គោល​លទ្ធិ និង​សេចក្ដី​សញ្ញា

កណ្ឌ​ទី ១៣០

ការ​បង្គាប់​អំពី​កម្មវត្ថុ​ផ្សេងៗ​ដែល​បាន​បង្គាប់​ដោយ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​រេមុស រដ្ឋ​អិលលីណោយ ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​១៨៤៣ (History of the Church, ៥:៣២៣–៣២៥)។

១–៣, ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា អាច​លេច​មក​ឲ្យ​មនុស្ស​ឃើញ​ផ្ទាល់; ៤–៧, ពួក​ទេវតា​រស់នៅ​ក្នុង​គោល​ខាង​សេឡេស្ទាល; ៨–៩, ផែនដី​ខាង​សេឡេស្ទាល​នឹង​ទៅ​ជា​យូរីម និង​ធូមីម​ដ៏​ធំ; ១០–១១, គ្រួស​ស​មួយ​ត្រូវ​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ចូល​ក្នុង​ពិភព​សេឡេស្ទាល; ១២–១៧, គ្រា​នៃ​ការ​យាង​មក​លើក​ទី​ពីរ នោះ​ត្រូវ​បាន​លាក់​ពី​ព្យាការី; ១៨–១៩, បញ្ញា​ដែល​បាន​នៅ​ក្នុង​ជីវិត​នេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​រស់​ឡើង​វិញ; ២០–២១, ព្រះ​ពរ​ទាំង​អស់​សុទ្ធ​តែ​បាន​មក ដោយ​សារ​ការ​គោរព​តាម​ក្រឹត្យ​វិន័យ; ២២–២៣, ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង។

កាល​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​លេច​មក នោះ​យើង​នឹង​ឃើញ​ទ្រង់ ដូច​ជា​ទ្រង់​យ៉ាង​នេះ​ឯង។ យើង​នឹង​ឃើញ​ថា​ព្រះ​អង្គ ជា​មនុស្ស​ដូច​រូប​យើង​រាល់​គ្នា។

ហើយ​ទំ​នាក់​ទំនង​ដែល​មាន​នៅ​ក្នុង​ចំណោម​ពួក​យើង​នៅ​ទី​នេះ​យ៉ាង​ណា នោះ​ក៏​នឹង​មាន​នៅ​ក្នុង​ចំណោម​យើង​នៅ​ទី​នោះ​យ៉ាង​នោះ​ដែរ គ្រាន់តែ​រួបរួម​ដោយ​សិរី​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សិរី​ល្អ​ដែល​យើង​ពុំ​មាន​ការ​ពិសោធន៍​នៅ​ពេល​ឥឡូវ​នេះ​ប៉ុណ្ណោះ។

គម្ពីរ​យ៉ូហាន ១៤:២៣ — ការ​លេច​មក​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​នៅ​ក្នុង​ខ​នោះ គឺជា​ការ​លេច​មក​ផ្ទាល់ រីឯ​ជំនឿ​ដែល​ថា​ព្រះ​វរបិតា​គង់នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​គឺជា​ជំនឿ​ខាង​ក្រុម​សាសនា​ផ្សេងៗ ហើយ​គឺជា​ការ​ខុស។

ជា​ចម្លើយ​ដល់​សំនួរ​ថា — តើ​ការ​រាប់​ពេល​វេលា​នៃ​ព្រះ ពេល​វេលា​របស់​ទេវតា ពេល​វេលា​របស់​ព្យាការី និង​ពេល​វេលា​របស់​មនុស្ស នោះ​តើ​ពុំ​មែន​រាប់​តាម​ពិភព​ដែល​ពួក​គេ​រស់នៅ​ទេ​ឬ​អី?

ខ្ញុំ​ឆ្លើយ​ថា បាទ។ ប៉ុន្តែ​គ្មាន​ទេវតា​ណា​ដែល​បម្រើ​នៅ​លើ​ផែនដី​នេះ​ឡើយ លើក​លែងតែ​ពួក​អ្នក​ដែល​នៅ ឬ​ធ្លាប់​នៅ​ទី​នេះ។

ពួក​ទេវតា​ពុំ​រស់នៅ​ក្នុង​ពិភព ដូច​ជា​ផែនដី​នេះ​ឡើយ

ប៉ុន្តែ​ពួក​គេ​រស់នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ គឺ​នៅ​ក្នុង​គោល​ដូច​ជា​សមុទ្រ​កែវ និង​ភ្លើង ជាទី​ដែល​គ្រប់​ទាំង​អស់​ត្រូវ​បាន​សម្ដែង​ពី​សិរី​ល្អ​របស់​ខ្លួន នៅ​អតីតកាល នៅ​បច្ចុប្បន្នកាល និង​នៅ​អនាគតកាល ហើយ​មាន​ត​ទៅ​រហូត​នៅ​ចំពោះ​ព្រះ​អម្ចាស់។

កន្លែង​ដែល​ព្រះ​ទ្រង់​គង់នៅ គឺជា​យូរីម និង​ធូមីម​ដ៏​ធំ។

ផែនដី​នេះ នៅ​ក្នុង​សណ្ឋាន​ញែក​ចេញ​ជា​បរិសុទ្ធ និង​អមតភាព នោះ​នឹង​ក្លាយ​ទៅ​ដូច​ជា​កែវចរណៃ ហើយ​នឹង​ទៅ​ជា​យូរីម និង​ធូមីម ចំពោះ​អស់​អ្នក​ណា​ដែល​អាស្រ័យ​នៅ​ទី​នោះ រីឯ​គ្រប់​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​នគរ​ទាប ឬ​គ្រប់​អស់​ទាំង​នគរ​នៃ​របប​ទាប នោះ​នឹង​សម្ដែង​ដល់​អស់​អ្នក​ណា​ដែល​អាស្រ័យ​នៅ​ទី​នោះ ហើយ​ផែនដី​នេះ​នឹង​ទៅ​ជា​របស់​ផង​ព្រះ​គ្រីស្ទ។

១០ខណៈ​នោះ គ្រួស​ស​ដែល​បាន​ពោល​ដល់​នៅ​ក្នុង​គម្ពីរ​វិវរណៈ ២:១៧ នោះ​នឹង​ក្លាយ​ទៅ​ជា​យូរីម និង​ធូមីម ចំពោះ​អស់​អ្នក​ណា ដែល​បាន​ទទួល​គ្រួស​នោះ គឺ​ដោយ​សារ​គ្រួស​នោះ​នោះ​អ្វីៗ​ទាំង​ឡាយ​ដែល​ទាក់​ទង​ទៅ​នឹង​របៀប​ជាន់​ខ្ពស់​នៃ​នគរ​នឹង​បាន​បង្ហាញ​ឲ្យ​ដឹង។

១១ខណៈ​នោះ គ្រួស​ស​មួយ​ត្រូវ​បាន​ប្រទាន​ដល់​អស់​អ្នក​ណា ដែល​ចូល​មក​ក្នុង​នគរ​សេឡេស្ទាល ដែល​នឹង​មាន​ឈ្មោះ​ថ្មី​ខាង​លើ ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​លែងតែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ។ ឈ្មោះ​ថ្មី​នោះ​គឺជា​ពាក្យ​សំគាល់។

១២ខ្ញុំ​ព្យាករ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ថា​ការ​ចាប់​ផ្ដើម​នៃ​ការ​ពិបាក​ទាំង​ឡាយ ដែល​នឹង​បណ្ដាល​ឲ្យ​មាន​ការ​កំចាយ​ឈាម​ដ៏​ច្រើន មុន​ពេល​កូន​មនុស្ស​នឹង​យាង​មក​ជា​លើក​ទី​ពីរ នោះ​នឹង​កើត​ឡើង​នៅ​រដ្ឋ​សៅខារូឡាញណា

១៣ការ​នេះ​អាច​កើត​ឡើង ដោយ​សារ​បញ្ហា​ខាង​ទាសភាព។ នេះ​គឺជា​សំឡេង​ដែល​បាន​ប្រកាស​ប្រាប់​មក​ខ្ញុំ ក្នុង​កាល​ខ្ញុំ​កំពុងតែ​អធិស្ឋាន​ដោយ​មាន​ចិត្ត​ព្យាយាម​អំពី​កម្មវត្ថុ​នោះ នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ​១៨៣២។

១៤គ្រា​នោះ ខ្ញុំ​កំពុងតែ​អធិស្ឋាន​ដោយ​មាន​ចិត្ត​ព្យាយាម​ចង់​ដឹង​នូវ​ពេល​វេលា​នៃ​ការ​យាង​មក​របស់​កូន​មនុស្ស កាល​ខ្ញុំ​បាន​ឮ​សំឡេង​ប្រាប់​ពាក្យ​ដូច​ត​ទៅ​នេះ​ថា ៖

១៥យ៉ូសែប ជា​បុត្រ​យើង​អើយ បើ​សិន​ជា​អ្នក​រស់នៅ​ដល់​អាយុ​ប៉ែតសិប​ប្រាំ​ឆ្នាំ នោះ​អ្នក​នឹង​បាន​ឃើញ​ព្រះ​ភក្ត្រា​នៃ​កូន​មនុស្ស ហេតុ​ដូច្នេះ​ហើយ ការណ៍​នេះ​គ្រប់​គ្រាន់​ហើយ ហើយ​ចូរ​កុំ​រំខាន​យើង​ពី​ការណ៍​នេះ​ទៀត​ឡើយ។

១៦ខ្ញុំ​ក៏​ទុក​ឲ្យ​នៅ​បែប​នេះ ដោយ​ពុំ​អាច​សម្រេច​ចិត្ត​ថា ទោះ​ជា​ការ​យាង​មក​នេះ​និយាយ​ពី​ការ​ចាប់​ផ្ដើម​សហស្សវត្ស ឬ​ពី​ការ​លេច​មក​មុន​នោះ ឬ​ក៏​ខ្ញុំ​ត្រូវ​ស្លាប់ ហើយ​ទើប​ឃើញ​ព្រះ​ភក្ត្រ​របស់​ទ្រង់​នោះ​ឡើយ។

១៧ខ្ញុំ​ជឿ​ថា​ការ​យាង​មក​នៃ​កូន​មនុស្ស​នឹង​មិន​មក​មុន​ពេល​នោះ​ឡើយ។

១៨គោលការណ៍​នៃ​បញ្ញា​ណា​ក៏​ដោយ ដែល​យើង​បាន​នៅ​ក្នុង​ជីវិត​នេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង​ក្នុង​ដំណើរ​រស់​ឡើង​វិញ។

១៩ហើយ​បើ​សិន​ជា​អ្នក​ណា​មួយ​បាន​ចំណេះវិជ្ជា និង​បញ្ញា​ច្រើន​ជាង​អ្នក​ផ្សេង​នៅ​ក្នុង​ជីវិត​នេះ ដោយ​សារ​ការ​ព្យាយាម និង​ការ​គោរព​របស់​ខ្លួន អ្នក​នោះ​នឹង​បាន​ប្រៀប​ច្រើន​នៅ​ពិភព​ខាង​មុខ។

២០មាន​ក្រឹត្យ​វិន័យ​មួយ​ដ៏​ពុំ​អាច​ដក​ចេញ​បាន ដែល​បាន​ធ្វើ​នៅ​ស្ថាន​សួគ៌ មុន​កំណើត​លោកិយ​មក​ម្ល៉េះ ដែល​គ្រប់​ព្រះ​ពរ​ទាំង​អស់​ផ្អែក​ទៅ​លើ —

២១ហើយ​កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយ​សារ​ការ​គោរព​ដល់​ក្រឹត្យ​វិន័យ​នោះ ដែល​ព្រះ​ពរ​នោះ​ផ្អែក​ទៅ​លើ។

២២ព្រះ​វរបិតា ទ្រង់​មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង ដែល​ជាក់​ស្ដែង​ដូច​ជា​រូប​កាយ​មនុស្ស ព្រះ​រាជ​បុត្រា​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពុំ​មាន​ព្រះ​កាយ​ជា​សាច់ និង​ឆ្អឹង​ឡើយ តែ​មាន​រូប​ជា​ព្រះ​វិញ្ញាណ​វិញ។ បើ​ពុំ​នោះ​សោត​ទេ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពុំ​អាច​សណ្ឋិត​នៅ​ក្នុង​យើង​បាន​ឡើយ។

២៣មនុស្ស​អាច​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​យាង​ចុះ​មក​សណ្ឋិត​លើ​គេ​បាន ហើយ​មិន​សណ្ឋិត​នៅ​ជា​មួយ​គេ​ក៏​បាន​ដែរ។