កណ្ឌ​ទី ៣៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ថ្ងៃ​ទី​២ ខែ​មក​រា ឆ្នាំ​១៨៣១ (History of the Church, ១:១៤០–១៤៣)។ ជា​ពេល​វេលា​នៅ​ឯ​សន្និសីទ​នៃ​សាសនាចក្រ។

១–៦, ព្រះ​គ្រីស្ទ​បាន​បង្កើត​របស់​សព្វ​សារពើ; ៧–៨, ទ្រង់​គង់នៅ​កណ្ដាល​ពួក​បរិសុទ្ធ​របស់​ទ្រង់ ជា​ពួក​អ្នក​ដែល​នឹង​ឃើញ​ព្រះ​អង្គ​ឆាប់; ៩–១២, គ្រប់​ទាំង​សាច់​សុទ្ធ​តែ​ពុករលួយ​នៅ​ចំពោះ​ព្រះ​អង្គ; ១៣–២២, ទ្រង់​បាន​ទុក​ដែនដី​សន្យា​មួយ សម្រាប់​ពួក​បរិសុទ្ធ​របស់​ព្រះ​អង្គ ក្នុង​វេលា​កាល និង​ក្នុង​អស់​កល្ប​អស់​កាល; ២៣–២៧, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​ឲ្យ​រួបរួម​គ្នា​តែ​មួយ ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​បង​ប្អូន; ២៨–២៩, សង្គ្រាម​ទាំង​ឡាយ​ត្រូវ​បាន​ទាយ​ទុក; ៣០–៣៣, ពួក​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​ចេស្ដា​មក​ពី​ស្ថាន​លើ ហើយ​ឲ្យ​ចេញ​ទៅ​ក្នុង​ចំណោម​គ្រប់​អស់​ទាំង​សាសន៍; ៣៤–៤២, សាសនាចក្រ​ត្រូវ​បាន​បញ្ជា​ឲ្យ​ថែរក្សា​ពួក​អ្នក​ទាល់​ក្រ និង​ពួក​អ្នក​ទុគ៌ត ហើយ​ឲ្យ​ស្វែងរក​ទ្រព្យសម្បត្តិ​ខាង​ភាព​អស់​កល្ប​ជានិច្ច។

 ១ ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​មហិមា គឺ​អាលផា និង​អូមេកា ជា​ដើម និង ជា​ចុង ជា​ព្រះ​ដដែល ដែល​ទត​មើល​មក​លើ​ផ្ទៃ​មេឃ​នៃ​ភាព​អស់​កល្ប​ជានិច្ច និង​អស់​ទាំង​ពួក​ពល​បរិវារ​សេរភីម​នៃ​ស្ថាន​សួគ៌ មុនកំណើត​លោកិយ​មក​ម្ល៉េះ

 ២ ជា​ព្រះ​ដដែល ដែល​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់ ត្បិត​គ្រប់​ការណ៍​ទាំង​អស់​មាន​វត្ត​មាន​នៅ​ចំពោះ​ព្រះ​នេត្រ​របស់​យើង

 ៣ យើង​ជា​ព្រះ​ដដែល ដែល​បាន​មាន​ព្រះ​បន្ទូល ហើយ​ក៏​មាន​លោកិយ​កើត​មក ហើយ​របស់​សព្វ​សារពើ​បាន​កើត​មក​ដោយ​សារ​យើង។

 ៤ យើង​ជា​ព្រះ​ដដែល ដែល​បាន​យក​ក្រុង​ស៊ីយ៉ូន​នៃ​លោក​ហេណុក មក​ឯ​ឱរា​របស់​យើង ហើយ​ប្រាកដ​មែន យើង​និយាយ​ថា សូម្បីតែ​អស់​អ្នក​ណា​ដែល​បាន​ជឿ​ដល់​ព្រះ​នាម​របស់​យើង ត្បិត​យើង​ជា​ព្រះ​គ្រីស្ទ ហើយ​ដោយ​នូវ​ព្រះ​នាម​របស់​យើង​ផ្ទាល់ ដោយ​សារ​ព្រះ​គុណធម៌​នៃ​ព្រះ​លោហិត ដែល​យើង​បាន​ច្រួច នោះ​យើង​បាន​អង្វរ​ជំនួស​ពួក​គេ​នៅ​ចំពោះ​ព្រះ​វរបិតា។

 ៥ ប៉ុន្តែ​មើល​ចុះ ពួក​ទុច្ចរិត​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់ នោះ​យើង​បាន​ទុក​ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត លុះ​ដល់​សេចក្ដី​ជំនុំ​ជំរះ​នៅ​ថ្ងៃ​ដ៏​ធំ ដែល​នឹង​បាន​មក​ដល់ នៅ​ចុង​បំផុត​នៃ​ផែនដី

 ៦ ហើយ​យើង​នឹង​បណ្ដាល​ឲ្យ​ពួក​ទុច្ចរិត​យ៉ាង​ដូច្នោះ​ហើយ ដែល​មិន​ព្រម​ឮ​សំឡេង​របស់​យើង ប៉ុន្តែ​បាន​ពង្រឹង​ចិត្ត​របស់​ពួក​គេ ហើយ​វេទនា វេទនា វេទនា គឺជា​ទោស​របស់​ពួក​គេ។

 ៧ ប៉ុន្តែ​មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ព្រះ​នេត្រ​របស់​យើង​កំពុង​ទត​មើល​មក​លើ​អ្នក។ យើង​នៅ​កណ្ដាល​ពួក​អ្នក ហើយ​អ្នក​រាល់​គ្នា​ពុំ​អាច​មើល​យើង​ឃើញ​ទេ

 ៨ ប៉ុន្តែ​ថ្ងៃ​នោះ​មក​ដល់​យ៉ាង​ឆាប់ៗ ដែល​អ្នក​រាល់​គ្នា​នឹង​មើល​ឃើញ​យើង ហើយ​នឹង​ស្គាល់​ថា​យើង​ជា​ព្រះ ត្បិត​វាំងនន​នៃ​សេចក្ដី​ងងឹត នឹង​ត្រូវ​បាន​រហែកយ៉ាង​ឆាប់ ហើយ​អ្នក​ណា​ដែល​ពុំ​បាន​ជ្រះ​បរិសុទ្ធ នោះ​នឹង​មិន​ធន់​នៅ​ថ្ងៃ​នោះ​ទេ។

 ៩ ហេតុ​ដូច្នោះ​ហើយ ចូរ​ក្រវាត់​ចង្កេះ​អ្នក ហើយ​ប្រុងប្រៀប​ចុះ។ មើល​ចុះ នគរ​ជា​របស់​ផង​អ្នក​រាល់​គ្នា​ហើយ ហើយ​ខ្មាំងសត្រូវ​នឹង​ពុំ​បាន​ឈ្នះ​ឡើយ។

 ១០ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​ស្អាតបាត ប៉ុន្តែ​មិនមែន​ទាំង​អស់​គ្នា​ទេ ហើយ​គ្មាន​នរណា​ឯ​ទៀត ដែល​យើង​សព្វ​ព្រះ​ហឫទ័យ​ឡើយ

 ១១ ត្បិត​គ្រប់​អស់​ទាំង​សាច់​សុទ្ធ​តែ​ពុករលួយ​នៅ​ចំពោះ​យើង ហើយ​អំណាច​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត​គ្រប​ដណ្ដប់​មក​លើ​ផែនដី​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស នៅ​ចំពោះ​វត្ត​មាន​នៃ​អស់​ទាំង​ពួក​ពល​បរិវារ​ស្ថាន​សួគ៌ —

 ១២ ដែល​បណ្ដាល​ឲ្យ​ភាព​ស្ងប់​ស្ងាត់​សោយរាជ្យ ហើយ​អស់​ទាំង​ភាព​អស់​កល្ប​ត្រូវ​ឈឺ​ចាប់ ហើយ​ពួក​ទេវតា​កំពុង​រង់ចាំ​បញ្ជា​ដ៏​ធំ ដើម្បី​ទៅ​ច្រូត​ទម្លាក់​ផែនដី ដើម្បី​ទៅ​ប្រមូល​ស្រងែ​ទាំង​ឡាយ ដើម្បី​ឲ្យ​បាន​ដុត​បន្សុស​ចោល ហើយ​មើល​ចុះ ខ្មាំងសត្រូវ​កំពុង​រួម​គ្នា។

 ១៣ ហើយ​ឥឡូវ​នេះ យើង​បង្ហាញ​ដល់​អ្នក​នូវ​សេចក្ដី​អាថ៌កំបាំង​មួយ ជា​ការណ៍​ដែល​មាន​នៅ​ក្នុង​បន្ទប់​សម្ងាត់ ដើម្បី​នាំ​ឲ្យ​កើត​មាន​សេចក្ដី​បំផ្លិច​បំផ្លាញ​ដល់​អ្នក កន្លង​ពេល​ក្រោយ​មក ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ដឹង​សោះ

 ១៤ ប៉ុន្តែ​ឥឡូវ​នេះ យើង​ប្រាប់​រឿង​នេះ​ដល់​អ្នក ហើយ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ពុំ​មែន​ដោយ​សារ​សេចក្ដី​ទុច្ចរិត​របស់​អ្នក ឬ​ដោយ​ចិត្ត​ដ៏​ឥត​ជំនឿ​របស់​អ្នក​ឡើយ ត្បិត​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ប្រាកដជា​មាន​ទោស​នៅ​ចំពោះ​យើង ប៉ុន្តែ​យើង​នឹង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ភាព​កម្សោយ​របស់​អ្នក។

 ១៥ ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​មាន​កម្លាំង​ខ្លាំង​ក្លា ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ​ចុះ ចូរ​កុំ​ខ្លាច ត្បិត​នគរ​ជា​របស់​ផង​អ្នក​ហើយ។

 ១៦ ហើយ​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អ្នក នោះ​យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​មួយ ត្បិត​យើង​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក ហើយ​ពួក​អ្នក​ទាល់​ក្រ​បាន​ត្អូញត្អែរ​នៅ​ចំពោះ​យើង ហើយ​ពួក​អ្នក​មាន នោះ​យើង​បាន​បង្កើត ហើយ​គ្រប់​អស់​ទាំង​សាច់​ជា​របស់​ផង​យើង ហើយ​យើង​មិន​រើសមុខ​មនុស្ស​ណា​ឡើយ។

 ១៧ ហើយ​យើង​បាន​ធ្វើ​ឲ្យ​ផែនដី​បាន​បរិបូរ ហើយ​មើល​ចុះ ផែនដី​ជា​កំណល់​កល់​ជើង​យើង ហេតុ​ដូច្នោះ​ហើយ យើង​នឹង​ឈរ​នៅ​លើ​ផែនដី​ម្ដង​ទៀត។

 ១៨ ហើយ​យើង​ហុច ហើយ​មេត្តា​ប្រទាន​ដល់​អ្នក​នូវ​ទ្រព្យសម្បត្តិ​ដ៏​ប្រសើរ​លើសលែង​ទៅ​ទៀត គឺជា​ដែនដី​សន្យា ជា​ដែនដី​ដែល​មាន​ទឹកដោះ និង​ទឹកឃ្មុំ​ហូរហៀរ នៅ​លើ​ដែនដី​នោះ នឹង​ពុំ​ដែល​មាន​បណ្ដាសា​ឡើយ ក្នុង​កាល​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​មក

 ១៩ ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក ទុកជា​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​អ្នក បើ​សិន​ជា​អ្នក​ស្វែងរក ដោយ​អស់​ពី​ចិត្ត​អ្នក។

 ២០ ហើយ​នេះ​នឹង​ត្រូវ​បាន​ទៅ​ជា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​អ្នក​ថា អ្នក​រាល់​គ្នា​នឹង​បាន​ដែនដី​នេះ​ទុកជា​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​អ្នក ហើយ​ជា​កេរ្តិ៍​អាករ​ដល់​កូន​ចៅ​របស់​អ្នក ជា​រៀង​ដរាប​ត​ទៅ ដរាបណា​ផែនដី​នឹង​នៅ​គង់វង្ស ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ដែនដី​នេះ​ម្ដង​ទៀត​ក្នុង​ភាព​អស់​កល្ប គឺ​គ្មាន​អ្វី​នឹង​កន្លង​ផុត​ទៅ​ឡើយ។

 ២១ ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ពុំ​មាន​ស្ដេច ឬ​អ្នក​ត្រួតត្រា​ឡើយ ត្បិត​យើង​នឹង​បាន​ទៅ​ជា​មហាក្សត្រ​របស់​អ្នក ហើយ​នឹង​មើល​ថែទាំ​អ្នក។

 ២២ ហេតុ​ដូច្នោះ​ហើយ ចូរ​ស្ដាប់​តាម​សំឡេង​របស់​យើង ហើយ​ដើរ​តាម​យើង​ចុះ ហើយ​អ្នក​នឹង​បាន​ទៅ​ជា​មនុស្ស​សេរី ហើយ​អ្នក​រាល់​គ្នា​នឹង​ពុំ​មាន​ក្រឹត្យ​វិន័យ​ឯណា​ក្រៅ​ពី​ក្រឹត្យ​វិន័យ​យើង​ឡើយ​ក្នុង​កាល​យើង​នឹង​យាង​មក ត្បិត​យើង​ជា​អ្នក​តែង​ក្រឹត្យ​វិន័យ​ឲ្យ​អ្នក​រាល់​គ្នា ហើយ​តើ​មាន​អ្នក​ណា​អាច​នឹង​ឃាត់​ទប់​ដៃ​យើង​បាន?

 ២៣ ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​តំណែង​ដែល​យើង​បាន​តែង​ដល់​អ្នក​ចុះ

 ២៤ ហើយ​ចូរ​បណ្ដោយ​ឲ្យ​មនុស្ស​គ្រប់​រូប​គោរព​បង​ប្អូន​ខ្លួន ដូច​ជា​ខ្លួន​ឯង​ផ្ទាល់ ហើយ​ប្រព្រឹត្ត​ដោយ​គុណធម៌ និង​ដោយ​បរិសុទ្ធ​ភាព​នៅ​ចំពោះ​យើង​ចុះ។

 ២៥ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ចូរ​បណ្ដោយ​ឲ្យ​មនុស្ស​គ្រប់​រូប គោរព​បង​ប្អូន​ខ្លួន ដូច​ជា​ខ្លួន​ឯង​ផ្ទាល់​ចុះ។

 ២៦ ត្បិត​តើ​មាន​មនុស្ស​ណា​នៅ​ចំណោម​អ្នក ដែល​មាន​កូន​ប្រុស​១២​នាក់ ហើយ​មិន​រើសមុខ​នរណា​សោះ ហើយ​ពួក​គេ​បម្រើ​លោក​ដោយ​គោរព ហើយ​លោក​មាន​ប្រសាសន៍​ទៅ​កាន់​ម្នាក់​ថា ៖ ចូរ​ឯង​ពាក់​អាវ ហើយ​មក​អង្គុយ​នៅ​ទី​នេះ​ចុះ ហើយ​ទៅ​កាន់​ម្នាក់​ទៀត​ថា ៖ ចូរ​ឯង​ពាក់​កន្ទប ហើយ​អង្គុយ​នៅ​ទី​នោះ​ចុះ — ហើយ​មើល​ទៅ​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា ខ្លួនខ្ញុំ​យុត្តិធម៌ ឬទេ?

 ២៧ មើល​ចុះ ការណ៍​នេះ​យើង​បាន​ប្រទាន​ដល់​អ្នក ទុកជា​ពាក្យ​ប្រៀបប្រដូច ហើយ​គឺ​ដូច​ជា​យើង​ដូច្នោះ​ហើយ។ យើង​មាន​បន្ទូល​មក​កាន់​អ្នក​ថា ចូរ​រួម​គ្នា​តែ​មួយ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​រួម​គ្នា​តែ​មួយ​ទេ ឈ្មោះ​ថា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​របស់​ផង​យើង​ឡើយ។

 ២៨ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ខ្មាំងសត្រូវ​ដែល​នៅ​ក្នុង​បន្ទប់​សម្ងាត់ កំពុងតែ​ស្វែងរក​ជីវិត​របស់​អ្នក។

 ២៩ អ្នក​រាល់​គ្នា​បាន​ឮ​អំពី​សង្គ្រាម​ទាំង​ឡាយ​ពី​ស្រុក​ឆ្ងាយ ហើយ​អ្នក​និយាយ​ថា បន្តិច​ទៀត​នឹង​មាន​សង្គ្រាម​ដ៏​ធំ​ពី​ស្រុក​ឆ្ងាយ ប៉ុន្តែ​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ចិត្ត​មនុស្ស​នៅ​ដែនដី​របស់​ខ្លួន​ឯង​សោះ។

 ៣០ យើង​ប្រាប់​អ្នក​ពី​ការណ៍​ទាំង​នេះ ដោយ​សារ​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​ទាំង​ឡាយ ហេតុ​ដូច្នោះ​ហើយ ចូរ​រក្សាប្រាជ្ញា​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ចុះ ក្រែង​អំពើ​ទុច្ចរិត​នៃ​មនុស្ស បើក​សម្ដែង​ប្រាប់​ពី​ការណ៍​ទាំង​នេះ​ដល់​អ្នក ដោយ​អំពើ​ទុច្ចរិត​របស់​ពួក​គេ តាម​របៀប​ណាមួយ ដែល​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក ដោយ​សំឡេង​ខ្លាំង​ជាង​អ្វី​ដែល​នឹង​កម្រើក​ផែនដី​ទៅ​ទៀត ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ។

 ៣១ ហើយ​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រួច​ផុត​ពី​អំណាច​នៃ​ខ្មាំងសត្រូវ ហើយ​បាន​ប្រមូល​គ្នា​ជា​រាស្ត្រ​សុចរិត​មក​រក​យើង ដោយ​ឥត​ប្រឡាក់ និង​ឥត​ទោស —

 ៣២ ដូច្នោះ ដោយ​ហេតុ​នេះ​ហើយ យើង​បាន​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​ទៅ​រដ្ឋ​អូហៃអូ ហើយ​នៅ​ទី​នោះ យើង​នឹង​ប្រទាន​ក្រឹត្យ​វិន័យ​មួយ​ដល់​អ្នក ហើយ​នៅ​ទី​នោះ អ្នក​នឹង​ត្រូវ​បាន​ទទួល​ព្រះ​ចេស្ដា​មក​ពី​ស្ថាន​លើ

 ៣៣ ហើយ​ចេញ​ពី​ទី​នោះ អ្នក​ណា​ក៏​ដោយ​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ នោះ​នឹង​ចេញ​ទៅ​ក្នុង​ចំណោម​គ្រប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ត្រូវ​ប្រាប់​ដល់​ពួក​គេ​ពី​អ្វី​ដែល​ពួក​គេ​នឹង​ត្រូវ​ធ្វើ ត្បិត​យើង​មាន​កិច្ចការ​ដ៏​ធំ​រក្សា​ទុក ត្បិត​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​សង្គ្រោះ ហើយ​យើង​នឹង​នាំ​ពួក​គេ​ទៅ​កន្លែង​ណា​តាម​ព្រះ​ហឫទ័យ​របស់​យើង ហើយ​គ្មាន​អំណាច​ឯណា​នឹង​ឃាត់​ទប់​ដៃ​យើង​បាន​ឡើយ។

 ៣៤ ហើយ​ឥឡូវ​នេះ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​សាសនាចក្រ​នៅ​ភូមិ​ភាគ​ទាំង​នេះ​ថា មាន​មនុស្ស​ខ្លះ​នៅ​ចំណោម​ពួក​គេ ដែល​នឹង​ត្រូវ​បាន​តែងតាំង​ឡើង ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​សំឡេង​នៃ​សាសនាចក្រ

 ៣៥ ហើយ​ពួក​គេ​នឹង​មើល​ពួក​អ្នក​ទាល់​ក្រ និង​ពួក​អ្នក​ទុគ៌ត ហើយ​ឧបត្ថម្ភ​ដល់​ការ​រំដោះ​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​រង​ទុក្ខ ហើយ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ​កន្លែង ដែល​យើង​បាន​បញ្ជា​ដល់​ពួក​គេ

 ៣៦ ហើយ​នេះ​ជា​កិច្ចការ​របស់​ពួក​គេ គឺ​ដើម្បី​ត្រួតត្រា​ការងារ​នៃ​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​នេះ។

 ៣៧ ហើយ​ពួក​អ្នក​ណា​ដែល​មាន​ស្រែ​ចម្ការ ដែល​ពុំ​អាច​លក់​បាន​ទេ នោះ​ចូរ​ទុក​ចោល ឬ​ក៏​ដាក់​ជួល តាម​តែ​ឃើញ​ថា​ល្អ​ដល់​ពួក​គេ​ចុះ។

 ៣៨ ចូរ​មើល​ឲ្យ​ឃើញ​ថា​គ្រប់​ការណ៍​ទាំង​អស់ បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស ហើយ​កាលណា​មនុស្ស​បាន​ទទួល​អំណោយទាន​ដោយ​ព្រះ​ចេស្ដា​មក​ពី​ស្ថាន​លើ ហើយ​ត្រូវ​បាន​ចាត់​ឲ្យ​ចេញ​ទៅ នោះ​គ្រប់​ការណ៍​ទាំង​អស់​នឹង​ត្រូវ​បាន​ប្រមូល​មក​ក្នុង​ឱរា​នៃ​សាសនាចក្រ។

 ៣៩ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្វែងរក​ទ្រព្យសម្បត្តិ ដែល​ព្រះ​វរបិតា​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រទាន​ឲ្យ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​មនុស្ស​មាន​ជាងគេ​បំផុត ត្បិត​អ្នក​រាល់​គ្នា​នឹង​មាន​ទ្រព្យសម្បត្តិ​ខាង​ភាព​អស់​កល្ប​ជានិច្ច ហើយ​ជា​ចាំ​បាច់​ថា ទ្រព្យសម្បត្តិ​ទាំង​ឡាយ​នៃ​ផែនដី គឺជា​របស់​ផង​យើង ទុក​សម្រាប់​ប្រទាន​ឲ្យ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ពី​សេចក្ដី​ឆ្មើងឆ្មៃ ក្រែង​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ដូច​ជា​ពួក​សាសន៍​នីហ្វៃ​ពី​បុរាណ។

 ៤០ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក ដើម្បី​ឲ្យ​មនុស្ស​រាល់​គ្នា ទាំង​អែលឌើរ ទាំង​សង្ឃ ទាំង​គ្រូ និង​ទាំង​សមាជិក​ផង ឲ្យ​ទៅ​ធ្វើ​ដោយ​អស់​ពី​ពលំ​របស់​ខ្លួន​នូវ​ការងារ​នៃ​ដៃ​របស់​ខ្លួន ដើម្បី​រៀបចំ និង​សម្រេច​នូវ​អ្វីៗ​ដែល​យើង​បាន​បញ្ជា​ចុះ។

 ៤១ ហើយ​ចូរ​បណ្ដោយ​ឲ្យ​ការ​ផ្សាយ​របស់​អ្នក​ទៅ​ជា​សំឡេង​នៃ​ការ​ព្រមាន​ចុះ គឺ​មនុស្ស​ម្នាក់ៗ​ចំពោះ​អ្នក​ជិត​ខាង​របស់​ខ្លួន​ដោយ​នូវ​ភាព​ទន់ភ្លន់ និង​ស្លូតបូត។

 ៤២ ហើយ​ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ពួក​ទុច្ចរិត​ទៅ។ ចូរ​ជួយសង្គ្រោះ​ខ្លួន​ឲ្យ​រួច។ ចូរ​អ្នក​រាល់​គ្នា​ដែល​កាន់​ប្រដាប់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​បាន​ជ្រះ​ស្អាត​ចុះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕