កណ្ឌ​ទី ១៣៦

ព្រះ​បន្ទូល និង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​តាម​រយៈ​ប្រធាន ព្រិកហាំ យ៉ង់ នៅ​វិនទើរ ខួរទើរ្ស នៅ​ឯ​ជំរំ​អ៊ីស្រាអែល ជា​ដែនដី​នៃ​ពួក​អូម៉ាហា នៅ​ច្រាំង​ខាង​លិច​នៃ​ទន្លេ​មិសសួរី នៅ​ក្បែរ​ភូមិ ខោនសិល ប្លើព្ស រដ្ឋ​អៃអូវ៉ា (Journal History of the Church, ថ្ងៃ​ទី​១៤ ខែ​មក​រា ឆ្នាំ​១៨៤៧)។

១–១៦, របៀប​ដែល​ជំរំ​អ៊ីស្រាអែល​ត្រូវ​រៀបចំ​ឡើង សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច នោះ​ត្រូវ​បាន​អធិប្បាយ​ប្រាប់; ១៧–២៧, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​រស់នៅ​ដោយ​បមាណីយ​ខាង​ដំណឹង​ល្អ​ជា​ច្រើន; ២៨–៣៣, ពួក​បរិសុទ្ធ​គួរ​ច្រៀង រាំ អធិស្ឋាន ហើយ​ចេះ​មាន​ប្រាជ្ញា; ៣៤–៤២, ពួក​ព្យាការី​ត្រូវ​បាន​ប្រហារ ដើម្បី​ឲ្យ​គេ​អាច​បាន​ទទួល​កិត្តិយស ហើយ​ឲ្យ​ពួក​ទុច្ចរិត​អាច​បាន​ដាក់​ទោស។

 ១ ព្រះ​បន្ទូល និង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​អំពី​ជំរំ​អ៊ីស្រាអែល​ចំពោះ​ដំណើរ​របស់​ពួក​គេ​ទៅ​ទិស​ខាង​លិច​គឺ ៖

 ២ ចូរ​ឲ្យ​ប្រជាជន​ទាំង​អស់​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រម​ទាំង​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជាមួយ​ពួក​គេ​ផង ឲ្យ​រៀបចំ​ជា​ក្រុមៗ ដោយ​ធ្វើ​សេចក្ដី​សញ្ញា និង​សេចក្ដី​សន្យា ដើម្បី​កាន់​តាម​អស់​ទាំង​ព្រះ​បញ្ញត្តិ និង​ក្រឹត្យ​ក្រម​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​យើង​ចុះ។

 ៣ ចូរ​ឲ្យ​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​នោះ មាន​មេដឹកនាំ​លើ​មនុស្ស​១០០​នាក់ មេដឹកនាំ​លើ​មនុស្ស​៥០​នាក់ និង​មេដឹកនាំ​លើ​មនុស្ស​១០​នាក់ ដោយ​មាន​ប្រធាន ព្រម​ទាំង​ទីប្រឹក្សា​របស់​គាត់​ពីរ​នាក់​លើ​ពួក​គេ គឺ​នៅ​ក្រោម​ការ​ដឹកនាំ​នៃ​ពួក​សាវក​១២​នាក់។

 ៤ ហើយ​នេះ​ត្រូវ​ជា​សេចក្ដី​សញ្ញា​របស់​យើង — ថា​យើង​នឹង​ដើរ​តាម​របៀប​ទាំង​អស់​នៃ​ព្រះ​អម្ចាស់។

 ៥ ចូរ​ឲ្យ​ក្រុម​នីមួយៗ​មាន​សម្រាប់​ខ្លួន​នូវ​អស់​ទាំង​គោ រទេះ ស្បៀង​អាហារ សំលៀកបំពាក់ និង​របស់​របរ​ដែល​ត្រូវ​ការ​ផ្សេងៗ​ទៀត សម្រាប់​ដំណើរ​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន។

 ៦ កាល​បាន​រៀបចំ​ក្រុម​ទាំង​ឡាយ​រួច​ហើយ នោះ​ចូរ​ឲ្យ​ពួក​គេ​ទៅ​ដោយ​កម្លាំង​របស់​ពួក​គេ ដើម្បី​ជួយ​រៀបចំ​អស់​អ្នក​ណា​ដែល​ត្រូវ​នៅ។

 ៧ ចូរ​ឲ្យ​ក្រុម​នីមួយៗ ព្រម​ទាំង​មេដឹកនាំ និង​ប្រធាន​គេ​ផង សម្រេច​ចិត្ត​នូវ​ចំនួន​មនុស្ស​ប៉ុន្មាន​ដែល​អាច​ទៅ​បាន​នៅ​រដូវ​ផ្កា​រីក​ខាង​មុខ​នេះ រួច​ហើយ ចូរ​រើស​ចំនួន​មនុស្ស​ឲ្យ​បាន​គ្រប់​គ្រាន់​ដែល​អាច​ទៅ​បាន និង​ដែល​ប៉ិនប្រសប់ ឲ្យ​បរ​រទេះ​ដឹក​គ្រាប់​ពូជ និង​ឧបករណ៍​ធ្វើ​ស្រែ​ចម្ការ គឺ​ឲ្យ​ទៅ​ជា​ពួក​អ្នក​ត្រួសត្រាយ ដើម្បី​រៀបចំ​ដាំ​ដំណាំ។

 ៨ ចូរ​ឲ្យ​ក្រុម​នីមួយៗ​មាន​របស់​របរ​ស្មើ​គ្នា ស្រប​តាម​ចំណែក​នៃ​ទ្រព្យសម្បត្តិ​ដែល​ពួក​គេ​មាន ចំពោះ​ការ​យក​មនុស្ស​ក្រីក្រ ពួក​ស្រី​មេម៉ាយ ពួក​កូន​កំព្រា និង​ក្រុម​គ្រួសារ​នៃ​អស់​អ្នក​ដែល​បាន​ចូល​ទាហាន ដើម្បី​កុំ​ឲ្យ​សម្រែក​ទាំង​ឡាយ​នៃ​ស្រី​មេម៉ាយ និង​កូន​កំព្រា​បាន​ឡើង​ទៅ​ដល់​ព្រះ​កាណ៌​នៃ​ព្រះ​អម្ចាស់​ទាស់​នឹង​ប្រជាជន​នេះ​ឡើយ។

 ៩ ចូរ​ឲ្យ​ក្រុម​នីមួយៗ​រៀបចំ​ផ្ទះ​សំបែង និង​ស្រែ​ចម្ការ​សម្រាប់​ដាំ​ស្រូវ​សម្រាប់​អស់​អ្នក​ដែល​នៅ​ចាំ​ដល់​រដូវ​ក្រោយ ហើយ​នេះ​គឺជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​មាន​អំពី​រាស្ត្រ​របស់​ទ្រង់។

 ១០ ចូរ​ឲ្យ​មនុស្ស​ម្នាក់ៗ​ប្រើប្រាស់​នូវ​អស់​ទាំង​ឥទ្ធិពល និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដើម្បី​ដក​ប្រជាជន​នេះ​ទៅ​ឯ​កន្លែង​ដែល​ព្រះ​អម្ចាស់ ទ្រង់​នឹង​តាំង​ស្តេក​នៃ​ស៊ីយ៉ូន។

 ១១ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ការណ៍​នេះ​ដោយ​ចិត្ត​បរិសុទ្ធ ដោយ​នូវ​អស់​ទាំង​សេចក្ដី​ស្មោះត្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ពរ អ្នក​នឹង​បាន​ព្រះ​ពរ​ក្នុង​ហ្វូង​ចៀម​អ្នក និង​គោក្របី​អ្នក និង​ក្នុង​ស្រែ​ចម្ការ​អ្នក និង​ក្នុង​ផ្ទះ​សំបែង​អ្នក និង​នៅ​ក្នុង​ក្រុម​គ្រួសារ​អ្នក។

 ១២ ចូរ​ឲ្យ អែសរ៉ា ធី បេនសុន និង អ៊ីរ៉ាស្តុស ស្នូវ ជា​ពួក​អ្នក​បម្រើ​របស់​យើង រៀបចំ​ក្រុម​មួយ​ចុះ។

 ១៣ ហើយ​ចូរ​ឲ្យ អួរសុន ប្រាត្ត និង វិលហ្វួឌ វូឌដ្រុព្វ ជា​ពួក​អ្នក​បម្រើ​របស់​យើង រៀបចំ​ក្រុម​មួយ​ចុះ។

 ១៤ ព្រម​ទាំង​ចូរ​ឲ្យ អាម៉ាសា ឡៃម៉ាន និង ជួច អេ ស៊្មីធ ជា​ពួក​អ្នក​បម្រើ​របស់​យើង រៀបចំ​ក្រុម​មួយ​ចុះ។

 ១៥ ហើយ​ចូរ​តាំង​ពួក​ប្រធាន និង​ពួក​មេដឹកនាំ​លើ​មនុស្ស​១០០​នាក់ និង​៥០​នាក់ និង​១០​នាក់​ចុះ។

 ១៦ ហើយ​ចូរ​ពួក​អ្នក​បម្រើ​របស់​យើង​ដែល​បាន​តាំង​ឡើង ឲ្យ​ទៅ ហើយ​បង្រៀន​ការណ៍​នេះ ដែល​ជា​ព្រះ​ហឫទ័យ​របស់​យើង​ដល់​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ប្រុងប្រៀប​ទៅ​ឯ​ដែនដី​នៃ​សេចក្ដី​សុខសាន្ត។

 ១៧ ចូរ​ទៅ​ចុះ ហើយ​ប្រព្រឹត្ត​ដូចដែល​យើង​បាន​ប្រាប់​ដល់​អ្នក​ចុះ ហើយ​ចូរ​កុំ​ខ្លាច​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ ត្បិត​ពួក​គេ​នឹង​ពុំ​មាន​អំណាច​នឹង​បញ្ឈប់​កិច្ចការ​យើង​បាន​ឡើយ។

 ១៨ ស៊ីយ៉ូន​នឹង​ត្រូវ​បាន​ប្រោស​លោះ នៅ​ពេល​កំណត់​របស់​យើង។

 ១៩ ហើយ​បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​ស្វែងរក ដើម្បី​តម្កើង​ខ្លួន ហើយ​ពុំ​ស្វែងរក​ពាក្យ​ដំបូន្មាន​របស់​យើង​ទេ អ្នក​នោះ​នឹង​ពុំ​មាន​អំណាច​ឡើយ ហើយ​សេចក្ដី​ចម្កួត​របស់​គេ​នឹង​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ។

 ២០ ចូរ​ស្វែងរក ហើយ​កាន់​តាម​អស់​ទាំង​ពាក្យ​សច្ចា​អ្នក​ដែល​បាន​ធ្វើ​ជាមួយ​គ្នា និង​គ្នា ហើយ​ចូរ​កុំ​លោភ​ចង់​បាន​អ្វី​ដែល​ជា​របស់​ផង​បង​ប្អូន​អ្នក​ឡើយ។

 ២១ ចូរ​ញែក​ខ្លួន​ចេញ​ពី​ការ​អាក្រក់ ក្នុង​ការ​ចេញ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ជា​អសារ​ឥត​ការ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក គឺ​ជា​ព្រះ​នៃ​អយ្យកោ​របស់​អ្នក ជា​ព្រះ​នៃ​អ័ប្រាហាំ និង​អ៊ីសាក និង​យ៉ាកុប។

 ២២ យើង​ជា​អ្នក​ដែល​បាន​នាំ​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ដែនដី​អេស៊ីព្ទ ហើយ​ព្រះ​ពាហុ​របស់​យើង​កំពុង​លើក​សន្ធឹង​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ដើម្បី​ជួយសង្គ្រោះ​សាសន៍​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​យើង។

 ២៣ ចូរ​ឈប់​ទាស់ទែង​នឹង​គ្នា ចូរ​ឈប់​និយាយ​អាក្រក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

 ២៤ ចូរ​ឈប់​ការ​ផឹក​ប្រមឹក ហើយ​ចូរ​ឲ្យ​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក​បាន​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។

 ២៥ បើ​សិន​ជា​អ្នក​ខ្ចី​អ្វី​ពី​អ្នក​ជិត​ខាង​របស់​ខ្លួន នោះ​អ្នក​ត្រូវ​សង​នូវ​អ្វី​ដែល​អ្នក​បាន​ខ្ចី​នោះ​វិញ ហើយ​បើ​សិន​ជា​អ្នក​មិន​អាច​សង​បាន​ទេ នោះ​ចូរ​ទៅ​ជា​ប្រញាប់ ហើយ​ប្រាប់​អ្នក​ជិត​ខាង​របស់​ខ្លួន​ចុះ ក្រែងលោ​គេ​ដាក់​ទោស​ដល់​អ្នក។

 ២៦ បើ​សិន​ជា​អ្នក​រក​ឃើញ​របស់​ដែល​អ្នក​ជិត​ខាង​របស់​ខ្លួន​បាន​បាត់ នោះ​អ្នក​ត្រូវ​ខំ​ព្យាយាម​ស្វែងរក​ម្ចាស់ ទាល់​តែ​អ្នក​បាន​ប្រគល់​របស់​នោះ​ទៅ​គេ​វិញ។

 ២៧ អ្នក​ត្រូវ​ខំ​ព្យាយាម​រក្សា​អ្វី​ដែល​អ្នក​មាន ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ទៅ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាសវៃ ត្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​ជា​អំណោយទាន​ដោយ​ឥត​គិត​តម្លៃ​ពី​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​ត្រូវ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​របស់​ទ្រង់។

 ២៨ បើ​សិន​ជា​អ្នក​សប្បាយរីករាយ ចូរ​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់ ដោយ​ការ​ច្រៀង ដោយ​ការ​លេង​ភ្លេង ដោយ​ការ​រាំ និង​ដោយ​ការ​អធិស្ឋាន អំពី​ការ​សរសើរ និង​អំណរគុណ

 ២៩ បើ​សិន​ជា​អ្នក​មាន​ចិត្ត​ទុក្ខ​ព្រួយ ចូរ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ដោយ​ការ​អង្វរករ សូម​ឲ្យ​ដួង​ព្រលឹង​អ្នក​អាច​មាន​អំណរ​អរ​ផង។

 ៣០ ចូរ​កុំ​ខ្លាច​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ ត្បិត​ពួក​គេ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ ហើយ​យើង​នឹង​ប្រព្រឹត្ត​ដល់​ពួក​គេ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​យើង។

 ៣១ រាស្ត្រ​របស់​យើង​ត្រូវ​តែ​បាន​សាកល្បង​នូវ​គ្រប់​ការណ៍​ទាំង​អស់ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​រៀបចំ​ដើម្បី​ទទួល​នូវ​សិរី​ល្អ​ដែល​យើង​មាន​សម្រាប់​ពួក​គេ គឺជា​សិរី​ល្អ​នៃ​ស៊ីយ៉ូន ហើយ​អ្នក​ណា​ដែល​មិន​ទ្រាំ​ការ​វាយ​ផ្ចាល នោះ​មិន​សម​នឹង​នគរ​របស់​យើង​ឡើយ។

 ៣២ ចូរ​ឲ្យ​អ្នក​ណា​ដែល​ល្ងង់ ចេះ​មាន​ប្រាជ្ញា​ដោយ​ការ​បន្ទាប​ខ្លួន និង​ដោយ​ការ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្លួន ប្រយោជន៍​ឲ្យ​ភ្នែក​គេ​អាច​បាន​បើក​ឡើង ដើម្បី​ឲ្យ​គេ​អាច​មើល​ឃើញ ហើយ​ត្រចៀក​បាន​បើក ដើម្បី​ឲ្យ​គេ​អាច​បាន​ស្ដាប់​ឮ

 ៣៣ ត្បិត​ព្រះ​វិញ្ញាណ​របស់​យើង កំពុងតែ​បាន​ចាត់​ទៅ​ក្នុង​ពិភពលោក ដើម្បី​ទៅ​បំភ្លឺ​ដល់​ពួក​រាបសា និង​ពួក​ទន់​ទាប ហើយ​ដើម្បី​ទៅ​ដាក់​ទោស​ដល់​ពួក​អាក្រក់។

 ៣៤ ពួក​បង​ប្អូន​អ្នក​បាន​បដិសេធ​អ្នក និង​ទី​បន្ទាល់​របស់​អ្នក គឺជា​សាសន៍​ដែល​បាន​ដេញ​អ្នក​ចេញ

 ៣៥ ហើយ​ឥឡូវ​នេះ ថ្ងៃ​អន្តរាយ​របស់​គេ​មក​ដល់​ហើយ គឺជា​ថ្ងៃ​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន ហើយ​សេចក្ដី​ទុក្ខ​សោក​របស់​គេ​នឹង​ទៅ​ជា​ធំ លើក​លែងតែ​ពួក​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ឆាប់​រហ័ស មែន​ហើយ គឺ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត។

 ៣៦ ត្បិត​ពួក​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​ពួក​អ្នក​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ឯ​ពួក​គេ ហើយ​ពួក​គេ​បាន​កំចាយ​ឈាម​ដែល​គ្មាន​ទោស ដែល​ស្រែក​ចេញ​ពី​ដី​ទាស់​នឹង​ពួក​គេ។

 ៣៧ ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ឆ្ងល់​ពី​ការណ៍​ទាំង​នេះ​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​ស្អាតបាត​នៅ​ឡើយ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ទ្រាំ​សីរី​ល្អ​របស់​យើង​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ​សិរី​ល្អ​របស់​យើង បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កាន់ តាម​គ្រប់​អស់​ទាំង​ព្រះ​បន្ទូល​របស់​យើង ដែល​យើង​បាន​ប្រទាន​ដល់​អ្នក ចាប់​តាំង​ពី​សម័យ​លោក​អ័ដាម​ទៅ​លោក​អ័ប្រាហាំ ពី​លោក​អ័ប្រាហាំ​ទៅ​លោក​ម៉ូសេ ពី​លោក​ម៉ូសេ​ទៅ​ព្រះ​យេស៊ូវ និង​ពួក​សាវក​របស់​ទ្រង់ ហើយ​ពី​ព្រះ​យេស៊ូវ និង​ពួក​សាវក​របស់​ទ្រង់​ទៅ យ៉ូសែប ស៊្មីធ ជា​អ្នក​ដែល​យើង​បាន​ហៅ ដោយ​សារ​ពួក​ទេវតា​របស់​យើង គឺជា​ពួក​អ្នក​បម្រើ​របស់​យើង​ខាង​ការងារ​បម្រើ និង​ដោយ​សំឡេង​របស់​យើង​ផ្ទាល់​ចេញ​ពី​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​នាំ​ចេញ​មក​នូវ​កិច្ចការ​របស់​យើង

 ៣៨ គឺ​លោក​បាន​តាំង​គ្រឹះស្ថាន ហើយ​បាន​មាន​ចិត្ត​ស្មោះត្រង់ ហើយ​យើង​បាន​យក​លោក មក​ឯ​ខ្លួន​យើង។

 ៣៩ មាន​មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់ ពី​ព្រោះ​តែ​មរណភាព​របស់​លោក ប៉ុន្តែ​ជា​ការ​ចាំ​បាច់​ដែល​លោក​ត្រូវ​បិទ​ត្រា​ទី​បន្ទាល់​របស់​លោក ដោយ​លោហិត​របស់​លោក ប្រយោជន៍​ឲ្យ​លោក​អាច​បាន​ទទួល​កិត្តិយស ហើយ​ឲ្យ​ពួក​ទុច្ចរិត​អាច​បាន​ជាប់​ទោស។

 ៤០ តើ​យើង​មិន​បាន​ដោះ​លែង​អ្នក​ឲ្យ​រួច​ពី​ពួក​ខ្មាំងសត្រូវ​អ្នក ដោយ​គ្រាន់តែ​យើង​បាន​ទុក​សាក្សី​មួយ អំពី​ព្រះ​នាម​របស់​យើង​ទេ​ឬ?

 ៤១ ឥឡូវ​នេះ ហេតុ​ដូច្នេះ​ហើយ ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​នៃ​សាសនាចក្រ​យើង​អើយ ចូរ​ប្រុង​ស្ដាប់​ចុះ ហើយ​ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​អើយ ចូរ​ឮ​ជុំ​គ្នា​ចុះ អ្នក​បាន​ទទួល​នគរ​របស់​យើង​ហើយ។

 ៤២ ហើយ​ចូរ​មាន​ចិត្ត​ព្យាយាម​ក្នុង​ការ​កាន់​តាម​គ្រប់​អស់​ទាំង​ព្រះ​បញ្ញត្តិ​របស់​យើង​ចុះ ក្រែង​មាន​សេចក្ដី​ជំនុំ​ជំរះ​មក​លើ​អ្នក ហើយ​ក្រែង​សេចក្ដី​ជំនឿ​របស់​អ្នក​វិនាស​បាត់ ហើយ​ក្រែង​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​មាន​ជ័យ​ជម្នះ​មក​លើ​អ្នក។ ម្ល៉ោះ​ហើយ គ្មាន​អ្វី​ទៀត​ទេ​នៅ​ពេល​នេះ។ អាម៉ែន និង​អាម៉ែន៕