កណ្ឌ​ទី ២៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក ខែ​មេសា ឆ្នាំ​១៨៣០ ចំពោះ​អូលីវើរ ខៅឌើរី; ហៃរុម ស៊្មីធ; សាំយូអែល អេ​ជ ស៊្មីធ; យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ; និង យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ (History of the Church, ១:៨០)។ មក​ពី​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោះស្ម័គ្រ​ពី​ចំណែក​នៃ​ពួក​អ្នក​ប្រាំ​នាក់ ដែល​បាន​ពោល​ដល់​នេះ ចង់​ដឹង​អំពី​កាតព្វកិច្ច​របស់​ពួក​គេ​រៀងៗ​ខ្លួន នោះ​ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល​វិវរណៈ​នេះ។

១–៧, ពួក​សិស្ស​មុនៗ​ទាំង​នេះ ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ ទូន្មាន និង​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ។

 ១ មើល​ចុះ អូលីវើរ យើង​មាន​បន្ទូល​ដល់​អ្នក​នូវ​ពាក្យ​បន្តិចបន្តួច។ មើល​ចុះ អ្នក​បាន​មាន​ពរ​ហើយ ហើយ​អ្នក​ពុំ​នៅ​ក្រោម​ការ​កាត់ទោស​ទេ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​អំពី​សេចក្ដី​ឆ្មើងឆ្មៃ ខ្លាចក្រែង​អ្នក​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង។

 ២ ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ការ​ហៅ​របស់​អ្នក​ដល់​សាសនាចក្រ ហើយ​ព្រម​ទាំង​ដល់​ពិភពលោក​ផង​ដែរ ហើយ​ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​បើក​ដើម្បី​ផ្សាយ​សេចក្ដី​ពិត ចាប់​តាំង​ពី​ឥឡូវ​នេះ​ជា​រៀង​ដរាប​ត​ទៅ។ អាម៉ែន។

 ៣ មើល​ចុះ ហៃរុម យើង​មាន​បន្ទូល​ដល់​អ្នក​នូវ​ពាក្យ​បន្តិចបន្តួច ត្បិត​អ្នក​ក៏​ពុំ​នៅ​ក្រោម​ការ​កាត់ទោស​ទេ ហើយ​ចិត្ត​អ្នក​បាន​បើក ហើយ​អណ្ដាត​អ្នក​បាន​ស្រាយ ហើយ​ការ​ហៅ​របស់​អ្នក គឺ​ដើម្បី​ឲ្យ​ការ​ទូន្មាន ហើយ​ដើម្បី​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ​ជា​រៀង​រហូត។ ហេតុ​ដូច្នោះ​ហើយ កាតព្វកិច្ច​របស់​អ្នក គឺ​ដល់​សាសនាចក្រ​ជា​រៀង​ដរាប​ត​ទៅ ហើយ​នេះ​មក​ពី​គ្រួសារ​របស់​អ្នក។ អាម៉ែន។

 ៤ មើល​ចុះ សាំយូអែល យើង​មាន​បន្ទូល​ដល់​អ្នក​នូវ​ពាក្យ​បន្តិចបន្តួច ត្បិត​អ្នក​ពុំ​នៅ​ក្រោម​ការ​កាត់ទោស​ទេ ហើយ​ការ​ហៅ​របស់​អ្នក គឺ​ដើម្បី​ឲ្យ​ការ​ទូន្មាន ហើយ​ដើម្បី​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ ហើយ​អ្នក​ពុំ​ទាន់​បាន​ហៅ​ឲ្យ​ផ្សាយ​ដល់​ពិភពលោក​នៅ​ឡើយ​ទេ។ អាម៉ែន។

 ៥ មើល​ចុះ យ៉ូសែប យើង​មាន​បន្ទូល​ដល់​អ្នក​នូវ​ពាក្យ​បន្តិចបន្តួច ត្បិត​អ្នក​ពុំ​នៅ​ក្រោម​ការ​កាត់ទោស​ទេ ហើយ​ការ​ហៅ​របស់​អ្នក គឺ​ដើម្បី​ឲ្យ​ការ​ទូន្មាន ហើយ​ដើម្បី​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ​ដែរ ហើយ​នេះ​ជា​កាតព្វកិច្ច​របស់​អ្នក ចាប់​តាំង​ពី​ឥឡូវ​នេះ​ជា​រៀង​ដរាប​ត​ទៅ។ អាម៉ែន។

 ៦ មើល​ចុះ យ៉ូសែប ណៃត៍ យើង​សម្ដែង​ខ្លួន​ដល់​អ្នក ដោយ​សារ​ព្រះ​បន្ទូល​ទាំង​នេះ ថា​អ្នក​ត្រូវ​លើក​លី​ឈើ​ឆ្កាង​របស់​អ្នក គឺថា​អ្នក​ត្រូវ​អធិស្ឋានឲ្យ​ឮ​នៅ​ចំពោះ​ពិភពលោក ព្រម​ទាំង​នៅ​ទី​អាថ៌កំបាំង និង​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​នៅ​ក្នុង​ចំណោម​មិត្ត​ភក្ដិ​របស់​អ្នក និង​នៅ​គ្រប់​កន្លែង​នានា។

 ៧ ហើយ​មើល​ចុះ គឺជា​កាតព្វកិច្ច​របស់​អ្នក ដើម្បី​ចូល​រួម​ជាមួយ​សាសនាចក្រ​ដ៏​ពិត ហើយ​ចូរ​ចេញ​វាចា​របស់​អ្នក ដើម្បី​ទូន្មាន​ជា​រៀង​រហូត​ចុះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ទទួល​រង្វាន់​នៃ​ជើង​ឈ្នួល។ អាម៉ែន៕