កណ្ឌ​ទី ១១០

ការ​និមិត្ត​ទាំង​ឡាយ​ដែល​បាន​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង អូលីវើរ ខៅឌើរី នៅ​ក្នុង​ព្រះ​វិហារ​ឯ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​១៨៣៦ (History of the Church, ២:៤៣៥–៤៣៦)។ នេះ​ជា​គ្រា​នៃ​ការ​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ព្យាការី​កត់​បុព្វកថា​ចំពោះ​បញ្ជី​របស់​លោក​អំពី​ការ​សម្ដែង​ទាំង​ឡាយ​ដោយ​ពាក្យ​ទាំង​នេះ​ថា ៖ « នៅ​ពេល​រសៀល ខ្ញុំ​បាន​ជួយ​ពួក​ប្រ​ធាន​ឯ​ទៀត​ក្នុង​ការ​ចែក​អាហារ​របស់​ព្រះ​អម្ចាស់​ដល់​សាសនាចក្រ ដោយ​បាន​ទទួល​អាហារ​ពី​ពួក​១២​នាក់ ដែល​មាន​ឯកសិទ្ធិ​ធ្វើ​ការ​នៅ​ឯ​តុ​ដ៏​ពិសិដ្ឋ​ថ្ងៃ​នេះ។ បន្ទាប់​ពី​បាន​ប្រតិបត្តិ​កិច្ចការ​នេះ​ដល់​ពួក​បង​ប្អូន​របស់​ខ្ញុំ​ក្នុង​សាសនា​រួច​ហើយ នោះ​ខ្ញុំ​បាន​ទៅ​ឯ​វេទិកា ដោយ​មាន​វាំងនន​បិទ ហើយ​ក្រាប​ចុះ​ជាមួយ​អូលីវើរ ក្នុង​ការ​អធិស្ឋាន​ដ៏​មុតមាំ និង​ស្ងាត់។ បន្ទាប់​ពី​បាន​ក្រោក​ពី​អធិស្ឋាន នោះ​ស្រាប់​តែ​មាន​ការ​និមិត្ត​មួយ​បើក​ឲ្យ​យើង​ទាំង​ពីរ​នាក់​ឃើញ » (History of the Church, ២:៤៣៥)។

១–១០, ព្រះ​អម្ចាស់​យេហូវ៉ា​លេច​មក​ក្នុង​សិរី​ល្អ ហើយ​ទទួល​ព្រះ​វិហារ​ខឺតឡង់​ជា​ដំណាក់​របស់​ទ្រង់; ១១–១២, លោក​ម៉ូសេ និង​លោក​អេលីយ៉ាស​លេច​មក​រៀងៗ​ខ្លួន ហើយ​ប្រគល់​កូន​សោ និង​គ្រា​កាន់កាប់​ត្រួតត្រា​ទាំង​ឡាយ​របស់​ពួក​គេ; ១៣–១៦, លោក​អេលីយ៉ា វិល​មក​វិញ ហើយ​ប្រគល់​កូន​សោ​ទាំង​ឡាយ និង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​លោក ដូច​ជា​បាន​សន្យា​ទុក​ដោយ​លោក​ម៉ាឡាគី។

 ១ ស្បៃ​ត្រូវ​បាន​បើក​ពី​គំនិត​របស់​ពួក​យើង ហើយ​ភ្នែក​នៃ​យោបល់​របស់​ពួក​យើង​ត្រូវ​បាន​បើក​ឡើង។

 ២ យើង​បាន​ឃើញ​ព្រះ​អម្ចាស់ ទ្រង់​ឈរ​នៅ​លើ​របា​បង្អែក​វេទិកា​នៅ​ចំពោះ​យើង ហើយ​នៅ​ក្រោម​ព្រះ​បាទ​របស់​ទ្រង់ មាន​កម្រាល​ធ្វើ​ពី​មាស​សុទ្ធ មាន​ពណ៌​ដូច​ជា​ត្បូង​ឃ្មុំ។

 ៣ ព្រះ​នេត្រ​របស់​ទ្រង់​ដូច​ជា​អណ្ដាត​ភ្លើង ព្រះ​កេសា​របស់​ទ្រង់​ស ដូច​ជា​ហិមៈ​សុទ្ធ ព្រះ​ភក្ត្រ​របស់​ទ្រង់​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ ហើយ​សំឡេង​របស់​ទ្រង់ ដូច​ជា​សូរ​នៃ​ទឹក​ច្រើន គឺជា​សំឡេង​នៃ​ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា ៖

 ៤ យើង​ជា​ដើម ហើយ​ជា​ចុង យើង​ជា​អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់នៅ យើង​ជា​អង្គ​ដែល​ត្រូវ​បាន​ស្លាប់ យើង​ជា​ព្រះ​គាំទ្រ​របស់​អ្នក​ជាមួយ​ព្រះ​វរបិតា។

 ៥ មើល​ចុះ អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ អ្នក​ត្រូវ​បាន​ជ្រះ​ស្អាត​នៅ​ចំពោះ​យើង ហេតុ​ដូច្នេះ​ហើយ ចូរ​ងើបមុខ​ឡើង ហើយ​អរ​សប្បាយរីករាយ​ចុះ។

 ៦ ចូរ​ឲ្យ​ចិត្ត​នៃ​បង​ប្អូន​អ្នក​ក្នុង​សាសនា​បាន​អរ​សប្បាយរីករាយ​ចុះ ហើយ​ចូរ​ឲ្យ​ចិត្ត​នៃ​អស់​ទាំង​រាស្ត្រ​របស់​យើង​បាន​អរ​សប្បាយរីករាយ ដែល​បាន​សង់​ដំណាក់​នេះ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង​ដោយ​អស់​ពី​កម្លាំង​របស់​ពួក​គេ។

 ៧ ត្បិត​មើល​ចុះ យើង​បាន​ទទួលដំណាក់​នេះ​ហើយ ហើយ​ព្រះ​នាម​របស់​យើង​នឹង​ស្ថិតនៅ​ទី​នេះ ហើយ​យើង​នឹង​សម្ដែង​កាយ​យើង​ដល់​រាស្ត្រ​របស់​យើង​នៅ​ក្នុង​ដំណាក់​នេះ​ដោយ​សេចក្ដី​មេត្តាករុណា។

 ៨ មែន​ហើយ យើង​នឹង​លេច​មក​ឯ​ពួក​អ្នក​បម្រើ​របស់​យើង ហើយ​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ ដោយ​សំឡេង​របស់​យើង​ផ្ទាល់ បើ​សិន​ជា​រាស្ត្រ​យើង​នឹង​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​មិន​បង្ខូច​ដំណាក់​ដ៏​បរិសុទ្ធ​នេះ។

 ៩ មែន​ហើយ គឺ​ចិត្ត​នៃ​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​នាក់​នឹង​បាន​អរ​សប្បាយរីករាយ ដោយ​ព្រោះ​តែ​ព្រះ​ពរ​ទាំង​ឡាយ ដែល​នឹង​បាន​ចាក់​ចេញ​មក ព្រម​ទាំង​អំណោយទាន​ពិសិដ្ឋ ដែល​ពួក​អ្នក​បម្រើ​របស់​យើង​បាន​ទទួល​នៅ​ក្នុង​ដំណាក់​នេះ។

 ១០ ហើយ​ការ​ល្បីល្បាញ​អំពី​ដំណាក់​នេះ​នឹង​រាលដាល​ទៅ​ដល់​ដែនដី​ឆ្ងាយ ហើយ​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នូវ​ព្រះ​ពរ​ដែល​នឹង​បាន​ចាក់​មក​លើ​ក្បាល​នៃ​រាស្ត្រ​របស់​យើង។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

 ១១ បន្ទាប់​ពី​ការ​និមិត្ត​នេះ​បិទ​ទៅ នោះ​ស្រាប់​តែ​ផ្ទៃ​មេឃ​បាន​បើក​ដល់​យើង​ម្ដង​ទៀត ហើយ​លោក​ម៉ូសេ​បាន​លេច​មក​ចំពោះ​យើង ហើយ​បាន​ប្រគល់​ដល់​យើង​នូវ​កូន​សោ​ទាំង​ឡាយ នៃ​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ហើយ​នឹង​ការ​នាំ​ពូជ​អំបូរទាំង​ដប់​ចេញ​ពី​ដែនដី​ខាង​ជើង​មក។

 ១២ បន្ទាប់​មក លោក​អេលីយ៉ាស​បាន​លេច​មក ហើយ​បាន​ប្រគល់​គ្រា​កាន់កាប់​ត្រួតត្រា នៃ​ដំណឹង​ល្អ​របស់​លោក​អ័ប្រាហាំ ដោយ​ប្រាប់​ថា នៅ​ក្នុង​យើង និង​ពូជ​របស់​យើង នោះ​អស់​ទាំង​តំណ​មនុស្ស​បន្ទាប់​ពី​យើង​មក​នឹង​បាន​ពរ។

 ១៣ បន្ទាប់​ពី​ការ​និមិត្ត​បាន​បិទ​ទៅ នោះ​មាន​ការ​និមិត្ត​ដ៏​ធំ និង​រុងរឿង​មួយ​ទៀត បាន​បើក​មក​លើ​យើង ព្រោះ​លោក​អេលីយ៉ា ជា​ព្យាការី ដែល​បាន​យក​ទៅ​ស្ថាន​សួគ៌​ដោយ​មិន​បាន​ភ្លក់​សេចក្ដី​ស្លាប់ បាន​ឈរ​នៅ​ចំពោះ​យើង ហើយ​បាន​និយាយ​ថា ៖

 ១៤ មើល​ចុះ ពេល​វេលា​បាន​មក​ដល់​ពេញ​លេញ​ហើយ ដែល​បាន​ពោល​ដោយ​មាត់​នៃ​លោក​ម៉ាឡាគី — ដោយ​ធ្វើ​ទី​បន្ទាល់​ថា លោក [អេលីយ៉ា] នឹង​ត្រូវ​បាន​ចាត់​ឲ្យ​មក​មុន​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់ —

 ១៥ ដើម្បី​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ក្រែង​ផែនដី​ទាំង​មូល​នឹង​ត្រូវ​វាយ​ដោយ​សេចក្ដី​បណ្ដាសា —

 ១៦ ហេតុ​ដូច្នេះ​ហើយ កូន​សោ​ទាំង​ឡាយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ត្រូវ​បាន​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​អ្នក ហើយ​ដោយ​សារ​ការណ៍​នេះ ទើប​អ្នក​រាល់​គ្នា​អាច​បាន​ដឹង​ថា​ថ្ងៃ​ដ៏​ធំ និង​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់​ជិត​មក​ដល់​ហើយ គឺ​នៅ​មាត់ទ្វារ។