គម្ពីរ​ម៉ូសាយ

ជំពូក​ទី ២

ស្ដេច​បេនយ៉ាមីន​ថ្លែង​ទៅ​កាន់​ប្រជាជន​របស់​ទ្រង់ — ទ្រង់​រៀប​រាប់​ឡើង​វិញ​នូវ​សមធម៌ យុត្តិធម៌ និង​ជីវភាព​ខាង​ផ្លូវ​វិញ្ញាណ​នៃ​រជ្ជកាល​របស់​ទ្រង់ — ទ្រង់​ទូន្មាន​ឲ្យ​គេ​បម្រើ​ព្រះ​មហាក្សត្រ​សួគ៌​របស់​គេ — អស់​អ្នក​ណា​ដែល​បះបោរ​ទាស់​នឹង​ព្រះ នឹង​ត្រូវ​រង​ទុក្ខ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​ពន្លត់​មិន​បាន។ ប្រមាណ ជា​ឆ្នាំ ១២៤ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ម៉ូសាយ​បាន​ធ្វើ​នូវ​អ្វីៗ ដែល​បិតា​លោក​បាន​បញ្ជា​ដល់​លោក ហើយ​បាន​ប្រកាស​ទូ​ទៅ​អស់​ទាំង​ដែនដី ឲ្យ​ប្រជាជន​មក​ជួបជុំ​គ្នា​ទូ​ទៅ​អស់​ទាំង​ដែនដី ដើម្បី​ឲ្យ​គេ​អាច​ឡើង​ទៅ​ឯ​ព្រះ​វិហារ​បរិសុទ្ធ ដើម្បី​ទៅ​ស្ដាប់​ពាក្យ​ទាំង​ឡាយ ដែល​ស្ដេច​បេនយ៉ាមីន​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ។

ហើយ​មាន​ចំនួន​មនុស្ស​ជា​ច្រើន គឺ​មាន​ចំនួន​ច្រើន រហូត​ដល់​គេ​ពុំ​អាច​រាប់​បាន​ឡើយ ព្រោះ​គេ​បាន​រីក​រាល​ដុះដាល​យ៉ាង​ខ្លាំង ហើយ​មាន​កម្លាំង​ខ្លាំង​ពូកែ​នៅ​លើ​ដែនដី​នេះ។

ហើយ​គេ​ក៏​បាន​នាំ​យក​មក​នូវ​កូន​សត្វ​ច្បង នៃ​ហ្វូង​ចៀម​របស់​គេ​ផង​ដែរ ដើម្បី​គេ​អាច​ថ្វាយ​ជា​យញ្ញ​បូជា ហើយ​ជា​ដង្វាយ​ដុត តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ។

ហើយ​ក៏​ដើម្បី​ឲ្យ​ពួក​គេ​ថ្លែង​អំណរគុណ​ថ្វាយ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ដែល​ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ដែនដី​យេរូសាឡិម ហើយ​ទ្រង់​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​បាន​តែងតាំង​បុរស​សុចរិត​ទាំង​ឡាយ ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​របស់​គេ និង​បុរស​សុចរិត​ម្នាក់ ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​គេ​ផង ដែល​បាន​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​នៅ​លើ​ដែនដី​សារ៉ាហិមឡា ហើយ​បាន​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ដើម្បី​ឲ្យ​គេ​បាន​អរ​រីករាយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​ទាំង​អស់។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​ឡើង​ទៅ​ដល់​ព្រះ​វិហារ​បរិសុទ្ធ​ហើយ នោះ​ពួក​គេ​បោះ​ត្រសាល​របស់​គេ​នៅ​ជុំវិញ មនុស្ស​ម្នាក់ៗ​ទៅ​តាម​គ្រួសារ​រៀងៗ​ខ្លួន ដោយ​មាន​ភរិយា​គេ និង​កូន​ប្រុស​គេ និង​កូន​ស្រី​គេ និង​ចៅ​ប្រុស​គេ និង​ចៅ​ស្រី​គេ ពី​ចាស់​បំផុត​ទៅ​ដល់​ក្មេង​បំផុត គឺ​គ្រួសារ​នីមួយៗ​នៅ​ដាច់​ពី​គ្នា។

ហើយ​ពួក​គេ​បាន​បោះ​ត្រសាល​នៅ​ជុំវិញ​ព្រះ​វិហារ​បរិសុទ្ធ មនុស្ស​ម្នាក់ៗ​មាន​ទ្វារ​ត្រសាល​បើកចំហ​ទៅ​រក​ព្រះ​វិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​គេ​អាច​នៅ​ក្នុង​ត្រសាល ហើយ​ស្ដាប់​ពាក្យ​ទាំង​ឡាយ​ដែល​ស្ដេច​បេនយ៉ាមីន នឹង​មាន​បន្ទូល​មក​កាន់​ពួក​គេ។

ដោយ​សារ​បណ្ដាជន​មាន​ចំនួន​ច្រើន​លើសលប់​ពេក ម្ល៉ោះ​ហើយ បាន​ជា​ស្ដេច​បេនយ៉ាមីន ទ្រង់​ពុំ​អាច​បង្រៀន​ពួក​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​កំផែង​ព្រះ​វិហារ​បរិសុទ្ធ​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​បាន​បញ្ជា​ឲ្យ​គេ​សង់​ប៉ម​មួយ ដើម្បី​ឲ្យ​ប្រជាជន​អាច​ឮ​ពាក្យ​ទាំង​ឡាយ ដែល​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន​ទ្រង់ ពីលើ​ប៉ម​នោះ​មក ប៉ុន្តែ​ពួក​គេ​ពុំ​អាច​ស្ដាប់​ឮ​អស់​ទាំង​ពាក្យ​របស់​ទ្រង់​បាន​ឡើយ ពី​ព្រោះ​មក​ពី​មាន​ចំនួន​មនុស្ស​ច្រើន​ពេក ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​បញ្ជា​ឲ្យ​គេ​កត់​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​មាន​បន្ទូល​មក ហើយ​បញ្ជូន​ទៅ​ក្នុង​ចំណោម​ជន​ទាំង​ឡាយ​ណា ដែល​ពុំ​បាន​នៅ​ក្រោម​សំឡេង​ទ្រង់ ដើម្បី​ឲ្យ​គេ​អាច​បាន​ទទួល​នូវ​ពាក្យ​ទាំង​ឡាយ​របស់​ទ្រង់​ផង​ដែរ។

ហើយ​ពាក្យ​ដែល​ទ្រង់​បាន​មាន​បន្ទូល ហើយ​បាន​បញ្ជា​ឲ្យ​គេ​ចម្លង​មាន​ដូច​ត​ទៅ​នេះ ៖ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​យើង​អើយ អ្នក​ទាំង​អស់​គ្នា​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ អ្នក​ទាំង​អស់​ដែល​អាច​ស្ដាប់​ឮ​សំឡេង​យើង ដែល​យើង​នឹង​និយាយ​ទៅ​កាន់​អ្នក​នៅ​ថ្ងៃ​នេះ ត្បិត​យើង​ពុំ​បាន​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​ឡើង​មក​ទី​នេះ ដើម្បី​មើល​ងាយ​ដល់​ពាក្យ​ដែល​យើង​និយាយ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​អ្នក​ប្រុង​ស្ដាប់​តាម​យើង​វិញ ហើយ​សូម​បើក​ត្រចៀក​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ឮ និង​ចិត្ត​អ្នក ដើម្បី​ឲ្យ​រាល់​គ្នា​អាច​បាន​យល់ និង​គំនិត​អ្នក ដើម្បី​ឲ្យ​សេចក្ដី​អាថ៌កំបាំង​នៃ​ព្រះ អាច​បាន​លាតត្រដាង​បង្ហាញ​ដល់​អ្នក​ចុះ។

១០យើង​ពុំ​បាន​បញ្ជា​ឲ្យ​អ្នក​ឡើង​មក​ទី​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខ្លាច​យើង ឬ​ក៏​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គិត​ថា យើង​នេះ​ជា​មនុស្ស​ខ្ពស់​ជាង​មនុស្ស​ធម្មតា​នោះ​ទេ។

១១ប៉ុន្តែ យើង​ក៏​ដូច​អ្នក​រាល់​គ្នា​ដែរ ដែល​មាន​ការ​ទន់ខ្សោយ​គ្រប់​បែប​យ៉ាង​ខាង​រូប​កាយ និង​ខាង​គំនិត ក៏​ប៉ុន្តែ​យើង​ត្រូវ​បាន​រើស​ដោយ​ប្រជាជន​នេះ ហើយ​បាន​តាំង​ឡើង​ដោយ​បិតា​យើង ហើយ​ត្រូវ​បាន​ទ្រ​ទ្រង់​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​អ្នក​គ្រប់​គ្រង ហើយ​ជា​ស្ដេច​លើ​ប្រជាជន​នេះ ហើយ​ត្រូវ​បាន​ថែរក្សា​ឲ្យ​គង់វង្ស​ដោយ​ព្រះ​ចេស្ដា​ដ៏​ឥត​ប្រៀបផ្ទឹម​បាន​របស់​ទ្រង់ ដើម្បី​បម្រើ​អ្នក​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​មក​ឲ្យ​យើង។

១២យើង​សូម​ប្រាប់​អ្នក​ថា យើង​បាន​ស៊ូទ្រាំ​ចំណាយ​ពេល​វេលា​ក្នុង​ជីវិត​យើង ដើម្បី​បម្រើ​អ្នក​រាល់​គ្នា​រហូត​មក​ដល់​ពេល​នេះ ហើយ​យើង​ពុំ​បាន​ស្វែងរក​មាស ឬ​ប្រាក់ ឬ​របស់​ទ្រព្យ​អ្វី​ពី​អ្នក​ឡើយ

១៣ហើយ​យើង​ក៏​ពុំ​ព្រម​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ជាប់​ឃុំឃាំង​នៅ​ក្នុង​គុក​ងងឹត ឬ​ក៏​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​អ្នក​ឯ​ទៀត ឬ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ឃាត ឬ​លួច ឬ​ប្លន់ ឬ​ផិត​គ្នា​ឡើយ ហើយ​យើង​ក៏​ពុំ​ព្រម​ឲ្យ​អ្នក​រាល់​គ្នា ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណាមួយ​ឡើយ ហើយ​បាន​បង្រៀន​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ នៅ​គ្រប់​ការណ៍​ទាំង​អស់​ដែល​ទ្រង់​បាន​បញ្ជា​ដល់​អ្នក —

១៤ហើយ​សូម្បីតែ​រូប​យើង ក៏​បាន​ធ្វើ​ការ​ដោយ​ដៃ​យើង​ផ្ទាល់ ដើម្បី​យើង​អាច​បម្រើ​អ្នក ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធដារ​ដ៏​ធ្ងន់ ហើយ​ដើម្បី​កុំ​ឲ្យ​មាន​អ្វី​ធ្ងន់ធ្ងរ​កើត​មាន​ដល់​អ្នក ដែល​ពិបាក​នឹង​ទ្រាំទ្រ​បាន — រីឯ​អ្វីៗ​ទាំង​អស់ ដែល​យើង​ទើប​និយាយ​នេះ អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ជា​សាក្សី​នៅ​ថ្ងៃ​នេះ​ហើយ។

១៥ក៏​ប៉ុន្តែ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​យើង​អើយ យើង​ពុំ​បាន​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដើម្បី​យើង​អាច​អួតអាង ឬ​ក៏​ប្រាប់​អំពី​ការណ៍​ទាំង​នេះ ដើម្បី​ចោទប្រកាន់​ទោស​ដល់​អ្នក​នោះ​ទេ ប៉ុន្តែ​យើង​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា នៅ​ថ្ងៃ​នេះ យើង​អាច​ឆ្លើយ​ដោយ​សតិសម្បជញ្ញៈ​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ។

១៦មើល​ចុះ យើង​សូម​ប្រាប់​អ្នក​ថា ពី​ព្រោះ​យើង​បាន​ប្រាប់​អ្នក​ថា យើង​បាន​ចំណាយ​ពេល​វេលា​នៃ​ជីវិត​យើង​ក្នុង​ការ​បម្រើ​អ្នក នោះ​យើង​ពុំ​មាន​បំណង​ចង់​អួតអាង​ឡើយ ត្បិត​យើង​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​តែប៉ុណ្ណោះ។

១៧ហើយ​មើល​ចុះ យើង​សូម​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ដឹង​ថា កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ។

១៨មើល​ចុះ អ្នក​រាល់​គ្នា​បាន​ហៅ​យើង​ថា​ជា​ស្ដេច​របស់​អ្នក ហើយ​បើ​សិន​ជា​យើង ដែល​អ្នក​រាល់​គ្នា​ហៅ​ថា​ជា​ស្ដេច​របស់​អ្នក​នោះ ធ្វើ​ការ​បម្រើ​ដល់​អ្នក តើ​ម្ដេច​ឡើយ​បាន​ជា​អ្នក​រាល់​គ្នា​ពុំ​ធ្វើ​ការ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក?

១៩ហើយ​មើល​ចុះ​ទៀត​ថា បើ​សិន​ជា​យើង ដែល​អ្នក​រាល់​គ្នា​ហៅ​ថា​ជា​ស្ដេច​របស់​អ្នក បាន​ចំណាយ​ពេល​វេលា​នៃ​ជីវិត​ខ្លួន​នៅ​ក្នុង​ការ​បម្រើ​អ្នក​រាល់​គ្នា ប៉ុន្តែ​បាន​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​ទៅ​វិញ នោះ​សម​នឹង​បាន​ទទួល​បុណ្យ​គុណ​អ្វី​ពី​អ្នក​រាល់​គ្នា ឱ​ចុះ​តើ​អ្នក​ត្រូវ​ថ្លែង​អំណរគុណ​ដល់​ព្រះ​រាជា​សួគ៌​របស់​អ្នក​យ៉ាង​ដូច​ម្ដេច​ទៅទៀត!

២០ឱ​បង​ប្អូន​របស់​យើង​អើយ យើង​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​នឹង​ថ្លែង​អស់​ទាំង​អំណរគុណ និង​ការ​សរសើរ​តម្កើង​ដែល​ព្រលឹង​ទាំង​មូល​អ្នក​មាន​ដើម្បី​ថ្វាយ​ដល់​ព្រះ​ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា​មក​នោះ ហើយ​បាន​ថែរក្សា​អ្នក​ឲ្យ​បាន​គង់​វង់ ហើយ​ដែល​បាន​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​បាន​អរ​រីករាយ ហើយ​បាន​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​រស់នៅ​ដោយ​សុខសាន្ត​ជាមួយ​គ្នា —

២១យើង​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​បម្រើ​ទ្រង់​ដែល​បាន​បង្កើត​អ្នក ចាប់​ពី​ដើមដំបូង​មក ហើយ​កំពុងតែ​ថែរក្សា​អ្នក​ឲ្យ​គង់​វង់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​បាន​ប្រទាន​ដង្ហើម​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់នៅ ហើយ​ធ្វើ​ចលនា ហើយ​ប្រព្រឹត្ត​នូវ​អ្វីៗ​ទៅ​តាម​ចំណង់​របស់​ខ្លួន ហើយ​ព្រម​ទាំង​បាន​ជួយ​គាំទ្រ​ដល់​អ្នក ពី​រយៈ​ពេល​មួយ​ទៅ​រយៈ​ពេល​មួយ — យើង​សូម​ប្រាប់​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ព្រលឹង​ទាំង​មូល​របស់​អ្នក​ទៅ​ទៀត ក៏​អ្នក​រាល់​គ្នា​នៅ​តែ​ជា​អ្នក​បម្រើ ដ៏​ឥត​ប្រយោជន៍​ដែរ។

២២ហើយ​មើល​ចុះ ព្រះ​អង្គ​ទ្រង់​គ្រាន់តែ​តម្រូវ​ឲ្យ​អ្នក​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​តែប៉ុណ្ណោះ ហើយ​ព្រះ​អង្គ​ទ្រង់​បាន​សន្យា​នឹង​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ហើយ​ព្រះ​អង្គ​ទ្រង់​ពុំ​ដែល​ផ្លាស់​ប្ដូរ​នូវ​អ្វី​ដែល​ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ នោះ​ព្រះ​អង្គ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​ចម្រើន​ឡើង។

២៣ហើយ​ឥឡូវ​នេះ ដំបូង​បំផុត ព្រះ​អង្គ​ទ្រង់​បាន​បង្កើត​អ្នក​មក ហើយ​បាន​ប្រទាន​ជីវិត​ដល់​អ្នក ដោយ​ហេតុ​នេះ អ្នក​រាល់​គ្នា​ជំពាក់​បំណុល​ដល់​ព្រះ​អង្គ​វិញ។

២៤ហើយ​ទី​ពីរ ព្រះ​អង្គ​តម្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូចដែល​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​ដល់​អ្នក ព្រោះ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​តាម​នោះ​មែន ព្រះ​អង្គ​នឹង​ប្រទាន​ពរ​ដល់​អ្នក​ភ្លាម ហេតុ​ដូច្នេះ​ហើយ ព្រះ​អង្គ​ទ្រង់​បាន​សង​អ្នក​វិញ។ ហើយ​អ្នក​រាល់​គ្នា​ក៏​នៅ​តែ​ជំពាក់​បំណុល​ព្រះ​អង្គ​ដដែល នៅ​តែ​ជំពាក់ ហើយ​ជំពាក់​ជា​រៀង​ដរាប​ត​ទៅ ហេតុ​ដូច្នេះ​ហើយ តើ​មាន​អ្វី​ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​អួត​បាន?

២៥ហើយ​ឥឡូវ​នេះ យើង​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​អាច​និយាយ​អ្វី​អំពី​ខ្លួន​ឯង​ឬ​ទេ? យើង​ឆ្លើយ​ថា ទេ។ អ្នក​រាល់​គ្នា​ពុំ​អាច​និយាយ​ថា អ្នក​រាល់​គ្នា​ស្មើ​ទៅ​នឹង​ធូលី​ដី​នៃ​ផែនដី​នេះ​ឡើយ ក៏​ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​បាន​កើត​មក​ពី​ធូលី​លើ​ផែនដី ប៉ុន្តែ​មើល​ចុះ ធូលី​ដី​នេះ​ជា​របស់​ផង​ព្រះ ដែល​បាន​បង្កើត​អ្នក​រាល់​គ្នា​មក។

២៦ហើយ​យើង សូម្បីតែ​រូប​យើង​នេះ ដែល​អ្នក​រាល់​គ្នា​ហៅ​ថា​ជា​ស្ដេច ក៏​ពុំ​មាន​អ្វី​ប្រសើរ​ជាង​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​យើង​ក៏​មក​ពី​ធូលី​ដី​ដែរ។ ហើយ​អ្នក​រាល់​គ្នា​ឃើញ​ថា យើង​ចាស់ ហើយ​យើង​ជិត​នឹង​លះបង់​ចោល​នូវ​រូបរាង​ដែល​អាច​ស្លាប់​នេះ​ទៅ​ឲ្យ​ធរណី ដែល​ជា​មាតា​ខ្លួន​នោះ​វិញ​ហើយ។

២៧ហេតុ​ដូច្នេះ​ហើយ ដូច​ជា​យើង​បាន​ប្រាប់​អ្នក​ថា យើង​បាន​បម្រើ​អ្នក គឺ​បាន​ដើរ​ដោយ​សតិ​សម្បជញ្ញៈ​ដ៏​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ ម្ល៉ោះ​ហើយ យើង​បាន​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​គ្នា​នៅ​ពេល​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​ឃើញ​ថា​ឥត​ទោស ហើយ​ដើម្បី​កុំ​ឲ្យ​ឈាម របស់​អ្នក​ប្រឡាក់​មក​លើ​យើង នៅ​ពេល​ដែល​យើង​ត្រូវ​ឈរ​ទទួល​ការ​ជំនុំ​ជំរះ​ពី​ព្រះ​ចំពោះ​ការណ៍​ទាំង​ឡាយ ដែល​ព្រះ​អង្គ​ទ្រង់​បាន​បញ្ជា​ដល់​យើង​អំពី​អ្នក​រាល់​គ្នា។

២៨យើង​សូម​ប្រាប់​អ្នក​ថា យើង​បាន​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ដើម្បី​ឲ្យ​យើង​អាច​កម្ចាត់​សំលៀកបំពាក់​យើង​ពី​ឈាម​របស់​អ្នក​នៅ​ពេល​វេលា​នេះ កាលដែល​យើង​ជិត​ចុះ​ទៅ​កាន់​ផ្នូរ​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ចុះ​ទៅ​ដោយ​សុខសាន្ត ហើយ​ឲ្យ​វិញ្ញាណ​អមត​របស់​យើង អាច​ចូល​រួម​ជាមួយ​នឹង​ក្រុម​ចម្រៀង​នៅ​ស្ថាន​លើ ក្នុង​ការ​ច្រៀង​សរសើរ​តម្កើង​ដល់​ព្រះ​ដ៏​យុត្តិធម៌។

២៩ហើយ​ថែម​ទៀត យើង​សូម​ប្រាប់​អ្នក​ថា យើង​បាន​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ដើម្បី​ឲ្យ​យើង​អាច​ប្រកាស​ប្រាប់​អ្នក​ថា យើង​ពុំ​អាច​ធ្វើ​ជា​គ្រូបង្រៀន​អ្នក​ត​ទៅ​ទៀត​ទេ ឬ​ក៏​ធ្វើ​ជា​ស្ដេច​អ្នក​ទៀត​ដែរ

៣០ព្រោះ​ថា ទោះ​បី​នៅ​ពេល​នេះ​សោត រូបរាង​របស់​យើង​ញ័រ​ចំប្រប់ នៅ​ពេល​យើង​ខំ​និយាយ​ទៅ​កាន់​អ្នក ប៉ុន្តែ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ជួយ​គាំទ្រ​យើង ហើយ​បាន​ទ្រាំ​ឲ្យ​យើង​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហើយ​បាន​បញ្ជា​យើង​ថា យើង​ត្រូវ​ប្រកាស​ប្រាប់​អ្នក​នៅ​ថ្ងៃ​នេះ​ថា ម៉ូសាយ ជា​បុត្រ​របស់​ខ្ញុំ គឺជា​ស្ដេច ហើយ​ជា​អ្នក​គ្រប់​គ្រង​លើ​អ្នក។

៣១ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​យើង​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​នូវ​អ្វី ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ពីមុន​មក។ ដូចដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​កាន់​តាម​បញ្ជា​របស់​យើង និង​តាម​បញ្ជា​របស់​បិតា​យើង ហើយ​បាន​ចម្រើន​ឡើង ហើយ​ត្រូវ​បាន​ថែរក្សា​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​យ៉ាង​ណា នោះ​បើ​សិន​ជា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ជា​របស់​បុត្រ​យើង ឬ​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ ដែល​នឹង​ប្រគល់​ដល់​អ្នក​ដោយ​បុត្រ​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី​យ៉ាង​នោះ​ដែរ ហើយ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ក៏​នឹង​គ្មាន​អំណាច​អ្វី​មក​លើ​អ្នក​រាល់​គ្នា​បាន​ឡើយ។

៣២ប៉ុន្តែ ឱ​ប្រជាជន​របស់​យើង​អើយ សូម​ប្រយ័ត្នប្រយែង ក្រែង​មាន​ការ​ទាស់ទែង​គ្នា​កើត​ឡើង​នៅ​ក្នុង​ចំណោម​អ្នក ហើយ​ក្រែង​អ្នក​រាល់​គ្នា​ចុះ​ឈ្មោះ​គោរព​តាម​វិញ្ញាណ​អារក្ស​អសោចិ៍ ដែល​បិតា​យើង គឺ​ម៉ូសាយ​បាន​និយាយ​ពីមុន​មក។

៣៣ត្បិត​មើល​ចុះ មាន​ការ​វេទនា​មួយ​ត្រូវ​បាន​ដាក់​ដល់​ជន​ណា ដែល​ចុះ​ឈ្មោះ​គោរព​តាម​វិញ្ញាណ​នោះ ព្រោះ​បើ​សិន​ជា​ជន​នោះ​ចុះ​ឈ្មោះ​គោរព​តាម​វា​មែន ហើយ​នៅ​តែ​ស្ដាប់​បង្គាប់ ហើយ​ស្លាប់​ទៅ​នៅ​ក្នុង​បាប​របស់​ខ្លួន ជន​នោះ​នឹង​ផឹក​នូវ​សេចក្ដី​ជាប់​ទោស​ដល់​ព្រលឹង​របស់​ខ្លួន ព្រោះ​ជន​នោះ​នឹង​ទទួល​ទោស​ដ៏​អស់​កល្ប​ជានិច្ច​សម្រាប់​ជា​ឈ្នួល​ដល់​ខ្លួន ដោយ​បាន​រំលង​ក្រឹត្យ​វិន័យ​នៃ​ព្រះ ដែល​ផ្ទុយ​នឹង​ការ​ចេះ​ដឹង​របស់​ខ្លួន។

៣៤យើង​សូម​ប្រាប់​អ្នក​ថា គ្មាន​នរណា​ម្នាក់​ឡើយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា លើក​លែងតែ​កូន​ក្មេង​តូច​ប៉ុណ្ណោះ ដែល​ពុំ​ទាន់​ត្រូវ​បាន​បង្រៀន​អំពី​រឿង​ទាំង​នេះ តែ​ចូរ​ដឹង​ថា អ្នក​រាល់​គ្នា​ជាប់​ជំពាក់​គុណ​ដល់​អស់​កល្ប​ជានិច្ច​ដល់​ព្រះ​វរបិតា​របស់​អ្នក ដែល​គង់នៅ​ស្ថានសួគ៌ ហើយ​ត្រូវ​តបស្នង​គុណ​ដល់​ព្រះ​អង្គ​វិញ​នូវ​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន ហើយ​ក៏​ត្រូវ​បាន​បង្រៀន​អំពី​បញ្ជី​ទាំង​ឡាយ ដែល​មាន​កត់​នូវ​ពាក្យ​ព្យាករណ៍​ផ្សេងៗ ដែល​បាន​ពោល​ដោយ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ទាំង​ឡាយ រហូត​មក​ដល់​ពេល​ដែល​លីហៃ ជា​អយ្យកោ​របស់​យើង បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក

៣៥ហើយ​ព្រម​ទាំង​អ្វីៗ​ទាំង​អស់ ដែល​ពួក​អយ្យកោ​របស់​យើង​បាន​និយាយ រហូត​មក​ដល់​ពេល​ឥឡូវ​នេះ​ផង។ ហើយ​មើល​ចុះ ព្រម​ទាំង​អ្វីៗ​ដែល​ពួក​អយ្យកោ​របស់​យើង​បាន​និយាយ​មក ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ពួក​គេ ហេតុ​ដូច្នេះ​ហើយ អ្វីៗ​ទាំង​អស់​នោះ ជា​ការ​ពិត និង​ត្រឹម​ត្រូវ​ហើយ។

៣៦ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​យើង​អើយ យើង​សូម​ប្រាប់​អ្នក​ថា បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​បាន​រៀន​អំពី​រឿង​ទាំង​អស់​នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​រំលង ហើយ​ដើរ​ផ្ទុយ​ពី​អ្វី​ដែល​បាន​ពោល​មក​នេះ គឺ​អ្នក​រាល់​គ្នា​ដក​ខ្លួន​ថយ​ចេញ​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ដើម្បី​កុំ​ឲ្យ​ព្រះ​វិញ្ញាណ​មាន​កន្លែង​នៅ​ក្នុង​ខ្លួន​អ្នក ដើម្បី​ណែនាំ​អ្នក​ទៅ​តាម​ផ្លូវ​ទាំង​ឡាយ​ខាង​ប្រាជ្ញា ដើម្បី​អ្នក​រាល់​គ្នា​អាច​បាន​ពរ​ចម្រើន​ឡើង ហើយ​ស្ថិតស្ថេរ​ជាប់​នៅទៀតឡើយ —

៣៧យើង​សូម​ប្រាប់​អ្នក​ថា ជន​ណា​ដែល​ធ្វើ​យ៉ាង​នេះ គឺ​ជន​នោះ​ហើយ​ដែល​ចេញ​មុខ​បះបោរ​ទាស់​នឹង​ព្រះ ហេតុ​ដូច្នេះ​ហើយ ជន​នោះ​ចុះ​ឈ្មោះ​គោរព​តាម​អារក្ស​អសោចិ៍ ហើយ​ក្លាយ​ទៅ​ជា​ខ្មាំងសត្រូវ​ដល់​គ្រប់​ទាំង​សេចក្ដី​សុចរិត ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​ពុំ​មាន​កន្លែង​នៅ​ក្នុង​ជន​នោះ​ទេ ត្បិត​ទ្រង់​ពុំ​គង់នៅ​ក្នុង​ព្រះ​វិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ។

៣៨ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​ជន​នោះ​ពុំ​ប្រែ​ចិត្ត​ទេ ហើយ​នៅ​ដូច្នោះ​ត​ទៅ ហើយ​ស្លាប់​ទៅ​ជា​ខ្មាំងសត្រូវ​ដល់​ព្រះ​ដែរ នោះ​សេចក្ដី​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌​ដ៏​ឧត្ដុង្គឧត្ដម​នឹង​ដាស់​ព្រលឹង​អមត​របស់​ជន​នោះ​ឲ្យ​គេ​ស្គាល់​នូវ​ទោស​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​គេ​រួញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ហើយ​ធ្វើ​ឲ្យ​ទ្រូង​របស់​គេ​ពោរ​ពេញ​ទៅ​ដោយ​ទោសកំហុស និង​ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ ដូច​ជា​ភ្លើង​មួយ​ដែល​ពន្លត់​មិន​បាន ឯ​អណ្ដាត​ភ្លើង​នឹង​សន្ធោសន្ធៅ​ឡើង​ជា​រៀង​ដរាប​ត​ទៅ។

៣៩ហើយ​ឥឡូវ​នេះ យើង​សូម​ប្រាប់​អ្នក​ថា សេចក្ដី​មេត្តាករុណា​ពុំ​អាច​ទាមទារ​ជន​នោះ​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ទោស​ចុង​ក្រោយ​បង្អស់​របស់​ជន​នោះ គឺ​ត្រូវ​ស៊ូទ្រាំ​នូវ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

៤០ឱ​អស់​អ្នក​ដែល​ចាស់ និង​អ្នក​ដែល​ក្មេង និង​អ្នក​ដែល​តូច​ផង ដែល​អាច​យល់​ពាក្យ​របស់​យើង​អើយ ត្បិត​យើង​បាន​និយាយ​ដោយ​ច្បាស់លាស់​ទៅ​កាន់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យល់ យើង​សូម​ឲ្យ​អ្នក​រាល់​គ្នា​ភ្ញាក់​ឡើង ដើម្បី​ចងចាំ​នូវ​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​ខ្លាច​នៃ​អស់​អ្នក​ណា ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​រំលង​ច្បាប់។

៤១ហើយ​ថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិតពិចារណា អំពី​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ។ ត្បិត​មើល​ចុះ ពួក​គេ​បាន​ពរ​គ្រប់​យ៉ាង ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផង ហើយ​បើ​សិន​ជា​ពួក​គេ​រក្សា​ការ​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ទទួល​នៅ​ស្ថានសួគ៌ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថាន​ភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ឱ សូម​ចាំ សូម​ចាំ​ថា រឿង​ទាំង​នេះ​ពិត ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ៕