បាន​បដិសេធ​សំឡេង​នៃ​ប្រជាជន — ពួក​អ្នក​ដើរ​តាម​លោក គេ​លើក​លោក​ឲ្យ​ធ្វើ​ជា​ស្ដេច — ពួក​សាសន៍​អាំលីសៃ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​នីហ្វៃ តែ​ត្រូវ​បរាជ័យ — ពួក​សាសន៍​លេមិន និង​ពួក​សាសន៍​អាំលីសៃ​បង្រួម​ទ័ព​គ្នា តែ​ត្រូវ​បរាជ័យ — អាលម៉ា​ប្រហារ អាំលីសៃ​ចោល។ ប្រមាណ​ជា​ឆ្នាំ ៨៧ ម.គ.ស.។

ជំពូក​ទី ៣

ពួក​សាសន៍​អាំលីសៃ​បាន​គូស​ខ្លួន​តាម​ពាក្យ​ព្យាករណ៍ — ពួក​លេមិន​ត្រូវ​បណ្ដា​សា​មក​ពី​ការ​បះបោរ​របស់​ពួក​គេ — មនុស្ស​លោក​នាំ​បណ្ដា​សា​មក​លើ​ខ្លួន​ឯង — ពួក​នីហ្វៃ​មាន​ជ័យ​ជម្នះ​លើ​កងទ័ព​សាសន៍​លេមិន​មួយ​ទៀត។ ប្រមាណ​ជា​ឆ្នាំ ៨៧–៨៦ ម.គ.ស.។

ជំពូក​ទី ៤

អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ប្រែចិត្ត​ជឿ​រាប់​ពាន់​នាក់ — អំពើ​ទុច្ចរិត​ចូល​ក្នុង​សាសនាចក្រ ហើយ​ការ​លូតលាស់​នៃ​សាសនាចក្រ​ត្រូវ​បាន​បង្អាក់​បង្អន់ — នីហ្វៃ​ហា​ត្រូវ​បាន​តែងតាំង​ឡើង​ជា​មេ​ចៅក្រម — អាលម៉ា ជា​សង្ឃ​ជាន់​ខ្ពស់ ប្រគល់​ខ្លួន​ចំពោះ​ការងារ​បម្រើ​តែ ប៉ុណ្ណោះ។ ប្រមាណ​ជា​ឆ្នាំ ៨៦–៨៣ ម.គ.ស.។

ពាក្យ​ពេចន៍​ដែល​អាលម៉ា ជា​សង្ឃ​ជាន់​ខ្ពស់ ស្រប​តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ បាន​ប្រកាស​ប្រាប់​ដល់​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង និង​ភូមិ​ទាំង​ឡាយ​របស់​គេ​ទូ​ទៅ​ទាំង​ដែនដី។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៥។

ជំពូក​ទី ៥

ដើម្បី​ឲ្យ​បាន​ការ​សង្គ្រោះ នោះ​មនុស្ស​លោក​ត្រូវ​តែ​ប្រែចិត្ត ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ, កើត​ម្ដង​ទៀត, ជំរះ​សំលៀក​បំពាក់​របស់​ខ្លួន ដោយ​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ, បន្ទាប​ខ្លួន ហើយ​កម្ចាត់​ការ​ឆ្មើងឆ្មៃ និង​ការ​ឈ្នានីស​ចេញ​ពី​ខ្លួន ហើយ​ធ្វើ​កិច្ចការ​ទាំង​ឡាយ នៃ​សេចក្ដី​សុចរិត — អ្នក​គង្វាល​ល្អ​នឹង​ហៅ​ប្រជាជន​របស់​លោក — អស់​អ្នក​ណា​ដែល​ធ្វើ​កិច្ចការ​ទាំង​ឡាយ​ដែល​អាក្រក់ គឺជា​កូន​ចៅ​នៃ​អារក្ស — អាលម៉ា​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត នៃ​លទ្ធិ​របស់​លោក ហើយ​បញ្ជា​ឲ្យ​មនុស្ស​ប្រែចិត្ត — ឈ្មោះ​ពួក​សុចរិត នឹង​ត្រូវ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជីវិត។ ប្រមាណ​ជា​ឆ្នាំ ៨៣ ម.គ.ស.។

ជំពូក​ទី ៦

សាសនាចក្រ​នៅ​ដែនដី​សារ៉ាហិមឡា ត្រូវ​បាន​ជំរះ​ឲ្យ​ស្អាត ហើយ​បាន​រៀបចំ​ឲ្យ​មាន​របៀបរៀបរយ — អាលម៉ា​ធ្វើ​ដំណើរ​ទៅ​ក្រុង គេឌាន ដើម្បី​ផ្សាយ​សាសនា។ ប្រមាណ​ជា​ឆ្នាំ ៨៣ ម.គ.ស.។

ពាក្យ​ពេចន៍​របស់​អាលម៉ា ដែល​បាន​ប្រកាស​ទៅ​កាន់​ប្រជាជន​នៅ​ក្រុង​គេឌាន តាម​បញ្ជី​ប្រវត្តិ​របស់​លោក។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៧។

ជំពូក​ទី ៧

ព្រះ​គ្រីស្ទ​នឹង​ប្រសូត​មក​ពី​នាង​ម៉ា​រា — ទ្រង់​នឹង​ស្រាយចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ ហើយ​ទទួល​រង​អំពើ​បាប​របស់​រាស្ត្រ​ទ្រង់ — អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នោះ​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច — ភាព​ស្មោក​គ្រោក​មិន​អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ — ត្រូវ​តែ​មាន​សេចក្ដី​បន្ទាប​ខ្លួន សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស។ ប្រមាណ​ជា​ឆ្នាំ ៨៣ ម.គ.ស.។

ជំពូក​ទី ៨

អាលម៉ា​ផ្សាយ ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្រុង​មេលេក — គេ​មិន​ទទួល​ស្គាល់​លោក នៅ​ក្រុង​អាំម៉ូណៃហា ហើយ​លោក​ក៏​ចាក​ចេញ​ទៅ — ទេវតា​បញ្ជា​ឲ្យ​លោក​ត្រឡប់​ទៅ​វិញ ហើយ​ប្រកាស​ប្រាប់​ប្រជាជន​ឲ្យ​ប្រែចិត្ត — អាមូលេក​ទទួល​លោក ហើយ​អ្នក​ទាំង​ពីរ​ផ្សាយ​នៅ​ក្រុង​អាំម៉ូណៃហា។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ពាក្យ​ពេចន៍​នៃ​អាលម៉ា ព្រម​ទាំង​ពាក្យ​ពេចន៍​នៃ​អាមូលេក ដែល​បាន​ប្រកាស​ទៅ​កាន់​ប្រជាជន​នៅ​លើ​ដែនដី​អាំម៉ូណៃហា។ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​ចាប់​ដាក់​គុក ហើយ​ត្រូវ​បាន​ដោះ​ឲ្យ​រួច​ដោយ​ព្រះ​ចេស្ដា​ដ៏​អស្ចារ្យ​នៃ​ព្រះ ដែល​នៅ​ក្នុង​គេតាម​បញ្ជី​របស់​អាលម៉ា។

មាន​រួម​ពី​ជំពូក​ទី ៩ ដល់ ១៤។

ជំពូក​ទី ៩

អាលម៉ា​បញ្ជា​ឲ្យ​ប្រជាជន​នៅ​ដែនដី​អាំម៉ូណៃហា​ប្រែចិត្ត — ព្រះ​អម្ចាស់​ទ្រង់​នឹង​មេត្តាករុណា​ដល់​ពួក​សាសន៍​លេមិន នៅ​គ្រា​ចុង​ក្រោយ​បង្អស់ — បើ​សិន​ជា​ពួក​នីហ្វៃ​បដិសេធ​ពន្លឺ នោះ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​ពួក​លេមិន — ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នឹង​យាង​មក​ក្នុង​ពេល​ដ៏​ខ្លី — ទ្រង់​នឹង​ប្រោស​លោះ​អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ជំពូក​ទី ១០

លីហៃ​ជា​ពូជ​របស់​ម៉ាន៉ាសេ — អាមូលេក​រាប់​រៀប​អំពី​បញ្ជា​ពី​ទេវតា​ឲ្យ​លោក​ថែទាំ​ដល់​អាលម៉ា — ការ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​សុចរិត​បាន​ជួយ​ឲ្យ​ប្រជាជន​រស់នៅ — ពួក​មេធាវី និង​ពួក​ចៅក្រម​ដែល​ទុច្ចរិត សាង​មូលដ្ឋាន​នៃ​ការ​បំផ្លិចបំផ្លាញ​ប្រជាជន។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ជំពូក​ទី ១១

ប្រាក់​របស់​សាសន៍​នីហ្វៃ​ត្រូវ​បាន​ចែង​ប្រាប់ — អាមូលេក​ដេញដោល​គ្នា​ជាមួយ​នឹង​ស៊ីអែសរ៉ុម — ព្រះ​គ្រីស្ទ​នឹង​ពុំ​សង្គ្រោះ​មនុស្ស ដែល​នៅ​ក្នុង​អំពើ​បាប​ឡើយ — មាន​តែ​ពួក​អ្នក​ដែល​គ្រង​នគរ​ស្ថានសួគ៌​ទុកជា​មរតក​ទេ ដែល​នឹង​បាន​សង្គ្រោះ — មនុស្ស​លោក​ទាំង​អស់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ​នៅ​ក្នុង​អមតភាព — គ្មាន​សេចក្ដី​ស្លាប់​ទេ បន្ទាប់​ពី​ដំណើរ​រស់​ឡើង​វិញ។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ជំពូក​ទី ១២

អាលម៉ា​ជជែក​ដេញដោល​គ្នា​ជាមួយ​នឹង​ស៊ីអែសរ៉ុម — សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ អាច​ប្រទាន​ដល់​តែ​មនុស្ស​ស្មោះត្រង់ — មនុស្ស​លោក​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ​តាម​គំនិត ជំនឿ ពាក្យ​សម្ដី និង​កិច្ចការ​របស់​គេ — ពួក​ទុច្ចរិត​នឹង​រង​ទុក្ខ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ — ជីវិត​ដែល​រមែង​ស្លាប់​នេះ គឺជា​ស្ថានភាព​នៃ​ការ​សាកល្បង — ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ និង​ការ​ផ្ដាច់​បាប តាម​រយៈ​សេចក្ដី​ជំនឿ — ពួក​ជន​ដែល​ប្រែចិត្ត​នឹង​ទទួល​នូវ​សេចក្ដី​មេត្តាករុណា តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ជំពូក​ទី ១៣

មនុស្ស​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់ ដោយ​សារ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ និង​កិច្ចការ​ដ៏​ល្អ​ទាំង​ឡាយ​របស់​គេ — ពួក​គេ​ត្រូវ​បង្រៀន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ — តាម​រយៈ​សេចក្ដី​សុចរិត នោះ​ពួក​គេ​នឹង​បាន​ញែក​ជា​បរិសុទ្ធ ហើយ​នឹង​បាន​ចូល​ទៅ​ក្នុង​ទី​សម្រាក​នៃ​ព្រះ​អម្ចាស់ — លោក​ម៉ិលគីស្សាដែក គឺជា​ពួក​ផង​នោះ — ពួក​ទេវតា​ប្រកាស​ប្រាប់​ដំណឹង​ដ៏​រីករាយ​ទូ​ទៅ​ទាំង​ដែនដី — ពួក​គេ​នឹង​បើក​សម្ដែង​ប្រាប់​អំពី​ការ​យាង​មក​ដ៏​ពិតប្រាកដ​នៃ​ព្រះ​គ្រីស្ទ។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ជំពូក​ទី ១៤

អាលម៉ា និង​អាមូលេក ត្រូវ​ជាប់​គុក ហើយ​ត្រូវ​គេ​វាយ — ពួក​អ្នក​ជឿ និង​ព្រះ​គម្ពីរ​បរិសុទ្ធ​របស់​គេ​ត្រូវ​គេ​ដុត​ចោល​ដោយ​ភ្លើង — ពួក​ស្មរបន្ទាល់​ទាំង​នេះ ត្រូវ​បាន​ទទួល​ដោយ​ព្រះ​អម្ចាស់​នៅ​ក្នុង​ភាព​រុងរឿង — ជញ្ជាំង​គុក​ទាំង​ឡាយ​ត្រូវ​ប្រេះ​រលំ — អាលម៉ា និង​អាមូលេក​ត្រូវ​បាន​ដោះ​លែង ហើយ​ពួក​អ្នក​ដែល​បៀតបៀន​គេ​ក៏​ត្រូវ​ស្លាប់​ទៅ។ ប្រមាណ​ជា​ឆ្នាំ ៨២–៨១ ម.គ.ស.។

ជំពូក​ទី ១៥

អាលម៉ា និង​អាមូលេក​ទៅ​ដែនដី​សៃដុម ហើយ​តាំង​សាសនាចក្រ​មួយ​ឡើង — អាលម៉ា​ព្យាបាល​ស៊ីអែសរ៉ុម ហើយ​គាត់​ចូល​រួម​នឹង​សាសនាចក្រ — មនុស្ស​ជា​ច្រើន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​សាសនាចក្រ​ចម្រើន​លូតលាស់ — អាលម៉ា និង​អាមូលេក​ទៅ​ឯ​ក្រុង​សារ៉ាហិមឡា។ ប្រមាណ​ជា​ឆ្នាំ ៨១ ម.គ.ស.។

ជំពូក​ទី ១៦

ពួក​លេមិន​បំផ្លាញ​ប្រជាជន​នៅ​ដែនដី​អាំម៉ូណៃហា — សូរាំ​ដឹកនាំ​ពួក​នីហ្វៃ​ឲ្យ​បាន​ជ័យ​ជម្នះ​លើ​ពួក​លេមិន — អាលម៉ា និង​អាមូលេក និង​អ្នក​ឯ​ទៀត​ជា​ច្រើន​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ — ពួក​គេ​បង្រៀន​ថា ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ នោះ​ព្រះ​គ្រីស្ទ​នឹង​លេច​មក​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ឃើញ។ ប្រមាណ​ជា ឆ្នាំ ៨១–៧៧ ម.គ.ស.។

ដំណើរ​រឿង​របស់​ពួក​បុត្រា​នៃ​ម៉ូសាយ ដែល​បាន​បដិសេធ​សិទ្ធិ​របស់​គេ​ក្នុង​ការ​ទទួល​នគរ ព្រោះ​តែ​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​បាន​ឡើង​ទៅ​ដែនដី​នីហ្វៃ ដើម្បី​ទៅ​ប្រកាស​ប្រាប់​ពួក​លេមិន សេចក្ដី​វេទនា​ទាំង​ឡាយ និង​ការ​ដោះ​លែង​របស់​ពួក​គេ — ស្រប​តាម​បញ្ជី​របស់​អាលម៉ា។

មាន​រួម​ពី​ជំពូក​ទី ១៧ ដល់ ២៧។

ជំពូក​ទី ១៧

ពួក​បុត្រា​នៃ​ម៉ូសាយមាន​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ — ពួក​គេ​ទៅ​ផ្លូវ​រៀងៗ​ខ្លួន ទៅ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ដល់​ពួក​លេមិន — អាំម៉ូន​ទៅ​ដែនដី​អ៊ីសម៉ាអែល ហើយ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ស្ដេច​ឡាម៉ូណៃ — អាំម៉ូន​ជួយសង្គ្រោះ​ហ្វូង​ចៀម​របស់​ស្ដេច ហើយ​សម្លាប់​ពួក​ខ្មាំងសត្រូវ​របស់​ទ្រង់​នៅ​ត្រង់​ទឹក​ស៊ីប៊ុស។ ខ​ទី ១–៣, ប្រមាណ​ជា​ឆ្នាំ ៧៧ ម.គ.ស. ខ​ទី ៤, ប្រមាណ​ជា​ឆ្នាំ ៩១–៧៧ ម.គ.ស. ហើយ​ខ​ទី ៥–៣៩, ប្រមាណ​ជា​ឆ្នាំ ៩១ ម.គ.ស.។

ជំពូក​ទី ១៨

ស្ដេច​ឡាម៉ូណៃ​ស្មាន​ថា អាំម៉ូន​ជា​ព្រះ​វិញ្ញាណ​ដ៏​មហិមា — អាំម៉ូន​បង្រៀន​ស្ដេច​អំពី​ការ​បង្ក​បង្កើត, អំពី​ទំ​នាក់​ទំនង​នៃ​ព្រះ​ជាមួយ​នឹង​មនុស្ស, និង​អំពី​ការ​ប្រោស​លោះ​ដែល​នឹង​មក​តាម​រយៈ​ព្រះ​គ្រីស្ទ — ឡាម៉ូណៃ​ជឿ ហើយ​ដួល​ទៅ​លើ​ដី ហាក់​ដូច​ជា​សុគត។ ប្រមាណ​ជា​ឆ្នាំ ៩០ ម.គ.ស.។

ជំពូក​ទី ១៩

ឡាម៉ូណៃ​ទទួល​ពន្លឺ​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ហើយ​ឃើញ​ព្រះ​ដ៏​ប្រោស​លោះ — រាជ​វង្សា​របស់​ទ្រង់​ធ្លាក់​ទៅ​ក្នុង​ការ​សណ្ដំ ហើយ​មនុស្ស​ជា​ច្រើន​ឃើញ​ពួក​ទេវតា — អាំម៉ូន​ត្រូវ​បាន​រក្សាទុក​ដោយ​អព្ភូតហេតុ — លោក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជា​ច្រើន ហើយ​តាំង​សាសនាចក្រ​មួយ​ឡើង​នៅ​ក្នុង​ចំណោម​ពួក​គេ។ ប្រមាណ​ជា​ឆ្នាំ ៩០ ម.គ.ស.។

ជំពូក​ទី ២០

ព្រះ​អម្ចាស់​ទ្រង់​ចាត់​ឲ្យ​អាំម៉ូន​ទៅ​មិឌដូណៃ ដើម្បី​ជួយ​ដោះលែង​បង​ប្អូន​លោក​ដែល​ជាប់​គុក — អាំម៉ូន និង​ឡាម៉ូណៃ ជួប​នឹង​បិតា​របស់​ឡាម៉ូណៃ ដែល​ជា​មហាក្សត្រ​គ្រប់​គ្រង​លើ​ដែនដី​ទាំង​មូល — អាំម៉ូន​បង្ខំ​ឲ្យ​ស្ដេច​ចាស់​យល់ ព្រម​ជួយ​ដោះ​លែង​បង​ប្អូន​លោក។ ប្រមាណ​ជា​ឆ្នាំ ៩០ ម.គ.ស.។

ដំណើរ​រឿង​អំពី​ការ​ផ្សាយ​របស់​អើរ៉ុន និង​មូឡូកៃ និង​បង​ប្អូន​គេ​ដល់​ពួក​សាសន៍​លេមិន។

មាន​រួម​ពី​ជំពូក​ទី ២១ ដល់ ២៦។

ជំពូក​ទី ២១

អើរ៉ុន​បង្រៀន​ពួក​សាសន៍​អាម៉ាលេកៃ​អំពី​ព្រះ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ — អើរ៉ុន និង​បង​ប្អូន​លោក ត្រូវ​ជាប់​គុក​នៅ​ដែនដី​មិឌដូណៃ — បន្ទាប់​ពី​គេ​បាន​រួច ពួក​គេ​ក៏​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រែ​ចិត្ត​ជឿ — ឡាម៉ូណៃ​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​នៅ​ខាង​ផ្លូវ​សាសនា​ដល់​ប្រជាជន​នៅ​ក្នុង​ដែនដី​អ៊ីសម៉ាអែល។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ជំពូក​ទី ២២

អើរ៉ុន​បង្រៀន​បិតា​របស់​ឡាម៉ូណៃ​អំពី​ការ​បង្ក​បង្កើត, អំពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម, និង​អំពី​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ តាម​រយៈ​ព្រះ​គ្រីស្ទ — មហាក្សត្រ និង​រាជ​វង្សា​របស់​ទ្រង់​ទាំង​អស់​បាន​ប្រែ​ចិត្ត​ជឿ — របៀប​ចែក​ដី​រវាង​ពួក​នីហ្វៃ​នឹង​ពួក​លេមិន​ត្រូវ​បាន​អធិប្បាយ​ប្រាប់។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ជំពូក​ទី ២៣

សេរីភាព​ខាង​សាសនា​ត្រូវ​បាន​ប្រកាស — ពួក​សាសន៍​លេមិន​នៅ​លើ​ដែនដី និង​នៅ​ទី​ក្រុង​ទាំង​ប្រាំពីរ​បាន​ប្រែ​ចិត្ត​ជឿ — ពួក​គេ​ហៅ​ខ្លួន​គេ​ថា ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ហើយ​បាន​រួច​ផុត​ពី​ពាក្យ​បណ្ដា​សា — ពួក​សាសន៍​អាម៉ាលេកៃ និង​ពួក​សាសន៍​អាមូឡុន បដិសេធ​សេចក្ដី​ពិត។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ជំពូក​ទី ២៤

ពួក​លេមិន​មក​ទាស់​នឹង​រាស្ត្រ​នៃ​ព្រះ — ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ​បាន​អរ​រីករាយ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ពួក​ទេវតា​បាន​មក​ជួប​ពួក​គេ — ពួក​គេ​សុខ​ចិត្ត​ស៊ូទ្រាំ​ដល់​ស្លាប់​ជាជាង​ការ​ពារ​ខ្លួន — មាន​ពួក​លេមិន​ថែម​ទៀត​ប្រែ​ចិត្ត​ជឿ។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ជំពូក​ទី ២៥

អំពើ​ឈ្លានពាន​ទាំង​ឡាយ​នៃ​ពួក​លេមិន​រាលដាល​ឡើង — ពូជ​របស់​ពួក​សង្ឃ​នៃ​ណូអេ ត្រូវ​វិនាស​ដូច​អ័ប៊ីណាដៃ​បាន​ព្យាករ​មក — ពួក​សាសន៍​លេមិន​ជា​ច្រើន​ប្រែ​ចិត្ត​ជឿ ហើយ​ចូល​រួម​ជាមួយ​នឹង​ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ — ពួក​គេ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​កាន់​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ជំពូក​ទី ២៦

អាំម៉ូន​សរសើរ​តម្កើង​ក្នុង​ព្រះ​អម្ចាស់ — ពួក​ស្មោះត្រង់​ត្រូវ​បាន​ចម្រើន​កម្លាំង​ដោយ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​បាន​ប្រទាន​ការ​ចេះ​ដឹង — ដោយ​សារ​សេចក្ដី​ជំនឿ មនុស្ស​លោក​អាច​នាំ​ជន​រាប់​ពាន់​នាក់​ទៅ​កាន់​ការ​ប្រែ​ចិត្ត — ព្រះ​ទ្រង់​មាន​គ្រប់​ព្រះ​ចេស្ដា ហើយ​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ជំពូក​ទី ២៧

ព្រះ​អម្ចាស់​ទ្រង់​បញ្ជា​អាំម៉ូន​ឲ្យ​នាំ​ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ​ទៅ​ដល់​ទី​សុខ — ពេល​បាន​ជួប​នឹង​អាលម៉ា អាំម៉ូន​មាន​សេចក្ដី​អំណរ​ហួស​កម្លាំង​លោក — ពួក​នីហ្វៃ​ប្រគល់​ដែនដី​យើសុន​ឲ្យ​ពួក​អាន់តៃ-នីហ្វៃ-លីហៃ — ពួក​គេ​ត្រូវ​បាន​ហៅ​ថា​ជា​ប្រជាជន​អាំម៉ូន។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ជំពូក​ទី ២៨

ពួក​លេមិន​ត្រូវ​បរាជ័យ​នៅ​ក្នុង​ចម្បាំង​មួយ​ដ៏​ធំ — មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​ប្រហារ​ចោល — ពួក​ទុច្ចរិត​ត្រូវ​ដាក់​ឲ្យ​នៅ​ក្នុង​ស្ថានភាព​វេទនា​មួយ​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពួក​សុចរិត​ទទួល​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ប្រមាណ​ជា ឆ្នាំ ៧៧–៧៦ ម.គ.ស.។

ជំពូក​ទី ២៩

អាលម៉ា​មាន​បំណង​ចង់​ស្រែក​ប្រកាស​ប្រាប់​អំពី​ការ​ប្រែ​ចិត្ត ដោយ​ការ​ឧស្សាហ៍​ដូច​ទេវតា — ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ពួក​គ្រូបង្រៀន​ដល់​គ្រប់​សាសន៍ — អាលម៉ា​អួត​នៅ​ក្នុង​កិច្ចការ​នៃ​ព្រះ​អម្ចាស់ និង​នៅ​ក្នុង​ជ័យ​ជម្នះ​របស់​អាំម៉ូន និង​បង​ប្អូន​លោក។ ប្រមាណ​ជា​ឆ្នាំ ៧៦ ម.គ.ស.។

ជំពូក​ទី ៣០

កូរីហូរ​ជា​អ្នក​ទទឹង​នឹង​ព្រះ​គ្រីស្ទ សើចចំអក​ដល់​ព្រះ​គ្រីស្ទ ដល់​ដង្វាយ​ធួន និង​ដល់​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ — វា​បង្រៀន​ថា គ្មាន​ព្រះ គ្មាន​ការ​ធ្លាក់​នៃ​មនុស្ស គ្មាន​ទោស​ចំពោះ​អំពើ​បាប ហើយ​គ្មាន​ព្រះ​គ្រីស្ទ​ទេ — អាលម៉ា​ធ្វើ​បន្ទាល់​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក ហើយ​ថា គ្រប់​ការណ៍​ទាំង​អស់​បញ្ជាក់​ថា​មាន​ព្រះ​មែន — កូរីហូរ​ទាមទារ​រក​ទី​សម្គាល់​មួយ ហើយ​ត្រូវ​ធ្វើ​ឲ្យ​គ — អារក្ស​បាន​លេច​មក​ឲ្យ​កូរីហូរ​ឃើញ​ជា​ទេវតា​មួយ ហើយ​បង្រៀន​វា​ឲ្យ​និយាយ — មនុស្ស​ជាន់​លើ​វា ហើយ​វា​ក៏​ស្លាប់​ទៅ។ ប្រមាណ​ជា​ឆ្នាំ ៧៦–៧៤ ម.គ.ស.។

ជំពូក​ទី ៣១

អាលម៉ា​ដឹកនាំ​ក្រុម​បេសកកម្ម​មួយ​ទៅ​កែប្រែ​ពួក​សូរាំ ដែល​ក្បត់​សាសនា​មក​វិញ — ពួក​សាសន៍​សូរាំ​មិន​ទទួល​ស្គាល់​ព្រះ​គ្រីស្ទ, ជឿ​តាម​ការ​ជ្រើសរើស​ដែល​ខុស, ហើយ​ថ្វាយ​បង្គំ​ដោយ​ការ​អធិស្ឋាន​ដែល​តែង​ទុកជាមុន — សាសនទូត​ទាំង​ឡាយ​ពោរពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ — សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​គេ ត្រូវ​បាន​លេប​ទៅ​ដោយ​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៣២

អាលម៉ា​បង្រៀន​ពួក​អ្នក​ក្រីក្រ ព្រោះ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​បាន​ធ្វើ​ឲ្យ​គេ​រាបទាប — សេចក្ដី​ជំនឿ​គឺជា​សេចក្ដី​សង្ឃឹម​មួយ​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ តែ​ពិត — អាលម៉ា​ធ្វើ​បន្ទាល់​ថា ពួក​ទេវតា​ធ្វើ​ការងារ​បម្រើ​ដល់​ទាំង​មនុស្ស​ប្រុស មនុស្ស​ស្រី និង​ក្មេងៗ — អាលម៉ា ប្រៀបធៀប​ព្រះ​បន្ទូល​ទៅ​នឹង​គ្រាប់​ពូជ​មួយ — វា​ត្រូវ​តែ​ដាំ ហើយ​ថែរក្សា — រួច​ទើប​វា​ដុះ​ទៅ​ជា​ដើម ដែល​បាន​បេះ​ផ្លែ​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៣៣

ស៊ីណូស​បាន​បង្រៀន​ថា មនុស្ស​ត្រូវ​អធិស្ឋាន ហើយ​ថ្វាយ​បង្គំ​នៅ​គ្រប់​ទីកន្លែង ហើយ​ថា​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​ត្រូវ​បង្វែរ​ចេញ ដោយ​សារ​ព្រះ​រាជ​បុត្រា — ស៊ីណុក​បាន​បង្រៀន​ថា សេចក្ដី​មេត្តាករុណា​ត្រូវ​បាន​ប្រទាន​មក​ឲ្យ​ដោយ​សារ​ព្រះ​រាជ​បុត្រា — ម៉ូសេ​បាន​លើក​និមិត្តរូប​មួយ​ឡើង​នៅ​ក្នុង​ទី​រហោស្ថាន ដែល​ជា​តំណាង​អំពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៣៤

អាមូលេក​ធ្វើ​បន្ទាល់​ថា ព្រះ​បន្ទូល​នោះ​គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ — លើកលែង​តែ​មាន​ដង្វាយ​ធួន បើ​ពុំ​នោះ​សោត​ទេ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​វិនាស — ក្រឹត្យវិន័យ​លោក​ម៉ូសេ​ទាំង​ស្រុង ចង្អុល​ទៅ​ការ​បូជា​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ — ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​អស់​កល្ប​ជានិច្ច ត្រូវ​យោង​ទៅ​លើ​សេចក្ដី​ជំនឿ និង​ការ​ប្រែ​ចិត្ត — ចូរ​អធិស្ឋាន​សូម​ឲ្យ​បាន​ព្រះ​ពរ​ទាំង​ឡាយ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ — ជីវិត​នេះ​គឺជា​ពេល​វេលា​សម្រាប់​មនុស្ស​ប្រុងប្រៀប​ទៅ​ជួប​នឹង​ព្រះ — បង្ហើយ​នូវ​សេចក្ដី​សង្គ្រោះ​របស់​អ្នក ដោយ​ការ​កោតខ្លាច​ចំពោះ​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៣៥

ការ​ផ្សាយ​ព្រះ​បន្ទូល​បំផ្លាញ​កលល្បិច​របស់​ពួក​សាសន៍​សូរាំ — ពួក​គេ​បណ្ដេញ​ពួក​ជន​ដែល​ប្រែ​ចិត្ត​ជឿ ហើយ​ដែល​រួបរួម​ជាមួយ​នឹង​ប្រជាជន​អាំម៉ូន​នៅ​ដែនដី​យើសុន​ចេញ — អាលម៉ា​មាន​ទុក្ខ​សោក​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​នៃ​ប្រជាជន។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

បញ្ជា​ទាំង​ឡាយ​របស់​អាលម៉ា​ទៅ​ដល់​ហេលេមិន ជា​កូន​ប្រុស​របស់​លោក។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៣៦ និង ៣៧។

ជំពូក​ទី ៣៦

អាលម៉ា​ធ្វើ​បន្ទាល់​ទៅ​ហេលេមិន អំពី​ការ​ដែល​លោក​ប្រែ​ចិត្ត​ជឿ បន្ទាប់​ពី​បាន​ឃើញ​ទេវតា​មួយ — លោក​បាន​រង​ការ​ឈឺ​ចាប់​នៃ​ព្រលឹង​ដែល​ជាប់​ទោស លោក​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ ហើយ​បន្ទាប់​មក​បាន​កើត​មក​អំពី​ព្រះ — សេចក្ដី​អំណរ​ដ៏​ផ្អែមល្ហែម​បាន​ពោរពេញ​ក្នុង​ព្រលឹង​លោក — លោក​បាន​ឃើញ​ពួក​ទេវតា​ជា​ច្រើន​ឥត​គណនា កំពុងតែ​សរសើរ​តម្កើង​ដល់​ព្រះ — ពួក​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ជឿ​ជា​ច្រើន​បាន​ភ្លក់ ហើយ​បាន​ឃើញ ដូចដែល​លោក​បាន​ភ្លក់ ហើយ​បាន​ឃើញ​ដែរ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៣៧

ផ្ទាំង​លង្ហិន និង​គម្ពីរ​ផ្សេងៗ​ទៀត​បាន​ត្រូវ​រក្សាទុក ដើម្បី​នាំ​មនុស្ស​ទៅ​កាន់​សេចក្ដី​សង្គ្រោះ — ពួក​សាសន៍​យ៉ារេឌ​ត្រូវ​បំផ្លាញ​បង់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​គេ — ពាក្យ​សម្បថ និង​សេចក្ដី​សញ្ញា​សម្ងាត់ៗ​របស់​គេ​ត្រូវ​បាន​លាក់​មិន​ឲ្យ​ប្រជាជន​ដឹង — ចូរ​ប្រឹក្សា​ជាមួយ​នឹង​ព្រះ​អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​របស់​អ្នក — ដូច​ជា​លីអាហូណា (ត្រីវិស័យ) ដែល​បាន​ដឹកនាំ​ពួក​សាសន៍​នីហ្វៃ រីឯ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ក៏​នឹង​ដឹកនាំ​មនុស្ស​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែរ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

បញ្ជា​ទាំង​ឡាយ​នៃ​អាលម៉ា ដល់​ស៊ិបឡុន ជា​កូន​ប្រុស​របស់​លោក។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៣៨។

ជំពូក​ទី ៣៨

ស៊ិបឡុន​ត្រូវ​គេ​បៀតបៀន ដោយ​សារ​សេចក្ដី​សុចរិត — សេចក្ដី​សង្គ្រោះ​គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដែល​ជា​ជីវិត និង​ជា​ពន្លឺ​នៃ​មនុស្ស​លោក — ចូរ​ទប់​តណ្ហា​ទាំង​អស់​របស់​ខ្លួន។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

បញ្ជា​ទាំង​ឡាយ​នៃ​អាលម៉ា ដល់​កូរីអានតុន ជា​កូន​ប្រុស​របស់​លោក។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៣៩ ទៅ ៤២។

ជំពូក​ទី ៣៩

អំពើ​បាប​ខាង​កាមគុណ គឺជា​អំពើ​គួរ​ខ្ពើម​ឆ្អើម​មួយ — អំពើ​បាប​របស់​កូរីអានតុន ឃាត់ឃាំង​ពួក​សាសន៍​សូរាំ​មិន​ឲ្យ​ទទួល​ព្រះ​បន្ទូល​ — សេចក្ដី​ប្រោស​លោះ​របស់​ព្រះ​គ្រីស្ទ មាន​ប្រតិកម្ម​ក្នុង​ការ​សង្គ្រោះ​ពួក​ស្មោះត្រង់ ដែល​បាន​រស់នៅ​ពីមុន​នោះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៤០

ព្រះ​គ្រីស្ទ​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ទាំង​អស់ — ពួក​សុចរិត​ដែល​បាន​ស្លាប់​ទៅ​នឹង​ទៅ​ឯ​ស្ថាន​បរមសុខ ឯ​ពួក​ទុច្ចរិត​នឹង​ទៅ​ឯ​ភាព​ងងឹត​ខាង​ក្រៅ ដើម្បី​រង់ចាំ​ថ្ងៃ​នៃ​ដំណើរ​រស់​ឡើង​វិញ — នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ នោះ​អ្វីៗ​ទាំង​អស់​នឹង​បាន​សាង​ទៅ​ជា​រូបរាង​ដ៏​ត្រឹម​ត្រូវ និង​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៤១

នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ មនុស្ស​លោក​នឹង​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ ដែល​ប្រកប​ទៅ​ដោយ​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឬ​សេចក្ដី​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ — សេចក្ដី​ទុច្ចរិត​គឺ​មិនមែន​ជា​សុភមង្គល​ទេ — មនុស្ស​ខាង​សាច់ឈាម​រស់នៅ​ដោយ​គ្មាន​ព្រះ នៅ​ក្នុង​ពិភពលោក​នេះ — ជន​គ្រប់​រូប​ទទួល​បាន​ក្នុង​ការ​សាង​ឡើង​វិញ​នូវ​លក្ខណៈ និង​គុណ​ភាព​ទាំង​ឡាយ​ទៀត​ដែល​ខ្លួន​ធ្លាប់​មាន ពេល​រស់នៅ​ជា​មនុស្ស​លោក។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៤២

ការ​រស់នៅ​ជា​មនុស្ស​លោក​នេះ គឺជា​ពេល​វេលា​សាកល្បង ដើម្បី​ឲ្យ​មនុស្ស​អាច​ប្រែ​ចិត្ត ហើយ​បម្រើ​ព្រះ — ការ​ធ្លាក់​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ មក​ដល់​មនុស្ស​លោក​ទាំ​ង​អស់ — សេចក្ដី​ប្រោស​លោះ​កើត​ឡើង​តាម​រយៈ​ការ​ប្រែ​ចិត្ត — ព្រះ​អង្គ​ផ្ទាល់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក — សេចក្ដី​មេត្តាករុណា​បាន​ដល់​ជន​ណា​ដែល​ប្រែ​ចិត្ត — អស់​អ្នក​ផ្សេង​ទៀត​នៅ​ក្រោម​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ — សេចក្ដី​មេត្តាករុណា​បាន​មក​ដោយ​សារ​ដង្វាយ​ធួន — មាន​តែ​ជន​ដែល​ប្រែ​ចិត្ត​ដ៏​ពិតប្រាកដ​ប៉ុណ្ណោះ​ដែល​បាន​សង្គ្រោះ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៤៣

អាលម៉ា និង​ពួក​កូន​ប្រុស​របស់​លោក​ផ្សាយ​ព្រះ​បន្ទូល​ — ពួក​សាសន៍​សូរាំ និង​ពួក​ជន​ដែល​បែក​ចេញ​ពី​សាសន៍​នីហ្វៃ​ក្លាយ​ទៅ​ជា​សាសន៍​លេមិន — ពួក​សាសន៍​លេមិន​មក​ប្រឆាំង​នឹង​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​សង្គ្រាម — មរ៉ូណៃ​ប្រដាប់​ពួក​សាសន៍​នីហ្វៃ ដោយ​អាវ​ក្រោះ​សម្រាប់​ការ​ពារ — ព្រះ​អម្ចាស់​ទ្រង់​បើក​សម្ដែង​ដល់​អាលម៉ា​នូវ​យុទ្ធសាស្ត្រ​របស់​ពួក​សាសន៍​លេមិន — ពួក​សាសន៍​នីហ្វៃ​ការ​ពារ​ផ្ទះ​សំបែង សេរីភាព គ្រួសារ និង​សាសនា​របស់​គេ — ពល​ទ័ព​របស់​មរ៉ូណៃ និង​លីហៃ​ហ៊ុមព័ទ្ធ​ពួក​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ជំពូក​ទី ៤៤

មរ៉ូណៃ​បញ្ជា​ឲ្យ​ពួក​លេមិន​ចុះ​សេចក្ដី​សញ្ញា​សន្តិ​ភាព បើ​ពុំ​នោះ​សោត​ទេ នឹង​ត្រូវ​បំផ្លាញ​ចោល — សេរ៉ាហិមណា​បដិសេធ​សេចក្ដី​ស្នើ ហើយ​ចម្បាំង​ក៏​បន្ត​ទៅ​ទៀត — ពល​ទ័ព​របស់​មរ៉ូណៃ វាយ​ពួក​លេមិន​ឲ្យ​បរាជ័យ។ ប្រមាណ​ជា​ឆ្នាំ ៧៤–៧៣ ម.គ.ស.។

ដំណើរ​រឿង​អំពី​ប្រជាជន​នីហ្វៃ និង​សង្គ្រាម​ទាំង​ឡាយ និង​ការ​បែកបាក់​គ្នា​របស់​គេ នៅ​ក្នុង​ជំនាន់​ហេលេមិន ស្រប​តាម​បញ្ជី​របស់​ហេលេមិន ដែល​លោក​បាន​កត់​ទុក​នៅ​ក្នុង​ជំនាន់​លោក។

មាន​រួម​ពី​ជំពូក​ទី ៤៥ ដល់ ៦២។

ជំពូក​ទី ៤៥

ហេលេមិន​ជឿ​តាម​ពាក្យ​របស់​អាលម៉ា — អាលម៉ា​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​នៃ​ពួក​សាសន៍​នីហ្វៃ — លោក​ប្រទាន​ពរ ហើយ​ដាក់​បណ្ដាសា​ដល់​ដែនដី — អាលម៉ា​ប្រហែលជា​ត្រូវ​ព្រះ​វិញ្ញាណ​នាំ​យក​ទៅ​លើ គឺ​ដូច​លោក​ម៉ូសេ — ការ​បែកបាក់​គ្នា​រីក​ធំ​ឡើង​នៅ​ក្នុង​សាសនាចក្រ។ ប្រមាណ​ជា​ឆ្នាំ ៧៣ ម.គ.ស.។

ជំពូក​ទី ៤៦

អាម៉ាលិកាយ​ប្រើ​ឧបាយកល ដើម្បី​ធ្វើ​ជា​ស្ដេច — មរ៉ូណៃ​លើក​ទង់​ឥស្សរភាព — លោក​ប្រមូល​ប្រជាជន​ឲ្យ​ការ​ពារ​សាសនា​របស់​ខ្លួន — ពួក​អ្នក​ជឿ​ពិត​ត្រូវ​បាន​ហៅ​ថា ពួក​គ្រីស្ទាន — ពួក​សំណល់​នៃ​យ៉ូសែប​នឹង​ត្រូវ​បាន​រក្សាទុក — អាម៉ាលិកាយ និង​ពួក​អ្នក​ដែល​បែក ចេញ រត់​ទៅ​ដែនដី​នីហ្វៃ — ពួក​អ្នក​ដែល​មិន​គាំទ្រ​ឧត្ដម​គតិ​នៃ​សេរីភាព ត្រូវ​គេ​យក​ទៅ​ប្រហារជីវិត​ចោល។ ប្រមាណ​ជា​ឆ្នាំ ៧៣–៧២ ម.គ.ស.។

ជំពូក​ទី ៤៧

អាម៉ាលិកាយ​ប្រើការ​ក្បត់ ឃាតកម្ម និង​កលល្បិច ដើម្បី​បាន​ធ្វើ​ជា​ស្ដេច​នៃ​ពួក​សាសន៍​លេមិន — ពួក​សាសន៍​នីហ្វៃ​ដែល​បែក​ក្រុម​ចេញ នោះ​អាក្រក់ ហើយ​សាហាវ​ជាង​ពួក​សាសន៍​លេមិន​ទៅ​ទៀត។ ប្រមាណ​ជា​ឆ្នាំ ៧២ ម.គ.ស.។

ជំពូក​ទី ៤៨

អាម៉ាលិកាយ​ញុះញង់​ពួក​សាសន៍​លេមិន​ឲ្យ​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ — មរ៉ូណៃ​រៀបចំ​ប្រជាជន​លោក​ឲ្យ​ការ​ពារ​ឧត្ដម​គតិ​របស់​ពួក​គ្រីស្ទាន — លោក​អរ​រីករាយ​ក្នុង​ឥស្សរភាព និង​សេរីភាព ហើយ​ជា​មនុស្ស​សំណប់​ដ៏​ខ្លាំងក្លា​ម្នាក់​របស់​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៧២ ម.គ.ស.។

ជំពូក​ទី ៤៩

ពួក​លេមិន​ដែល​ឈ្លានពាន​នោះ មិន​អាច​យក​ទី​ក្រុង​អាំម៉ូណៃហា និង​ណូអេ​ដ៏​មាំមួន​បាន​ទេ — អាម៉ាលិកាយ​ជេរ​ប្រទេច​ព្រះ ហើយ​ស្បថ​ថា​នឹង​ផឹក​ឈាម​មរ៉ូណៃ — ហេលេមិន និង​បង​ប្អូន​លោក បន្ត​ការ​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ។ ប្រមាណ​ជា​ឆ្នាំ ៧២ ម.គ.ស.។

ជំពូក​ទី ៥០

មរ៉ូណៃ​ពង្រឹង​ដែនដី​ទាំង​ឡាយ​នៃ​ពួក​នីហ្វៃ — ពួក​គេ​ស្ថាបនា​ទី​ក្រុង​ថ្មីៗ​ជា​ច្រើន — សង្គ្រាម​ទាំង​ឡាយ និង​ការ​បំផ្លិចបំផ្លាញ​ទាំង​ឡាយ ធ្លាក់​មក​លើ​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​ថ្ងៃ​ទាំង​ឡាយ​នៃ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ — ម៉ូរីអានតុន និង​ពួក​បែក ចេញ​របស់​វា ត្រូវ​បរាជ័យ​ដោយ​ទីអានគុម — នីហ្វៃ​ហា​ស្លាប់ ហើយ​កូន​ប្រុស​លោក គឺ​ពេហូរ៉ាន​បំពេញ​វេទិកា​ជំនុំ​ជំរះ។ ប្រមាណ​ជា​ឆ្នាំ ៧២–៦៧ ម.គ.ស.។

ជំពូក​ទី ៥១

ពួក​និយម​ស្ដេច​រក​កែប្រែ​ក្រឹត្យ​វិន័យ ហើយ​លើក​ស្ដេច​មួយ​ឡើង — ពេហូរ៉ាន និង​ពួក​សេរី ត្រូវ​បាន​គាំទ្រ​ដោយ​សំឡេង​របស់​ប្រជាជន — មរ៉ូណៃ​បង្ខំ​ពួក​និយម​ស្ដេច​ឲ្យ​ការ​ពារ​សេរីភាព​របស់​ពួក​គេ ឬ​ក៏​ត្រូវ​យក​ទៅ​ប្រហារជីវិត​ចោល — អាម៉ាលិកាយ និង​ពួក​សាសន៍​លេមិន​យក​បាន​ទី​ក្រុង​ដ៏​មាំមួន​ជា​ច្រើន — ទីអានគុម​កម្ចាត់​ការ​រាតត្បាត​នៃ​ពួក​លេមិន ហើយ​ប្រហារ​អាម៉ាលិកាយ នៅ​ក្នុង​ត្រសាល​របស់​ទ្រង់។ ប្រមាណ​ជា​ឆ្នាំ ៦៧–៦៦ ម.គ.ស.។

ជំពូក​ទី ៥២

អាំម៉ូរ៉ុន​បន្ត​រាជ​ជា​ស្ដេច​នៃ​ពួក​សាសន៍​លេមិន​ពី​អាម៉ាលិកាយ — មរ៉ូណៃ ទីអានគុម និង​លីហៃ ដឹកនាំ​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង​សង្គ្រាម​មួយ​ដ៏​ប្រកប​ដោយ​ជោគជ័យ​ប្រឆាំង​នឹង​ពួក​សាសន៍​លេមិន — ទី​ក្រុង​មូលេក​ត្រូវ​យក​បាន​មក​វិញ ហើយ​យ៉ាកុប​ជា​សាសន៍​សូរាំ​ត្រូវ​ស្លាប់។ ប្រមាណ​ជា​ឆ្នាំ ៦៦–៦៤ ម.គ.ស.។

ជំពូក​ទី ៥៣

ពួក​ឈ្លើយ​សាសន៍​លេមិន​ត្រូវ​បាន​ប្រើ​ឲ្យ​ពង្រឹង​ទី​ក្រុង​បរិបូរណ៍ — ការ​បែក​ចេញ​ទាំង​ឡាយ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ធ្វើ​ឲ្យ​ពួក​សាសន៍​លេមិន​មាន​ជ័យ​ជម្នះ — ហេលេមិន​បញ្ជា​កូន​ប្រុស​ពីរ​ពាន់​នាក់ ជា​កូន​របស់​ប្រជាជន​អាំម៉ូន។ ប្រមាណ​ជា​ឆ្នាំ ៦៤–៦៣ ម.គ.ស.។

ជំពូក​ទី ៥៤

អាំម៉ូរ៉ុន និង​មរ៉ូណៃ ចរចា​ដើម្បី​ប្ដូរ​ឈ្លើយ​សង្គ្រាម — មរ៉ូណៃ​ទាមទារ​ឲ្យ​ពួក​លេមិន​ដកថយ​ចេញ ហើយ​បញ្ឈប់​ការ​វាយប្រហារ​ដែល​សម្លាប់​មនុស្ស​របស់​គេ — អាំម៉ូរ៉ុន​ទាមទារ​ឲ្យ​ពួក​នីហ្វៃ​ដាក់​អាវុធ​ចុះ ហើយ​ធ្វើ​ជា​ចំណុះ​ពួក​សាសន៍​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៦៣ ម.គ.ស.។

ជំពូក​ទី ៥៥

មរ៉ូណៃ​មិន​ព្រម​ប្ដូរ​ឈ្លើយ — ពួក​អ្នក​យាម​សាសន៍​លេមិន​ត្រូវ​បង្អក​ស្រា​ឲ្យ​ស្រវឹង ហើយ​ពួក​ឈ្លើយ​សាសន៍​នីហ្វៃ​ត្រូវ​បាន​ដោះ​លែង — ទី​ក្រុង​គីឌ​ត្រូវ​យក​បាន​ដោយ​ពុំ​មាន​ការ​ខ្ចាយ​ឈាម។ ប្រមាណ​ជា​ឆ្នាំ ៦៣–៦២ ម.គ.ស.។

ជំពូក​ទី ៥៦

ហេលេមិន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ទៅ​មរ៉ូណៃ រាប់​រៀប​អំពី​ស្ថានភាព​សង្គ្រាម​នឹង​ពួក​សាសន៍​លេមិន — អាន់ទីផុស និង​ហេលេមិន​យក​បាន​ជ័យ​ជម្នះ​មួយ​ដ៏​ធំ​លើ​ពួក​លេមិន — កូន​ប្រុស​ពីរ​ពាន់​នាក់​របស់​ហេលេមិន​ប្រយុទ្ធ​ដោយ​កម្លាំង​ដ៏​អស្ចារ្យ ហើយ​គ្មាន​ពួក​គេ​ណា​ម្នាក់​ត្រូវ​ស្លាប់​ឡើយ។ ខ​ទី​១, ប្រមាណ​ជា​ឆ្នាំ ៦២ ម.គ.ស. ខ​ទី​២–១៩, ប្រមាណ​ជា​ឆ្នាំ ៦៦ ម.គ.ស. ហើយ​ខ​ទី​២០–៥៧, ប្រមាណ​ជា ឆ្នាំ ៦៥–៦៤ ម.គ.ស.។

ជំពូក​ទី ៥៧

ហេលេមិន​រៀប​រាប់​អំពី​ការ​វាយ​យក​ក្រុង​អាន់ទីប៉ារ៉ា​មក​វិញ និង​ការ​ចុះ​ចូល ហើយ​បន្ទាប់​មក អំពី​កិច្ចការ​ពារ​ក្រុង​គូមេណៃ — យុវជន​សាសន៍​អាំម៉ូន​ទាំង​ឡាយ​របស់​លោក​ប្រយុទ្ធ​យ៉ាង​អង់​អាច ហើយ​ទាំង​អស់​គ្នា​ត្រូវ​របួស តែ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​ស្លាប់​ឡើយ — គីឌ រាយការណ៍​អំពី​ការ​កាប់​សម្លាប់ និង​ការ​រត់​រួច​នៃ​ពួក​ឈ្លើយ​សាសន៍​លេមិន។ ប្រមាណ​ជា​ឆ្នាំ ៦៣ ម.គ.ស.។

ជំពូក​ទី ៥៨

ហេលេមិន គីឌ និង​ទីអុមណើរ​ដណ្ដើមយក​ទី​ក្រុង​ម៉ាន់តៃ​ដោយ​ឧបាយ​សឹក​មួយ — ពួក​លេមិន​ដកថយ — កូន​ប្រុស​ទាំង​ឡាយ​របស់​ប្រជាជន​អាំម៉ូន ត្រូវ​បាន​ថែរក្សា​ទុក​ឲ្យ​គង់​ក្នុង​កាល​ពួក​គេ​ឈរ​យ៉ាង​រឹងប៉ឹង​ក្នុង​កិច្ចការ​ពារ​ឥស្សរភាព និង​សេចក្ដី​ជំនឿ​របស់​គេ។ ប្រមាណ​ជា​ឆ្នាំ ៦៣–៦២ ម.គ.ស.។

ជំពូក​ទី ៥៩

មរ៉ូណៃ​សូម​ឲ្យ​ពេហូរ៉ាន​បន្ថែម​កម្លាំង​ទ័ព​ឲ្យ​ហេលេមិន — ពួក​លេមិន​យក​ទី​ក្រុង​នីហ្វៃ​ហា — មរ៉ូណៃ​ខឹង​នឹង​រដ្ឋាភិបាល។ ប្រមាណ​ជា​ឆ្នាំ ៦២ ម.គ.ស.។

ជំពូក​ទី ៦០

មរ៉ូណៃ​ត្អូញត្អែរ​ទៅ​កាន់​ពេហូរ៉ាន​អំពី​ការណ៍ ដែល​រដ្ឋាភិបាល​មិន​អើពើ​ដល់​ពល​ទ័ព — ព្រះ​អម្ចាស់​ទ្រង់​ទុក​ឲ្យ​ជន​សុចរិត​ត្រូវ​ស្លាប់ — ពួក​សាសន៍​នីហ្វៃ​ត្រូវ​ប្រើ​កម្លាំង និង​មធ្យោបាយ​ទាំង​អស់​របស់​គេ ដើម្បី​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ពួក​ខ្មាំងសត្រូវ​របស់​គេ — មរ៉ូណៃ​គំរាម​ថា​នឹង​ប្រយុទ្ធ​តទល់​នឹង​រដ្ឋាភិបាល ប្រសិន​បើ​ជំនួយ​មិន​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​ពល​ទ័ព​របស់​លោក​ទេ។ ប្រមាណ​ជា​ឆ្នាំ ៦២ ម.គ.ស.។

ជំពូក​ទី ៦១

ពេហូរ៉ាន​ប្រាប់​មរ៉ូណៃ​អំពី​ការ​បះបោរ និង​ការ​រឹងទទឹង​ទាស់​នឹង​រដ្ឋាភិបាល — ពួក​និយម​ស្ដេច​យក​ក្រុង​សារ៉ាហិមឡា ហើយ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​នឹង​ពួក​សាសន៍​លេមិន — ពេហូរ៉ាន​សូម​ជំនួយ​យោធា​មក​ប្រឆាំង​នឹង​ពួក​បះបោរ។ ប្រមាណ​ជា​ឆ្នាំ ៦២ ម.គ.ស.។

ជំពូក​ទី ៦២

មរ៉ូណៃ​ធ្វើ​ដំណើរ​ទៅ​ជួយ​ពេហូរ៉ាន​នៅ​ដែនដី​គេឌាន — ពួក​និយម​ស្ដេច​ដែល​ប្រកែក​មិន​ព្រម​ការ​ពារ​ប្រទេស​គេ ត្រូវ​យក​ទៅ​ប្រហារជីវិត​ចោល — ពេហូរ៉ាន និង​មរ៉ូណៃ​យក​ក្រុង​នីហ្វៃ​ហា​បាន​មក​វិញ — ពួក​សាសន៍​លេមិន​ជា​ច្រើន រួបរួម​ជាមួយ​នឹង​ប្រជាជន​អាំម៉ូន — ទីអានគុម​សម្លាប់​អាំម៉ូរ៉ុន ហើយ​ត្រូវ​គេ​សម្លាប់​គាត់​វិញ — ពួក​សាសន៍​លេមិន​ត្រូវ​រុញច្រាន​ចេញ​ពី​ដែនដី ហើយ​សន្តិ​ភាព​ត្រូវ​បាន​បង្កើត​ឡើង​វិញ — ហេលេមិន​ត្រឡប់​ទៅ​ធ្វើ​ការងារ​បម្រើ និង​ស្ថាបនា​សាសនាចក្រ​ឡើង។ ប្រមាណ​ជា​ឆ្នាំ ៦២–៥៧ ម.គ.ស.។

ជំពូក​ទី ៦៣

ស៊ិបឡុន ហើយ​ក្រោយ​មក ហេលេមិន យក​បញ្ជី​ពិសិដ្ឋ​ទាំង​ឡាយ — ពួក​សាសន៍​នីហ្វៃ​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​ដែនដី​ដែល​នៅ​ទិស​ខាង​ជើង — ហាកូត​សង់​សំពៅ​ទាំង​ឡាយ ដែល​បើក​នៅ​ក្នុង​សមុទ្រ​ខាង​លិច — មរ៉ូណៃហា​ធ្វើ​ឲ្យ​ពួក​លេមិន​បរាជ័យ​នៅ​ក្នុង​ចម្បាំង។ ប្រមាណ​ជា​ឆ្នាំ​៥៦–៥២ ម.គ.ស.។