ជំពូក​ទី ៥

ពួក​បរិសុទ្ធ​ក្លាយ​ទៅ​ជា​បុត្រា​បុត្រី​នៃ​ព្រះ​គ្រីស្ទ តាម​រយៈ​សេចក្ដី​ជំនឿ — បន្ទាប់​មក​ពួក​គេ​ត្រូវ​បាន​ហៅ​តាម​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ — ស្ដេច​បេនយ៉ាមីន​ទូន្មាន​ពួក​គេ​ឲ្យ​តាំង​ចិត្ត​ឲ្យ​ខ្ជាប់​ខ្ជួន ហើយ​នឹងននៅ​ក្នុង​កិច្ចការ​ដ៏​ល្អ​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ១២៤ ម.គ.ស.។

 ១ ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន​របស់​ទ្រង់​ចប់​ហើយ ទ្រង់​បាន​ចាត់​ឲ្យ​គេ​ទៅ​ស៊ើបសួរ​ក្នុង​ចំណោម​ប្រជាជន ដោយ​មាន​ប្រាថ្នា​ចង់​ដឹង​ពី​ប្រជាជន​ទ្រង់​ថា តើ​ពួក​គេ​ជឿ​តាម​ពាក្យ​សម្ដី​ដែល​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​នោះ​ឬ​ទេ។

 ២ ហើយ​ពួក​គេ​ទាំង​អស់​គ្នា​បាន​ស្រែក​ឡើង​ព្រម​គ្នា​ថា ៖ ព្រះ​ពរ យើង​ខ្ញុំ​ជឿ​តាម​ពាក្យ​ទាំង​អស់ ដែល​ស្ដេច​មាន​បន្ទូល​មក​កាន់​ពួក​យើង ហើយ​យើង​ខ្ញុំ​ក៏​ដឹង​ពី​ការ​ជាក់​លាក់ និង​ការ​ពិត​នៃ​ពាក្យ​ទាំង​នោះ​ដែរ ពី​ព្រោះ​តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ដែល​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ដល់​ពួក​យើង ឬ​ក៏​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជា​និច្ច​វិញ។

 ៣ ឯ​ខ្លួន​យើង​ខ្ញុំ​ក៏​ដូច្នោះ​ដែរ តាម​រយៈ​សេចក្ដី​ល្អ​សប្បុរស​ដ៏​និរន្តរ៍​នៃ​ព្រះ និង​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​បាន​ឃើញ​ភាព​ដ៏​ធំ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង ហើយ​បើជា​ការ​ចាំ​បាច់ នោះ​យើង​ខ្ញុំ​អាច​ព្យាករ​នូវ​រឿង​គ្រប់​យ៉ាង​បាន។

 ៤ ហើយ​គឺជា​សេចក្ដី​ជំនឿ ដែល​យើង​ខ្ញុំ​មាន​ទៅ​លើ​ការណ៍​ទាំង​ឡាយ ដែល​ស្ដេច​របស់​យើង​ខ្ញុំ​មាន​បន្ទូល​មក​កាន់​ពួក​យើង ដែល​បាន​នាំ​មក​ដល់​យើង​ខ្ញុំ​នូវ​ការ​ចេះ​ដឹង​ដ៏​ធំ​នេះ ម្ល៉ោះ​ហើយ យើង​ខ្ញុំ​អរ​រីករាយ​ដោយ​សេចក្ដី​អំណរ​ដ៏​ធំ​ជា​អតិបរមា។

 ៥ ហើយ​យើង​ខ្ញុំ​យល់​ព្រម​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​របស់​ពួក​យើង ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​ទ្រង់​នឹង​បញ្ជា​ដល់​ពួក​យើង​នៅ​ក្នុង​ជីវិត​យើង​ខ្ញុំ ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​បាន​នាំ​មក​ដល់​ខ្លួន​នូវ​ការ​រង​ទុក្ខ​វេទនា​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដូចដែល​បាន​ពោល​ដោយ​ទេវតា ដើម្បី​កុំ​ឲ្យ​យើង​ខ្ញុំ​បាន​ផឹក​នូវ​ពែង​នៃ​សេចក្ដី​ពិរោធ​របស់​ព្រះ។

 ៦ ហើយ​ឥឡូវ​នេះ នេះ​ហើយ​គឺជា​ពាក្យ​ទាំង​ឡាយ​ដែល​ស្ដេច​បេនយ៉ាមីន​ប្រាថ្នា​ចង់​បាន​ពី​ពួក​គេ ហេតុ​ដូច្នេះ​ហើយ ស្ដេច​ក៏​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ អ្នក​រាល់​គ្នា​បាន​និយាយ​នូវ​ពាក្យ​សម្ដី​ដែល​យើង​ប្រាថ្នា​ចង់​បាន ឯ​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺជា​សេចក្ដី​សញ្ញា​មួយ​ដ៏​សុចរិត។

 ៧ ហើយ​ឥឡូវ​នេះ មក​ពី​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ហៅ​ថា ជា​កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ គឺជា​បុត្រា​របស់​ទ្រង់ និង​បុត្រី​របស់​ទ្រង់ ត្បិត​មើល​ចុះ ថ្ងៃ​នេះ​ទ្រង់​បាន​បង្កើត​អ្នក​ខាង​វិញ្ញាណ​ហើយ ត្បិត​អ្នក​រាល់​គ្នា​បាន​និយាយ​ថា ចិត្ត​របស់​អ្នក​បាន​ផ្លាស់​ប្ដូរ តាម​រយៈ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហេតុ​ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​បាន​កើត​មក​ពី​ទ្រង់ ហើយ​បាន​ក្លាយ​ទៅ​ជា​បុត្រា​របស់​ទ្រង់ និង​បុត្រី​របស់​ទ្រង់​ដែរ។

 ៨ ហើយ​នៅ​ក្នុង​ព្រះ​សិរ​នេះ អ្នក​រាល់​គ្នា​បាន​ទទួល​សេរីភាព ហើយ​គ្មាន​ព្រះ​សិរ​ឯណា​ទៀត​ឡើយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព​បាន។ គ្មាន​នាម​ឯណា​ផ្សេង​ទៀត​ទេ ដែល​អាច​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ ហេតុ​ដូច្នេះ​ហើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ គឺ​អស់​អ្នក​រាល់​គ្នា ដែល​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​ថា អ្នក​នឹង​គោរព​តាម​ទ្រង់ រហូត​ដល់​អស់​មួយ​ជីវិត​របស់​អ្នក។

 ៩ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​បាន​ធ្វើ​យ៉ាង​នេះ នោះ​នឹង​ឃើញ​ថា ខ្លួន​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ ត្បិត​អ្នក​នោះ​នឹង​ស្គាល់​ឈ្មោះ​ខ្លួន​ដែល​ត្រូវ​បាន​ហៅ ត្បិត​អ្នក​នោះ​នឹង​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ។

 ១០ ហើយ​ឥឡូវ​នេះ ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ពុំ​ទទួល​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​ទេ នោះ​នឹង​ត្រូវ​បាន​ហៅ​ដោយ​ឈ្មោះ​មួយ​ផ្សេង​ទៀត ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​នឹង​ឃើញ​ថា ខ្លួន​នៅ​ខាង​ឆ្វេង​ព្រះ​ហស្ត​នៃ​ព្រះ។

 ១១ ហើយ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ​ដែរ​ថា ឈ្មោះ​នេះ​ហើយ​ដែល​យើង​បាន​និយាយ​ថា យើង​នឹង​ឲ្យ​ទៅ​អ្នក ដែល​នឹង​ពុំ​ត្រូវ​លុប​ចេញ​ឡើយ លើក​លែងតែ​តាម​រយៈ​ការ​រំលង​ច្បាប់​ប៉ុណ្ណោះ ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន​កុំ​រំលង​ច្បាប់ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​នោះ​ត្រូវ​លុប​ចេញ​ពី​ដួង​ចិត្ត​របស់​អ្នក​ឡើយ។

 ១២ យើង​សូម​ប្រាប់​អ្នក​ថា យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ​ថា គួរតែ​រក្សា​ឈ្មោះ​នេះ ដោយ​ចារិក​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​នៅ​ខាង​ឆ្វេង​ព្រះ​ហស្ត​នៃ​ព្រះ​ឡើយ ប៉ុន្តែ​សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​សំឡេង ដែល​នឹង​ហៅ​អ្នក​រាល់​គ្នា ព្រម​ទាំង​ឈ្មោះ​ដែល​ទ្រង់​នឹង​ហៅ​អ្នក​ដែរ។

 ១៣ ត្បិត​តើ​មនុស្ស​នឹង​ស្គាល់​ចៅហ្វាយ ដែល​ខ្លួន​ពុំ​ដែល​បាន​បម្រើ​នោះ ហើយ​ដែល​ជា​អ្នក​ចម្លែក​ចំពោះ​មនុស្ស​នោះ ហើយ​នៅ​ឆ្ងាយ​ពី​សតិអារម្មណ៍ និង​បំណង​នៃ​ដួង​ចិត្ត​ខ្លួន​ដូច​ម្ដេច​បាន?

 ១៤ ហើយ​មួយ​ទៀត តើ​មនុស្ស​នឹង​យក​សត្វ​លា ដែល​ជា​របស់​ផង​អ្នក​ជិត​ខាង​មក​ទុក​ឬ? យើង​សូម​ប្រាប់​អ្នក​ថា ៖ ទេ មនុស្ស​នោះ​នឹង​ពុំ​ព្រម​ទាំង​ឲ្យ​សត្វ​លា​នោះ​ស៊ី​ស្មៅ​ក្នុង​ចំណោម​ហ្វូង​សត្វ​របស់​ខ្លួន​ផង ប៉ុន្តែ​នឹង​ដេញ​សត្វ​លា​នោះ​ចេញ​ឆ្ងាយ​វិញ។ យើង​សូម​ប្រាប់​អ្នក​ថា ការ​នោះ​នឹង​កើត​ដល់​អ្នក​រាល់​គ្នា​ដែរ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ឈ្មោះ​ដែល​អ្នក​ត្រូវ​បាន​ហៅ។

 ១៥ ហេតុ​ដូច្នេះ​ហើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​តាំង​ចិត្ត​ឲ្យ​ខ្ជាប់​ខ្ជួន ហើយ​នឹងន គឺ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ល្អ​ជា​និច្ច ដើម្បី​ឲ្យ​ព្រះ​គ្រីស្ទ ដែល​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​បាន​ភ្ជាប់​អ្នក​ទុកជា​របស់​ផង​ទ្រង់ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ទៅ​កាន់​ស្ថាន​សួគ៌ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច តាម​រយៈ​ប្រាជ្ញា និង​ព្រះ​ចេស្ដា និង​សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​អង្គ ដែល​បាន​បង្កើត​វត្ថុ​សព្វ​សារពើ​នៅ​លើ​ស្ថានសួគ៌ និង​នៅ​លើ​ផែនដី ដែល​ជា​ព្រះ​លើ​អ្វីៗ​ទាំង​អស់។ អាម៉ែន៕