កណ្ឌ​ទី ២០

វិវរណៈ​អំពី​ការ​រៀបចំ និង​ការ​គ្រប់​គ្រង​សាសនាចក្រ ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ខែ​មេសា ឆ្នាំ​១៨៣០ (History of the Church, ១:៦៤–៧០)។ បញ្ជី​ដើម​របស់​លោក​អំពី​វិវរណៈ​នេះ ព្យាការី​បាន​កត់​ថា ៖ « យើង​បាន​ទទួល​ពី​ទ្រង់ [ព្រះ​យេស៊ូវ​គ្រីស្ទ] ដែល​មាន​ដូច​ត​ទៅ​នេះ ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ ដែល​មិន​គ្រាន់តែ​ឲ្យ​ព័ត៌មាន​ដ៏​ច្រើនទេ ប៉ុន្តែ​បាន​ចង្អុល​ប្រាប់​ដល់​យើង​នូវ​ចំ​ថ្ងៃ​ដ៏​ជាក់ ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដែល​យើង​គប្បី​ចាប់​កសាង​សាសនាចក្រ​របស់​ទ្រង់​នៅ​លើ​ផែនដី​ម្ដង​ទៀត » (History of the Church, ១:៦៤)។

១–១៦, ព្រះ​គម្ពីរ​មរមន​បញ្ជាក់​នូវ​ទេវ​ភាព​នៃ​កិច្ចការ​ថ្ងៃ​ចុង​ក្រោយ; ១៧–២៨, គោល​លទ្ធិ​ទាំង​ឡាយ​អំពី​ការ​បង្ក​បង្កើត ការ​ធ្លាក់ ដង្វាយ​ធួន និង​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​បាន​បញ្ជាក់; ២៩–៣៧, ក្រឹត្យ​វិន័យ​គ្រប់​គ្រង​ទាំង​ឡាយ​អំពី​ការ​ប្រែ​ចិត្ត ការ​រាប់​ជា​សុចរិត ការ​ញែក​ចេញ​ជា​បរិសុទ្ធ និង​បុណ្យ​ជ្រមុជ​ទឹក ត្រូវ​បាន​ចែង​ប្រាប់; ៣៨–៦៧, កាតព្វកិច្ច​ទាំង​ឡាយ​នៃ​ពួក​អែលឌើរ ពួក​សង្ឃ ពួក​គ្រូ និង​ពួក​ឌីកុន ត្រូវ​បាន​សង្ខេប​ប្រាប់; ៦៨–៧៤, កាតព្វកិច្ច​ទាំង​ឡាយ​នៃ​សមាជិក ការ​ប្រសិទ្ធិ​ពរ​ដល់​កូន​ក្មេង និង​របៀប​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​បាន​បើក​សម្ដែង​ប្រាប់; ៧៥–៨៤, ការ​អធិស្ឋាន​សាក្រាម៉ង់ និង​ច្បាប់​គ្រប់​គ្រង​សមាជិកភាព​នៃ​សាសនាចក្រ ត្រូវ​បាន​ចែង​ប្រាប់។

 ១ ការ​តាំង​ឡើង​នៃ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​នៅ​ថ្ងៃ​ចុង​ក្រោយ​ទាំង​នេះ នៅ​ឆ្នាំ​មួយ​ពាន់​ប្រាំបី​រយ​សាមសិប ចាប់​តាំង​ពី​ការ​យាង​មក​នៃ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង នៅ​ក្នុង​សាច់ឈាម ដែល​បា​ន​រៀបចំ និង​តាំង​ឡើង​យ៉ាង​ត្រឹម​ត្រូវ ស្រប​តាម​ច្បាប់​ទាំង​ឡាយ​នៃ​ប្រទេស​យើង តាម​ព្រះ​ហឫទ័យ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នៅ​ខែ​បួន និង​នៅ​ថ្ងៃ​ទី​ប្រាំមួយ​ក្នុង​ខែ​ដែល​ហៅថា មេសា —

 ២ ជា​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដែល​បាន​ប្រទាន​ដល់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​ដែល​បាន​ហៅ​ដោយ​ព្រះ ហើយ​បាន​តែងតាំង​ជា​សាវក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ធ្វើ​ជា​អែលឌើរ​ទី​១​នៃ​សាសនាចក្រ​នេះ

 ៣ ហើយ​ដល់​អូលីវើរ ខៅឌើរី ជា​អ្នក​ដែល​បាន​ហៅ​ដោយ​ព្រះ ឲ្យ​ធ្វើ​ជា​សាវក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ធ្វើ​ជា​អែលឌើរ​ទី២ នៃ​សាសនាចក្រ​នេះ ហើយ​បាន​តែងតាំង​នៅ​ក្រោម​ដៃ​លោក

 ៤ ហើយ​នេះ​គឺ​ស្រប​តាម​ព្រះ​គុណ​នៃ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​របស់​យើង សូម​ឲ្យ​បាន​ប្រកប​ដោយ​អស់​ទាំង​សិរី​ល្អ ព្រម​ទាំង​នៅ​ពេល​ឥឡូវ​នេះ និង​រៀង​ដរាប​ត​ទៅ។ អាម៉ែន។

 ៥ បន្ទាប់​ពី​បាន​សម្ដែង​ដ៏​ជាក់​ស្ដែង​ដល់​អែលឌើរ​ទី១​នេះ​ថា លោក​បាន​ទទួល​ការ​ផ្ដាច់​បាប​នៃ​លោក​ហើយ នោះ​លោក​ត្រូវ​បាន​ជំពាក់​ក្នុង​អំពើ​អសារ​ឥត​ការ​នៃ​ពិភពលោក​ម្ដង​ទៀត

 ៦ ប៉ុន្តែ​បន្ទាប់​ពី​បាន​ប្រែ​ចិត្ត និង​បន្ទាប​ខ្លួន​ដោយ​ស្មោះ​ពី​ចិត្ត គឺ​តាម​រយៈ​សេចក្ដី​ជំនឿ នោះ​ព្រះ​ទ្រង់​បាន​ឧបត្ថម្ភ​ដល់​លោក​ដោយ​ទេវតា​ដ៏​បរិសុទ្ធ​មួយ ដែល​មាន​ភក្ត្រា​ដូច​ផ្លេកបន្ទោរ ហើយ​ដែល​មាន​សំលៀកបំពាក់​ល្អ​សុទ្ធសាធ និង​ស​ជាង​គ្រប់​អ្វីៗ​ទាំង​អស់​ដែល​ស

 ៧ ហើយ​បាន​ប្រទាន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដល់​លោក ដែល​បាន​បំភ្លឺ​គំនិត​លោក

 ៨ ហើយ​បាន​ប្រទាន​អំណាច​ដល់​លោក​មក​ពី​ស្ថាន​ដ៏​ខ្ពស់ ដោយ​មធ្យោបាយ​ទាំង​ឡាយ​ដែល​បាន​រៀបចំ​ទុកជាមុន ដើម្បី​បកប្រែ​ព្រះ​គម្ពីរ​មរមន

 ៩ ដែល​មាន​បញ្ជី​ប្រវត្តិ​អំពី​ប្រជារាស្ត្រ​ដែល​ធ្លាក់ និង​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ និង​ដល់​ពួក​សាសន៍​យូដា​ផង​ដែរ

 ១០ ដែល​បាន​ប្រទាន​ឲ្យ​មក​ដោយ​ការ​បំភ្លឺ​គំនិត ហើយ​ត្រូវ​បាន​បញ្ជាក់​ដល់​អ្នក​ផង​ទាំង​ឡាយ ដោយ​ការ​បម្រើ​នៃ​ពួក​ទេវតា ហើយ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​ពិភពលោក​ដោយ​សារ​ពួក​គេ —

 ១១ ដោយ​បញ្ជាក់​ដល់​ពិភពលោក​ថា បទគម្ពីរ​ដ៏​បរិសុទ្ធ​ទាំង​ឡាយ គឺ​ត្រឹម​ត្រូវ ហើយ​ថា​ព្រះ​ទ្រង់​បាន​បំភ្លឺ​គំនិត​មនុស្ស​លោក ហើយ​ហៅ​ពួក​គេ​ឲ្យ​មក​រក​កិច្ចការ​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នៅ​សម័យ និង​ជំនាន់​នេះ ក៏​ដូច​ជា​នៅ​ជំនាន់​បុរាណ​ដែរ

 ១២ តាម​ផ្លូវ​នេះ​ហើយ ដោយ​បង្ហាញ​ថា ទ្រង់​ជា​ព្រះ​នៅ​តែ​ដដែល ទោះ​ពី​ម្សិលមិញ ថ្ងៃ​នេះ និង​រហូត​ត​ទៅ។ អាម៉ែន។

 ១៣ ហេតុ​ដូច្នេះ​ហើយ ដោយ​មាន​ពួក​សាក្សី​ដ៏​មហិមា ដោយ​សារ​ពួក​គេ​នេះ​ហើយ ដែល​ពិភពលោក​នឹង​ត្រូវ​បាន​ជំនុំ​ជំរះ គឺ​ពី​អំណឹះ​ត​ទៅ មនុស្ស​ជា​ច្រើន​នឹង​បាន​ដឹង​អំពី​កិច្ចការ​នេះ។

 ១៤ ហើយ​អស់​អ្នក​ណា​ដែល​ទទួល​កិច្ចការ​ដោយ​នូវ​សេចក្ដី​ជំនឿ ហើយ​ធ្វើ​ការ​សុចរិត អ្នក​នោះ​នឹង​បាន​ទទួល​មកុដ​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច

 ១៥ ប៉ុន្តែ​អស់​អ្នក​ណា​ពង្រឹង​ចិត្ត​របស់​ខ្លួន ដោយ​នូវ​ការ​ឥត​ជំនឿ ហើយ​មិន​ទទួល​ស្គាល់ នោះ​ការណ៍​នេះ​នឹង​បែរ​ទៅ​ជា​សេចក្ដី​ដាក់​ទោស​ដល់​ពួក​គេ​វិញ —

 ១៦ ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​យើង ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ បាន​ឮ និង​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ឫទ្ធានុភាព​ដ៏​រុងរឿង​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់ សូម​ឲ្យ​បាន​ប្រកប​ដោយ​សិរី​ល្អ​រហូត​រៀង​ដរាប​ត​ទៅ។ អាម៉ែន។

 ១៧ ដោយ​សារ​ការណ៍​ទាំង​នេះ​ហើយ បាន​ជា​យើង​ដឹង​ថា មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើ​ស្ថាន​សួគ៌ ដែល​នៅ​ជា​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច គឺ​ពី​អស់​កល្ប​ទៅ​អស់​កល្ប​ជានិច្ច ជា​ព្រះ​ដដែល​ឥត​ប្រែប្រួល ជា​អ្នក​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី និង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង

 ១៨ ហើយ​ថា ទ្រង់​បាន​បង្កើត​មនុស្ស ជា​ប្រុស ជា​ស្រី ឲ្យ​ដូច​ជា​រូប​របស់​ទ្រង់ ហើយ​ឲ្យ​មាន​ភាព​ដូច​ទ្រង់ នោះ​ទ្រង់​បាន​បង្កើត​ពួក​គេ​ឡើង

 ១៩ ហើយ​បាន​ប្រទាន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដល់​ពួក​គេ​ថា ពួក​គេ​គប្បី​ស្រឡាញ់ ហើយ​បម្រើ​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ និង​ពិត​តែ​មួយ ហើយ​ថា​ទ្រង់​ជា​ព្រះ​អង្គ​មួយ​គត់ ដែល​ពួក​គេ​គប្បី​ថ្វាយ​បង្គំ។

 ២០ ប៉ុន្តែ​ដោយ​សារ​ការ​រំលង​ក្រឹត្យ​វិន័យ​ដ៏​បរិសុទ្ធ​ទាំង​នេះ នោះ​មនុស្ស​បាន​ក្លាយ​ទៅ​ជា​មាន​វិស័យ​ខាង​កាមរាគ និង​ខាង​អារក្ស ហើយ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ធ្លាក់

 ២១ ហេតុ​ដូច្នោះ​ហើយ បាន​ជា​ព្រះ​ដ៏​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ ប្រទាន​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ដូច​ជា​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ ដែល​បាន​ប្រាប់​អំពី​ទ្រង់​នោះ។

 ២២ ទ្រង់​បាន​រង​ទុក្ខ​សេចក្ដី​ល្បួង​ទាំង​ឡាយ ប៉ុន្តែ​មិន​បាន​រវីរវល់​ដល់​សេចក្ដី​ទាំង​នោះ​ឡើយ។

 ២៣ ទ្រង់​ត្រូវ​គេ​ឆ្កាង សុគត ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​បី​ថ្ងៃ​ក្រោយ​មក

 ២៤ ហើយ​បាន​យាង​ឡើង​ទៅ​លើ​ស្ថាន​សួគ៌ ដើម្បី​ទៅ​គង់នៅ​ខាង​ស្ដាំ​ព្រះ​ហស្ត​នៃ​ព្រះ​វរបិតា ដើម្បី​ទៅ​សោយរាជ្យ​ដោយ​ព្រះ​ចេស្ដា​ដ៏​មហិទ្ធិឫទ្ធិ ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា

 ២៥ ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​នឹង​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​កាន់ខ្ជាប់​នៅ​ក្នុង​សេចក្ដី​ជំនឿ​ដរាប​ដល់​ចុង​បំផុត នោះ​នឹង​បាន​សង្គ្រោះ —

 ២៦ មិន​គ្រាន់តែ​អស់​អ្នក​ណា​ដែល​ជឿ បន្ទាប់​ពី​ទ្រង់​បាន​យាង​មក ក្នុង​កាល​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ក្នុង​សាច់ឈាម​នោះ​ទេ ប៉ុន្តែ​អស់​អ្នក​ណា ចាប់​តាំង​ពី​ដំបូង​មក គឺ​មនុស្ស​ជា​ច្រើន​ដែល​មក​មុន​ទ្រង់​ផង​ដែរ ដែល​បាន​ជឿ​តាម​ពាក្យ​ពេចន៍​ទាំង​ឡាយ​នៃ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ដែល​បាន​ពោល​ក្នុង​កាល​ពួក​គេ​ត្រូវ​បាន​បណ្ដាល​ដោយ​សារ​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ជា​អ្នក​ដែល​បាន​ធ្វើ​ទី​បន្ទាល់​ដ៏​ត្រឹម​ត្រូវ​អំពី​ទ្រង់​ក្នុង​ការណ៍​ទាំង​អស់ នោះ​ពួក​គេ​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផង​ដែរ

 ២៧ ហើយ​ព្រម​ទាំង​អស់​អ្នក​ណា ដែល​នឹង​មក​តាម​ក្រោយ ដែល​នឹង​ជឿ​ដល់​អំណោយទាន និង​ការ​ហៅ​ទាំង​ឡាយ​នៃ​ព្រះ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​វរបិតា និង​អំពី​ព្រះ​រាជ​បុត្រា

 ២៨ រីឯ​ព្រះ​វរបិតា ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះ​តែ​មួយ គង់នៅ​ជា​និរន្តរ៍​និង​អស់​កល្ប​ជានិច្ច ដោយ​គ្មាន​ទីបំផុត។ អាម៉ែន។

 ២៩ ហើយ​យើង​ដឹង​ថា​មនុស្ស​ទាំង​អស់ ត្រូវ​តែ​ប្រែ​ចិត្ត ហើយ​ជឿ​ដល់​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​របស់​ទ្រង់ ហើយ​កាន់ខ្ជាប់​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​របស់​ទ្រង់​ដរាប​ដល់​ចុង​បំផុត បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​បាន​ឡើយ។

 ៣០ ហើយ​យើង​ដឹង​ថា ការ​រាប់​ជា​សុចរិត តាម​រយៈ​ព្រះ​គុណ​នៃ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​គឺ​យុត្តិធម៌ និង​ត្រឹម​ត្រូវ

 ៣១ ហើយ​យើង​ក៏​ដឹង​ដែរ​ថា ការ​ញែក​ជា​បរិសុទ្ធ តាម​រយៈ​ព្រះ​គុណ​នៃ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​ដ៏​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​គឺ​យុត្តិធម៌ និង​ត្រឹម​ត្រូវ​ចំពោះ​អស់​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​បម្រើ​ព្រះ​ដោយ​អស់​ពី​ពលំ អស់​ពី​គំនិត និង​អស់​ពី​កម្លាំង។

 ៣២ ប៉ុន្តែ​មាន​ផ្លូវ​ដែល​មនុស្ស​អាច​ធ្លាក់​ចេញ​ពី​ព្រះ​គុណ ហើយ​បោះបង់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ

 ៣៣ ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​សាសនាចក្រ​ប្រយ័ត្ន ហើយ​អធិស្ឋាន​ជានិច្ច ក្រែង​ពួក​គេ​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង

 ៣៤ មែន​ហើយ គឺ​ចូរ​ឲ្យ​អស់​អ្នក​ណា​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​ប្រយ័ត្ន​ផង​ចុះ។

 ៣៥ ហើយ​យើង​ដឹង​ថា ការណ៍​ទាំង​នេះ​ត្រឹម​ត្រូវ និង​ស្រប​តាម​វិវរណៈ​នៃ​លោក​យ៉ូហាន ដោយ​គ្មាន​បន្ថែម ឬ​បន្ថយ​អ្វី​ចេញ​ពី​ការ​ព្យាករណ៍​នៃ​គម្ពីរ​របស់​លោក​ឡើយ គឺជា​បទគម្ពីរ​ដ៏​បរិសុទ្ធ ឬ​ជា​វិវរណៈ​ទាំង​ឡាយ​ពី​ព្រះ​ដែល​នឹង​បាន​ចេញ​មក​នៅ​ពេល​ក្រោយ​ទៀត ដោយ​សារ​អំណោយទាន និង​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺជា​សំឡេង​នៃ​ព្រះ ឬ​ក៏​ការ​បម្រើ​នៃ​ពួក​ទេវតា។

 ៣៦ ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​សូម​ថ្វាយ​កិត្តិនាម ព្រះ​ចេស្ដា និង​សិរី​ល្អ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ ព្រម​ទាំង​នៅ​ពេល​ឥឡូវ​នេះ និង​រៀង​ដរាប​ត​ទៅ។ អាម៉ែន។

 ៣៧ ហើយ​ជា​ថ្មី​ទៀត តាម​បញ្ញត្តិ​ចំពោះ​សាសនាចក្រ ស្ដី​អំពី​របៀប​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក — អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ហើយ​មាន​បំណង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​មក​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប ហើយ​ធ្វើ​បន្ទាល់​នៅ​ចំពោះ​សាសនាចក្រ​ថា ពួក​គេ​ប្រាកដជា​បាន​ប្រែ​ចិត្ត​ចំពោះ​អំពើ​បាប​របស់​ពួក​គេ​ទាំង​អស់ ហើយ​យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​ប្ដេជ្ញា​ថា​នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត ហើយ​ប្រាកដជា​សម្ដែង​ដោយ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ​ថា ពួក​គេ​បាន​ទទួល​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​ចំពោះ​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ពួក​គេ ឈ្មោះ​ថា​នឹង​បាន​ទទួល ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​សាសនាចក្រ​របស់​ទ្រង់។

 ៣៨ កាតព្វកិច្ច​នៃ​ពួក​អែលឌើរ ពួក​សង្ឃ ពួក​គ្រូ ពួក​ឌីកុន និង​សមាជិក​ទាំង​ឡាយ​នៃ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ — សាវក ជា​អែលឌើរ ហើយ​ជា​ការ​ហៅ​របស់​លោក ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក

 ៣៩ ហើយ​ដើម្បី​តែងតាំង​ពួក​អែលឌើរ ពួក​សង្ឃ ពួក​គ្រូ និង​ពួក​ឌីកុន​ផ្សេងៗ​ទៀត

 ៤០ ហើយ​ដើម្បី​ចាត់ចែង​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ — ជា​តំណាង​ទាំង​ឡាយ​អំពី​សាច់​និង​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ —

 ៤១ ហើយ​ដើម្បី​បញ្ជាក់​អស់​អ្នក​ណា ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ឲ្យ​ចូល​សាសនាចក្រ ដោយ​សារ​ការ​ដាក់​ដៃ​លើ​សម្រាប់​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ស្រប​តាម​បទគម្ពីរ​ទាំង​ឡាយ

 ៤២ ហើយ​ដើម្បី​បង្រៀន ពន្យល់ ទូន្មាន ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​មើល​ការ​ខុសត្រូវ​លើ​សាសនាចក្រ

 ៤៣ ហើយ​ដើម្បី​បញ្ជាក់​សាសនាចក្រ ដោយ​ការ​ដាក់​ដៃ​លើ និង​ការ​ប្រគល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឲ្យ

 ៤៤ ហើយ​ដើម្បី​ដឹកនាំ​ការ​ប្រជុំ​ទាំង​អស់។

 ៤៥ ពួក​អែលឌើរ​ត្រូវ​នាំ​មុខ​ការ​ប្រជុំ ដូច​ដែល​ពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ស្រប​តាម​ព្រះ​បញ្ញត្តិ និង​វិវរណៈ​ទាំង​ឡាយ​នៃ​ព្រះ។

 ៤៦ កាតព្វកិច្ច​របស់​សង្ឃ គឺ​ដើម្បី​ផ្សាយ បង្រៀន ពន្យល់ ទូន្មាន និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​ចាត់ចែង​បុណ្យ​សាក្រាម៉ង់

 ៤៧ ហើយ​ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ ដើម្បី​សួរសុខទុក្ខ ហើយ​ទូន្មាន​ពួក​គេ​ឲ្យ​អធិស្ឋានឲ្យ​ឮ និង​នៅ​ទី​អាថ៌កំបាំង ហើយ​ឲ្យ​ធ្វើ​កាតព្វកិច្ច​គ្រួសារ​គ្រប់​យ៉ាង។

 ៤៨ ហើយ​លោក​ក៏​អាច​តែងតាំង​ពួក​សង្ឃ ពួក​គ្រូ និង​ពួក​ឌីកុន​ផ្សេងៗ​ទៀត​បាន​ផង​ដែរ។

 ៤៩ ហើយ​លោក​ត្រូវ​នាំ​មុខ​ការ​ប្រជុំ កាលណា​គ្មាន​អែលឌើរ​នៅ​ទី​នោះ

 ៥០ ប៉ុន្តែ​កាលណា​មាន​អែលឌើរ​នៅ​ទី​នោះ នោះ​លោក​គ្រាន់តែ​ត្រូវ​ផ្សាយ បង្រៀន ពន្យល់ ទូន្មាន និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក

 ៥១ ហើយ​ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ ដើម្បី​សួរសុខទុក្ខ ហើយ​ទូន្មាន​ពួក​គេ​ឲ្យ​អធិស្ឋាន​ឲ្យ​ឮ និង​នៅ​ទី​អាថ៌កំបាំង ហើយ​ឲ្យ​ធ្វើ​កាតព្វកិច្ច​គ្រួសារ​គ្រប់​យ៉ាង។

 ៥២ ក្នុង​កាតព្វកិច្ច​ទាំង​ឡាយ​នេះ សង្ឃ​ត្រូវ​ជួយ​អែលឌើរ បើ​សិន​ជា​ត្រូវ​ការ។

 ៥៣ កាតព្វកិច្ច​របស់​គ្រូ គឺ​ដើម្បី​មើល​ការ​ខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួក​គេ

 ៥៤ ហើយ​មើល​ឲ្យ​ឃើញ​ថា គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​សាសនាចក្រ ទាំង​គ្មាន​ភាព​រឹងទទឹង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ការ​កុហក ការ​ពោល​បង្កាច់ ឬ​ក៏​ការ​និយាយ​អាក្រក់​ឡើយ

 ៥៥ ហើយ​មើល​ឲ្យ​ឃើញ​ថា សាសនាចក្រ​ជួបជុំ​គ្នា​ជា​ញឹកញាប់ ហើយ​ក៏​មើល​ឲ្យ​ឃើញ​ថា សមាជិក​ទាំង​អស់​ធ្វើ​នូវ​កាតព្វកិច្ច​របស់​ខ្លួន។

 ៥៦ ហើយ​លោក​ត្រូវ​នាំ​មុខ​ការ​ប្រជុំ នៅ​ពេល​មិន​មាន​អែលឌើរ ឬ​សង្ឃ​នៅ​ទី​នោះ —

 ៥៧ ហើយ​តម្រូវ​ឲ្យ​ជួយ​ជានិច្ច​ពី​ពួក​ឌីកុន​ក្នុង​កាតព្វកិច្ច​ទាំង​អស់​របស់​លោក នៅ​ក្នុង​សាសនាចក្រ បើ​សិន​ជា​ត្រូវ​ការ។

 ៥៨ ប៉ុន្តែ​គ្មាន​ពួក​គ្រូ ឬ​ពួក​ឌីកុន​ណា មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ចាត់ចែង​បុណ្យ​សាក្រាម៉ង់ ឬ​ដាក់​ដៃ​លើ​បាន​ឡើយ

 ៥៩ ប៉ុន្តែ​ពួក​គេ​ត្រូវ​ព្រមាន ពន្យល់ ទូន្មាន និង​បង្រៀន ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ។

 ៦០ អែលឌើរ សង្ឃ គ្រូ ឬ​ឌីកុន​រាល់ៗ​គ្នា ត្រូវ​បាន​តែងតាំង​ឡើង​តាម​អំណោយទាន និង​ការ​ហៅ​ទាំង​ឡាយ​នៃ​ព្រះ​ចំពោះ​ខ្លួន ហើយ​លោក​ត្រូវ​បាន​តែងតាំង​ឡើង ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​នៅ​ក្នុង​អ្នក​ដែល​តែងតាំង​លោក។

 ៦១ ពួក​អែលឌើរ​នានា ដែល​ធ្វើ​ជា​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​នេះ ត្រូវ​ជួបជុំ​គ្នា​នៅ​ក្នុង​សន្និសីទ​បី​ខែ​ម្ដង ឬ​ពី​មួយ​គ្រា​ទៅមួយ​គ្រា ដូច​ជា​សន្និសីទ​ទាំង​នេះ​ដឹកនាំ ឬ​កំណត់

 ៦២ ហើយ​សន្និសីទ​ទាំង​នេះ ត្រូវ​ធ្វើ​កិច្ចការ​ណា​ដែល​ជា​របស់​ផង​សាសនាចក្រ ដែល​ចាំ​បាច់​ឲ្យ​ធ្វើ​នៅ​ពេល​នោះ។

 ៦៣ ពួក​អែលឌើរ​ត្រូវ​ទទួល​អាជ្ញាប័ណ្ណ​ពី​ពួក​អែលឌើរ​ផ្សេងៗ​ទៀត ដោយ​ការ​អនុមតិ​ពី​សាសនាចក្រ ដែល​ពួក​គេ​ចូល​រួម ឬ​ពី​សន្និសីទ​ទាំង​ឡាយ។

 ៦៤ សង្ឃ គ្រូ ឬ​ឌីកុន​ម្នាក់ៗ ដែល​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​សង្ឃ គេ​អាច​យក​សំបុត្រ​ពី​អ្នក​តែងតាំង​នៅ​ពេល​នោះ គឺជា​សំបុត្រ ពេល​ប្រគល់​ទៅ​ឲ្យ​អែលឌើរ នោះ​នឹង​ឲ្យ​លោក​មាន​សិទ្ធិ​ទទួល​អាជ្ញាប័ណ្ណ​បាន ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក​អនុវត្ត​ភារកិច្ច​ទាំង​ឡាយ នៃ​ការ​ហៅ​របស់​លោក ឬ​លោក​អាច​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​សន្និសីទ​ក៏​បាន។

 ៦៥ គ្មាន​នរណា​អាច​បាន​តែងតាំង​ឡើង​ឲ្យ​កាន់​តំណែង​ណាមួយ​នៅ​ក្នុង​សាសនាចក្រ​នេះ នៅ​កន្លែង​មាន​សាខា​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ត្រឹម​ត្រូវ ដោយ​គ្មាន​ការ​អនុមតិ​ពី​សាសនាចក្រ​នោះ​ឡើយ។

 ៦៦ ប៉ុន្តែ​ពួក​អែលឌើរ​ដែល​ត្រួតពិនិត្យ ពួក​ប៊ីស្សព​ដែល​ធ្វើ​ដំណើរ ពួក​អ្នក​ប្រឹក្សា​ជាន់​ខ្ពស់ ពួក​សង្ឃ​ជាន់​ខ្ពស់ និង​ពួក​អែលឌើរ​ទាំង​ប៉ុន្មាន គេ​អាច​មាន​ឯកសិទ្ធិ​នៃ​ការ​តែងតាំង​នៅ​កន្លែង​ណា​ដែល​គ្មាន​សាខា​នៃ​សាសនាចក្រ សម្រាប់​ស្នើសុំ​ការ​អនុមតិ​គាំទ្រ​នោះ។

 ៦៧ គ្រប់​ប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ (ឬ​អែលឌើរ​ដែល​ត្រួតត្រា) ប៊ីស្សព អ្នក​ប្រឹក្សា​ជាន់​ខ្ពស់ និង​សង្ឃ​ជាន់​ខ្ពស់ ត្រូវ​បាន​តែង​តាំង​ឡើង តាម​ការ​ដឹកនាំ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​ក៏​នៅ​ឯ​សន្និសីទ​ទូ​ទៅ។

 ៦៨ កាតព្វកិច្ច​នៃ​សមាជិក​ទាំង​ឡាយ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ឲ្យ​ចូល​ដោយ​បុណ្យ​ជ្រមុជ​ទឹក — ពួក​អែលឌើរ ឬ​ពួក​សង្ឃ ត្រូវ​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​ពន្យល់​អ្វីៗ​ទាំង​អស់ ដែល​ទាក់​ទង​ទៅ​នឹង​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​គេ​យល់ មុន​ពេល​ពួក​គេ​ទទួល​ទាន​សាក្រាម៉ង់ និង​មុន​ពួក​គេ​ទទួល​ការ​បញ្ជាក់​ដោយ​ការ​ដាក់​ដៃ​លើ ពី​ពួក​អែលឌើរ ដើម្បី​ឲ្យ​អ្វីៗ​ទាំង​អស់​អាច​បាន​ធ្វើ​ឡើង​តាម​របៀប​រៀបរយ។

 ៦៩ ហើយ​សមាជិក​ទាំង​ឡាយ​ត្រូវ​សម្ដែង​នៅ​ចំពោះ​សាសនាចក្រ ហើយ​នៅ​ចំពោះ​ពួក​អែលឌើរ​ដែរ ដោយ​ដំណើរ និង​វាចា​ដ៏​សុចរិត ដើម្បី​ឲ្យ​ពួក​គេ​បាន​សម​នឹង​ការណ៍​នោះ ដើម្បី​ឲ្យ​មាន​កិច្ចការ និង​សេចក្ដី​ជំនឿ សមស្រប​ទៅ​នឹង​បទគម្ពីរ​ដ៏​បរិសុទ្ធ​ទាំង​ឡាយ — ដោយ​ដើរ​ក្នុង​បរិសុទ្ធ​ភាព​នៅ​ចំពោះ​ព្រះ​អម្ចាស់។

 ៧០ សមាជិក​ទាំង​ឡាយ​នៃ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​ដែល​មាន​កូន​ចៅ នោះ​ត្រូវ​នាំពួកគេមក​រក​ពួក​អែលឌើរ នៅ​ចំពោះ​សាសនាចក្រ ជា​អ្នក​ដែល​ត្រូវ​ដាក់​ដៃ​លើ​ពួកគេដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ឲ្យ​ពរ​ដល់ពួកគេដោយ​នូវ​ព្រះ​នាម​របស់​ទ្រង់។

 ៧១ គ្មាន​នរណា​មួយ​អាច​បាន​ទទួល​ឲ្យ​ចូល​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​បាន​ឡើយ លើក​លែងតែ​អ្នក​នោះ មាន​អាយុ​នៃ​ការ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ ហើយ​មាន​សមត្ថភាព​អាច​ប្រែ​ចិត្ត​បាន។

 ៧២ បុណ្យ​ជ្រមុជ​ទឹក​ត្រូវ​ចាត់ចែង​ឡើង​តាម​របៀប​ដែល​មាន​ដូច​ត​ទៅ​នេះ ចំពោះ​អស់​អ្នក​ណា​ដែល​បាន​ប្រែ​ចិត្ត —

 ៧៣ បុគ្គល​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ហើយ​មាន​សិទ្ធិ​អំណាច​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក នោះ​ត្រូវ​ចុះ​ទៅ​ក្នុង​ទឹក​ជាមួយ​បុគ្គល​ដែល​ប្រគល់​ខ្លួន​លោក ឬ​ខ្លួន​នាង សម្រាប់​បុណ្យ​ជ្រមុជ​ទឹក ហើយ​ត្រូវ​និយាយ​ដោយ​ហៅ​លោក ឬ​នាង​តាម​ឈ្មោះ​ថា ៖ ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​វរបិតា និង​នៃ​ព្រះ​រាជ​បុត្រា និង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ អាម៉ែន។

 ៧៤ រួច​ហើយ អ្នក​នោះ​ត្រូវ​ពន្លិច​លោក ឬ​នាង​ទៅ​ក្នុង​ទឹក ហើយ​លើក​ឡើង​ពី​ទឹក​មក​វិញ។

 ៧៥ ជា​ការ​ចាំ​បាច់​ដែល​សាសនាចក្រ​ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​ទទួល​ទាន​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ ដោយ​នូវ​ការ​ចងចាំ​ពី​ព្រះ​អម្ចាស់​យេស៊ូវ

 ៧៦ ហើយ​អែលឌើរ ឬ​សង្ឃ​ត្រូវ​ចាត់ចែង​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ ហើយ​លោក​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​នេះ — លោក​ត្រូវ​លុតជង្គង់​ជាមួយ​នឹង​សាសនាចក្រ ហើយ​សូម​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ពាក្យ​អធិស្ឋាន​ដ៏​ម៉ឺង​មាត់​ថា ៖

 ៧៧ ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ យើង​ខ្ញុំ​សូម​ដល់​ព្រះ​អង្គ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​ប្រទាន​ពរ ហើយ​ញែក​នំប៉័ង​នេះ ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំង​អស់​ណា ដែល​ទទួល​ទាន​នំប៉័ង​នេះ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ទទួល​ទាន ដោយ​នូវ​ការ​ចងចាំ​ដល់​ព្រះ​កាយ​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ហើយ​ធ្វើ​បន្ទាល់​ដល់​ព្រះ​អង្គ ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ ថា​ពួក​គេ​នឹង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាចបាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ​ជា​ដរាប។ អាម៉ែន។

 ៧៨ របៀប​ប្រគល់​ស្រា​ទំពាំងបាយជូរ — លោក​ត្រូវ​យក​ពែង​ផង​ដែរ ហើយ​ថា ៖

 ៧៩ ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ យើង​ខ្ញុំ​សូម​ដល់​ព្រះ​អង្គ ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​ប្រទាន​ពរ ហើយ​ញែក​ស្រា​ទំពាំងបាយជូរ​នេះ​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រលឹង​នៃ​ជន​ទាំង​អស់​ណា ដែល​ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​នេះ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ធ្វើ​យ៉ាង​នោះ ដោយ​នូវ​ការ​ចងចាំ​ដល់​ព្រះ​លោហិត នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ដែល​បាន​ច្រួច​ជំនួស​ពួក​គេ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ធ្វើ​បន្ទាល់​ដល់​ព្រះ​អង្គ ឱ​ព្រះ​អង្គ ជា​ព្រះ​វរបិតា​ដ៏​អស់​កល្ប​ជានិច្ច​អើយ​ថា ពួក​គេ​នឹង​ចងចាំ​ទ្រង់​ជានិច្ច ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ព្រះ​វិញ្ញាណ​របស់​ទ្រង់ គង់នៅ​ជាមួយ​នឹង​ពួក​គេ។ អាម៉ែន។

 ៨០ សមាជិក​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​ណា​ម្នាក់ ដែល​រំលង ឬ​បាន​ឃើញ​ទាន់​ថា ធ្វើ​ខុស​អ្វីមួយ នោះ​ត្រូវ​ដោះ​ស្រាយ​តាម​ដែល​បទគម្ពីរ​ណែនាំ។

 ៨១ កាតព្វកិច្ច​នៃ​សាសនាចក្រ​នានា ដែល​ជា​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ នឹង​ត្រូវ​ចាត់​គ្រូ​របស់​ពួក​គេ​ម្នាក់ ឬ​ច្រើន​ឲ្យ​ទៅ​សន្និសីទ​នានា ដែល​ពួក​អែលឌើរ​នៃ​សាសនាចក្រ​បាន​ធ្វើ​ឡើង

 ៨២ ជាមួយ​នឹង​បញ្ជី​ឈ្មោះ​នៃ​សមាជិក​នានា ដែល​ចូល​ខ្លួន​រួម​ជាមួយ​សាសនាចក្រ ចាប់​តាំង​ពី​សន្និសីទ​មុន​មក ឬ​ក៏​បាន​ចាត់​ដោយ​ដៃ​នៃ​សង្ឃ​ម្នាក់ ដើម្បី​ឲ្យ​មាន​បញ្ជី​ទៀងទាត់ អំពី​ឈ្មោះ​ទាំង​ឡាយ​នៃ​សាសនាចក្រ​ទាំង​មូល អាច​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​ដោយ​ពួក​អែលឌើរ​ណា​ម្នាក់ ឬ​ក៏​ពួក​អែលឌើរ​ណា ដែល​នឹង​តាំង​ពី​មួយ​គ្រា​ទៅ​មួយ​គ្រានោះ​

 ៨៣ ហើយ​ម្យ៉ាង​ទៀត បើ​សិន​ជា​ជន​ណា ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សាសនាចក្រ នោះឈ្មោះ​គេ​ទាំង​ឡាយ អាច​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​ទូ​ទៅ​នៃ​សាសនាចក្រ។

 ៨៤ សមាជិក​ទាំង​អស់​ណា​ដែល​រើ​ចេញ​ពី​ក្រុម​ជំនុំ កន្លែង​ដែល​គេ​អាស្រ័យ​នៅ បើ​សិន​ជា​ទៅ​ក្រុម​ជំនុំ​នៅ​កន្លែង​ដែល​គ្មាន​គេឯង​ស្គាល់ នោះ​គេ​អាច​យក​លិខិត​បញ្ជាក់​ថា ពួក​គេ​ជា​សមាជិក​ពេញ​ទី ហើយ​មាន​ជំហរ​ល្អ សំបុត្រ​នោះ​អាច​បាន​ចុះ​ហត្ថលេខា ដោយ​អែលឌើរ ឬ​សង្ឃ​ណាមួយ​ក៏​បាន បើ​សិន​ជា​សមាជិក​ដែល​ទទួល​សំបុត្រ ត្រូវ​ជា​អ្នក​រាប់​អាន​គ្នា​នឹង​អែលឌើរ ឬ​សង្ឃ​នោះ​ផ្ទាល់ ឬ​ក៏​អាច​បាន​ចុះ​ហត្ថលេខា​ដោយ​ពួក​គ្រូ ឬ​ពួក​ឌីកុន​នៃ​សាសនាចក្រ​ក៏​បាន។