កណ្ឌ​ទី ៤១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​សាសនាចក្រ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​១៨៣១ (History of the Church, ១:១៤៦–១៤៧)។ នៅ​ពេល​នេះ សាខា​នៃ​សាសនាចក្រ​ប្រចាំ​ក្រុង​ខឺតឡង់ កំពុងតែ​កើន​ចំនួន​យ៉ាង​ឆាប់​រហ័ស។ សម្រាប់​បុព្វកថា​នៃ​វិវរណៈ​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « សមាជិក​ទាំង​ឡាយ . . . កំពុងតែ​ខំ​ព្យាយាម​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ តាម​ការ​ដែល​ពួក​គេ​យល់​ដឹង ទោះ​ជា​មាន​គំនិត​ប្លែក និង​វិញ្ញាណ​ក្លែងក្លាយ​ទាំង​ឡាយ​បាន​ចូល​មក​ក្នុង​ចំណោម​ពួក​គេ​ក៏​ដោយ . . . [ហើយ] ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់​សាសនាចក្រ ដែល​មាន​ដូច​ត​ទៅ​នេះ » (History of the Church, ១:១៤៦–១៤៧)។

១–៣, ពួក​អែលឌើរ​នឹង​ត្រួតត្រា​សាសនាចក្រ ដោយ​វិញ្ញាណ​នៃ​វិវរណៈ; ៤–៦, ពួក​សិស្ស​ដ៏​ពិត​នឹង​ទទួល ហើយ​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អម្ចាស់; ៧–១២, អែតវឺត ប៉ាទ្រិច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ចំពោះ​សាសនាចក្រ។

 ១ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ចូរ​ប្រុង​ស្ដាប់ ហើយ​ឮ​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​យើង​អើយ ជា​អ្នក​រាល់​គ្នា​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រទាន​ពរ ដោយ​ព្រះ​ពរ​ដ៏​ប្រសើរ​បំផុត​ជាង​ព្រះ​ពរ​ទាំង​អស់ គឺជា​អ្នក​រាល់​គ្នា​ដែល​ស្ដាប់​តាម​យើង ហើយ​អ្នក​រាល់​គ្នា​ដែល​មិន​ស្ដាប់​តាម​យើង ជា​ពួក​អ្នក​ដែល​ថា​ស្គាល់​នាម​យើង នោះ​យើង​នឹង​ដាក់​បណ្ដាសា ដោយ​ពាក្យ​បណ្ដាសា​ដ៏​ធ្ងន់ធ្ងរ​បំផុត។

 ២ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​យើង ដែល​យើង​បាន​ហៅ​អើយ មើល​ចុះ យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​មួយ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​នឹង​បាន​ជួបជុំ​គ្នា ដើម្បី​យល់​ព្រម​តាម​ព្រះ​បន្ទូល​របស់​យើង

 ៣ ហើយ​ដោយ​សារ​ការ​អធិស្ឋាន​ដោយ​នូវ​សេចក្ដី​ជំនឿ​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ចេះ​ត្រួតត្រា​សាសនាចក្រ​របស់​យើង ហើយ​ឲ្យ​មាន​អ្វី​ត្រឹម​ត្រូវ​សព្វ​គ្រប់​នៅ​ចំពោះ​យើង។

 ៤ ហើយ​យើង​នឹង​ធ្វើ​ជា​អ្នក​ត្រួតត្រា​របស់​អ្នក ក្នុង​កាល​យើង​យាង​មក ហើយ​មើល​ចុះ យើង​មក​យ៉ាង​ឆាប់​រហ័ស ហើយ​អ្នក​រាល់​គ្នា នឹង​មើល​ឲ្យ​ឃើញ​ថា ក្រឹត្យ​វិន័យ​របស់​យើង​ត្រូវ​បាន​កាន់​តាម។

 ៥ អ្នក​ណា​ដែល​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​ធ្វើ​តាម អ្នក​នោះ​ហើយ​ជា​សិស្ស​របស់​យើង ហើយ​អ្នក​ណា​ដែល​និយាយ​ថា ខ្លួន​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង តែ​មិន​ធ្វើ​តាម​ទេ អ្នក​នោះ​មិនមែន​ជា​សិស្ស​របស់​យើង​ទេ ហើយ​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​វិញ

 ៦ ត្បិត​មិន​គួរសម​នឹង​យក​អ្វី​ដែល​ជា​របស់​កូន​ក្មេង​ក្នុង​នគរ ទៅ​ឲ្យ​ពួក​អ្នក​ដែល​មិន​សក្ដិសម ឬ​ដល់​ឆ្កែ​នោះ​ឡើយ ឬ​ក៏​បោះ​កែវ​មុក្ដា​នៅ​មុខ​ជ្រូក​ឡើយ។

 ៧ ហើយ​ជា​ថ្មី​ទៀត គឺ​គួរសម​ឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​បាន​ផ្ទះ​មួយ​សង់​សម្រាប់​ឲ្យ​លោក​នៅ ហើយ​បកប្រែ​ចុះ។

 ៨ ហើយ​ជា​ថ្មី​ទៀត គឺ​គួរសម​ឲ្យ ស៊ីឌនី រិកដុន រស់នៅ​តាម​ដែល​ឃើញ​ថា​ល្អ​ដល់​គាត់ ដរាបណា​គាត់​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង។

 ៩ ហើយ​ជា​ថ្មី​ទៀត យើង​បាន​ហៅ អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ហើយ​ប្រទាន​បញ្ញត្តិ​មួយ​ថា គាត់​គួរតែ​បាន​តាំង​ដោយ​សំឡេង​នៃ​សាសនាចក្រ ហើយ​តែងតាំង​ឡើង​ជា​ប៊ីស្សព​ចំពោះ​សាសនាចក្រ គឺ​ដើម្បី​ឲ្យ​គាត់​ចេញ​ពី​ជំនួញ​របស់​គាត់ ហើយ​ចំណាយ​ពេល​ទាំង​អស់​ដែល​គាត់​មាន​សម្រាប់​ការងារ​នៃ​សាសនាចក្រ

 ១០ ដើម្បី​មើល​គ្រប់​ទាំង​អស់ ដូចដែល​បាន​តាំង​ដល់​គាត់​ក្នុង​ក្រឹត្យ​វិន័យ​របស់​យើង ក្នុង​ថ្ងៃ​ដែល​យើង​នឹង​ប្រទាន​ដល់​ពួក​គេ។

 ១១ ហើយ​នេះ​ពី​ព្រោះ​តែ​ចិត្ត​គាត់​បរិសុទ្ធ​នៅ​ចំពោះ​យើង ត្បិត​គាត់​ដូច​ជា ណាថាណែល ពី​បុរាណ ដែល​ឥត​មាន​ចិត្ត​ឧបាយ​ឡើយ។

 ១២ ពាក្យ​ទាំង​នេះ​គឺ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ហើយ​ពាក្យ​ទាំង​នោះ​គឺ​បរិសុទ្ធ​នៅ​ចំពោះ​យើង ហេតុ​ដូច្នោះ​ហើយ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​គិត​ពី​ពាក្យ​ទាំង​នោះ ត្បិត​ពាក្យ​ទាំង​នោះ​នឹង​ត្រូវ​បាន​ឆ្លើយ​មក​លើ​ព្រលឹង​របស់​អ្នក​នៅ​ថ្ងៃ​ជំនុំ​ជំរះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕