កណ្ឌ​ទី ១០

វិវរណៈ​ដែល​បាន​ប្រទាន​ដល់​យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា នៅ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​១៨២៨ (History of the Church, ១:២០–២៣)។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះ​អម្ចាស់​ទ្រង់​ប្រាប់​យ៉ូសែប ស៊្មីធ អំពី​ការ​កែប្រែ​ដែល​បាន​ធ្វើ​ឡើង ដោយ​ពួក​មនុស្ស​ទុច្ចរិត​នូវ​ឯកសារ ១១៦ សន្លឹក ចេញ​ពី​ការ​បកប្រែ​នៃ​គម្ពីរ​លីហៃ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ ឯកសារ​ទាំង​ប៉ុន្មាន​សន្លឹក​នេះ ត្រូវ​បាន​បាត់​ពី​ដៃ​ម៉ាទិន ហារិស ជា​អ្នក​ដែល​បាន​ផ្តាក់​ផ្ទុក​បណ្ដោះ​អាសន្ន​នូវ​សន្លឹក​ទាំង​ឡាយ​នោះ។ (សូម​មើល​ចំណង​ជើង​កណ្ឌ​ទី ៣)។ គម្រោងការណ៍​ដ៏​អាក្រក់ គឺ​ដើម្បី​រង់ចាំ​មើល​ការ​បកប្រែ​ម្ដង​ទៀត​នូវ​អ្វីៗ​ដែល​មាន​ក្នុង​សន្លឹក​ទាំង​ឡាយ ដែល​បាន​លួច​ទៅ​នោះ ហើយ​បន្ទាប់​មក​ដើម្បី​បង្ខូច​ឈ្មោះ​អ្នក​បកប្រែ​ដោយ​បង្ហាញ​នូវ​ភាព​មិន​ស្រប​គ្នា ដែល​បាន​ធ្វើ​ឡើង​ដោយ​ការ​កែប្រែ​នោះ។ ហើយ​គម្រោងការណ៍​ដ៏​ទុច្ចរិត​នេះ ដែល​បាន​បង្កើត​ឡើង​ដោយ​ជន​អាក្រក់ ហើយ​បាន​ដឹង​ដល់​ព្រះ​អម្ចាស់ ចាប់​តាំង​ពី មរមន ជា​អ្នក​ប្រវត្តិសាស្ត្រ​បុរាណ​សាសន៍​នីហ្វៃ កំពុង​ធ្វើ​ការ​សង្ខេប​របស់​លោក​អំពី​ផ្ទាំង​ទាំង​ឡាយ​ដែល​បាន​ប្រមូល​ទុក​មក​នោះ គឺ​បាន​បង្ហាញ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន (សូម​មើល ពាក្យ​សម្ដី​នៃ​មរមន ១:៣–៧)។

១–២៦, អារក្ស​សាតាំង​ចាក់​រុក​ពួក​មនុស្ស​ទុច្ចរិត​ឲ្យ​ជំទាស់​នឹង​កិច្ចការ​របស់​ព្រះ​អម្ចាស់; ២៧–៣៣, វា​ព្យាយាម​រក​បំផ្លាញ​ចោល​នូវ​ព្រលឹង​ទាំង​ឡាយ​នៃ​មនុស្ស​លោក; ៣៤–៥២, ដំណឹង​ល្អ​នឹង​ត្រូវ​បាន​ទៅ​ដល់​ពួក​សាសន៍​លេមិន និង​អស់​ទាំង​សាសន៍ តាម​រយៈ​ព្រះ​គម្ពីរ​មរមន; ៥៣–៦៣, ព្រះ​អម្ចាស់​ទ្រង់​នឹង​តាំង​ឡើង​នូវ​សាសនាចក្រ​របស់​ទ្រង់ និង​ដំណឹង​ល្អ​របស់​ទ្រង់​ក្នុង​ចំណោម​មនុស្ស​លោក; ៦៤–៧០, ទ្រង់​នឹង​ប្រមូល​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ឲ្យ​ចូល​រួម​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ហើយ​នឹង​សង្គ្រោះ​ពួក​អ្នក​ដែល​គោរព​តាម។

 ១ ឥឡូវ​នេះ មើល​ចុះ យើង​ប្រាប់​អ្នក​ថា គឺ​មក​ពី​អ្នក​បាន​ប្រគល់​ឯកសារ​ទាំង​ឡាយ​នោះ ដែល​អ្នក​បាន​ទទួល​អំណាច​ដើម្បី​បកប្រែ​ដោយ​នូវ​មធ្យោបាយ​នៃ​យូរីម និង​ធូមីម ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត បាន​ជា​អ្នក​បាត់​ឯកសារ​ទាំង​នោះ​ទៅ។

 ២ ហើយ​អ្នក​ក៏​នឹង​លែង​មាន​អំណោយទាន​របស់​អ្នក​នៅ​ពេល​នោះ​ដែរ ហើយ​គំនិត​របស់​អ្នក​ប្រែជា​ងងឹតងងល់​ទៅ​វិញ។

 ៣ ក៏​ប៉ុន្តែ​អំណោយទាន​នោះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​វិញ​ហើយ ម្ល៉ោះ​ហើយ ចូរ​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​មាន​ចិត្ត​ស្មោះត្រង់ ហើយ​ធ្វើ​ការ​បន្ត​ទៅ​ទៀត ដរាប​ដល់​បញ្ចប់​ការ​បកប្រែ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ចាប់​ផ្ដើម​មក​ហើយ​នោះ។

 ៤ ចូរ​កុំ​រត់​លឿន ឬ​ធ្វើ​ការ​លើស​ជាង​កម្លាំង​ដែល​អ្នក​មាន និង​មធ្យោបាយ ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​អាច​បកប្រែ​នោះ​ឡើយ ប៉ុន្តែ​ចូរ​មាន​ចិត្ត​ព្យាយាម​ដរាប​ដល់​ចុង​បំផុត​ចុះ។

 ៥ ចូរ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ជម្នះ​បាន មែន​ហើយ ប្រយោជន៍​ឲ្យ​អ្នក​អាច​យកឈ្នះ​លើ​អារក្ស​សាតាំង​បាន ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​របស់​អារក្ស​សាតាំង ដែល​ទ្រ​ទ្រង់​កិច្ចការ​របស់​វា​នោះ។

 ៦ មើល​ចុះ ពួក​គេ​បាន​ព្យាយាម​រក​បំផ្លាញ​អ្នក​បង់ មែន​ហើយ សូម្បីតែ​អ្នក​នោះ​ដែល​អ្នក​បាន​ទុក​ចិត្ត ក៏​បាន​ព្យាយាម​រក​បំផ្លាញ​អ្នក​ចោល​ដែរ។

 ៧ ហើយ​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​យើង​ថា​អ្នក​នោះ​ជា​មនុស្ស​ទុច្ចរិត ត្បិត​គាត់​បាន​ខំ​ស្វែងរក​ដើម្បី​ដក​យក​អ្វីៗ​ដែល​អ្នក​បាន​ទទួល​ការ​ផ្តាក់​ផ្ទុក​ចេញ ហើយ​គាត់​ក៏​បាន​ព្យាយាម​រក​បំផ្លាញ​អំណោយទាន​របស់​អ្នក​ចោល​ដែរ។

 ៨ ហើយ​ពី​ព្រោះ​អ្នក​បាន​ប្រគល់​ឯកសារ​ទាំង​ឡាយ​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គាត់ មើល​ចុះ ពួក​មនុស្ស​ទុច្ចរិត​បាន​យក​របស់​ទាំង​នោះ​ពី​អ្នក​ទៅ។

 ៩ ហេតុ​ដូច្នោះ​ហើយ អ្នក​បាន​ប្រគល់​របស់​ទាំង​នោះ មែន​ហើយ គឺជា​របស់​ដែល​ពិសិដ្ឋ​ទៅ​ឯ​អំពើ​ទុច្ចរិត។

 ១០ ហើយ​មើល​ចុះ អារក្ស​សាតាំង​បាន​ដាក់​ក្នុង​ចិត្ត​របស់​ពួក​គេ ឲ្យ​កែប្រែ​នូវ​ពាក្យ​ពេចន៍​ទាំង​ឡាយ ដែល​អ្នក​បាន​បណ្ដាល​ឲ្យ​សរសេរ ឬ​នូវ​អ្វី​ដែល​អ្នក​បាន​បកប្រែ ដែល​បាន​បាត់​ពី​ដៃ​អ្នក​ទៅនោះ​។

 ១១ ហើយ​មើល​ចុះ យើង​ប្រាប់​អ្នក​ថា គឺ​មក​ពី​ពួក​គេ​បាន​កែប្រែ​នូវ​ពាក្យ​ពេចន៍​ទាំង​ឡាយ បាន​ជា​ពាក្យ​ពេចន៍​ទាំង​ឡាយ​នោះ អាន​ខុស​ពី​អ្វី​ដែល​អ្នក​បាន​បកប្រែ និង​ដែល​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ

 ១២ ហើយ​តាម​មាគ៌ា​នេះ អារក្ស​បាន​ខំ​រក ដើម្បី​ដាក់​ផែនការ​មួយ​ដ៏​ប្រកប​ដោយ​កលល្បិច ប្រយោជន៍​ឲ្យ​វា​អាច​បំផ្លាញ​កិច្ចការ​នេះ​ចោល

 ១៣ ត្បិត​វា​បាន​ដាក់​ក្នុង​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​ការ​នេះ ថា​ដោយ​ការ​កុហក នោះ​ពួក​គេ​អាច​និយាយ​ថា​ពួក​គេ​បាន​ចាប់​អ្នក​បាន​ដោយ​នូវ​ពាក្យ​ពេចន៍ ដែល​អ្នក​បន្លំ​ធ្វើ​ជា​បាន​បកប្រែ។

 ១៤ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ថា យើង​នឹង​មិន​ទ្រាំ​ឲ្យ​អារក្ស​សាតាំង​សម្រេច​នូវ​គម្រោងការណ៍​ដ៏​អាក្រក់​របស់​វា​ដោយ​នូវ​ការណ៍​នេះ​ឡើយ។

 ១៥ ត្បិត​មើល​ចុះ វា​បាន​ដាក់​ទៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ធ្វើ​ឲ្យ​អ្នក​សាកល្បង​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ដោយ​នូវ​ការ​សូម​ឲ្យ​បកប្រែ​ម្ដង​ទៀត។

 ១៦ ហើយ​បន្ទាប់​មក មើល​ចុះ ពួក​គេ​នឹង​និយាយ ហើយ​គិត​ក្នុង​ចិត្ត​គេ​ថា — យើង​នឹង​មើល​ថា តើ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​គាត់​បក​ប្រែ​មែន​ឬ​អី បើ​សិន​ជា​មែន នោះ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​គាត់​ម្ដង​ទៀត

 ១៧ ហើយ​បើ​សិន​ជា​ព្រះ​ទ្រង់​ប្រទាន​អំណាច​ដល់​គាត់​ម្ដង​ទៀត ឬ​ក៏​បើ​សិន​ជា​គាត់​បកប្រែ​ម្ដង​ទៀត ឬ​ម្យ៉ាង​ទៀត បើ​សិន​ជា​គាត់​នាំ​មក​នូវ​ពាក្យ​ពេចន៍​ដដែល មើល​ចុះ យើង​នឹង​មាន​ពាក្យ​ពេចន៍​ដូច​គ្នា​នៅ​ជាមួយ​យើង តែ​យើង​បាន​កែប្រែ​ពាក្យ​ទាំង​នោះ

 ១៨ ហេតុ​ដូច្នេះ​ហើយ ពាក្យ​ពេចន៍​ទាំង​នោះ​នឹង​មិន​ស្រប​គ្នា​ទេ ហើយ​យើង​នឹង​ថា​គាត់​បាន​កុហក​ដោយ​នូវ​ពាក្យ​ពេចន៍​របស់​គាត់ ហើយ​ថា​គាត់​គ្មាន​អំណោយទាន​ទេ ហើយ​ថា​គាត់​គ្មាន​អំណាច​ឡើយ

 ១៩ ហេតុ​ដូច្នេះ​ហើយ យើង​នឹង​បំផ្លាញ​គាត់ ហើយ​និង​កិច្ចការ​នោះ​ផង​ដែរ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ដើម្បី​កុំ​ឲ្យ​យើង​អាម៉ាស់​នៅ​ទី​បញ្ចប់ ហើយ​ដើម្បី​ឲ្យ​យើង​អាច​បាន​សិរី​ល្អ​នៃ​ពិភពលោក។

 ២០ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អារក្ស​សាតាំង​បាន​ក្ដាប់​យ៉ាង​ជាប់​មក​លើ​ដួង​ចិត្ត​របស់​ពួក​គេ វា​ចាក់​រុក​ពួក​គេ​ឲ្យ​ធ្វើ​សេចក្ដី​ទុច្ចរិត ទាស់​នឹង​អ្វី​ដែល​ជា​ល្អ

 ២១ ហើយ​ដួង​ចិត្ត​របស់​ពួក​គេ​ពុករលួយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ ហើយ​ពួក​គេ​ស្រឡាញ់សេចក្ដី​ងងឹត​ជាជាង​ពន្លឺ ពី​ព្រោះ​អំពើ​របស់​ពួក​គេ​សុទ្ធ​តែ​អាក្រក់ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​សុំ​អ្វី​ពី​យើង​ឡើយ។

 ២២ អារក្ស​សាតាំង​ចាក់​រុក​ពួក​គេ ដើម្បី​ឲ្យ​វា​អាច​នាំ​ព្រលឹង​ទាំង​ឡាយ​របស់​គេ​ទៅ​រក​សេចក្ដី​បំផ្លិចបំផ្លាញ។

 ២៣ ហើយ​ដោយ​ហេតុ​នោះ វា​បាន​ដាក់​ផែនការ​មួយ​ដ៏​ប្រកប​ដោយ​កលល្បិច ដោយ​គិត​ដើម្បី​បំផ្លាញ​កិច្ចការ​នៃ​ព្រះ​ចោល ប៉ុន្តែ​យើង​នឹង​ទាមទារ​ការណ៍​នេះ​ពី​ដៃ​របស់​ពួក​គេ ហើយ​ការណ៍​នេះ​នឹង​បែរ​ទៅ​ជា​សេចក្ដី​អាម៉ាស់ និង​ជា​សេចក្ដី​ដាក់​ទោស​ដល់​ពួក​គេ​វិញ​នៅ​ថ្ងៃ​ជំនុំ​ជំរះ។

 ២៤ មែន​ហើយ វា​ចាក់​រុក​ដួង​ចិត្ត​របស់​ពួក​គេ​ឲ្យ​មាន​កំហឹង​ទាស់​នឹង​កិច្ចការ​នេះ។

 ២៥ មែន​ហើយ វា​បាន​ប្រាប់​ពួក​គេ​ថា ៖ ចូរ​បោក​បញ្ឆោត ហើយ​លប​ចាំ​ចាប់​ចុះ ដើម្បី​ឲ្យ​អ្នក​អាច​បំផ្លាញ​ចោល មើល​ចុះ ការណ៍​នេះ​គ្មាន​ខុស​អ្វី​ទេ។ ហើយ​ដោយ​ហេតុ​នោះ​ហើយ វា​បញ្ជោរ​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ថា​គ្មាន​បាប​អ្វី​ទេ​ដែល​កុហក ដើម្បី​ឲ្យ​ពួក​គេ​អាច​ចាប់​មនុស្ស​ដែល​កុហក ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បំផ្លាញ​អ្នក​នោះ​បង់។

 ២៦ ហើយ​ដោយ​ហេតុ​នោះ​ហើយ វា​បញ្ជោរ​ពួក​គេ ហើយ​នាំ​ពួក​គេ លុះ​ត្រា​វា​បាន​ទាញ​ព្រលឹង​ទាំង​ឡាយ​របស់​ពួក​គេ​ចុះ​ទៅ​រក​ស្ថាន​នរក ហើយ​ដោយ​ហេតុ​នោះ​ហើយ វា​បណ្ដាល​ឲ្យ​ពួក​គេ​ជាប់​នៅ​ក្នុង​អន្ទាក់​ខ្លួន​ឯង​វិញ។

 ២៧ ហើយ​ដោយ​ហេតុ​នោះ​ហើយ វា​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​លើ​ផែនដី ដោយ​ព្យាយាម​រក​បំផ្លាញ​ព្រលឹង​ទាំង​ឡាយ​នៃ​មនុស្ស​លោក។

 ២៨ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា វេទនា​ដល់​អ្នក​ណា​ដែល​កុហក ដើម្បី​បោក​បញ្ឆោត ពី​ព្រោះ​អ្នក​នោះ​សន្និដ្ឋាន​ថា​អ្នក​ដទៃ​កុហក​ដើម្បី​បោក​បញ្ឆោត​ដែរ ត្បិត​មនុស្ស​របៀប​នេះ​ពុំ​បាន​រួច​ផុត​ពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ឡើយ។

 ២៩ ឥឡូវ​នេះ មើល​ចុះ ពួក​គេ​បាន​កែប្រែ​ពាក្យ​ពេចន៍​ទាំង​ឡាយ​នេះ ពី​ព្រោះ​អារក្ស​សាតាំង​ប្រាប់​ពួក​គេ​ថា ៖ អ្នក​នោះ​បាន​បោក​បញ្ឆោត​អ្នក​ហើយ — ដោយ​ហេតុ​នោះ​ហើយ វា​បញ្ជោរ​ពួក​គេ​ឲ្យ​ចេញ​ទៅ​ធ្វើ​សេចក្ដី​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​អ្នក​សាកល្បង​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក។

 ៣០ មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​ត្រូវ​បកប្រែ​ពាក្យ​ពេចន៍​ទាំង​ឡាយ​នោះ ដែល​បាន​បាត់​ពី​ដៃ​របស់​អ្នក​ទៀត​ទេ

 ៣១ ត្បិត​មើល​ចុះ ពួក​គេ​នឹង​ពុំ​បាន​សម្រេច​គម្រោងការណ៍​ដ៏​អាក្រក់​របស់​ពួក​គេ​ដោយ​នូវ​ការ​កុហក​ជំទាស់​នឹង​ពាក្យ​ពេចន៍​ទាំង​ឡាយ​នោះ​ឡើយ។ ត្បិត​មើល​ចុះ បើ​សិន​ជា​អ្នក​បាន​នាំ​មក​នូវ​ពាក្យ​ពេចន៍​ដដែល នោះ​ពួក​គេ​នឹង​ថា អ្នក​បាន​កុហក ហើយ​ថា​អ្នក​បាន​បន្លំ​បកប្រែ ប៉ុន្តែ​ថា​អ្នក​បាន​ជំទាស់​ខ្លួន​ឯង។

 ៣២ ហើយ​មើល​ចុះ ពួក​គេ​បាន​ផ្សាយ​ការណ៍​នេះ ហើយ​អារក្ស​សាតាំង​នឹង​ពង្រឹង​ចិត្ត​មនុស្ស ឲ្យ​ចាក់​រុក​ពួក​គេ​ឲ្យ​មាន​កំហឹង​ទាស់​នឹង​អ្នក ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​យើង។

 ៣៣ ម្ល៉ោះ​ហើយ អារក្ស​សាតាំង​គិត​ដើម្បី​មាន​អំណាច​លើ​ទី​បន្ទាល់​របស់​អ្នក​នៅ​ក្នុង​តំណ​នេះ ដើម្បី​កុំ​ឲ្យ​កិច្ចការ​នេះ អាច​បាន​កើត​ឡើង​នៅ​ក្នុង​តំណ​នេះ​ឡើយ។

 ៣៤ ប៉ុន្តែ​មើល​ចុះ នេះ​ជា​ប្រាជ្ញា ហើយ​ពី​ព្រោះ​យើង​បង្ហាញ​ដល់​អ្នក​នូវ​ប្រាជ្ញា ហើយ​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​ទាំង​ឡាយ​អំពី​ការណ៍​ទាំង​ឡាយ​នេះ អំពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ ចូរ​កុំ​បង្ហាញ​ដល់​ពិភពលោក​ឡើយ លុះ​ត្រា​អ្នក​បាន​សម្រេច​នូវ​កិច្ច​ការ​បកប្រែ​សិន។

 ៣៥ ចូរ​កុំ​ងឿងឆ្ងល់​ត្រង់​ពាក្យ​ដែល​យើង​ប្រាប់​អ្នក​ថា ៖ នេះ​ជា​ប្រាជ្ញា ចូរ​កុំ​បង្ហាញ​ដល់​ពិភពលោក​ឡើយ — ត្បិត​យើង​បាន​ប្រាប់​ថា ចូរ​កុំ​បង្ហាញ​ដល់​ពិភពលោក ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​គង់​វង្ស​នៅ។

 ៣៦ មើល​ចុះ យើង​ពុំ​បាន​ប្រាប់​ថា អ្នក​មិន​គួរ​បង្ហាញ​ដល់​ពួក​សុចរិត​នោះ​ទេ

 ៣៧ ប៉ុន្តែ​ពី​ព្រោះ​អ្នក​មិន​អាច​វិនិច្ឆ័យ​ជា​ដរាប​ថា ពួក​ណា​ជា​សុចរិត ក៏​មិន​អាច​ដឹងជា​ដរាប​បាន​ថា ពួកណា​ទុច្ចរិត ឬ​សុចរិតនោះ ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ថា ចូរ​នៅ​ស្ងៀម​ចុះ លុះ​ត្រា​យើង​នឹង​ឃើញ​ថា​សម​ល្មម​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​អ្វីៗ​បាន​ដឹង​ដល់​ពិភពលោក អំពី​ការណ៍​ទាំង​នោះ។

 ៣៨ ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដំណើរ​រឿង​អំពី​ការណ៍​ទាំង​ឡាយ​នោះ ដែល​អ្នក​បាន​សរសេរ ដែល​បាន​បាត់​ពី​ដៃ​របស់​អ្នក​ទៅ​នោះ គឺ​បាន​ចារ​នៅ​លើ​ផ្ទាំង​នីហ្វៃ

 ៣៩ មែន​ហើយ ហើយ​អ្នក​ចាំ​ថា​វា​បាន​ពោល​នៅ​ក្នុង​ការ​សរសេរ​ទាំង​ឡាយ​នោះ ថា​ដំណើរ​រឿង​ដ៏​ល្អិត​ល្អន់​ជាង​នេះ ត្រូវ​បាន​ប្រទាន​ឲ្យ​អំពី​ការណ៍​ទាំង​នេះ​នៅ​លើ​ផ្ទាំង​នីហ្វៃ។

 ៤០ ហើយ​ឥឡូវ​នេះ ពី​ព្រោះ​ដំណើរ​រឿង​ដែល​មាន​ចារឹក​នៅ​លើ​ផ្ទាំង​នីហ្វៃ គឺ​ល្អិត​ល្អន់​ជាង​នេះ អំពី​ការណ៍​ទាំង​ឡាយ​នៅ​ក្នុង​ប្រាជ្ញា​របស់​យើង នោះ​យើង​នឹង​នាំ​មក​ឲ្យ​ប្រជារាស្ត្រ​ដឹង ដោយ​សារ​ដំណើរ​រឿង​នេះ —

 ៤១ ហេតុ​ដូច្នេះ​ហើយ អ្នក​នឹង​ត្រូវ​បកប្រែ​ចារឹក​ទាំង​ឡាយ ដែល​មាន​នៅ​លើ​ផ្ទាំង​នីហ្វៃ​ចុះ​រហូត​ដល់​អ្នក​បាន​មក​ដល់​រជ្ជកាល​នៃ​ស្ដេច​បេនយ៉ាមីន ឬ​ក៏​រហូត​ដល់​អ្នក​បាន​មក​ដល់​កន្លែង​ដែល​អ្នក​បាន​បកប្រែ​ដែល​អ្នក​បាន​រក្សា​ទុក

 ៤២ ហើយ​មើល​ចុះ អ្នក​នឹង​ត្រូវ​បោះពុម្ពផ្សាយ​ទុកជា​បញ្ជី​ប្រវត្តិ​នៃ​នីហ្វៃ ហើយ​យើង​នឹង​បំភាន់​ពួក​អ្នក​ដែល​បាន​កែប្រែ​ពាក្យ​ពេចន៍​របស់​យើង​យ៉ាង​ដូច្នោះ​ហើយ។

 ៤៣ យើង​នឹង​មិន​ទ្រាំ​ឲ្យ​ពួក​គេ​បំផ្លាញ​កិច្ចការ​របស់​យើង​ឡើយ មែន​ហើយ យើង​នឹង​បង្ហាញ​ដល់​ពួក​គេ​ថា ប្រាជ្ញា​របស់​យើង​មហិមា​ជាង​កលល្បិច​នៃ​អារក្ស​ទៅ​ទៀត។

 ៤៤ មើល​ចុះ ពួក​គេ​គ្រាន់​តែ​មាន​មួយ​ភាគ ឬ​សេចក្ដី​សង្ខេប​មួយ​អំពី​ដំណើរ​រឿង​នៃ​នីហ្វៃ​ប៉ុណ្ណោះ។

 ៤៥ មើល​ចុះ មាន​ការណ៍​ជា​ច្រើន​ដែល​បាន​ចារ​នៅ​លើ​ផ្ទាំង​នីហ្វៃ ដែល​បញ្ចេញ​យោបល់​កាន់​តែ​ជ្រាលជ្រៅ​ទៅ​ទៀត​អំពី​ដំណឹង​ល្អ​របស់​យើង ហេតុ​ដូច្នេះ​ហើយ គឺជា​ប្រាជ្ញា​នៅ​ក្នុង​យើង ដែល​អ្នក​គួរ​បកប្រែ​ភាគ​ទី​១​នៃ​ចារឹក​របស់​នីហ្វៃ ហើយ​បញ្ចេញ​ទៅ​ក្នុង​កិច្ចការ​នេះ។

 ៤៦ ហើយ​មើល​ចុះ អស់​ទាំង​ចំណែក​កិច្ចការ​នេះ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន គឺ​មាន​គ្រប់​ទាំង​ភាគ​ទាំង​អស់​នោះ​អំពី​ដំណឹង​ល្អ​របស់​យើង ដែល​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​របស់​យើង មែន​ហើយ ព្រម​ទាំង​ពួក​សិស្ស​របស់​យើង បាន​ប៉ងប្រាថ្នា​ក្នុង​ការ​អធិស្ឋាន​របស់​ពួក​គេ សូម​ឲ្យ​បាន​ចេញ​មក​ដល់​ប្រជារាស្ត្រ​នេះ​ដែរ។

 ៤៧ ហើយ​យើង​បាន​ប្រាប់​ពួក​គេ​ថា នឹង​ត្រូវ​បាន​អនុញ្ញាត​ដល់​ពួក​គេ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ​ក្នុង​ការ​អធិស្ឋាន​របស់​ពួក​គេ​ទាំង​ប៉ុន្មាន​នោះ។

 ៤៨ មែន​ហើយ ហើយ​នេះ​គឺជា​សេចក្ដី​ជំនឿ​របស់​ពួក​គេ — ថា​ដំណឹង​ល្អ​របស់​យើង ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​ប្រកាស​នៅ​ក្នុង​ជីវិត​គេ អាច​បាន​ចេញ​មក​ដល់​បង​ប្អូន​របស់​គេ គឺ​ពួក​សាសន៍​លេមិន ព្រម​ទាំង​អស់​អ្នក​ណា​ដែល​បាន​ក្លាយ​ទៅ​ជា​ពួក​សាសន៍​លេមិន ពី​ព្រោះ​តែ​ការ​បែកបាក់​របស់​គេ​ទាំង​ឡាយ​នោះ។

 ៤៩ ឥឡូវ​នេះ ការណ៍​នេះ​មិនទាន់​អស់​ទេ — សេចក្ដី​ជំនឿ​របស់​ពួក​គេ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​ពួក​គេ គឺថា​ដំណឹង​ល្អ​ត្រូវ​បាន​ធ្វើ​ឲ្យ​បាន​ដឹង​ផងដែរ បើ​សិន​ជា​ពួក​សាសន៍​ដទៃ​យក​ដែនដី​នេះ​បាន

 ៥០ ហើយ​ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ពួក​គេ​ឲ្យ​ពរ​មក​លើ​ដែនដី​នេះ​នៅ​ក្នុង​ការ​អធិស្ឋាន​របស់​ពួក​គេ សូម​ឲ្យ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ដំណឹង​ល្អ​នេះ នៅ​លើ​ដែនដី​នេះ អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច

 ៥១ មែន​ហើយ សូម​ឲ្យ​ដែនដី​នេះ​អាច​មាន​សេរីភាព​ដល់​អស់​ទាំង​មនុស្ស​ចេញ​ពី​សាសន៍ ពូជ​មនុស្ស ភាសា ឬ​ប្រជាជន​ណា​ក្ដី។

 ៥២ ហើយ​ឥឡូវ​នេះ មើល​ចុះ ស្រប​តាម​សេចក្ដី​ជំនឿ​របស់​គេ​ក្នុង​ការ​អធិស្ឋាន​របស់​គេ នោះ​យើង​នឹង​នាំ​ភាគ​នេះ​នៃ​ដំណឹង​ល្អ​របស់​យើង​ឲ្យ​បាន​ដឹង​អំពី​ប្រជារាស្ត្រ​របស់​យើង។ មើល​ចុះ យើង​មិន​នាំ​មក​ដើម្បី​បំផ្លាញ​នូវ​អ្វី ដែល​ពួក​គេ​បាន​ទទួល​ហើយ​នោះ​ទេ ប៉ុន្តែ​ដើម្បី​កសាង​វា​ឡើង។

 ៥៣ ហើយ​ដោយ​សារ​ហេតុ​នេះ​ហើយ បាន​ជា​យើង​ប្រាប់​ថា ៖ បើ​សិន​ជា​តំណ​នេះ​មិន​ធ្វើ​ចិត្ត​រឹងទទឹង​ទេ នោះ​យើង​នឹង​តាំង​សាសនាចក្រ​របស់​យើង​ឡើង​ក្នុង​ចំណោម​ពួក​គេ។

 ៥៤ ឥឡូវ​នេះ យើង​មិន​បាន​ប្រាប់​ការណ៍​នេះ ដើម្បី​បំផ្លាញ​សាសនាចក្រ​របស់​យើង​ទេ ប៉ុន្តែ​យើង​ប្រាប់​ការណ៍​នេះ ដើម្បី​កសាង​សាសនាចក្រ​របស់​យើង​ឡើង​ទេតើ

 ៥៥ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​ដែល​នៅ​ក្នុង​សាសនាចក្រ​របស់​យើង​មិន​ត្រូវ​ខ្លាច​ឡើយ ត្បិត​ពួក​គេ​នេះ​ហើយ ដែល​នឹង​គ្រងនគរ​ស្ថាន​សួគ៌​ទុកជា​មរតក។

 ៥៦ ប៉ុន្តែ​គឺ​ពួក​អ្នក​ដែល​មិន​កោតខ្លាច​ដល់​យើង ឬ​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង តែ​កសាង​សាសនាចក្រ​ទាំង​ឡាយ​ឡើង​ដល់​ខ្លួន​វិញ ដើម្បី​រក​កម្រៃ មែន​ហើយ ហើយ​អស់​ពួក​អ្នក​ទាំង​ឡាយ​នោះ​ដែល​ធ្វើ​អំពើ​ទុច្ចរិត ហើយ​កសាង​នគរ​អារក្ស​ឡើង — មែន​ហើយ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺ​ពួក​គេ​នេះ​ហើយ ដែល​យើង​នឹង​រំខាន ហើយ​បណ្ដាល​ឲ្យ​ញ័រ​រន្ធត់​ក្នុង​ទ្រូង។

 ៥៧ មើល​ចុះ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ យើង​បាន​យាង​មក​រក​រាស្ត្រ​របស់​យើង តែ​រាស្ត្រ​របស់​យើង​មិន​បាន​ទទួល​យើង​សោះ។

 ៥៨ យើង​ជា​ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ។

 ៥៩ យើង​ជា​អ្នក​នោះ ដែល​បាន​និយាយ​ថា — យើង​មាន​ចៀមឯ​ទៀត ដែល​មិនទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ — ទៅ​កាន់​ពួក​សិស្ស​របស់​យើង ហើយ​មាន​មនុស្ស​ជា​ច្រើន ដែល​មិន​យល់​ពាក្យ​យើង។

 ៦០ ហើយ​យើង​នឹង​បង្ហាញ​ដល់​ប្រជារាស្ត្រ​នេះ ថា​យើង​មាន​ចៀម​ឯ​ទៀត ហើយ​ថា​ពួក​គេ​ជា​មែក​នៃ​វង្ស​យ៉ាកុប

 ៦១ ហើយ​យើង​នឹង​នាំ​មក​ឯ​ពន្លឺ ឲ្យ​ឃើញ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ពួក​គេ​បាន​ធ្វើ ដោយ​នូវ​ព្រះ​នាម​របស់​យើង

 ៦២ មែន​ហើយ ហើយ​យើង​ក៏​នឹង​នាំ​មក​ឯ​ពន្លឺ​ឲ្យ​ឃើញ​ដំណឹង​ល្អ​របស់​យើង ដែល​បាន​ផ្សាយ​ដល់​ពួក​គេ ហើយ​មើល​ចុះ ពួក​គេ​នឹង​មិន​បដិសេធ​នូវ​អ្វី​ដែល​អ្នក​បាន​ទទួល​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​នឹង​កសាង​ឡើង​វិញ ហើយ​នឹង​នាំ​មក​ឯ​ពន្លឺ ឲ្យ​ឃើញ​នូវ​ចំណុច​ដ៏​ពិត​អំពី​គោល​លទ្ធិ​របស់​យើង មែន​ហើយ គឺជា​គោល​លទ្ធិ​តែ​មួយ​ដែល​នៅ​ក្នុង​យើង។

 ៦៣ ហើយ​យើង​ធ្វើ​ការណ៍​នេះ ប្រយោជន៍​ឲ្យ​យើង​អាច​តាំង​ដំណឹង​ល្អ​របស់​យើង ដើម្បី​កុំ​ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​ច្រើន​ពេក មែន​ហើយ អារក្ស​សាតាំង​ចាក់​រុក​ដួង​ចិត្ត​នៃ​មនុស្ស​ទាំង​ឡាយ ឲ្យ​មាន​ការ​ទាស់ទែង​គ្នា​អំពី​ចំណុច​ទាំង​ឡាយ​នៃ​គោល​លទ្ធិ​របស់​យើង ហើយ​នៅ​ក្នុង​ការណ៍​ទាំង​ឡាយ​នេះ​ហើយ ដែល​ពួក​គេ​ធ្វើ​ខុស ត្បិត​ពួក​គេ​បង្វែរ​បទគម្ពីរ​ទាំង​ឡាយ ហើយ​មិន​យល់​បទគម្ពីរ​ទាំង​នោះ​ទេ។

 ៦៤ ហេតុ​ដូច្នេះ​ហើយ យើង​នឹង​បើក​សម្ដែង​ដល់​ពួក​គេ​នូវ​សេចក្ដី​អាថ៌កំបាំង​ដ៏​មហិមា​នេះ

 ៦៥ ត្បិត​មើល​ចុះ យើង​នឹង​ប្រមូល​ពួក​គេ ដូច​ជា​មេមាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប បើ​សិន​ជា​ពួក​គេ​មិន​ពង្រឹង​ចិត្ត​របស់​គេ

 ៦៦ មែន​ហើយ បើ​សិន​ជា​ពួក​គេ​ចង់​មក ពួក​គេ​អាច​មក ហើយ​ទទួល​ទាន​ទឹក​នៃ​ជីវិត​ដោយ​សេរី​ចុះ។

 ៦៧ មើល​ចុះ នេះ​ហើយ​ជា​គោល​លទ្ធិ​របស់​យើង — គឺ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​មក​រក​យើង នោះ​មាន​ឈ្មោះថា​ជា​សាសនាចក្រ​របស់​យើង​ហើយ។

 ៦៨ អស់​អ្នក​ណា​ដែល​ប្រកាស​លើស ឬ​តិច​ជាង​នេះ នោះ​មាន​ឈ្មោះថា មិនមែន​ជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ប្រឆាំង​នឹង​យើង​វិញ ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​មិនមែន​ជា​របស់​ផង​សាសនាចក្រ​យើង​ទេ។

 ៦៩ ហើយ​ឥឡូវ​នេះ មើល​ចុះ អស់​អ្នក​ណា​ដែល​ជា​របស់​ផង​សាសនាចក្រ​យើង ហើយ​កាន់ខ្ជាប់​នៅ​ក្នុង​សាសនាចក្រ​របស់​យើង​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ ដែល​យើង​នឹង​តាំង​ឡើង​លើ​ថ្មដា​របស់​យើង ហើយ​ទ្វារ​ទាំង​ឡាយ​នៃ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​ពួក​គេ​ឡើយ។

 ៧០ ហើយ​ឥឡូវ​នេះ ចូរ​ចងចាំ​នូវ​ពាក្យ​ពេចន៍​នៃ​អ្នក​នោះ​ចុះ ដែល​ជា​ជីវិត និង​ជា​ពន្លឺ​នៃ​ពិភពលោក គឺជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក ជា​ព្រះ​អម្ចាស់​របស់​អ្នក ហើយ​ជា​ព្រះ​របស់​អ្នក។ អាម៉ែន៕