កណ្ឌ​ទី ១២២

ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ទៅ​កាន់ យ៉ូសែប ស៊្មីធ ជា​ព្យាការី កាល​លោក​ជាប់​នៅ​ក្នុង​គុក នៅ​ក្រុង​លិបើទី រដ្ឋ​មិសសួរី ខែ​មីនា ឆ្នាំ​១៨៣៩ (History of the Church, ៣:៣០០–៣០១)។

១–៤, នៅ​គ្រប់​ចុង​ផែនដី​នឹង​សាកសួរ​អំពី​ឈ្មោះ​នៃ​យ៉ូសែប ស៊្មីធ; ៥–៧, អស់​ទាំង​គ្រោះ និង​ការ​លំបាក​ទាំង​ឡាយ​របស់​លោក នោះ​នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​លោក ហើយ​ទៅ​ជា​សេចក្ដី​ល្អ​ដល់​លោក​ទៅ​វិញ; ៨–៩, កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ។

 ១ នៅ​គ្រប់​ចុង​ផែនដី​នឹង​សាកសួរ​អំពី​ឈ្មោះ​របស់​អ្នក ហើយ​ពួក​ល្ងង់ខ្លៅ​នឹង​សើចចំអក​អ្នក ហើយ​ស្ថាន​នរក​ខ្ញាល់​ទាស់​នឹង​អ្នក

 ២ ក្នុង​កាល​អ្នក​មាន​ចិត្ត​បរិសុទ្ធ និង​អ្នក​មាន​ប្រាជ្ញា និង​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់ និង​អ្នក​ដែល​មាន​គុណធម៌ នោះ​នឹង​ស្វែងរក​ដំបូន្មាន និង​សិទ្ធិ​អំណាច និង​ព្រះ​ពរ​ទាំង​ឡាយ​ជា​រៀង​រហូត​ពី​ក្រោម​ដៃ​អ្នក។

 ៣ ហើយ​ប្រជាជន​របស់​អ្នក​នឹង​មិនដែល​បែរ​ទៅ​ជា​ទាស់​នឹង​អ្នក ដោយ​សារ​ទី​បន្ទាល់​នៃ​ពួក​ក្បត់​ឡើយ។

 ៤ ហើយ​ទោះ​បី​ឥទ្ធិពល​របស់​ពួក​គេ​នឹង​បោះបង់​អ្នក​ទៅ​ក្នុង​ចលាចល និង​ទៅ​ក្នុង​របង និង​កំផែង​គុក​ក៏​ដោយ គង់តែ​អ្នក​នឹង​បាន​កិត្តិយស​ដែរ ហើយ​គ្រាន់តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ ហើយ​សំឡេង​អ្នក​នឹង​ទៅ​ជា​ស្ញែង​ខ្លាច​ជាង​សិង្ហ​សាហាវ​ទៅ​ទៀត នៅ​កណ្ដាល​ពួក​ខ្មាំងសត្រូវ​នៃ​អ្នក ពី​ព្រោះ​តែ​សេចក្ដី​សុចរិត​របស់​អ្នក ហើយ​ព្រះ​របស់​អ្នក​នឹង​ឈរ​នៅ​ក្បែរ​អ្នក​ជា​រៀង​ដរាប​ត​ទៅ។

 ៥ បើ​សិន​ជា​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ឆ្លងកាត់​សេចក្ដី​វេទនា បើ​សិន​ជា​អ្នក​មាន​គ្រោះ នៅ​ក្នុង​ចំណោម​ពួក​បង​ប្អូន​អ្នក​ក្នុង​សាសនា បើ​សិន​ជា​អ្នក​មាន​គ្រោះ​នៅ​ក្នុង​ចំណោម​ពួក​ចោរ​ប្លន់ បើ​សិន​ជា​អ្នក​មាន​គ្រោះ ដោយ​ដី ឬ​ដោយ​ទឹក

 ៦ បើ​សិន​ជា​អ្នក​ត្រូវ​គេ​ចោទ​ដោយ​ការ​ចោទ​ក្លែងក្លាយ​គ្រប់​បែប​យ៉ាង បើ​សិន​ជា​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​សង្កត់​មក​លើ​អ្នក បើ​សិន​ជា ពួក​គេ​បំបាក់​បំបែក​អ្នក​ចេញ​ពី​សមាគម​នៃ​ឪពុក និង​ម្ដាយ និង​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក ហើយ​បើ​សិន​ជា​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​បំបាក់ បំបែក​អ្នក​ដោយ​ដាវ​ចេញ​ពី​ឱរា​នៃ​ប្រពន្ធ​អ្នក និង​ពី​កូន​ចៅ​អ្នក ហើយ​ពី​កូន​ច្បង​បង្អស់​របស់​អ្នក ទោះ​ជា​មាន​អាយុ​តែ​ប្រាំ​មួយ​ឆ្នាំ​គត់​ក្ដី គឺ​វា​នឹង​តោង​ខោអាវ​អ្នក​ជាប់ ហើយ​នឹង​វាចា​ថា ៖ លោក​ឪពុក លោក​ឪពុក ម៉េច​ក៏​ពុក​មិន​នៅ​ជាមួយ​យើង? ឱ​លោក​ឪពុក​អើយ តើ​មនុស្ស​ទាំង​ឡាយ គេ​នឹង​ធ្វើ​អ្វី​ដល់​ពុក? ហើយ​បើ​សិន​ជា​វា​ត្រូវ​គេ​គ្រវែង​ចេញ​ពី​អ្នក​ដោយ​ដាវ ហើយ​អ្នក​ត្រូវ​គេ​អូស​ទៅ​ដាក់​គុក ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​ដើរ​ក្រវែល​ជុំវិញ​អ្នក ដូច​ជា​ចចក​ធុំ​ឈាម​នៃ​កូន​ចៀម​ក្ដី

 ៧ ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​បាន​បោះ​ទៅ​ក្នុង​រណ្ដៅ ឬ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ឃាតករ ហើយ​អ្នក​ត្រូវ​គេ​កាត់ទោស​ដល់​ស្លាប់ បើ​សិន​ជា​អ្នក​បោះ​ទៅ​ក្នុង​ជម្រៅ បើ​សិន​ជា​ទឹក​រលក​បោក​បាច​ទាស់​នឹង​អ្នក បើ​សិន​ជា​ខ្យល់​កួច​ត្រឡប់​ជា​ខ្មាំងសត្រូវ​ដល់​អ្នក បើ​សិន​ជា​ផ្ទៃ​មេឃ​ទៅ​ជា​ងងឹតឈឹង ហើយ​អស់​ទាំង​ធន​ធាតុ​ប្រមូល​គ្នា​រារាំង​ផ្លូវ ហើយ​ទោះ​បី​លើស​ជាង​អ្វីៗ​ទាំង​អស់ បើ​សិន​ជា​ចង្កា​រមាត់​នៃ​ស្ថាន​នរក​នឹង​ហារ​ត្របាក់​អ្នក​ក្ដី បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំង​នេះ នឹង​ផ្ដល់​ការ​ពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅ​ជា​ការ​ល្អ​ដល់​អ្នក​ទៅ​វិញ។

 ៨ កូន​មនុស្ស​បាន​ចុះ​ទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត។ តើ​អ្នក​ធំ​ជាង​ទ្រង់​ឬ​អី?

 ៩ ហេតុ​ដូច្នេះ​ហើយ កូន​កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ ហើយ​បព្វជិតភាព​នឹង​នៅ​ជាមួយ​អ្នក ត្បិត​កម្រិត​ទាំង​ឡាយ​របស់​ពួក​គេ​ត្រូវ​បាន​ចាត់​ទុក ពួក​គេ​ពុំ​អាច​បង្ហួស​បាន​ឡើយ។ ថ្ងៃ​របស់​អ្នក​ត្រូវ​បាន​រាប់​ទុក ហើយ​ឆ្នាំ​របស់​អ្នក​មិន​ត្រូវ​បាន​រាប់​ទុក​ជា​តិច​ឡើយ ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ខ្លាច​នូវ​អ្វី ដែល​មនុស្ស​អាច​ប្រព្រឹត្ត​នោះ​ឡើយ ត្បិត​ព្រះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​អ្នក ជា​រៀង​ដរាប​ត​ទៅ៕