ជំពូក​ទី ៣

ស្ដេច​បេនយ៉ាមីន​ថ្លែង​ត​ទៅ​ទៀត — ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​នឹង​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក នៅ​ក្នុង​រោង​ឧបោសថ​ឥដ្ឋ — លោហិត​នឹង​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​ពិភពលោក — មាន​តែ​ព្រះ​នាម​របស់​ទ្រង់​ទេ ដែល​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ — មនុស្ស​លោក​អាច​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ តាម​រយៈ​ដង្វាយ​ធួន — សេចក្ដី​ជាប់​ទោស​នៃ​ពួក​ទុច្ចរិត ប្រៀប​បាន​ទៅ​នឹង​បឹង​ភ្លើង និង​ស្ពាន់ធ័រ។ ប្រមាណ​ជា​ឆ្នាំ ១២៤ ម.គ.ស.។

 ១ ហើយ​ម្យ៉ាង​ទៀត ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​យើង​អើយ យើង​សូម​ឲ្យ​អ្នក​យក​ចិត្ត​ទុកដាក់ ត្បិត​យើង​នឹង​និយាយ​ទៅ​កាន់​អ្នក​ទៀត ត្បិត​មើល​ចុះ យើង​មាន​ការណ៍​ទាំង​ឡាយ​នឹង​ជម្រាប​អ្នក​រាល់​គ្នា ស្ដី​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។

 ២ ហើយ​រឿង​ទាំង​ឡាយ ដែល​យើង​នឹង​ជម្រាប​បង​ប្អូន នោះ​មាន​ទេវតា​របស់​ព្រះ​បាន​មក​ប្រាប់​យើង ហើយ​ទេវតា​នោះ​បាន​និយាយ​មក​កាន់​យើង​ថា ៖ ចូរ​ភ្ញាក់​ឡើង ហើយ​យើង​ក៏​ភ្ញាក់​ឡើង ហើយ​មើល​ចុះ ទេវតា​នោះ​ឈរ​ចំពោះ​មុខ​យើង។

 ៣ ហើយ​ទេវតា​បាន​និយាយ​មក​កាន់​យើង​ថា ៖ ចូរ​ភ្ញាក់​ឡើង ហើយ​ចូរ​ស្ដាប់​ពាក្យ​ទាំង​ឡាយ ដែល​យើង​នឹង​ប្រាប់​ដល់​អ្នក ត្បិត​មើល​ចុះ យើង​មក​ទី​នេះ ដើម្បី​ប្រកាស​ប្រាប់​ដល់​អ្នក​នូវ​ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ។

 ៤ ត្បិត​ព្រះ​អម្ចាស់ ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​អ្នក ហើយ​បាន​វិនិច្ឆ័យ​នូវ​សេចក្ដី​សុចរិត​របស់​អ្នក ហើយ​បាន​ចាត់​ឲ្យ​យើង​មក​ប្រាប់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​បាន​អរ​រីករាយ ហើយ​ដើម្បី​ឲ្យ​អ្នក​អាច​ប្រកាស​ប្រាប់​ដល់​ប្រជាជន​របស់​អ្នក ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ដែរ។

 ៥ ត្បិត​មើល​ចុះ ថ្ងៃ​នោះ​នឹង​មក​ដល់ គឺ​មិន​យូរប៉ុន្មាន​ទេ គឺ​ដោយ​ព្រះ​ចេស្ដា នោះ​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​សោយរាជ្យ គឺ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ជន្ម​រស់ ចាប់​តាំង​ពី​អស់​ទាំង​កល្ប ទៅ​អស់​កល្ប​ជានិច្ច ទ្រង់​នឹង​យាង​ចុះ​មក​ពី​ស្ថានសួគ៌ មក​រស់នៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស ហើយ​នឹង​គង់នៅ​ក្នុង​រោង​ឧបោសថ​ឥដ្ឋ ហើយ​នឹង​យាង​ទៅ​ក្នុង​ចំណោម​មនុស្ស​ដោយ​សម្ដែង​អព្ភូតហេតុ​ផ្សេងៗ ដូច​ជា​ធ្វើ​អ្នក​ឈឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​ពិការ​ជើង​អាច​ដើរ​បាន មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ អ្នក​ថ្លង់​ឲ្យ​ស្ដាប់​ឮ ហើយ​មើល​ឲ្យ​ជា​គ្រប់​អស់​ទាំង​រោគា។

 ៦ ហើយ​ព្រះ​អង្គ​នឹង​បណ្ដេញ​ពួក​អារក្ស ឬ​ក៏​ពួក​អារក្ស​អសោចិ៍ ដែល​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ចេញ។

 ៧ ហើយ​មើល​ន៏ ព្រះ​អង្គ​នឹង​ស៊ូទ្រាំ​នូវ​ការ​ល្បួង និង​ការ​ឈឺ​ចាប់​នៃ​រាងកាយ សេចក្ដី​ស្រេកឃ្លាន និង​ការ​នឿយហត់​ច្រើន​ជាង​មនុស្ស​លោក​អាច​ស៊ូទ្រាំ​បាន​ទៅ​ទៀត លើក​លែងតែ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ ត្បិត​មើល​ចុះ ព្រះ​លោហិត​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស សេចក្ដី​បារម្ភ​របស់​ព្រះ​អង្គ​នឹង​មាន​ឡើង​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​នៃ​រាស្ត្រ​របស់​ទ្រង់។

 ៨ ហើយ​ទ្រង់​នឹង​ត្រូវ​បាន​ហៅ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះ​រាជ​បុត្រា​នៃ​ព្រះ ព្រះ​វរបិតា​នៃ​ស្ថានសួគ៌ និង​ផែនដី ព្រះ​ដែល​បង្កើត​វត្ថុ​សព្វ​សារពើ​ចាប់​តាំង​ពី​ដំបូង​មក ហើយ​មាតា​របស់​ព្រះ​អង្គ​នឹង​ត្រូវ​បាន​ហៅ​ថា ម៉ារា

 ៩ ហើយ​មើល​ន៏ ព្រះ​អង្គ​នឹង​យាង​ចុះ​មក​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​កូន​ចៅ​មនុស្ស ស្រប​តាម​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​ទោះ​ជា​យ៉ាង​នេះ​សោត​ក្ដី គង់តែ​ពួក​គេ​នៅ​តែ​ចាត់​ទុក​ថា ព្រះ​អង្គជា​មនុស្ស​ម្នាក់ ហើយ​ថា ព្រះ​អង្គ​មាន​អារក្ស​ចូល ហើយ​នឹង​វាយ​ព្រះ​អង្គ ហើយ​នឹង​ឆ្កាង​ព្រះ​អង្គ​ទៀត។

 ១០ ហើយ​ព្រះ​អង្គ​នឹង​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ ហើយ​មើល​ចុះ ព្រះ​អង្គ​នឹង​ឈរ ដើម្បី​ជំនុំ​ជំរះ​មនុស្ស​លោក ហើយ​មើល​ចុះ ការណ៍​ទាំង​អស់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ឲ្យ​សេចក្ដី​ជំនុំ​ជំរះ​ដ៏​សុចរិត អាច​មាន​ដល់​កូន​ចៅ​មនុស្ស។

 ១១ ត្បិត​មើល​ចុះ ព្រះ​លោហិត​របស់​ទ្រង់​ក៏​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៃ​អស់​អ្នក​ណា​ដែល​ធ្លាក់ ដោយ​សារ​ការ​រំលង​របស់​លោក​អ័ដាម ហើយ​ស្លាប់​ទៅ​ដោយ​មិន​បាន​ដឹង​អំពី​ព្រះ​ហឫទ័យ​នៃ​ព្រះ​ចំពោះ​ពួក​គេ ឬ​ក៏​អស់​អ្នក​ណា​ដែល​មាន​បាប ដោយ​សារ​ភាព​ល្ងង់ខ្លៅ។

 ១២ ប៉ុន្តែ វេទនា វេទនា ដល់​អស់​អ្នក​ណា​ដែល​ដឹង​ថា​ខ្លួន​កំពុង​បះបោរ​ទាស់​នឹង​ព្រះ! ព្រោះ​សេចក្ដី​សង្គ្រោះ​នឹង​ពុំ​មាន​ដល់​ពួក​នេះ​ឡើយ លើក​លែងតែ​ដោយ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ។

 ១៣ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ចាត់​ពួក​ព្យាការី​ទាំង​ឡាយ​របស់​ព្រះ​អង្គ​ឲ្យ​ទៅ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ទាំង​អស់ ដើម្បី​ប្រកាស​ប្រាប់​ការណ៍​ទាំង​នេះ​ដល់​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​សាសន៍ និង​គ្រប់​ទាំង​ភាសា ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ជឿ​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក នោះ​ឈ្មោះ​ថា​នឹង​បាន​ទទួល​ការ​ផ្ដាច់​បាប​របស់​ខ្លួន ហើយ​នឹង​បាន​អរ​រីករាយ​ដោយ​សេចក្ដី​អំណរ​ដ៏​អតិបរមា ហាក់​បី​ដូច​ជា​ព្រះ​អង្គ​បាន​យាង​មក​ក្នុង​ចំណោម​ពួក​គេ​ហើយ។

 ១៤ ក៏​ប៉ុន្តែ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ទត​ឃើញ​ថា រាស្ត្រ​ព្រះ​អង្គជា​ប្រជាជន​រឹងរូស ហើយ​ទ្រង់​បាន​ចែង​ក្រឹត្យ​វិន័យ​មួយ​ដល់​ពួក​គេ គឺជា​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ។

 ១៥ ហើយ​មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ និង​និមិត្តរូប ហើយ​ស្រមោល​ជា​ច្រើន ដែល​ទ្រង់​បាន​បង្ហាញ​ដល់​ពួក​គេ ប្រាប់​អំពី​ការ​យាង​មក​របស់​ទ្រង់ ហើយ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ក៏​បាន​និយាយ​ទៅ​កាន់​ពួក​គេ អំពី​ការ​យាង​មក​របស់​ទ្រង់​ដែរ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ធ្វើ​ចិត្ត​រឹងរូស ហើយ​ពុំ​ព្រម​យល់​ថា ក្រឹត្យ​វិន័យ​លោក​ម៉ូសេ នឹង​ពុំ​មាន​ផល​អ្វី​ឡើយ លើក​លែងតែ​តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​លោហិត​របស់​ទ្រង់​ប៉ុណ្ណោះ។

 ១៦ ហើយ​ទោះ​បើ​ពួក​កូន​ក្មេង​អាច​ធ្វើ​បាប​មែន នោះ​ពួក​គេ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ដែរ ប៉ុន្តែ​យើង​សូម​ប្រាប់​អ្នក​ថា ពួក​កូន​ក្មេង​ទាំង​នោះ​មាន​ពរ​ហើយ ត្បិត​មើល​ចុះ ដោយ​មក​ពី​លោក​អ័ដាម ឬ​ដោយ​ធម្មជាតិ នោះ​ពួក​គេ​បាន​ធ្លាក់ ទោះ​ជា​យ៉ាង​នេះ​ក្ដី គង់តែ​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ នឹង​ធ្វើ​ឲ្យ​ធួន​នឹង​បាប​របស់​ពួក​គេ​ដែរ។

 ១៧ ហើយ​ថែម​ទៀត យើង​សូម​ប្រាប់​អ្នក​ថា នឹង​ពុំ​មាន​នាម​ណាមួយ ឬ​ផ្លូវ ឬ​ក៏​មធ្យោបាយ​ឯណា​ទៀត​ឡើយ ដែល​អាច​នាំ​សេចក្ដី​សង្គ្រោះ​មក​ឲ្យ​កូន​ចៅ​មនុស្ស មាន​តែ​មធ្យោបាយ​មួយ​ប៉ុណ្ណោះ គឺ​ដោយ​តាម​រយៈ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា។

 ១៨ ត្បិត​មើល​ចុះ ព្រះ​អង្គ​ជំនុំ​ជំរះ ហើយ​សេចក្ដី​ជំនុំ​ជំរះ​របស់​ទ្រង់​គឺ​ត្រឹម​ត្រូវ ហើយ​ទារក​ទាំង​ឡាយ​ដែល​ស្លាប់​កាល​នៅ​ទារក​នៅ​ឡើយ នឹង​ពុំ​វិនាស​សោះ ប៉ុន្តែ​មនុស្ស​ធំ​ផឹក​នូវ​សេចក្ដី​ជាប់​ទោស​ដល់​ព្រលឹង​របស់​ខ្លួន​គេ​ផ្ទាល់ លើក​លែងតែ​គេ​បន្ទាប​ខ្លួន ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង​តូច​វិញ ហើយ​ជឿ​ថា​សេចក្ដី​សង្គ្រោះ​បាន​កើត​ឡើង កំពុង​កើត​ឡើង នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ គឺ​ដោយ​តាម​រយៈ​ព្រះ​លោហិត​ដ៏​ធួន​នៃ​ព្រះ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ប៉ុណ្ណោះ។

 ១៩ ព្រោះ​មនុស្ស​ខាង​សាច់ឈាម​ជាស​ត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំង​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ ហើយ​នឹង​នៅ​យ៉ាង​នេះ​ជា​រៀង​ដរាប​ត​ទៅ លើក​លែងតែ​គេ​ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង ងាយ​ប្រដៅ ស្លូតបូត ទាប​រាបសា អត់ឱន ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រម​ទទួល​នូវ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ​អម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ ដូច​ជា​កូន​ក្មេង​ព្រម​ធ្វើ​តាម​ឪពុក​ខ្លួន​ដូច្នោះ។

 ២០ ហើយ​ថែម​ទៀត យើង​សូម​ប្រាប់​អ្នក​ថា ថ្ងៃ​នោះ​នឹង​មក​ដល់ កាលណា​ការ​ចេះ​ដឹង​អំពី​ព្រះ​អង្គ​សង្គ្រោះ​នឹង​បាន​ផ្សាយ​ទូ​ទៅ គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន។

 ២១ ហើយ​មើល​ចុះ ថ្ងៃ​នោះ​នឹង​ពុំ​មាន​អ្នក​ណា​ម្នាក់​ដែល​ឃើញ​ថា គ្មាន​ទោស​នៅ​ចំពោះ​ព្រះ​ឡើយ លើក​លែងតែ​កូន​ក្មេង​តូច គឺ​មាន​តែ​តាម​រយៈ​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ប៉ុណ្ណោះ។

 ២២ ហើយ​សូម្បីតែ​នៅ​ពេល​នេះ កាលដែល​អ្នក​នឹង​បាន​ប្រដៅ​ប្រជាជន​អ្នក​នូវ​ការណ៍​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​បាន​បញ្ជា​ដល់​អ្នក នោះ​គេ​ក៏​នៅ​តែ​ពុំ​អាច​ចាត់​ទុក​ថា គ្មាន​ទោស​នៅ​ចំពោះ​ព្រះ​ដែរ គឺ​គ្រាន់តែ​ស្រប​តាម​ពាក្យ​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នក​ប៉ុណ្ណោះ។

 ២៣ ហើយ​ឥឡូវ​នេះ យើង​បាន​និយាយ​នូវ​ពាក្យ​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​បញ្ជា​យើង។

 ២៤ ហើយ​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ពាក្យ​ទាំង​នេះ​នឹង​ទៅ​ជាទី​បន្ទាល់​ដ៏​ជ្រះថ្លា​ទាស់​នឹង​ប្រជាជន​នេះ​នៅ​ថ្ងៃ​ជំនុំ​ជំរះ ជា​ថ្ងៃ​ដែល​ពួក​គេ​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ គឺ​មនុស្ស​គ្រប់​រូប ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដើម្បី​ឲ្យ​ឃើញ​ថា ពួក​គេ​ល្អ ឬ​ក៏​ពួក​គេ​អាក្រក់។

 ២៥ ហើយ​បើ​សិន​ជា​ពួក​គេ​អាក្រក់ ពួក​គេ​នឹង​ត្រូវ​បាន​ដាក់​ទៅ​ឲ្យ​ឃើញ​ភាព​ដ៏​គួរ​ស្ញែង​ខ្លាច​នៃ​កំហុស និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ខ្លួន​គេ​ផ្ទាល់ ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រួញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ឲ្យ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​វេទនា និង​សេចក្ដី​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ជាទី​ដែល​ពួក​គេ​ពុំ​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ផឹក​នូវ​សេចក្ដី​ជាប់​ទោស​ដល់​ព្រលឹង​របស់​ខ្លួន​គេ​ផ្ទាល់។

 ២៦ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ផឹក​ពែង​នៃ​ការ​ពិរោធ​នៃ​ព្រះ ដែល​សេចក្ដី​យុត្តិធម៌​ពុំ​អាច​បដិសេធ​ពួក​គេ លើស​ជាង​បដិសេធ​ថា លោក​អ័ដាម​ត្រូវ​ធ្លាក់ ព្រោះ​តែ​ការ​ទទួល​ទាន​ផ្លែ​ដែល​ហាមឃាត់ ហេតុ​ដូច្នេះ​ហើយ សេចក្ដី​មេត្តាករុណា​ពុំ​អាច​ជួយ​យឹតយោង​ពួក​គេ​ជា​អង្វែង​ត​ទៅ។

 ២៧ ឯ​សេចក្ដី​ទុក្ខ​វេទនា​របស់​ពួក​គេ គឺ​បី​ដូច​ជា​បឹង​ភ្លើង និង​ស្ពាន់ធ័រ ដែល​មាន​អណ្ដាត​ភ្លើង​ពុំ​អាច​ពន្លត់​បាន ហើយ​មាន​ផ្សែង​ហុយ​ឡើង​ជា​រៀង​ដរាប​ត​ទៅ។ ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ថា​ដូច្នោះ។ អាម៉ែន៕