កណ្ឌ​ទី ៣៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អែតវឺត ប៉ាទ្រិច នៅ​ក្បែរ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​ធ្នូ ឆ្នាំ​១៨៣០ (History of the Church, ១:១៣១)។ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ៣៥)។ ព្យាការី​បាន​ប្រាប់​ថា អែតវឺត ប៉ាទ្រិច « ជា​គំរូ​អំពី​បរិសុទ្ធភាព ហើយ​ជា​បុរស​ដ៏​សម្បើម​ម្នាក់​របស់​ព្រះ​អម្ចាស់ » (History of the Church, ១:១២៨)។

១–៣, ព្រះ​អម្ចាស់​ទ្រង់​ដាក់​ព្រះ​ហស្ត​របស់​ទ្រង់​លើ អែតវឺត ប៉ាទ្រិច ដោយ​ដៃ ស៊ីឌនី រិកដុន; ៤–៨, បុរស​រាល់​គ្នា​ណា​ដែល​ទទួល​ដំណឹង​ល្អ និង​បព្វជិតភាព គឺ​ត្រូវ​បាន​ហៅ​ដើម្បី​ឲ្យ​ចេញ​ទៅ​ផ្សាយ​សាសនា។

 ១ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ជា​ព្រះ​ដ៏​មហិទ្ធិឫទ្ធិ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ មើល​ចុះ អែតវឺត ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ថា អ្នក​មាន​ពរ​ហើយ ហើយ​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ត្រូវ​បាន​អត់​ទោស​ដល់​អ្នក​ហើយ ហើយ​អ្នក​ត្រូវ​បាន​ហៅ ដើម្បី​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ​របស់​យើង ហាក់​ដូច​ជា​ដោយ​សំឡេង​ត្រែ

 ២ ហើយ​យើង​នឹង​ដាក់​ដៃ​លើ​អ្នក​ដោយ​ដៃ ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង ហើយ​អ្នក​នឹង​បាន​ទទួល​ព្រះ​វិញ្ញាណ​របស់​យើង គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​ព្រះ​ដ៏​ជា​ជំនួយ ដែល​នឹង​បង្រៀន​អ្នក​អំពី​ការណ៍​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត​នៃ​នគរ

 ៣ ហើយ​អ្នក​នឹង​ត្រូវ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដោយ​សំឡេង​ខ្លាំង គឺ​និយាយ​ថា ៖ ហូសាណា សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ប្រកប​ដោយ​ព្រះ​ពរ។

 ៤ ហើយ​ឥឡូវ​នេះ តំណែង និង​បញ្ញត្តិ​នេះ យើង​បាន​ប្រទាន​ដល់​អ្នក​ស្ដី​អំពី​មនុស្ស​គ្រប់​រូប —

 ៥ ថា​អស់​មនុស្ស​ជា​ច្រើន​ណា​ដែល​នឹង​មក​ខាង​មុខ ស៊ីឌនី រិកដុន និង យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​ពួក​អ្នក​បម្រើ​របស់​យើង ដោយ​ឱប​ក្រ​សោ​ប​តំណែង និង​ព្រះ​បញ្ញត្តិ​នេះ ឈ្មោះ​ថា​បាន​តែងតាំង ហើយ​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ដើម្បី​ផ្សាយដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ —

 ៦ ដោយ​ស្រែក​ប្រាប់​ពី​ការ​ប្រែ​ចិត្ត គឺ​និយាយ​ថា ៖ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឲ្យ​រួច​ពី​ពូជ​តំណ​វៀច​នេះ ហើយ​ចេញ​មក​ពី​ភ្លើង ដោយ​ស្អប់​ដល់​ទាំង​អាវ ដែល​ត្រូវ​ស្មោក​គ្រោក ដោយ​សាច់ឈាម​ផង។

 ៧ ហើយ​ព្រះ​បញ្ញត្តិ​នេះ នឹង​ត្រូវ​បាន​ប្រទាន​ដល់​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង ប្រយោជន៍​ឲ្យ​បុរស​រាល់​គ្នា​ណា​ដែល​បាន​ឱប​ក្រសោប​បញ្ញត្តិ​នេះ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង​គ្នា អាច​បាន​តែងតាំង ហើយ​ចាត់​ចេញ​ទៅ គឺ​ដូច​ជា​យើង​បាន​មាន​ព្រះ​បន្ទូល​មក។

 ៨ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហេតុ​ដូច្នោះ​ហើយ ចូរ​ក្រវាត់​ចង្កេះ​អ្នក​ចុះ ហើយ​យើង​នឹង​មក​ឯ​ព្រះ​វិហារ​របស់​យើង​ភ្លាម។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕