កណ្ឌ​ទី ៤៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​កុម្ភៈ ឆ្នាំ​១៨៣១ (History of the Church, ១:១៥៤–១៥៦)។ នៅ​ពេល​នេះ មាន​សមាជិក​ខ្លះ​ក្នុង​សាសនាចក្រ​រកាំ​ចិត្ត ដោយ​សារ​មាន​មនុស្ស​អះអាង​ក្លែង​ក្លាយ​ថា ជា​អ្នក​ទទួល​វិវរណៈ​ទាំង​ឡាយ។ ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល​ការ​ទាក់​ទង​នេះ ចំពោះ​ពួក​អែលឌើរ​នៃ​សាសនាចក្រ។ ផ្នែក​ទី​១ ទាក់​ទង​ទៅ​នឹង​ដំណើរការ​ត្រួតត្រា​នៃ​សាសនាចក្រ; ផ្នែក​ចុង​ក្រោយ មាន​ពាក្យ​ព្រមាន​ដែល​ពួក​អែលឌើរ ត្រូវ​ប្រាប់​ដល់​សាសន៍​ទាំង​ឡាយ​នៃ​ផែនដី។

១–៧, វិវរណៈ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​បាន​មក​តាម​រយៈ​អ្នក​ដែល​បាន​តែងតាំង; ៨–១៤, ពួក​បរិសុទ្ធ​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​ការ​ប្រព្រឹត្ត​ក្នុង​បរិសុទ្ធភាព​គ្រប់​យ៉ាង​នៅ​ចំពោះ​ព្រះ​អម្ចាស់; ១៥–២២, ពួក​អែលឌើរ​ត្រូវ​ចាត់​ឲ្យ​ចេញ​ទៅ​ស្រែក​ប្រាប់​ពី​ការ​ប្រែ​ចិត្ត ហើយ​ប្រុងប្រៀប​មនុស្ស​លោក ចាំ​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់; ២៣–២៨, ព្រះ​អម្ចាស់​ទ្រង់​ហៅ​មនុស្ស​លោក​ដោយ​សំឡេង​របស់​ទ្រង់​ផ្ទាល់ ហើយ​តាម​រយៈ​ថាមពល​នៃ​ធម្មជាតិ; ២៩–៣៥, សហស្សវត្ស និង​ការ​ចង​អារក្ស​សាតាំង​នឹង​មក​ដល់។

 ១ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង​អើយ ហើយ​ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​ព្រះ​បន្ទូល​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​មាន​បន្ទូល​ដល់​អ្នក​ចុះ។

 ២ ត្បិត​មើល​ចុះ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​បាន​ទទួល​បញ្ញត្តិ​មួយ ទុកជា​ក្រឹត្យ​វិន័យ​ដល់​សាសនាចក្រ​របស់​យើង តាម​រយៈ​អ្នក​នោះ ដែល​យើង​បាន​តែងតាំង​ចំពោះ​អ្នក ដើម្បី​ឲ្យ​ទទួល​បញ្ញត្តិ និង​វិវរណៈ​ទាំង​ឡាយ​ពី​ព្រះ​ហស្ត​របស់​យើង។

 ៣ ហើយ​ការណ៍​នេះ​អ្នក​រាល់​គ្នា​នឹង​បាន​ដឹង​ជា​ពិត — ថា​គ្មាន​អ្នក​ឯ​ទៀត​ណា​ត្រូវ​បាន​តែងតាំង​ចំពោះ​អ្នក ដើម្បី​ឲ្យ​ទទួល​បញ្ញត្តិ និង​វិវរណៈ​ទាំង​ឡាយ​ឡើយ រហូត​ដល់​អ្នក​នោះ​ត្រូវ​បាន​ស្លាប់​ទៅ បើ​សិន​ជា​អ្នក​នោះ​នៅ​ជាប់​នឹង​យើង។

 ៤ ប៉ុន្តែ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​តែងតាំង​ចំពោះ​អំណោយទាន​នេះ​ឡើយ លើក​លែង​តែ​តាម​រយៈ​អ្នក​នោះ​ប៉ុណ្ណោះ ត្បិត​បើ​សិន​ជា​ត្រូវ​ដក​ចេញ​ពី​គាត់ នោះ​គាត់​នឹង​ពុំ​មាន​អំណាច​ឡើយ ក្រៅ​ពី​តែងតាំង​អ្នក​ដទៃ​ទៀត ជំនួស​គាត់​ប៉ុណ្ណោះ។

 ៥ ហើយ​ការណ៍​នេះ​នឹង​ត្រូវ​ទៅ​ជា​ក្រឹត្យ​វិន័យ​ចំពោះ​អ្នក ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​បង្រៀន​ទាំង​ឡាយ​ទុកជា​វិវរណៈ ឬ​បញ្ញត្តិ​នានា ពី​អ្នក​ណា​ដែល​នឹង​មក​ចំពោះ​អ្នក​ឡើយ

 ៦ ហើយ​ការណ៍​នេះ​យើង​ប្រទាន​ដល់​អ្នក ប្រយោជន៍​កុំ​ឲ្យ​អ្នក​អាច​ត្រូវ​គេ​បញ្ឆោត ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ស្គាល់​ថា ការណ៍​ទាំង​នេះ ពុំ​មែន​មក​ពី​យើង​ឡើយ។

 ៧ ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ត្រូវ​បាន​តែងតាំង​ពី​យើង នោះ​នឹង​ត្រូវ​មក​តាម​ទ្វារ ហើយ​បាន​តែងតាំង ដូច​ជា​យើង​បាន​ប្រាប់​អ្នក​រួច​ស្រេច​មក​ហើយ ដើម្បី​ឲ្យ​បង្រៀន​ពី​វិវរណៈ​ទាំង​នោះ ដែល​អ្នក​បាន​ទទួល ហើយ​នឹង​បាន​ទទួល តាម​រយៈ​អ្នក​នោះ ដែល​យើង​បាន​តែងតាំង។

 ៨ ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា កាលណា​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា នោះ​អ្នក​រាល់​គ្នា​ត្រូវ​បង្គាប់ ហើយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​នូវ​របៀប​ប្រព្រឹត្ត និង​របៀប​ដឹកនាំ​សាសនាចក្រ​របស់​យើង គឺ​ដឹង​នូវ​របៀប​ប្រព្រឹត្ត​ចំពោះ​ចំណុច​ទាំង​ឡាយ​នៃ​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​ប្រទាន​មក។

 ៩ ហើយ​យ៉ាង​ដូច្នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ការ​បង្គាប់​ពី​ក្រឹត្យ​វិន័យ​នៃ​សាសនាចក្រ​របស់​យើង ហើយ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ចង​ខ្លួន ដើម្បី​ប្រព្រឹត្ត​ក្នុង​បរិសុទ្ធភាព​គ្រប់​យ៉ាង​នៅ ចំពោះ​យើង —

 ១០ ព្រោះ​ដរាបណា​អ្នក​រាល់​គ្នា​ធ្វើ​ការណ៍​នេះ នោះ​សិរី​ល្អ​នឹង​ត្រូវ​បាន​បន្ថែម​ទៅ​នឹង​នគរ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល។ តែ​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ការណ៍​នេះ​ទេ នោះ​នឹង​ត្រូវ​ដក​យក​វិញ សូម្បីតែ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ផង។

 ១១ ចូរ​ខ្ជាក់​សេចក្ដី​ទុច្ចរិត​ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចេញ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​យើង​ចុះ

 ១២ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​សិរី​ល្អ​ទាំង​ឡាយ​នៃ​នគរ ចូរ​តែងតាំង​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ហើយ​គាំទ្រ​លោក​នៅ​ចំពោះ​យើង ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ​ចុះ។

 ១៣ ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ ចូរ​ផ្គត់ផ្គង់​អាហារ និង​សំលៀកបំពាក់​ដល់​លោក និង​អ្វីៗ​ដែល​លោក​ត្រូវ​ការ ដើម្បី​សម្រេច​កិច្ចការ ដែល​យើង​បាន​បញ្ជា​ដល់​លោក

 ១៤ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ធ្វើ​ទេ នោះ​លោក​នឹង​នៅ​ជាមួយ​អ្នក​ណា​ដែល​ទទួល​លោក ប្រយោជន៍​ឲ្យ​យើង​អាច​រក្សា​ដល់​ខ្លួន​យើង​នូវ​រាស្ត្រ​ដ៏​បរិសុទ្ធ​នៅ​ចំពោះ​យើង។

 ១៥ យើង​ប្រាប់​ទៀត​ថា ឱ​ពួក​អែលឌើរ​នៃ​សាសនាចក្រ​យើង ដែល​យើង​បាន​តែងតាំង​អើយ ចូរ​ប្រុង​ស្ដាប់​ចុះ​ថា ៖ អ្នក​រាល់​គ្នា​ពុំ​មែន​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ទទួល​ការ​បង្រៀន​ទេ ប៉ុន្តែ​ឲ្យ​ទៅ ដើម្បី​បង្រៀន​កូន​ចៅ​មនុស្ស​ពី​អ្វីៗ​ដែល​យើង​បាន​ដាក់​ក្នុង​ដៃ​របស់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង​វិញ

 ១៦ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បាន​ទទួល​ការ​បង្រៀន​មក​ពី​ស្ថាន​លើ។ ចូរ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​ទទួល​អំណោយទាន​ដោយ​ព្រះ​ចេស្ដា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បង្រៀន​ដូច​ជា​យើង​បាន​មាន​បន្ទូល​មក។

 ១៧ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្ដាប់​ចុះ ត្បិត​មើល​ចុះ ថ្ងៃដ៏​ធំ​នៃ​ព្រះ​អម្ចាស់ គឺ​នៅ​ជិត​ដៃ​បង្កើយ។

 ១៨ ត្បិត​ថ្ងៃ​នោះ​នឹង​មក​ដល់ ដែល​ព្រះ​អម្ចាស់​ទ្រង់​នឹង​បញ្ចេញ​សំឡេង​ពី​ស្ថាន​សួគ៌ ផ្ទៃ​មេឃ​នឹង​ញាប់​ញ័រ ហើយ​ផែនដី​នឹង​ញ័រ​រន្ធត់ ហើយ​ត្រែ​នៃ​ព្រះ​នឹង​បន្លឺ​សូរ​កាន់តែ​តន្ថើន​ខ្លាំង​ឡើង ហើយ​នឹង​ប្រាប់​ដល់​សាសន៍​ទាំង​ឡាយ​ដែល​លង់លក់​ថា ៖ អ្នក​រាល់​គ្នា​ជា​ពួក​បរិសុទ្ធ​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​មាន​ជីវិត​រស់​ចុះ រីឯ​អ្នក​រាល់​គ្នា​ជា​អ្នក​មាន​បាប​អើយ ចូរ​នៅ​ហើយ​លង់លក់​ចុះ រហូត​ដល់​យើង​នឹង​ហៅ​ម្ដង​ទៀត។

 ១៩ ហេតុ​ដូច្នោះ​ហើយ ចូរ​ក្រវាត់​ចង្កេះ​ចុះ ក្រែងលោ​ឃើញ​អ្នក​នៅ​ក្នុង​ចំណោម​ពួក​ទុច្ចរិត។

 ២០ ចូរ​បន្លឺ​សំឡេង​របស់​អ្នក​ឡើង ហើយ​ចូរ​កុំ​សំចៃ​ឡើយ។ ចូរ​ហៅ​សាសន៍​ទាំង​ឡាយ​ឲ្យ​ប្រែ​ចិត្ត​ចុះ ទាំង​មនុស្ស​ចាស់ មនុស្ស​ក្មេង ទាំង​បាវ​គេ និង​មនុស្ស​សេរី ដោយ​និយាយ​ថា ៖ ចូរ​ប្រុងប្រៀប​ខ្លួន​ចាំ​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់​ចុះ។

 ២១ ត្បិត​បើ​សិន​ជា​ខ្ញុំ ដែល​ជា​បុរស​ម្នាក់ បន្លឺ​សំឡេង​របស់​ខ្ញុំ​ឡើង ហើយ​ហៅ​អ្នក​ឲ្យ​ប្រែ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​ស្អប់​ខ្ញុំ នោះ​តើ​អ្នក​នឹង​និយាយ​ថា​យ៉ាង​ណា ក្នុង​កាល​ថ្ងៃ​នោះ​មក​ដល់​ដែល​នឹង​ឮ​ផ្គរលាន់​ពី​ចុង​ផែនដី និយាយ​ប្រាប់​ដល់​ត្រចៀក​នៃ​មនុស្ស​ទាំង​អស់​ដែល​នៅ​រស់ ដោយ​និយាយ​ថា — ចូរ​ប្រែ​ចិត្ត ហើយ​ប្រុងប្រៀប​ចាំ​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់​ចុះ?

 ២២ មែន​ហើយ ជា​ថ្មី​ទៀត ក្នុង​កាល​រន្ទះ​នឹង​បាញ់​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច ហើយ​នឹង​បញ្ចេញ​សំឡេង​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​រស់ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​ឮ​នឹង​ខ្ទ័រ​ត្រចៀក ដោយ​និយាយ​ពាក្យ​ទាំង​នេះ​ថា — ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ត្បិត​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់​នឹង​មក​ដល់​ហើយ?

 ២៣ ហើយ​ជា​ថ្មី​ទៀត ព្រះ​អម្ចាស់​នឹង​បញ្ចេញ​សំឡេង​ពី​ស្ថាន​សួគ៌ ដោយ​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រុង​ស្ដាប់ ឱ​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ទាំង​ឡាយ​នៃ​ផែនដី​អើយ ហើយ​ឮ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ ដែល​បាន​បង្កើត​អ្នក​ចុះ។

 ២៤ ឱ​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ទាំង​ឡាយ​នៃ​ផែនដី​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ចង់​ប្រមូល​អ្នក​រាល់​គ្នា ដូច​ជា​មេមាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​មិន​ព្រម​សោះ!

 ២៥ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​បាន​ហៅ​អ្នក​ដោយ​មាត់​នៃ​ពួក​អ្នក​បម្រើ​របស់​យើង និង​ដោយ​ការងារ​បម្រើ​នៃ​ពួក​ទេវតា និង​ដោយ​សំឡេង​របស់​យើង​ផ្ទាល់ និង​ដោយ​សូរផ្គរ​លាន់ និង​ដោយ​សូរ​រន្ទះបាញ់ និង​ដោយ​សូរ​ខ្យល់​ព្យុះ និង​ដោយ​សូរ​ផែនដី​កក្រើក និង​ព្រិល​ដ៏​ធំៗ និង​ដោយ​សូរ​អំណត់​អត់ និង​អាសន្នរោគ​គ្រប់​បែប​យ៉ាង និង​ដោយ​សំឡេង​ត្រែ​ដ៏​ខ្លាំង និង​ដោយ​សំឡេង​នៃ​សេចក្ដី​ជំនុំ​ជំរះ និង​ដោយ​សំឡេង​នៃ​សេចក្ដី​មេត្តាករុណា​ពេញ​មួយ​ថ្ងៃ និង​ដោយ​សំឡេង​នៃ​សិរី​ល្អ និង​កិត្តិយស និង​ទ្រព្យសម្បត្តិ​ខាង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​នឹង​ជួយសង្គ្រោះ​អ្នក ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​នៅ​អស់​កល្ប ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ព្រម​សោះ!

 ២៦ មើល​ចុះ ថ្ងៃ​នោះ​បាន​មក​ដល់ ក្នុង​កាល​ពែង​ក្រេវក្រោធ​នៃ​សេចក្ដី​ក្ដៅ​ក្រហាយ​របស់​យើង​ពេញ​ហើយ។

 ២៧ មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នេះ​គឺជា​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក។

 ២៨ ហេតុ​ដូច្នោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ការ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​ជា​លើក​ចុង​ក្រោយ​បង្អស់​ចុះ — ត្បិត​ជា​លើក​ចុង​ក្រោយ​បង្អស់ ដែល​ហៅ​បណ្ដាជន​នៅ​លើ​ផែនដី។

 ២៩ ត្បិត​តាម​ពេល​ដែល​យើង​កំណត់ នោះ​យើង​នឹង​យាង​មក​លើ​ផែនដី​ដើម្បី​ជំនុំ​ជំរះ ហើយ​រាស្ត្រ​យើង​នឹង​ត្រូវ​បាន​ប្រោស​លោះ ហើយ​នឹង​សោយរាជ្យ​ជាមួយ​យើង​នៅ​លើ​ផែនដី។

 ៣០ ត្បិត​សហស្សវត្ស​ដ៏​ធំ ដែល​យើង​បាន​មាន​បន្ទូល​ដោយ​មាត់​នៃ​ពួក​អ្នក​បម្រើ​របស់​យើង នោះ​នឹង​មក​ដល់​មែន។

 ៣១ ត្បិត​អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ចង ហើយ​កាលណា​វា​បាន​ស្រាយ​លែង​ទៀត នោះ​វា​នឹង​សោយរាជ្យ​តែ​មួយ​រដូវ​ដ៏​ខ្លី​ប៉ុណ្ណោះ ហើយ​ខណៈ​នោះ ចុង​បំផុត​នៃ​ផែនដី​នឹង​មក​ដល់។

 ៣២ ហើយ​អ្នក​ណា​ដែល​រស់នៅ​ដោយ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ផ្លាស់​ប្រែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក ហើយ​ផែនដី​នឹង​កន្លង​ផុត​ទៅ ដូច​ត្រូវ​ភ្លើង​ឆេះ។

 ៣៣ ហើយ​ពួក​ទុច្ចរិត​នឹង​ចេញ​ទៅ​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន ហើយ​ទី​បញ្ចប់​របស់​ពួក​គេ​នោះ គ្មាន​នរណា​នៅ​លើ​ផែនដី​ដឹង​ឡើយ ឬ​ក៏​នឹង​បាន​ដឹង​ដែរ រហូត​ដល់​ពួក​គេ​មក​ចំពោះ​យើង ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ។

 ៣៤ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​នេះ​ចុះ។ មើល​ចុះ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក។ ចូរ​រក្សា​ការណ៍​ទាំង​ឡាយ​នេះ ទុក​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា ហើយ​ចូរ​ឲ្យ​ការ​ម៉ឺងម៉ាត់​អំពី​ភាព​អស់​កល្ប​ជានិច្ច ស្ថិតនៅ​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ចុះ។

 ៣៥ ចូរ​មាន​ចិត្ត​ម៉ឺងម៉ាត់។ ចូរ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ចុះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕