ជំពូក​ទី ៩

មរ៉ូណៃ​ហៅ​ពួក​អ្នក​ដែល​មិន​ជឿ​ដល់​ព្រះ​គ្រីស្ទ​ឲ្យ​ប្រែ​ចិត្ត — លោក​ប្រកាស​អំពី​ព្រះ​នៃ​អព្ភូតហេតុ ដែល​ប្រទាន​វិវរណៈ​ទាំង​ឡាយ ហើយ​ស្រោច​អំណោយទាន​ទាំង​ឡាយ និង​ទី​សម្គាល់​ទាំង​ឡាយ​មក​លើ​ពួក​អ្នក​ស្មោះត្រង់ — អព្ភូតហេតុ​ឈប់​មាន​ដោយ​សារ​ការ​ឥត​ជំនឿ — ទី​សម្គាល់​ទាំង​ឡាយ​ទៅ​តាម​ពួក​អ្នក​ដែល​ជឿ — មនុស្ស​ត្រូវ​បាន​ទូន្មាន​ឲ្យ​មាន​ប្រាជ្ញា ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ៤០១–៤២១ គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ខ្ញុំ​និយាយ​ទៀត​អំពី​អ្នក​ទាំង​ឡាយ ដែល​ពុំ​ជឿ​ដល់​ព្រះ​គ្រីស្ទ។

 ២ មើល​ចុះ តើ​អ្នក​រាល់​គ្នា​ជឿ​ដល់​ថ្ងៃ​ពិនិត្យពិច័យ​របស់​អ្នក​ឬ — មើល​ចុះ គឺ​នៅ​ពេល​ដែល​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​មក មែន​ហើយ នៅ​ថ្ងៃ​ដ៏​ធំ​នោះ នៅ​ពេល​ដែល​ផែនដី​នឹង​មូរ​ចូល​គ្នា ដូច​រមូរ​ក្រដាស ហើយ​វត្ថុ​ធាតុ​ទាំង​ឡាយ​នឹង​រលាយ​ដោយ​កម្ដៅ​ដ៏​អស្ចារ្យ មែន​ហើយ នៅ​ថ្ងៃ​ដ៏​ធំ​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​នាំ​ទៅ​ឈរ​ខាង​មុខ​កូន​ចៀម​នៃ​ព្រះ — នៅ​ពេល​នោះ តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​ថា​ពុំ​មាន​ព្រះ​ឬ​អី?

 ៣ នៅ​ពេល​នោះ តើ​អ្នក​រាល់​គ្នា​នៅ​តែ​បដិសេធ​ព្រះ​គ្រីស្ទ ឬ​ក៏​តើ​អ្នក​រាល់​គ្នា​អាច​សម្លឹង​មើល​ទៅ​កូន​ចៀម​នៃ​ព្រះ​បាន​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​នឹង​នៅ​ជាមួយ​នឹង​ព្រះ ដោយ​មាន​ការ​ដឹង​នូវ​ទោស​របស់​ខ្លួន​ឬ? តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​អាច​សប្បាយរីករាយ ហើយ​រស់នៅ​ជាមួយ​នឹង​តួអង្គ​ដ៏​បរិសុទ្ធ​នោះ នៅ​ពេល​ព្រលឹង​របស់​អ្នក​ត្រូវ​ញាំញី ដោយ​ការ​ដឹង​នូវ​ទោស​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​រំលង​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ឬ?

 ៤ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​អ្នក​រាល់​គ្នា​រស់នៅ​ជាមួយ​នឹង​ព្រះ​ដ៏​បរិសុទ្ធ ហើយ​យុត្តិធម៌ ដោយ​មាន​ការ​ដឹង​នូវ​អំពើ​ស្មោក​គ្រោក​របស់​ខ្លួន​នៅ​ចំពោះ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​វេទនា​ច្រើន​ជាង​រស់នៅ​ជាមួយ​នឹង​ពួក​ជាប់​ទោស​នៅ​ក្នុង​ស្ថាន​នរក​ទៅ​ទៀត។

 ៥ ត្បិត​មើល​ចុះ កាលណា​អ្នក​រាល់​គ្នា ត្រូវ​បាន​នាំ​ទៅ​មើល​ឃើញ​ភាព​អាក្រាត​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ ហើយ​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ផង និង​បរិសុទ្ធ​ភាព​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ពេល​នោះ​អណ្ដាត​ភ្លើង​មួយ ដែល​ឥត​រំលត់​បាន​នឹង​ត្រូវ​បង្កាត់​ឡើង​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។

 ៦ ដូច្នេះ ឱ​អ្នក​ទាំង​ឡាយ​ដែល​ពុំ​ជឿ​អើយ ចូរ​អ្នក​បែរ​មក​រក​ព្រះ​អម្ចាស់​ចុះ ចូរ​អំពាវនាវ​ដោយ​អស់​ពី​ពលំ​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ ដើម្បី​ក្រែង​អ្នក​រាល់​គ្នា​អាច​បាន​ឃើញ​ថា គ្មាន​ទោស បាន​បរិសុទ្ធ​ស្រស់​ល្អ ហើយ​ស ដោយ​ត្រូវ​បាន​ជំរះ​ដោយ​ឈាម​នៃ​កូន​ចៀម​នៅ​ថ្ងៃ​ដ៏​ធំ និង​ចុង​ក្រោយ​បង្អស់​នោះ។

 ៧ ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ណា ដែល​បដិសេធ​វិវរណៈ​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ដែល​និយាយ​ថា ឥត​មាន​ការណ៍​ទាំង​នោះ​ឡើយ ថា​គ្មាន​វិវរណៈ ឬ​ការ​ព្យាករណ៍ ឬ​អំណោយទាន ឬ​ការ​ព្យាបាល ឬ​ការ​និយាយ​ដោយ​ភាសា ការ​បកស្រាយ​នូវ​ភាសា​ទៀត​ទេ។

 ៨ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​ណា​ដែល​បដិសេធ​នូវ​ការណ៍​ទាំង​នេះ នោះ​ពុំ​ស្គាល់​នូវ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ទេ មែន​ហើយ គេ​ពុំ​ទាន់​បាន​អាន​បទគម្ពីរ​ទាំង​ឡាយ​ឡើយ បើ​អ្នក​នោះ​អាន​ក៏​ពុំ​យល់​អ្វី​ដែរ។

 ៩ ត្បិត​តើ​ពុំ​មែន​ពួក​យើង​បាន​អាន​ហើយ​ឬ​អី​ថា ព្រះ​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​នៅ​ក្នុង​ព្រះ​អង្គ គឺ​គ្មាន​ការ​ប្រែប្រួល ឬ​ក៏​គ្មាន​ស្រមោល​នៃ​ការ​ផ្លាស់​ប្ដូរ​ឬ?

 ១០ ហើយ​ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​គិតស្មាន​ដោយ​ខ្លួន​ឯង នូវ​ព្រះ​មួយ​អង្គ​ដែល​ប្រែប្រួល ហើយ​នៅ​ក្នុង​ព្រះ​អង្គ​មាន​ស្រមោល​នៃ​ការ​ផ្លាស់​ប្ដូរ នោះ​អ្នក​រាល់​គ្នា​បាន​គិត​ស្មាន​ដោយ​ខ្លួន​ឯង​នូវ​ព្រះ​មួយ​អង្គ​ដែល​ពុំ​មែន​ជា​ព្រះ​នៃ​អព្ភូតហេតុ​ឡើយ។

 ១១ ប៉ុន្តែ​មើល​ចុះ ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​នូវ​ព្រះ​នៃ​អព្ភូតហេតុ​មួយ​អង្គ គឺជា​ព្រះ​នៃ​អ័ប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប ហើយ​ដែល​ជា​ព្រះ​តែមួយ ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​អ្វីៗ​សព្វ​សារពើ​នៅ​លើ​នោះ។

 ១២ មើល​ចុះ ទ្រង់​បាន​បង្កើត​លោក​អ័ដាម ហើយ​ដោយ​សារ​លោក​អ័ដាម ទើប​មាន​ការ​ធ្លាក់​នៃ​មនុស្ស។ ហើយ​ដោយ​សារ​ការ​ធ្លាក់​នៃ​មនុស្ស ទើប​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​យាង​មក គឺជា​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា ហើយ​ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ទើប​មាន​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស។

 ១៣ ហើយ​ដោយ​សារ​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​នាំ​មក ទើប​ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​ឯ​វត្ត​មាន​នៃ​ព្រះ​អម្ចាស់​វិញ មែន​ហើយ គឺ​តាម​របៀប​នេះ​ហើយ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​បាន​ប្រោស​លោះ ពី​ព្រោះ​ការ​សុគត​នៃ​ព្រះ​គ្រីស្ទ​នាំ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ ដែល​នាំ​មក​នូវ​សេចក្ដី​ប្រោស​លោះ​ពី​ដំណេក​លង់លក់​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឯ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​បាន​ដាស់​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដ៏​លង់​លក់​នេះ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ នៅ​ពេល​ដែល​សំឡេង​ត្រែ​បន្លឺ​ឡើង ហើយ​ពួក​គេ​នឹង​ចេញ​មក​ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​អស់​គ្នា​នឹង​ឈរ​នៅ​ខាង​មុខ​វេទិកា​របស់​ទ្រង់​ដោយ​បាន​ប្រោស​លោះ ហើយ​បាន​ស្រាយ​ពី​ចំណង​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​ស្លាប់ ឯ​សេចក្ដី​ស្លាប់​នោះ គឺជា​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម។

 ១៤ ហើយ​នៅ​ពេល​នោះ ទើប​មាន​សេចក្ដី​ជំនុំ​ជំរះ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​ទៅ​លើ​ពួក​គេ ហើយ​នៅ​ពេល​នោះ គឺជា​ពេល​ដែល​ពួក​ស្មោក​គ្រោក​នឹង​នៅ​តែ​ស្មោក​គ្រោក​ដដែល ឯ​ជន​សុចរិត​នឹង​នៅ​តែ​សុចរិត​ដដែល ជន​ដែល​សប្បាយ​នឹង​នៅ​តែ​សប្បាយ​ដដែល ឯ​ជន​ដែល​ពុំ​សប្បាយ​នឹង​នៅ​តែ​ពុំ​សប្បាយ​ដដែល។

 ១៥ ហើយ​ឥឡូវ​នេះ ឱ​អ្នក​រាល់​គ្នា​ដែល​បាន​គិត​ស្មាន​នូវ​ព្រះ​មួយ​អង្គ ដែល​ពុំ​អាច​ធ្វើ​នូវ​អព្ភូតហេតុ​អើយ ខ្ញុំ​សូម​សួរ​អ្នក​ថា អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​អ្នក​ទាំង​អស់ តើ​បាន​កន្លង​ផុត​ទៅ​ហើយ​ឬ​នៅ? តើ​ចុង​បំផុត​បាន​មក​ដល់​ហើយ​ឬ​នៅ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នៅ​ទេ ហើយ​ព្រះ​ទ្រង់​ក៏​ពុំ​ទាន់​ឈប់​ទៅ​ជា​ព្រះ​នៃ​អព្ភូតហេតុ​ដែរ។

 ១៦ មើល​ចុះ តើ​ការណ៍​ទាំង​ឡាយ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​នោះ មិន​នាំ​មក​នូវ​ការណ៍​អស្ចារ្យ ក្នុង​ភ្នែក​អ្នក​រាល់​គ្នា​ទេ​ឬ? មែន​ហើយ តើន​រណា​អាច​យល់​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ​នៃ​ព្រះ​បាន?

 ១៧ តើន​រណា​នឹង​និយាយ​ថា ពុំ​មែន​ជា​អព្ភូតហេតុ​ទេ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាន​កើត​ឡើង ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ពី​ដី ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​អព្ភូតហេតុ​ទាំង​ឡាយ​បាន​កើត​ឡើង?

 ១៨ ហើយ​តើន​រណា​នឹង​និយាយ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​ពុំ​បាន​ធ្វើ​នូវ​អព្ភូតហេតុ​ដ៏​ច្រើន​នេះ​ទេ? ហើយ​មាន​អព្ភូតហេតុ​ដ៏​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​នៃ​ពួក​សាវក។

 ១៩ ហើយ​បើ​សិន​ជា​មាន​អព្ភូតហេតុ​ធ្វើ​ឡើង​នៅ​ពេល​នោះ ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​ឈប់​ទៅ​ជា​ព្រះ​នៃ​អព្ភូតហេតុ តែ​នៅ​ជា​តួអង្គ​មួយ​ដែល​ពុំ​ចេះ​ប្រែប្រួល​នោះ? ហើយ​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទ្រង់​ពុំ​ផ្លាស់​ប្ដូរ​ឡើយ បើ​សិន​ជា​ទ្រង់​ចេះ​ផ្លាស់​ប្ដូរ នោះ​ទ្រង់​ឈប់​ទៅ​ជា​ព្រះ ហើយ​ទ្រង់​ពុំ​ឈប់​ធ្វើ​ជា​ព្រះ​ទេ ហើយ​ទ្រង់​ជា​ព្រះ​នៃ​អព្ភូតហេតុ។

 ២០ ហើយ​ហេតុ​ដែល​ទ្រង់​ឈប់​ធ្វើ​នូវ​អព្ភូតហេតុ​ទាំង​ឡាយ នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស គឺ​ពី​ព្រោះ​ពួក​គេ​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​ឃ្លាត​ចេញ​ពី​ផ្លូវ​ត្រូវ ហើយ​ពុំ​ស្គាល់​ព្រះ ដែល​គេ​គួរ​ទុក​ចិត្ត​លើ។

 ២១ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​គ្រីស្ទ​ដោយ​ឥត​សង្ស័យ​អ្វី ទោះ​អ្វី​ដែល​អ្នក​នោះ​សូម​ពី​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​គ្រីស្ទ នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ ហើយ​ការ​សន្យា​នេះ​គឺ​ដល់​មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី​នេះ។

 ២២ ត្បិត​មើល​ចុះ ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ដែល​នៅ​លើ​ផែនដី មែន​ហើយ ហើយ​ដល់​សិស្ស​ទាំង​អស់​របស់​ទ្រង់​ផង ដើម្បី​ឲ្យ​បណ្ដាជន​ជា​ច្រើន​បាន​ឮ​ថា ៖ ចូរ​អ្នក​រាល់​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​លោកិយ ហើយ​ផ្សាយដំណឹង​ល្អ​ដល់​សត្វលោក​គ្រប់​រូប។

 ២៣ ឯ​អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​នឹង​បាន​សង្គ្រោះ ប៉ុន្តែ​អ្នក​ណា​ដែល​ពុំ​ជឿ នោះ​នឹង​ត្រូវ​ជាប់​ទោស​វិញ។

 ២៤ ហើយ​ទី​សម្គាល់​ទាំង​នេះ នឹង​មក​តាម​អ្នក​ដែល​ជឿ — ដោយ​នូវ​នាម​យើង ពួក​គេ​នឹង​បណ្ដេញ​ពួក​អារក្ស​ចេញ ពួក​គេ​នឹង​និយាយ​ដោយ​ភាសា​ថ្មី ពួក​គេ​នឹង​ចាប់​ពស់ ហើយ​បើ​សិន​ជា​ពួក​គេ​ផឹក​នូវ​អ្វីៗ​ដែល​ពុល នោះ​ពួក​គេ​នឹង​ពុំ​មាន​អន្តរាយ​សោះ ពួក​គេ​នឹង​ដាក់​ដៃ​លើ​អ្នក​ឈឺ ហើយ​គេ​នឹង​ជា​សះ​ស្បើយ

 ២៥ ហើយ​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​នាម​យើង​ដោយ​ឥត​សង្ស័យ​អ្វី នោះ​យើង​នឹង​បញ្ជាក់​ពាក្យ​របស់​យើង​ទាំង​អស់​ដល់​អ្នក​នោះ រហូត​ដល់​ចុង​ផែនដី។

 ២៦ ហើយ​ឥឡូវ​នេះ មើល​ចុះ តើ​អ្នក​ណា​នឹង​ឈរ​ទាស់​កិច្ចការ​នៃ​ព្រះ​អម្ចាស់​បាន? តើ​អ្នក​ណា​នឹង​បដិសេធ​ព្រះ​បន្ទូល​របស់​ទ្រង់? តើ​អ្នក​ណា​នឹង​បះបោរ​ទាស់​នឹង​ព្រះ​ចេស្ដា​ដ៏​ធំ​បំផុត​នៃ​ព្រះ​អម្ចាស់? តើ​អ្នក​ណា​នឹង​មើល​ងាយ​កិច្ចការ​នៃ​ព្រះ​អម្ចាស់? តើ​អ្នក​ណា​នឹង​មើល​ងាយ​កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ? មើល​ចុះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​អ្នក​មើល​ងាយ​ដល់​កិច្ចការ​នៃ​ព្រះ​អម្ចាស់ ត្បិត​អ្នក​រាល់​គ្នា​នឹង​ភ្ញាក់​ផ្អើល ហើយ​វិនាស​ទៅ។

 ២៧ បើ​ដូច្នោះ ចូរ​កុំ​មើល​ងាយ ហើយ​កុំ​ឆ្ងល់​ឡើយ តែ​ចូរ​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ចុះ ហើយ​ចូរ​សូម​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ​ចុះ។ ចូរ​កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ ហើយ​ចាប់​ផ្ដើម​ដូច​កាល​ជំនាន់​ចាស់ ហើយ​មក​រក​ព្រះ​អម្ចាស់​ដោយ​អស់​ពី​ដួង​ចិត្ត​ចុះ ហើយ​ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន​ផ្ទាល់​ដោយ​មាន​ការ​កោតខ្លាច និង​ញាប់​ញ័រ​នៅ​ចំពោះ​ព្រះ​អង្គ។

 ២៨ ចូរ​មាន​ប្រាជ្ញា នៅ​ក្នុង​ថ្ងៃ​ទាំង​ឡាយ នៃ​ការ​សាកល្បង​របស់​អ្នក​ចុះ ចូរ​គ្រលាស់​ចេញ​ពី​ខ្លួន​នូវ​អំពើ​ពុំ​ស្អាតស្អំ​ទាំង​អស់ ចូរ​កុំ​សូម​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​អាច​យក​មក​បម្រើ​ការ​សម្រើប​របស់​អ្នក​ឡើយ ប៉ុន្តែ​ចូរ​សូម​ដោយ​ភាព​រឹងប៉ឹង មិន​វេរ​វៀរ ដើម្បី​កុំ​ឲ្យ​អ្នក​បណ្ដោយ​ទៅ​តាម​សេចក្ដី​ល្បួង ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បម្រើ​ព្រះ​ដ៏​ពិត និង​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ។

 ២៩ ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ពុំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​មិន​សក្ដិសម​ឡើយ ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ពុំ​ទទួល​ទាន​នូវ​បុណ្យ​សាក្រាម៉ង់​នៃ​ព្រះ​គ្រីស្ទ​ដោយ​មិន​សក្ដិសម​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ធ្វើ​នូវ​គ្រប់​ការណ៍​ទាំង​អស់​ក្នុង​ភាព​សក្ដិសម ហើយ​ធ្វើ​ការ​នោះ​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​ត្រូវ​បាន​បណ្ដេញ​ចេញ​ឡើយ។

 ៣០ មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក ហាក់​បីដូច​ខ្ញុំ​និយាយ​ពី​ស្លាប់ ត្បិត​ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ឮ​ពាក្យ​របស់​ខ្ញុំ។

 ៣១ ចូរ​កុំ​ថ្កោលទោស​ខ្ញុំ ពី​ព្រោះ​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ ឬ​ក៏​ឪពុក​ខ្ញុំ ពី​ព្រោះ​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​លោក ឬ​ក៏​ពួក​អ្នក​ដែល​បាន​សរសេរ​មុន​ឪពុក​ខ្ញុំ​ឡើយ ប៉ុន្តែ​ចូរ​ថ្លែង​អំណរគុណ​ដល់​ព្រះ​វិញ ដែល​ទ្រង់​បាន​សម្ដែង​ឲ្យ​អ្នក​ឃើញ​នូវ​ការ​ឆ្គាំឆ្គង​របស់​ពួក​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រៀន​ឲ្យ​មាន​ប្រាជ្ញា​ជាង​យើង​ទៅ​ទៀត។

 ៣២ ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​បាន​សរសេរ​បញ្ជី​នេះ ស្រប​តាម​ការ​ចេះ​ដឹង​របស់​យើង ជា​អក្សរ​ដែល​យើង​បាន​ហៅ​ថា អក្សរ​អេស៊ីព្ទ​កែទម្រង់ ដែល​ត្រូវ​បាន​ត​តំណ​មក ហើយ​ត្រូវ​បាន​កែប្រែ​ដោយ​ពួក​យើង ស្រប​តាម​របៀប​និយាយ​របស់​យើង។

 ៣៣ ហើយ​បើ​សិន​ជា​ផ្ទាំង​របស់​យើង​ធំ​ល្មម នោះ​យើង​បាន​សរសេរ​ជា​ភាសា​ហេព្រើរ​ហើយ ប៉ុន្តែ​ភាសា​ហេព្រើរ ក៏​ពួក​យើង​បាន​កែប្រែ​ដែរ ហើយ​បើ​សិន​ជា​យើង​អាច​សរសេរ​ជា​អក្សរ​ហេព្រើរ​បាន មើល​ចុះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​ការ​ឆ្គាំឆ្គង​នៅ​ក្នុង​បញ្ជី​នេះ​ឡើយ។

 ៣៤ ប៉ុន្តែ ព្រះ​អម្ចាស់​ទ្រង់​ជ្រាប​នូវ​ការណ៍​ទាំង​ឡាយ ដែល​យើង​បាន​កត់ត្រា​មក ហើយ​ទ្រង់​ជ្រាប​ដែរ​ថា គ្មាន​ប្រជាជន​ឯណា​ទៀត​ចេះ​ភាសា​របស់​យើង​ទេ ហើយ​ពី​ព្រោះ​មក​ពី​គ្មាន​នរណា​ទៀត​ចេះ​ភាសា​របស់​យើង ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​បាន​រៀបចំ​មធ្យោបាយ​ទាំង​ឡាយ​សម្រាប់​បកប្រែ​ភាសា​នោះ។

 ៣៥ ហើយ​ការណ៍​ទាំង​នេះ​ត្រូវ​បាន​កត់ត្រា​ទុក ដើម្បី​ឲ្យ​យើង​អាច​កម្ចាត់​សំលៀកបំពាក់​របស់​យើង​ឲ្យ​ជ្រះ​ពី​ឈាម​នៃ​ពួក​បង​ប្អូន​របស់​យើង ដែល​បាន​ចុះ​អន់ថយ​ទៅ​ក្នុង​ការ​ឥត​ជំនឿ។

 ៣៦ ហើយ​មើល​ចុះ ការណ៍​ទាំង​នេះ​ដែល​យើង​ប្រាថ្នា​ចង់​បាន​ពី​ពួក​បង​ប្អូន​របស់​យើង មែន​ហើយ គឺ​ការ​ប្រោស​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ គឺ​ស្រប​ទៅ​តាម​ការ​អធិស្ឋាន​ទាំង​ឡាយ​នៃ​ពួក​បរិសុទ្ធ​ទាំង​អស់ ដែល​បាន​រស់នៅ​លើ​ដែនដី​នេះ។

 ៣៧ ហើយ​សូម​ឲ្យ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ទ្រង់​អនុញ្ញាត​ឲ្យ​ការ​អធិស្ឋាន​ទាំង​ឡាយ​របស់​គេ​បាន​សម្រេច ស្រប​ទៅ​តាម​សេចក្ដី​ជំនឿ​របស់​គេ​ចុះ ហើយ​សូម​ឲ្យ​ព្រះ​វរបិតា​ទ្រង់​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល​ចុះ ហើយ​សូម​ឲ្យ​ព្រះ​អង្គ​ប្រទាន​ពរ​ដល់​ពួក​គេ​រហូត​ត​ទៅ តាម​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ចុះ។ អាម៉ែន៕ :៚