កណ្ឌ​ទី ១៣២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ត្រូវ​បាន​កត់​ទុក​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ១៨៤៣ គឺ​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​អស់​កាល​ជានិច្ច ដែល​មាន​នូវ​ភាព​អស់​កល្ប​ជានិច្ច​នៃ​សេចក្ដី​សញ្ញា​ខាង​អាពាហ៍ពិពាហ៍ ព្រម​ទាំង​ការ​មាន​ប្រពន្ធ​ច្រើន (History of the Church, ៥:៥០១–៥០៧)។ ទោះ​ជា​វិវរណៈ​នេះ​ត្រូវ​បាន​កត់​ទុក​នៅ​ឆ្នាំ​១៨៤៣​ក៏​ដោយ គង់​តែ​មាន​ភស្តុតាង​ពី​បញ្ជី​ប្រវត្តិ​ទាំង​ឡាយ ថា​គោល​លទ្ធិ និង​គោលការណ៍​ទាំង​ឡាយ ដែល​មាន​នៅ​ក្នុង​វិវរណៈ​នេះ គឺ​បាន​ដឹង​ដោយ​ព្យាការី​តាំង​ពី​ឆ្នាំ ១៨៣១ ម្ល៉េះ។

១–៦, ភាព​លើក​តម្កើង​ឡើង​ត្រូវ​បាន​មក តាម​រយៈ​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​អស់​កាល​ជានិច្ច; ៧–១៤, ខ និង​លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​សេចក្ដី​សញ្ញា​នោះ​ត្រូវ​បាន​ចែង​ប្រាប់; ១៥–២០, អាពាហ៍ពិពាហ៍​ខាង​សេឡេស្ទាល និង​ការ​មាន​ក្រុម​គ្រួសារ​ត​ទៅ បណ្ដាល​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​ព្រះ​បាន; ២១–២៥, ផ្លូវ​តូច​ហើយ​ចង្អៀត​នាំ​ទៅ​រក​ជីវិត​ទាំង​ឡាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច; ២៦–២៧, ក្រឹត្យ​វិន័យ​ត្រូវ​បាន​ប្រទាន​មក​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ; ២៨–៣៩, សេចក្ដី​សន្យា​ទាំង​ឡាយ​អំពី​ភាព​ចម្រើន​ឡើង​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​ភាព​តម្កើង​ឡើង នោះ​ត្រូវ​បាន​សន្យា​ដល់​ពួក​ព្យាការី និង​ពួក​បរិសុទ្ធ​នៅ​គ្រប់​សម័យ; ៤០–៤៧, យ៉ូសែប ស៊្មីធ ត្រូវ​បាន​ទទួល​អំណាច​ឲ្យ​ចង និង​ភ្ជាប់​នៅ​ផែនដី និង​នៅ​ស្ថាន​សួគ៌​ដែរ; ៤៨–៥០, ព្រះ​អម្ចាស់​ទ្រង់​ភ្ជាប់​មក​លើ​លោក​នូវ​ភាព​តម្កើង​ឡើង​របស់​លោក; ៥១–៥៧, អិមម៉ា ស៊្មីធ ត្រូវ​បាន​ទូន្មាន​ឲ្យ​មាន​ចិត្ត​ស្មោះ ហើយ​ពិត​ត្រង់; ៥៨–៦៦, ក្រឹត្យ​វិន័យ​ទាំង​ឡាយ​ដែល ចាត់ចែង​ខាង​ការ​មាន​ប្រពន្ធ​ច្រើន នោះ​ត្រូវ​បាន​ចែង​ប្រាប់។

 ១ ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ដល់​អ្នក គឺ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ថា​ដរាបណា​អ្នក​បាន​ទូល​សូម​ពី​ព្រះ​ហស្ត​យើង​ចង់​ដឹង ហើយ​យល់​អំពី​របៀប ដែល​យើង​ជា​ព្រះ​អម្ចាស់ បាន​រាប់​ថា​សុចរិត​ចំពោះ​អ័ប្រាហាំ, អ៊ីសាក, និង​យ៉ាកុប ជា​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ម៉ូសេ, ដាវីឌ, និង​សាឡូម៉ូន ជា​ពួក​អ្នក​បម្រើ​របស់​យើង​អំពី​គោលការណ៍ និង​គោល​លទ្ធិ​ខាង​ការ​មាន​ប្រពន្ធ និង​ស្រី​ស្នំ​ច្រើន​នោះ —

 ២ មើល​ចុះ និង​មើល​ន៏ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​នឹង​ឆ្លើយតប​ដល់​អ្នក​អំពី​រឿង​នេះ។

 ៣ ហេតុ​ដូច្នេះ​ហើយ ចូរ​ត្រៀម​ចិត្ត​ដើម្បី​ទទួល ហើយ​គោរព​តាម​ការ​បង្គាប់​ទាំង​ឡាយ ដែល​យើង​កំពុងតែ​នឹង​ប្រាប់​ដល់​អ្នក​ចំពោះ​អស់​អ្នក​ណា​ដែល​ក្រឹត្យ​វិន័យ​នេះ​បាន​បើក​សម្ដែង​ដល់​ពួក​គេ នោះ​ត្រូវ​គោរព​តាម​ក្រឹត្យ​វិន័យ​នេះ​ដូច​គ្នា។

 ៤ ត្បិត​មើល​ចុះ យើង​បើក​សម្ដែង​ប្រាប់​ដល់​អ្នក​ពី​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​បើ​សិន​ជា​អ្នក​មិន​កាន់​សេចក្ដី​សញ្ញា​នោះ​ជាប់​ទេ ខណៈ​នោះ​អ្នក​ជាប់​ទោស ត្បិត​គ្មាន​អ្នក​ណា​មួយ​អាច​បដិសេធ​សេចក្ដី​សញ្ញា​នេះ ហើយ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សិរី​ល្អ របស់​យើង​បាន​ឡើយ។

 ៥ ត្បិត​អស់​អ្នក​ណា​ដែល​នឹង​បាន​ព្រះ​ពរ​ពី​ព្រះ​ហស្ត​របស់​យើង នោះ​នឹង​នៅ​ជាប់​នឹង​ក្រឹត្យ​វិន័យ​ដែល​បាន​តាំង​សម្រាប់​ព្រះ​ពរ​នោះ និង​លក្ខខណ្ឌ​នៃ​ក្រឹត្យ​វិន័យ​នោះ ដូចដែល​បាន​បង្កើត​ឡើង តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ។

 ៦ ហើយ​ដូច​ជា​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់​កល្ប​អស់​កាល​ជានិច្ច នោះ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ភាព​ពោរ​ពេញ​នៃ​សិរី​ល្អ​របស់​យើង ហើយ​អ្នក​ណា​ដែល​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សិរី​ល្អ​នោះ នោះ​ត្រូវ ហើយ​គួរ​នៅ​ជាប់​នឹង​ក្រឹត្យ​វិន័យ បើ​ពុំ​នោះ​សោត​ទេ អ្នក​នោះ​នឹង​ជាប់​ទោស​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ៧ ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា លក្ខខណ្ឌ​ទាំង​ឡាយ​នៃ​ក្រឹត្យ​វិន័យ​នេះ​គឺថា ៖ គ្រប់​ទាំង​សេចក្ដី​សញ្ញា កិច្ច​សន្យា សំបុត្រ​ធានា កាតព្វកិច្ច សម្បថ ការ​សច្ចា ការ​ប្រព្រឹត្តិ ការ​រួបរួម ការ​ចូល​រួម ឬ​ការ​សង្ឃឹម ដែល​ពុំ​បាន​ធ្វើ ហើយ​ចូល ហើយ​ភ្ជាប់ ដោយ​ព្រះ​វិញ្ញាណ បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដោយ​អ្នក​ដែល​បាន​លាប ចំពោះ​វេលា​កាល និង​ចំពោះ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​ផង​ដែរ ហើយ​ការណ៍ នោះ​ក៏​បរិសុទ្ធ​បំផុត​ដែរ គឺ​ដោយ​វិវរណៈ និង​ព្រះ​បញ្ញត្តិ តាម​រយៈ​មាគ៌ា​នៃ​អ្នក​ចាក់​ប្រេង​តាំង​របស់​យើង ដែល​យើង​បាន​តែងតាំង​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​កាន់អំណាច​នេះ (ហើយ​យើង​បាន​តែងតាំង​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​កាន់អំណាច​នេះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ពុំ​ដែល​មាន​ច្រើន​ជាង​មួយ​នៅ​លើ​ផែនដី​នៅ​គ្រា​ណា​មួយ ដែល​អំណាច​នេះ និង​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិត​ភាព​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ​នោះ​ឡើយ) នោះ​សុទ្ធ​តែ​គ្មាន​ប្រសិទ្ធិភាព អំណាច ឬ​អានុភាព នៅ​ក្នុង និង​ក្រោយ​ពី​ដំណើរ​រស់​ពី​ស្លាប់​ឡើង​វិញ​ឡើយ ត្បិត​គ្រប់​ទាំង​កិច្ច​សន្យា​ណា​ដែល​ពុំ​បាន​ធ្វើ​ចំពោះ​គោលបំណង​នេះ នោះ​ក៏​ឈប់​ដែរ នៅ​ពេល​មនុស្ស​ស្លាប់​ទៅ។

 ៨ មើល​ចុះ ដំណាក់​យើង គឺជា​ដំណាក់​នៃ​របៀបរៀបរយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ពុំ​មែន​ជា​ដំណាក់​នៃ​ចលាចល​ឡើយ។

 ៩ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា តើ​យើង​នឹង​ទទួល​ដង្វាយ ដែល​ពុំ​បាន​ធ្វើ​ដោយ​នូវ​ព្រះ​នាម​យើង​ឬ?

 ១០ ឬ​តើ​យើង​នឹង​ទទួល​ពី​ដៃ​អ្នក​នូវ​អ្វី​ដែល​យើង​ពុំ​បាន​តាំង​ឬ?

 ១១ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា តើ​យើង​នឹង​តាំង​ដល់​អ្នក លើក​លែងតែ​តាម​ក្រឹត្យ​វិន័យ​ដូចដែល​យើង និង​ព្រះ​វរបិតា​របស់​យើង បាន​តែងតាំង​ដល់​អ្នក តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ​ឬ?

 ១២ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​នេះ — ថា​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​បាន​ឡើយ លើក​លែង​តែ​ដោយ​យើង ឬ​ដោយ​ព្រះ​បន្ទូល​យើង ដែល​ជា​ក្រឹត្យ​វិន័យ​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ១៣ ហើយ​របស់​សព្វ​សារពើ​ដែល​នៅ​ក្នុង​លោកិយ ទោះ​ជា​បាន​តែងតាំង​ឡើង​ដោយ​មនុស្ស​លោក ដោយ​បល្ល័ង្ក​ទាំង​ឡាយ ឬ​ក្សត្រ​បុរី​ទាំង​ឡាយ ឬ​អំណាច​ទាំង​ឡាយ ឬ​របស់​នានា​ក្នុង​នាម​អ្វី​ក៏​ដោយ គង់តែ​ពុំ​មែន​ដោយ​យើង ឬ​ដោយ​ព្រះ​បន្ទូល​នៃ​យើង​ដែរ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ គឺ​នឹង​ត្រូវ​បោះ​ចោល ហើយ​នឹង​មិន​ត្រូវ​មាន​នៅ​ឡើយ បន្ទាប់​ពី​មនុស្ស​លោក​ស្លាប់​ទៅ ឬ​នៅ​ក្នុង ឬ​ក្រោយ​ពី​ដំណើរ​រស់​ឡើង​វិញ​ឡើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ១៤ ត្បិត​អ្វីៗ​ក៏​ដោយ​ដែល​នៅ នោះ​គឺ​ដោយ​យើង ហើយ​អ្វីៗ​ក៏​ដោយ ដែល​ពុំ​មែន​ដោយ​យើង​ទេ នោះ​នឹង​ត្រូវ​ញាប់​ញ័រ ហើយ​បំផ្លាញ​ចោល។

 ១៥ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​បុរស​ណា​មួយ​រៀបការ​យកប្រពន្ធ​នៅ​ក្នុង​លោកិយ ហើយ​អ្នក​នោះ​ពុំ​មែន​រៀប​ការ​យក​នាង​ដោយ​យើង ឬ​ដោយ​ព្រះ​បន្ទូល​យើង​ទេ ហើយ​អ្នក​នោះ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នាង ថា​ដរាបណា​គាត់​នៅ​ក្នុង​លោក ហើយ​នាង​នៅ​ជាមួយ​គាត់ នោះ​សេចក្ដី​សញ្ញា និង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ គ្មាន​ប្រសិទ្ធិភាព​ឡើយ កាលណា​ពួក​គេ​ស្លាប់​ទៅ ហើយ​កាល​ពួក​គេ​ចាក​ចេញ​ពី​លោកិយ​ទៅ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​នៅ​ជាប់​គ្នា ដោយ​សារ​ក្រឹត្យ​វិន័យ​ណា​ឡើយ កាល​ពួក​គេ​ចាក​ចេញ​ពី​លោកិយ​ទៅ​នោះ។

 ១៦ ហេតុ​ដូច្នេះ​ហើយ កាល​ពួក​គេ​ចាក​ចេញ​ពី​លោកិយ​ទៅ នោះ​ពួក​គេ​ពុំ​មែន​រៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ ប៉ុន្តែ​ត្រូវ​បាន​តែង​តាំង​ឡើង​ជា​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ គឺជា​ពួក​ទេវតា​ដែល​ជា​អ្នក​បម្រើ​ខាង​ការ​បម្រើ ដើម្បី​បម្រើ​ដល់​អស់​អ្នក​ណា ដែល​សំណំ​នឹង​ទម្ងន់​នៃ​សិរី​ល្អ​ដ៏​ធំ​ជាង និង​ដ៏​លើសលប់ និង​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

 ១៧ ត្បិត​ពួក​ទេវតា​ទាំង​នេះ​ពុំ​បាន​នៅ​ជាប់​នឹង​ក្រឹត្យ​វិន័យ​របស់​យើង​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​អាច​បាន​ចម្រើន​ឡើង​ឡើយ ប៉ុន្តែ​នៅ​បែក​គ្នា ហើយ​នៅ​តែ​ឯង​ដោយ​គ្មាន​ភាព​តម្កើង​ឡើង​ឡើយ នៅ​ក្នុង​សភាព​របស់​ពួក​គេ​ដែល​បាន​សង្គ្រោះ​រួច រហូត​ដល់​ភាព​អស់​កល្ប​ជានិច្ច ហើយ​ចាប់​ពី​អំណឹះ​ត​ទៅ ពុំ​មែន​ជា​ព្រះ​ទេ ប៉ុន្តែ​ជា​ពួក​ទេវតា​នៃ​ព្រះ​ជា​រៀង​ដរាប​ត​ទៅ។

 ១៨ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​បុរស​ណា​មួយ​រៀបការ​ប្រពន្ធ ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នាង​ចំពោះ​វេលា​កាល និង​ចំពោះ​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​ផង​ដែរ បើ​សិន​ជា​សេចក្ដី​សញ្ញា​ពុំ​មែន​ដោយ​យើង ឬ​ដោយ​ព្រះ​បន្ទូល​យើង ដែល​ជា​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​ពុំ​បាន​ភ្ជាប់​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា តាម​រយៈ​អ្នក​ណា​ដែល​យើង​បាន​លាប និង​តែងតាំង​ឡើង​ចំពោះ​អំណាច​នេះ​ទេ​នោះ សេចក្ដី​សញ្ញា​នោះ​គ្មាន​ការ ឬ​ប្រសិទ្ធិភាព​ឡើយ កាល​ពួក​គេ​ចាក​ចេញ​ពី​លោកិយ​ទៅ ពី​ព្រោះ​ពួក​គេ​ពុំ​ផ្សំផ្គុំ​ដោយ​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ឬ​ដោយ​ព្រះ​បន្ទូល​យើង​ដែរ កាលណា​ពួក​គេ​ចាក​ចេញ​ពី​លោកិយ​ទៅ សេចក្ដី​សញ្ញា​នោះ​ពុំ​បាន​ទទួល​ស្គាល់​នៅ​ទី​នោះ​ឡើយ ពី​ព្រោះ​ទេវតា និង​ព្រះ​ទាំង​ឡាយ​ត្រូវ​បាន​តែងតាំង​នៅ​ទី​នោះ ជា​ពួក​អ្នក​ដែល​គេ​ពុំ​អាច​បង្ហួស​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​អាច​គ្រង​សិរី​ល្អ​របស់​យើង​ទុកជា​មរតក​បាន​ឡើយ ត្បិត​ដំណាក់​យើង គឺជា​ដំណាក់​នៃ​របៀបរៀបរយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ១៩ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​បុរស​ណា​មួយ​រៀបការ​ប្រពន្ធ ដោយ​ព្រះ​បន្ទូល​យើង ដែល​ជា​ក្រឹត្យ​វិន័យ​របស់​យើង និង​ដោយ​សេចក្ដី​សញ្ញា​ថ្មី និង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​សេចក្ដី​សញ្ញា​នោះ​បាន​ភ្ជាប់​ដល់​ពួក​គេ ដោយ​ព្រះ វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ដោយ​អ្នក​ណា​ដែល​ត្រូវ​បាន​លាប ដែល​យើង​បាន​តែងតាំង​ឡើង​ចំពោះ​អំណាច​នេះ និង​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​នេះ ហើយ​នឹង​ត្រូវ​បាន​ប្រាប់​ដល់​ពួក​គេ​ថា — អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ក្រោក​ឡើង​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ លើក​ទី​មួយ ហើយ​បើ​សិន​ជា​បន្ទាប់​ពី​ដំណើរ​រស់​ឡើង​លើក​ទី​មួយ នោះ​គឺ​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ បន្ទាប់​មក ហើយ​នឹង​បាន​គ្រង​បល្ល័ង្ក​ទាំង​ឡាយ នគរ​ទាំង​ឡាយ ក្សត្រ​បុរី​ទាំង​ឡាយ និង​អំណាច​ទាំង​ឡាយ អំណាច​គ្រប់​គ្រង​ទាំង​ឡាយ គ្រប់​ទី​កម្ពស់ និង​ជម្រៅ​ទាំង​អស់ — ខណៈ​នោះ ទើប​នឹង​បាន​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ថា​អ្នក​នោះ​មិន​ត្រូវ​ប្រព្រឹត្ត​ឃាតកម្ម ដោយ​ការ​កំចាយ​ឈាម ដែល​គ្មាន​ទោស​ឡើយ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង ហើយ​មិន​ប្រព្រឹត្ត​ឃាតកម្ម ដោយ​ការ​កំចាយ​ឈាម ដែល​គ្មាន​ទោស​នោះ នោះ​នឹង​បាន​សម្រេច​ដល់​ពួក​គេ​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ ដែល​អ្នក​បម្រើ​របស់​យើង​បាន​ភ្ជាប់​ទៅ​លើ​ពួក​គេ ក្នុង​កាល​វេលា និង​រហូត​ដល់​អស់​ទាំង​ភាព​អស់​កល្ប​ជានិច្ច​ផង ហើយ​នឹង​មាន​ប្រសិទ្ធិភាព​ពេញ​លេញ​កាល ពួក​គេ​ចាក​ចេញ​ពី​លោកិយ​ទៅ ហើយ​ពួក​គេ​នឹង​បង្ហួស​ទេវតា​ទាំង​ឡាយ និង​ព្រះ​ទាំង​ឡាយ ដែល​បាន​ចាត់​ឲ្យ​នៅ​ទី​នោះ ដើម្បី​ទៅ​រក​ភាព​តម្កើង​ឡើង និង​សិរី​ល្អ​របស់​ពួក​គេ ក្នុង​អ្វីៗ​គ្រប់​ទាំង​អស់ ដូចដែល​បាន​ភ្ជាប់​លើ​ក្បាល​ពួក​គេ គឺជា​សិរី​ល្អ​ដែល​នឹង​បាន​ពូជ​ដ៏​បរិបូរ និង​បន្តបន្ទាប់​ជា​រៀង​ដរាប​ត​ទៅ។

 ២០ ខណៈ​នោះ ពួក​គេ​នឹង​ទៅ​ជា​ព្រះ ពី​ព្រោះ​ពួក​គេ​គ្មាន​ទី​អវសាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​នឹង​ទៅ​ពី​ភាព​អស់​កល្ប​អស់​កាល​ជានិច្ច ទៅ​ភាព​អស់​កល្ប​អស់​កាល​ជានិច្ច ពី​ព្រោះ​ពួក​គេ​មាន​បន្ត​ទៅ ខណៈ​នោះ ពួក​គេ​នឹង​ទៅ​លើ​អ្វីៗ​ទាំង​អស់ ពី​ព្រោះ​គ្រប់​ការណ៍​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​ខ្លួន។ ខណៈ​នោះ ពួក​គេ​នឹង​ទៅ​ជា​ព្រះ ពី​ព្រោះ​ពួក​គេ​នឹង​មាន​អំណាច​គ្រប់​យ៉ាង ហើយ​ពួក​ទេវតា​ត្រូវ​នៅ​ក្រោម​អំណាច​ពួក​គេ។

 ២១ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា លើក​លែងតែ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ក្រឹត្យ​វិន័យ​របស់​យើង នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​បាន​សិរី​ល្អ​នេះ​ឡើយ។

 ២២ ត្បិត​ទ្វារ​នោះ​តូច ហើយ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ភាព​តម្កើង​ឡើង និង​ភាព​បន្ត​ជីវិត​ទាំង​ឡាយ​ក៏​ចង្អៀត​ផង ហើយ​មាន​មនុស្ស​តិច​ណាស់ ដែល​រក​ផ្លូវ​នោះ​ឃើញ ពី​ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​នៅ​ក្នុង​លោក​នេះ ឬ​ក៏​ស្គាល់​យើង​ឡើយ។

 ២៣ ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ទទួល​យើង​នៅ​ក្នុង​លោក​នេះ ខណៈ​នោះ អ្នក​រាល់​គ្នា​ក៏​នឹង​បាន​ស្គាល់​យើង​ដែរ ហើយ​នឹង​បាន​ទទួល​ភាព​តម្កើង​ឡើង​របស់​អ្នក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​យើង​នៅ​នោះ​ដែរ។

 ២៤ នេះ​ហើយ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច — គឺ​ដើម្បី​ស្គាល់​ព្រះ​ដ៏​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ពិតតែ​មួយ​អង្គ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​មក។ យើង​នេះ​ហើយ​ដែល​ជា​ព្រះ​អង្គ។ ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង​ចុះ។

 ២៥ ទ្វារ​នោះ​ធំ ហើយ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​ស្លាប់​ក៏​ទូលាយ​ផង ហើយ​មាន​មនុស្ស​ជា​ច្រើន ដែល​ចូល​តាម​ទ្វារ​នោះ ពី​ព្រោះ​ពួក​គេ​ពុំ​បាន​ទទួល​យើង ឬ​ក៏​ពួក​គេ​ពុំ​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​របស់​យើង​ឡើយ។

 ២៦ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​មាន​បុរស​ណា​មួយ​រៀបការ​ប្រពន្ធ ស្រប​តាម​ព្រះ​បន្ទូល​របស់​យើង ហើយ​ពួក​គេ​ត្រូវ​បាន​ភ្ជាប់​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្ដី​សន្យា ស្រប​តាម​ការ​តែងតាំង​របស់​យើង ហើយ​បើ​បុរស ឬ​នាង​នោះ​បាន​ប្រព្រឹត្ត​អំពើ បាប ឬ​ការ​រំលង​ណា​មួយ​នៅ​ក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច និង​ការ​ពោល​ពាក្យ​មើល​ងាយ​គ្រប់​បែបបទ​ក៏​ដោយ ហើយ​បើ​សិន​ជា​ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដែល​ពួក​គេ​បាន​កំចាយ​ឈាម​ដែល​គ្មាន​ទោស​ទេ នោះ​គង់តែ​ពួក​គេ​នឹង​ត្រូវ​បាន​ក្រោក​ឡើង​នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ​លើក​ទី​មួយ ហើយ​ចូល​ទៅ​ក្នុង​ភាព​តម្កើង​ឡើង​របស់​ពួក​គេ​ដែរ ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ក្នុង​សាច់​ឈាម ហើយ​នឹង​ត្រូវ​បាន​ប្រគល់​ទៅ​ឯ​ការ​ធ្វើ​ទុក្ខ​ពី​អារក្ស​សាតាំង​ទម្រាំ​ដល់​ថ្ងៃ​ប្រោស​លោះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ២៧ ការ​ពោល​ពាក្យ​ប្រមាថ​ទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ទេ ទោះ​នៅ​លោកិយ​នេះ ឬ​នៅ​បរលោក​ក្ដី ព្រម​ទាំង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដែល​អ្នក​រាល់​គ្នា​បាន​កំចាយ​ឈាម​ដែល​គ្មាន​ទោស ហើយ​អ្នក​រាល់​គ្នា​យល់​ព្រម​ចំពោះ​សេចក្ដី​សុគត​របស់​យើង បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​សញ្ញា​ថ្មី និង​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​អ្នក​ណា​ដែល​មិន​នៅ​ជាប់​នឹង​ក្រឹត្យ​វិន័យ​នេះ នោះ​ពុំ​អាច​ចូល​ក្នុង​សិរី​ល្អ​របស់​យើង​បាន​ឡើយ ប៉ុន្តែ​នឹង​ត្រូវ​ជាប់​ទោស​វិញ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ២៨ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​នឹង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​អំពី​បព្វជិតភាព​បរិសុទ្ធ​របស់​យើង ដូចដែល​បាន​តែងតាំង​ដោយ​យើង និង​ព្រះ​វរបិតា​របស់​យើង ចាប់​តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ។

 ២៩ លោក​អ័ប្រាហាំ​បាន​ទទួល​ការណ៍​គ្រប់​យ៉ាង អ្វីៗ​ក៏​ដោយ​ដែល​លោក​បាន​ទទួល​ដោយ​វិវរណៈ និង​បញ្ជា នោះ​គឺ​ដោយ​ព្រះ​បន្ទូល​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​បាន​ទទួល​ក្នុង​ភាព​តម្កើង​ឡើង​របស់​លោក ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​របស់​លោក​ហើយ។

 ៣០ លោក​អ័ប្រាហាំ​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ពូជ​របស់​លោក និង​អំពី​ផល​នៃ​ពោះ​របស់​លោក — គឺ​អ្នក​រាល់​គ្នា​ចេញ​ពី​ពោះ អ្នក​នោះ​ហើយ គឺ​ឈ្មោះ​ថា យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង — ដែល​ត្រូវ​មាន​បន្ត​ទៅ ដរាបណា​ពួក​គេ​នៅ​ក្នុង​លោកិយ​នេះ ហើយ​អំពី​លោក​អ័ប្រាហាំ និង​ពូជ​លោក នោះ​ពួក​គេ​នឹង​មាន​បន្ត​ទៅ​នៅ​បរលោក ទាំង​នៅ​លោកិយ​នេះ និង​នៅ​បរលោក​ក្ដី ក៏​ពួក​គេ​នឹង​មាន​ច្រើន​ឥត​គណនា​ដូច​ជា​ផ្កាយ​ដែរ ឬ​ម្យ៉ាង​ទៀត បើ​សិន​ជា​អ្នក​រាល់​គ្នា​អាច​រាប់​ខ្សាច់​នៅ​លើ​ឆ្នេរសមុទ្រ​បាន ក៏​អ្នក​ពុំ​អាច​រាប់​ពួក​គេ​អស់​ដែរ។

 ៣១ សេចក្ដី​សន្យា​នេះ​ក៏​ជា​សេចក្ដី​សន្យា​ដល់​អ្នក​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​ជា​ពូជ​ពី​លោក​អ័ប្រាហាំ ហើយ​សេចក្ដី​សន្យា​បាន​ធ្វើ​ដល់​លោក​អ័ប្រាហាំ ហើយ​ដោយ​សារ​ក្រឹត្យ​វិន័យ​នេះ​ហើយ ជា​ការ​បន្ត​កិច្ចការ​នៃ​ព្រះ​វរបិតា​របស់​យើង ដែល​ព្រះ​អង្គ​លើក​តម្កើង​ព្រះ​អង្គ​ទ្រង់។

 ៣២ ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ទៅ ហើយ​ធ្វើ​កិច្ចការ​ទាំង​ឡាយ​របស់​លោក​អ័ប្រាហាំ​ចុះ ចូរ​ចូល​ក្នុង​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ។

 ៣៣ ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ចូល​ក្នុង​ក្រឹត្យ​វិន័យ​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​បាន​ទទួល​សេចក្ដី​សន្យា​នៃ​ព្រះ​វរបិតា ដែល​ព្រះ​អង្គ​បាន​ធ្វើ​ដល់​លោក​អ័ប្រាហាំ​នោះ​ឡើយ។

 ៣៤ ព្រះ​ទ្រង់​បាន​បញ្ជា​លោក​អ័ប្រាហាំ ហើយ​នាង​សារ៉ា​បាន​ប្រគល់​នាង​ហាការ​ដល់​លោក​អ័ប្រាហាំ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ។ ហើយ​តើ​ហេតុ អ្វី​បាន​ជា​នាង​ធ្វើ​ដូច្នោះ? ពី​ព្រោះ​ការណ៍​នេះ​គឺជា​ក្រឹត្យ​វិន័យ ហើយ​ចេញ​ពី​នាង​ហាការ នោះ​មាន​មនុស្ស​ជា​ច្រើន​កើត​មក។ ហេតុ​ដូច្នេះ​ហើយ ការណ៍​នេះ​ត្រូវ​បាន​សម្រេច​សេចក្ដី​សន្យា ព្រម​ទាំង​ការណ៍​ផ្សេងៗ​ទៀត។

 ៣៥ ហេតុ​ដូច្នេះ​ហើយ តើ​លោក​អ័ប្រាហាំ នៅ​ក្រោម​ការ​ដាក់​ទោស​ឬ? យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ទេ ត្បិត​យើង ជា​ព្រះ​អម្ចាស់​បាន​បញ្ជា​ការណ៍​នោះ។

 ៣៦ លោក​អ័ប្រាហាំ​ត្រូវ​បាន​បញ្ជា​ឲ្យ​ថ្វាយ​ដង្វាយ​នូវ​អ៊ីសាក​ជា​កូន​របស់​លោក ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​បាន​សរសេរ​ទុក​មក​ដែរ​ថា កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ។ ក៏​ប៉ុន្តែ​លោក​អ័ប្រាហាំ​ពុំ​បាន​ជំទាស់​ដែរ ហើយ​ការណ៍​នោះ​ត្រូវ​បាន​រាប់​ជា​សេចក្ដី​សុចរិត ដល់​លោក​វិញ។

 ៣៧ លោក​អ័ប្រាហាំ​បាន​ទទួល​យក​ពួក​ស្រី​ស្នំ ហើយ​ពួក​គេ​បាន​បង្កើត​កូន​ជូន​លោក ហើយ​ការណ៍​នោះ​ត្រូវ​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក គឺ​ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​ប្រគល់​ដល់​លោក ហើយ​លោក​បាន​នៅ​ជាប់​នឹង​ក្រឹត្យ​វិន័យ​របស់​យើង ដូច​ជា​អ៊ីសាក និង​យ៉ាកុប ដែរ ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ការណ៍ ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​នោះ​ឡើយ ហើយ​ពី​ព្រោះ​ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ផ្សេង​ពី​ការណ៍ ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​នោះ ទើប​ពួក​គេ​បាន​ចូល​ក្នុង​ភាព​តម្កើង​ឡើង​របស់​ពួក​គេ ស្រប​តាម​សេចក្ដី​សន្យា​ទាំង​ឡាយ ហើយ​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ឡាយ ហើយ​ពុំ​មែន​ជា​ពួក​ទេវតា​ទេ តែ​ជា​ព្រះ​វិញ។

 ៣៨ ហ្លួង​ដាវីឌ​ក៏​បាន​ទទួល​យក​ភរិយា និង​ស្រី​ស្នំ​ជា​ច្រើន ហើយ​ព្រម​ទាំង​ហ្លួង​សាឡូម៉ូន និង​លោក​ម៉ូសេ ជា​ពួក​អ្នក​បម្រើ​របស់​យើង​ដែរ ព្រម​ទាំង​អ្នក​ផ្សេង​ជា​ច្រើន​ទៀត ដែល​ជា​ពួក​អ្នក​បម្រើ​របស់​យើង​ផង ចាប់​តាំង​ពី​ដើមកំណើត​រហូត​មក​ដល់​ពេល​នេះ ហើយ​ពួក​គេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ឡើយ លើក​លែងតែ​ការណ៍​ទាំង​នោះ ដែល​ពួក​គេ​ពុំ​បាន​ទទួល​ពី​យើង​ប៉ុណ្ណោះ។

 ៣៩ ភរិយា និង​ស្រី​ស្នំ​ទាំង​ឡាយ​របស់​ហ្លួង​ដាវីឌ ត្រូវ​បាន​ប្រទាន​ដល់​ទ្រង់​ពី​យើង ដោយ​ដៃ​របស់​ណាថាន់ ជា​អ្នក​បម្រើ​របស់​យើង ហើយ​អ្នក​ផ្សេងៗ​ទៀត​ដោយ​ពួក​ព្យាការី ដែល​មាន​កូន​សោ​អំពី​អំណាច​នេះ ហើយ​ទ្រង់​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ទាស់​នឹង យើង​ឡើយ លើក​លែងតែ​ក្នុង​ករណី​នៃ​អូ​រី និង​ប្រពន្ធ​គាត់​ប៉ុណ្ណោះ ហើយ​ដោយ​ហេតុ​នេះ​ហើយ ទើប​ទ្រង់​បាន​ធ្លាក់​ពី​ភាព​តម្កើង​ឡើង​របស់​ទ្រង់ ហើយ​បាន​ទទួល​ចំណែក​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ពុំ​បាន​គ្រង​ពួក​គេ​ទុកជា​មរតក​នៅ​បរលោក​ឡើយ ត្បិត​យើង​បាន​ប្រទាន​ពួក​គេ​ដល់​អ្នក​ផ្សេង​ទៀត​ហើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ៤០ យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​យើង​ប្រទាន​ដល់​អ្នក គឺ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​នូវ​តំណែង​មួយ ហើយ​សាង​ឡើង​វិញ​នូវ​ការណ៍​គ្រប់​យ៉ាង។ ចូរ​អ្នក​រាល់​គ្នា​ទូល​សូម​អ្វី​ក៏​ដោយ នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ស្រប​តាម​ព្រះ​បន្ទូល​របស់​យើង។

 ៤១ ហើយ​ដូច​ជា​អ្នក​រាល់​គ្នា​បាន​ទូល​សូម​ចង់​ដឹង​អំពី​ការ​កំផិត ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​មាន​បុរស​ណា​ម្នាក់ បាន​ទទួល​ប្រពន្ធ​នៅ​ក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​អស់​កាល​ជានិច្ច ហើយ​បើ​សិន​ជា​នាង​នៅ​ជាមួយ​បុរស​ណា​ផ្សេង​ទៀត ដែល​យើង​ពុំ​បាន​តាំង​ដល់​នាង ដោយ​ការ​លាប​ដ៏​បរិសុទ្ធ​នោះ​ទេ នោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​កំផិត​ហើយ ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល។

 ៤២ បើ​សិន​ជា​នាង​ពុំ​នៅ​ក្នុង​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​អស់​កាល​ជានិច្ច​ទេ ហើយ​នាង​នៅ​ជាមួយ​បុរស​ណា​ផ្សេង​ទៀត នោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​កំផិត​ហើយ។

 ៤៣ ហើយ​បើ​សិន​ជា​ប្ដី​នាង​នៅ​ជាមួយ​ស្រី​ណា​ផ្សេង​ទៀត ហើយ​គាត់​នៅ​ក្នុង​កិច្ច​សច្ចា នោះ​គាត់​បាន​បំបាក់​កិច្ច​សច្ចា​របស់​ខ្លួន ហើយ​បាន​ប្រព្រឹត្ត​អំពើ​កំផិត​ហើយ។

 ៤៤ ហើយ​បើ​សិន​ជា​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​កំផិត​ទេ ប៉ុន្តែ​នៅ​គ្មាន​ទោស ហើយ​ពុំ​បាន​បំបាក់​កិច្ច​សច្ចា​របស់​ខ្លួន​ឡើយ ហើយ​នាង​ដឹង​ជាក់ ហើយ​យើង​បើក​សម្ដែង​ប្រាប់​ដល់​អ្នក គឺ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ខណៈ​នោះ​ទើប​អ្នក​មាន​អំណាច ដោយ​អំណាច​នៃ​បព្វជិតភាព​បរិសុទ្ធ​របស់​យើង ដើម្បី​យក​នាង ហើយ​ប្រគល់​នាង​ទៅ​ឲ្យ​អ្នក​ណា​ដែល​ពុំ​បាន​ប្រព្រឹត្ត​អំពើ​កំផិត ប៉ុន្តែ​មាន​ចិត្ត​ស្មោះ​វិញ ត្បិត​អ្នក​នោះ​នឹង​ត្រូវ​បាន​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត​លើ​របស់​ជា​ច្រើន។

 ៤៥ ត្បិត​យើង​បាន​ដាក់​មក​លើ​អ្នក​នូវ​កូន​សោ​ទាំង​ឡាយ និង​អំណាច​នៃ​បព្វជិតភាព ដែល​យើង​សាង​ឡើង​វិញ​នូវ​ការណ៍​គ្រប់​យ៉ាង ហើយ​ធ្វើ​ឲ្យ​អ្នក​ដឹង​នូវ​ការណ៍​គ្រប់​យ៉ាង​តាម​ពេល​កំណត់។

 ៤៦ ហើយ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​ភ្ជាប់​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​ភ្ជាប់​ទុក​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​ចង​នៅ​ផែនដី​ដោយ​នូវ​ព្រះ​នាម​របស់​យើង និង​ដោយ​ព្រះ​បន្ទូល​របស់​យើង ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដូច្នោះ នោះ​នឹង​ត្រូវ​បាន​ចងទុក​អស់​កល្ប​ជានិច្ច​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​បាប​ទាំង​ឡាយ​របស់​អ្នក​ណា​ក៏​ដោយ ដែល​អ្នក​អត់​ទោស​ឲ្យ​នៅ​ផែនដី នោះ​នឹង​ត្រូវ​បាន​អត់​ទោស​ឲ្យ​នៅ​ស្ថាន​សួគ៌​ដែរ ហើយ​បាប​ទាំង​ឡាយ​របស់​អ្នក​ណា​ក៏​ដោយ ដែល​អ្នក​ប្រកាន់​នៅ​ផែនដី នោះ​នឹង​ត្រូវ​ប្រកាន់​ជាប់​នៅ​ស្ថាន​សួគ៌​ដែរ។

 ៤៧ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ណា​ក៏​ដោយ​ដែល​អ្នក​ឲ្យ​ពរ នោះ​យើង​នឹង​ប្រទាន​ពរ​ឲ្យ​ដែរ ហើយ​អ្នក​ណា​ក៏​ដោយ​ដែល​អ្នក​ដាក់​បណ្ដាសា នោះ​យើង​នឹង​ដាក់​បណ្ដាសា​ដែរ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ គឺជា​ព្រះ​របស់​អ្នក។

 ៤៨ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក គឺ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ជា​ប្រាកដ​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​ប្រគល់​នៅ​ផែនដី ហើយ​ដល់​អ្នក​ណា​ក៏​ដោយ ដែល​អ្នក​ប្រគល់​ឲ្យ​នៅ​ផែនដី ដោយ​ព្រះ​បន្ទូល​របស់​យើង ហើយ​ស្រប​តាម​ក្រឹត្យ​វិន័យ​របស់​យើង នោះ​នឹង​ត្រូវ​បាន​ផ្ដល់ ដោយ​ព្រះ​ពរ​ទាំង​ឡាយ និង​ដោយ​ព្រះ​ចេស្ដា​របស់​យើង ហើយ​ពុំ​មែន​ដោយ​បណ្ដាសា​ឡើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​នឹង​គ្មាន​ការ​ដាក់​ទោស​នៅ​ផែនដី និង​នៅ​ស្ថាន​សួគ៌​ឡើយ។

 ៤៩ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​នឹង​បាន​ដល់​អ្នក ដរាប​ដល់​បំផុត​លោក និង​រហូត​ដល់​អស់​ភាព​អស់​កល្ប​ជានិច្ច​ផង ត្បិត​យើង​ប្រាកដជា​ភ្ជាប់​មក​លើ​អ្នក​នូវ​ភាព​តម្កើង​ឡើង​របស់​អ្នក ហើយ​រៀបចំ​បល្ល័ង្ក​មួយ​សម្រាប់​អ្នក នៅ​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង​ជាមួយ​លោក​អ័ប្រាហាំ ជា​អយ្យកោ​របស់​អ្នក។

 ៥០ មើល​ចុះ យើង​បាន​ទត​ឃើញ​ការ​បូជា​ទាំង​ឡាយ​របស់​អ្នក ហើយ​នឹង​អត់​ទោស​ដល់​អស់​ទាំង​អំពើ​បាប​របស់​អ្នក យើង​បាន​ទត​ឃើញ​ការ​បូជា​ទាំង​ឡាយ​របស់​អ្នក ចំពោះ​ការ​គោរព​តាម​អ្វី​ដែល​យើង​បាន​ប្រាប់​ដល់​អ្នក​ហើយ។ ហេតុ​ដូច្នេះ​ហើយ ចូរ​ទៅ ហើយ​យើង​នឹង​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​អ្នក​ចៀស​រួច​ចុះ ដូច​ជា​យើង​បាន​ទទួល​ដង្វាយ​របស់​លោក​អ័ប្រាហាំ គឺ​អ៊ីសាក ជា​កូន​លោក​នោះ។

 ៥១ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ៖ យើង​ប្រទាន​ព្រះ​បញ្ញត្តិ​មួយ​ដល់ អិមម៉ា ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​ដែល​ជា​ប្រពន្ធ​របស់​អ្នក ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​ថា នាង​ទប់​ខ្លួន ហើយ​កុំ​ទទួល​ទាន​នូវ​អ្វី​ដែល​យើង​បញ្ជា​ដល់​អ្នក​ឲ្យ​ប្រគល់​ដល់​នាង​ឡើយ ត្បិត​យើង​ធ្វើ​ការណ៍​នេះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ដើម្បី​ពិសោធ​ន៍ដល់​អ្នក​ទាំង​អស់​គ្នា ដូច​ជា​យើង​បាន​ពិសោធន៍​លោក​អ័ប្រាហាំ​ដែរ ហើយ​ប្រយោជន៍​ឲ្យ​យើង​អាច​តម្រូវ​ដង្វាយ​ពី​ដៃ​អ្នក ដោយ​សេចក្ដី​សញ្ញា និង​ការ​បូជា។

 ៥២ ហើយ​ចូរ​ឲ្យ អិមម៉ា ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង ទទួល​អស់​អ្នក​ណា​ដែល​ត្រូវ​បាន​ប្រទាន​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ដែល​ល្អ​សុទ្ធសាធ និង​បរិសុទ្ធ​នៅ​ចំពោះ​យើង ហើយ​អស់​អ្នក​ណា​ដែល​មិន​បរិសុទ្ធ ហើយ​ថា​ខ្លួន​បរិសុទ្ធ នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ៥៣ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​សំឡេង​របស់​យើង ហើយ​យើង​ប្រទាន​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ប្រយោជន៍​ឲ្យ​លោក​អាច​បាន​ធ្វើ​ជា​អ្នក​ត្រួត​លើ​របស់​ជា​ច្រើន ត្បិត​លោក​មាន​ចិត្ត​ស្មោះ​លើ​របស់​បន្តិចបន្តួច ហើយ​ចាប់​ពី​អំណឹះ​ត​ទៅ យើង​នឹង​ចម្រើន​កម្លាំង​ដល់​លោក។

 ៥៤ ហើយ​យើង​បញ្ជា​ដល់ អិមម៉ា ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​នៅ និង​នៅ​ជាប់​នឹង​យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង ហើយ​គ្មាន​នរណា​ទៀត​សោះ។ ប៉ុន្តែ​បើ​សិន​ជា​នាង​មិន​នៅ​ជាប់​នឹង​ព្រះ​បញ្ញត្តិ​នេះ​ទេ នោះ​នាង​នឹង​ត្រូវ​បំផ្លាញ​ចោល ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​នឹង​បំផ្លាញ​នាង​ចោល បើ​សិន​ជា​នាង​មិន​នៅ​ជាប់​ក្នុង​ក្រឹត្យ​វិន័យ​របស់​យើង​ទេ។

 ៥៥ ប៉ុន្តែ​បើ​សិន​ជា​នាង​មិន​នៅ​ជាប់​នឹង​ព្រះ​បញ្ញត្តិ​នេះ​ទេ ខណៈ​នោះ យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​សម្រាប់​នាង ដូចដែល​លោក​បាន​ប្រាប់​មក​ហើយ ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​លោក ហើយ​បង្កើន​លោក​ឲ្យ​បាន​ច្រើន​ជា​អនេក ហើយ​ប្រទាន​ដល់​លោក​មួយ​រយ​ដង​នៅ​ក្នុង​លោកិយ​នេះ គឺជា​ឪពុក និង​ម្ដាយ បង​ប្អូន​ប្រុស​ស្រី ផ្ទះ​សំបែង និង​ដែនដី ប្រពន្ធ និង​កូន​ចៅ ហើយ​នឹង​មកុដ​នៃ​ជីវិត​ទាំង​ឡាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច នៅ​ក្នុង​ពិភព​ទាំង​ឡាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

 ៥៦ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ជា​ប្រាកដ​ថា ចូរ​ឲ្យ​អ្នក​បម្រើ​របស់​យើង​អត់​ទោស​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​នូវ​ការ​រំលង​ទាំង​ឡាយ​របស់​លោក​ចុះ ហើយ​ខណៈ​នោះ ទើប​នាង​ត្រូវ​បាន​អត់​ទោស​ចំពោះ​ការ​រំលង​ទាំង​ឡាយ​របស់​នាង ដែល​នាង​បាន​ធ្វើ​រំលង​ទាស់ នឹង​យើង ហើយ​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​ដល់​នាង ហើយ​បង្កើន​នាង​ឲ្យ​បាន​ច្រើន​ជា​អនេក ហើយ​ធ្វើ​ឲ្យ​ចិត្ត​នាង​បាន​អរ​សប្បាយ។

 ៥៧ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ថា ចូរ​កុំ​ឲ្យ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ដក​របស់​របរ​លោក​ចេញ​ពី​ដៃ​លោក​ឡើយ ក្រែង​លោមាន​ខ្មាំងសត្រូវ​មក ហើយ​បំផ្លាញ​លោក​ចោល ត្បិត​អារក្ស​សាតាំង​ស្វែងរក​បំផ្លាញ​លោក​ចោល ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​លោក​គឺជា​អ្នក​បម្រើ​របស់​យើង ហើយ​មើល​ចុះ និង​មើល​ន៏ យើង​គង់នៅ​ជាមួយ​លោក ដូច​ជា​យើង​បាន​គង់នៅ​ជាមួយ​លោក អ័ប្រាហាំ ជា​អយ្យកោ​របស់​អ្នក ដរាប​ដល់​ភាព​តម្កើង​ឡើង និង​សិរី​ល្អ​របស់​លោក។

 ៥៨ ឥឡូវ​នេះ អំពី​ក្រឹត្យ​វិន័យ​នៃ​បព្វជិតភាព នោះ​មាន​ការណ៍​ជា​ច្រើន ដែល​ទាក់​ទង​ទៅ​នឹង​រឿង​នោះ។

 ៥៩ ប្រាកដ​មែន បើ​សិន​ជា​មាន​បុរស​ណា​មួយ ដែល​ត្រូវ​បាន​ហៅ​ពី​ព្រះ​វរបិតា​យើង ដូច​ជា​លោក​អើរ៉ុន ដោយ​សំឡេង​យើង​ផ្ទាល់ និង​ដោយ​សំឡេង​របស់​ព្រះ​អង្គ​ដែល​ចាត់​យើង ហើយ​យើង​បាន​ប្រទាន​ដល់​អ្នក​នោះ​នូវ​កូន​សោ​ទាំង​ឡាយ និង​អំណាច​នៃ​បព្វជិតភាព នេះ បើ​សិន​ជា​អ្នក​នោះ​ប្រព្រឹត្ត​អ្វី​ក៏​ដោយ​ដោយ​នូវ​ព្រះ​នាម​របស់​យើង និង​ស្រប​តាម​ក្រឹត្យ​វិន័យ​របស់​យើង និង​តាម​ព្រះ​បន្ទូល​របស់​យើង អ្នក​នោះ​នឹង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​យើង​នឹង​រាប់​គាត់​ថា​ជា​សុចរិត។

 ៦០ ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​និន្ទា​លើ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​ឡើយ ត្បិត​យើង​នឹង​រាប់​លោក​ថា​ជា​សុចរិត ត្បិត​លោក​នឹង​ធ្វើ​ការ​បូជា​អ្វី​ដែល​យើង​តម្រូវ​ពី​ដៃ​លោក ចំពោះ​ការ​រំលង​ទាំង​ឡាយ​របស់​លោក ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

 ៦១ ហើយ​ជា​ថ្មី​ទៀត អំពី​ក្រឹត្យ​វិន័យ​នៃ​បព្វជិតភាព បើ​សិន​ជា​មាន​បុរស​ណា​មួយ​យក​ស្រី​ព្រហ្មចារី​ធ្វើ​ជា​ប្រពន្ធ ហើយ​មាន​ប្រាថ្នា​ចង់​បាន​មួយ​ទៀត ហើយ​ប្រពន្ធ​ទី​មួយ​យល់​ព្រម ហើយ​បើ​សិន​ជា​គាត់​យកប្រពន្ធ​ទី​ពីរ ហើយ​ពួក​គេ​ជា​ស្រី​ព្រហ្មចារី ហើយ​ពុំ​បាន​សច្ចា​ដល់​បុរស​ផ្សេង​ទេ ខណៈ​នោះ រាប់​គាត់​ថា​ជា​សុចរិត គាត់​មិន​អាច​ប្រព្រឹត្ត​អំពើ​កំផិត​បាន​ឡើយ ព្រោះ​ពួក​គេ​ត្រូវ​បាន​ប្រគល់​ដល់​គាត់​ហើយ ត្បិត​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​កំផិត​ចំពោះ​អ្វី​ដែល​បាន​ប្រគល់​ដល់​គាត់ ហើយ​ដែល​មិនមែន​ដល់​អ្នក​ណា​ផ្សេង​នោះ​ឡើយ។

 ៦២ ហើយ​បើ​សិន​ជា​អ្នក​នោះ​មាន​ស្រី​ព្រហ្មចារី​ដប់​នាក់ ដែល​បាន​ប្រគល់​ដល់​គាត់​ដោយ​ក្រឹត្យ​វិន័យ​នេះ នោះ​គាត់​ពុំ​អាច​ប្រព្រឹត្ត​អំពើ​កំផិត​បាន​ឡើយ ត្បិត​ពួក​គេ​ជា​ប្រពន្ធ​គាត់ ហើយ​ពួក​គេ​ត្រូវ​បាន​ប្រគល់​ដល់​គាត់ ហេតុ​ដូច្នេះ​ហើយ អ្នក​នោះ​ត្រូវ​បាន​រាប់​ថា ជា​សុចរិត។

 ៦៣ ប៉ុន្តែ​បើ​សិន​ជា​ស្រី​ព្រហ្មចារី​ណា​មួយ​ក្នុង​ចំណោម​ដប់​នាក់ បន្ទាប់​ពី​នាង​រៀបការ​ហើយ នៅ​ជាមួយ​បុរស​ផ្សេង​ទៀត នោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល ត្បិត​ពួក​គេ​ត្រូវ​បាន​ប្រគល់​ដល់​អ្នក​នោះ ដើម្បី​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី ស្រប​តាម​ព្រះ​បញ្ញត្តិ​របស់​យើង និង​ដើម្បី​បំពេញ​សេចក្ដី​សន្យា ដែល​បាន​ធ្វើ​ដោយ​ព្រះ​វរបិតា​របស់​យើង ចាប់​តាំង​ពី​មុន​កំណើត​លោកិយ​មក​ម្ល៉េះ និង​សម្រាប់​ភាព​តម្កើង​ឡើង​របស់​ពួក​គេ​នៅ​ក្នុង​ពិភព​ទាំង​ឡាយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​ពួក​គេ​អាច បាន​ព្រលឹង​នៃ​មនុស្ស​លោក ត្បិត​ការណ៍​នេះ​ហើយ ទើប​កិច្ចការ​នៃ​ព្រះ​វរបិតា​របស់​យើង​បាន​បន្ត​ទៅ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​បាន​តម្កើង​ឡើង។

 ៦៤ ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​សិន​ជា​មាន​បុរស​ណា​មួយ ដែល​កាន់​កូន​សោ​ទាំង​ឡាយ​នៃ​អំណាច​នេះ បើ​គេ​មាន​ប្រពន្ធ ហើយ​អ្នក​នោះ​បង្រៀន​ដល់​នាង​អំពី​ក្រឹត្យ​វិន័យ​នៃ​បព្វជិតភាព ដូចដែល​ទាក់​ទង​ទៅ​នឹង​ការណ៍​ទាំង​នេះ ខណៈ​នោះ ទើប​នាង​នឹង​ជឿ ហើយ​នឹង​បម្រើ​គាត់ បើ​ពុំ​នោះ​សោត​ទេ នាង​នឹង​ត្រូវ​បំផ្លាញ​ចោល ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​យើង​នឹង​បំផ្លាញ​នាង​ចោល ព្រោះ​យើង​នឹង​តម្កើង​ព្រះ​នាម​យើង​នៅ​លើ​អស់​អ្នក​ណា​ដែល​ទទួល ហើយ​នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​យើង។

 ៦៥ ហេតុ​ដូច្នេះ​ហើយ ការណ៍​នោះ​នឹង​ទៅ​ជា​ក្រឹត្យ​វិន័យ​ចំពោះ​យើង បើ​សិន​ជា​នាង​មិន​ទទួល​ក្រឹត្យ​វិន័យ​នេះ​ទេ ត្បិត​ដើម្បី​ឲ្យ​គាត់​បាន​ទទួល​នូវ​ការណ៍​គ្រប់​យ៉ាង ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​គាត់​នឹង​ប្រទាន​ដល់​គាត់ ពី​ព្រោះ​នាង​មិន​បាន​ជឿ ហើយ​បម្រើ​គាត់ តាម​ព្រះ​បន្ទូល​យើង​ទេ ហើយ​ខណៈ​នោះ នាង​នឹង​ក្លាយ​ទៅ​ជា​អ្នក​រំលង ហើយ​អ្នក​នោះ​ត្រូវ​បាន​លើក​លែង​ពី​ក្រឹត្យ​វិន័យ​របស់​នាង សារ៉ា ដែល​បាន​បម្រើ​លោក​អ័ប្រាហាំ តាម​ក្រឹត្យ​វិន័យ ក្នុង​កាល​យើង​បញ្ជា​លោក​អ័ប្រាហាំ ឲ្យ​យក​នាង​ហាការ​ធ្វើ​ជា​ប្រពន្ធ។

 ៦៦ ហើយ​ឥឡូវ​នេះ អំពី​ក្រឹត្យ​វិន័យ​នេះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​នឹង​បើក​សម្ដែង​ប្រាប់​ដល់​អ្នក​ពី​អំណឹះ​ត​ទៅ ហេតុ​ដូច្នេះ​ហើយ ចូរ​រាប់​ការណ៍​នេះ​ថា​ល្មម​នៅ​ពេល​នេះ​សិន​ចុះ។ មើល​ចុះ យើង​ជា​អាលផា និង​អូមេកា។ អាម៉ែន៕