គម្ពីរ​យ៉ាកុប ប្អូន​ប្រុស​របស់​នីហ្វៃ

ជំពូក​ទី ៤

ពួក​ព្យាការី​ទាំង​អស់​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​គ្រីស្ទ — ការ​ដែល​លោក​អ័ប្រាហាំ​បូជា​អ៊ីសាក គឺជា​និមិត្តរូប​អំពី​ព្រះ និង​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​ដែរ — មនុស្ស​ត្រូវ​ស្រុះស្រួល​នឹង​ព្រះ​តាម​រយៈ​ដង្វាយ​ធួន — ពួក​សាសន៍​យូដា​នឹង​បដិសេធ​បាត​ថ្ម​គ្រឹះ។ ប្រមាណ​ជា​ឆ្នាំ ៥៤៤–៤២១ ម.គ.ស.។

 ១ ឥឡូវ​នេះ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ យ៉ាកុប បាន​ធ្វើ​ការងារ​បម្រើ​ដល់​ប្រជាជន​ខ្ញុំ ដោយ​ពាក្យ​សម្ដី​ជា​ច្រើន (ហើយ ខ្ញុំ​មិន​អាច​កត់​ពាក្យ​ទាំង​ឡាយ​របស់​ខ្ញុំ លើក​លែងតែ​ពាក្យ​បន្តិចបន្តួច​ប៉ុណ្ណោះ ដោយ​មក​ពី​ការ​ពិបាក​ឆ្លាក់​ពាក្យ​យើង​លើ​ផ្ទាំង) ហើយ​យើង​ដឹង​ថា រឿង​ទាំង​ឡាយ​ដែល​យើង​កត់​នៅ​លើ​ផ្ទាំង​នឹង​នៅ​គង់​វង់​ត​ទៅ

 ២ ប៉ុន្តែ​រឿង​ទាំង​ឡាយ​ដែល​យើង​កត់​នៅ​លើ​វត្ថុ​ផ្សេង​ទៀត ក្រៅ​ពី​ផ្ទាំង​ទាំង​នេះ នឹង​ត្រូវ​វិនាស ហើយ​រលុប​បាត់​ទៅ តែ​យើង​កត់​បាន​ពាក្យ​ខ្លះ​នៅ​លើ​ផ្ទាំង ដែល​នឹង​ផ្ដល់​ដល់​កូន​ចៅ​យើង ហើយ​ព្រម​ទាំង​ដល់​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ផង​នូវ​ការ​ចេះ​ដឹង​មួយ​កម្រិត​តូច​អំពី​យើង ឬ​អំពី​ពួក​អយ្យកោ​របស់​គេ —

 ៣ ឥឡូវ​នេះ យើង​អរ​រីករាយ​នឹង​ការណ៍​នេះ ហើយ​យើង​ខំ​ព្យាយាម ដើម្បី​ឆ្លាក់​ពាក្យ​ទាំង​នេះ នៅ​លើ​ផ្ទាំង​ដោយ​សង្ឃឹម​ថា បង​ប្អូន​ជាទី​ស្រឡាញ់​របស់​យើង និង​កូន​ចៅ​យើង​នឹង​ទទួល​ពាក្យ​ទាំង​នេះ ដោយ​ចិត្ត​អរគុណ ហើយ​គេ​មើល​ពាក្យ​ទាំង​នេះ ដើម្បី​ពួក​គេ​អាច​ចេះ​ដឹង ដោយ​សេចក្ដី​អំណរ ហើយ​មិនមែន​ដោយ​សេចក្ដី​សោកសៅ ឬ​ដោយ​ការ​មើល​ងាយ​ដល់​ឪពុក​ម្ដាយ​ដើម​របស់​គេ​នោះ​ទេ។

 ៤ ត្បិត​ព្រោះ​ដោយ​គោលបំណង​នេះ​ហើយ ដែល​យើង​បាន​សរសេរ​រឿង​ទាំង​នេះ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​បាន​ដឹង​អំពី​ព្រះ​គ្រីស្ទ ហើយ​យើង​បាន​សង្ឃឹម​ដល់​សិរី​ល្អ​របស់​ទ្រង់​ជា​ច្រើន​រយ​ឆ្នាំ​មុន​ទ្រង់​យាង​មក​ម្ល៉េះ ហើយ​មិន​ត្រឹមតែ​ខ្លួន​យើង​បាន​សង្ឃឹម​ដល់​សិរី​ល្អ​របស់​ទ្រង់ ប៉ុណ្ណោះ​ទេ គឺ​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ក៏​បាន​សង្ឃឹម​មុន​យើង​មក​ដែរ។

 ៥ មើល​ចុះ ពួក​គេ​បាន​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ទ្រង់ ឯ​យើង​ក៏​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ដែរ។ ហើយ​ព្រោះ​ដោយ​គោលបំណង​នេះ​ហើយ ដែល​យើង​កាន់​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ពី​ព្រោះ​ក្រឹត្យ​វិន័យ​នោះ​ដឹកនាំ​ព្រលឹង​យើង​រាល់​គ្នា​ទៅ​រក​ទ្រង់ ហើយ​ដោយ​ហេតុ​នេះ​ហើយ ដែល​ក្រឹត្យ​វិន័យ​នេះ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដល់​យើង ដើម្បី​សេចក្ដី​សុចរិត គឺ​ដូច​ជា​រឿង​លោក​អ័ប្រាហាំ កាល​នៅ​ក្នុង​ទី​រហោស្ថាន ដែល​លោក​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​នៃ​ព្រះ ដោយ​បាន​បូជា​អ៊ីសាក ជា​កូន​ប្រុស​លោក ទុកជា​និមិត្តរូប​អំពី​ព្រះ និង​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​ដែរ។

 ៦ ហេតុ​ដូច្នោះ​ហើយ យើង​ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃ​ពួក​ព្យាការី ហើយ​យើង​មាន​វិវរណៈ​ទាំង​ឡាយ និង​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ ហើយ​ដោយ​មាន​ទី​បន្ទាល់​អស់​ទាំង​នេះ ទើប​យើង​មាន​សេចក្ដី​សង្ឃឹម ហើយ​សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ ដរាប​ដល់​យើង​ច្បាស់​ជា​អាច​បញ្ជា​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ ហើយ​គ្រប់​ទាំង​ដើម​ឈើ ឬ​ក៏​ភ្នំ ហើយ​នឹង​ទឹក​រលក​នៅ​ក្នុង​សមុទ្រ ក៏​ធ្វើ​តាម​បញ្ជា​យើង​ដែរ។

 ៧ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​បង្ហាញ​យើង​នូវ​ភាព​ទន់ខ្សោយ​របស់​យើង ដើម្បី​ឲ្យ​យើង​ដឹង​ថា គឺ​ដោយ​សារ​ព្រះ​គុណ និង​ការ​បន្ទាប​ខ្លួន​ដ៏​មហិមា របស់​ទ្រង់​ចំពោះ​កូន​ចៅ​មនុស្ស ទើប​យើង​មាន​អំណាច​ដើម្បី​ធ្វើ​នូវ​កិច្ចការ​ទាំង​នេះ​បាន។

 ៨ មើល​ចុះ កិច្ចការ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ​មែន។ ឯ​ជម្រៅ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​របស់​ទ្រង់ ក៏​ពុំ​អាច​រក​ឃើញ​ដែរ ហើយ​មនុស្ស​គ្មាន​លទ្ធ​ភាព​នឹង​រក​ឃើញ​ផ្លូវ​របស់​ទ្រង់​បាន​អស់​ឡើយ។ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ស្គាល់​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់​ទេ លើក​លែងតែ​បាន​សម្ដែង​ដល់​អ្នក​នោះ​ប៉ុណ្ណោះ ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​រាល់​គ្នា​អើយ ចូរ​កុំ​មើល​ងាយ​ដល់​វិវរណៈ​ទាំង​ឡាយ​នៃ​ព្រះ​ឡើយ។

 ៩ ត្បិត​មើល​ចុះ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​មាន​មនុស្ស​រស់នៅ​លើ​ផ្ទៃ​ផែនដី​នេះ ឯ​ផែនដី​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់​ដែរ។ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​ព្រះ​ទ្រង់​គ្រាន់​តែ​មាន​ព្រះ​បន្ទូល ក៏​ពិភពលោក​កើត​មាន​ឡើង ហើយ​ទ្រង់​គ្រាន់​តែ​មាន​ព្រះ​បន្ទូល នោះ​មនុស្ស​ក៏​បាន​កើត​ឡើង ចុះ​តើ​ហេតុ​អ្វី​ក៏​ទ្រង់​មិន​អាច​ចេញ​បញ្ជា​ដល់​ផែនដី ឬ​ផល​នៃ​ព្រះ​ហស្ត​របស់​ទ្រង់ នៅ​លើ​ផ្ទៃ​ផែនដី​តាម​ព្រះ​ហឫទ័យ និង​បំណង​របស់​ទ្រង់​បាន?

 ១០ ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​រាល់​គ្នា​អើយ ចូរ​កុំ​ចង់​ទូន្មាន​ដល់​ព្រះ​អម្ចាស់​ឡើយ តែ​ចូរ​ទទួល​ដំបូន្មាន​ពី​ព្រះ​ហស្ត​របស់​ទ្រង់​វិញ។ ត្បិត​មើល​ចុះ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ទ្រង់​ទូន្មាន​ក្នុង​ប្រាជ្ញា សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​ដ៏​ធំធេង​នៅ​លើ​គ្រប់​ទាំង​កិច្ចការ ទាំង​អស់​របស់​ទ្រង់។

 ១១ ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​អើយ ចូរ​ស្រុះស្រួល​នឹង​ទ្រង់​ទៅ​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ គឺជា​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ នោះ​អ្នក​អាច​បាន​ទទួល​ដំណើរ​រស់​ឡើង​វិញ តាម​រយៈ​អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ត្រូវ​ថ្វាយ​ដល់​ព្រះ ជា​ផល​ដំបូង​នៃ​ព្រះ​គ្រីស្ទ ដោយ​មាន​សេចក្ដី​ជំនឿ ហើយ​បាន​ទទួល​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​នៃ​សិរី​ល្អ​ដែល​នៅ​ក្នុង​ទ្រង់ មុន​ពេល​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​នៅ​ក្នុង​សាច់ឈាម។

 ១២ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​អើយ សូម​កុំ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​នូវ​រឿង​ទាំង​នេះ​ឡើយ ព្រោះ​ហេតុ​អ្វី​បាន​ជា​មិន​និយាយ​អំពី​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ ហើយ​ទទួល​ការ​ចេះ​ដឹង​ដោយ​ឥត​ខ្ចោះ​អំពី​ព្រះ​អង្គ ក៏​ដូច​ជា​បាន​ទទួល​ការ​ចេះ​ដឹង​អំពី​ដំណើរ​រស់​ឡើង​វិញ និង​អំពី​ពិភពលោក​ខាង​មុខ​នេះ​ផង?

 ១៣ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ អ្នក​ណា​ដែល​ព្យាករ សូម​ឲ្យ​គាត់​ព្យាករ ដើម្បី​ឲ្យ​មនុស្ស​ផង​ទាំង​ឡាយ​បាន​យល់ ព្រោះ​ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​តែ​ការ​ពិត ហើយ​មិន​កុហក​ឡើយ។ ហេតុ​ដូច្នោះ​ហើយ ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ ហេតុ​ដូច្នោះ​ហើយ រឿង​ទាំង​នេះ​ត្រូវ​បាន​សម្ដែង​ដល់​យើង​យ៉ាង​ច្បាស់​សម្រាប់​ការ​សង្គ្រោះ​ដល់​ព្រលឹង​យើង។ ប៉ុន្តែ​មើល​ចុះ ពុំ​មែន​មាន​តែ​យើង​ប៉ុណ្ណោះ ទេ ដែល​ជា​សាក្សី​ក្នុង​រឿង​នេះ ត្បិត​ព្រះ​ទ្រង់​ក៏​បាន​ប្រាប់​រឿង​ទាំង​នេះ​ដល់​ពួក​ព្យាការី​ពី​ជំនាន់​ដើម​ដែរ។

 ១៤ ប៉ុន្តែ​មើល​ចុះ ពួក​សាសន៍​យូដា​ជា​មនុស្ស​រឹងក្បាល ហើយ​ពួក​គេ​បាន​មើល​ងាយ​ដល់​ព្រះ​បន្ទូល​ដ៏​ច្បាស់លាស់​ទាំងនេះ ហើយ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​បាន​ស្វែង​រក​រឿង​ទាំង​ឡាយ​ដែល​ពួក​គេ​មិន​អាច​យល់។ ហេតុ​ដូច្នោះ​ហើយ ព្រោះ​មក​ពី​ការ​ខ្វាក់​របស់​ពួក​គេ គឺជា​ការ​ខ្វាក់​ដោយ​មើល​ហួស​ទីដៅ នោះ​ពួក​គេ​ត្រូវ​តែ​រលំ ត្បិត​ព្រះ​ទ្រង់​បាន​ដក​យក​ភាព​ដ៏​ច្បាស់លាស់​របស់​ទ្រង់​ចេញ​ពី​គេ​ហើយ ហើយ​បាន​ប្រទាន​ឲ្យ​ពួក​គេ​នូវ​អ្វី​ជា​ច្រើន ដែល​ពួក​គេ​ពុំ​អាច​យល់​វិញ ពី​ព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​បាន​ការណ៍​នោះ។ ហើយ​ពី​ព្រោះ​ពួក​គេ​ប្រាថ្នា​ចង់​បាន​ការណ៍​នោះ ទើប​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​ពួក​គេ​អាច​ជំពប់​ដួល។

 ១៥ ហើយ​ឥឡូវ​នេះ ខ្ញុំ យ៉ាកុប ត្រូវ​បាន​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​ព្យាករ ត្បិត​ខ្ញុំ​យល់​ឃើញ​ថា ដោយ​សារ​ការងារ​នៃ​ព្រះ​វិញ្ញាណ ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ដោយ​ការ​ជំពប់​ដួល​របស់​ពួក​សាសន៍​យូដា នោះ​ពួក​គេ​នឹង​មិន​ទទួល​ស្គាល់​ថ្ម ដែល​ពួក​គេ​អាច​សាង ហើយ​មាន​គ្រឹះ​ដ៏​ជាប់​ល្អ​មុត​ទេ។

 ១៦ ប៉ុន្តែ​មើល​ចុះ ស្រប​តាម​បទ​ព្រះ​គម្ពីរ​ទាំង​ឡាយ ថ្ម​នេះ​នឹង​ក្លាយ​ទៅ​ជា​គ្រឹះ​តែមួយ​ដ៏​ប្រសើរ ហើយ​ចុង​ក្រោយ​បង្អស់ ហើយ​មាំមួន ដែល​ពួក​សាសន៍​យូដា​អាច​សាង​លើ។

 ១៧ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បន្ទាប់​ពី​មិន​ទទួល​ស្គាល់​គ្រឹះ​ដ៏​មាំមួន​នោះ​ហើយ ចុះ​តើ​ធ្វើ​ម្ដេច​ឲ្យ​គេ​នឹង​អាច​សាង​នៅ​លើ​នោះ ដើម្បី​ឲ្យ​វា​ក្លាយ​ទៅ​ជា​គោល​សីមា​នៃ​ផ្ទះ​គេ​បាន?

 ១៨ មើល​ចុះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​នឹង​លាតត្រដាង​ការ​អាថ៌កំបាំង​នេះ​ដល់​អ្នក បើ​សិន​ជា​ខ្ញុំ​មិន​លាតត្រដាង​ដោយ​មធ្យោបាយ​ណាមួយ​ទេ នោះ​អ្វីៗ​នឹង​ត្រូវ​ញ័រ​ពី​ការ​ខ្ជាប់​ខ្ជួន​របស់​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិញ្ញាណ ហើយ​ជំពប់​ដួល ដោយ​សារ​តែ​សេចក្ដី​បារម្ភ​ដ៏​លើសលប់​របស់​ខ្ញុំ​ដល់​អ្នក៕