កណ្ឌ​ទី ១២៨

សំបុត្រ​ពី យ៉ូសែប ស៊្មីធ ជា​ព្យាការី ទៅ​កាន់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​មាន​នូវ​ការ​ដឹកនាំ​បន្ត​ទៅ​ទៀត​អំពី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​ចេញ​ពី​ទី​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​១៨៤២ (History of the Church, ៥:១៤៨–១៥៣)។

១–៥, ពួក​អ្នក​កត់​បញ្ជី​ទូ​ទៅ និង​ប្រចាំ​ភូមិ ត្រូវ​បញ្ជាក់​នូវ​ការ​ពិត​ប្រាកដ​អំពី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់; ៦–៩, បញ្ជី​ទាំង​ឡាយ​របស់​ពួក​គេ ត្រូវ​បាន​ចង ហើយ​កត់ត្រា​ទុក​នៅ​ផែនដី និង​នៅ​ស្ថាន​សួគ៌; ១០–១៤, អាង​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក​គឺជា​និមិត្តរូប​អំពី​ផ្នូរ; ១៥–១៧, លោក​អេលីយ៉ា​បាន​សាង​ឡើង​វិញ​នូវ​អំណាច ដែល​ទាក់​ទង​ទៅ​នឹង​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់; ១៨–២១, គ្រប់​ទាំង​កូន​សោ អំណាច និង​សិទ្ធិ​អំណាច​នៃ​គ្រា​កាន់កាប់​ត្រួត​ត្រា​មុនៗ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​បាន​សាង​ឡើង​វិញ; ២២–២៥, ដំណឹង​ដ៏​រីក​រាយ និង​ដ៏​រុងរឿង ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​នៅ​រស់ និង​មនុស្ស​ស្លាប់។

 ១ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក ក្នុង​សំបុត្រ​ខ្ញុំ មុន​ខ្ញុំ​បាន​ចាក​ចេញ​ពី​កន្លែង​ខ្ញុំ​ហើយ​ថា ខ្ញុំ​ចង់​សរសេរ​មក​អ្នក តាម​កាល​វេលា​ម្ដងៗ ហើយ​ឲ្យ​ព័ត៌មាន​ដល់​អ្នក អំពី​កម្មវត្ថុ​ជា​ច្រើន ឥឡូវ​នេះ ខ្ញុំ​និយាយ​ពី​កម្មវត្ថុ​អំពី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​ទៀត ព្រោះ​កម្មវត្ថុ​នោះ​ហាក់​ដូច​ជា ជាប់​នៅ​ក្នុង​សតិ​ខ្ញុំ ហើយ​ជ្រួត​ជ្រាប​មក​ក្នុង​អារម្មណ៍​ខ្ញុំ​យ៉ាង​ខ្លាំង ចាប់​តាំង​ពី​ខ្ញុំ​បាន​ត្រូវ​ពួក​ខ្មាំងសត្រូវ​របស់​ខ្ញុំ​តាម​រក​ម្ល៉េះ។

 ២ ខ្ញុំ​បាន​សរសេរ​នូវ​ពាក្យ​ខ្លះ​នៃ​វិវរណៈ​ដល់​អ្នក អំពី​អ្នក​កាន់​បញ្ជី។ ខ្ញុំ​មាន​គំនិត​ថែម​បន្តិចបន្តួច​ទៀត ដែល​ទាក់​ទង​អំពី​ការណ៍​នេះ ដែល​ខ្ញុំ​បញ្ជាក់​ប្រាប់​នៅ​ពេល​ឥឡូវ​នេះ។ គឺថា​បាន​ប្រកាស​ប្រាប់​នៅ​ក្នុង​សំបុត្រ​ពី​មុន​ហើយ​ថា គួរ​មាន​អ្នក​កត់​បញ្ជី​ម្នាក់ ដែល​គួរ​ធ្វើ​ជា​សាក្សី ហើយ​ក៏​ត្រូវ​ឮ​ដោយ​ត្រចៀក​គាត់​ផ្ទាល់ ប្រយោជន៍​ឲ្យ​គាត់​អាច​កត់​បញ្ជី​អំពី​សេចក្ដី​ពិត​នៅ​ចំពោះ​ព្រះ​អម្ចាស់។

 ៣ ឥឡូវ​ទំ​នាក់​ទំនង​អំពី​ការណ៍​នេះ គឺជា​ការ​ពិបាក​ដល់​អ្នក​កត់​បញ្ជី​ម្នាក់​ណាស់ ដែល​ត្រូវ​មាន​វត្ត​មាន​នៅ​គ្រប់​ពេល​វេលា ហើយ​ត្រូវ​ធ្វើ​ការ​គ្រប់​យ៉ាង។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ នោះ​អាច​មាន​អ្នក​កត់​បញ្ជី​ម្នាក់​ប្រចាំ​សង្កាត់​នីមួយៗ​ក្នុង​ទី​ក្រុង​ដែល​សម​បំផុត សម្រាប់​កត់​កំណត់ហេតុ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ចូរ​ឲ្យ​គាត់​ធ្វើ​ដោយ​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ ក្នុង​ការ​កត់​ហេតុការណ៍​ទាំង​មូល ដោយ​បញ្ជាក់​ក្នុង​បញ្ជី​គាត់​ថា គាត់​បាន​ឃើញ​ដោយ​ភ្នែក​គាត់ ហើយ​បាន​ឮ​ដោយ​ត្រចៀក​គាត់ ដោយ​ប្រាប់​ថ្ងៃ និង​ឈ្មោះ​ជាដើម និង​ប្រវត្តិ​នៃ​កម្មវិធី​ទាំង​មូល ដោយ​ប្រាប់​នូវ​ឈ្មោះ​បុគ្គល​ចំនួន​បី​នាក់​ដែល​មាន​វត្ត​មាន បើ​សិន​ជា​មាន​នរណា​មួយ​នៅ​ទី​នោះ ដែល​អាច​ហៅ​នៅ​ពេល​ណា​មួយ​ឲ្យ​បញ្ជាក់​ពី​ការណ៍​ដដែល គឺថា​ដោយ​មាត់​នៃ​សាក្សី​ពីរ​ឬ​បី​នាក់ នោះ​គ្រប់​ពាក្យ​អាច​បាន​បញ្ជាក់។

 ៤ បន្ទាប់​មក ចូរ​ឲ្យ​មាន​អ្នក​កត់​បញ្ជី​ទូ​ទៅ​ម្នាក់ ដែល​អាច​ជូន​បញ្ជី​ឯ​ទៀតៗ​ទៅ​ឲ្យ ដោយ​មាន​នូវ​ប័ណ្ណ​ទាំង​ឡាយ​ដែល​ចុះ​ហត្ថលេខា​របស់​ពួក​គេ​ផ្ទាល់ ដោយ​បញ្ជាក់​ថា​បញ្ជី​ដែល​ពួក​គេ​បាន​ធ្វើ​នោះ​គឺ​ពិត។ ខណៈ​នោះ អ្នក​កត់​បញ្ជី​ប្រចាំ​សាសនាចក្រ​ទូ​ទៅ អាច​បញ្ចូល​បញ្ជី​ទៅ​ក្នុង​បញ្ជី​នៃ​សាសនាចក្រ​ទូ​ទៅ ជាមួយ​នឹង​ប័ណ្ណ​ទាំង​ឡាយ និង​អស់​ទាំង​ពួក​សាក្សី​ដែល​នៅ​ទី​នោះ ជាមួយ​នឹង​ការ​ថ្លែង​របស់​គាត់​ផ្ទាល់​ថា គាត់​ជឿជាក់​ថា​ការ​ថ្លែង​ខាង​លើ និង​បញ្ជី​ទាំង​ឡាយ​នោះ​ពិត តាម​ការ​ចេះ​ដឹង​របស់​គាត់ អំពី​ចរិត និង​តំណែង​ទូ​ទៅ នៃ​មនុស្ស​ទាំង​នោះ​នៅ​ក្នុង​សាសនាចក្រ។ ហើយ​កាលណា​ការណ៍​នោះ​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​សៀវភៅ​នៃ​សាសនាចក្រ​ទូ​ទៅ នោះ​បញ្ជី​នឹង​បាន​ទៅ​ជា​បរិសុទ្ធ ហើយ​នឹង​បញ្ជាក់​អំពី​ពិធី ហាក់​ដូច​ជា​គាត់​បាន​ឃើញ​នឹង​ភ្នែក​គាត់ ហើយ​បាន​ឮ​នឹង​ត្រចៀក​គាត់​ដែរ ហើយ​បាន​ធ្វើ​បញ្ជី​អំពី​ការណ៍​ដដែល​នៅ​ក្នុង​សៀវភៅ​នៃ​សាសនាចក្រ​ទូ​ទៅ។

 ៥ អ្នក​អាច​គិត​ថា​របៀប​នៃ​ការណ៍​ទាំង​ឡាយ​ជា​ការ​ល្អិត​ល្អន់​ណាស់ ប៉ុន្តែ​ចូរ​ឲ្យ​ខ្ញុំ​ប្រាប់​អ្នក​ថា នេះ​គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​ប៉ុណ្ណោះ ដោយ​ធ្វើ​តាម​ពិធី និង​ការ​រៀបចំ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​តែងតាំង និង​រៀបចំ​ឡើង​មុន​កំណើត​លោកិយ​មក​ម្ល៉េះ សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ពួក​មនុស្ស​ស្លាប់ ដែល​ត្រូវ​ស្លាប់​ដោយ​គ្មាន​ការ​ចេះ​ដឹង​អំពី​ដំណឹង​ល្អ។

 ៦ ហើយ​ថែម​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នក​ចាំ​ថា យ៉ូហាន ជា​អ្នក​ទទួល​វិវរណៈ កំពុងតែ​ពិចារណា​អំពី​កម្មវត្ថុ​នេះ​ដែរ ដែល​ទាក់​ទង​ទៅ​នឹង​មនុស្ស​ស្លាប់ ក្នុង​កាល​លោក​បាន​ប្រកាស ដូច​អ្នក​អាច​ឃើញ​កត់​ទុក​នៅ​ក្នុង​គម្ពីរ​វិវរណៈ ២០:១២ ហើយ​ថា — នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ​ជំរះ​ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន។

 ៧ អ្នក​នឹង​ឃើញ​ថា ក្នុង​ពាក្យ​ស្រង់​នេះ​ដែល​បញ្ជី​ក៏​បាន​បើក​ឡើង ហើយ​បញ្ជី​១​ទៀត គឺជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំង​អស់​ត្រូវ​ជំនុំ​ជំរះ​ពី​សេចក្ដី​ដែល​កត់​ទុក​ក្នុង​បញ្ជី​ទាំង​នោះ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ម្ល៉ោះ​ហើយ បញ្ជី​ទាំង​ឡាយ​ដែល​បាន​ពោល​ដល់​នោះ​ច្បាស់​ជា​បញ្ជី ដែល​មាន​បញ្ជី​អំពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ហើយ​មាន​ន័យ​ដល់​បញ្ជី​ទាំង​ឡាយ ដែល​បាន​ទុក​នៅ​លើ​ផែនដី។ ហើយ​បញ្ជី​ដែល​ជា​បញ្ជី​ជីវិត​នោះ​ជា​បញ្ជី​ដែល​បាន​ទុក​នៅ​ស្ថាន​សួគ៌ គោលការណ៍​នោះ​ពិតជា​ព្រម​ព្រាង​គ្នា​នឹង​គោល​លទ្ធិ ដែល​បាន​បញ្ជា​ដល់​អ្នក នៅ​ក្នុង​វិវរណៈ​ដែល​មាន​នៅ​ក្នុង​សំបុត្រ ដែល​ខ្ញុំ​បាន​សរសេរ​ទៅ​អ្នក មុន​ខ្ញុំ​ចាក​ចេញ​ពី​កន្លែង​ខ្ញុំ​នោះ — ប្រយោជន៍​ឲ្យ​គ្រប់​ការ​កត់ត្រា​របស់​អ្នក​ទាំង​អស់ អាច​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​ដែរ។

 ៨ ឥឡូវ​នេះ សារៈ​នៃ​ពិធី​នេះ គឺ​មាន​នៅ​ក្នុង​អំណាច​នៃ​បព្វជិតភាព​ដោយ​សារ​វិវរណៈ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​អនុញ្ញាត​ថា​អ្វី ក៏​ដោយ​ដែល​អ្នក​ចង​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​ចង​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​ស្រាយ​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​ស្រាយ​នៅ​ស្ថាន​សួគ៌​ដែរ។ ឬ​ក៏​ម្យ៉ាង​ទៀត ដោយ​គិត​ពី​ការ​បកប្រែ​ផ្សេង​ទៀត​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​កត់ត្រា​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​មិន​កត់ត្រា​នៅ​ផែនដី នោះ​នឹង​មិន​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ស្ថាន​សួគ៌​ដែរ ត្បិត​ចេញ​ពី​បញ្ជី​ទាំង​ឡាយ នោះ​មនុស្ស​ស្លាប់​នឹង​ត្រូវ​ជំនុំ​ជំរះ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រៀង​ខ្លួន ទោះ​ជា​ពួក​គេ​បាន​ធ្វើ​ពិធី​ទាំង​ឡាយ​ដោយ​ខ្លួន​គេ​ផ្ទាល់ ឬ​ក៏​ដោយ​ភ្នាក់​ងារ​របស់​គេ​ផ្ទាល់ ស្រប​តាម​ពិធី​ដែល​ព្រះ​ទ្រង់​បាន​រៀបចំ​ទុក សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ពួក​គេ តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ ស្រប​តាម​បញ្ជី​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​កត់​ទុក អំពី​ពួក​មនុស្ស​ស្លាប់​របស់​ពួក​គេ។

 ៩ ការណ៍​នេះ​អាច​មើល​ទៅ​ថា​ជា​គោល​លទ្ធិ​មួយ​ដ៏​ធំដុំ​ណាស់ ដែល​យើង​យក​មក​និយាយ​ថា — អំណាច​ដែល​កត់ ឬ​ចង​នៅ​ផែនដី ហើយ​ចងទុក​នៅ​ស្ថាន​សួគ៌​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​នៅ​គ្រប់​សម័យ​លោក កាលណា​ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​នូវ​ការ​កាន់កាប់​ត្រួតត្រា​នៃ​បព្វជិតភាព​ដល់​មនុស្ស​ណា​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម ដោយ​វិវរណៈ​ប្រាកដ នោះ​អំណាច​នេះ​ក៏​ត្រូវ​បាន​ប្រទាន​ឲ្យ​ជា​ដរាប​ដែរ។ ម្ល៉ោះ​ហើយ អ្វី​ក៏​ដោយ​ដែល​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​បាន​ប្រព្រឹត្ត​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​បាន​ប្រព្រឹត្ត ដោយ​ពិត​ស្មោះត្រង់ ហើយ​បាន​កត់​បញ្ជី​ត្រឹម​ត្រូវ និង​ស្មោះត្រង់​នូវ​អ្វី​ទាំង​នោះ ការណ៍​នោះ​បាន​ក្លាយ​ទៅ​ជា​ក្រឹត្យ​វិន័យ​នៅ​ផែនដី និង​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​មិន​អាច​បំបាត់​បាន​ឡើយ ស្រប​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​យេហូវ៉ា​ដ៏​ធំ។ ពាក្យ​នេះ​គួរ​ជឿជាក់។ តើ​អ្នក​ណា​អាច​យល់​ឮ?

 ១០ ហើយ​ជា​ថ្មី​ទៀត ចំពោះ​អ្វី​ដែល​កើត​ឡើង​មក​ហើយ គឺ​ក្នុង​គម្ពីរ​ម៉ាថាយ ១៦:១៨, ១៩ ដែល​ថា ៖ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ។ ហើយ​ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថាន​សួគ៌​ដល់​អ្នក ៖ ហើយ​បើ​អ្នក​នឹង​ចង​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចងទុក​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែន​ដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន​សួគ៌​ដែរ។

 ១១ ឥឡូវ​នេះ ការ​អាថ៌កំបាំង​ដ៏​ធំ និង​មហិមា​អំពី​ការណ៍​ទាំង​មូល និង​ការ​ធំ​បំផុត​អំពី​កម្មវត្ថុ​ទាំង​មូល​ដែល​នៅ​ចំពោះ​យើង គឺ​មាន​នូវ​ការ​បាន​អំណាច​ទាំង​ឡាយ​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ។ ត្បិត​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​កូន​សោ​ទាំង​នេះ នោះ​មិនមែន​ជា​ពិបាក​នឹង​បាន​ការ​ចេះ​ដឹង​នូវ​ការ​ពិត អំពី​សេចក្ដី​សង្គ្រោះ​នៃ​កូន​ចៅ​មនុស្ស ទាំង​សម្រាប់​មនុស្ស​ស្លាប់ និង​មនុស្ស​រស់​ផង។

 ១២ នៅ​ក្នុង​ការណ៍​នេះ​ហើយ​ជា​សិរី​ល្អ និង​កិត្តិយស និង​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច — ពិធី​នៃ​បុណ្យ​ជ្រមុជ​ដោយ​ទឹក គឺ​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក ដើម្បី​ធ្វើ​ជា​តំណាង​អំពី​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​គោលការណ៍​មួយ​អាច​បាន​សមស្រប​នឹង​គ្នា ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក ហើយ​ងើប​ចេញ​ពី​ទឹក​មក​វិញ គឺជា​តំណាង​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ ក្នុង​ការ​ងើប​ចេញ​ពី​ផ្នូរ​មក​វិញ ម្ល៉ោះ​ហើយ ពិធី​នេះ​ត្រូវ​បាន​តាំង​ឡើង ដើម្បី​រួម​ទំ​នាក់​ទំនង​ជាមួយ​នឹង​ពិធី​នៃ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ ដោយ​មាន​តំណាង​អំពី​សេចក្ដី​ស្លាប់។

 ១៣ ដោយ​ហេតុ​នេះ ទើប​មាន​អាង​នៃ​បុណ្យ​ជ្រមុជ​ទឹក​តាំង​ឡើង ទុកជា​និមិត្តរូប​អំពី​ផ្នូរ ហើយ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដាក់​នៅ​ខាង​ក្រោម​កន្លែង​ដែល​មនុស្ស​រស់​ធ្លាប់​ជួបជុំ​គ្នា ដើម្បី​បង្ហាញ​ពី​មនុស្ស​រស់ និង​មនុស្ស​ស្លាប់ ហើយ​ប្រយោជន៍​ឲ្យ​គ្រប់​ការណ៍​ទាំង​អស់​អាច​មាន​តំណាង​របស់​វា ហើយ​ប្រយោជន៍​ឲ្យ​គ្រប់​ការណ៍​ទាំង​អស់​អាច​បាន​សមស្រប​នឹង​គ្នា — គឺ​អ្វី​ដែល​ជា​របស់​ផង​ផែនដី​ទៅ​នឹង​អ្វី​ដែល​ជា​របស់​ផង​ស្ថាន​សួគ៌ ដូចដែល​ប៉ុល​បាន​ប្រកាស​ប្រាប់​នៅ​ក្នុង​គម្ពីរ​កូរិនថូស ទី​១ ១៥:៤៦, ៤៧, និង​៤៨ ថា ៖

 ១៤ ឯ​វិញ្ញាណ​មិនមែន​កើតមុន​ទេ គឺ​រូប​សាច់​ទេតើ រួច​ទើប​មាន​វិញ្ញាណ​ជា​ខាង​ក្រោយ។ មនុស្ស​មុនដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​តាម​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះ​អម្ចាស់​ដែល​ចេញ​មក​ពី​ស្ថាន​សួគ៌​វិញ។ ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះ​អម្ចាស់​ដែល​យាង​មក​ពី​ស្ថាន​សួគ៌​ជា​យ៉ាង​ណា ពួក​ស្ថាន​សួគ៌​ក៏​យ៉ាង​នោះ​ដែរ។ ហើយ​ដូច​ជា​បាន​កត់​នៅ​ផែនដី​អំពី​ពួក​មនុស្ស​ស្លាប់​របស់​អ្នក ដែល​ច្បាស់​ជា​បាន​កត់​ទុក​ជា​យ៉ាង​ណា នោះ​ក៏​បាន​កត់​ទុក​នៅ​ស្ថាន​សួគ៌​ជា​យ៉ាង​នោះ​ដែរ។ ហេតុ​ដូច្នេះ​ហើយ នេះ​គឺជា​អំណាច​នៃ​ការ​ភ្ជាប់ និង​ការ​ចង ហើយ​បើ​និយាយ​តាម​ពាក្យ​ពិត​គឺជា​កូន​សោ​ទាំង​ឡាយ ដែល​មាន​នូវ​កូន​សោ​ខាង​ការ​ចេះ​ដឹង។

 ១៥ ហើយ​ឥឡូវ​នេះ បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្ងួនភ្ងា​របស់​ខ្ញុំ​អើយ ចូរ​ឲ្យ​ខ្ញុំ​បញ្ជាក់​ប្រាប់​អ្នក​ថា នេះ​គឺជា​គោលការណ៍​ទាំង​ឡាយ ដែល​ទាក់​ទង​ទៅ​នឹង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់ ដែល​មិន​អាច​បង្ហួស​ចោល​ដោយ​គ្មាន​គិតពិចារណា​នោះ​ឡើយ គឺជា​ការ​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សង្គ្រោះ​របស់​យើង។ ត្បិត​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ គឺជា​ការ​ចាំ​បាច់ និង​សំខាន់​បំផុត​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ដូច​ជា​ប៉ុល​មាន​ប្រសាសន៍​អំពី​ពួក​អយ្យកោ — ថា​ពួក​គេ​ពុំ​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅ​ពី​យើង​ឡើយ — រីឯ​យើង​ក៏​ពុំ​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅ​ពី​មនុស្ស​ស្លាប់​របស់​យើង​ដែរ។

 ១៦ ហើយ​ឥឡូវ​នេះ ចំពោះ​ការ​ទាក់​ទង​ទៅ​នឹង​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ នោះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​ពាក្យ​ស្រង់​របស់​ប៉ុល​មួយ​ទៀត គឺ​គម្ពីរ​កូរិនថូស ទី​១ ១៥:២៩ ដែល​ថា ៖ ពុំ​នោះ ពួក​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​នឹង​ធ្វើ​ដូច​ម្ដេច បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ? នោះ​តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​ធ្វើ​អី?

 ១៧ ហើយ​ជា​ថ្មី​ទៀត ចំពោះ​ទំ​នាក់​ទំនង​នឹង​ពាក្យ​ស្រង់​នេះ ខ្ញុំ​នឹង​ផ្ដល់​ដល់​អ្នក​នូវ​ពាក្យ​ស្រង់​ពី​ព្យាការី​មួយ​ទៀត ដែល​បាន​តម្រង់​នេត្រា​របស់​លោក​ទៅ​រក​ការ​សាង​ឡើង​វិញ​នៃ​បព្វជិតភាព សិរី​ល្អ​ទាំង​ឡាយ​ដែល​នឹង​បាន​បើក​សម្ដែង​ប្រាប់​នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត និង​ពី​របៀប​ដ៏​ពិសេស​អំពី​កម្មវត្ថុ​ដ៏​រុងរឿង​បំផុត ដែល​ជា​របស់​នៃ​ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ដោយ​មាន​ឈ្មោះ​ថា បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ ត្បិត​លោក​ម៉ាឡាគី​មាន​ប្រសាសន៍ នៅ​ក្នុង​ជំពូក​ចុង​ក្រោយ​បង្អស់ ខ​ទី៥ និង​ទី៦ ថា ៖ មើល មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​អម្ចាស់​បាន​មក​ដល់ នោះ​អញ​នឹង​ចាត់​អេលីយ៉ា​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា។ លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្ដាសា។

 ១៨ ខ្ញុំ​អាច​ធ្វើ​ការ​បកប្រែ​បទគម្ពីរ​នេះ​ឲ្យ​បាន​ច្បាស់លាស់​ទៅ​ទៀត ប៉ុន្តែ​តាម​ដើម​បទ​នេះ​ច្បាស់​គ្រាន់បើ​ចំពោះ​គោលបំណង​របស់​ខ្ញុំ​ហើយ។ ក្នុង​ករណី​នេះ គឺ​ល្មម​គ្រាន់តែ​ឲ្យ​ដឹង​ថា ផែនដី​នឹង​ត្រូវ​បាន​វាយ​ដោយ​សេចក្ដី​បណ្ដាសា លើក​លែង​តែ​មាន​ចំណង​ភ្ជាប់​យ៉ាង​ណា​មួយ រវាង​ពួក​ឪពុក​នឹង​កូនៗ គឺ​ចំពោះ​កម្មវត្ថុ​អ្វី​ណា​មួយ — ហើយ​មើល​ចុះ តើ​កម្មវត្ថុ​នោះ​ជា​អ្វី​ទៅ? គឺជា​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់។ ត្បិត​យើង​រាល់​គ្នា​មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្រៅ​ពី​ពួក​គេ​ឡើយ រីឯ​ពួក​គេ​ក៏​មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ​ក្រៅ​ពី​យើង​ដែរ។ ទាំង​ពួក​គេ និង​ពួក​យើង មិន​អាច​បាន​ល្អ​ឥត​ខ្ចោះ​ក្រៅ​ពី​អស់​អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ដំណឹង​ល្អ​ឡើយ ត្បិត​ជា​ការ​ចាំ​បាច់​ក្នុង​ការ​ចាប់​ផ្ដើម​នូវ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ជា​គ្រា​កាន់កាប់​ត្រួតត្រា​ដែល​កំពុងតែ​ចាប់​ផ្ដើម​នៅ​ពេល​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ការ​រួបរួម និង​ការ​ភ្ជាប់​គ្នា​ទាំង​មូល និង​ពេញ​លេញ និង​ល្អ​ឥត​ខ្ចោះ នៃ​ការ​កាន់កាប់​ត្រួតត្រា និង​កូន​សោ និង​អំណាច និង​សិរី​ល្អ​ទាំង​ឡាយ​បាន​កើត​ឡើង ហើយ​បាន​បើក​សម្ដែង​ប្រាប់ តាំង​ពី​សម័យ​លោក​អ័ដាម រហូត​មក​ដល់​ពេល​នេះ។ ហើយ​មិន​តែ​ប៉ុណ្ណេះ​សោត ប៉ុន្តែ​ពី​ការណ៍​ទាំង​នោះ​ផង ដែល​ពុំ​ដែល​បាន​បើក​សម្ដែង​ប្រាប់ តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ប៉ុន្តែ​បាន​លាក់​ទុក​ពី​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ឈ្លាសវៃ នោះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ដល់​ពួក​កូន​ក្មេង និង​កូន​ដែល​បៅ នៅ​ក្នុង​សម័យ​នេះ គឺជា​ការ​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់។

 ១៩ ឥឡូវ​នេះ តើ​យើង​ឮ​អ្វី​នៅ​ក្នុង​ដំណឹង​ល្អ ដែល​យើង​បាន​ទទួល​នោះ? គឺ​សំឡេង​រីករាយ! គឺ​សំឡេង​នៃ​សេចក្ដី​មេត្តាករុណា​ពី​ស្ថាន​សួគ៌ ហើយ​ជា​សំឡេង​នៃ​សេចក្ដី​ពិត​ចេញ​ពី​ផែនដី ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​ពួក​អ្នក​ស្លាប់ ជា​សំឡេង​នៃ​សេចក្ដី​រីករាយ​សម្រាប់​ពួក​អ្នក​រស់ និង​ពួក​អ្នក​ស្លាប់ ជា​ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​ដ៏​ធំ។ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ ដែល​ដើរ​លើ​ភ្នំ ដែល​នាំ​ដំណឹង​ដ៏​រីករាយ​ពី​ការណ៍​ប្រសើរ​ល្អ ហើយ​ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា ៖ ព្រះ​នៃ​អ្នក​ទ្រង់​សោយរាជ្យ! ដូច​ជា​ទឹកសន្សើម​ពី​ភូមិ​កើមែល ដើម្បី​ឲ្យ​ការ​ចេះ​ដឹង​នៃ​ព្រះ​ចុះ​មក​លើ​ពួក​គេ!

 ២០ ហើយ​ជា​ថ្មី​ទៀត តើ​យើង​ឮ​អ្វី? គឺ​ដំណឹង​ដ៏​រីករាយ​ពី​ភ្នំ​គូម៉ូរ៉ា! មរ៉ូណៃ ជា​ទេវតា​ពី​ស្ថាន​សួគ៌ ដែល​ប្រកាស​ប្រាប់​ពី​ការ​បំពេញ​នៃ​ពួក​ព្យាការី​ថា — គម្ពីរ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ឲ្យ​ឃើញ។ គឺ​សំឡេង​នៃ​ព្រះ​អម្ចាស់​នៅ​ក្នុង​ទី​រហោស្ថាន​នៃ​ក្រុង​ហ្វាយែត ស្រុក​សេនេកា ដែល​ប្រកាស​ប្រាប់​ពី​សាក្សី​បី​នាក់ ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​គម្ពីរ! គឺ​សំឡេង​នៃ​មីកែល​នៅ​លើ​ច្រាំងទន្លេ​សុសគ្វីហាណា ដែល​ដឹង​ថា​ជា​អារក្ស ក្នុង​កាល​វា​លេច​មក​ជា​ទេវតា​នៃ​ពន្លឺ! គឺ​សំឡេង​នៃ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​នៅ​ក្នុង​ទី​រហោស្ថាន រវាង​ភូមិ​ហាម៉ូនី ស្រុក​សុសគ្វីហាណា នឹង​ភូមិ​ខូលស្វិល ស្រុក​ព្រូម នៅ​លើ​ទន្លេ​សុសគ្វីហាណា ដែល​ប្រកាស​ប្រាប់​ថា​ខ្លួន​ជា​អ្នក មាន​កូន​សោ​ទាំង​ឡាយ​នៃ​នគរ ហើយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់!

 ២១ ហើយ​ជា​ថ្មី​ទៀត គឺ​សំឡេង​នៃ​ព្រះ​នៅ​ក្នុង​បន្ទប់​នៃ​លោក វិតមើរ ជា​ឪពុក​ចាស់ នៅ​ភូមិ​ហ្វាយែត ស្រុក​សេនេកា ហើយ​នៅ​ពេល​ផ្សេងៗ និង​កន្លែង​ផ្សេងៗ តាម​ដំណើរ និង​សេចក្ដី​ទុក្ខ​វេទនា​ទាំង​អស់​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ! ហើយ​គឺ​សំឡេង​នៃ​មីកែល ជា​មហា​ទេវតា គឺ​សំឡេង​នៃ​កាព្រីយ៉ែល និង​នៃ​រ៉ាហ្វាយ៉ែល និង​នៃ​ពួក​ទេវតា​ផ្សេងៗ​ទៀត ពី​មីកែល ឬ​អ័ដាម ចុះ​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ ទាំង​អស់​គ្នា​ប្រកាស​ប្រាប់​ពី​ការ​កាន់កាប់​ត្រួតត្រា​របស់​ខ្លួន សិទ្ធិ​របស់​ខ្លួន កូន​សោ​របស់​ខ្លួន កិត្តិយស​របស់​ខ្លួន ឫទ្ធានុភាព និង​សិរី​ល្អ​របស់​ខ្លួន និង​អំណាច​នៃ​បព្វជិតភាព​របស់​ខ្លួន ដែល​ប្រាប់​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច ដែល​ផ្ដល់​ការ​លួងលោម​ដល់​យើង ដោយ​ប្រកាស​ប្រាប់​ពី​អ្វី​ដែល​នឹង​កើត​ឡើង ដែល​បញ្ជាក់​នូវ​សេចក្ដី​សង្ឃឹម​របស់​យើង!

 ២២ បង​ប្អូន​អើយ តើ​យើង​នឹង​មិន​ទៅ​មុខ ដោយ​សារ​ចលនា​ដ៏​ធំ​មហិមា​នេះ​ឬ? ចូរ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ។ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ ហើយ​ចូរ​ទៅ ចូរ​ទៅ ទៅ​រក​ជ័យ​ជម្នះ! ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​អរ​សប្បាយ ហើយ​រីករាយ​ជា​អតិបរមា​ចុះ។ ចូរ​ឲ្យ​ផែនដី​ទម្លាយ​សំឡេង​ច្រៀង​ចេញ​មក។ ចូរ​ឲ្យ​ពួក​អ្នក​ស្លាប់​បន្លឺ​សំឡេង​ច្រៀង​អំពី​ការ​សរសើរ​តម្កើង​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ក្សត្រា អេម៉ាញូអែល ដែល​បាន​តែងតាំង​ឡើង​មុន​កំណើត​លោកិយ​មក​ម្ល៉េះ ដែល​នឹង​ធ្វើ​ឲ្យ​យើង​អាច​ប្រោស​លោះ​ពួក​គេ​ឲ្យ​រួច​ពី​គុក​របស់​ពួក​គេ ព្រោះ​ពួក​អ្នក​ជាប់​គុក​នឹង​បាន​រួច។

 ២៣ ចូរ​ឲ្យ​ភ្នំ​បន្លឺ​ឡើង​ដោយ​អំណរ ហើយ​ឲ្យ​ច្រក​ភ្នំ​ទាំង​អស់​បន្លឺ​ឡើង​ជា​ខ្លាំង ហើយ​ឲ្យ​សមុទ្រ និង​ដីគោក​ទាំង​អស់​ប្រាប់​ពី​ការ​អស្ចារ្យ​នៃ​ស្ដេច​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​អ្នក! ហើយ​ឲ្យ​ទន្លេ និង​ស្ទឹង និង​អូ​ទាំង​ឡាយ​ហូរ​ដោយ​រីករាយ។ ចូរ​ឲ្យ​ព្រៃ​ប្រឹក្សា និង​អស់​ទាំង​ឈើ​នៅ​ពេញ​វាល​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់ ហើយ​ឲ្យ​ថ្មដា​យំ​ដោយ​អំណរ​ចុះ! ហើយ​ចូរ​ឲ្យ​ព្រះ​អាទិត្យ ព្រះ​ចន្ទ និង​ផ្កាយ​ព្រឹក​ច្រៀង​ជាមួយ​គ្នា ហើយ​ចូរ​ឲ្យ​អស់​ទាំង​កូន​ព្រះ​ស្រែក​អរសាទរ​ចុះ! ហើយ​ចូរ​ឲ្យ​របស់​របរ​ដ៏​អស់​កល្ប​ជានិច្ច​ដែល​បាន​បង្កើត​ឡើង ប្រកាស​ប្រាប់​ពី​ព្រះ​នាម​របស់​ទ្រង់​ជា​រៀង​ដរាប​ត​ទៅ! ហើយ​ជា​ថ្មី​ទៀត រុងរឿង​ណាស់​ហ្ន៎ គឺជា​សំឡេង​ដែល​យើង​បាន​ឮ​ពី​ស្ថាន​សួគ៌ ដែល​ប្រកាស​ប្រាប់​ដល់​ត្រចៀក​យើង អំពី​សិរី​ល្អ និង​សេចក្ដី​សង្គ្រោះ និង​កិត្តិយស និង​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច អំពី​នគរ ក្សត្រ​បុរី និង​អំណាច​ទាំង​ឡាយ!

 ២៤ មើល​ចុះ ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់​នៅ​ជិត​ដៃ​បង្កើយ ហើយ​អ្នក​ឯណា​នឹង​ធន់​នៅ​បាន​ក្នុង​កាលដែល​ទ្រង់​យាង​មក​នោះ ហើយ​តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​កាលដែល​ទ្រង់​លេច​មក? ត្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក ហើយ​ទ្រង់​នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់ ហើយ​ទ្រង់​សំអាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​ពួក​គេ​ដូច​មាស ហើយ​នឹង​ប្រាក់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ថ្វាយ​ដង្វាយ​ដល់​ព្រះ​អម្ចាស់​ដោយ​សេចក្ដី​សុចរិត។ ហេតុ​ដូច្នេះ​ហើយ ចូរ​យើង​ជា​សាសនាចក្រ ហើយ​ប្រជារាស្ត្រ ហើយ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ថ្វាយ​ដង្វាយ​ដល់​ព្រះ​អម្ចាស់​ដោយ​សេចក្ដី​សុចរិត​ចុះ ហើយ​ចូរ​យើង​ថ្វាយ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ពេល​ណា​ដែល​ធ្វើ​រួច​ស្រេចបាច់ នូវ​បញ្ជី​មួយ​ដែល​មាន​បញ្ជី​នៃ​ពួក​អ្នក​ស្លាប់​របស់​យើង ដែល​គួរសម​ទទួល​ការ​គ្រប់​យ៉ាង។

 ២៥ បង​ប្អូន​អើយ ខ្ញុំ​មាន​ការណ៍​ជា​ច្រើន ដែល​ចង់​ប្រាប់​អ្នក​អំពី​កម្មវត្ថុ​នេះ ប៉ុន្តែ​ឥឡូវ​ត្រូវ​បិទ​សិន​ហើយ ហើយ​នឹង​បន្ត​នូវ​កម្មវត្ថុ​នេះ​នៅ​ពេល​ផ្សេង​ទៀត។ ខ្ញុំ​ជា​អ្នក​បម្រើ​ដ៏​ស្លូតបូត​រហូត ហើយ​ជា​មិត្ត​អ្នក​ដ៏​មិនដែល​ផ្លាស់​ប្ដូរ​ឡើយ

យ៉ូសែប ស៊្មីធ។