កណ្ឌ​ទី ២៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​កក្កដា ឆ្នាំ​១៨៣០ (History of the Church, ១:១០៣–១០៤)។ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ២៤)។ វិវរណៈ​នេះ​សម្ដែង​ប្រាប់​អំពី ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដល់ អិមម៉ា ស៊្មីធ ដែល​ជា​ភរិយា​របស់​ព្យាការី។

១–៦, អិមម៉ា ស៊្មីធ ជា​ស្ត្រី​ជម្រើស ត្រូវ​បាន​ហៅ​ឲ្យ​ជួយ និង​កំសាន្ត​ចិត្ត​ដល់​ស្វាមី​របស់​នាង; ៧–១១, នាង​ក៏​ត្រូវ​បាន​ហៅ​ឲ្យ​សរសេរ ឲ្យ​ពន្យល់​បទគម្ពីរ​ទាំង​ឡាយ ហើយ​ឲ្យ​រើស​ទំនុក​សរសើរ​តម្កើង​ព្រះ​ផង​ដែរ; ១២–១៤, បទ​ចម្រៀង​នៃ​ពួក​សុចរិត គឺជា​បទ​អធិស្ឋានដល់​ព្រះ​អម្ចាស់; ១៥–១៦, គោលការណ៍​ទាំង​ឡាយ​នៃ​ការ​គោរព​ធ្វើ​តាម ដែល​មាន​នៅ​ក្នុង​វិវរណៈ​នេះ អនុវត្ត​ដល់​មនុស្ស​ទាំង​អស់។

 ១ ចូរ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់ ដ៏​ជា​ព្រះ​របស់​អ្នក នៅ​ពេល​យើង​មាន​បន្ទូល​មក​កាន់​អ្នក អិមម៉ា ស៊្មីធ ជា​បុត្រី​របស់​យើង​អើយ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ទទួល​ដំណឹង​ល្អ​របស់​យើង នោះ​ឈ្មោះ​ថា​ជា​បុត្រា​បុត្រី​របស់​យើង​នៅ​ក្នុង​នគរ យើង​ហើយ។

 ២ វិវរណៈ​មួយ​យើង​ប្រទាន​ដល់​អ្នក ស្ដី​អំពី​ព្រះ​ហឫទ័យ​របស់​យើង ហើយ​បើ​សិន​ជា​អ្នក​មាន​ចិត្ត​ស្មោះត្រង់ ហើយ​ដើរ​តាម​ផ្លូវ​គុណធម៌​នៅ​ចំពោះ​យើង នោះ​យើង​នឹង​ទុក​ជីវិត​អ្នក​ឲ្យ​បាន​គង់​វ​វង្ស ហើយ​អ្នក​នឹង​បាន​ទទួល​មរតក​នៅ​ក្រុង​ស៊ីយ៉ូន។

 ៣ មើល​ចុះ បាប​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​អ្នក​ជា​ស្ត្រី​រើស​តាំង ជា​អ្នក​ដែល​យើង​បាន​ហៅ។

 ៤ ចូរ​កុំ​រអ៊ូរទាំ ដោយ​សារ​តែ​អ្វី​ដែល​អ្នក​ពុំ​បាន​ឃើញ​នោះ​ឡើយ ត្បិត​របស់​ទាំង​នោះ​ត្រូវ​បាន​ទុក​មិន​ឲ្យ​អ្នក និង​មិន​ឲ្យ​ពិភពលោក​ឃើញ​ទេ ដែល​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង នៅ​ពេល​ខាង​មុខ។

 ៥ ហើយ​មុខងារ​នៃ​ការ​ហៅ​របស់​អ្នក​គឺ​ត្រូវ​ធ្វើ​ជា​ទី​កំសាន្ត​ដល់​អ្នក​បម្រើ​របស់​យើង គឺ​ដល់​យ៉ូប​សែ​ប ស៊្មីធ ជុញ្ញ័រ ដែល​ជា​ស្វាមី​របស់​អ្នក នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​លោក ដោយ​នូវ​ពាក្យ​លួងលោម ក្នុង​វិញ្ញាណ​នៃ​ភាព​ស្លូតបូត។

 ៦ ហើយ​អ្នក​ត្រូវ​ទៅ​ជាមួយ​នឹង​លោក នៅ​ពេល​លោក​ទៅ ហើយ​ធ្វើ​ជា​ស្មៀន​ដល់​លោក កាលណា​គ្មាន​នរណា​ធ្វើ​ស្មៀន​ដល់​លោក ដើម្បី​ឲ្យ​យើង​អាច​ចាត់ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​ទីណា​ក៏​បាន តាម​ព្រះ​ហឫទ័យ​របស់​យើង។

 ៧ ហើយ​អ្នក​នឹង​ត្រូវ​បាន​តែងតាំង​នៅ​ក្រោម​ដៃ​របស់​លោក ដើម្បី​ពន្យល់​បទគម្ពីរ​ទាំង​ឡាយ និង​ដើម្បី​ទូន្មាន​ដល់​សាសនាចក្រ ស្រប​តាម​អ្វី​ដែល​នឹង​បាន​ប្រទាន​ដល់​អ្នក ដោយ​ព្រះ​វិញ្ញាណ​របស់​យើង។

 ៨ ត្បិត​លោក​នឹង​ដាក់​ដៃ​លើ​អ្នក ហើយ​អ្នក​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ពេល​វេលា​របស់​អ្នក​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ ដើម្បី​ការ​សរសេរ និង​ដើម្បី​ការ​រៀន​សូត្រ​ដ៏​ច្រើន។

 ៩ ហើយ​អ្នក​មិន​ចាំ​បាច់​ខ្លាច​ឡើយ ត្បិត​ស្វាមី​របស់​អ្នក​នឹង​គាំទ្រ​អ្នក​នៅ​ក្នុង​សាសនាចក្រ ត្បិត​ចំពោះ​ការ​ទាំង​នេះ​ហើយ ជា​ការងារ​របស់​លោក ដើម្បី​ឲ្យ​របស់​ទាំង​អស់ អាច​បាន​បើក​សម្ដែង​ដល់​ពួក​គេ​តាម​ព្រះ​ហឫទ័យ​របស់​យើង ស្រប​តាម​សេចក្ដី​ជំនឿ​របស់​ពួក​គេ។

 ១០ ហើយ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ត្រូវ​ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ ហើយ​ចូរ​ស្វែងរក​របស់​ទាំង​ឡាយ​ណាដែល​គ្រាន់បើ​ជាង​នេះ​វិញ។

 ១១ ហើយ​នឹង​បាន​ប្រទាន​ដល់​អ្នក​ផង​ដែរ ដើម្បី​ឲ្យ​ធ្វើ​ការ​ជំ​រើស​យក​ទំនុក​សរសើរ​តម្កើង​ព្រះ​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ ដូច​ជា​នឹង​បាន​ប្រទាន​ដល់​អ្នក ដែល​សព្វ​ព្រះ​ហឫទ័យ​ដល់​យើង ដើម្បី​ឲ្យ​មាន​នៅ​ក្នុង​សាសនាចក្រ​របស់​យើង។

 ១២ ត្បិត​ព្រលឹង​របស់​យើង​ត្រេកអរ​ចំពោះ​បទ​ចម្រៀង​ពី​ចិត្ត មែន​ហើយ បទ​ចម្រៀង​នៃ​ពួក​សុចរិត គឺជា​បទ​អធិស្ឋាន​ដល់​យើង ហើយ​នឹង​បាន​ឆ្លើយតប​ដោយ​នូវ​ព្រះ​ពរ​មក​លើ​ក្បាល​របស់​ពួក​គេ។

 ១៣ ហេតុ​ដូច្នោះ​ហើយ ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ ហើយ​ចូរ​នៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​អ្នក​បាន​ធ្វើ​ចុះ។

 ១៤ ចូរ​បន្ត​នៅ​ក្នុង​វិញ្ញាណ​នៃ​ភាព​ស្លូតបូត ហើយ​ចូរ​ប្រយ័ត្ន​ពី​សេចក្ដី​ឆ្មើងឆ្មៃ។ ចូរ​ឲ្យ​ព្រលឹង​របស់​អ្នក​ត្រេកអរ​នឹង​ស្វាមី​របស់​អ្នក​ចុះ និង​សិរី​ល្អ ដែល​នឹង​មាន​មក​លើ​លោក។

 ១៥ ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​រហូត ហើយ​មកុដ​នៃ​សេចក្ដី​សុចរិត​នោះ អ្នក​នឹង​បាន​ទទួល។ ហើយ​លើក​លែងតែ​អ្នក​ធ្វើ​ការ​នេះ កន្លែង​ដែល​យើង​នៅ នោះ​អ្នក​ពុំ​អាច​មក​បាន​ឡើយ។

 ១៦ ហើយ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នេះ​គឺជា​សំឡេង​របស់​យើង​ដល់​មនុស្ស​ទាំង​ពួង។ អាម៉ែន៕