ជំពូក​ទី ១០

ទី​បន្ទាល់​អំពី​ព្រះ​គម្ពីរ​មរមន មាន​មក​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ — អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ​វិញ្ញាណ ត្រូវ​បាន​ប្រទាន​ឲ្យ​ពួក​ស្មោះត្រង់ — អំណោយទាន​ទាំង​ឡាយ​ខាង​វិញ្ញាណ មាន​ឡើង​តាម​សេចក្ដី​ជំនឿ​ជានិច្ច — ពាក្យ​សម្ដី​របស់​មរ៉ូណៃ និយាយ​ចេញ​មក​ពី​ធូលី​ដី — ចូរ​មក​រក​ព្រះ​គ្រីស្ទ ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ក្នុង​ទ្រង់ ហើយ​ចូរ​ញែក​ព្រលឹង​អ្នក​ឲ្យ​បាន​បរិសុទ្ធ​ចុះ។ ប្រមាណ​ជា​ឆ្នាំ ៤២១ គ.ស.។

 ១ ឥឡូវ​នេះ ខ្ញុំ មរ៉ូណៃ សរសេរ​ខ្លះ​អំពី​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ថា​ល្អ ហើយ​ខ្ញុំ​សរសេរ​នេះ ទៅ​កាន់​ពួក​បង​ប្អូន​ខ្ញុំ គឺ​ពួក​សាសន៍​លេមិន ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ដឹង​ថា ជាង​បួន​រយ​ម្ភៃ​ឆ្នាំ​បាន​កន្លង​មក​ហើយ ចាប់​តាំង​ពី​បាន​ទទួល​ទី​សម្គាល់​អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ។

 ២ ហើយ​ខ្ញុំ​នឹង​បិទ​បញ្ជី​ទាំង​នេះ បន្ទាប់​ពី​ខ្ញុំ​បាន​និយាយ​នូវ​ពាក្យ​បន្តិចបន្តួច​ទុកជា​សេចក្ដី​ទូន្មាន​ដល់​អ្នក​រាល់​គ្នា។

 ៣ មើល​ចុះ ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ថា កាលណា​អ្នក​រាល់​គ្នា​បាន​អាន​ការណ៍​ទាំង​នេះ បើ​សិន​ជា​ប្រាជ្ញា​នៅ​ក្នុង​ព្រះ​ថា អ្នក​រាល់​គ្នា​បាន​អាន​ការណ៍​ទាំង​នេះ នោះ​សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​ថា តើ​ព្រះ​អម្ចាស់​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​យ៉ាង​ណា​ដល់​កូន​ចៅ​មនុស្ស ចាប់​តាំង​ពី​កំណើត​លោក​អ័ដាម​មក រហូត​មក​ដល់​ពេល​ដែល​អ្នក​រាល់​គ្នា បាន​ទទួល​ការណ៍​ទាំង​នេះ ហើយ​សូម​រំពឹងគិត​នៅ​ក្នុង​ចិត្ត​អ្នក​ចុះ។

 ៤ ហើយ​កាលណា​អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ការណ៍​ទាំង​នេះ នោះ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឲ្យ​សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ បើ​សិន​ជា​ការណ៍​ទាំង​នេះ​មិន​ពិត ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែងសេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

 ៥ ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់។

 ៦ ហើយ​អ្វី​ក៏​ដោយ​ដែល​ល្អ គឺ​ត្រឹម​ត្រូវ ហើយ​ពិត ហេតុ​ដូច្នេះ​ហើយ គ្មាន​អ្វី​ដែល​ល្អ​នឹង​បដិសេធ​ព្រះ​គ្រីស្ទ​ឡើយ តែ​ទទួល​ស្គាល់​ថា ទ្រង់​ជា​ព្រះ​វិញ។

 ៧ ហើយ​អ្នក​រាល់​គ្នា​ក៏​អាច​ដឹង​ថា​ទ្រង់​ជា​ព្រះ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ថា សូម​កុំ​បដិសេធ​ព្រះ​ចេស្ដា​នៃ​ព្រះ​ឡើយ ត្បិត​ទ្រង់​ធ្វើ​ការ​ដោយ​ព្រះ​ចេស្ដា ស្រប​តាម​សេចក្ដី​ជំនឿ​នៃ​កូន​ចៅ​មនុស្ស ថ្ងៃ​នេះ​ក៏​ដូច​គ្នា​នឹង​ថ្ងៃ​ស្អែក និង​រហូត​ត​ទៅ។

 ៨ ហើយ​ម្យ៉ាង​ទៀត ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ថា កុំ​បដិសេធ​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ​ឡើយ ត្បិត​អំណោយទាន​នោះ​មាន​ច្រើន​ណាស់ ហើយ​អំណោយទាន​ទាំង​នោះ​បាន​មក​ពី​ព្រះ​តែមួយ​ដដែល។ ហើយ​អំណោយទាន​ទាំង​នោះ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ផ្លូវ​ផ្សេង ប៉ុន្តែ​គឺជា​ព្រះ​តែមួយ​អង្គ​ដដែល ដែល​ធ្វើ​ការណ៍​ទាំង​អស់​នេះ ហើយ​អំណោយទាន​ទាំង​នោះ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស តាម​ការ​សម្ដែង​នៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ។

 ៩ ត្បិត​មើល​ចុះ ចំពោះ​ម្នាក់​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​នូវ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​នោះ​អាច​បង្រៀន​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ

 ១០ ហើយ​ចំពោះ​ម្នាក់​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ អាច​បង្រៀន​ពាក្យ​សម្ដី​នៃ​ចំណេះ​ចេះ​ស្ទាត់ ដោយ​នូវ​ព្រះ​វិញ្ញាណ​ដដែល

 ១១ ហើយ​ចំពោះ​ម្នាក់​ទៀត ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​ធំ និង​ចំពោះ​ម្នាក់​ទៀត ឲ្យ​អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ដោយ​នូវ​ព្រះ​វិញ្ញាណ​ដដែល

 ១២ ហើយ​ម្យ៉ាង​ទៀត ចំពោះ​ម្នាក់​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ អាច​សម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ

 ១៣ ហើយ​ម្យ៉ាង​ទៀត ចំពោះ​ម្នាក់​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ អាច​ព្យាករ​អំពី​អ្វីៗ​គ្រប់​យ៉ាង

 ១៤ ហើយ​ម្យ៉ាង​ទៀត ចំពោះ​ម្នាក់​ទៀត ឲ្យ​បាន​ឃើញ​ពួក​ទេវតា និង​វិញ្ញាណ​ទាំង​ឡាយ ដែល​មក​ធ្វើ​ការងារ​បម្រើ

 ១៥ ហើយ​ម្យ៉ាង​ទៀត ចំពោះ​ម្នាក់​ទៀត ឲ្យ​ចេះ​គ្រប់​ភាសា

 ១៦ ហើយ​ម្យ៉ាង​ទៀត ចំពោះ​ម្នាក់​ទៀត ឲ្យ​ចេះ​បកប្រែ​ភាសា និង​ពាក្យ​ផ្សេង

 ១៧ ហើយ​អំណោយទាន​ទាំង​អស់​នេះ បាន​មក​ដោយ​សារ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ ហើយ​អំណោយទាន​ទាំង​នេះ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​គ្នា​ជា​ច្រើន​ដង ស្រប​តាម​បំណង​របស់​គេ។

 ១៨ ហើយ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ចាំ​ថា អំណោយទាន​ដែល​ល្អ គឺ​បាន​មក​ពី​ព្រះ​គ្រីស្ទ។

 ១៩ ហើយ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​ចាំ​ថា ព្រះ​អង្គ​គឺ​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​អំណោយទាន​ទាំង​អស់​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ ដែល​ជា​អំណោយទាន​ខាង​វិញ្ញាណ នឹង​ពុំ​អាច​បាត់បង់​ទៅ​ឡើយ ដរាបណា​មាន​ពិភពលោក​នេះ លើក​លែងតែ​ស្រប​តាម​ការ​ឥត​ជំនឿ​នៃ​កូន​ចៅ​មនុស្ស​ប៉ុណ្ណោះ។

 ២០ ហេតុ​ដូច្នោះ​ហើយ ត្រូវ​តែ​មាន​សេចក្ដី​ជំនឿ ហើយ​បើ​សិន​ជា​មាន​សេចក្ដី​ជំនឿ នោះ​ត្រូវ​តែ​មាន​សេចក្ដី​សង្ឃឹម​ផង ហើយ​បើ​សិន​ជា​មាន​សេចក្ដី​សង្ឃឹម នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស​ផង​ដែរ។

 ២១ ហើយ​លើក​លែង​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សប្បុរស បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ឡើយ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ដែរ បើ​សិន​ជា​អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​ជំនឿ ហើយ​អ្នក​ក៏​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ដែរ បើ​សិន​ជា​អ្នក​គ្មាន​សេចក្ដី​សង្ឃឹម។

 ២២ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​សង្ឃឹម​ទេ នោះ​អ្នក​រាល់​គ្នា​ច្បាស់​ជា​នៅ​ក្នុង​សេចក្ដី​អស់​សង្ឃឹម​វិញ ហើយ​សេចក្ដី​អស់​សង្ឃឹម​កើត​ឡើង​មក​ដោយ​សារ​តែ​អំពើ​ទុច្ចរិត។

 ២៣ ហើយ​ព្រះ​គ្រីស្ទ​មាន​ព្រះ​បន្ទូល​យ៉ាង​ពិត​ប្រាកដ​ទៅ​កាន់​ពួក​អយ្យកោ​យើង​ថា ៖ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ នោះ​អ្នក​រាល់​គ្នា​អាច​ធ្វើ​នូវ​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​ជា​ការ​ចំ​បាច់​ដល់​យើង។

 ២៤ ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​និយាយ​ទៅ​មនុស្ស​ទាំង​អស់​នៅ​ចុង​ផែនដី​ថា — បើ​សិន​ជា​មាន​ថ្ងៃ​ណាមួយ ដែល​ព្រះ​ចេស្ដា និង​អំណោយទាន​នៃ​ព្រះ នឹង​ឈប់​មាន​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​គឺ​មក​ពី​ការ​ឥត​ជំនឿ។

 ២៥ ហើយ​វេទនា​ដល់​កូន​ចៅ​មនុស្ស បើ​សិន​ជា​ដូច្នោះ​មែន ត្បិត​នៅ​ក្នុង​ចំណោម​ពួក​គេ នឹង​ពុំ​មាន​ជន​ណា​ម្នាក់​ធ្វើ​ល្អ​ឡើយ គឺ​សូម្បី​តែមួយ​ក៏​គ្មាន​សោះ។ ត្បិត​បើ​សិន​ជា​មាន​អ្នក​ណា​ម្នាក់ នៅ​ក្នុង​ចំណោម​ពួក​គេ​ធ្វើ​ល្អ អ្នក​នោះ​នឹង​ធ្វើ​ការ​ដោយ​ព្រះ​ចេស្ដា និង​ដោយ​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ។

 ២៦ ហើយ​វេទនា​ដល់​ពួក​អ្នក​ណា ដែល​នឹង​បំបាត់​ចោល​នូវ​ការណ៍​ទាំង​នេះ ហើយ​ស្លាប់​ទៅ ត្បិត​ពួក​គេ​ស្លាប់​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ពួក​គេ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​បាន​ឡើយ ហើយ​ខ្ញុំ​និយាយ​ការណ៍​នេះ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​ខ្ញុំ​ពុំ​កុហក​ទេ។

 ២៧ ហើយ​ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ឲ្យ​ចាំ​នូវ​ការណ៍​ទាំង​នេះ ត្បិត​ពេល​វេលា​នឹង​មក​ដល់​យ៉ាង​ឆាប់ៗ ដែល​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​ពុំ​កុហក​ឡើយ ត្បិត​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ នៅ​ឯ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​រាល់​គ្នា​ថា ៖ តើ​យើង​ពុំ​បាន​ប្រកាស​ពាក្យ​យើង​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ​អី ដែល​បាន​សរសេរ​ទុក​ដោយ​បុរស​នេះ ហាក់​បី​ដូច​ជា​មនុស្ស​ម្នាក់ ស្រែក​ចេញ​មក​ពី​សេចក្ដី​ស្លាប់ មែន​ហើយ ហាក់​បី​ដូច​ជា​មនុស្ស​ម្នាក់ និយាយ​ចេញ​មក​ពី​ធូលី​ដី?

 ២៨ ខ្ញុំ​ប្រកាស​ការណ៍​ទាំង​នេះ ដើម្បី​ឲ្យ​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​បាន​បំពេញ។ ហើយ​មើល​ចុះ ការណ៍​ទាំង​នេះ​គឺ​ចេញ​មក​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជា​និច្ច ហើយ​ព្រះ​បន្ទូល​របស់​ទ្រង់​នឹង​ហួច​ហៅ​ពី​តំណ​មួយ​ទៅ​តំណ​មួយ។

 ២៩ ហើយ​ព្រះ​ទ្រង់​នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ថា ការណ៍​ដែល​ខ្ញុំ​បាន​សរសេរ​មក​នេះ​គឺ​ពិត។

 ៣០ ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា សូម​ឲ្យ​អ្នក​រាល់​គ្នា​មក​រក​ព្រះ​គ្រីស្ទ ហើយ​ចូរ​យក​នូវ​អំណោយទាន​ដ៏​ល្អ​ទាំង​អស់ ហើយ​កុំ​ប៉ះពាល់​ដល់​អំណោយទាន​អាក្រក់ ឬ​វត្ថុ​ដែល​ពុំ​ស្អាត​ឡើយ។

 ៣១ ហើយ​ចូរ​ភ្ញាក់​ឡើង និង​ចូរ​ក្រោក​ឡើង​ពី​ធូលី​ដី ឱ​ក្រុង​យេរូសាឡិម​អើយ មែន​ហើយ ឱ​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ប្រដាប់​ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ហើយ​ចូរ​ពង្រឹងចម្រឹង ហើយ​ចូរ​ពង្រីក​នូវ​ព្រំដែន​របស់​ខ្លួន​រហូត​ត​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​លាយឡំ ឱ​វង្ស​អ៊ីស្រាអែល​អើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​ធ្វើ​ដល់​អ្នក​អាច​បាន​បំពេញ។

 ៣២ មែន​ហើយ ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​បើ​សិន​ជា​ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បដិសេធ​ព្រះ​ចេស្ដា​នៃ​ព្រះ​បាន​ឡើយ។

 ៣៣ ហើយ​ម្យ៉ាង​ទៀត បើ​សិន​ជា​ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ ដែល​អ្នក​រាល់​គ្នា​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ពុំ​បាន​បដិសេធ​ព្រះ​ចេស្ដា​របស់​ទ្រង់​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ ដោយ​ការ​ច្រួច​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ ដែល​មាន​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​វរបិតា ចំពោះ​ការ​ផ្ដាច់​បាប​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ដោយ​គ្មាន​ប្រឡាក់​អ្វី​សោះឡើយ។

 ៣៤ ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​លា​អ្នក​រាល់​គ្នា​សិន​ហើយ។ មិន​យូរប៉ុន្មាន​ទេ ខ្ញុំ​នឹង​ទៅ​សម្រាក​នៅ​ឯ​ស្ថាន​បរមសុខ​នៃ​ព្រះ លុះ​ដល់​វិញ្ញាណ និង​រូប​កាយ​ខ្ញុំ​បាន​រួម​គ្នា​វិញ ហើយ​ខ្ញុំ​នឹង​ត្រូវ​ចេញ​មក​ដោយ​ជោគជ័យ កាត់​តាម​អាកាស ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា​នៅ​ខាង​មុខ​វេទិកា​ជំនុំ​ជំរះ​ដ៏​គាប់​ព្រះ​ហឫទ័យ នៃ​ព្រះ​យេហូវ៉ា​ដ៏​មហិមា ដែល​ជា​ចៅក្រម​ដ៏​អស់​កល្ប​ជានិច្ច នៃ​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង។ អាម៉ែន៕ :៚