កណ្ឌ​ទី ១១៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ហ្វា​វែស្ទ រដ្ឋ​មិសសួរី ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​១៨៣៨ ដោយ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ព្រះ​ហឫទ័យ​នៃ​ព្រះ អំពី​ការ​កសាង​ទី​នោះ និង​ដំណាក់​នៃ​ព្រះ​អម្ចាស់ (History of the Church, ៣:២៣–២៥)។ វិវរណៈ​នេះ​ត្រូវ​បាន​តម្រង់​ទៅ​រក​ពួក​មេដឹកនាំ​ដែល​ត្រួតត្រា​លើ​សាសនាចក្រ។

១–៤, ព្រះ​អម្ចាស់​ទ្រង់​ឲ្យ​នាម​ដល់​សាសនាចក្រ​របស់​ទ្រង់​ថា​ជា សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ; ៥–៦, ស៊ីយ៉ូន និង​ស្តេក​ទាំង​ឡាយ​របស់​នាង​សុទ្ធ​តែ​ជាទី​ការពារ និង​ទីជ្រកកោន​សម្រាប់​ពួក​បរិសុទ្ធ; ៧–១៦, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​សង់ ដំណាក់​នៃ​ព្រះ​អម្ចាស់​នៅ​ក្រុង​ហ្វា​វែស្ទ; ១៧–១៩, យ៉ូសែប ស៊្មីធ កាន់​កូន​សោ​ទាំង​ឡាយ​នៃ​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី។

 ១ ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ដល់​អ្នក យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង និង​ព្រម​ទាំង​ហៃរុម ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង ហើយ​ជាទី​ប្រឹក្សា​របស់​អ្នក​ដែល​ត្រូវ​បាន​តាំង​ឡើង នៅ​ពេល​នេះ និង​ពី​ពេល​នេះ​ត​ទៅ

 ២ ហើយ​ព្រម​ទាំង​ដល់​អ្នក អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់​ផង​ដែរ

 ៣ ហើយ​ព្រម​ទាំង​ដល់​ពួក​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​យើង ដែល​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នៃ​សាសនាចក្រ​របស់​យើង​នៅ​ក្រុង​ស៊ីយ៉ូន ត្បិត​ពួក​នោះ​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ ហើយ​ព្រម​ទាំង​ដល់​អស់​ទាំង​ពួក​អែលឌើរ និង​ប្រជារាស្ត្រ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​យើង ដែល​បាន​ខ្ចាត់ខ្ចាយ​ពាស​ពេញ​លើ​ពិភពលោក

 ៤ ត្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ​ហើយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ គឺជា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។

 ៥ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ដូច្នេះ​ថា ៖ ចូរ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​អ្នក​អាច​បាន ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា

 ៦ ហើយ​ប្រយោជន៍​ឲ្យ​ការ​ប្រមូល​គ្នា​មក​លើ​ដែនដី​ស៊ីយ៉ូន និង​មក​លើ​ស្តេក​ទាំង​ឡាយ​របស់​នា​ង អាច​បាន​ទៅ​ជា​ទី​ការពារ និង​ជាទី​ជ្រកកោន​ពី​ព្យុះសង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មក​លើ​ផែនដី​ទាំង​មូល។

 ៧ ចូរ​ឲ្យ​ទី​ក្រុង​ហ្វា​វែស្ទ ទៅ​ជា​ដែនដី​បរិសុទ្ធ ហើយ​ថ្វាយ​ដល់​យើង​ចុះ ហើយ​ទី​នោះ​នឹង​ត្រូវ​បាន​ហៅថា បរិសុទ្ធ​បំផុត ត្បិត​ដីធ្លី​ដែល​អ្នក​ឈរ​លើ​គឺ​បរិសុទ្ធ

 ៨ ហេតុ​ដូច្នេះ​ហើយ យើង​បញ្ជា​ដល់​អ្នក​ឲ្យ​សង់​ដំណាក់​មួយ​ថ្វាយ​ដល់​យើង សម្រាប់​ការ​ប្រមូល​នៃ​ពួក​បរិសុទ្ធ​របស់​យើង ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ថ្វាយ​បង្គំ​យើង។

 ៩ ហើយ​ចូរ​ចាប់​ផ្ដើម​កិច្ចការ​នេះ និង​គ្រឹះស្ថាន និង​ការ​រៀបចំ​ផង នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ

 ១០ ហើយ​ចូរ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី៤ ខែ​កក្កដា​ខាង​មុខ​ចុះ ហើយ​ចាប់​ពី​ពេល​នោះ​តម​ក ចូរ​ឲ្យ​រាស្ត្រ​របស់​យើង​ខំ​ព្យាយាម​ធ្វើ​ការ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង​ចុះ

 ១១ ហើយ​មួយ​ឆ្នាំ​បន្ទាប់​ពី​ថ្ងៃ​នេះ​ទៅ ចូរ​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​សង់​គ្រឹះ​នៃ​ដំណាក់​របស់​យើង​ម្ដង​ទៀត។

 ១២ ដូច្នេះ ចាប់​តាំង​ពី​ពេល​នោះ​ទៅ ចូរ​ឲ្យ​ពួក​គេ​ខំ​ព្យាយាម​ធ្វើ​ការ​ទាល់​តែ​បាន​ធ្វើ​ព្រះ​វិហារ​រួច ចាប់​ពី​ថ្ម​ជ្រុង​ព្រះ​វិហារ​ទៅ​ដល់​ដំបូល​ព្រះ​វិហារ ទាល់​តែ​គ្មាន​អ្វី​នៅ​សល់​ដែល​មិនទាន់​ធ្វើ​រួច​ឡើយ។

 ១៣ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​កុំ​ឲ្យ យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ឬ​ក៏ ស៊ីឌនី ជា​អ្នក​បម្រើ​របស់​យើង ឬ​ក៏ ហៃរុម ជា​អ្នក​បម្រើ​របស់​យើង ជាប់​ជំពាក់​ត​ទៅ​ទៀត​ឡើយ ចំពោះ​ការ​កសាង​ដំណាក់​មួយ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង

 ១៤ ប៉ុន្តែ​ចូរ​ឲ្យ​មាន​ដំណាក់​មួយ​សង់​ឡើង​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ។

 ១៥ ហើយ​បើ​សិន​ជា​រាស្ត្រ​របស់​យើង​មិន​សង់​ដំណាក់​នោះ តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​ដល់​គណៈប្រធាន​របស់​ពួក​គេ​ទេ នោះ​យើង​នឹង​មិន​ទទួល​ដំណាក់​នោះ​ពី​ដៃ​របស់​ពួក​គេ​ឡើយ។

 ១៦ ប៉ុន្តែ​បើ​សិន​ជា​រាស្ត្រ​របស់​យើង​សង់​ដំណាក់​នោះ តាម​គំរូ​ដែល​យើង​នឹង​បង្ហាញ​ដល់​គណៈប្រធាន​របស់​ពួក​គេ​គឺ យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង និង​ពួក​ទីប្រឹក្សា​របស់​លោក ខណៈ​នោះ យើង​នឹង​ទទួល​ដំណាក់​នោះ​ពី​ដៃ​នៃ​រាស្ត្រ​យើង។

 ១៧ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​ទី​ក្រុង ហ្វា​វែស្ទ ត្រូវ​បាន​សង់​ឡើង​ជា​ប្រញាប់​ដោយ​ការ​ប្រមូល​នៃ​ពួក​បរិសុទ្ធ​របស់​យើង

 ១៨ ហើយ​កន្លែង​ផ្សេងៗ​ទៀត​ត្រូវ​បាន​តាំង​ឡើង​សម្រាប់​ស្តេក​ទាំង​ឡាយ នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ នៅ​ពេល​ណា​កន្លែង​ទាំង​នោះ​ត្រូវ​បាន​សម្ដែង​ប្រាប់​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ម្ដង​ម្កាលៗ។

 ១៩ ត្បិត​មើល​ចុះ យើង​នឹង​គង់នៅ​ជាមួយ​លោក ហើយ​យើង​នឹង​ញែក​លោក​ចេញ​ជា​បរិសុទ្ធ នៅ​ចំពោះ​ប្រជាជន ត្បិត​ដល់​លោក​នេះ​ហើយ ដែល​យើង​បាន​ប្រទាន​កូន​សោ​ទាំង​ឡាយ​នៃ​នគរ និង​ការងារ​បម្រើ​នេះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕