កណ្ឌ​ទី ២៧

វិវរណៈ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ខែ​សីហា ឆ្នាំ​១៨៣០ (History of the Church, ១:១០៦–១០៨)។ នៅ​ក្នុង​ការ​រៀបចំ​សម្រាប់​ការ​ប្រជុំ​សាសនា ដែល​មាន​ចែក​សាក្រាម៉ង់​នៃ​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ នោះ​យ៉ូសែប ស៊្មីធ បាន​ចេញ​ទៅ​យក​ស្រា​ទំពាំងបាយជូរ។ លោក​ត្រូវ​បាន​ជួប​សារ​ទូត​ពី​ស្ថាន​សួគ៌​ម្នាក់ ហើយ​បាន​ទទួល​វិវរណៈ​នេះ ភាគ​ខ្លះ​ត្រូវ​បាន​កត់​ទុក​នៅ​ពេល​នោះ និង​ភាគ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​កត់​នៅ​ខែ​កញ្ញាក្រោយ​មក​។ ឥឡូវ​នេះ ទឹក​ត្រូវ​បាន​យក​មក​ប្រើ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​នៃ​សាសនាចក្រ ជំនួស​ស្រា​ទំពាំងបាយជូរ។

១–៤, តំណាង​ទាំង​ឡាយ​ដែល​ត្រូវ​យក​មក​ប្រើ​នៅ​ក្នុង​ការ​ទទួល​ទាន​សាក្រាម៉ង់ ត្រូវ​បាន​ចែង​ប្រាប់; ៥–១៤, ព្រះ​គ្រីស្ទ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ពី​គ្រប់​ការ​កាន់កាប់​ត្រួតត្រា ត្រូវ​ទទួល​ទាន​សាក្រាម៉ង់; ១៥–១៨, ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ។

 ១ ចូរ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​អ្នក ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក ឯ​ព្រះ​បន្ទូល​របស់​ទ្រង់​នោះ​រស់នៅ ហើយ​ពូកែ​ផង។

 ២ ត្បិត​មើល​ចុះ យើង​ប្រាប់​អ្នក​ថា មិន​ជា​សំខាន់​ទេ ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​បរិភោគ ឬ​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ផឹក នៅ​ពេល​អ្នក​រាល់គ្នា​ទទួល​ទាន​សាក្រាម៉ង់ បើ​សិន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឡើង ដោយ​ភ្នែក​ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​របស់​យើង — គឺ​ដោយ​ការ​ចងចាំ​ដល់​ព្រះ​វរបិតា អំពី​ព្រះ​កាយ​របស់​យើង ដែល​បាន​ដាក់​ចុះ​ដើម្បី​អ្នក និង​អំពី​ព្រះ​លោហិត​របស់​យើង ដែល​បាន​ច្រួច​ដើម្បី​ការ​ផ្ដាច់​បាបទាំង​ឡាយ​របស់​អ្នកនោះ​។

 ៣ ហេតុ​ដូច្នោះ​ហើយ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក ថា​អ្នក​មិន​ត្រូវ​ទិញ​ស្រា​ទំពាំងបាយជូរ ឬ​ក៏​ភេសជ្ជ:ជាតិ​ស្រា​ពី​ពួក​ខ្មាំងសត្រូវ​របស់​អ្នក​ឡើយ

 ៤ ហេតុ​ដូច្នោះ​ហើយ អ្នក​មិន​ត្រូវ​ទទួល​ទាន​អ្វី​ឡើយ លើក​លែងតែ​បាន​ធ្វើ​ថ្មី​នៅ​ក្នុង​ចំណោម​ពួក​អ្នក មែន​ហើយ ដោយ​ការ​នេះ​ហើយ ដែល​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង​នឹង​ត្រូវ​បាន​សាង​ឡើង​នៅ​លើ​ផែនដី។

 ៥ មើល​ចុះ នេះ​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង ដូច្នោះ​ហើយ ចូរ​កុំ​ឆ្ងល់​ឡើយ ត្បិត​ម៉ោង​នឹង​មក​ដល់ ដែល​យើង​នឹង​សោយ​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ជាមួយ​នឹង​អ្នក​នៅ​លើ​ផែនដី ហើយ​ជាមួយ​នឹង​មរ៉ូណៃ ដែល​យើង​បាន​ចាត់​ឲ្យ​ទៅ​រក​អ្នក ដើម្បី​បង្ហាញ​ព្រះ​គម្ពីរ​មរមន ដែល​មាន​នូវ​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង​ដ៏​នៅ​អស់​កល្ប​ជានិច្ច ជា​អ្នក​ដែល​យើង​បាន​ប្រគល់​កូន​សោ​ទាំង​ឡាយ​នៃ​បញ្ជី​ពី​បន្ទះ​ឈើ​របស់​អេប្រាអិម

 ៦ ហើយ​ជាមួយ​នឹង​អេលីយ៉ា​ផង ជា​អ្នក​ដែល​យើង​បាន​ប្រគល់​កូន​សោ​ទាំង​ឡាយ នៃ​ការ​សម្រេច​នូវ​ការ​សាង​ឡើង​វិញ​នៃ​របស់​ទាំង​អស់ ដែល​បាន​ពោល​ដោយ​មាត់​នៃ​ពួក​ព្យាការី​បរិសុទ្ធ ចាប់​តាំង​ពី​ដើម​មក ស្ដី​អំពី​ថ្ងៃ​ចុង​ក្រោយ​បង្អស់

 ៧ ហើយ​ជាមួយ​នឹង​យ៉ូហាន​ផង ជា​កូន​ប្រុស​របស់​សាការី គឺជា​សាការី​ដែល​លោក (អេលីយ៉ាស) បាន​ទៅ​ជួប ហើយ​បាន​សន្យា​ថា លោក​នឹង​បាន​កូន​ប្រុស​មួយ ហើយ​ឈ្មោះ​កូន​នោះ​ត្រូវ​ហៅថា យ៉ូហាន ហើយ​លោក​នឹង​បាន​ពោរ​ពេញ​ទៅ​ដោយ​វិញ្ញាណ​នៃ​លោក អេលីយ៉ាស

 ៨ គឺជា​យ៉ូហាន​ដែល​យើង​បាន​ចាត់​ឲ្យ​ទៅ​រក​អ្នក យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង អូលីវើរ ខៅឌើរី ជា​ពួក​អ្នក​បម្រើ​របស់​យើង ដើម្បី​ទៅ​តែង​តាំង​ដល់​អ្នក​នូវ​បព្វជិតភាព​ទី​មួយ ដែល​អ្នក​បាន​ទទួល​ម​ក​ហើយ​នោះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ហៅ ហើយ​តែងតាំង​ឡើង ដូច​ជា​លោក អើរ៉ុន

 ៩ ហើយ​ជាមួយ​នឹង​អេលីយ៉ា​ផង ជា​អ្នក​ដែល​យើង​ប្រគល់​កូន​សោ​ទាំង​ឡាយ​នូវ​អំណាច​នៃ​ការ​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ដើម្បី​កុំ​ឲ្យ​ផែនដី​ទាំង​មូល​ត្រូវ​វាយ​ដោយ​សេចក្ដី​បណ្ដាសា

 ១០ ហើយ​ជាមួយ​នឹង​យ៉ូសែប និង​យ៉ាកុប និង​អ៊ីសាក និង​អ័ប្រាហាំ ជា​ពួក​អយ្យកោ​របស់​អ្នក​ផង ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​សន្យា​ទាំង​ឡាយ

 ១១ ហើយ​ជាមួយ​នឹង​មីកែល ឬ​អ័ដាម ជា​បិតា​នៃ​មនុស្ស​ទាំង​អស់ ជា​អ្នក​ត្រួតត្រា​នៃ​មនុស្ស​ទាំង​អស់ ជា​អ្នក​ពី​ចាស់​បុរាណ

 ១២ ហើយ​ជាមួយ​នឹង​ពេត្រុស និង​យ៉ាកុប និង​យ៉ូហាន​ផង ជា​ពួក​អ្នក​ដែល​យើង​បាន​ចាត់​ឲ្យ​ទៅ​រក​អ្នក គឺ​ដោយ​សារ​ពួក​គេ យើង​បាន​តែងតាំង​អ្នក ហើយ​បាន​បញ្ជាក់​អ្នក​ឲ្យ​ធ្វើ​ជា​ពួក​សាវក និង​ជា​ពួក​សាក្សី​ពិសេស​អំពី​ព្រះ​នាម​របស់​យើង ហើយ​ឲ្យ​កាន់​កូន​សោ​ទាំង​ឡាយ ខាង​ការងារ​បម្រើ​របស់​អ្នក និង​អំពី​របស់​ផង​ទាំង​ឡាយ ដែល​យើង​បាន​បើក​សម្ដែង​ដល់​អ្នក

 ១៣ គឺជា​ពួក​អ្នក​ដែល​យើង​បាន​ប្រគល់កូន​សោ​ទាំង​ឡាយ​នៃ​នគរ​របស់​យើង និង​នៃ​ការ​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹង​ល្អ​សម្រាប់​ពេល​ចុង​ក្រោយ​បង្អស់ និង​សម្រាប់​កំណត់​កាល​ដ៏​ពោរ​ពេញ ជា​ពេល​ដែល​យើង​នឹង​ប្រមូល​របស់​របរ​ទាំង​អស់​ទៅ​តែ​មួយ គឺ​របស់​នៅ​លើ​ស្ថាន​សួគ៌ ព្រម​ទាំង​របស់​នៅ​លើ​ផែនដី​ផង

 ១៤ ហើយ​ជាមួយ​នឹង​អស់​អ្នក​ណា ដែល​ព្រះ​វរបិតា​របស់​យើង​បាន​ប្រទាន​ដល់​យើង​ចេញ​ពី​លោកិយ​ផង។

 ១៥ ហេតុ​ដូច្នោះ​ហើយ ចូរ​លើក​ចិត្ត​ឡើង ហើយ​អរ​សប្បាយ ហើយ​ចូរ​ក្រវាត់​ចង្កេះ ហើយ​យក​គ្រប់​គ្រឿង​សឹក​របស់​យើង​មក​ពាក់​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន ដោយ​បាន​តតាំង​សព្វ​គ្រប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ឈរ​មាំមួន​បាន។

 ១៦ ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់សេចក្ដី​ពិត​នៅ​ចង្កេះ ដោយ​ពាក់​សេចក្ដី​សុចរិត​ទុកជា​ប្រដាប់​បាំង​ដើមទ្រូង ហើយ​ពាក់​សេចក្ដី​ប្រុងប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត​ទុកជា​ស្បែក​ជើង ដែល​យើង​បាន​ចាត់​ពួក​ទេវតា​របស់​យើង​ឲ្យ​មក​ប្រគល់​ដល់​អ្នក

 ១៧ ដោយ​យក​សេចក្ដី​ជំនឿ​ទុកជា​ខែល ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​ពួក​ទុច្ចរិត ដោយ​សារ​ខែល​នោះ​បាន

 ១៨ ហើយ​ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុកជា​មួក​សឹក និង​ដាវ​របស់​ព្រះ​វិញ្ញាណ​របស់​យើង ដែល​យើង​នឹង​ចាក់​មក​លើ​អ្នក និង​ព្រះ​បន្ទូល​របស់​យើង ដែល​យើង​បើក​សម្ដែង​ដល់​អ្នក ហើយ​ចូរ​មាន​ចិត្ត​ព្រម​ព្រៀង​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង ដែល​អ្នក​រាល់​គ្នា​សូម​ពី​យើង ហើយ​ចូរ​មាន​ចិត្ត​ស្មោះត្រង់ រហូត​ដល់​យើង​ត្រឡប់​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​លើក​ឡើង ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​យើង​នៅ​នោះ​ដែរ។ អាម៉ែន៕