កណ្ឌ​ទី ៣៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី និង ស៊ីឌនី រិកដុន នៅ ឬ​នៅ​ក្បែរ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​ធ្នូ ឆ្នាំ​១៨៣០ (History of the Church, ១:១២៨–១៣១)។ នៅ​គ្រា​នេះ ព្យាការី​រវល់​ស្ទើរតែ​រាល់​ថ្ងៃ ដោយ​សារ​ការ​បកប្រែ​ព្រះ​គម្ពីរ​ប៊ីប។ ការ​បកប្រែ​ប្រហែលជា​បាន​ចាប់​ផ្ដើម នៅ​ដើមខែ​មិថុនា ឆ្នាំ​១៨៣០ ហើយ អូលីវើរ ខៅឌើរី និង​យ៉ូហាន វិតមើរ ទាំង​ពីរ​នាក់​បាន​បម្រើ​ធ្វើ​ជា​ស្មៀន។ ឥឡូវ​នេះ មក​ពី​ពួក​គេ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​តំណែង​ផ្សេងៗ​ទៀត នោះ ស៊ីឌនី រិកដុន ត្រូវ​បាន​ហៅ ដោយ​ការ​ហៅ​ពី​ព្រះ ឲ្យ​បម្រើ​ធ្វើ​ជា​ស្មៀន​របស់​ព្យាការី នៅ​ក្នុង​កិច្ចការ​នេះ (សូម​មើល​ខ ២០)។ ទុកជា​បុព្វកថា​ចំពោះ​បញ្ជី​របស់​លោក អំពី​វិវរណៈ​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « នៅ​ខែ​ធ្នូ ស៊ីឌនី រិកដុន បាន​មក [ពី​រដ្ឋ​អូហៃអូ] ដើម្បី​មក​សូម​ស្នើ​ពី​ព្រះ ហើយ​មាន អែតវឺត ប៉ាទ្រិច មក​ជា​មួយ​គាត់​ដែរ . . .។ ក្រោយ​ពី​ពួក​បង​ប្រុស​ពីរ​នាក់​មក​ដល់​បន្តិច ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ » (History of the Church, ១:១២៨)។

១–២, ពី​របៀប​ដែល​មនុស្ស​លោក​អាច​បាន​ត្រឡប់​ទៅ​ជា​កូន​ព្រះ; ៣–៧, ស៊ីឌនី រិកដុន ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​ប្រគល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ; ៨–១២, ទី​សំគាល់ និង​អព្ភូតហេតុ​ទាំង​ឡាយ​ត្រូវ​បាន​នាំ​មក​ដោយ​សារ​សេចក្ដី​ជំនឿ; ១៣–១៦, ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់​នឹង​បញ្ជាន់​សាសន៍​ទាំង​ឡាយ ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ; ១៧–១៩, យ៉ូសែប ស៊្មីធ កាន់​កូន​សោ​ទាំង​ឡាយ​នៃ​សេចក្ដី​អាថ៌កំបាំង; ២០–២១, ពួក​អ្នក​ដែល​រើស​តាំង​នឹង​ធន់​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​យាង​មក​របស់​ព្រះ​អម្ចាស់; ២២–២៧, សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​សង្គ្រោះ។

 ១ ចូរ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក​ចុះ គឺ​អាលផា និង​អូមេកា ជាដើម ហើយ​ជា​ចុង រីឯ​ដំណើរ​របស់​យើង គឺជា​វង់​មួយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិលមិញ ថ្ងៃ​នេះ និង​រហូត​ត​ទៅ។

 ២ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ជា​អ្នក​ដែល​ត្រូវ​គេ​ឆ្កាង​ជំនួស​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក គឺ​ដល់​មនុស្ស​ជា​ច្រើន​ដែល​នឹង​ជឿ​ដល់​ព្រះ​នាម​យើង ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ត្រឡប់​ទៅ​ជា​កូន​ព្រះ គឺ​ឲ្យ​បាន​ក្លាយ​ទៅ​តែ​មួយ​ក្នុង​យើង ដូច​ជា​យើង​រួម​គ្នា​តែ​មួយ​ក្នុង​ព្រះ​វរបិតា ដូច​ជា​ព្រះ​វរបិតា​រួម​គ្នា​តែ​មួយ​ក្នុង​យើង ប្រយោជន៍​ឲ្យ​យើង​អាច​បាន​រួម​គ្នា​ទៅ​តែ​មួយ។

 ៣ មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​ដល់​ស៊ីឌនី ជា​អ្នក​បម្រើ​យើង​ជា​ប្រាកដ​ថា យើង​បាន​ទត​មើល​មក​លើ​អ្នក និង​កិច្ចការ​របស់​អ្នក។ យើង​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ប៉ុន្មាន​របស់​អ្នក ហើយ​បាន​រៀបចំ​អ្នក សម្រាប់​កិច្ចការ​ដ៏​លើសលែង​ទៅ​ទៀត។

 ៤ អ្នក​មាន​ពរ​ហើយ ត្បិត​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ការ​ដ៏​ធំធេង។ មើល​ចុះ អ្នក​ត្រូវ​បាន​ចាត់​ឲ្យ​មក ដូច​ជា​យ៉ូហាន ដើម្បី​រៀបចំ​ផ្លូវ​ពីមុខ​យើង ហើយ​ពី​មុខ​លោក​អេលីយ៉ា ដែល​នឹង​ត្រូវ​មក ហើយ​អ្នក​ពុំ​បាន​ដឹង​សោះឡើយ។

 ៥ អ្នក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែ​ចិត្ត ប៉ុន្តែ​ពួក​គេ​ពុំ​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ។

 ៦ ប៉ុន្តែ​ឥឡូវ​នេះ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា អ្នក​នឹង​ត្រូវ​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ហើយ​ពួក​គេ​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ ដូច​ជា​ពួក​សាវក​ពី​បុរាណ។

 ៧ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង នឹង​មាន​កិច្ចការ​មួយ​ដ៏​ធំ​នៅ​លើ​ដែនដី គឺ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ត្បិត​សេចក្ដី​ចម្កួត​របស់​ពួក​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ពួក​គេ នឹង​ត្រូវ​បាន​បើក​សម្ដែង​ឲ្យ​ឃើញ​ដល់​ភ្នែក​នៃ​អស់​ទាំង​មនុស្ស។

 ៨ ត្បិត​យើង​ជា​ព្រះ ហើយ​ដៃ​របស់​យើង​មិន​បាន​រួញ​ខ្លី​ឡើយ ហើយ​យើង​នឹង​បង្ហាញ​អព្ភូតហេតុ ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ឡាយ ដល់​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​យើង។

 ៩ ហើយ​អស់​អ្នក​ណា​ដែល​នឹង​សូម​អ្វី​ដោយ​នូវ​ព្រះ​នាម​យើង​ក្នុង​សេចក្ដី​ជំនឿ នោះ​ពួក​គេ​នឹង​បណ្ដេញពួក​អារក្ស​ចេញ ពួក​គេ​នឹង​ប្រោស​មនុស្ស​ឈឺ ពួក​គេ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​បាន​ភ្លឺ និង​មនុស្ស​ថ្លង់​បាន​ឮ និង​មនុស្ស​គ​បាន​និយាយ និង​មនុស្ស​ខ្វិន​បាន​ដើរ​រួច។

 ១០ ហើយ​ពេល​នោះ​កំពុងតែ​មក​ដល់​យ៉ាង​ឆាប់​រហ័ស ក្នុង​កាល​ការ​អស្ចារ្យ​ដ៏​ធំៗ ត្រូវ​បាន​បង្ហាញ​ដល់​កូន​ចៅ​មនុស្ស

 ១១ ប៉ុន្តែ​ដោយ​គ្មាន​សេចក្ដី​ជំនឿ នោះ​គ្មាន​អ្វី​នឹង​ត្រូវ​បាន​បង្ហាញ​ឡើយ លើក​លែងតែ​សេចក្ដី​ហិន​វិនាស​ទាំង​ឡាយ​មក​លើ​ក្រុង បាប៊ីឡូន គឺជា​ក្រុង​នោះ​ដែល​បាន​ធ្វើ​ឲ្យ​អស់​ទាំង​សាសន៍​ផឹក​ស្រា​ទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​នៃ​សេចក្ដី​កំផិត​របស់​នាង។

 ១២ ហើយ​គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ លើក​លែងតែ​ពួក​អ្នក​បាន​ប្រុងប្រៀប ដើម្បី​ទទួល​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង​ប៉ុណ្ណោះ ដែល​យើង​បាន​ចាត់​ឲ្យ​មក​ឯ​តំណ​មនុស្ស​នេះ។

 ១៣ ហេតុ​ដូច្នោះ​ហើយ យើង​ហៅ​ពួក​កម្សោយ​នៅ​លោកិយ គឺជា​ពួក​អ្នក​ដែល​ពុំ​បាន​រៀន​សូត្រ ហើយ​គេ​មើល​ងាយ ដើម្បី​ឲ្យ​បញ្ជាន់​សាសន៍​ទាំង​ឡាយ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង

 ១៤ ហើយ​ដៃ​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​ពាហុ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ខែល​របស់​ពួក​គេ និង​ជា​ប្រដាប់​ការពារ​របស់​ពួក​គេ ហើយ​យើង​នឹង​ក្រវាត់​ចង្កេះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ច្បាំង​យ៉ាង​ក្លាហាន​ជំនួស​យើង ហើយ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ​នឹង​បាន​នៅ​ក្រោម​ជើង​របស់​ពួក​គេ ហើយ​យើង​នឹង​បណ្ដោយ​ឲ្យ​ដាវ​ធ្លាក់​មក​ដោយ​សារ​ពួក​គេ ហើយ​ដោយ​សារ​ភ្លើង​នៃ​សេចក្ដី​ក្ដៅ​ក្រហាយ​របស់​យើង នោះ​យើង​នឹង​រក្សា​ពួក​គេ​ទុក​ឲ្យ​បាន​គង់​វង់។

 ១៥ ហើយ​ពួក​ទាល់​ក្រ និង​មនុស្ស​ស្លូតត្រង់​នឹង​ត្រូវ​បាន​ដំណឹង​ល្អ​ផ្សាយ​ដល់​ពួក​គេ ហើយ​ពួក​គេ​នឹង​ទន្ទឹង​ចាំ​ដល់​ពេល​ដែល​យើង​នឹង​យាង​មក ត្បិត​ពេល​នោះ​នៅ​ជិត​ដៃ​បង្កើយ —

 ១៦ ហើយ​ពួក​គេ​នឹង​បាន​រៀន​សេចក្ដី​ប្រៀបប្រដូច​ពី​ដើម​ល្វា ត្បិត​សូម្បីតែ​ពេល​ឥឡូវ​នេះ រដូវ​ក្ដៅ​ជិត​ដល់​ហើយ។

 ១៧ ហើយ​យើង​បាន​ចាត់​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង ដោយ​សារ​ដៃ​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ហើយ​ដោយ​នូវ​សេចក្ដី​កម្សោយ នោះ​យើង​បាន​ប្រទាន​ពរ​ដល់​លោក

 ១៨ ហើយ​យើង​បាន​ប្រទាន​ដល់​លោក​នូវ​កូន​សោ​ទាំង​ឡាយ​នៃ​សេចក្ដី​អាថ៌កំបាំង​អំពី​របស់​អស់​ទាំង​នោះ ដែល​បាន​បិទ​ត្រាទុក គឺជា​របស់​ទាំង​ឡាយ​ដែល​មាន ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ហើយ​ជា​របស់​ទាំង​ឡាយ​ដែល​នឹង​ចេញ​មក ចាប់​តាំង​ពី​ពេល​នេះ លុះ​ត្រា​ដល់​ពេល​ដែល​យើង​នឹង​យាង​មក បើ​សិន​ជា​លោក​នៅ​ជាប់​នឹង​យើង ហើយ​បើ​សិន​ជា​ពុំ​នៅ​ជាប់​នឹង​យើង​ទេ នោះ​យើង​នឹង​ដាក់​អ្នក​ណា​ផ្សេង​ទៀត​ជំនួស​លោក។

 ១៩ ហេតុ​ដូច្នោះ​ហើយ ចូរ​មើល​លោក ដើម្បី​កុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​លោក​វិនាស​បាត់​ឡើយ ហើយ​របស់​ទាំង​នោះ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជ្រាប​គ្រប់​ទាំង​អស់។

 ២០ ហើយ​យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក — ថា​អ្នក​នឹង​ត្រូវ​សរសេរ​ឲ្យ​លោក ហើយ​បទគម្ពីរ​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ សូម្បីតែ​នៅ​ក្នុង​ឱរា​របស់​យើង​ផ្ទាល់ គឺ​ដើម្បី​សេចក្ដី​សង្គ្រោះ​ដល់​ពួក​ដែល​យើង​រើស​តាំង

 ២១ ត្បិត​ពួក​គេ​នឹង​បាន​ឮ​សំឡេង​របស់​យើង ហើយ​នឹង​បាន​ឃើញ​យើង ហើយ​នឹង​មិន​ងុយ​ងក់​ឡើយ ហើយ​នឹង​ធន់​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​យាង​មក​របស់​យើង ត្បិត​ពួក​គេ​នឹង​ត្រូវ​បាន​ល្អ​សុទ្ធសាធ ដូច​ជា​យើង​ល្អ​សុទ្ធសាធ​ដែរ។

 ២២ ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ថា ចូរ​នៅ​ជាមួយ​នឹង​លោក​ចុះ ហើយ​លោក​នឹង​ធ្វើ​ដំណើរ​ជាមួយ​នឹង​អ្នក ចូរ​កុំ​បោះបង់​លោក​ចោល​ឡើយ ហើយ​ការណ៍​ទាំង​ឡាយ​នេះ​ច្បាស់​ជា​នឹង​បាន​សម្រេច​មែន។

 ២៣ ហើយ​ដរាបណា​អ្នក​រាល់​គ្នា​មិន​សរសេរ មើល​ចុះ នោះ​នឹង​បាន​ប្រទាន​ដល់​លោក​ឲ្យ​ព្យាករ ហើយ​អ្នក​នឹង​ត្រូវ​ផ្សាយដំណឹងល្អ​របស់​យើង ហើយ​ហៅរក​ពួក​ព្យាការី​បរិសុទ្ធ ដើម្បី​បញ្ជាក់​ពាក្យ​ពេចន៍​របស់​លោក ដូចដែល​បាន​ប្រទាន​ដល់​លោក។

 ២៤ ចូរ​កាន់​តាម​បញ្ញត្តិ និង​សេចក្ដី​សញ្ញា​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​ជាប់ ហើយ​យើង​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់​ញ័រ ដើម្បី​សេចក្ដី​ល្អ​ដល់​អ្នក ហើយ​អារក្ស​សាតាំង​នឹង​ញ័រ​រន្ធត់ ហើយ​ក្រុង​ស៊ីយ៉ូន​នឹង​បាន​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទាំង​ឡាយ ហើយ​លូតលាស់

 ២៥ ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​សង្គ្រោះ តាម​ពេល​ដែល​យើង​កំណត់ ហើយ​ដោយ​សារ​កូន​សោ​ដែល​យើង​បាន​ប្រទាន​ឲ្យ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​នាំ ហើយ​គ្មាន​នរណា​នឹង​ត្រូវ​បំភាន់​ទៀត​ឡើយ។

 ២៦ ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ គឺ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​ជិត​មក​ដល់​ហើយ។

 ២៧ ចូរ​កុំ​ខ្លាចឡើយ ហ្វូង​តូច​អើយ នគរ​ជា​របស់​ផង​អ្នក​ហើយ ដរាប​ដល់​យើង​យាង​មក។ មើល​ចុះ យើង​មក​យ៉ាង​ឆាប់​រហ័ស។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕