ជំពូក​ទី ១

អោមណៃ, អ័ម៉ារ៉ុន, កេមីស, អ័ប៊ីណាដុម, និង​អាម៉ាលេកៃ ផ្លាស់​គ្នា​កត់​បញ្ជី​ទាំង​ឡាយ — ម៉ូសាយ​ជួបប្រទះ​ប្រជាជន​សារ៉ាហិមឡា ដែល​ចេញ​មក​ពី​ក្រុង​យេរូសាឡិម នៅ​ក្នុង​ជំនាន់​សេដេគា — ម៉ូសាយ​ត្រូវ​គេ​លើក​ឲ្យ​ធ្វើ​ជា​ស្ដេច — ពួក​ពូជ​ពង្ស​នៃ​មូលេក​នៅ​ឯ​សារ៉ាហិមឡា បាន​ជួប​កូរីអានទុមើរ ជា​មនុស្ស​ចុង​ក្រោយ​បង្អស់​នៃ​ពួក​សាសន៍​យ៉ារេឌ — ស្ដេច​បេនយ៉ាមីន​សោយរាជ្យ​ជំនួស​ម៉ូសាយ — មនុស្ស​លោក​ត្រូវ​ថ្វាយ​ព្រលឹង​ខ្លួន​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ។ ប្រមាណ​ជា​ឆ្នាំ ៣២៣–១៣០ ម.គ.ស.។

 ១ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ អោមណៃ ដោយ​បាន​ទទួល​បញ្ជា​ពី​ឪពុក​ខ្ញុំ គឺ​យ៉ារ៉ុម ថា​ខ្ញុំ​ត្រូវ​សរសេរ​រឿង​ខ្លះ​នៅ​លើ​ផ្ទាំង​ទាំង​នេះ ដើម្បី​រក្សា​ពង្សាវតារ​របស់​យើង​ទុក​ឲ្យ​បាន​គង់​វង់ —

 ២ ហេតុ​ដូច្នោះ​ហើយ ក្នុង​ជីវិត​ខ្ញុំ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ប្រយុទ្ធ​ជា​ច្រើន​ដង​ដោយ​ដាវ​ដើម្បី​ការ​ពារ​ប្រជាជន​ខ្ញុំ គឺ​សាសន៍​នីហ្វៃ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំងសត្រូវ​របស់​គេ គឺ​ពួក​សាសន៍​លេមិន។ ប៉ុន្តែ​មើល​ចុះ រូប​ខ្ញុំ​នេះ​ផ្ទាល់​ជា​មនុស្ស​ទុច្ចរិត ហើយ​ខ្ញុំ​ពុំ​បាន​កាន់​តាម​វិន័យ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​ខ្ញុំ​គួរតែ​កាន់​តាម​នោះ​ទេ។

 ៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពីរ​រយ​ចិតសិប​ប្រាំមួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​យើង​បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​ជា​ច្រើន​រដូវ ហើយ​យើង​មាន​សង្គ្រាម និង​ការ​ខ្ចាយ​ឈាម​ដ៏​ធ្ងន់ធ្ងរ​អស់​ជា​ច្រើន​រដូវ​ដែរ។ មែន​ហើយ សរុប​សេចក្ដី​មក គឺ​ពីរ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​បាន​រក្សា​ផ្ទាំង​ទាំង​នេះ​ទុក ស្រប​តាម​បញ្ជា​នៃ​ពួក​អយ្យកោ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រគល់​ផ្ទាំង​ទាំង​នេះ​ដល់​កូន​ប្រុស​ខ្ញុំ គឺ​អ័ម៉ារ៉ុន ហើយ​ខ្ញុំ​សូម​បញ្ចប់​តែ​ត្រឹម​នេះ​សិន​ចុះ។

 ៤ ហើយ​ឥឡូវ​នេះ ខ្ញុំ អ័ម៉ារ៉ុន សរសេរ​នូវ​អ្វីៗ​ដែល​ខ្ញុំ​សរសេរ គឺ​រឿង​បន្តិចបន្តួច​នៅ​ក្នុង​សៀវភៅ​របស់​ឪពុក​ខ្ញុំ។

 ៥ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា បី​រយ​ម្ភៃ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយភាគ​ច្រើន​នៃ​ពួក​សាសន៍​នីហ្វៃ​ដែល​ទុច្ចរិត​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល។

 ៦ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មិន​ទ្រាំ គឺ​បន្ទាប់​ពី​ទ្រង់​បាន​នាំ​ពួក​គេ​ចេញ​ពី​ដែនដី​យេរូសាឡិម ហើយ​បាន​ការ​ពារ​ពួក​គេ​ទុក​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​ពួក​គេ មែន​ហើយ ទ្រង់​នឹង​មិន​ទ្រាំ​ឲ្យ​ព្រះ​បន្ទូល​របស់​ទ្រង់ ពុំ​បាន​បញ្ជាក់​នោះ​ឡើយ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​ពួក​អយ្យកោ​យើង​ថា ៖ ដរាបណា​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី​សោះឡើយ។

 ៧ ហេតុ​ដូច្នោះ​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​មក​ពិនិត្យពិច័យ​ពួក​គេ ដោយ​សេចក្ដី​ជំនុំ​ជំរះ​ដ៏​ធំ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ទ្រង់​បាន​ប្រណី​ដល់​ពួក​សុចរិត ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​វិនាស​ឡើយ តែ​ទ្រង់​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ​វិញ។

 ៨ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ប្រគល់​ផ្ទាំង​ទាំង​ឡាយ​ទៅ​ឲ្យ​ប្អូន​ប្រុស​របស់​ខ្ញុំ គឺ​កេមីស។

 ៩ ឥឡូវ​នេះ ខ្ញុំ កេមីស សរសេរ​នូវ​រឿង​បន្តិចបន្តួច​ដែល​ខ្ញុំ​សរសេរ​នៅ​ក្នុង​សៀវភៅ​ដដែល ដែល​បង​ប្រុស​ខ្ញុំ​បាន​សរសេរ​នោះ ត្បិត​មើល​ចុះ ខ្ញុំ​បាន​ឃើញ​អក្សរ​ចុង​ក្រោយ​បង្អស់ ដែល​បង​ខ្ញុំ​បាន​សរសេរ គឺ​លោក​បាន​សរសេរ​ដោយ​ដៃ​លោក​ផ្ទាល់ ហើយ​លោក​បាន​សរសេរ​នៅ​ថ្ងៃ ដែល​លោក​បាន​ប្រគល់​ផ្ទាំង​ទាំង​នេះ​ដល់​ខ្ញុំ។ ហើយ​តាម​របៀប​នេះ​ហើយ​ដែល​យើង​បាន​កត់​បញ្ជី​ទាំង​ឡាយ​ទុក ព្រោះ​នេះ​គឺជា​បញ្ជា​ពី​ពួក​អយ្យកោ​យើង ហើយ​ខ្ញុំ​សូម​បញ្ចប់​តែ​ត្រឹម​នេះ​សិន​ចុះ។

 ១០ មើល​ចុះ ខ្ញុំ អ័ប៊ីណាដុម ជា​កូន​ប្រុស​របស់​កេមីស។ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​សង្គ្រាម និង​ការ​ទាស់​ទែង​គ្នា​ជា​ច្រើន​រវាង​ប្រជាជន​ខ្ញុំ គឺ​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ហើយ​ដោយ​ដាវ​ផ្ទាល់​របស់​ខ្ញុំ ខ្ញុំ​បាន​ផ្ដាច់​ជីវិត​ពួក​សាសន៍​លេមិន​ជា​ច្រើន ដើម្បី​ការ​ពារ​បង​ប្អូន​ខ្ញុំ។

 ១១ ហើយ​មើល​ចុះ បញ្ជី​នៃ​ប្រជាជន​នេះ ត្រូវ​បាន​ឆ្លាក់​ត្រា​នៅ​លើ​ផ្ទាំង​ទាំង​ឡាយ ដែល​ស្ដេច​ទាំង​ឡាយ​បាន​រក្សាទុក​តាម​តំណ​ទាំង​ឡាយ ហើយ​ខ្ញុំ​ពុំ​ស្គាល់​វិវរណៈ​ណា​ទេ ឬ​ក៏​ការ​ព្យាករណ៍​ណា​ដែរ លើក​លែងតែ​អ្វី​ដែល​បាន​សរសេរ​មក​នោះ ហេតុ​ដូច្នោះ​ហើយ អ្វី​ដែល​បាន​សរសេរ​មក​នេះ គឺ​ល្មម​គ្រប់​គ្រាន់​ហើយ ហើយ​ខ្ញុំ​សូម​បញ្ចប់​តែ​ត្រី​ម​នេះ​សិន​ចុះ។

 ១២ មើល​ចុះ ខ្ញុំ អាម៉ាលេកៃ ជា​កូន​ប្រុស​របស់​អ័ប៊ីណាដុម។ មើល​ចុះ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​បន្តិច​អំពី​ម៉ូសាយ ដែល​ត្រូវ​បាន​តាំង​ឲ្យ​ធ្វើ​ជា​ស្ដេច​នៅ​លើ​ដែនដី​សារ៉ាហិមឡា ត្បិត​មើល​ចុះ លោក​ត្រូវ​បាន​ព្រមាន​ពី​ព្រះ​អម្ចាស់​ថា លោក​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ដែនដី​នីហ្វៃ ហើយ​អស់​អ្នក​ណា​ដែល​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់ ក៏​គួរតែ​ចាក​ចេញ​ពី​ដែនដី​នេះ​ជាមួយ​លោក​ដែរ ហើយ​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន–

 ១៣ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​បញ្ជា​ដល់​លោក។ ហើយ​ពួក​គេ​បាន​ចេញ​ពី​ដែនដី​ចូល​ទៅ​ក្នុង​ទី​រហោស្ថាន គឺ​អស់​អ្នក​ណា​ដែល​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់ ហើយ​ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ការ​ផ្សាយ​សាសនា និង​ការ​ព្យាករណ៍​ជា​ច្រើន។ ហើយ​ពួក​គេ​ត្រូវ​បាន​ដាស់តឿន​មិន​ឈប់​ឈរ​ដោយ​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​ពាហុ​របស់​ទ្រង់ កាត់​តាម​ទី​រហោស្ថាន រហូត​ដល់​ពួក​គេ​បាន​ចុះ​ទៅ​ដល់​ដែនដី​មួយ ដែល​ហៅ​ថា សារ៉ាហិមឡា។

 ១៤ ហើយ​ពួក​គេ​បាន​ជួបប្រទះ​ប្រជាជន​មួយ ដែល​ហៅ​ថា ប្រជាជន​សារ៉ាហិមឡា។ ឥឡូវ​នេះ មាន​ការ​អរ​រីករាយ​ជា​ខ្លាំង​នៅ​ក្នុង​ចំណោម​ប្រជាជន​សារ៉ាហិមឡា ឯ​សារ៉ាហិមឡា​ក៏​បាន​អរ​រីករាយ​ជា​ខ្លាំង​ដែរ ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជូន​មក​ជាមួយ​នឹង​ប្រជាជន​ម៉ូសាយ នូវ​ផ្ទាំង​លង្ហិន ដែល​មាន​បញ្ជី​នៃ​ពួក​សាសន៍​យូដា។

 ១៥ មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសាយ​បាន​ឃើញ​ថា ប្រជាជន​សារ៉ាហិមឡា បាន​ចេញ​មក​ពី​ក្រុង​យេរូសាឡិម​នៅ​ក្នុង​គ្រា​ដែល​សេដេគា ជា​ស្ដេច​នៃ​ស្រុក​យូដា ត្រូវ​ចាប់​ជា​ឈ្លើយ​យក​ទៅ​ឯ​ក្រុង​បាប៊ីឡូន។

 ១៦ ហើយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ក្នុង​ទី​រហោស្ថាន ហើយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ បាន​នាំ​ឆ្លងកាត់​ទឹក​ដ៏​ធំធេង​មក​ឯ​ដែនដី​ដែល​ម៉ូសាយ​បាន​ជួប​គេ​នោះ ហើយ​ពួក​គេ​បាន​រស់នៅ​ទី​នោះ ចាប់​តាំង​ពី​ពេល​នោះ​មក។

 ១៧ ហើយ​នៅ​ពេល​ដែល​ម៉ូសាយ​បាន​ជួប​គេ នោះ​ពួក​គេ​មាន​ចំនួន​ច្រើន​អនេក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ធ្លាប់​មាន​សង្គ្រាម​ជា​ច្រើន និង​ការ​ទាស់ទែង​គ្នា​ដ៏​ធំ​ដែរ ហើយ​ត្រូវ​ស្លាប់​ដោយ​ដាវ​ជា​ច្រើន​គ្រា ឯ​ភាសា​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ប្រែ​ប្រួល ហើយ​ពួក​គេ​មិន​បាន​យក​បញ្ជី​មក​តាម​ខ្លួន​ឡើយ ហើយ​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បង្ក​បង្កើត​របស់​ពួក​គេ​ទេ ឯ​ម៉ូសាយ ព្រម​ទាំង​ប្រជារាស្ត្រ​របស់​ម៉ូសាយ មិន​អាច​យល់​ភាសា​គេ​បាន​ឡើយ។

 ១៨ ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា ម៉ូសាយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​រៀន​ភាសា​របស់​លោក។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ពួក​គេ​រៀន​ភាសា​របស់​ម៉ូសាយ​ហើយ សារ៉ាហិមឡា បាន​ប្រាប់​អំពី​ពង្សាវតារ​របស់​ពួក​អយ្យកោ​លោក ស្រប​តាម​ដែល​លោក​ចាំ​បាន ហើយ​ប្រវត្តិ​ទាំង​នោះ​បាន​សរសេរ​ទុក តែ​មិនមែន​នៅ​លើ​ផ្ទាំង​ទាំង​នេះ​ទេ។

 ១៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​សារ៉ាហិមឡា និង​ប្រជាជន​របស់​ម៉ូសាយ​បាន​រួបរួម​គ្នា ហើយ​ម៉ូសាយ​ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួក​គេ។

 ២០ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ជំនាន់​ម៉ូសាយ មាន​ថ្ម​មួយ​ធំ​ដែល​គេ​យក​មក​ឲ្យ​លោក​ដោយ​មាន​ឆ្លាក់​ត្រា​នៅ​លើ​ថ្ម​នោះ ហើយ​លោក​បាន​បកប្រែ​ឆ្លាក់​ត្រា​នោះ ដោយ​អំណោយទាន និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ។

 ២១ ហើយ​ឆ្លាក់​ត្រា​ទាំង​នោះ​ប្រាប់​ដំណើរ​រឿង​អំពី​មនុស្ស​ម្នាក់​ឈ្មោះ កូរីអានទុមើរ និង​ការ​ស្លាប់​បង់​នៃ​ប្រជាជន​លោក។ ឯ​កូរីអានទុមើរ ត្រូវ​បាន​ជួបប្រទះ​ដោយ​ប្រជាជន​សារ៉ាហិមឡា ហើយ​លោក​បាន​នៅ​ជាមួយ​នឹង​ពួក​គេ​អស់​រយៈ​ពេល​ប្រាំបួន​ខែ។

 ២២ នៅ​លើ​ថ្ម​នោះ មាន​ចែង​បន្តិចបន្តួច​អំពី​ពួក​អយ្យកោ​របស់​លោក។ ហើយ​ពួក​ឪពុក​ម្ដាយ​ដើម​របស់​លោក​បាន​ចេញ​មក​ពី​ប៉ម នៅ​ពេល​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បំភាន់​ភាសា​មនុស្ស ហើយ​ការ​តឹង​រឹង​នៃ​ព្រះ​អម្ចាស់​បាន​ធ្លាក់​មក​លើ​ពួក​គេ ស្រប​តាម​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​របស់​ទ្រង់​ដែល​ត្រឹម​ត្រូវ ហើយ​ឆ្អឹង​របស់​ពួក​គេ​រាយ​នៅ​លើ​ដែនដី​នៅ​ទិស​ខាង​ជើង។

 ២៣ មើល​ចុះ ខ្ញុំ អាម៉ាលេកៃ បាន​កើត​នៅ​ជំនាន់​ម៉ូសាយ ហើយ​ខ្ញុំ​បាន​រស់នៅ រហូត​ដល់​បាន​ឃើញ​មរណ​ភាព​របស់​លោក ឯ​បេនយ៉ាមីន ជា​បុត្រ​របស់​លោក ក៏​បាន​សោយរាជ្យ​ជំនួស​លោក។

 ២៤ ហើយ​មើល​ចុះ ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ជំនាន់​ស្ដេច​បេនយ៉ាមីន​នូវ​សង្គ្រាម​ដ៏​ធំ​មួយ និង​ការ​ខ្ចាយ​ឈាម​ដ៏​ច្រើន​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន។ ប៉ុន្តែ​មើល​ចុះ ពួក​សាសន៍​នីហ្វៃ​មាន​ប្រៀប​លើ​ពួក​គេ​ជា​ខ្លាំង មែន​ហើយ រហូត​ដល់​ស្ដេច​បេនយ៉ាមីន បាន​ដេញ​ពួក​គេ​ចេញ​ពី​ដែនដី​សារ៉ាហិមឡា។

 ២៥ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​ចាប់​ផ្ដើម​មានវ័យ​ចំណាស់ ហើយ​ដោយ​គ្មាន​កូន​ត​ពូជ​ឡើយ ហើយ​ដោយ​ដឹង​ថា ស្ដេច​បេនយ៉ាមីន ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ​អម្ចាស់ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​នឹង​ប្រគល់​ផ្ទាំង​ទាំង​នេះ​ទៅ​ឲ្យ​ទ្រង់​ទូន្មាន​ដល់​អស់​ទាំង​មនុស្ស​ឲ្យ​មក​រក​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ឲ្យ​ជឿ​ដល់​ការ​ព្យាករណ៍ និង​ដល់​វិវរណៈ​ទាំង​ឡាយ និង​ដល់​ការងារ​បម្រើ​នៃ​ពួក​ទេវតា និង​ដល់​អំណោយទាន​ខាង​ការ​និយាយ​ភាសា​ច្រើន និង​ដល់​អំណោយទាន​ខាង​ការ​បកប្រែ​ភាសា​ទាំង​ឡាយ និង​ដល់​គ្រប់​ការណ៍​ទាំង​អស់​ដែល​ល្អ ត្បិត​ឥត​មាន​អ្វី​ដែល​ល្អ​ឡើយ លើក​លែងតែ​មក​ពី​ព្រះ​អម្ចាស់ ហើយ​អ្វី​ដែល​អាក្រក់ គឺ​មក​ពី​អារក្ស​វិញ។

 ២៦ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​មក​រក​ព្រះ​គ្រីស្ទ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទទួល​ទាន​នូវ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ និង​ព្រះ​ចេស្ដា​នៃ​សេចក្ដី​ប្រោស​លោះ​របស់​ទ្រង់​ចុះ។ មែន​ហើយ ចូរ​មក​រក​ទ្រង់ ហើយ​ចូរ​ថ្វាយ​ព្រលឹង​អ្នក​ទាំង​មូល ជា​ដង្វាយ​ថ្វាយ​ដល់​ទ្រង់ ហើយ​ចូរ​បន្ត​ការ​តម​អាហារ និង​ការ​អធិស្ឋាន ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ហើយ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ។

 ២៧ ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​និយាយ​បន្តិច អំពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​ឡើង​ទៅ​ឯ​ទី​រហោស្ថាន​ដើម្បី​ត្រឡប់​ទៅ​ឯ​ដែនដី​នីហ្វៃ​វិញ ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​ធំ ដែល​មាន​ប្រាថ្នា​ចង់​បាន​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​គេ។

 ២៨ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​បាន​ឡើង​ទៅ​ឯ​ទី​រហោស្ថាន។ ឯ​អ្នក​ដឹកនាំ​របស់​គេ គឺជា​មនុស្ស​ខ្លាំង​ពូកែ​ម្នាក់ ហើយ​ក្បាលរឹង ហេតុ​ដូច្នោះ​ហើយ គាត់​បាន​ធ្វើ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ពួក​គេ​ត្រូវ​បាន​ស្លាប់​ទាំង​អស់​នៅ​ក្នុង​ទី​រហោ​ស្ថាន លើក​លែងតែ​ហាសិប​នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​បាន​ត្រឡប់​មក​ដែនដី​សារ៉ាហិមឡា​វិញ។

 ២៩ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ក៏​បាន​នាំ​អ្នក​ផ្សេង​ទៀត​ក្នុង​ចំនួន​គួរសម ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​ទី​រហោ​ស្ថាន​ទៀត។

 ៣០ ហើយ​ខ្ញុំ អាម៉ាលេកៃ មាន​ប្អូន​ប្រុស​ម្នាក់ ដែល​បាន​ទៅ​ជាមួយ​នឹង​ពួក​គេ​ដែរ ហើយ​ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​មិនដែល​បាន​ដឹង​អំពី​ពួក​គេ​ទៀត​ឡើយ។ ហើយ​ខ្ញុំ​ជិត​ដេក​នៅ​ក្នុង​ផ្នូរ​របស់​ខ្ញុំ​ហើយ ឯ​ផ្ទាំង​ទាំង​នេះ​ពេញ​អស់​ហើយ។ ហើយ​ខ្ញុំ​សូម​បញ្ចប់​នូវ​ការ​និយាយ​របស់​ខ្ញុំ​តែ​ត្រឹម​នេះ​សិន​ចុះ៕ :៚