ជំពូក​ទី ១៨

អាលម៉ា​បង្រៀន​ដោយ​សម្ងាត់ — លោក​រៀបចំ​សេចក្ដី​សញ្ញា​នៃ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹក​មរមន — លោក​រៀបចំ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​ឡើង ហើយ​តែងតាំង​សង្ឃ​ទាំង​ឡាយ — ពួក​គេ​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង ហើយ​បង្រៀន​ប្រជាជន — អាលម៉ា និង​ប្រជាជន​របស់​លោក គេច​ខ្លួន​ពី​ស្ដេច​ណូអេ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។ ប្រមាណ​ជា​ឆ្នាំ ១៤៧–១៤៥ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​ដែល​បាន​រត់គេច​ពី​ពួក​អ្នក​បម្រើ​របស់​ស្ដេច​ណូអេ បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ខ្លួន ហើយ​បាន​ទៅ​ក្នុង​ចំណោម​ប្រជាជន​ដោយ​សម្ងាត់ ហើយ​បាន​ចាប់​ផ្ដើម​បង្រៀន​នូវ​ពាក្យ​ទាំង​ឡាយ​របស់​អ័ប៊ីណាដៃ —

 ២ មែន​ហើយ អំពី​អ្វីៗ​ដែល​នឹង​មក​ដល់ ហើយ​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ និង​ការ​ប្រោស​លោះ​ដល់​មនុស្ស​ដែល​នឹង​កើត​ឡើង​តាម​រយៈ​ព្រះ​ចេស្ដា និង​ការ​ឈឺ​ចាប់ និង​ការ​សុគត​នៃ​ព្រះ​គ្រីស្ទ និង​អំពី​ដំណើរ​រស់​ឡើង​វិញ និង​ការ​យាង​ទៅ​ស្ថានសួគ៌​នៃ​ព្រះ​អង្គ។

 ៣ ហើយ​អស់​អ្នក​ណា​ដែល​ចង់​ស្ដាប់​តាម​ពាក្យ​របស់​លោក នោះ​លោក​បាន​បង្រៀន។ ហើយ​លោក​បាន​បង្រៀន​ពួក​គេ​ដោយ​សម្ងាត់ ដើម្បី​កុំ​ឲ្យ​ដឹង​ដល់​ស្ដេច។ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​តាម​ពាក្យ​សម្ដី​របស់​លោក។

 ៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​បាន​ជឿ​តាម​លោក គេ​បាន​ទៅ​ដល់​កន្លែង​មួយ ដែល​ហៅ​ថា មរមន ដោយ​បាន​ឈ្មោះ​ពី​ស្ដេច​មួយ ជា​កន្លែង​ដែល​នៅ​ជាប់​នឹង​ព្រំប្រទល់​នៃ​ដែនដី​មួយ ដែល​ច្រើន​តែ​មាន​សត្វ​សាហាវ​មក​រុក​កួន​ក្នុង​ពេល​ខ្លះ ឬ​ក៏​ក្នុង​រដូវ​ខ្លះ។

 ៥ ឥឡូវ​នេះ នៅ​ដែនដី​មរមន​មាន​ប្រភព​ទឹក​មួយ ដែល​មាន​ទឹក​សុទ្ធ ហើយ​អាលម៉ា​បាន​ជ្រកកោន​នៅ​ទី​នោះ នៅ​ក្បែរ​ទឹក​មាន​ដើម​ឈើ​តូច​ដុះ​យ៉ាង​ក្រាស់ ជាទី​ដែល​លោក​បាន​ពួន​នៅ​ពេល​ថ្ងៃ កាល​ស្ដេច​កំពុង​ស្វែងរក។

 ៦ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ជឿ​តាម​លោក គេ​បាន​មក​ទី​នេះ​ដើម្បី​ស្ដាប់​ពាក្យ​សម្ដី​របស់​លោក។

 ៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ជា​ច្រើន​ថ្ងៃ​បាន​កន្លង​ទៅ មាន​មនុស្ស​ជា​ច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​ទី​មរមន ដើម្បី​ស្ដាប់​ពាក្យ​សម្ដី​នៃ​អាលម៉ា។ មែន​ហើយ ពួក​គេ​ទាំង​អស់​នោះ​បាន​ប្រមូល​គ្នា​មក​ដោយ​បាន​ជឿ​តាម​ពាក្យ​របស់​លោក ដើម្បី​មក​ស្ដាប់​លោក។ ហើយ​លោក​បាន​បង្រៀន​ពួក​គេ ហើយ​បាន​ប្រកាស​ប្រាប់​ពួក​គេ​អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ប្រោស​លោះ និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់។

 ៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា ៖ មើល​ចុះ នេះ​ជា​ទឹក​មរមន (ព្រោះ​នេះ​ជា​ឈ្មោះ ដែល​គេ​ហៅ) ហើយ​ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល

 ៩ មែន​ហើយ ហើយ​យល់​ព្រម​ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង ដែល​អ្នក​រាល់​គ្នា​បាន​នៅ រហូត​ដល់​ពេល​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ប្រោស​លោះ​ដោយ​ព្រះ ហើយ​បាន​រាប់​ជាមួយ​នឹង​ពួក​អ្នក​នៃ​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច —

 ១០ ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក បើ​សិន​នេះ​ជា​បំណង​នៅ​ក្នុង​ចិត្ត​អ្នក តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់​ថា អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ថា អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​អង្គ ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ស្រោច​ព្រះ​វិញ្ញាណ​ទ្រង់ មក​លើ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូរណ៍?

 ១១ ហើយ​ឥឡូវ​នេះ កាល​ប្រជាជន​បាន​ឮ​ពាក្យ​ទាំង​នេះ គេ​ក៏​បាន​ទះដៃ​ដោយ​សេចក្ដី​អំណរ ហើយ​ស្រែក​ថា ៖ នេះ​ហើយ​ជា​បំណង​នៃ​ចិត្ត​របស់​យើង​ខ្ញុំ។

 ១២ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​នាំ​ហេឡាម ជា​អ្នក​មុនដំបូង​បង្អស់ ទៅ​ឈរ​ក្នុង​ទឹក ហើយ​ស្រែក​ឡើង​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ស្រោច​ព្រះ​វិញ្ញាណ​របស់​ទ្រង់​មក​លើ​អ្នក​បម្រើ​ទ្រង់​ចុះ ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​ការ​នេះ​ដោយ​ដួង​ចិត្ត​បរិសុទ្ធ​ជ្រះថ្លា។

 ១៣ ហើយ​កាល​លោក​បាន​ពោល​នូវ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ស្រាប់​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ក៏​មក​សណ្ឋិត​លើ​លោក ហើយ​លោក​ពោល​ថា ៖ ឱ​ហេឡាម​អើយ ខ្ញុំ​សូម​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ដោយ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ដើម្បី​ជាទី​បន្ទាល់​ថា អ្នក​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា ដើម្បី​បម្រើ​ព្រះ​អង្គ​រហូត​ដល់​អ្នក​ស្លាប់​ខាង​ឯ​រូប​កាយ​សាច់ឈាម ហើយ​សូម​ឲ្យ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ស្រោច​មក​លើ​អ្នក ហើយ​សូម​ឲ្យ​ទ្រង់​ប្រទាន​ដល់​អ្នក​នូវ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​សេចក្ដី​ប្រោស​លោះ​នៃ​ព្រះ​គ្រីស្ទ ជា​ព្រះ​ដែល​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ។

 ១៤ ហើយ​បន្ទាប់​ពី​អាលម៉ា​បាន​ពោល​នូវ​ពាក្យ​ទាំង​នេះ​ហើយ នោះ​អាលម៉ា និង​ហេឡាម ទាំង​ពីរ​នាក់​ក៏​បង្កប់​ខ្លួន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​ងើប​ឡើង​វិញ ហើយ​ឡើង​ពី​ទឹក​វិញ​ដោយ​អរ​រីករាយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ។

 ១៥ ហើយ​ម្ដង​ទៀត អាលម៉ា​បាន​នាំ​មនុស្ស​ម្នាក់​ទៀត​ចុះ​ទៅ​ក្នុង​ទឹក ជា​លើក​ទី​ពីរ ហើយ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​ជន​នោះ ដូច​ជា​ជន​ទី​មួយ​ដែរ ខុស​គ្នា​តែ​ត្រឹម​លោក​ពុំ​បាន​ពន្លិច​ខ្លួន​លោក ចុះ​ទៅ​ក្នុង​ទឹក​ទៀត​ប៉ុណ្ណោះ។

 ១៦ គឺ​តាម​របៀប​នេះ​ហើយ​ដែល​លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ជន​គ្រប់ៗ​គ្នា ដែល​បាន​ទៅ​ឯ​ទឹក​មរមន ហើយ​ពួក​គេ​មាន​ចំនួន​ប្រហែល​ពីរ​រយ​បួន​នាក់ មែន​ហើយ ហើយ​ពួក​គេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹក​មរមន ហើយ​បាន​ពោរ​ពេញ​ទៅ​ដោយ​ព្រះ​គុណ​នៃ​ព្រះ។

 ១៧ ហើយ​ពួក​គេ​ត្រូវ​បាន​ហៅ​ថា សាសនាចក្រ​នៃ​ព្រះ ឬ​ក៏​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ ចាប់​តាំង​ពី​ពេល​នោះ​មក។ ហើយ​ហេតុ​ការណ៍​បាន​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ពី​ព្រះ នោះ​បាន​បូក​បញ្ចូល​ទៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់។

 ១៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា ដោយ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ព្រះ ក៏​បាន​តែងតាំង​សង្ឃ​ទាំង​ឡាយ​ឡើង គឺ​លោក​បាន​តែងតាំង​សង្ឃ​មួយ​សម្រាប់​មនុស្ស​ហាសិប​នាក់ ដើម្បី​ផ្សាយ​សាសនា​ដល់​ពួក​គេ ហើយ​បង្រៀន​ពួក​គេ អំពី​សេចក្ដី​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​នគរ​ព្រះ។

 ១៩ ហើយ​លោក​បាន​បញ្ជា​ពួក​គេ កុំ​ឲ្យ​បង្រៀន​នូវ​អ្វី​ផ្សេងៗ​ក្រៅ​ពី​អ្វី​ដែល​លោក​បាន​បង្រៀន និង​អ្វី​ដែល​បាន​និយាយ​ចេញ​មក​ពី​មាត់​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ប៉ុណ្ណោះ។

 ២០ មែន​ហើយ លោក​ថែម​ទាំង​បាន​បញ្ជា​ពួក​គេ កុំ​ឲ្យ​ផ្សាយ​សាសនា​ពី​អ្វី​ឡើយ ក្រៅ​ពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ប្រោស​លោះ​រាស្ត្រ​របស់​ព្រះ​អង្គ។

 ២១ ហើយ​លោក​បាន​បញ្ជា​ពួក​គេ​ថា មិន​គួរ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ តែ​ថា ពួក​គេ​គួរតែ​មើល​ទៅ​មុខ​ដោយ ភ្នែក​តែមួយ មាន​សេចក្ដី​ជំនឿ​តែមួយ និង​បុណ្យ​ជ្រមុជ​ទឹកតែ​មួយ មាន​ចិត្ត​ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

 ២២ ហើយ​លោក​បាន​បញ្ជា​ឲ្យ​គេ​ផ្សាយ​សាសនា​យ៉ាង​ដូច្នេះ​ហើយ។ ហើយ​ពួក​គេ​បាន​ក្លាយ​ជា​កូន​ចៅ​នៃ​ព្រះ​យ៉ាង​ដូច្នេះ​ហើយ។

 ២៣ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នេះ​ចេញ​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ត្រូវ​ថ្លែង​អំណរគុណ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ។

 ២៤ ហើយ​លោក​ក៏​បាន​បញ្ជា​ដល់​ពួក​គេ​ដែរ​ថា ពួក​សង្ឃ​ដែល​លោក​បាន​តែងតាំង​ឡើង ត្រូវ​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ចិញ្ចឹម​ជីវិត។

 ២៥ ហើយ​ជា​រៀង​រាល់​អាទិត្យ ត្រូវ​ញែក​ថ្ងៃ​មួយ​ទុក​សម្រាប់​ជួបជុំ​គ្នា ដើម្បី​បង្រៀន​ប្រជាជន ហើយ​ដើម្បី​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ពួក​គេ​ត្រូវ​ប្រជុំ​គ្នា​ជា​ញឹកញាប់ ដោយ​សមត្ថ​ភាព​ដែល​គេ​អាច​ធ្វើ​បាន។

 ២៦ ហើយ​ពួក​សង្ឃ​មិន​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ប្រជាជន​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ ដើម្បី​ទទួល​ព្រះ​គុណ​នៃ​ព្រះ ដើម្បី​ឲ្យ​គេ​មាន​កម្លាំង​ខ្លាំង​ឡើង​នៅ​ក្នុង​ព្រះ​វិញ្ញាណ ដោយ​មាន​ការ​ចេះ​ដឹង​អំពី​ព្រះ ដើម្បី​គេ​អាច​បង្រៀន​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ពី​ព្រះ។

 ២៧ ហើយ​មួយ​ទៀត អាលម៉ា​ក៏​បាន​បញ្ជា​ឲ្យ​ប្រជាជន​នៃ​សាសនាចក្រ​នេះ ចែករំលែក​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន គឺ​មនុស្ស​ម្នាក់ៗ ទៅ​តាម​អ្វី​ដែល​គេ​មាន បើ​សិន​ជា​គេ​មាន​ច្រើន​បរិបូរ ក៏​ចែក​ច្រើន​បរិបូរ ហើយ​ឯ​អ្នក​ណា​ដែល​មាន​តិច នោះ​ក៏​ចែក​តិច ហើយ​ចំពោះ​អ្នក​ណា​ដែល​គ្មាន​ទ្រព្យ​របស់​អ្វី គួរតែ​ឲ្យ​ដល់​អ្នក​នោះ​វិញ។

 ២៨ ម្ល៉ោះ​ហើយ ពួក​គេ​ត្រូវ​ចែករំលែក​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដោយ​ចិត្ត​ស្ម័គ្រ និង​ចិត្ត​ជ្រះថ្លា​ដល់​ព្រះ ហើយ​ចែក​ដល់​ពួក​សង្ឃ​ទាំង​នោះ​ដែល​កំពុង​ខ្វះ​ខាត មែន​ហើយ គឺ​ចែក​ដល់​ជន​គ្រប់​រូប ដែល​ក្រីក្រ​ខ្វះ​ខាត។

 ២៩ ពាក្យ​ទាំង​នេះ​ហើយ​ដែល​លោក​បាន​និយាយ​ទៅ​កាន់​ពួក​គេ ដោយ​បាន​ទទួល​បញ្ញា​ពី​ព្រះ ហើយ​ពួក​គេ​បាន​ដើរ​ដោយ​ត្រង់​នៅ​ចំពោះ​ព្រះ គឺ​បាន​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ស្រប​តាម​សេចក្ដី​ខ្វះ​ខាត និង​សេចក្ដី​ត្រូវ​ការ​របស់​គេ។

 ៣០ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា ការណ៍​ទាំង​អស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​មរមន មែន​ហើយ នៅ​ក្បែរ​ទឹក​មរមន គឺ​នៅ​ក្នុង​ព្រៃ​ក្បែរ​ទឹក​មរមន មែន​ហើយ ឱ​ទី​កន្លែង​មរមន ទឹក​មរមន ព្រៃ​មរមន ម្ដេច​ក៏​ល្អ​ដល់​ម្ល៉េះ​ហ្ន៎ ចំពោះ​ភ្នែក​នៃ​ពួក​អ្នក ដែល​បាន​ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្លួន មែន​ហើយ ឱ​ពួក​គេ​មាន​ពរ​ហើយ ព្រោះ​ពួក​គេ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​អង្គ​ជា​រៀង​រហូត។

 ៣១ ហើយ​ការណ៍​ទាំង​នេះ​បាន​ធ្វើ​ឡើង នៅ​ត្រង់​តំបន់​ព្រំប្រទល់​ដែនដី ដើម្បី​កុំ​ឲ្យ​ដឹង​ដល់​ស្ដេច។

 ៣២ ប៉ុន្តែ​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ដោយ​បាន​ដឹង​ថា មាន​ចលនា​នៅ​ក្នុង​ចំណោម​ប្រជាជន នោះ​ស្ដេច​ក៏​បញ្ជា​ពួក​អ្នក​បម្រើ​ឲ្យ​ទៅ​មើល​ពួក​គេ។ ហេតុ​ដូច្នេះ​ហើយ នៅ​ថ្ងៃ​ដែល​គេ​បាន​ប្រជុំ​គ្នា ដើម្បី​ស្ដាប់​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ នោះ​គេ​បាន​រក​ឃើញ​ជូន​ស្ដេច។

 ៣៣ ហើយ​ឥឡូវ​នេះ ស្ដេច​បាន​មាន​បន្ទូល​ថា អាលម៉ា​បាន​ចាក់​រុក​ប្រជាជន​ឲ្យ​បះបោរ​ទាស់​នឹង​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​បាន​បញ្ជា​ឲ្យ​កងទ័ព​ទៅ​បំផ្លាញ​ពួក​គេ​ចោល។

 ៣៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា និង​រាស្ត្រ​នៃ​ព្រះ​អម្ចាស់ បាន​ដឹង​ជាមុន​ស្រេច អំពី​ដំណើរ​ដែល​កងទ័ព​របស់​ស្ដេច​នឹង​មក ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​បាន​យក​ត្រសាល​គេ និង​គ្រួសារ​គេ ហើយ​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្នុង​ទី​រហោស្ថាន។

 ៣៥ ហើយ​គេ​ទាំង​អស់​មាន​ចំនួន​ប្រហែល​បួន​រយ​ហាសិប​នាក់៕