ជំពូក​ទី ២

ពួក​សាសន៍​យ៉ារេឌ​រៀបចំ​ការ​ធ្វើ​ដំណើរ​របស់​គេ​ទៅ​កាន់​ដែនដី​សន្យា — គឺជា​ដែនដី​ជម្រើស​មួយ​ដែល​មនុស្ស​ត្រូវ​បម្រើ​ព្រះ​គ្រីស្ទ បើ​ពុំ​នោះ​សោត​ទេ​នឹង​ត្រូវ​កម្ចាត់​ចេញ — ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​បង​របស់​យ៉ារេឌ​អស់​បី​ម៉ោង — ពួក​គេ​ធ្វើ​ភេត្រា​ទាំង​ឡាយ — ព្រះ​អម្ចាស់​ទ្រង់​ប្រាប់​បង​របស់​យ៉ារេឌ​ឲ្យ​ស្នើ​ថា​ធ្វើ​ម្ដេច​ឲ្យ​ភេត្រា​មាន​ពន្លឺ។

 ១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យ៉ារេឌ និង​បង​របស់​លោក និង​គ្រួសារ​របស់​ពួក​គេ ព្រម​ទាំង​ពួក​មិត្តភក្តិ​របស់​យ៉ារេឌ និង​បង​របស់​លោក និង​គ្រួសារ​គេ បាន​ចុះ​ទៅ​ឯ​ច្រក​ភ្នំ ដែល​នៅ​ទិស​ខាង​ជើង (ហើយ​ឈ្មោះ​របស់​ច្រក​ភ្នំ​នោះ គឺ​នីមរ៉ូឌ ដែល​ត្រូវ​បាន​ហៅ តាម​អ្នក​បរបាញ់​ដ៏​ខ្លាំង​ពូកែ) ជាមួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​គេ ដែល​ពួក​គេ​បាន​ប្រមូល​មក ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​ប្រភេទ។

 ២ ហើយ​ពួក​គេ​បាន​ដាក់​អន្ទាក់​ផង ហើយ​ចាប់​សត្វ​ស្លាប​ដែល​នៅ​លើ​អាកាស ហើយ​ពួក​គេ​បាន​រៀបចំ​ឲ្យ​មាន​ពាង​មួយ​ផង ដែល​ពួក​គេ​បាន​ដាក់​ទៅ​ជា​មួយ​គេ​នូវ​ត្រី​ពី​ទឹក​ទាំង​ឡាយ។

 ៣ ហើយ​ពួក​គេ​បាន​នាំ​យក​ទៅ​ជាមួយ​ផង​នូវ​ដែសើរែត ដែល​បកប្រែ​មក​ថា សត្វ​ឃ្មុំ ម្ល៉ោះ​ហើយ ពួក​គេ​បាន​យក​ទៅ​ជាមួយ​នូវ​ឃ្មុំ​ទាំង​ហ្វូង និង​អ្វីៗ​គ្រប់​យ៉ាង​នៅ​លើ​ផ្ទៃ​ដែនដី គឺ​គ្រាប់​ពូជ​គ្រប់​ប្រភេទ។

 ៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ចុះ​មក​ដល់​ច្រក​ភ្នំ​នីមរ៉ូឌ​ហើយ នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​ចុះ​មក ហើយ​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​បង​របស់​យ៉ារេឌ ហើយ​ទ្រង់​នៅ​ក្នុង​ពពក​មួយ ហើយ​បង​របស់​យ៉ារេឌ​មើល​ពុំ​ឃើញ​ទ្រង់​ទេ។

 ៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ពួក​គេ​ថា ពួក​គេ​ត្រូវ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន មែន​ហើយ គឺ​ទៅ​ត្រង់​តំបន់​មួយ​ដែល​ពុំ​ដែល​មាន​មនុស្ស​ទៅ​ពីមុន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​មុខ​ពួក​គេ ហើយ​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​ពួក​គេ​នៅ​ពេល​ទ្រង់​ឈរ​នៅ​ក្នុង​ពពក​មួយ​ផ្ទាំង ហើយ​បាន​ប្រាប់​ទិស​ដែល​ពួក​គេ​ត្រូវ​ទៅ។

 ៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ដំណើរ​ក្នុង​ទី​រហោស្ថាន ហើយ​បាន​ស្ថាបនា​ភេត្រា​ទាំង​ឡាយ ដែល​ពួក​គេ​ជិះ​ឆ្លង​ទឹកជា​ច្រើន គឺ​ត្រូវ​បាន​ដឹកនាំ​ជានិច្ច​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់។

 ៧ ហើយ​ព្រះ​អម្ចាស់​ទ្រង់​ពុំ​ចង់​ឲ្យ​ពួក​គេ​ឈប់​ខាង​នាយ​សមុទ្រ ដែល​នៅ​ក្នុង​ទី​រហោស្ថាន​ឡើយ តែ​ទ្រង់​ចង់​ឲ្យ​ពួក​គេ​ទៅ​មុខ​រហូត​ដល់​ដែនដី​សន្យា ដែល​ជា​ជម្រើស​លើ​គ្រប់​ទាំង​ដែនដី​ឯ​ទៀត ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​រក្សាទុក​សម្រាប់​មនុស្ស​សុចរិត។

 ៨ ហើយ​ទ្រង់​បាន​ស្បថ​ក្នុង​សេចក្ដី​ខ្ញាល់​ដល់​បង​របស់​យ៉ារេឌ​ថា អស់​អ្នក​ណា​ដែល​យក​បាន​ដែនដី​សន្យា​នេះ ចាប់​ពី​ពេល​នេះ​ត​ទៅ​រហូត នោះ​នឹង​ត្រូវ​បម្រើ​ទ្រង់​ដែល​ជា​ព្រះ​ដ៏​ពិត​តែមួយ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​កម្ចាត់​ចេញ កាលណា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ដ៏​ពេញ​ទំហឹង​ធ្លាក់​មក​លើ​ពួក​គេ។

 ៩ ហើយ​ឥឡូវ​នេះ ពួក​យើង​អាច​ឃើញ​នូវ​ក្រឹត្យ​ក្រម​ទាំង​ឡាយ​នៃ​ព្រះ​អំពី​ដែនដី​នេះ​ថា នេះ​គឺជា​ដែនដី​សន្យា ហើយ​សាសន៍​ណា​ក៏​ដោយ​ដែល​នឹង​យក​បាន​ដែនដី​នេះ គឺ​ត្រូវ​បម្រើ​ព្រះ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ត្រូវ​កម្ចាត់​ចេញ កាលណា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ពេញ​ទំហឹង នឹង​ធ្លាក់​លើ​ពួក​គេ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ដ៏​ពេញ​ទំហឹង​នឹង​ធ្លាក់​លើ​ពួក​គេ កាលណា​ពួក​គេ​ទុំ​សុស​នៅ​ក្នុង​អំពើ​ទុច្ចរិត។

 ១០ ត្បិត​មើល​ចុះ នេះ​គឺ​ដែនដី​មួយ​ជម្រើស​លើ​គ្រប់​ទាំង​ដែនដី​ឯ​ទៀត ហេតុ​ដូច្នោះ​ហើយ អ្នក​ណា​ដែល​យក​បាន​ដែនដី​នេះ នោះ​នឹង​ត្រូវ​បម្រើ​ព្រះ បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​បោស​ចេញ ត្បិត​នេះ​គឺជា​ក្រឹត្យ​ក្រម​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ព្រះ។ ហើយ​ពួក​គេ​មិន​ត្រូវ​បោស​ចេញ​ទេ រហូត​ដល់​ភាព​ពោរ​ពេញ​នៃ​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចំណោម​កូន​ចៅ​នៃ​ដែនដី​នេះ។

 ១១ ហើយ​ការណ៍​នេះ​មក​ដល់​អ្នក ឱ​ពួក​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​អើយ ដើម្បី​អ្នក​រាល់​គ្នា​អាច​ដឹង​នូវ​ក្រឹត្យ​ក្រម​នៃ​ព្រះ — ដើម្បី​អ្នក​អាច​ប្រែ​ចិត្ត ហើយ​មិន​បន្ត​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក រហូត​ដល់​ភាព​ពោរ​ពេញ​នោះ​មក​ដល់ ដើម្បី​កុំ​ឲ្យ​អ្នក​អាច​នាំ​មក​នូវ​ភាព​ពោរ​ពេញ នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ​មក​លើ​អ្នក ដូច​បណ្ដាជន​នៅ​ដែនដី​នេះ​ធ្លាប់​បាន​ធ្វើ​នោះ។

 ១២ មើល​ចុះ នេះ​គឺជា​ដែនដី​ជម្រើស​មួយ ហើយ​សាសន៍​ណា​ក៏​ដោយ ដែល​យក​ដែនដី​នេះ​បាន នោះ​នឹង​បាន​រួច​ពី​សេវក​ភាព និង​ពី​ការ​ជាប់​ឃុំឃាំង និង​ពី​សាសន៍​ឯ​ទៀត​ទាំង​អស់​នៅ​ក្រោម​មេឃ បើ​សិន​ជា​ពួក​គេ​គ្រាន់តែ​បម្រើ​ព្រះ​នៃ​ដែនដី​នេះ​ដែល​ជា​ព្រះ​យេស៊ូវ គ្រីស្ទ ដែល​ជា​តួអង្គ​ដែល​បាន​សម្ដែង​ឲ្យ​ឃើញ​ដោយ​ការណ៍​ទាំង​ឡាយ ដែល​ពួក​យើង​បាន​សរសេរ​មក។

 ១៣ ហើយ​ឥឡូវ​នេះ ខ្ញុំ​ចាប់​ផ្ដើម​បញ្ជី​របស់​ខ្ញុំ ត្បិត​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​យ៉ារេឌ និង​ពួក​បង​ប្អូន​របស់​លោក​ទៅ​ដល់​សមុទ្រ​ដ៏​ធំ​នោះ ដែល​ចែក​ដែនដី។ ហើយ​នៅ​ពេល​ពួក​គេ​ទៅ​ដល់​សមុទ្រ​នោះ នោះ​ពួក​គេ​បាន​បោះ​ត្រសាល​របស់​គេ ហើយ​ពួក​គេ​បាន​ហៅ​ឈ្មោះ​ទី​នោះ​ថា ម៉ូរីអានគុមើរ ហើយ​ពួក​គេ​នៅ​ក្នុង​ត្រសាល ហើយ​នៅ​ក្នុង​ត្រសាល​នៅ​លើ​ឆ្នេរសមុទ្រ​អស់​រយៈ​ពេល​បួន​ឆ្នាំ។

 ១៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ចុង​ឆ្នាំ​ទី​បួន នោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​មក​ជួប​នឹង​បង​របស់​យ៉ារេឌ​ទៀត ហើយ​ឈរ​នៅ​ក្នុង​ពពក​មួយ​ផ្ទាំង ហើយ​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​លោក។ ហើយ​អស់​រយៈ​ពេល​បី​ម៉ោង ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​បង​របស់​យ៉ារេឌ ហើយ​បាន​វាយ​ផ្ចាល​លោក ពី​ព្រោះ​លោក​ពុំ​បាន​ចាំ​នឹង​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់។

 ១៥ ហើយ​បង​របស់​យ៉ារេឌ បាន​ប្រែ​ចិត្ត​នូវ​ការ​អាក្រក់​ដែល​លោក​បាន​ធ្វើ ហើយ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ដើម្បី​ពួក​បង​ប្អូន​របស់​លោក​ដែល​នៅ​ជាមួយ​នឹង​លោក។ ហើយ​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​លោក​ថា ៖ យើង​នឹង​អត់​ទោស​ឲ្យ​អ្នក និង​ពួក​បង​ប្អូន​របស់​អ្នក​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ ប៉ុន្តែ​អ្នក​ត្រូវ​ឈប់​ធ្វើ​អំពើ​បាប​ត​ទៅ​ទៀត ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ចាំ​ថា វិញ្ញាណ​របស់​យើង​នឹង​ពុំ​តស៊ូ​នៅ​ជាមួយ​នឹង​មនុស្ស​ជានិច្ច​នោះ​ទេ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​ធ្វើ​អំពើ​បាប​រហូត​ដល់​អ្នក​រាល់​គ្នា​ទុំ​សុ​ស នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់។ ហើយ​នេះ​គឺជា​បំណង​របស់​យើង ចំពោះ​ដែនដី​ដែល​យើង​នឹង​ឲ្យ​ទៅ​អ្នក​សម្រាប់​ជា​កេរ្តិ៍​អាករ​ដល់​អ្នក ត្បិត​គឺជា​ដែនដី​ជម្រើស​លើ​អស់​ទាំង​ដែនដី​ឯ​ទៀត។

 ១៦ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ទៅ​ធ្វើ​ការ​ចុះ ហើយ​ធ្វើ​ភេត្រា​តាម​របៀប​ធ្វើ​ភេត្រា​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ធ្វើ​មក។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បង​របស់​យ៉ារេឌ​បាន​ទៅ​ធ្វើ​ការ ព្រម​ទាំង​ពួក​បង​ប្អូន​របស់​លោក​ផង ហើយ​បាន​ធ្វើ​ភេត្រា​ទាំង​ឡាយ តាម​របៀប​ដែល​ពួក​គេ​ធ្លាប់​បាន​ធ្វើ​មក ស្រប​តាម​ការ​បង្គាប់​ពី​ព្រះ​អម្ចាស់។ ហើយ​ភេត្រា​នោះ​តូច ហើយ​ស្រាល​នៅ​លើ​ទឹក គឺ​ស្រាល​ដូច​សត្វ​ស្លាប​នៅ​លើ​ទឹក។

 ១៧ ហើយ​គឺ​ត្រូវ​បាន​ធ្វើ​តាម​របៀប​ម្យ៉ាង ដែល​ជិត​ជា​ខ្លាំង រហូត​ដល់​គេ​អាច​ដាក់​ទឹក​បាន ដូច​ជា​ចាន​មួយ ហើយ​បាត​ភេត្រា​ក៏​ជិត​ដូច​ជា​ចាន ហើយ​ខាងៗ​ក៏​ជិត​ដូច​ជា​ចាន ហើយ​នៅ​ខាង​ចុង​ស្រួច ហើយ​ខាង​លើ​ក៏​ជិត​ដូច​ជា​ចាន ហើយ​បណ្ដោយ​ស្មើ​នឹង​បណ្ដោយ​ឈើ​មួយ ហើយ​ទ្វារ​កាលណា​បិទ​ទៅ នោះ​ជិត​ដូច​ជា​ចាន។

 ១៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បង​របស់​យ៉ារេឌ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​បាន​ធ្វើ​នូវ​កិច្ចការ​ដែល​ទ្រង់​បាន​បញ្ជា​ទូលបង្គំ​ហើយ ហើយ​ទូលបង្គំ​បាន​ធ្វើ​ភេត្រា​ទាំង​ឡាយ ស្រប​តាម​ដែល​ទ្រង់​បាន​ដឹកនាំ​ទូលបង្គំ។

 ១៩ ហើយ​មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ នៅ​ក្នុង​ភេត្រា​ទាំង​នោះ​គ្មាន​ពន្លឺ​ទេ តើ​យើង​ខ្ញុំ​ត្រូវ​កាច់​ទៅ​ខាង​ណា? ហើយ​យើង​ខ្ញុំ​នឹង​វិនាស​បង់​ផង ត្បិត​នៅ​ក្នុង​នោះ យើង​ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ទេ ក្រៅ​តែ​ពី​ខ្យល់​ដែល​នៅ​ក្នុង​នោះ ហេតុ​ដូច្នេះ​ហើយ យើង​ខ្ញុំ​នឹង​វិនាស​បង់​ជា​មិន​ខាន​ឡើយ។

 ២០ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល ទៅ​បង​របស់​យ៉ារេឌ​ថា ៖ មើល​ចុះ អ្នក​ត្រូវ​ចោះ​រន្ធ​មួយ​ពី​ខាង​លើ និង​នៅ​ខាង​បាត​ផង ហើយ​កាលណា​អ្នក​ខ្វះ​ខ្យល់​ដកដង្ហើម នោះ​អ្នក​ត្រូវ​បើក​រន្ធ​ដើម្បី​ទទួល​យក​ខ្យល់។ ហើយ​បើកាលណា​ទឹក​ចូល​មក​លើ​អ្នក មើល​ចុះ អ្នក​ត្រូវ​បិទ​រន្ធ​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​ក្នុង​ជំនន់។

 ២១ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បង​របស់​យ៉ារេឌ​បាន​ធ្វើ​ដូច្នោះ ស្រប​តាម​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា។

 ២២ ហើយ​លោក​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ទៀត​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ មើល​ចុះ ទូលបង្គំ​បាន​ធ្វើ​ដូច​ដែល​ទ្រង់​បាន​បញ្ជា​ដល់​ទូលបង្គំ​ហើយ ហើយ​ទូលបង្គំ​បាន​រៀបចំ​ភេត្រា​ទាំង​ឡាយ​សម្រាប់​ប្រជាជន​របស់​ទូលបង្គំ ហើយ​មើល​ចុះ គ្មាន​ពន្លឺ​នៅ​ក្នុង​នោះ​សោះ។ មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ តើ​ព្រះ​អង្គ​ទុក​ឲ្យ​យើង​ខ្ញុំ​ឆ្លងកាត់​ទឹក​ដ៏​ធំ​នេះ​ក្នុង​ភាព​ងងឹត​ឬ?

 ២៣ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​បង​របស់​យ៉ារេឌ​ថា ៖ តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ​នៅ​ក្នុង​ភេត្រា​ទាំង​ឡាយ​របស់​អ្នក? ត្បិត​មើល​ចុះ អ្នក​រាល់​គ្នា​មិន​អាច​មាន​បង្អួច ត្បិត​នឹង​ត្រូវ​បោក​ជា​ដុំ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​អាច​យក​ភ្លើង​ជា​មួយ​អ្នក​ដែរ ត្បិត​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទៅ​ដោយ​ពន្លឺ​ភ្លើង​ឡើយ។

 ២៤ ត្បិត​មើល​ចុះ អ្នក​រាល់​គ្នា​នឹង​ទៅ​ដូច​ជា​ត្រី​បា​ឡែ​ន​នៅ​កណ្ដាល​សមុទ្រ ត្បិត​រលក​ធំ​ដូច​ភ្នំ​នឹង​បោក​មក​លើ​អ្នក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​នឹង​លើក​អ្នក​ឡើង​ពី​ជម្រៅ​នៃ​សមុទ្រ​ទៀត ត្បិត​ខ្យល់​បាន​ចេញ​ពី​មាត់​យើង ហើយ​ភ្លៀង និង​ទឹកជំនន់​ផង ដែល​យើង​បាន​ចាត់​ឲ្យ​ទៅ។

 ២៥ ហើយ​មើល​ចុះ យើង​រៀបចំ​អ្នក​រាល់​គ្នា​តទល់​នឹង​ការណ៍​ទាំង​នេះ ត្បិត​អ្នក​រាល់​គ្នា​មិន​អាច​ឆ្លងកាត់​ទី​ជម្រៅ​ដ៏​ធំ​នេះ​បាន​ទេ លើក​លែងតែ​យើង​រៀបចំ​ឲ្យ​អ្នក​តទល់​នឹង​រលក​នៃ​សមុទ្រ ហើយ​ខ្យល់​ដែល​បក់ និង​ទឹកជំនន់​ដែល​នឹង​មក ហេតុ​ដូច្នេះ​ហើយ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​រៀបចំ​អ្វី​ឲ្យ​អ្នក​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពន្លឺ កាលណា​អ្នក​រាល់​គ្នា​ត្រូវ​លេប​ទៅ​ក្នុង​ទី​ជម្រៅ​នៃ​សមុទ្រ?៕