កណ្ឌ​ទី ១៨

វិវរណៈ​ចំពោះ​យ៉ូសែប ស៊្មីធ ជា​ព្យាការី, អូលីវើរ ខៅឌើរី និង​ដាវីឌ វិតមើរ នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​មិថុនា ឆ្នាំ​១៨២៩ (History of the Church, ១:៦០–៦៤)។ កាល​បាន​ប្រគល់​ឲ្យ​បព្វជិតភាព​អើរ៉ុន នោះ​បាន​សន្យា​ថា​នឹង​ប្រគល់​ឲ្យ​បព្វជិតភាព ម៉ិលគីស្សាដែក (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ១៣)។ ក្នុង​ការ​ឆ្លើយតប​នូវ​ការ​អំពាវនាវ​សូម​ការ​ចេះ​ដឹង​អំពី​ការណ៍​នេះ នោះ​ព្រះ​អម្ចាស់ ទ្រង់​បាន​ប្រទាន​វិវរណៈ​នេះឲ្យ​។

១–៥, បទគម្ពីរ​បង្ហាញ​ប្រាប់​របៀប​សាង​សាសនាចក្រ​ឡើង; ៦–៨, ពិភពលោក​កំពុង​ទុំ​សុស​នៅ​ក្នុង​សេចក្ដី​ទុច្ចរិត; ៩–១៦, តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់; ១៧–២៥, ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ មនុស្ស​លោក​ត្រូវ​យក​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​ដាក់​មក​លើ​ខ្លួន; ២៦–៣៦, តំណែង និង​បេសកកម្ម​នៃ​ពួក​១២​នាក់ ត្រូវ​បាន​បើក​សម្ដែង​ប្រាប់; ៣៧–៣៩, អូលីវើរ ខៅឌើរី និង​ដាវីឌ​វិតមើរ ត្រូវ​ស្វែងរក​ពួក​១២​នាក់; ៤០–៤៧, ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ មនុស្ស​លោក​ត្រូវ​តែ​ប្រែ​ចិត្ត ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ។

 ១ ឥឡូវ​នេះ មើល​ចុះ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង​អើយ ពី​ព្រោះ​តែ​អ្វី​ដែល​អ្នក​មាន​ប្រាថ្នា​ចង់​ដឹង​ពី​យើង នោះ​យើង​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​ទាំង​នេះ​ថា ៖

 ២ មើល​ចុះ យើង​បាន​សម្ដែង​ដល់​អ្នក ដោយ​សារ​ព្រះ​វិញ្ញាណ​របស់​យើង នៅ​ក្នុង​កាលៈទេសៈ​ជា​ច្រើន ថា​ការណ៍​ទាំង​ឡាយ​ដែល​អ្នក​បាន​សរសេរ​នោះ​គឺ​ពិត ហេតុ​ដូច្នេះ​ហើយ អ្នក​ដឹង​ថា​ការណ៍​ទាំង​នោះ​ពិត។

 ៣ ហើយ​បើ​សិន​ជា​អ្នក​ដឹង​ថា ការណ៍​ទាំង​នោះ​ពិត មើល​ចុះ យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​មួយ ដើម្បី​ឲ្យ​អ្នក​ពឹង​ទៅ​លើ​ការណ៍​ទាំង​នោះ ដែល​បាន​សរសេរ​ទុក

 ៤ ត្បិត​នៅ​ក្នុង​នោះ គឺជា​អ្វីៗ​ទាំង​អស់ ដែល​បាន​សរសេរ​ទុក ស្ដី​អំពី​គ្រឹះ​នៃ​សាសនាចក្រ​របស់​យើង ដំណឹង​ល្អ​របស់​យើង និង​ថ្មដា​របស់​យើង។

 ៥ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​នឹង​កសាង​សាសនាចក្រ​របស់​យើង​ឡើង​នៅ​លើ​គ្រឹះ​នៃ​ដំណឹង​ល្អ​របស់​យើង និង​ថ្មដា​របស់​យើង នោះ​ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែល​ឈ្នះ​អ្នក​ឡើយ។

 ៦ មើល​ចុះ ពិភពលោក​កំពុងតែ​ទុំ​សុស​នៅ​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ជា​ចាំ​បាច់​ថា កូន​ចៅ​មនុស្ស​ត្រូវ​តែ​ដាស់​រំ​ជួយ​ឲ្យ​មាន​ការ​ប្រែ​ចិត្ត ទាំង​ពួក​សាសន៍​ដទៃ និង​វង្ស​អ៊ីស្រាអែល​ផង​ដែរ។

 ៧ ហេតុ​ដូច្នោះ​ហើយ ដូច​ជា​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ដោយ​សារ​ដៃ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ស្រប​តាម​អ្វី​ដែល​យើង​បាន​បញ្ជា​ដល់​លោក នោះ​លោក​បាន​បំពេញ​នូវ​អ្វី​ដែល​យើង​បាន​បញ្ជា​ដល់​លោក​ហើយ។

 ៨ ហើយ​ឥឡូវ​នេះ ចូរ​កុំ​ឆ្ងល់​ឡើយ ដែល​យើង​បាន​ហៅ​លោក​ចំពោះ​គោលបំណង​របស់​យើង​ផ្ទាល់ គឺជា​គោលបំណង​ដែល​យើង​ដឹង ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​លោក​នឹង​មាន​ចិត្ត​ឧស្សាហ៍​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​លោក​នឹង​បាន​ពរ​ដល់ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ឈ្មោះ​លោក​គឺ​យ៉ូសែប

 ៩ ហើយ​ឥឡូវ​នេះ អូលីវើរ ខៅឌើរី​អើយ យើង​មាន​បន្ទូល​ដល់​អ្នក និង​ដល់​ដាវីឌ វិតមើរ​ផង​ដែរ​ថា តាម​រយៈ​ព្រះ​បញ្ញត្តិ ត្បិត​មើល​ចុះ យើង​បញ្ជា​មនុស្ស​លោក​ទាំង​អស់ នៅ​គ្រប់​ទិសទី ឲ្យ​ប្រែ​ចិត្ត ហើយ​យើង​មាន​បន្ទូល​ដល់​អ្នក ដូច​ជា​ដល់​ប៉ុល ជា​សាវក​របស់​យើង​ថា ត្បិត​អ្នក​ត្រូវ​បាន​ហៅ ដូច​ជា​ការ​ហៅ​ដដែល ដែល​លោក​ត្រូវ​បាន​ហៅ​ដែរ។

 ១០ ចូរ​ចាំ​ចុះ​ថា តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ

 ១១ ត្បិត​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ប្រោស​លោះ​របស់​អ្នក ទ្រង់​បាន​រង​សេចក្ដី​ស្លាប់​នៅ​ក្នុង​សាច់ឈាម ម្ល៉ោះ​ហើយ ទ្រង់​បាន​រងការ​ឈឺ​ចាប់​នៃ​មនុស្ស​លោក​ទាំង​អស់ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំង​អស់​អាច​ប្រែ​ចិត្ត ហើយ​មក​រក​ព្រះ​អង្គ​បាន។

 ១២ ហើយ​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​នាំ​មនុស្ស​លោក​ទាំង​អស់​មក​រក​ទ្រង់ ស្រប​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រែ​ចិត្ត។

 ១៣ ហើយ​សេចក្ដី​អំណរ​របស់​ទ្រង់​មហិមា​ណាស់​ហ្ន៎​ចំពោះ​ព្រលឹង​ណា​ដែល​ប្រែ​ចិត្ត!

 ១៤ ហេតុ​ដូច្នេះ​ហើយ អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ស្រែក​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ដល់​ប្រជាជន​នេះ។

 ១៥ ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែ​មួយ​គត់​មក​រក​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង!

 ១៦ ហើយ​ឥឡូវ​នេះ បើ​សិន​ជា​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ដល់​ព្រលឹង​តែ​មួយ ដែល​អ្នក​បាន​នាំ​មក​រក​យើង​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង នោះ​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​យ៉ាង​ណា​ទៅ បើ​សិន​ជា​អ្នក​បាន​នាំ​ព្រលឹង​ជា​ច្រើន​មក​រក​យើងនោះ​!

 ១៧ មើល​ចុះ អ្នក​មាន​ដំណឹង​ល្អ​របស់​យើង​នៅ​ខាង​មុខ​អ្នក​ហើយ និង​ថ្មដា​របស់​យើង ហើយ​និង​សេចក្ដី​សង្គ្រោះ​របស់​យើង។

 ១៨ ចូរ​សូម​ពី​ព្រះ​វរបិតា​ដោយ​នូវ​នាម​របស់​យើង ដោយ​សេចក្ដី​ជំនឿ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ហើយ​អ្នក​នឹង​បាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​សម្ដែង​ប្រាប់​នូវ​គ្រប់​ទាំង​អ្វីៗ ដែល​ចាំ​បាច់​ដល់​កូន​ចៅ​មនុស្ស។

 ១៩ ហើយ​បើ​សិន​ជា​អ្នក​ពុំ​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​សប្បុរស​ទេ នោះ​អ្នក​ពុំ​អាច​ធ្វើ​អ្វី​បាន​ឡើយ។

 ២០ ចូរ​កុំ​ប្រឆាំង​នឹង​សាសនាចក្រ​ណា​ឡើយ លើក​លែងតែ​សាសនាចក្រ​នៃ​អារក្ស។

 ២១ ចូរ​យក​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មក​ដាក់​លើ​ខ្លួន ហើយ​និយាយ​សេចក្ដី​ពិត ដោយ​មាន​ចិត្ត​ម៉ឺងម៉ាត់​ចុះ។

 ២២ ហើយ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ​នឹង​បាន​សង្គ្រោះ។

 ២៣ មើល​ចុះ ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​នាម ដែល​បាន​ប្រទាន​មក​ពី​ព្រះ​វរបិតា ហើយ​គ្មាន​នាម​ណា​ទៀត ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នោះ​ឡើយ

 ២៤ ហេតុ​ដូច្នោះ​ហើយ មនុស្ស​ទាំង​អស់​ត្រូវ​យក​ព្រះ​នាម ដែល​បាន​ប្រទាន​មក​ពី​ព្រះ​វរបិតា មក​ដាក់​លើ​ខ្លួន ត្បិត​ដោយ​នូវ​ព្រះ​នាម​នោះ​ហើយ ដែល​ពួក​គេ​នឹង​ត្រូវ​បាន​ហៅ​នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត

 ២៥ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​ពួក​គេ​មិន​ស្គាល់​នាម ដែល​ពួក​គេ​ត្រូវ​ហៅ​នោះ​ទេ នោះ​ពួក​គេ​ពុំ​អាច​មាន​កន្លែង​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង​ឡើយ។

 ២៦ ហើយ​ឥឡូវ​នេះ មើល​ចុះ មាន​មនុស្ស​ឯ​ទៀត ដែល​បាន​ហៅ​ឲ្យ​ផ្សាយដំណឹង​ល្អ​របស់​យើង​ដល់​ព្រម​ទាំង​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា​ផង​ដែរ

 ២៧ មែន​ហើយ គឺ​មាន​១២​នាក់ ហើយ​ពួក​១២​នាក់​នោះ​នឹង​ត្រូវ​ទៅ​ជា​ពួក​សិស្ស​របស់​យើង ហើយ​ពួក​គេ​នឹង​យក​នាម​របស់​យើង​មក​ដាក់​លើ​ខ្លួន​គេ ហើយ​ពួក​១២​នាក់​នេះ​ហើយ ដែល​នឹង​ប្រាថ្នា​ចង់​យក​នាម​របស់​យើង​មក​ដាក់​លើ​ខ្លួន​គេ ដោយ​បំណង​ចិត្ត​ដ៏​ពោរ​ពេញ។

 ២៨ ហើយ​បើ​សិន​ជា​ពួក​គេ​ប្រាថ្នា​ចង់​យក​នាម​របស់​យើង​មក​ដាក់​លើ​ខ្លួន​គេ ដោយ​បំណង​ចិត្ត​ដ៏​ពោរ​ពេញ នោះ​ពួក​គេ​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ពេញ​សព្វ​ទាំង​ពិភពលោក ដើម្បី​ទៅ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង​ដល់​សត្វ​លោក​គ្រប់​រូប។

 ២៩ ហើយ​ពួក​គេ​នេះ​ហើយ ដែល​ត្រូវ​បាន​តែងតាំង​ពី​យើង ដើម្បី​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដោយ​នូវ​នាម​របស់​យើង ស្រប​តាម​អ្វី​ដែល​បាន​សរសេរ​ទុក

 ៣០ ហើយ​អ្នក​មាន​អ្វី​ដែល​បាន​សរសេរ​ទុក​នៅ​ខាង​មុខ​អ្នក​ហើយ ហេតុ​ដូច្នោះ​ហើយ អ្នក​ត្រូវ​ធ្វើ​ការ​នោះ ស្រប​តាម​ព្រះ​បន្ទូល​ដែល​បាន​សរសេរ​ទុក។

 ៣១ ហើយ​ឥឡូវ​នេះ យើង​មាន​បន្ទូល​មក​កាន់​អ្នក គឺ​ពួក​១២​នាក់ — មើល​ចុះ គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ អ្នក​ត្រូវ​ដើរ​ដោយ​ទៀងត្រង់​នៅ​ចំពោះ​យើង ហើយ​ចូរ​កុំ​ធ្វើ​បាប​ឡើយ។

 ៣២ ហើយ​មើល​ចុះ អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ដែល​បាន​តែងតាំង​ពី​យើង ដើម្បី​ឲ្យ​តែងតាំង​សង្ឃ និង​គ្រូ​ទាំង​ឡាយ ដើម្បី​ឲ្យ​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​របស់​យើង តាម​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​តាម​ការ​ហៅ និង​អំណោយទាន​ទាំង​ឡាយ​នៃ​ព្រះ ដែល​មាន​ដល់​មនុស្ស​លោក

 ៣៣ ហើយ​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ជា​ព្រះ​របស់​អ្នក​បាន​មាន​បន្ទូល​ថា​ដូច្នោះ។

 ៣៤ ព្រះ​បន្ទូល​ទាំង​នេះ ពុំ​មែន​ជា​ពាក្យ​នៃ​មនុស្ស​លោក ឬ​នៃ​មនុស្ស​ទេ ប៉ុន្តែ​ជា​ព្រះ​បន្ទូល​របស់​យើង ហេតុ​ដូច្នេះ​ហើយ អ្នក​នឹង​ធ្វើ​ទី​បន្ទាល់​ថា ព្រះ​បន្ទូល​ទាំង​នេះ ជា​ព្រះ​បន្ទូល​របស់​យើង ហើយ​មិនមែន​ជា​ពាក្យ​នៃ​មនុស្ស​ទេ

 ៣៥ ត្បិត​ជា​សំឡេង​របស់​យើង​នេះ​ហើយ ដែល​មាន​បន្ទូល​មក​កាន់​អ្នក ត្បិត​ព្រះ​បន្ទូល​ទាំង​នេះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​វិញ្ញាណ​របស់​យើង និង​ដោយ​អំណាច​របស់​យើង នោះ​អ្នក​អាច​អាន​ឲ្យ​គ្នា​ស្ដាប់​ទៅ​វិញ​ទៅ​មក ហើយ​លើក​លែងតែ​ដោយ​សារ​អំណាច​របស់​យើង នោះ​អ្នក​ក៏​ពុំ​អាច​បាន​ព្រះ​បន្ទូល​ទាំង​នេះ​ដែរ

 ៣៦ ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​អាច​ធ្វើ​ទី​បន្ទាល់​ថា អ្នក​បាន​ឮ​សំឡេង​របស់​យើង ហើយ​ស្គាល់​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង។

 ៣៧ ហើយ​ឥឡូវ​នេះ មើល​ចុះ​យើង​ប្រទាន​ដល់​អ្នក អូលីវើរ ខៅឌើរី​អើយ និង​ដល់​ដាវីឌ វិតមើរ​ផង​ដែរ​ថា អ្នក​នឹង​ស្វែងរក​ពួក​១២​នាក់ ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា ដែល​យើង​បាន​មាន​បន្ទូល​មក​នោះ

 ៣៨ ហើយ​ដោយ​សារ​សេចក្ដី​ប៉ងប្រាថ្នា​ទាំង​ឡាយ​របស់​ពួក​គេ និង​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ ទើប​អ្នក​នឹង​ស្គាល់​ពួក​គេ​បាន។

 ៣៩ ហើយ​កាលណា​អ្នក​បាន​រក​ឃើញ​ពួក​គេ នោះ​អ្នក​នឹង​បង្ហាញ​របស់​ទាំង​នេះ​ដល់​ពួក​គេ។

 ៤០ ហើយ​អ្នក​នឹង​ដួល​ចុះ ហើយ​ថ្វាយ​បង្គំ​ព្រះ​វរបិតា​ដោយ​នូវ​នាម​របស់​យើង។

 ៤១ ហើយ​អ្នក​ត្រូវ​ផ្សាយ​ដល់​ពិភពលោក​ដោយ​ចេញ​វាចា​ថា ៖ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

 ៤២ ត្បិត​មនុស្ស​លោក​ទាំង​អស់​ត្រូវ​តែ​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក គឺ​មិន​គ្រាន់តែ​ពួក​បុរស​ប៉ុណ្ណោះ​ទេ តែ​ពួក​ស្ត្រី និង​កុមារា​កុមារី ដែល​មាន​អាយុ​នៃ​ការ​ទទួល​ខុសត្រូវ​ផង​ដែរ។

 ៤៣ ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​អ្នក​បាន​ទទួល​ការណ៍​នេះ អ្នក​ត្រូវ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​នូវ​គ្រប់​ការណ៍​ទាំង​អស់

 ៤៤ ហើយ​ដោយ​សារ​ដៃ​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា នោះ​យើង​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​មួយ នៅ​ចំណោម​កូន​ចៅ​មនុស្ស ដើម្បី​បញ្ជាក់​ដល់​មនុស្ស​ជា​ច្រើន​អំពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​មក​រក​ការ​ប្រែ​ចិត្ត ហើយ​ដើម្បី​ឲ្យ​ពួក​គេ​អាច​មក​រក​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង។

 ៤៥ ហេតុ​ដូច្នោះ​ហើយ ព្រះ​ពរ​ទាំង​ឡាយ ដែល​យើង​ប្រទាន​ដល់​អ្នក គឺ​ហួស​អ្វីៗ​ទាំង​អស់។

 ៤៦ ហើយ​បន្ទាប់​ពី​អ្នក​បាន​ទទួល​ការណ៍​នេះ បើ​សិន​ជា​អ្នក​មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​អ្នក​មិន​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង​ឡើយ។

 ៤៧ មើល​ចុះ យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង បាន​មាន​បន្ទូល​ថា​ដូច្នោះ​ហើយ។ អាម៉ែន៕