កណ្ឌ​ទី ១២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​ឧសភា ឆ្នាំ​១៨២៩ (History of the Church, ១:៤៧–៤៨)។ យ៉ូសែប ណៃត៍ បាន​ជឿ​ដល់​សម្ដី​របស់​យ៉ូសែប ស៊្មីធ ស្ដី​អំពី​ផ្ទាំង​នៃ​ព្រះ​គម្ពីរ​មរមន ដែល​លោក​មាន និង​អំពី​ការ​បកប្រែ​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ពេល​នោះ ហើយ​បាន​ផ្ដល់​ជំនួយ​ដល់​យ៉ូសែប ស៊្មីធ និង​ស្មៀន​របស់​លោក​ជា​ច្រើន​ដង ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាច​បកប្រែ​ត​ទៅ​ទៀត។ តាម​សំណូមពរ​របស់​យ៉ូសែប ណៃត៍ នោះ​ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ។

១–៦, ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ នឹង​បាន​សេចក្ដី​សង្គ្រោះ; ៧–៩, អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា ហើយ​ដែល​មាន​គុណ​សម្បត្តិ​សម អាច​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះ​អម្ចាស់។

 ១ កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ កំពុងតែ​នឹង​ចេញ​មក​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​ហើយ។

 ២ មើល​ចុះ យើង​ជា​ព្រះ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង​ដែល​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​មាន​មុខ​ពីរ ទាំង​កាត់​សន្លាក់ និង​ខួរឆ្អឹង​ដាច់​ពី​គ្នា ហេតុ​ដូច្នេះ​ហើយ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង​ចុះ។

 ៣ មើល​ចុះ ស្រែស​សំព្រុស​ល្មម​ច្រូត​ហើយ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​មាន​បំណង​ចង់​ច្រូត ចូរ​ឲ្យ​អ្នក​នោះ​លូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន ហើយ​ច្រូត​ក្នុង​កាល​មាន​ថ្ងៃ​នៅ​ចុះ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​បាន​សន្សំទុក​សម្រាប់​ព្រលឹង​គេ​នូវ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​នៅ​ក្នុង​នគរ​ព្រះ។

 ៤ មែន​ហើយ អស់​អ្នក​ណា​ដែល​នឹង​លូក​កណ្ដៀវ​របស់​ខ្លួន ហើយ​ច្រូត អ្នក​នោះ​ហើយ​បាន​ហៅ​ពី​ព្រះ។

 ៥ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​សុំ​ពី​យើង នោះ​អ្នក​តែង​នឹង​បាន​ទទួល បើ​សិន​ជា​អ្នក​នឹង​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។

 ៦ ឥឡូវ​នេះ ដូច​ជា​អ្នក​បាន​សុំ មើល​ចុះ យើង​ប្រាប់​អ្នក​ថា ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​ស្វែងរក​ដើម្បី​នាំ​មក ហើយ​តាំង​ឡើង​នូវ​គតិ​នៃ​ក្រុង​ស៊ីយ៉ូន​ចុះ។

 ៧ មើល​ចុះ យើង​មាន​បន្ទូល​ទៅ​កាន់​អ្នក ហើយ​ដល់​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា ចង់​នាំ និង​តាំង​កិច្ចការ​នេះ​ឡើង

 ៨ ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​ក្នុង​កិច្ចការ​នេះ​បាន​ឡើយ លើក​លែងតែ​អ្នក​នោះ​នឹង​បន្ទាប​ខ្លួន ហើយ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស ដោយ​សង្កត់​ចិត្ត​ក្នុង​កិច្ចការ​គ្រប់​យ៉ាង ដែល​នឹង​ផ្ទុក​ផ្ដាក់​ឲ្យ​គេ​ថែរក្សា។

 ៩ មើល​ចុះ យើង​ជា​ជីវិត និង​ជា​ពន្លឺ​នៃ​ពិភពលោក ដែល​មាន​បន្ទូល​ពាក្យ​ទាំង​នេះ ហេតុ​ដូច្នេះ​ហើយ ចូរ​ស្ដាប់​ឲ្យ​អស់​ពី​កម្លាំង​របស់​អ្នក​ចុះ ហើយ​ខណៈ​នោះ អ្នក​ត្រូវ​បាន​ហៅ​ហើយ។ អាម៉ែន៕