ជំពូក​ទី ១២

ព្យាការី​អេធើរ​ទូន្មាន​ប្រជាជន​ឲ្យ​ជឿ​ដល់​ព្រះ — មរ៉ូណៃ រៀប​រាប់​ឡើង​វិញ​នូវ​ការណ៍​ចម្លែក​អស្ចារ្យ​ទាំង​ឡាយ ដែល​ធ្វើ​ឡើង​ដោយ​សេចក្ដី​ជំនឿ — សេចក្ដី​ជំនឿ​បាន​ផ្ដល់​លទ្ធ​ភាព​ដល់​បង​របស់​យ៉ារេឌ​ឲ្យ​មើល​ឃើញ​ព្រះ​គ្រីស្ទ — ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​នូវ​ភាព​ទន់ខ្សោយ​ទាំង​ឡាយ ដើម្បី​ឲ្យ​ពួក​គេ​រាបសា — បង​របស់​យ៉ារេឌ​រើ​ភ្នំ​ស៊ីរិន​ដោយ​សេចក្ដី​ជំនឿ — សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស មាន​សារៈសំខាន់​ជា​ចាំ​បាច់​ដល់​សេចក្ដី​សង្គ្រោះ — មរ៉ូណៃ​បាន​ឃើញ​ព្រះ​យេស៊ូវ​ទល់​នឹង​មុខ។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អេធើរ​បាន​រស់នៅ​សម័យ​កូរីអានទុមើរ ហើយ​កូរីអានទុមើរ គឺជា​ស្ដេច​លើ​អស់​ទាំង​ដែនដី។

 ២ ហើយ​អេធើរ គឺជា​ព្យាការី​ម្នាក់​របស់​ព្រះ​អម្ចាស់ ហេតុ​ដូច្នោះ​ហើយ អេធើរ​បាន​ចេញ​មក​សម័យ​កូរីអានទុមើរ ហើយ​បាន​ចាប់​ផ្ដើម​ព្យាករ​ដល់​ប្រជាជន ត្បិត​លោក​ពុំ​អាច​ទ្រាំ​បាន ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ដែល​នៅ​ក្នុង​លោក។

 ៣ ព្រោះ​លោក​បាន​ស្រែក តាំង​ពី​ព្រលឹម​ទៅ​ដល់​ពេល​ថ្ងៃ​លិច ទូន្មាន​ឲ្យ​ប្រជាជន​ជឿ​ដល់​ព្រះ និង​ដល់​ការ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល គឺ​និយាយ​ទៅ​ពួក​គេ​ថា ដោយ​សារ​សេចក្ដី​ជំនឿ នោះ​ការណ៍​ទាំង​អស់​ត្រូវ​បាន​បំពេញ —

 ៤ ហេតុ​ដូច្នោះ​ហើយ អស់​អ្នក​ណា​ជឿ​ដល់​ព្រះ អាច​សង្ឃឹម​ជា​ប្រាកដ​ថា នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត មែន​ហើយ គឺ​កន្លែង​មួយ​ដែល​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ ឯ​សេចក្ដី​សង្ឃឹម​នោះ​កើត​មក​ពី​សេចក្ដី​ជំនឿ ធ្វើ​ជា​យុថ្កា​មួយ​ដល់​ព្រលឹង​មនុស្ស ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិតស្ថេរ​នៅ​នឹង​ធឹង ហើយ​ខ្ជាប់​ខ្ជួន គឺ​នៅ​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ​ជា​ដរាប ដែល​នាំ​ឲ្យ​សរសើរ​តម្កើង​ដល់​ព្រះ។

 ៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អេធើរ​បាន​ព្យាករ​នូវ​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ដល់​ប្រជាជន​ដែល​ពួក​គេ​ពុំ​ជឿ​សោះ ពី​ព្រោះ​ពួក​គេ​ពុំ​បាន​ឃើញ។

 ៦ ហើយ​ឥឡូវ​នេះ ខ្ញុំ មរ៉ូណៃ ចង់​និយាយ​ខ្លះ​អំពី​ការណ៍​ទាំង​នេះ ខ្ញុំ​ចង់​បង្ហាញ​ដល់​មនុស្ស​លោក​ថា សេចក្ដី​ជំនឿ​គឺជា​អ្វី​ដែល​សង្ឃឹម​ចង់​បាន ហើយ​មើល​មិន​ឃើញ ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ជំទាស់​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មើល​មិន​ឃើញ ត្បិត​អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការ​សាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន។

 ៧ ត្បិត​គឺ​ដោយ​សារ​សេចក្ដី​ជំនឿ​នេះ​ហើយ ដែល​ព្រះ​គ្រីស្ទ​ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​អយ្យកោ​របស់​យើង បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ហើយ​ទ្រង់​ពុំ​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ​ឡើយ លុះ​ត្រា​ក្រោយ​ពី​ពួក​គេ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់ ហេតុ​ដូច្នោះ​ហើយ ជា​ការ​ចាំ​បាច់​ថា អ្នក​ខ្លះ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ទ្រង់ ត្បិត​ទ្រង់​ពុំ​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពិភពលោក​ឡើយ។

 ៨ ប៉ុន្តែ​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​មនុស្ស នោះ​ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​មនុស្ស​លោក ហើយ​បាន​តម្កើង​ព្រះ​នាម​នៃ​ព្រះ​វរបិតា ហើយ​បាន​រៀបចំ​ផ្លូវ​មួយ ដើម្បី​ដោយ​សារ​ប្រការ​នោះ នោះ​អ្នក​ឯ​ទៀត​អាច​បាន​ទទួល​នូវ​អំណោយទាន​សួគ៌ ដើម្បី​ឲ្យ​ពួក​គេ​អាច​សង្ឃឹម ដល់​ការណ៍​ទាំង​នោះ ដែល​ពួក​គេ​ពុំ​ទាន់​បាន​ឃើញ។

 ៩ ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​ក៏​អាច​មាន​សេចក្ដី​សង្ឃឹម ហើយ​ធ្វើ​ជា​អ្នក​ទទួល​នូវ​អំណោយទាន​នោះ​ដែរ បើ​សិន​ជា​អ្នក​រាល់​គ្នា គ្រាន់​តែ​មាន​សេចក្ដី​ជំនឿ។

 ១០ មើល​ចុះ គឺ​ដោយ​សារ​សេចក្ដី​ជំនឿ​នេះ​ហើយ ដែល​មនុស្ស​ជំនាន់​ដើម​ត្រូវ​បាន​ហៅ តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ។

 ១១ ហេតុ​ដូច្នោះ​ហើយ ដោយ​សារ​សេចក្ដី​ជំនឿ នោះ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ត្រូវ​បាន​ប្រទាន​មក។ ប៉ុន្តែ​ដោយ​អំណោយទាន​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ នោះ​ព្រះ​ទ្រង់​បាន​រៀបចំ​ផ្លូវ​មួយ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត ហើយ​គឺ​ដោយ​សេចក្ដី​ជំនឿ​នេះ​ហើយ ដែល​វា​បាន​បំពេញ។

 ១២ ព្រោះ​បើ​សិន​ជា​គ្មាន​សេចក្ដី​ជំនឿ​នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ទេ នោះ​ព្រះ​ទ្រង់​ពុំ​អាច​សម្ដែង​អព្ភូតហេតុ នៅ​ក្នុង​ចំណោម​ពួក​គេ​បាន​ឡើយ ហេតុ​ដូច្នោះ​ហើយ ទ្រង់​ពុំ​បង្ហាញ​រូបអង្គ​ទ្រង់​សោះ លុះ​ត្រា​តែ​ក្រោយ​ពី​សេចក្ដី​ជំនឿ​របស់​ពួក​គេ​សិន។

 ១៣ មើល​ចុះ គឺ​ដោយ​សេចក្ដី​ជំនឿ​របស់​អាលម៉ា និង​អាមូលេក ដែល​បាន​ធ្វើ​ឲ្យ​គុក​រលំ​ចុះ​ទៅ​ដី។

 ១៤ មើល​ចុះ គឺ​ដោយ​សេចក្ដី​ជំនឿ​របស់​នីហ្វៃ និង​លីហៃ ដែល​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដល់​ពួក​សាសន៍​លេមិន ធ្វើ​ឲ្យ​ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

 ១៥ មើល​ចុះ គឺ​ដោយ​សេចក្ដី​ជំនឿ​របស់​អាំម៉ូន និង​ពួក​បង​ប្អូន​របស់​លោក ដែល​បាន​នាំ​មក​នូវ​អព្ភូតហេតុ​ដ៏​ធំ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន។

 ១៦ មែន​ហើយ ហើយ​អស់​ទាំង​ពួក​គេ ដែល​បាន​នាំ​មក​នូវ​អព្ភូតហេតុ គឺ​នាំ​មក​ដោយ​សារ​សេចក្ដី​ជំនឿ ទាំង​ពួក​អ្នក​ដែល​បាន​រស់​នៅ​មុន​ព្រះ​គ្រីស្ទ និង​ពួក​អ្នក​ដែល​រស់នៅ​ក្រោយ​ទ្រង់​ផង។

 ១៧ ហើយ​គឺ​ដោយ​សេចក្ដី​ជំនឿ​នេះ​ហើយ ដែល​ពួក​សិស្ស​បី​នាក់​បាន​ទទួល​សេចក្ដី​សន្យា​ថា ពួក​គេ​ពុំ​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់​ឡើយ ហើយ​ពួក​គេ​ពុំ​បាន​សេចក្ដី​សន្យា​នោះ​ទេ លុះ​ត្រា​ក្រោយ​ពី​សេចក្ដី​ជំនឿ​របស់​ពួក​គេ​សិន។

 ១៨ ហើយ​គ្មាន​ពេល​ណា​ទេ ដែល​អ្នក​ណា​ម្នាក់​នាំ​មក​នូវ​អព្ភូតហេតុ លុះ​ត្រា​ក្រោយ​ពី​សេចក្ដី​ជំនឿ​របស់​ពួក​គេ​សិន ហេតុ​ដូច្នោះ​ហើយ ពួក​គេ​ដំបូង​បំផុត ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

 ១៩ ហើយ​មាន​មនុស្ស​ជា​ច្រើន ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង ទាំង​មុន​ព្រះ​គ្រីស្ទ​ទ្រង់​យាង​មក​ម្ល៉េះ គេ​មិន​អាច​ត្រូវ​បិទបាំង​ពី​ក្នុង​វាំងនន​បាន​ទេ តែ​ឃើញ​យ៉ាង​ពិត​ដោយ​ភ្នែក​របស់​ពួក​គេ​នូវ​ការណ៍​ទាំង​ឡាយ ដែល​ពួក​គេ​ធ្លាប់​បាន​ឃើញ​ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ ហើយ​ពួក​គេ​បាន​អរ​រីករាយ។

 ២០ ហើយ​មើល​ចុះ យើង​បាន​ឃើញ​នៅ​ក្នុង​បញ្ជី​នេះ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម​នេះ គឺ​បង​របស់​យ៉ារេឌ ត្បិត​សេចក្ដី​ជំនឿ​របស់​លោក​ដល់​ព្រះ​មាន​ទំហំ​ធំ​ណាស់ គឺ​នៅ​ពេល​ព្រះ​ទ្រង់​លូក​ព្រះ​អង្គុលី​របស់​ទ្រង់​ទៅ ទ្រង់​មិន​អាច​លាក់​ពី​ភ្នែក​នៃ​បង​របស់​យ៉ារេឌ​បាន​ឡើយ ដោយ​ព្រោះ​ព្រះ​បន្ទូល​របស់​ទ្រង់ ដែល​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​កាន់​លោក គឺជា​ព្រះ​បន្ទូល​ដែល​លោក​បាន​ទទួល​ដោយ​សេចក្ដី​ជំនឿ។

 ២១ ហើយ​ក្រោយ​ពី​បង​របស់​យ៉ារេឌ បាន​ឃើញ​ព្រះ​អង្គុលី​នៃ​ព្រះ​អម្ចាស់​ហើយ ដោយ​សារ​ពាក្យ​សន្យា​ដែល​បង​របស់​យ៉ារេឌ​បាន​ទទួល​ដោយ​សេចក្ដី​ជំនឿ នោះ​ព្រះ​អម្ចាស់​ទ្រង់​ពុំ​អាច​លាក់​អ្វី​ពី​ភ្នែក​លោក​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ទ្រង់​បាន​បង្ហាញ​លោក​នូវ​អ្វីៗ​ទាំង​អស់ ព្រោះ​លោក​ពុំ​អាច​ត្រូវ​ឃាត់ឃាំង​ឲ្យ​នៅ​ខាង​ក្រៅ​វាំងនន​ទៀត​ទេ។

 ២២ ហើយ​គឺ​ដោយ​សារ​សេចក្ដី​ជំនឿ​នេះ​ហើយ ដែល​ពួក​អយ្យកោ​ខ្ញុំ​បាន​សេចក្ដី​សន្យា​ថា ការណ៍​ទាំង​នេះ​នឹង​មក​ដល់​ពួក​បង​ប្អូន​របស់​ពួក​គេ តាម​រយៈ​ពួក​សាសន៍​ដទៃ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ខ្ញុំ មែន​ហើយ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។

 ២៣ ហើយ​ខ្ញុំ​បាន​ទូល​ទៅ​កាន់​ទ្រង់​ថា ៖ ព្រះ​អម្ចាស់​អើយ ពួក​សាសន៍​ដទៃ​នឹង​ចំអកឡកឡឺយ​ដល់​ការណ៍​ទាំង​នេះ ដោយ​សារ​ភាព​ទន់ខ្សោយ​របស់​យើង​ខ្ញុំ​ខាង​ការ​សរសេរ ត្បិត​ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្លាំង​ពូកែ​ខាង​ពាក្យ​សម្ដី ដោយ​សេចក្ដី​ជំនឿ ប៉ុន្តែ​ព្រះ​អង្គ​ពុំ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្លាំង​ពូកែ​ខាង​ការ​សរសេរ​ទេ ត្បិត​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អស់​នេះ​អាច​និយាយ​បាន​ច្រើន មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ។

 ២៤ ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាច​សរសេរ​បាន​តែ​បន្តិចបន្តួច ដោយ​ព្រោះ​ភាព​ឆ្គាំឆ្គង​នៃ​ដៃ​របស់​យើង​ខ្ញុំ។ មើល​ចុះ ព្រះ​អង្គ​ពុំ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្លាំង​ពូកែ​ខាង​ការ​សរសេរ ដូច​បង​របស់​យ៉ារេឌ​ទេ ត្បិត​ព្រះ​អង្គ​បាន​ធ្វើ​ដល់​លោក​ថា ការណ៍​ទាំង​ឡាយ ដែល​លោក​សរសេរ នោះ​នឹង​បាន​ទៅ​ជា​ខ្លាំង​ពូកែ ដូច​ជា​ព្រះ​អង្គ​ដែរ ដើម្បី​ឈ្នះ​លើ​អ្នក​ណា​ដែល​អាន​ការណ៍​ទាំង​នោះ។

 ២៥ ព្រះ​អង្គ​ក៏​បាន​ធ្វើ​ឲ្យ​ពាក្យ​របស់​យើង​ខ្ញុំ​ខ្លាំង ហើយ​វិសេស​ដែរ ដែល​យើង​ខ្ញុំ​មិន​អាច​សរសេរ​បាន​ឡើយ ហេតុ​ដូច្នោះ​ហើយ កាលណា​យើង​ខ្ញុំ​សរសេរ នោះ​យើង​ខ្ញុំ​ឃើញ​ភាព​ទន់ខ្សោយ​របស់​យើង​ខ្ញុំ ហើយ​ទាក់​ពាក្យ ដោយ​សារ​ការ​រៀប​ពាក្យ​ពេចន៍​របស់​យើង​ខ្ញុំ ហើយ​ទូលបង្គំ​ខ្លាចក្រែង​ពួក​សាសន៍​ដទៃ​នឹង​ចំអកឡកឡឺយ​ដល់​ពាក្យ​របស់​យើង​ខ្ញុំ។

 ២៦ ហើយ​កាល​ខ្ញុំ​បាន​ទូល​ដូច្នេះ​ហើយ នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ពួក​អ្នក​ភ្លើ​ទេ​ដែល​ចំអក តែ​ពួក​គេ​នឹង​យំសោក ហើយ​គុណ​របស់​យើង​មាន​គ្រប់​គ្រាន់​សម្រាប់​អ្នក​ស្លូតត្រង់ ដើម្បី​កុំ​ឲ្យ​ពួក​គេ​យក​ប្រៀប​លើ​ភាព​ទន់ខ្សោយ​របស់​អ្នក​រាល់​គ្នា​បាន។

 ២៧ ហើយ​បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ​នូវ​ភាព​ទន់ខ្សោយ​របស់​ពួក​គេ។ យើង​ឲ្យ​ភាព​ទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់ ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ត្បិត​បើ​សិន​ជា​ពួក​គេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ។

 ២៨ មើល​ចុះ យើង​នឹង​បង្ហាញ​ដល់​ពួក​សាសន៍​ដទៃ​នូវ​ភាព​ទន់ខ្សោយ​របស់​ពួក​គេ ហើយ​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ​ថា សេចក្ដី ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស នាំ​ពួក​គេ​មក​ឯ​យើង — គឺជា​ប្រភព​ទឹក​នៃ​អស់​ទាំង​សេចក្ដី​សុចរិត។

 ២៩ ហើយ​ខ្ញុំ​មរ៉ូណៃ បាន​ឮ​នូវ​ពាក្យ​ទាំង​នេះ ក៏​បាន​ស្កប់​ចិត្ត ហើយ​ទូល​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ព្រះ​ហឫទ័យ​ដ៏​សុចរិត​របស់​ទ្រង់​នឹង​បាន​សម្រេច ត្បិត​ទូលបង្គំ​ដឹង​ថា ទ្រង់​ធ្វើ​ការ​ដល់​កូន​ចៅ​មនុស្ស ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ពួក​គេ។

 ៣០ ព្រោះ​បង​របស់​យ៉ារេឌ បាន​និយាយ​ទៅ​កាន់​ភ្នំ​ស៊ីរិន​ថា ចូរ​រើ​ចេញ — ហើយ​ភ្នំ​ក៏​រើ​ចេញ​ទៅ។ ហើយ​បើ​សិន​ជា​លោក​ពុំ​មាន​សេចក្ដី​ជំនឿ​ទេ នោះ​ភ្នំ​ពុំ​រើ​ចេញ​ឡើយ ហេតុ​ដូច្នោះ​ហើយ ទ្រង់​ធ្វើ​ការ​ក្រោយ​ពី​មនុស្ស​មាន​សេចក្ដី​ជំនឿ​សិន។

 ៣១ ត្បិត​ដោយ​ហេតុ​នោះ​ហើយ ទើប​ព្រះ​អង្គ​សម្ដែង​រូបអង្គ​ទ្រង់​ដល់​ពួក​សិស្ស​របស់​ទ្រង់ ត្បិត​បន្ទាប់​ពី​ពួក​គេ​មាន​សេចក្ដី​ជំនឿ ហើយ​បាន​ទូល​ដោយ​នូវ​ព្រះ​នាម​ទ្រង់ នោះ​ព្រះ​អង្គ​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ធំ។

 ៣២ ហើយ​ទូលបង្គំ​ក៏​ចាំ​ដែរ​ថា ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​បាន​រៀបចំ​វិមាន​មួយ​សម្រាប់​មនុស្ស មែន​ហើយ គឺ​ក្នុង​ចំណោម​វិមាន​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់ នៅ​ក្នុង​នោះ មនុស្ស​អាច​មាន​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត ហេតុ​ដូច្នោះ​ហើយ មនុស្ស​ត្រូវ​មាន​សេចក្ដី​សង្ឃឹម បើ​ពុំ​នោះ​សោត​ទេ គេ​មិន​អាច​ទទួល​មរតក​នៅ​ក្នុង​កន្លែង ដែល​ទ្រង់​បាន​រៀបចំ​នោះ​បាន​ទេ។

 ៣៣ ហើយ​ម្យ៉ាង​ទៀត ទូលបង្គំ​ចាំ​ថា ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ព្រះ​អង្គ​ប្ដូរ​ជីវិត​របស់​ទ្រង់​ជំនួស​មនុស្ស​លោក ដើម្បី​ទ្រង់​អាច​លើក​យក​ជីវិត​មក​វិញ ដើម្បី​រៀបចំ​ទី​កន្លែង​មួយ​សម្រាប់​កូន​ចៅ​មនុស្ស។

 ៣៤ ហើយ​ឥឡូវ​នេះ ទូលបង្គំ​ដឹង​ថា សេចក្ដី​ស្រឡាញ់​នេះ ដែល​ព្រះ​អង្គ​មាន​សម្រាប់​កូន​ចៅ​មនុស្ស គឺជា​សេចក្ដី​សប្បុរស ហេតុ​ដូច្នោះ​ហើយ លើក​លែងតែ​មនុស្ស​មាន​សេចក្ដី​សប្បុរស នោះ​ពួក​គេ​ពុំ​អាច​គ្រង​ទី​កន្លែង ដែល​ព្រះ​អង្គ​បាន​រៀបចំ​ទុក​នៅ​ក្នុង​វិមាន​ទាំង​ឡាយ នៃ​ព្រះ​វរបិតា​របស់​ទ្រង់ ទុកជា​មរតក​បាន​ឡើយ។

 ៣៥ ហេតុ​ដូច្នោះ​ហើយ ទូលបង្គំ​ដឹង​ដោយ​ការណ៍​នេះ ដែល​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា បើ​សិន​ជា​ពួក​សាសន៍​ដទៃ​ពុំ​មាន​សេចក្ដី​សប្បុរស​ទេ ដោយ​មក​ពី​ភាព​ទន់ខ្សោយ​របស់​យើង​ខ្ញុំ នោះ​ព្រះ​អង្គ​នឹង​សាកល្បង​ពួក​គេ ហើយ​ដក​យក​ការ​ប៉ិនប្រសប់​របស់​ពួក​គេ​ចេញ មែន​ហើយ ទាំង​អ្វីៗ​ដែល​ពួក​គេ​បាន​ទទួល ហើយ​ឲ្យ​ទៅ​ពួក​អ្នក​ដែល​សម​នឹង​បាន​លើសលែង​ទៅ​ទៀត។

 ៣៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ សូម​ឲ្យ​ទ្រង់​ប្រទាន​ដល់​ពួក​សាសន៍​ដទៃ​នូវ​ព្រះ​គុណ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សេចក្ដី​សប្បុរស។

 ៣៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ បើ​សិន​ជា​ពួក​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ វា​មិន​ជា​សំខាន់​អី​ដល់​អ្នក​ទេ គឺ​អ្នក​បាន​ស្មោះត្រង់ ហេតុ​ដូច្នោះ​ហើយ សំលៀកបំពាក់​របស់​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ជ្រះ​ស្អាត។ ហើយ​ពី​ព្រោះ​អ្នក​បាន​ឃើញ​ភាព​ទន់ខ្សោយ​របស់​ខ្លួន នោះ​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្លាំង​ពូកែ រហូត​ដល់​បាន​អង្គុយ​ឯ​ទី​កន្លែង ដែល​យើង​បាន​រៀបចំ​ទុក​នៅ​ក្នុង​វិមាន​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា​របស់​យើង។

 ៣៨ ហើយ​ឥឡូវ​នេះ ខ្ញុំ មរ៉ូណៃ សូម​លា​ពួក​សាសន៍​ដទៃ​សិន​ហើយ មែន​ហើយ និង​ដល់​ពួក​បង​ប្អូន​របស់​ខ្ញុំ​ផង ដែល​ខ្ញុំ​ស្រឡាញ់ លុះ​ដល់​យើង​នឹង​ជួប​គ្នា​នៅ​ខាង​មុខ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ នៅ​ទី​នោះ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា សំលៀកបំពាក់​របស់​ខ្ញុំ​គ្មាន​ប្រឡាក់​ដោយ​ឈាម​របស់​អ្នក​ឡើយ។

 ៣៩ ហើយ​លំដាប់​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​បាន​ឃើញ​ព្រះ​យេស៊ូវ ហើយ​ថា ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ជាមួយ​ខ្ញុំ ទល់​នឹង​មុខ ហើយ​ថា ទ្រង់​បាន​ប្រាប់​ខ្ញុំ​ដោយ​សេចក្ដី​រាបទាប​យ៉ាង​ក្បោះក្បាយ ដូច​ជា​មនុស្ស​ម្នាក់​ប្រាប់​ទៅ​ម្នាក់​ទៀត ដោយ​ភាសា​របស់​ខ្ញុំ​ផ្ទាល់ អំពី​ការណ៍​ទាំង​នេះ

 ៤០ ហើយ​ខ្ញុំ​សរសេរ​បាន​តែ​បន្តិច​ប៉ុណ្ណោះ ដោយ​មក​ពី​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ​ខាង​ការ​សរសេរ។

 ៤១ ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ទូន្មាន​អ្នក​រាល់​គ្នា ឲ្យ​ស្វែងរក​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ពួក​ព្យាការី និង​ពួក​សាវក​បាន​សរសេរ​មក​នេះ សូម​ឲ្យ​ព្រះ​គុណ​នៃ​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង ដែល​ធ្វើ​បន្ទាល់​អំពី​ទ្រង់ អាច​មក​សណ្ឋិត​នៅ​ក្នុង​អ្នក​រហូត​ត​ទៅ។ អាម៉ែន៕