កណ្ឌ​ទី ១៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ នៅ​ក្រុង​ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក ខែ​មិនា ឆ្នាំ​១៨៣០ (History of the Church, ១:៧២–៧៤)។ នៅ​ក្នុង​ប្រវត្តិ​របស់​លោក នោះ​ព្យាការី​បាន​ណែនាំ​ថា « ព្រះ​បញ្ញត្តិ​មក​ពី​ព្រះ ហើយ​មិនមែន​មក​ពី​មនុស្ស​ទេ ទៅ​ដល់​ម៉ាទិន ហារិស ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​ពី​ព្រះ​អង្គ​ទ្រង់​ដែល​នៅ​អស់​កល្ប​ជានិច្ច » (History of the Church, ១:៧២)។

១–៣, ព្រះ​គ្រីស្ទ​មាន​គ្រប់​ព្រះ​ចេស្ដា; ៤–៥, មនុស្ស​លោក​គ្រប់​រូប​ត្រូវ​តែ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ត្រូវ​រង​ទុក្ខ; ៦–១២, ទោស​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​ទោស​មក​ពី​ព្រះ; ១៣–២០, ព្រះ​គ្រីស្ទ​បាន​រង​ទុក្ខ​ជំនួស​មនុស្ស​លោក​គ្រប់​រូប ដើម្បី​មិនបាច់​ឲ្យ​ពួក​គេ​ត្រូវ​រង​ទុក្ខ បើ​សិន​ជា​ពួក​គេ​ប្រែ​ចិត្ត; ២១–២៨, ចូរ​ផ្សាយដំណឹង​ល្អ​ពី​ការ​ប្រែ​ចិត្ត; ២៩–៤១, ចូរ​ប្រកាស​ប្រាប់​ពី​ដំណឹង​រីករាយ។

 ១ យើង​គឺជា​អាលផា និង​អូមេកា ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ មែន​ហើយ គឺ​យើង​នេះ​ហើយ គឺជា​ទ្រង់ គឺជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក។

 ២ យើង ដោយ​បាន​បំពេញ និង​សម្រេច​តាម​ព្រះ​ហឫទ័យ​នៃ​ទ្រង់ ដែល​យើង​ត្រូវ​ជា​បុត្រ គឺ​ព្រះ​វរបិតា​ចំពោះ​យើង — ដោយ​បាន​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​យើង​អាច​បញ្ចុះ​បញ្ចូល​គ្រប់​ទាំង​អស់​នៅ​ក្រោម​អំណាច​យើង —

 ៣ ដោយ​បាន​ទុក​គ្រប់​អំណាច​ទាំង​អស់ គឺ​ដើម្បី​ការ​បំផ្លាញ​អារក្ស និង​កិច្ចការ​ទាំង​ឡាយ​របស់​វា​នៅ​ចុង​បំផុត​នៃ​ផែនដី និង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​សេចក្ដី​ជំនុំ​ជំរះ ដែល​យើង​នឹង​បណ្ដាល​ឲ្យ​កើត​ឡើង​ដល់​បណ្ដាជន​នៅ​លើ​ផែនដី ដោយ​ជំនុំ​ជំរះ​មនុស្ស​គ្រប់​រូប តាម​កិច្ចការ និង​អំពើ​ទាំង​ឡាយ​របស់​គេ ដែល​គេ​បាន​ប្រព្រឹត្ត​រៀង​ខ្លួន។

 ៤ ហើយ​ប្រាកដ​មែន មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ ត្រូវ​រង​ទុក្ខ ត្បិត​យើង​ជា​ព្រះ​ដ៏​មិន​ចេះ​សូន្យ​ឡើយ។

 ៥ ហេតុ​ដូច្នេះ​ហើយ យើង​មិន​ដក​សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​ឡើង​នោះ​ចេញ​ទេ ប៉ុន្តែ​សេចក្ដី​វេទនា​ទាំង​ឡាយ​នឹង​ចេញ​ទៅ ដូច​ជា​ការ​យំសោក ការ​ថ្ងូរ និង​ការ​សង្កៀត​ធ្មេញ មែន​ហើយ គឺ​ដល់​អស់​អ្នក​ណា​ដែល​ឃើញ​នៅ​ខាង​ឆ្វេង​ដៃ​របស់​យើង។

 ៦ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គឺ​ពុំ​បាន​ចែង​ទុក​មក​ទេ​ថា គ្មាន​ទី​បញ្ចប់​ដល់​ការ​រង​ទុក្ខ​វេទនា​នេះ ប៉ុន្តែ​បាន​ចែង​ទុក​ថា​ជា​ការ​រង​ទុក្ខ​វេទនាដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ វិញ។

 ៧ ម្យ៉ាង​ទៀត គឺ​បាន​ចែងថា ជាសេចក្ដី​ជាប់​ទោស​ដ៏​អស់​កល្ប​ជានិច្ច ហេតុ​ដូច្នោះ​ហើយ អ្វី​ដែល​បាន​ចែង​ទុក នោះ​ចែង​យ៉ាង​ច្បាស់​លាស់​ជាង​បទគម្ពីរ​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​អ្វី​ទាំង​នោះ​អាច​ប្រព្រឹត្ត​មក​លើ​ចិត្ត​នៃ​កូន​ចៅ​មនុស្ស ព្រម​ព្រៀង​គ្នា​សម្រាប់​សិរី​ល្អ​ដល់​ព្រះ​នាម​របស់​យើង។

 ៨ ហេតុ​ដូច្នេះ​ហើយ យើង​នឹង​ពន្យល់​ប្រាប់​ដល់​អ្នក​រាល់​គ្នា​នូវ​ការ​អាថ៌កំបាំង​នេះ ត្បិត​សម​ឲ្យ​អ្នក​ដឹង ដូច​ជា​ពួក​សាវក​របស់​យើង​ជា​ដើម។

 ៩ យើង​មាន​បន្ទូល​ដល់​អ្នក​រាល់​គ្នា ដែល​ត្រូវ​បាន​រើស​នៅ​ក្នុង​ការណ៍​នេះ ដូច​ជា​មនុស្ស​តែ​ម្នាក់ ដើម្បី​ឲ្យ​អ្នក​អាច​ចូល​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​បាន។

 ១០ ត្បិត​មើល​ចុះ សេចក្ដី​អាថ៌កំបាំង​នៃ​ភាពជា​ព្រះ នោះ​មហិមា​ណាស់​ហ្ន៎! ត្បិត​មើល​ចុះ យើង​មិន​ចេះ​សូន្យ​ឡើយ ហើយ​ទោស​ដែល​យើង​ធ្វើ​ចេញ​ពី​ព្រះ​ហស្ត​របស់​យើង​ទៅ គឺជា​ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ត្បិត​មិន​ចេះ​សូន្យ​ឡើយ គឺជា​ព្រះ​នាម​របស់​យើង។ ហេតុ​ដូច្នោះ​ហើយ —

 ១១ ទោស​ដ៏​អស់​កល្ប​ជានិច្ច គឺជា​ទោស​មក​ពី​ព្រះ។

 ១២ ទោស​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គឺជា​ទោស​មក​ពី​ព្រះ។

 ១៣ ហេតុ​ដូច្នោះ​ហើយ យើង​បញ្ជា​ឲ្យ​អ្នក​ប្រែ​ចិត្ត ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​អ្នក​បាន​ទទួល​ពី​ដៃ​នៃ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ដោយ​នូវ​ព្រះ​នាម​របស់​យើង

 ១៤ ហើយ​គឺ​ដោយ​ព្រះ​ចេស្ដា​ដ៏​មហិទ្ធិឫទ្ធិ​របស់​យើង ដែល​អ្នក​បាន​ទទួល​ព្រះ​បញ្ញត្តិ​ទាំង​នោះ

 ១៥ ហេតុ​ដូច្នេះ​ហើយ យើង​បញ្ជា​ឲ្យ​អ្នក​ប្រែ​ចិត្ត — ចូរ​ប្រែ​ចិត្ត​ចុះ បើ​ពុំ​នោះ​សោត​ទេ យើង​នឹង​វាយ​អ្នក​ដោយ​រំពាត់​នៃ​ព្រះ​ឱស្ឋ​របស់​យើង ហើយ​ដោយ​សេចក្ដី​ខ្ញាល់​របស់​យើង និង​សេចក្ដី​ពិរោធ​របស់​យើង នោះ​សេចក្ដី​រង​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​អ្នក​នឹង​ឈឺ​ចាប់​ណាស់ — គឺ​ឈឺ​ដល់​ណា​នោះ អ្នក​មិន​ដឹង​ទេ ជ្រួត​ជ្រាប​ដល់​ណា​នោះ អ្នក​មិន​ដឹង​ទេ មែន​ហើយ ធ្ងន់ធ្ងរ​ដល់​ណា​នោះ អ្នកមិន​ដឹង​ទេ។

 ១៦ ត្បិត​មើល​ចុះ យើង​ជា​ព្រះ បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​គេ​អាច​រង​ទុក្ខ បើ​សិន​ជា​ពួក​គេ​ប្រែ​ចិត្ត

 ១៧ ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​មិន​ព្រម​ប្រែ​ចិត្ត​ទេ នោះ​ពួក​គេ​ត្រូវ​រង​ទុក្ខ ដូច​ជា​យើង​ដែរ

 ១៨ គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង — ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច —

 ១៩ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ​យើង​បាន​ទទួល​ទាន និង​សម្រេច​ការ​រៀបចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស។

 ២០ ហេតុ​ដូច្នោះ​ហើយ ជា​ថ្មី​ទៀត យើង​បញ្ជា​ឲ្យ​អ្នក​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ យើង​នឹង​បន្ទាប​អ្នក​ដោយ​ព្រះ​ចេស្ដា​ដ៏​មហិទ្ធិឫទ្ធិ​របស់​យើង ហើយ​ឲ្យ​អ្នក​សារភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក បើ​ពុំ​នោះ​សោត​ទេ នោះ​អ្នក​នឹង​រង​ទោស​ទាំង​ឡាយ ដែល​យើង​បាន​មាន​បន្ទូល​មក ដែល​នៅ​កម្រិត​ដ៏​តូច​បំផុត មែន​ហើយ គឺ​តិច​បំផុត​ដែល​អ្នក​បាន​ភ្លក់ នៅ​ពេល​ដែល​យើង​ដក​ព្រះ​វិញ្ញាណ​របស់​យើង​ចេញ។

 ២១ ហើយ​យើង​បញ្ជា​អ្នក​ថា ចូរ​កុំ​ប្រកាស​ប្រាប់​អ្វី​ឡើយ ក្រៅ​ពី​ការ​ប្រែ​ចិត្ត ហើយ​ចូរ​កុំ​បង្ហាញ​ការណ៍​ទាំង​នេះ​ដល់​ពិភពលោក​ឡើយ លុះ​ត្រា​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង។

 ២២ ត្បិត​ឥឡូវ​នេះ ពួក​គេ​ពុំ​អាច​ទ្រាំ​សាច់​បាន​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​ទទួល​ទាន​ទឹកដោះ​វិញ ម្ល៉ោះ​ហើយ ពួក​គេ​ពុំ​អាច​ដឹង​អំពី​ការណ៍​ទាំង​នេះ​ឡើយ ក្រែង​ពួក​គេ​នឹង​វិនាស​ទៅ។

 ២៣ ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះ​វិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខសាន្ត​ក្នុង​យើង។

 ២៤ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​បាន​មក​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា ហើយ​យើង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។

 ២៥ ហើយ​ជា​ថ្មី​ទៀត យើង​បញ្ជា​អ្នក​ថា កុំ​លោភ​ចង់​បាន​ប្រពន្ធ​អ្នក​ជិត​ខាង​ខ្លួន ឬ​ក៏​ស្វែងរក​ផ្ដាច់​ជីវិត​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។

 ២៦ ហើយ​ជា​ថ្មី​ទៀត យើង​បញ្ជា​អ្នក​ថា កុំ​លោភ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ចូរ​ចំណាយ​ដោយ​សេរី សម្រាប់​ការ​បោះពុម្ព​ព្រះ​គម្ពីរ​មរមន ដែល​មាន​សេចក្ដី​ពិត និង​ព្រះ​បន្ទូល​នៃ​ព្រះ —

 ២៧ ដែល​ជា​ព្រះ​បន្ទូល​របស់​យើង​ចំពោះ​ពួក​សាសន៍​ដទៃ ដើម្បី​បន្តិច​ទៀត​នោះ អាច​ទៅ​ដល់​ពួក​សាសន៍​យូដា ដែល​ពួក​សាសន៍​លេមិន ត្រូវ​ជា​សំណល់ ដើម្បី​ឲ្យ​ពួក​គេ​អាច​ជឿ​ដល់​ដំណឹង​ល្អ ហើយ​មិន​ទន្ទឹង​ចាំ​ព្រះ​មែស៊ី ដែល​បាន​យាង​មក​ហើយ​នោះ​ឡើយ។

 ២៨ ហើយ​ជា​ថ្មី​ទៀត យើង​បញ្ជា​អ្នក​ថា ចូរ​អធិស្ឋានឲ្យ​ឮ ព្រម​ទាំង​នៅ​ក្នុង​ចិត្ត មែន​ហើយ នៅ​ចំពោះ​ពិភពលោក ព្រម​ទាំង​នៅ​ក្នុង​ទី​អាថ៌កំបាំង នៅ​ចំពោះ​ក្នុង​ទី​សាធារណៈ ព្រម​ទាំង​នៅ​ក្នុង​ទី​ស្ងាត់​ផង​ចុះ។

 ២៩ ហើយ​ចូរ​ប្រកាស​ប្រាប់​ដំណឹង​ដ៏​រីករាយ មែន​ហើយ ចូរ​ប្រកាស​ប្រាប់​នៅ​លើ​ភ្នំ និង​នៅ​លើ​គ្រប់​ទី​ខ្ពស់ៗ និង​នៅ​ក្នុង​ចំណោម​ប្រជា​ជន​រាល់​គ្នា ដែល​អ្នក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឃើញ។

 ៣០ ហើយ​អ្នក​នឹង​ធ្វើ​ឡើង​ដោយ​នូវ​អស់​ទាំង​ភាព​រាបសា ដោយ​ទុក​ចិត្ត​ដល់​យើង ដោយ​មិន​ជេរប្រមាថ​ដល់​ពួក​អ្នក​ដែល​ជេរប្រមាថ​ឡើយ។

 ៣១ ហើយ​អំពី​សិក្ខាបទ​ដ៏​ជ្រាលជ្រៅ​ទាំង​ឡាយ នោះ​ចូរ​កុំ​និយាយ​ដល់​ឡើយ ប៉ុន្តែ​ចូរ​ប្រកាស​ប្រាប់​អំពី​ការ​ប្រែ​ចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អង្គ​សង្គ្រោះ និង​អំពី​ការ​ផ្ដាច់​បាប ដោយ​សារ​បុណ្យ​ជ្រមុជ​ទឹក និង​ដោយ​សារ​ភ្លើង មែន​ហើយ គឺ​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​វិញ។

 ៣២ មើល​ចុះ នេះ​ជា​ព្រះ​បញ្ញត្តិ​ដ៏​ធំ និង​ចុង​ក្រោយ​បំផុត ដែល​យើង​នឹង​ប្រទាន​ដល់​អ្នក ស្ដី​អំពី​ការណ៍​នេះ ត្បិត​នេះ​ល្មម​សម្រាប់​ដំណើរ​ជីវិត​រាល់​ថ្ងៃ​របស់​អ្នក​ហើយ គឺ​រហូត​ដល់​អស់​មួយ​ជីវិត​របស់​អ្នក។

 ៣៣ ហើយ​អ្នក​នឹង​បាន​ទទួល​សេចក្ដី​ទុក្ខ​វេទនា បើ​សិន​ជា​អ្នក​មិន​អើពើ​ដល់​ពាក្យ​ដំបូន្មាន​ទាំង​នេះ មែន​ហើយ គឺ​សេចក្ដី​បំផ្លិចបំផ្លាញ​ដល់​ខ្លួន​អ្នក និង​ដល់​ទ្រព្យសម្បត្តិ​ផង​ដែរ។

 ៣៤ ចូរ​ចំណាយ​ផ្នែក​នៃ​ទ្រព្យសម្បត្តិ​របស់​អ្នក មែន​ហើយ គឺ​ផ្នែក​នៃ​ដីធ្លី​របស់​អ្នក និង​អ្វីៗ​ទាំង​អស់ លើក​លែងតែ​អ្វី​សម្រាប់​គាំទ្រ​គ្រួសារ​របស់​អ្នក​ប៉ុណ្ណោះ។

 ៣៥ ចូរ​សង​បំណុល​ដែល​អ្នក​បាន​យល់​ព្រម​ជាមួយ​នឹង​អ្នក​បោះពុម្ព។ ចូរ​ដោះ​ខ្លួន​ឲ្យ​រួច​ពី​សេវក​ភាព​ចុះ។

 ៣៦ ចូរ​ចេញ​ពី​ផ្ទះ​សំបែង​របស់​អ្នក លើក​លែងតែ​កាលណា​អ្នក​មាន​បំណង​ចង់​ឃើញ​គ្រួសារ​របស់​អ្នក

 ៣៧ ហើយ​ចូរ​និយាយ​ដោយ​សេរី​ទៅ​កាន់​មនុស្ស​ទាំង​អស់ មែន​ហើយ ចូរ​ផ្សាយ ទូន្មាន ប្រកាស​ប្រាប់​នូវ​សេចក្ដី​ពិត គឺ​ដោយ​សំឡេង​ខ្លាំងៗ ដោយ​សំឡេង​រីករាយ ដោយ​ស្រែក​ឡើង​ថា — ហូសាណា ហូសាណា សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ប្រកប​ដោយ​ព្រះ ពរ!

 ៣៨ ចូរ​អធិស្ឋាន​ជានិច្ច ហើយ​យើង​នឹង​ចាក់​ព្រះ​វិញ្ញាណ​របស់​យើង​មក​លើ​អ្នក ហើយ​ពរ​របស់​អ្នក​ធំ​ណាស់​ហ្ន៎ — មែន​ហើយ គឺ​ច្រើន​ជាង​អ្វី​ដែល​អ្នក​គប្បី​បាន​ទទួល​នូវ​ទ្រព្យសម្បត្តិ​ពី​ផែនដី និង​របស់​ពុករលួយ​ទាំង​នោះ​ផង។

 ៣៩ មើល​ចុះ តើ​អ្នក​អាច​អាន​ការណ៍​នេះ ដោយ​ឥត​មាន​ចិត្ត​រីករាយ ហើយ​លើក​ចិត្ត​ឡើង ដោយ​អរ​សប្បាយ​បាន​ឬ​អី?

 ៤០ ឬ​តើ​អ្នក​អាច​ធ្វើ​ជា​អ្នក​ណែនាំ​ដែល​ខ្វាក់​បន្ត​ទៅ​ទៀត​បាន​ឬ​អី?

 ៤១ ឬ​តើ​អ្នក​អាច​មាន​ចិត្ត​រាបសា និង​ស្លូតត្រង់ ហើយ​កាន់​ខ្លួន​ដោយ​វាងវៃ​នៅ​ចំពោះ​យើង​បាន​ឬ​អី? មែន​ហើយ ចូរ​មក​រក​យើង ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក​ចុះ។ អាម៉ែន៕