គម្ពីរ​ម៉ូសាយ

ម៉ូសាយ 

ជំពូក​ទី ១

ស្ដេច​បេនយ៉ាមីន​បង្រៀន​បុត្រា​ទាំង​ឡាយ​របស់​ទ្រង់នូវ​ភាសា និង​ពាក្យ​ព្យាករណ៍​នៃ​ពួក​អយ្យកោ​របស់​គេ — សាសនា និង​អារ្យធម៌​របស់​គេ​ត្រូវ​បាន​រក្សាទុក ដោយ​សារ​បញ្ជី​ទាំង​ឡាយ​ត្រូវ​បាន​កត់​ទុក​នៅ​លើ​ផ្ទាំង​នានា — ម៉ូសាយ​ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​ជា​ស្ដេច ហើយ​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​រក្សា​បញ្ជី និង​វត្ថុ​ផ្សេងៗ​ទុក។ ប្រមាណ​ជា​ឆ្នាំ ១៣០–១២៤ ម.គ.ស.។

ជំពូក​ទី ២

ស្ដេច​បេនយ៉ាមីន​ថ្លែង​ទៅ​កាន់​ប្រជាជន​របស់​ទ្រង់ — ទ្រង់​រៀប​រាប់​ឡើង​វិញ​នូវ​សមធម៌ យុត្តិធម៌ និង​ជីវភាព​ខាង​ផ្លូវ​វិញ្ញាណ​នៃ​រជ្ជកាល​របស់​ទ្រង់ — ទ្រង់​ទូន្មាន​ឲ្យ​គេ​បម្រើ​ព្រះ​មហាក្សត្រ​សួគ៌​របស់​គេ — អស់​អ្នក​ណា​ដែល​បះបោរ​ទាស់​នឹង​ព្រះ នឹង​ត្រូវ​រង​ទុក្ខ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​ពន្លត់​មិន​បាន។ ប្រមាណ ជា​ឆ្នាំ ១២៤ ម.គ.ស.។

ជំពូក​ទី ៣

ស្ដេច​បេនយ៉ាមីន​ថ្លែង​ត​ទៅ​ទៀត — ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​នឹង​ធ្វើ​ការងារ​បម្រើ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក នៅ​ក្នុង​រោង​ឧបោសថ​ឥដ្ឋ — លោហិត​នឹង​ចេញ​មក​ពី​គ្រប់​រន្ធ​ញើស នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​ពិភពលោក — មាន​តែ​ព្រះ​នាម​របស់​ទ្រង់​ទេ ដែល​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ — មនុស្ស​លោក​អាច​សម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ តាម​រយៈ​ដង្វាយ​ធួន — សេចក្ដី​ជាប់​ទោស​នៃ​ពួក​ទុច្ចរិត ប្រៀប​បាន​ទៅ​នឹង​បឹង​ភ្លើង និង​ស្ពាន់ធ័រ។ ប្រមាណ​ជា​ឆ្នាំ ១២៤ ម.គ.ស.។

ជំពូក​ទី ៤

ស្ដេច​បេនយ៉ាមីន​ថ្លែង​ត​ទៅ​ទៀត — សេចក្ដី​សង្គ្រោះ​កើត​ឡើង​ក៏​ដោយ​សារ​ដង្វាយ​ធួន — ចូរ​ជឿ​ដល់​ព្រះ​ដើម្បី​ឲ្យ​បាន​សង្គ្រោះ — ទទួល​ការ​ផ្ដាច់​បាប​តាម​រយៈ​សេចក្ដី​ស្មោះត្រង់ — ចែករំលែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឲ្យ​អ្នក​ទាល់​ក្រ — ធ្វើ​អ្វីៗ​ទាំង​អស់​តាម​ប្រាជ្ញា និង​របៀបរៀបរយ។ ប្រមាណ​ជា​ឆ្នាំ ១២៤ ម.គ.ស.។

ជំពូក​ទី ៥

ពួក​បរិសុទ្ធ​ក្លាយ​ទៅ​ជា​បុត្រា​បុត្រី​នៃ​ព្រះ​គ្រីស្ទ តាម​រយៈ​សេចក្ដី​ជំនឿ — បន្ទាប់​មក​ពួក​គេ​ត្រូវ​បាន​ហៅ​តាម​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ — ស្ដេច​បេនយ៉ាមីន​ទូន្មាន​ពួក​គេ​ឲ្យ​តាំង​ចិត្ត​ឲ្យ​ខ្ជាប់​ខ្ជួន ហើយ​នឹងននៅ​ក្នុង​កិច្ចការ​ដ៏​ល្អ​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ១២៤ ម.គ.ស.។

ជំពូក​ទី ៦

ស្ដេច​បេនយ៉ាមីន​កត់​ឈ្មោះ​ប្រជាជន ហើយ​តែងតាំង​ពួក​សង្ឃ​ឲ្យ​បង្រៀន​ពួក​គេ — ម៉ូសាយ​សោយរាជ្យ​ជា​ស្ដេច​ដ៏​សុចរិត។ ប្រមាណ​ជា​ឆ្នាំ ១២៤–១២១ ម.គ.ស.។

ជំពូក​ទី ៧

អាំម៉ូន​រក​ឃើញ​ដែនដី​លីហៃ-នីហ្វៃ ដែល​មាន​លិមហៃ ជា​ស្ដេច — ប្រជាជន​របស់​លិមហៃ​រស់នៅ​ក្រោម​សេវក​ភាព​បម្រើ​ពួក​សាសន៍​លេមិន — លិមហៃ​រៀប​រាប់​ពី​ប្រវត្តិ​របស់​ពួក​គេ — ព្យាការី​ម្នាក់ (អ័ប៊ីណាដៃ) បាន​ធ្វើ​បន្ទាល់​ថា ព្រះ​គ្រីស្ទ គឺជា​ព្រះ ហើយ​ជា​ព្រះ​វរបិតា​លើ​អ្វីៗ​ទាំង​អស់ — អស់​អ្នក​ណា​ដែល​សាប​ព្រោះ​ការ​ស្មោក​គ្រោក នឹង​ច្រូតកាត់​ខ្យល់​ព្យុះ ឯ​អស់​អ្នក​ណា​ដែល​ដាក់​ទី​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ នឹង​ត្រូវ​បាន​ប្រោស​លោះ​ឲ្យ​រួច។ ប្រមាណ​ជា​ឆ្នាំ ១២១ ម.គ.ស.។

ជំពូក​ទី ៨

អាំម៉ូន​បង្រៀន​ប្រជាជន​របស់​លិមហៃ — លោក​ដឹង​អំពី​ផ្ទាំង​ចំនួន​ម្ភៃ​បួន​សន្លឹក​នៃ​សាសន៍​យ៉ារេឌ — បញ្ជី​បុរាណ​អាច​បកប្រែ​បាន​ដោយ​ពួក​អ្នក​មើល​ឆុត — គ្មាន​អំណោយទាន​ណា ប្រសើរ​ជាង​អំណោយទាន​ជា​អ្នក​មើល​ឆុត​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ១២១ ម.គ.ស.។

បញ្ជី​របស់​ស៊ីនិព្វ — ជា​ដំណើរ​រឿង​អំពី​ប្រជាជន​ទ្រង់ ចាប់​តាំង​ពី​ពេល​ដែល​ពួក​គេ​បាន​ចាក​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​មក រហូត​ដល់​ពេល​ដែល​ពួក​គេ​បាន​ត្រូវ​ដោះ​លែង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​លេមិន។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៩ ទៅ ២២។

ជំពូក​ទី ៩

ស៊ីនិព្វ​ដឹកនាំ​មនុស្ស​មួយ​ក្រុម​ចេញ​ពី​ក្រុង​សារ៉ាហិមឡា ទៅ​យក​បាន​ដែនដី​លីហៃ-នីហ្វៃ — ស្ដេច​នៃ​សាសន៍​លេមិន​អនុញ្ញាត​ឲ្យ​ពួក​គេ​នៅ​លើ​ដី​នោះ — សង្គ្រាម​កើត​ឡើង​រវាង​ពួក​សាសន៍​លេមិន​នឹង​ប្រជាជន​របស់​ស៊ីនិព្វ។ ប្រមាណ​ជា​ឆ្នាំ ២០០–១៨៧ ម.គ.ស.។

ជំពូក​ទី ១០

ស្ដេច​លេមិន​សុគត — ប្រជាជន​របស់​ទ្រង់​ជា​មនុស្ស​ព្រៃ​ផ្សៃ ហើយ​សាហាវ ហើយ​ជឿ​សណ្ដាប់​ខុសឆ្គង — ស៊ីនិព្វ និង​ប្រជាជន​លោក មាន​ជ័យ​ជម្នះ​លើ​ពួក​គេ។ ប្រមាណ​ជា​ឆ្នាំ ១៨៧–១៦០ ម.គ.ស.។

ជំពូក​ទី ១១

ស្ដេច​ណូអេ​គ្រប់​គ្រង​ដោយ​អំពើ​ទុច្ចរិត — ទ្រង់​សប្បាយ​នៅ​ក្នុង​ជីវភាព​ដ៏​ពោរ​ពេញ​ទៅ​ដោយ​អបាយមុខ ដោយ​មាន​ភរិយា និង​ស្នំ​ជា​ច្រើន — អ័ប៊ីណាដៃ​ព្យាករ​ថា ប្រជាជន​នឹង​ត្រូវ​នាំ​យក​ទៅ​ក្នុង​សេវក​ភាព — ស្ដេច​ណូអេ​រក​ប្រហារជីវិត​លោក​ចោល។ ប្រមាណ ជា​ឆ្នាំ ១៦០–១៥០ ម.គ.ស.។

ជំពូក​ទី ១២

អ័ប៊ីណាដៃ​ជាប់​គុក​ដោយ​មក​ពី​បាន​ព្យាករ​អំពី​ការ​បំផ្លិចបំផ្លាញ​ប្រជាជន និង​ការ​សុគត​នៃ​ស្ដេច​ណូអេ — ពួក​សង្ឃ​ក្លែងក្លាយ​ដកស្រង់​បទ​គម្ពីរ ហើយ​ធ្វើ​ពុត​ជា​កាន់​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ — អ័ប៊ីណាដៃ​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​ព្រះ​បញ្ញត្តិ​ទាំង​ដប់​ប្រការ។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ជំពូក​ទី ១៣

អ័ប៊ីណាដៃ​ត្រូវ​បាន​ការ​ពារ​ដោយ​អានុភាព​ពី​ព្រះ — លោក​បង្រៀន​ព្រះ​បញ្ញត្តិ​ទាំង​ដប់​ប្រការ — សេចក្ដី​សង្គ្រោះ​ពុំ​បាន​មក​ដោយ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​តែមួយ​ប៉ុណ្ណោះ​ទេ — ព្រះ​អង្គ​ផ្ទាល់​ត្រូវ​ថ្វាយ​ដង្វាយ​ធួន ហើយ​ប្រោស​លោះ​រាស្ត្រ​របស់​ទ្រង់។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ជំពូក​ទី ១៤

លោក​អេសាយ​និយាយ​ប្រៀប​ដូច​ជា​ព្រះ​មែស៊ី — ការ​ដាក់​ខ្លួន និង​ការ​រង​ទុក្ខ​នៃ​ព្រះ​មែស៊ី​ត្រូវ​បាន​ចែង​ទុក — ទ្រង់​ថ្វាយ​ព្រលឹង​ទ្រង់​ទុកជា​យញ្ញ​បូជា ដើម្បី​លោះ​បាប ហើយ​អង្វរ​ជំនួស​ពួក​ដែល​រំលង​ច្បាប់ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៥៣។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ជំពូក​ទី ១៥

ពី​របៀប​ដែល​ព្រះ​គ្រីស្ទ​ជា​ព្រះ​វរបិតា និង​ជា​ព្រះ​រាជ​បុត្រា — ទ្រង់​នឹង​ជួយ​អង្វរ ហើយ​ទទួល​រង​ទោស​នៃ​អំពើ​រំលង​ទាំង​ឡាយ នៃ​រាស្ត្រ​ទ្រង់ — ពួក​គេ និង​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ គឺជា​ពូជ​របស់​ទ្រង់ — ទ្រង់​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ — កូន​ក្មេង​តូច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ជំពូក​ទី ១៦

ព្រះ​ទ្រង់​ប្រោស​លោះ​មនុស្ស​ពី​ស្ថានភាព​វង្វេង និង​ធ្លាក់ — អស់​អ្នក​ណា​ដែល​ប្រកប​ដោយ​រូប​កាយ នឹង​ទុក​ដូច​ជា​គ្មាន​ការ​ប្រោស​លោះ​ឡើយ — ព្រះ​គ្រីស្ទ​នឹង​នាំ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ ដល់​ជីវិត​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ឬ​ដល់​ការ​ជាប់​ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ជំពូក​ទី ១៧

អាលម៉ា​ជឿ ហើយ​កត់​ពាក្យ​សម្ដី​របស់​អ័ប៊ីណាដៃ​ទុក — អ័ប៊ីណាដៃ​ស្លាប់​ដោយ​ភ្លើង — លោក​ព្យាករ​អំពី​ជំងឺ និង​ការ​ស្លាប់​ដោយ​ភ្លើង ដែល​នឹង​កើត​ឡើង​ដល់​ឃាតករ​លើ​រូបលោក។ ប្រមាណ​ជា​ឆ្នាំ ១៤៨ ម.គ.ស.។

ជំពូក​ទី ១៨

អាលម៉ា​បង្រៀន​ដោយ​សម្ងាត់ — លោក​រៀបចំ​សេចក្ដី​សញ្ញា​នៃ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹក​មរមន — លោក​រៀបចំ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​ឡើង ហើយ​តែងតាំង​សង្ឃ​ទាំង​ឡាយ — ពួក​គេ​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង ហើយ​បង្រៀន​ប្រជាជន — អាលម៉ា និង​ប្រជាជន​របស់​លោក គេច​ខ្លួន​ពី​ស្ដេច​ណូអេ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន។ ប្រមាណ​ជា​ឆ្នាំ ១៤៧–១៤៥ ម.គ.ស.។

ជំពូក​ទី ១៩

គេឌាន​រក​ប្រហារ​ស្ដេច​ណូអេ — ពួក​សាសន៍​លេមិន​ចូល​យក​ដែនដី — ស្ដេច​ណូអេ​សុគត​ដោយ​ភ្លើង — លិមហៃ​គ្រប់​គ្រង​ជា​ព្រះ​រាជា​ចំណុះ។ ប្រមាណ​ជា​ឆ្នាំ ១៤៥–១២១ ម.គ.ស.។

ជំពូក​ទី ២០

ពួក​កូន​ស្រី​ខ្លះ​របស់​ពួក​លេមិន​ត្រូវ​ពួក​សង្ឃ​របស់​ស្ដេច​ណូអេ​ចាប់​យក — ពួក​សាសន៍​លេមិន​ធ្វើ​សង្គ្រាម​មក​លើ​លិមហៃ និង​ប្រជាជន​របស់​ទ្រង់ — ពួក​ពល​ទ័ព​លេមិន​ត្រូវ​បាន​វាយ​ច្រាន​ទៅ​វិញ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​បាត់​ខឹង។ ប្រមាណ​ជា​ឆ្នាំ ១៤៥–១២៣ ម.គ.ស.។

ជំពូក​ទី ២១

ប្រជាជន​របស់​លិមហៃ​ត្រូវ​ពួក​លេមិន​វាយ​ធ្វើ​បាប ហើយ​យកជ័យ​ជម្នះ​លើ — ពួក​គេ​ជួប​នឹង​អាំម៉ូន ហើយ​បាន​ប្រែ​ចិត្ត​ជឿ — ពួក​គេ​ប្រាប់​អាំម៉ូន​អំពី​ផ្ទាំង​ម្ភៃ​បួន​សន្លឹក​នៃ​សាសន៍​យ៉ារេឌ។ ប្រមាណ​ជា​ឆ្នាំ ១២២–១២១ ម.គ.ស.។

ជំពូក​ទី ២២

ផែនការ​ទាំង​ឡាយ​ត្រូវ​រៀបចំ​ឡើង សម្រាប់​ឲ្យ​ប្រជាជន​បាន​រួច​ផុត​ពី​សេវក​ភាព​ពី​ពួក​លេមិន — ពួក​សាសន៍​លេមិន​ត្រូវ​គេ​ធ្វើ​ឲ្យ​ស្រវឹង — ប្រជាជន​លួច​រត់​ត្រឡប់​ទៅ​ដែនដី​សារ៉ាហិមឡា​វិញ ហើយ​ក្លាយ​ជា​ប្រជាជន​ស្ដេច​ម៉ូសាយ។ ប្រមាណ​ជា​ឆ្នាំ ១២១–១២០ ម.គ.ស.។

ដំណើរ​រឿង​អំពី​អាលម៉ា និង​រាស្ត្រ​នៃ​ព្រះ​អម្ចាស់ ដែល​ត្រូវ​ដេញ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន ដោយ​ប្រជាជន​របស់​ស្ដេច​ណូអេ។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ២៣ និង ២៤។

ជំពូក​ទី ២៣

អាលម៉ា​មិន​ព្រម​ធ្វើ​ជា​ស្ដេច — លោក​បម្រើ​ជា​សង្ឃ​ជាន់​ខ្ពស់ — ព្រះ​អម្ចាស់​ទ្រង់​ប្រដៅ​រាស្ត្រ​ទ្រង់ ហើយ​ពួក​សាសន៍​លេមិន​វាយ​យក​ដែនដី​ហេឡាម — អាមូឡុន​ជា​មេដឹកនាំ​ពួក​សង្ឃ​ទុច្ចរិត​នៃ​ស្ដេច​ណូអេ គ្រប់​គ្រង​ដោយ​នៅ​ចំណុះ​ក្រោម​រាជ្យ​លេមិន។ ប្រមាណ​ជា​ឆ្នាំ ១៤៥–១២១ ម.គ.ស.។

ជំពូក​ទី ២៤

អាមូឡុន​បៀតបៀន​អាលម៉ា និង​ប្រជាជន​លោក — ពួក​គេ​នឹង​ត្រូវ​យក​ទៅ​សម្លាប់​ចោល បើ​គេ​អធិស្ឋាន — ព្រះ​អម្ចាស់​ទ្រង់​សម្រាល​បន្ទុក​របស់​ពួក​គេ — ទ្រង់​ដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ហើយ​គេ​ត្រឡប់​ទៅ​សារ៉ាហិមឡា​វិញ។ ប្រមាណ​ជា​ឆ្នាំ ១៤៥–១២០ ម.គ.ស.។

ជំពូក​ទី ២៥

ពួក​ពូជ​ពង្ស​មូលេក​នៅ​ក្រុង​សារ៉ាហិមឡា ក្លាយ​ទៅ​ជា​ពួក​សាសន៍​នីហ្វៃ — ពួក​គេ​ដឹង​អំពី​ប្រជាជន​របស់​អាលម៉ា និង​របស់​ស៊ីនិព្វ — អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជូន​លិមហៃ និង​ប្រជាជន​របស់​ទ្រង់​ទាំង​អស់ — ម៉ូសាយ​អនុញ្ញាត​ឲ្យ​អាលម៉ា​រៀបចំ​សាសនាចក្រ​នៃ​ព្រះ​ឡើង។ ប្រមាណ​ជា​ឆ្នាំ ១២០ ម.គ.ស.។

ជំពូក​ទី ២៦

សមាជិក​នៃ​សាសនាចក្រ​ជា​ច្រើន​នាក់ ត្រូវ​មនុស្ស​ឥត​ជំនឿ​ដឹកនាំ​ឲ្យ​ធ្វើ​បាប — អាលម៉ា​ត្រូវ​បាន​សន្យា​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច — អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​បាន​ការ​អភ័យទោស — សមាជិក​នៃ​សាសនាចក្រ​ដែល​មាន​បាប ហើយ​ប្រែ​ចិត្ត ហើយ​សារ​ភាព​ចំពោះ​អាលម៉ា និង​ចំពោះ​ព្រះ នឹង​បាន​អភ័យទោស បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​មិន​ត្រូវ​បាន​រាប់​ចូល​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​ឡើយ។ ប្រមាណ​ជា​ឆ្នាំ ១២០–១០០ ម.គ.ស.។

ជំពូក​ទី ២៧

ម៉ូសាយ​ហាម​មិន​ឲ្យ​មាន​ការ​បៀតបៀន ហើយ​ស្នើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា — អាលម៉ា ជា​កូន និង​ពួក​បុត្រា​បួន​នាក់​នៃ​ម៉ូសាយ​ស្វែង​រក​បំផ្លាញ​សាសនាចក្រ — ទេវតា​លេច​មក ហើយ​បញ្ជា​គេ​ឲ្យ​ឈប់​ពី​ដំណើរ​អាក្រក់​របស់​គេ — អាលម៉ា​ក្លាយ​ទៅ​ជា​គ — មនុស្ស​លោក​ទាំង​អស់​ត្រូវ​កើត​ម្ដង​ទៀត ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ — អាលម៉ា និង​ពួក​បុត្រា​នៃ​ម៉ូសាយ​ប្រកាស​ប្រាប់​ពី​ដំណឹង​ដ៏​រីករាយ។ ប្រមាណ​ជា​ឆ្នាំ ១០០–៩២ ម.គ.ស.។

ជំពូក​ទី ២៨

ពួក​បុត្រា​នៃ​ម៉ូសាយ​ទៅ​បង្រៀន​សាសនា​ដល់​ពួក​សាសន៍​លេមិន — ម៉ូសាយ​បកប្រែ​ផ្ទាំង​នៃ​សាសន៍​យ៉ារេឌ ដោយ​ប្រើ​ត្បូង​នៃ​អ្នក​មើល​ឆុត​ទាំង​ពីរ​ដុំ។ ប្រមាណ​ជា​ឆ្នាំ ៩២ ម.គ.ស.។

ជំពូក​ទី ២៩

ម៉ូសាយ​ស្នើ​ឲ្យ​រើស​តាំង​ពួក​ចៅក្រម​ជំនួស​ស្ដេច — ពួក​ស្ដេច​ទុច្ចរិត​ដឹកនាំ​ប្រជាជន​ខ្លួន​ចូល​ក្នុង​អំពើ​បាប — អាលម៉ា​ជា​កូន ត្រូវ​បាន​រើស​តាំង​ជា​មេ​ចៅក្រម​ដោយ​សំឡេង​របស់​ប្រជាជន — លោក​ក៏​ជា​សង្ឃ​ជាន់​ខ្ពស់​លើ​សាសនាចក្រ​ផង — អាលម៉ា​ជា​ឪពុក និង​ម៉ូសាយ បាន​ស្លាប់​ទៅ។ ប្រមាណ​ជា​ឆ្នាំ ៩២–៩១ ម.គ.ស.។