ជំពូក​ទី ១៦

ព្រះ​ទ្រង់​ប្រោស​លោះ​មនុស្ស​ពី​ស្ថានភាព​វង្វេង និង​ធ្លាក់ — អស់​អ្នក​ណា​ដែល​ប្រកប​ដោយ​រូប​កាយ នឹង​ទុក​ដូច​ជា​គ្មាន​ការ​ប្រោស​លោះ​ឡើយ — ព្រះ​គ្រីស្ទ​នឹង​នាំ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ ដល់​ជីវិត​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឬ​ដល់​ការ​ជាប់​ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​អ័ប៊ីណាដៃ​បាន​និយាយ​ពាក្យ​ទាំង​នេះ​ហើយ នោះ​លោក​បាន​លាដៃ​លោក ហើយ​និយាយ​ថា ៖ ពេល​នឹង​មក​ដល់ កាល​គ្រប់​ទាំង​អស់​គ្នា​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​អម្ចាស់ គឺជា​ពេល​ដែល​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន នឹង​ឃើញ​ដោយ​ភ្នែក​គេ​ផ្ទាល់ ហើយ​ទទួល​ស្គាល់​នៅ​ចំពោះ​ព្រះ​ថា សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់ គឺ​ត្រឹម​ត្រូវ។

 ២ ហើយ​ពេល​នោះ ពួក​ទុច្ចរិត​នឹង​ត្រូវ​បណ្ដេញ​ចេញ ហើយ​ពួក​គេ​នឹង​មាន​ហេតុ ដើម្បី​ស្រែក​ថ្ងូរ និង​យំ និង​ទ្រហោ និង​សង្កៀត​ធ្មេញ​គេ ហើយ​នេះ​គឺ​មក​ពី​ពួក​គេ​ពុំ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​នឹង​ពុំ​ប្រោស​លោះ​ពួក​គេ​ឡើយ។

 ៣ ព្រោះ​ពួក​គេ​ប្រកប​ដោយ​ស្ថានភាព​ខាង​រូប​កាយ និង​ខាង​អារក្ស ហើយ​អារក្ស​មាន​អំណាច​ទៅ​លើ​ពួក​គេ មែន​ហើយ គឺជា​ពស់​ពី​បុរាណ​នោះ ដែល​បាន​បញ្ឆោត​ឪពុក​ម្ដាយ​ដើម​របស់​យើង គឺជា​ហេតុ​នៃ​ការ​ធ្លាក់​របស់​គេ គឺជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​លោក​ទាំង​អស់ ក្លាយ​ទៅ​ខាង​រូប​កាយ ខាង​កាមរោគ ខាង​អារក្ស ស្គាល់​ខុស និង​ត្រូវ ដោយ​ដាក់​ខ្លួន​នៅ​ក្រោម​អំណាច​អារក្ស។

 ៤ ម្ល៉ោះ​ហើយ បាន​ជា​មនុស្ស​លោក​ទាំង​អស់​ត្រូវ​វង្វេង ហើយ​មើល​ចុះ ពួក​គេ​ច្បាស់​ជា​វង្វេង​រហូត​ត​ទៅ ប្រសិន​បើ​ព្រះ​ទ្រង់​ពុំ​បាន​ប្រោស​លោះ​រាស្ត្រ​ទ្រង់​ឲ្យ​ផុត​ពី​ស្ថានភាព​វង្វេង និង​ធ្លាក់​នោះ​ទេ។

 ៥ ប៉ុន្តែ​ចូរ​ចាំ​ថា អ្នក​ណា​ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​ខាង​រូប​កាយ​របស់​ខ្លួន ហើយ​នៅ​តែ​ធ្វើ​អំពើ​បាប ហើយ​បះបោរ​ទាស់​នឹង​ព្រះ អ្នក​នោះ​នឹង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធ្លាក់​ត​ទៅ​ទៀត ហើយ​អារក្ស​នឹង​មាន​អំណាច​ទាំង​ស្រុង​ទៅ​លើ​គេ។ ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​ហាក់​បី​ដូច​ជា​គ្មាន​ការ​ប្រោស​លោះ​ឡើយ ព្រោះ​គេ​ជា​ខ្មាំងសត្រូវ​ដល់​ព្រះ ឯ​អារក្ស​ក៏​ជា​ខ្មាំងសត្រូវ​ដល់​ព្រះ​ដែរ។

 ៦ ហើយ​ឥឡូវ​នេះ បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពុំ​បាន​យាង​មក​ឯ​លោកិយ​ទេ គឺ​និយាយ​អំពី​ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ ទុក​ដូច​ជា​បាន​កើត​ឡើង​ហើយ នោះ​នឹង​គ្មាន​ការ​ប្រោស​លោះ​ឡើយ។

 ៧ ហើយ​បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពុំ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ ឬ​ពុំ​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ ដើម្បី​កុំ​ឲ្យ​ផ្នូរ​មាន​ជ័យ​ជម្នះ​លើ ហើយ​កុំ​ឲ្យ​សេចក្ដី​ស្លាប់​មាន​ទ្រនិច​ទេ នោះ​ក៏​ពុំ​អាច​មាន​ដំណើរ​រស់​ឡើង​វិញ​ដែរ។

 ៨ ប៉ុន្តែ​មាន​ដំណើរ​រស់​ឡើង​វិញ ហេតុ​ដូច្នេះ​ហើយ ផ្នូរ​គ្មាន​ជ័យ​ជម្នះ​លើ​ឡើយ ហើយ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ ត្រូវ​បាន​លេប​បាត់​នៅ​ក្នុង​ព្រះ​គ្រីស្ទ។

 ៩ ទ្រង់​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក មែន​ហើយ ជា​ពន្លឺ​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ពុំ​អាច​ធ្វើ​ឲ្យ​ងងឹត​បាន​ឡើយ មែន​ហើយ ហើយ​ក៏​ជា​ជីវិត​មួយ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គឺ​ពុំ​អាច​មាន​សេចក្ដី​ស្លាប់​ទៀត​ឡើយ។

 ១០ គឺ​រូប​កាយ​ដែល​រមែង​ស្លាប់​នេះ​ក៏​នឹង​ត្រូវ​បាន​ប្រដាប់​ដោយ​អមតភាព​វិញ ហើយ​រូប​កាយ​ដ៏​ពុករលួយ​នេះ នឹង​ត្រូវ​បាន​ប្រដាប់​ដោយ​ភាព​មិន​ពុករលួយ​វិញ ហើយ​នឹង​ត្រូវ​បាន​នាំ​ទៅ​ឈរ​នៅ​ចំពោះ​វេទិកា​នៃ​ព្រះ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ​ពី​ទ្រង់ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន ដើម្បី​ឲ្យ​ឃើញ​ថា ពួក​គេ​ល្អ ឬ​ក៏​ពួក​គេ​អាក្រក់ —

 ១១ បើ​សិន​ជា​ពួក​គេ​ល្អ នោះ​នឹង​បាន​ដំណើរ​រស់​ឡើង​វិញ​នៃ​ជីវិត និង​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​បើ​សិន​ជា​ពួក​គេ​អាក្រក់​វិញ នោះ​នឹង​បាន​ដំណើរ​រស់​ឡើង​វិញ​នៃ​ការ​ជាប់​ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ត្រូវ​ប្រគល់​ឲ្យ​ទៅ​អារក្ស​ដែល​មាន​អំណាច​មក​លើ​គេ គឺជា​ការ​ជាប់​ទោស —

 ១២ ដោយ​បាន​ធ្វើ​តាម​ចំណង់ និង​ការ​ប៉ង​ប្រាថ្នា​ខាង​រូប​កាយ​របស់​គេ​ផ្ទាល់ ដោយ​ពុំ​ដែល​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ នៅ​ពេល​ដែល​ព្រះ​ពាហុ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា លូក​មក​រក​គេ ត្បិត​ព្រះ​ពាហុ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​បាន​លូក​មក​រក​គេ តែ​គេ​ពុំ​ចង់​បាន​ឡើយ ពួក​គេ​ត្រូវ​បាន​ព្រមាន​ប្រាប់​អំពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ តែ​គេ​នៅ​តែ​ពុំ​បែរ​ចេញ​ពី​អំពើ​ទាំង​នោះ​ឡើយ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែ​ចិត្ត តែ​គេ​នៅ​តែ​ពុំ​ប្រែ​ចិត្ត​សោះ។

 ១៣ ហើយ​ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​នឹង​ពុំ​ញ័រ ហើយ​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​ចាំ​ថា មាន​តែ​ដោយ និង​តាម​រយៈ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​ទេ ទើប​អ្នក​រាល់​គ្នា​អាច​បាន​សង្គ្រោះ?

 ១៤ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​បង្រៀន​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ ចូរ​បង្រៀន​ថា វា​ជា​ស្រមោល​នៃ​ការណ៍​ទាំង​ឡាយ​នោះ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ —

 ១៥ ចូរ​បង្រៀន​ពួក​គេ​ថា សេចក្ដី​ប្រោស​លោះ​បាន​មក​តាម​រយៈ​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់ គឺ​ពិតជា​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ​ហើយ។ អាម៉ែន៕