ជំពូក​ទី ១៥

ព្រះ​អម្ចាស់​ទ្រង់​បាន​វាយ​ផ្ចាល​ពួក​សាសន៍​នីហ្វៃ ព្រោះ​ទ្រង់​ស្រឡាញ់​គេ — ពួក​លេមិន​ដែល​បាន​ប្រែ​ចិត្ត​ជឿ គេ​មាន​ចិត្ត​រឹងប៉ឹង ហើយ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ — ព្រះ​អម្ចាស់​ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​ពួក​សាសន៍​លេមិន​នៅ​គ្រា​ចុង​ក្រោយ។ ប្រមាណ​ជា​ឆ្នាំ ៦ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ មើល​ចុះ ខ្ញុំ​សូម​ប្រកាស​ដល់​អ្នក​រាល់​គ្នា​ថា លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ផ្ទះ​សំបែង​របស់​អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់។

 ២ មែន​ហើយ លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ភរិយា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ហេតុ​ដ៏​ធំ​សម្រាប់​យំសោក​នៅ​ថ្ងៃ​ដែល​គេ​បំបៅ​កូន ព្រោះ​អ្នក​រាល់​គ្នា​នឹង​ខិតខំ​រត់គេច តែ​គ្មាន​ទី​កន្លែង​សម្រាប់​ជ្រក​ពួន​ឡើយ មែន​ហើយ ហើយ​វេទនា​ដល់​ពួក​គេ ដែល​មាន​គភ៌ ព្រោះ​គេ​មាន​ទម្ងន់ ហើយ​ពុំ​អាច​រត់គេច​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ គេ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង ហើយ​នឹង​ត្រូវ​ទុក​ចោល​ឲ្យ​វិនាស​បង់។

 ៣ មែន​ហើយ វេទនា​ដល់​ប្រជាជន​នេះ ដែល​មាន​ឈ្មោះ​ថា ប្រជាជន​នីហ្វៃ លើក​លែងតែ​គេ​ប្រែ​ចិត្ត កាល​គេ​នឹង​ឃើញ​ទី​សម្គាល់ និង​ការណ៍​អស្ចារ្យ​អស់​ទាំង​នេះ ដែល​នឹង​បាន​បង្ហាញ​ដល់​គេ ត្បិត​មើល​ចុះ ពួក​គេ​ធ្លាប់​ជា​ប្រជាជន​ដ៏​ជម្រើស​នៃ​ព្រះ​អម្ចាស់ មែន​ហើយ គឺ​ប្រជាជន​នីហ្វៃ​ដែល​ទ្រង់​បាន​ស្រឡាញ់ ហើយ​ទ្រង់​ក៏​បាន​វាយ​ផ្ចាល​ពួក​គេ​ផង មែន​ហើយ នៅ​ក្នុង​ថ្ងៃ​ដែល​គេ​ធ្វើ​អំពើ​ទុច្ចរិត​ទាំង​ឡាយ ទ្រង់​បាន​វាយ​ផ្ចាល​ដល់​គេ ព្រោះ​ទ្រង់​បាន​ស្រឡាញ់​គេ។

 ៤ ប៉ុន្តែ​មើល​ចុះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ គឺ​ពួក​សាសន៍​លេមិន​ដែល​ទ្រង់​បាន​ស្អប់ ព្រោះ​ពួក​គេ​ធ្លាប់​បាន​ធ្វើ​អំពើ​អាក្រក់​ជា​បន្ត​បន្ទាប់ ហើយ​នេះ​គឺ​មក​ពី​អំពើ​ទុច្ចរិត​នៃ​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ​ទេតើ។ ប៉ុន្តែ​មើល​ចុះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​គេ តាម​រយៈ​ការ​ផ្សាយ​នៃ​ពួក​នីហ្វៃ ហើយ​ដោយ​គោលបំណង​នេះ​ហើយ​បាន​ជា​ព្រះ​អម្ចាស់ ទ្រង់​ពន្យារ​ថ្ងៃ​ទាំង​ឡាយ​របស់​គេ។

 ៥ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា ពួក​គេ​ភាគ​ច្រើន ដើរ​តាម​គន្លង​នៃ​ករណីយកិច្ច​របស់​គេ ហើយ​គេ​បាន​ដើរ​ដោយ​ប្រយ័ត្ន​ប្រយែង​នៅ​ចំពោះ​ព្រះ ហើយ​ពួក​គេ​ប្រតិបត្តិ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ និង​ក្រឹត្យ​ក្រម​ទាំង​ឡាយ​របស់​ទ្រង់ និង​សេចក្ដី​យុត្តិធម៌​ទាំង​ឡាយ​របស់​ទ្រង់ ស្រប​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ។

 ៦ មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​ច្រើន​កំពុង​ធ្វើ​យ៉ាង​នេះ ហើយ​ពួក​គេ​ខ្នះខ្នែង​ព្យាយាម​ពុំ​ឈប់​ឈរ ដើម្បី​គេ​អាច​នាំ​បង​ប្អូន​របស់​គេ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ឲ្យ​ស្គាល់​សេចក្ដី​ពិត ហេតុ​ដូច្នេះ​ហើយ មាន​មនុស្ស​ចំនួន​ច្រើន​បាន​តាម​ពួក​គេ​ជា​រៀង​រាល់ៗ​ថ្ងៃ។

 ៧ ហើយ​មើល​ចុះ អ្នក​រាល់​គ្នា​ក៏​ដឹង​ដោយ​ខ្លួន​ឯង​យ៉ាង​នេះ​ដែរ ត្បិត​អ្នក​រាល់​គ្នា​បាន​ឃើញ​ការណ៍​នេះ​យ៉ាង​ច្បាស់​ថា ពួក​គេ​ជា​ច្រើន​ត្រូវ​បាន​នាំ​ឲ្យ​ស្គាល់​សេចក្ដី​ពិត ហើយ​ឲ្យ​ស្គាល់​នូវ​សណ្ដាប់​ដ៏​ទុច្ចរិត និង​ដ៏​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ នៃ​ពួក​អយ្យកោ​របស់​គេ ហើយ​ត្រូវ​បាន ដឹកនាំ​ឲ្យ​ជឿ​ដល់​ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​ឡាយ មែន​ហើយ សេចក្ដី​ព្យាករណ៍​ទាំង​ឡាយ​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ដែល​បាន​កត់​ទុក ដែល​បាន​នាំ​ពួក​គេ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់ និង​ដល់​ការ​ប្រែ​ចិត្ត គឺជា​សេចក្ដី​ជំនឿ និង​ការ​ប្រែ​ចិត្ត ដែល​នាំ​មក​ឲ្យ​គេ​នូវ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ចិត្ត​គេ —

 ៨ ហេតុ​ដូច្នេះ​ហើយ អស់​អ្នកណា​ដែល​បាន​ដល់​ថ្នាក់​នេះ អ្នក​រាល់​គ្នា​ក៏​បាន​ដឹង​ដោយ​ខ្លួន​ឯង​ថា គឺជា​ជន​រឹងប៉ឹង និង​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ និង​នៅ​ក្នុង​ការ​ដែល​នាំ​មក​ឲ្យ​គេ​នូវ​សេរីភាព។

 ៩ ហើយ​អ្នក​រាល់​គ្នា​ក៏​ដឹង​ផង​ដែរ​ថា ពួក​គេ​បាន​កប់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ ហើយ​ពួក​គេ​ពុំ​ហ៊ាន​យក​គ្រឿង​អាវុធ​នោះ​ឡើង ព្រោះ​ខ្លាចក្រែង​គេ​នឹង​ធ្វើ​អំពើ​បាប មែន​ហើយ អ្នក​រាល់​គ្នា​អាច​ឃើញ​ថា ពួក​គេ​ខ្លាច​បាប — ត្បិត​មើល​ចុះ ពួក​គេ​សុខ​ចិត្ត​ទ្រាំ​ឲ្យ​ខ្លួន​ឯង​ត្រូវ​ជិះជាន់ និង​ប្រហារ​បង់​ដោយ​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​ពុំ​ព្រម​លើក​ដាវ​ឡើង​ទាស់​នឹង​គេ​វិញ​សោះ ហើយ​នេះ ក៏​មក​ពី​សេចក្ដី​ជំនឿ​របស់​គេ​ជឿ​ដល់​ព្រះ​គ្រីស្ទ។

 ១០ ហើយ​ឥឡូវ​នេះ ពី​ព្រោះ​មក​ពី​ភាព​ខ្ជាប់​ខ្ជួន​របស់​គេ កាល​គេ​ជឿ​នូវ​អ្វីៗ​ដែល​គេ​ជឿ ត្បិត​ពី​ព្រោះ​មក​ពី​ការ​កាន់​ចិត្ត​មុតមាំ កាលណា​គេ​ត្រូវ​បាន​បំភ្លឺ មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​គេ ហើយ​ពន្យារ​ថ្ងៃ​ទាំង​ឡាយ​របស់​គេ ដោយ​ពុំ​គិត​ដល់​អំពើ​ទុច្ចរិត​របស់​គេ​ឡើយ —

 ១១ មែន​ហើយ ទោះ​បី​ពួក​គេ​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ​ក្ដី គង់តែ​ព្រះ​អម្ចាស់​ទ្រង់​ពន្យារ​ថ្ងៃ​ទាំង​ឡាយ​របស់​គេ​ដែរ រហូត​ដល់​ពេល​នោះ​មក​ដល់ ដែល​ពួក​អយ្យកោ​យើង បាន​និយាយ​មក​នោះ ហើយ​ដោយ​ព្យាការី​ស៊ីណូស​ផង និង​ដោយ​ព្យាការី​ជា​ច្រើន​ទៀត អំពី​ការ​សាង​ឡើង​វិញ​នៃ​បង​ប្អូន​របស់​យើង គឺ​ពួក​សាសន៍​លេមិន​ឲ្យ​ស្គាល់​សេចក្ដី​ពិត​ម្ដង​ទៀត —

 ១២ មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នៅ​ពេល​វេលា​ចុង​ក្រោយ ពាក្យ​សន្យា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ នឹង​ត្រូវ​បាន​បន្ត​ទៅ​ដល់​បង​ប្អូន​របស់​យើង គឺ​ពួក​សាសន៍​លេមិន ទោះ​បី​ពួក​គេ​ទទួល​សេចក្ដី​ទុក្ខ​វេទនា​ជា​ច្រើន និង​ទោះ​បី​គេ​ត្រូវ​ដេញ​ទៅ​វិញ​ទៅ​មក​នៅ​លើ​ផ្ទៃ​ផែនដី​នេះ ហើយ​ត្រូវ​គេ​រក​ចាប់ និង​ត្រូវ​វាយ​ដំ និង​ខ្ចាត់ខ្ចាយ​ទៅ​ក្រៅ​ស្រុក ដោយ​ពុំ​មាន​ទី​ជម្រក​ក៏​ដោយ គង់តែ​ព្រះ​អម្ចាស់​ទ្រង់​ក៏​នឹង​មាន​សេចក្ដី​មេត្តាករុណា​ចំពោះ​ពួក​គេ​ដែរ។

 ១៣ ហើយ​នេះ​គឺ​ស្រប​ទៅ​តាម​ការ​ព្យាករណ៍​ថា ពួក​គេ​នឹង​ត្រូវ​បាន​នាំ​ទៅ​ដល់​ការ​ចេះ​ដឹង​ដ៏​ពិត គឺជា​ការ​ចេះ​ដឹង​អំពី​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ និង​អ្នក​គង្វាល​ដ៏​ពិត និង​មហិមា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ចៀម​របស់​ទ្រង់។

 ១៤ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​នឹង​ត្រូវ​បាន​គ្រាន់បើ​ជាង​អ្នក​រាល់​គ្នា លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត។

 ១៥ ត្បិត​មើល​ចុះ បើ​សិន​ជា​កិច្ចការ​ទាំង​ឡាយ​ដ៏​អស្ចារ្យ​ត្រូវ​បាន​បង្ហាញ​ដល់​គេ ដូចដែល​ត្រូវ​បាន​បង្ហាញ​ដល់​អ្នក​រាល់​គ្នា មែន​ហើយ គឺ​ដល់​ពួក​គេ​ដែល​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ពី​ព្រោះ​មក​ពី​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​គេ នោះ​អ្នក​រាល់​គ្នា​អាច​ឃើញ​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​នឹង​ពុំ​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ​ទៀត​ឡើយ។

 ១៦ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​ពុំ​បំផ្លាញ​ពួក​គេ​ចោល​ទាំង​អស់​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​នៃ​សេចក្ដី​ប្រាជ្ញា​របស់​យើង យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ត្រឡប់​មក​រក​យើង​វិញ គឺ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ១៧ ហើយ​ឥឡូវ​នេះ មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល អំពី​ប្រជាជន​នៃ​សាសន៍​នីហ្វៃ​ថា ៖ បើ​សិន​ជា​ពួក​គេ​ពុំ​ប្រែ​ចិត្ត ហើយ​ពុំ​ធ្វើ​តាម​បំណង​របស់​យើង​ទេ យើង​នឹង​បំផ្លាញ​ពួក​គេ​ចោល​ទាំង​អស់ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ​របស់​គេ ទោះ​បី​យើង​បាន​ធ្វើ​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ជា​ច្រើន​ដល់​ពួក​គេ​ក៏​ដោយ ហើយ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ៕