ជំពូក​ទី ២៦

សមាជិក​នៃ​សាសនាចក្រ​ជា​ច្រើន​នាក់ ត្រូវ​មនុស្ស​ឥត​ជំនឿ​ដឹកនាំ​ឲ្យ​ធ្វើ​បាប — អាលម៉ា​ត្រូវ​បាន​សន្យា​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច — អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​បាន​ការ​អភ័យទោស — សមាជិក​នៃ​សាសនាចក្រ​ដែល​មាន​បាប ហើយ​ប្រែ​ចិត្ត ហើយ​សារ​ភាព​ចំពោះ​អាលម៉ា និង​ចំពោះ​ព្រះ នឹង​បាន​អភ័យទោស បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​មិន​ត្រូវ​បាន​រាប់​ចូល​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ១២០–១០០ ម.គ.ស.។

 ១ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ជា​ច្រើន​នៃ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ដែល​ពុំ​អាច​យល់​នូវ​ពាក្យ​ពេចន៍​នៃ​ស្ដេច​បេនយ៉ាមីន​បាន​ឡើយ ដោយ​ខ្លួន​នៅ​ក្មេង​ពេក ក្នុង​កាល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន​ទ្រង់ ហើយ​ពួក​គេ​ពុំ​បាន​ជឿ​តាម​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ​ទេ។

 ២ ពួក​គេ​ពុំ​បាន​ជឿ​នូវ​អ្វី​ដែល​បាន​និយាយ​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​ឡើយ ហើយ​គេ​ក៏​ពុំ​ជឿ​អំពី​ការ​យាង​មក​នៃ​ព្រះ​គ្រីស្ទ​ដែរ។

 ៣ ហើយ​ឥឡូវ​នេះ ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ​របស់​គេ នោះ​ពួក​គេ​ពុំ​អាច​យល់​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​បាន​ឡើយ ឯ​ចិត្ត​គេ​ត្រឡប់​ជា​រឹងរូស​ទៅ​វិញ។

 ៤ ហើយ​ពួក​គេ​មិន​ព្រម​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ ពួក​គេ​ក៏​មិន​ព្រម​ចូល​រួម​នឹង​សាសនាចក្រ​ដែរ។ ហើយ​ពួក​គេ​ជា​មនុស្ស​ដោយ​ឡែក ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ ហើយ​នៅ​ជា​យ៉ាង​នេះ​រហូត​ត​ទៅ គឺ​នៅ​ក្នុង​ស្ថានភាព​របស់​គេ​ដែល​ប្រកប​ដោយ​រូប​កាយ និង​អំពើ​បាប ព្រោះ​ពួក​គេ​ពុំ​ព្រម​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​ឡើយ។

 ៥ ហើយ​ឥឡូវ​នេះ នៅ​ក្នុង​រាជ្យ​ម៉ូសាយ ពួក​គេ​មាន​ចំនួន​មិន​ស្មើ​នឹង​ពាក់​កណ្ដាល​ចំនួន​នៃ​រាស្ត្រ​របស់​ព្រះ​ទេ ប៉ុន្តែ​ដោយ​សារ​ការ​បែកបាក់​គ្នា​នៅ​ក្នុង​ចំណោម​បង​ប្អូន នោះ​ពួក​គេ​បាន​ក្លាយ​ទៅ​មាន​ចំនួន​ច្រើន​ឡើង។

 ៦ ត្បិត​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​បញ្ឆោត​មនុស្ស​ជា​ច្រើន ដោយ​ពាក្យ​បញ្ជោរ​របស់​គេ គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ ជា​ការ​ចាំ​បាច់​ថា អស់​អ្នក​ណា​ដែល​នៅ​ក្នុង​សាសនាចក្រ ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​សាសនាចក្រ​ត្រូវ​ព្រមាន​ដាស់តឿន។

 ៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ត្រូវ​បាន​នាំ​ទៅ​ខាង​មុខ​ពួក​សង្ឃ ហើយ​ពួក​គ្រូបង្រៀន​បាន​ប្រគល់​គេ​ទៅ​ឲ្យ​ពួក​សង្ឃ ឯ​ពួក​សង្ឃ​បាន​នាំ​គេ​ទៅ​ខាង​មុខ​អាលម៉ា ជា​សង្ឃ​ជាន់​ខ្ពស់។

 ៨ ឥឡូវ​នេះ ស្ដេច​ម៉ូសាយ​បាន​ប្រទាន​ឲ្យ​អាលម៉ា​មាន​សិទ្ធិ​អំណាច​លើ​សាសនាចក្រ។

 ៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​ពុំ​បាន​ដឹង​អំពី​ពួក​គេ​ទេ តែ​មាន​សាក្សី​ចោទ​ពួក​គេ​ជា​ច្រើន មែន​ហើយ មនុស្ស​ទាំង​ឡាយ​បាន​ឈរ ហើយ​ធ្វើ​បន្ទាល់​អំពី​អំពើ​ទុច្ចរិត​ដ៏​ច្រើន​របស់​គេ។

 ១០ ឥឡូវ​នេះ ពុំ​ដែល​មាន​រឿង​បែប​នេះ​កើត​ឡើង​នៅ​ក្នុង​សាសនាចក្រ​ពីមុន​សោះ ហេតុ​ដូច្នេះ​ហើយ អាលម៉ា​កើតក្ដី​តប់​ប្រមល់​នៅ​ក្នុង​វិញ្ញាណ​លោក ហើយ​លោក​បាន​ឲ្យ​នាំ​ពួក​នោះ​ទៅ​គាល់​ស្ដេច។

 ១១ ហើយ​លោក​ទូល​ស្ដេច​ថា ៖ មើល​ចុះ យើង​ខ្ញុំ​បាន​នាំ​មនុស្ស​ជា​ច្រើន​មក​ចំពោះ​ទ្រង់ ជា​អ្នក​ដែល​ត្រូវ​បង​ប្អូន​គេ​ចោទប្រកាន់ មែន​ហើយ ហើយ​ពួក​គេ​ត្រូវ​ចាប់​បាន​កាល​កំពុងតែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេងៗ។ ហើយ​ពួក​គេ​ពុំ​ប្រែ​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​ខ្លួន​ឡើយ ហេតុ​ដូច្នេះ​ហើយ យើង​ខ្ញុំ​បាន​នាំ​ពួក​គេ​មក​ចំពោះ​ទ្រង់ ដើម្បី​ទ្រង់​អាច​កាត់ក្ដី​ពួក​គេ តាម​អំពើ​ឧក្រិដ្ឋ​ទាំង​ឡាយ​របស់​ពួក​គេ​ចុះ។

 ១២ ប៉ុន្តែ ស្ដេច​ម៉ូសាយ​មាន​បន្ទូល​ទៅ​កាន់​អាលម៉ា​ថា ៖ មើល​ចុះ យើង​ពុំ​កាត់ក្ដី​ពួក​គេ​ទេ ហេតុ​ដូច្នេះ​ហើយ យើង​ប្រគល់​គេ​ទៅ​ក្នុង​ដៃ​អ្នក​ដើម្បី​កាត់ក្ដី​វិញ។

 ១៣ ហើយ​ឥឡូវ​នេះ វិញ្ញាណ​អាលម៉ា​ក៏​កើតក្ដី​តប់​ប្រមល់​ទៀត ហើយ​លោក​បាន​ទៅ​ទូល​សួរ​ដល់​ព្រះ​អម្ចាស់​ថា តើ​លោក​ត្រូវ​ធ្វើ​យ៉ាង​ណា​អំពី​រឿង​នេះ ព្រោះ​លោក​ខ្លាចក្រែង​ធ្វើ​ខុស​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ។

 ១៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​លោក​បាន​ថ្វាយ​ព្រលឹង​លោក​ទាំង​មូល​ដល់​ព្រះ​ហើយ នោះ​ស្រាប់​តែ​សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​បន្លឺ​មក​លោ​ក​ថា ៖

 ១៥ ឱ​អាលម៉ា​អើយ អ្នក​មាន​ពរ​ហើយ ហើយ​មាន​ពរ​ដល់​អស់​អ្នក​ណា​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹក​មរមន។ អ្នក​បាន​ពរ ដោយ​ព្រោះ​សេចក្ដី​ជំនឿ​ដ៏​លើសលប់​របស់​អ្នក ដល់​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ ជា​អ្នក​បម្រើ​របស់​យើង​ប៉ុណ្ណោះ។

 ១៦ ហើយ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​លើសលប់​ទៅ​លើ​ពាក្យ​សម្ដី ដែល​អ្នក​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ប៉ុណ្ណោះ។

 ១៧ ហើយ​អ្នក​មាន​ពរ ពី​ព្រោះ​អ្នក​បាន​តាំង​សាសនាចក្រ​មួយ​ឡើង នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​តាំង​ឡើង ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ទៅ​ជា​រាស្ត្រ​របស់​យើង។

 ១៨ មែន​ហើយ មាន​ពរ​ហើយ ដល់​ប្រជាជន​នេះ ដែល​ស្ម័គ្រ​ចិត្ត​លើក​យក​នាម​យើង ត្បិត​ដោយ​នូវ​នាម​យើង​នេះ​ហើយ​ដែល​ពួក​គេ​នឹង​ត្រូវ​បាន​ហៅ ហើយ​ពួក​គេ​ជា​រាស្ត្រ​របស់​យើង។

 ១៩ ហើយ​ពី​ព្រោះ​អ្នក​បាន​សួរ​យើង​អំពី​ពួក​រំលង​ច្បាប់ នោះ​អ្នក​មាន​ពរ​ហើយ។

 ២០ អ្នក​ជា​អ្នក​បម្រើ​របស់​យើង ហើយ​យើង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​អ្នក​ថា អ្នក​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​អ្នក​ត្រូវ​បម្រើ​យើង ហើយ​ចេញ​ទៅ​ក្នុង​នាម​យើង ហើយ​ត្រូវ​ប្រមូល​ចៀម​របស់​យើង។

 ២១ ហើយ​អ្នក​ណា​ដែល​ព្រម​ស្ដាប់​តាម​សំឡេង​យើង នោះ​នឹង​ទៅ​ជា​ចៀម​របស់​យើង ហើយ​អ្នក​ត្រូវ​ទទួល​អ្នក​នោះ​ចូល​ក្នុង​សាសនាចក្រ ហើយ​យើង​ក៏​នឹង​ទទួល​អ្នក​នោះ​ដែរ។

 ២២ ត្បិត​មើល​ចុះ នេះ​ជា​សាសនាចក្រ​របស់​យើង អស់​អ្នក​ណា​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត។ ហើយ​អស់​អ្នក​ណា​ដែល​អ្នក​ទទួល នោះ​ត្រូវ​ជឿ​ដល់​នាម​យើង ហើយ​យើង​នឹង​អត់​ទោស​ឲ្យ​អ្នក​នោះ​ដោយ​សេរី។

 ២៣ ត្បិត​គឺ​យើង​នេះ​ហើយ​ដែល​ទទួល​យក​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​មក​លើ​ខ្លួន ត្បិត​គឺ​យើង​នេះ​ហើយ​ដែល​បាន​បង្កើត​គេ​មក ហើយ​គឺ​យើង​នេះ​ហើយ​ដែល​បាន​ប្រទាន​ដល់​អ្នក​ណា​ដែល​ជឿ​រហូត​ដល់​ចុង​បំផុត​នូវ​កន្លែង​មួយ​នៅ​ខាង​ស្ដាំ​ដៃ​យើង។

 ២៤ ត្បិត​មើល​ចុះ គឺ​ដោយ​នូវ​នាម​យើង​នេះ​ហើយ​ដែល​ពួក​គេ​ត្រូវ​បាន​ហៅ ហើយ​បើ​សិន​ជា​ពួក​គេ​ស្គាល់​យើង នោះ​ពួក​គេ​ត្រូវ​ទៅ​មុខ ហើយ​នឹង​មាន​កន្លែង​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច នៅ​ខាង​ស្ដាំ​ដៃ​យើង។

 ២៥ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា កាលណា​សំឡេង​ត្រែ​ទី​ពីរ​បន្លឺ​ឡើង ពេល​នោះ ពួក​អ្នក​ដែល​មិនដែល​ស្គាល់​យើង​ត្រូវ​ទៅ​មុខ ហើយ​ឈរ​នៅ​ចំពោះ​មុខ​យើង។

 ២៦ ហើយ​នៅ​ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា យើង​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ គឺ​យើង​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ តែ​ពួក​គេ​នឹង​ពុំ​បាន​ប្រោស​លោះ​ឡើយ។

 ២៧ ហើយ​ពេល​នោះ យើង​នឹង​ថ្លែង​ប្រាប់​ទៅ​គេ​ថា យើង​មិនដែល​ស្គាល់​គេ​ទេ ហើយ​ពួក​គេ​នឹង​ចេញ​ទៅ​ក្នុង​ភ្លើង​ដ៏​អស់​កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ឡើង​សម្រាប់​អារក្ស និង​ពួក​ទេវតា​វា។

 ២៨ ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​សំឡេង​យើង អ្នក​នោះ​ហើយ​ដែល​អ្នក​មិន​ត្រូវ​ទទួល​ឲ្យ​ចូល​ក្នុង​សាសនាចក្រ​របស់​យើង​ឡើយ ត្បិត​អ្នក​នោះ​ហើយ​ដែល​យើង​នឹង​ពុំ​ទទួល​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ដែរ។

 ២៩ ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ថា ទៅ​ចុះ ហើយ​អស់​អ្នក​ណា​ដែល​រំលង​ច្បាប់​ទាស់​នឹង​យើង អ្នក​នោះ​ហើយ​ដែល​អ្នក​ត្រូវ​កាត់ក្ដី ស្រប​តាម​អំពើ​បាប​ទាំង​ឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​បើ​សិន​ជា​គេ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​ចំពោះ​អ្នក និង​ចំពោះ​យើង ហើយ​ប្រែ​ចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត អ្នក​នោះ​ហើយ​ដែល​អ្នក​ត្រូវ​អត់​ទោស​ឲ្យ ហើយ​យើង​ក៏​នឹង​អត់​ទោស​ឲ្យ​គេ​ដែរ។

 ៣០ មែន​ហើយ ហើយ​ដរាបណា​រាស្ត្រ​យើង​ប្រែ​ចិត្ត យើង​នឹង​អត់​ទោស​ឲ្យ​គេ​ចំពោះ​ការ​រំលង​ច្បាប់​ទាំង​ឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​យើង។

 ៣១ ហើយ​អ្នក​ក៏​ត្រូវ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​កំហុស​របស់​ខ្លួន​ដែរ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​អត់​ទោសកំហុស​នៃ​អ្នក​ជិត​ខាង​ខ្លួន កាល​គេ​ថា​គេ​បាន​ប្រែ​ចិត្ត អ្នក​នោះ​ហើយ​ដែល​នឹង​ដាក់​ខ្លួន​នៅ​ក្រោម​ការ​កាត់ទោស។

 ៣២ ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ថា ទៅ​ចុះ ហើយ​អស់​អ្នក​ណា​ដែល​មិន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​ទេ អ្នក​នោះ​ហើយ ដែល​នឹង​មិន​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​របស់​យើង​ឡើយ ហើយ​ការណ៍​នេះ​នឹង​ត្រូវ​ធ្វើ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

 ៣៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាលម៉ា​បាន​ឮ​ព្រះ​បន្ទូល​ទាំង​នេះ​ហើយ នោះ​លោក​បាន​កត់​ទុក​សម្រាប់​ខ្លួន​លោក ហើយ​ទុក​សម្រាប់​កាត់ក្ដី​ប្រជាជន​នៃ​សាសនាចក្រ​នោះ ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ។

 ៣៤ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​ទៅ ហើយ​បាន​កាត់ក្ដី​អស់​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន​កាល​កំពុងតែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់។

 ៣៥ ហើយ​អ្នក​ណា​ដែល​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​បាន​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​នោះ អ្នក​នោះ​ហើយ​ដែល​លោក​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ។

 ៣៦ ហើយ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​មិន​ព្រម​ប្រែ​ចិត្ត​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទេ អ្នក​នោះ​ហើយ​ដែល​មិន​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​ឡើយ ហើយ​ឈ្មោះ​របស់​គេ​ក៏​បាន​លុប​ចោល​ដែរ។

 ៣៧ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​ចាត់ចែង​គ្រប់​ទាំង​កិច្ចការ​នៅ​ក្នុង​សាសនាចក្រ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​សេចក្ដី​សុខសាន្ត​ទៀត ហើយ​បាន​ចម្រើន​ឡើង​ជា​អតិបរមា​នៅ​ក្នុង​កិច្ចការ​ទាំង​ឡាយ​នៃ​សាសនាចក្រ គេ​ដើរ​ដោយ​ប្រយ័ត្នប្រយែង​នៅ​ចំពោះ​ព្រះ ដោយ​ទទួល​មនុស្ស​ជា​ច្រើន ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជា​ច្រើន។

 ៣៨ ហើយ​ឥឡូវ​នេះ គ្រប់​ការណ៍​ទាំង​នេះ​ហើយ​ដែល​អាលម៉ា និង​ពួក​អ្នក​ដែល​ធ្វើ​ការ​ជាមួយ​លោក​បាន​ធ្វើ គឺជា​ពួក​អ្នក​ដែល​នៅ​លើ​សាសនាចក្រ គឺ​ដើរ​នៅ​គ្រប់​ការ​ព្យាយាម​ទាំង​អស់ ដោយ​បង្រៀន​ព្រះ​បន្ទូល​នៃ​ព្រះ​នៅ​គ្រប់​ការណ៍​ទាំង​អស់ ដោយ​រង​ការ​វេទនា​គ្រប់​យ៉ាង ដោយ​ត្រូវ​បាន​បៀតបៀន​ពី​អស់​អ្នក​ណា​ដែល​ពុំ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ។

 ៣៩ ហើយ​ពួក​គេ​បាន​ព្រមាន​ដាស់តឿន​ដល់​បង​ប្អូន​គេ ឯ​ពួក​គេ​ក៏​ត្រូវ​បាន​ព្រមាន​ដាស់តឿន​ដោយ​ព្រះ​បន្ទូល​នៃ​ព្រះ គឺ​មនុស្ស​គ្រប់​រូប ស្រប​តាម​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ឬ​អំពើ​បាប​ទាំង​ឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ត្រូវ​បាន​បញ្ជា​ពី​ព្រះ​ឲ្យ​អធិស្ឋាន​ដោយ​មិន​ឈប់​ឈរ ហើយ​ឲ្យ​ថ្លែង​អំណរគុណ​ក្នុង​ការណ៍​ទាំង​អស់៕