កណ្ឌ​ទី ១៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ដាវីឌ វិតមើរ នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​មិថុនា ឆ្នាំ​១៨២៩ (History of the Church, ១:៤៨–៥០)។ គ្រួសារ​ត្រកូល វិតមើរ បាន​មក​ជា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង អំពី​ការ​បក​ប្រែ​នៃ​ព្រះ​គម្ពីរ​មរមន។ ព្យាការី​បាន​តាំងទី​លំនៅ​នៅ​ផ្ទះ​នៃ​ពេត្រុស វិតមើរ ស៊ីញ្ញ័រ គឺជា​ទី​កន្លែង​ដែល​លោក​បាន​អាស្រ័យ​នៅ រហូត​ដល់​បញ្ចប់​កិច្ចការ​បកប្រែ ហើយ​បានទទួល​សិទ្ធិអ្នក​និពន្ធ​លើ​សៀវភៅ​ដែល​នឹង​ចេញ​មក។ ដោយ​ពួក​គេ​ម្នាក់ៗ បាន​ទទួល​ទី​បន្ទាល់​អំពី​ភាព​ពិត​ត្រង់​នៃ​កិច្ចការ​នោះ ទើប​កូន​ប្រុស​បី​នាក់​មក​ពី​ត្រកូល វិតមើរ មាន​ការ​បារម្ភ​អំពី​ភារកិច្ច​របស់​គេ​នីមួយៗ។ វិវរណៈ​នេះ និង​វិវរណៈ​ពីរ តាម​ក្រោយ (កណ្ឌ​ទី ១៥ និង ១៦) ត្រូវ​បាន​ប្រទាន​ឲ្យ ទុកជា​ចម្លើយ​ចំពោះ​សំណូមពរ តាម​រយៈ​យូរីម និង​ធូមីម។ ក្រោយ​មក ដាវីឌ វិតមើរ បាន​ក្លាយ​ទៅ​ជា​បុគ្គល​ម្នាក់​ក្នុង​ពួក​សាក្សី​បី​នាក់​ចំពោះ​ព្រះ​គម្ពីរ​មរមន។

១–៦, ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ នឹង​បាន​សេចក្ដី​សង្គ្រោះ; ៧–៨, ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​របស់​ព្រះ; ៩–១១, ព្រះ​គ្រីស្ទ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

 ១ កិច្ចការ​ដ៏​ធំ និង​អស្ចារ្យ កំពុងតែ​នឹង​ចេញ​មក​ដល់​កូន​ចៅ​មនុស្ស​ហើយ។

 ២ មើល​ចុះ យើង​ជា​ព្រះ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង​ដែល​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​មាន​មុខ​ពីរ ទាំង​កាត់​សន្លាក់ និង​ខួរឆ្អឹង​ដាច់​ពី​គ្នា ហេតុ​ដូច្នេះ​ហើយ ចូរ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង​ចុះ។

 ៣ មើល​ចុះ ស្រែ​បាន​ស​សំព្រុស​ល្មម​ច្រូត​ហើយ ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​មាន​បំណង​ចង់​ច្រូត ចូរ​ឲ្យ​អ្នក​នោះ​លូក​កណ្ដៀវ​របស់​ខ្លួន​ដោយ​កម្លាំង​របស់​ខ្លួន ហើយ​ច្រូត​ក្នុង​កាល​មាន​ថ្ងៃ​នៅ​ចុះ ប្រយោជន៍​ឲ្យ​អ្នក​នោះ​អាច​បាន​សន្សំទុក​សម្រាប់​ព្រលឹង​គេ​នូវ​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​នៅ​ក្នុង​នគរ​ព្រះ។

 ៤ មែន​ហើយ អស់​អ្នក​ណា​ដែល​នឹង​លូក​កណ្ដៀវ​របស់​ខ្លួន ហើយ​ច្រូត អ្នក​នោះ​ហើយ​បាន​ហៅ​ពី​ព្រះ។

 ៥ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​សុំ​ពី​យើង នោះ​អ្នក​តែង​នឹង​បាន​ទទួល បើ​សិន​ជា​អ្នក​នឹង​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។

 ៦ ចូរ​ស្វែងរក​ដើម្បី​នាំ​មក ហើយ​តាំង​ឡើង​ក្រុង​ស៊ីយ៉ូន​របស់​យើង​ចុះ។ ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​នូវ​គ្រប់​អ្វីៗ​ទាំង​អស់។

 ៧ ហើយ​បើ​សិន​ជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​អ្នក​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ។

 ៨ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា បើ​សិន​ជា​អ្នក​នឹង​សូម​ពី​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​របស់​យើង ដោយ​សេចក្ដី​ជំនឿ​ជឿ នោះ​អ្នក​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ប្រទាន​សម្ដី ដើម្បី​ឲ្យ​អ្នក​ឈរ​ជា​សាក្សី​អំពី​របស់​ទាំង​ឡាយ ដែល​អ្នក​នឹង​បាន​ឮ ព្រម​ទាំង​បាន​ឃើញ ហើយ​ដើម្បី​ឲ្យ​អ្នក​អាច​បាន​ប្រកាស​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ដល់​តំណ​នេះ​ផង។

 ៩ មើល​ចុះ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ជា​អ្នក​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី គឺជា​ពន្លឺ ដែល​ពុំ​អាច​លាក់​នៅ​ក្នុង​សេចក្ដី​ងងឹត​បាន​ឡើយ

 ១០ ហេតុ​ដូច្នោះ​ហើយ យើង​ត្រូវ​នាំ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង​ចេញ​ពី​ពួក​សាសន៍​ដទៃ​ទៅ​ដល់​វង្ស​អ៊ីស្រាអែល។

 ១១ ហើយ​មើល​ចុះ អ្នក​ជា​ដាវីឌ ហើយ​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ ជា​អ្វីត្រូវ​ធ្វើ បើ​សិន​ជា​អ្នក​ធ្វើ ហើយ​មាន​ចិត្ត​ស្មោះត្រង់ នោះ​អ្នក​នឹង​បាន​ពរ ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ហើយ​រង្វាន់​របស់​អ្នក​នឹង​ធំ​ណាស់។ អាម៉ែន៕